គណបក្សនយោបាយនៅខេត្តសៀមរាបបានត្រៀមលក្ខណៈសម្បតិ្តនិងគោលនយោបាយរបស់ខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនានេះ ខណៈដែលបក្សប្រឆាំងនៅតែរងការគំរាមកំហែងពីបក្សកាន់អំណាច កំឡុងពេលឃោសនាតាមមូលដ្ឋាន។
ក្នុងស្ថានភាពនៃការឃោសនារកសំឡេងឆ្នោត ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ខាងមុននេះគ្រប់បក្សនយោបាយបានខិតខំប្រឹងប្រែងយ៉ាងសកម្មតាមមូលដ្ឋាន ប៉ុន្តែបក្សនយោបាយមួយចំនួននៅរង់ការគំរាមកំហែង និងលួចដកបដាដែលត្រូវបានគេមើលឃើញថាកើតចេញពីសំណាកអាជ្ញាធរមូលដ្ឋានដែលគាំទ្របក្សកាន់អំណាច។
បេក្ខភាពចៅសង្កាត់មកពីគណបក្សភ្លើងទៀនខេត្តសៀមរាបលោក នង ធារ៉ា បានឱ្យដឹងថាពលរដ្ឋជាច្រើននៅខេត្តសៀមរាបមានការគាំទ្រនិងលើកទឹកចិត្តបេក្ខភាពចៅសង្កាត់វ័យក្មេងមកពីគណបក្សភ្លើងទៀន ដូចជារូបលោក។
លោកមានប្រសាសន៍ថា នៅពេលលោកចុះឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋ ពួកគាត់តែងតែសួរលោកថា នៅពេលដែលលោកឈ្នះឆ្នោត ពួកគាត់សួរថាតើលោកមានសមត្ថភាពអ្វីដោះស្រាយបញ្ហាជូនពួកគាត់?
លោក ធារ៉ា បានឆ្លើយតបទៅវិញថា «ខ្ញុំនឹងដោះស្រាយបញ្ហាជូនពលរដ្ឋនៅសង្កាត់សាលាកំរើកយើងនេះឱ្យខានតែបានទី១ ទី២បញ្ហាទាក់ទងនឹងបញ្ហាបរិស្ថានគាត់សួរថា ចៅសង្កាត់ថ្មីនេះអាចមានដំណោះស្រាយបែបណាក្នុងសង្កាត់នេះ? ខ្ញុំសន្យាថាខ្ញុំនឹងជួយដោះស្រាយបញ្ហាបរិស្ថានជូនគាត់ ហើយបញ្ហាទី៣គឺរឿងសេវាសាធារណៈនៅក្នុងសង្កាត់នេះយឺតយាវនិងពុករលួយ យើងនឹងដោះស្រាយជូន»។
លោក នង ធារ៉ា បានឱ្យដឹងទៀតថា បើទោះបីជាមានការឃោសនាបក្សបានប្រព្រឹត្តទៅជាធម្មតាក៏ពិតមែន ប៉ុន្តែក៏មានការរារាំង ទប់ស្កាត់ និងលួចដកស្លាកគណបក្សភ្លើងទៀននៅតែកើតមាន។ លោកបន្តថាមានការព្រួយបារម្ភខ្លះពីសុវត្ថិភាពបេក្ខភាពចៅសង្កាត់ ទោះជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីយកជ័យជំនះនៅអាណត្តិនេះក៏ដោយ។
លោកប្រាប់ថា៖ «ខ្ញុំពិតជាបារម្ភពីសុវត្ថិភាពរបស់ខ្ញុំមែនទែននូវបេក្ខភាពចៅសង្កាត់ (ខេត្តសៀមរាប) ប៉ុន្តែវាជាការតាំងចិត្តរបស់ខ្ញុំ ទោះបីប្រឈមយ៉ាងណាក៏ដោយ ទោះបីមានបញ្ហាឧបសគ្គយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែជំនះតស៊ូឈរជាបេក្ខភាពចៅសង្កាត់ទាល់តែបាន ហើយខ្ញុំនឹងព្យាយាមយកជ័យជំនះឱ្យបាននៅថ្ងៃទី៥ខាងមុខ»។
បេក្ខភាពចៅសង្កាត់មកពីគណបក្សភ្លើងទៀនខេត្តសៀមរាបមា្នក់ទៀតគឺ លោកស្រី ប៊ុត គឹមលាង រៀបរាប់ថាលោកស្រីត្រៀមលក្ខណៈសម្បត្តិរួចជាសម្រេចក្នុងការប្រគួតប្រជែងយកឈ្នះបេក្ខភាពចៅសង្កាត់នៅខេត្តសៀមរាប។ លោកស្រីបន្តថាគោលនយោបាយនិងការបេ្តជ្ញាចិត្តបម្រើរាស្រ្តពិតជានាំមកនូវភាពជោគជ័យ។
លោកស្រីថា៖ «ជាការពិតណាស់ខ្ញុំពិតជាជឿជាក់មួយរយភាគរយ (១០០%) គឺខ្ញុំអាចយកឈ្នះបេក្ខភាពចៅសង្កាត់សៀមរាបបាន»។
លោកស្រី ប៊ុត គឹមលាង បានឱ្យដឹងថា ជារឿងធម្មតាទេពេលឈរជាបេក្ខភាពចៅសង្កាត់ជៀសមិនរួចពីការឃ្លាំមើលនិងធ្វើទុក្ខបុក្ខម្នេញនោះទេ។លោកស្រីបន្តថាប្រសិនបើលោកស្រីនៅតែបន្តមានការភ័យខ្លាចសួរថាជួយជាតិបានយ៉ាងម៉េច ដូច្នេះត្រូវតែបេ្តជ្ញាចិត្តយកចំណេះជំនាញមកបម្រើជាតិ។
លោកស្រី គឹមលាង បន្តទៀតថា៖ «មានការភ័យខ្លាចក៏ប៉ុន្តែធ្វើម៉េច ប្រសិនបើយើងមានការភ័យខ្លាច ប្រទេសយើងនៅតែមានការភ័យខ្លាច ដូច្នេះហើយរូបខ្ញុំផ្ទាល់ក៏បេ្តជ្ញាចិត្តថាបង្ហាញសមត្ថភាព បង្ហាញចំណេះជំនាញដែលខ្ញុំមានទាំងប៉ុន្មានឱ្យប្រជាពលរដ្ឋមើលថាកម្លាំងនៃការសាមគ្គី កម្លាំងនៃការតស៊ូមតិអាចរកយុត្តិធម៌ឱ្យប្រជាជនបាន»។
លោកស្រី គឹមលាង បានបន្ថែមថា លោកស្រីនឹងប្រឹងប្រែងយកឈ្នះដូចកាលពីឆ្នាំ២០១៧ ក្នុងអាណត្តិទី៤ គណបក្សសង្គ្រោះជាតិទទួលបានជ័យជម្នះ ក្នុងសង្កាត់នេះ ដោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាសង្កាត់។
ចំណែក លោក សាម ឡម ចៅសង្កាត់សាលាកំរើកនិងបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា ក្រុង សៀមរាប ខេត្តសៀមរាប បានប្រាប់ខេមបូចាយ៉ាងខ្លីថា ការឃោសនារកសំឡេងឆ្នោតអាណតិ្តទី៥នេះមានការចូលរួមគាំទ្រយ៉ាងច្រើនពីសំណាកប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា មិនទាន់ហ៊ានប្រាប់នោះទេចំពោះការចូលរួមបោះឆ្នោតខាងមុខនេះថាតើអាចនឹងមានលទ្ធផលបែបណានោះ។
លោកមានប្រសាសន៍ថា៖ «បាទ!ច្រើន ខាងខ្ញុំមានការចូលរួមច្រើន។ អ្នកចូលរួម២-៣ពាន់នាក់នៅក្នុងកំឡុងពេលចូលរួមឃោសនា»។
បេក្ខភាពចៅសង្កាត់មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តសៀមរាប លោក តេង តឿង បានឱ្យដឹងថាហេតុផលដែលលោកសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពចៅសង្កាត់សំបូរ ក្រុងសៀមរាប ដោយលោកមើលឃើញថាកង្វះខាតនូវកិច្ចគាំពារសង្គមរយៈពេលកន្លងមក។ លោកបន្តថាគោលនយបាយរបស់បក្សលោកនឹងជួយបង្កើតឱ្យមានកិច្ចគាំពារសង្គមឡើងវិញ និងប្រព័ន្ធធារាសាស្រ្តសម្រាប់ប្រជាពលរដ្ឋនៅសង្កាត់សំបូរ។
លោកមានថ្លែងថា៖ «គោលនយោបាយរបស់ខ្ញុំទី១គឺជួយប្រជាពលរដ្ឋដើម្បីបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យមានប្រើប្រាស់គ្រប់គ្រាន់សម្រាប់ស្រោចស្រប់ដំណាំនៅរដូវប្រាំងនិងរដូវវស្សា ទី២យើងនឹងមានការជួសជុលផ្លូវលំដែលខូច និងផ្លូវលំនៅតាមភូមិ នឹងមានដាក់ជាអំពូលភ្លើងបំភ្លឺតាមផ្លូវនៅពេលយប់ ហើយមួយទៀតយើងនឹងមានប្រាក់ឧបត្ថមជូនដល់ចាស់ជរា (អាយុចាប់ពី៧៥ឆ្នាំឡើង) ឱ្យគាត់មានប្រាក់ឧបត្ថមចាប់ពីដប់ម៉ឺនរៀលឡើង និងមានមន្ទីរពេទ្យល្អ»។
លោក តេង តឿង រំពឹងថា ចៅសង្កាត់មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានទំនុកចិត្តខ្ពស់ ក្នុងការទទួលបានជ័យជំនះនៃការបោះឆ្នោតអាណត្តិទី៥នេះ។
លោកឱ្យដឹងថា៖ «សម្រាប់ខ្ញុំសង្ឃឹមថា៥០ភាគរយដែរនៃការគាំទ្ររបស់ប្រជាជនខ្ញុំ វាអាចទទួលបាន ២ អាសនៈ ទៅ៣អាសនៈ ដែរបង»។
ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប លោក នឹម វណ្ណសំ មានប្រសាសន៍ថា ការប្រព្រឹត្តិទៅនៃការបោះឆ្នោតអាណត្តិនេះមានភាពល្អប្រសើរជាងអាណត្តិមុនៗ បើទោះបីមានបញ្ហាខ្លះដូចជាការដកប៉ាដានិងប៉ះសម្តីគ្នារវាងអាជ្ញាធរ និងបក្សភ្លើងទៀនខ្លះក៏ដោយ ប៉ុន្តែខាង គជប បានដោះស្រាយអស់ហើយ មិនមានរឿងអ្វីធំដំទេ។
លោកថ្លែងថា៖ «ការប្រព្រឹត្តិទៅនៃការឃោសនាបោះឆ្នោតឆ្នាំនេះមានការល្អប្រសើរច្រើនមែនទែន ដោយសារយើងបានខាងអាជ្ញាធរខេត្តជួយសម្រួលខ្លះដែរ ហើយបើទោះបីមានរឿងខ្លះទាក់ទងទៅនឹងការដកប៉ាដា និងមានប៉ះមាត់ប៉ះកគ្នាខ្លះ ប៉ុន្តែបានដោះស្រាយគ្នាតាមទូរស័ទ្ទនិងផ្ទាល់មាត់ហើយអត់មានរឿងអីទេ»។
លោក វណ្ណសំ លើកឡើងថា នៅខេត្តសៀមរាបមានគណបក្សនយោបាយឈរឈ្មោះជាបេក្ខភាពរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចជាដើម។ លោកបន្តថាក្នុងនោះមានគណបក្សកាន់អំណាចឈរលេខរាងចៅសង្កាត់ច្រើនជាងគេបន្ទាប់ពីគណបក្សភ្លើងទៀន។
លោកបន្ថែមថា៖ «នៅខាងខេត្តសៀមរាបមានគណបក្សនយោបាយចំនួន១៣ដែលបានឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជាមានបេក្ខភាពចៅសង្កាត់ច្រើនជាងគេ បន្ទាប់មកគឺគណបក្សភ្លើងទៀន»។
ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់ខេមបូចាថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បក្សកាន់អំណាចប្ដឹងគណបក្សបក្សភ្លើងទៀនមានជាង៤០ករណី ដែលខុសពីការបោះឆ្នោតអាណត្តិមុនៗ។ លោកថា គជបក៏បានព្យាយាមដោះស្រាយជាបន្តបន្ទាប់ ហើយស្នើឱ្យបក្សនយោបាយធ្វើពាក្យបណ្ដឹងបើសិនជាទទួលបានការធ្វើទុក្ខបុម្នេញ និងរំលោភលើនីតិវិធីរៀបចំការបោះឆ្នោត។
លោក ពុទ្ធា ថ្លែងថា៖ «គជប ស្នើសុំបើឃើញថារំលោភដាក់ពាក្យបណ្ដឹងមក ជៀសវាងការបង្កើតភាសា ឬបរិយាកាសដែលចង់ចំណេញនយោបាយ»។ លោកបន្តថា៖ «អ៊ីចឹងគណបក្សណាក៏ដោយ បើសិនជាយល់ថាខ្លួនត្រូវគេរំលោភ ខ្លួនត្រូវគេគំរាមហើយ គឺត្រូវធ្វើការដាក់ពាក្យបណ្ដឹង នោះបាន គជប មានមូលដ្ឋានក្នុងការពិនិត្យពិចារណាបន្តទៀត»។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នៅក្នុងខេត្តសៀមរាបការឈរឈ្មោះរបស់ចៅសង្កាត់របស់គណបក្សនយោបាយក្រៅពីបក្សកាន់អំណាច អត់ឃើញមានពាក្យបណ្ដឹងណាមួយថាមានការរំលោភបំពានពីអាជ្ញាធរមូលដ្ឋាននោះទេ។ លោកសង្ឃឹមថា ការបោះឆ្នោតពេលខាងមុខនឹងប្រព្រឹត្តទៅដោយរលូត បើទោះបីជាខេត្តខ្លះមានការគំរាមកំហែងពីបក្សកាន់អំណាចក៏ដោយ។
លោកលើកឡើងថា៖ «សម្រាប់ខេត្តសៀមរាបមិនទទួលបានដំណឹងថាមានការារាំងអ្វីនោះទេ មកដល់ពេលនេះ។ តែយ៉ាងណាពួកខ្ញុំនឹងបន្តតាមដានបន្ថែមក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ»។
បើយោងតាម គណៈកម្មការរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន១១ ៦២២អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕