មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា យុវជនចំនួន១៦នាក់ មកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកាគាំពារសង្គមដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅសណ្ឋាគារមួយ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីយប់ថ្ងៃចន្ទ។
យុវជនទាំងនោះត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែសីហា ដើម្បីសាកសួរចំពេលដែលអាជ្ញាធរចាប់ខ្លួនមនុស្សមួយចំនួននៅប៉ុន្មានថ្ងៃមុនការប្រមូលផ្តុំប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា ប៉ុន្តែមិនបានកើតឡើងនោះទេ។
យោងតាមលោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុកបានឱ្យដឹងថា បុគ្គលិករបស់អង្គការ YRDP ឈ្មោះ សាក់ កណ្ណិកា និងសមាជិក៥នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KLSA) នៅតែត្រូវបានឃុំខ្លួនបន្តនៅឡើយ ដើម្បីសាកសួរ។
លោក យី សុខសាន្ត មានប្រសាសន៍ថា៖ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងពួកគាត់ ឱ្យមានសេរីភាពទ្បើងវិញ ព្រោះការជួបជុំរបស់គាត់ ឬចែករំលែកព័ត៌មាន ដែលជាការបញ្ចេញមតិមិនខុសច្បាប់ទេព្រោះមានច្បាប់ចែងអស់ហើយ»។
លោកបានមានប្រសាសន៍ថា៖ «[ការចាប់ខ្លួននេះ] រំលោភសិទ្ធិពលរដ្ឋ និងរដ្ឋធម្មនុញ្ញកម្ពុជា » ដោយលោកលើកឡើងពីមាត្រាច្បាប់ ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាមានសិទ្ធិជួបជុំ ធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី។
លោកស្រី ចាន់ រ៉ាមី នាយិកាប្រតិបត្តិរបស់អង្គការ YRDP មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បដិសេធមិនបង្ហាញចំនួនពិតប្រាកដនៃមនុស្ស ដែលត្រូវបានចាប់ខ្លួន ដើម្បីសាកសួរជុំវិញផែនការតវ៉ានឹងគម្រោង CLV-DTA នៅរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «យើងបាននាំខ្លួនពួកគាត់មកសាកសួរបំភ្លឺ។ ប្រសិនបើពួកមិនមានពិរុទ្ធ [បទល្មើស] យើងនឹងធ្វើនិតិវិធីបញ្ជូនទៅតុលាការ។ ប្រសិនបើពួកគេមិនបានប្រព្រឹត្ត [បទល្មើសណាមួយ] ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ»។ លោក គឹមឃឿន បានបន្ថែមថា៖ «ចំពោះចំនួនមនុស្សប៉ុន្មានៗ [ដែលត្រូវបានឃាត់ខ្លួន] ទុកឲ្យយើងខ្ញុំធ្វើការរបស់យើងខ្ញុំសិន […] ខ្ញុំគ្មានពេលចាំឆ្លើយម្តងមួយសំណួរចឹងទេ»។
យ៉ាងហោចណាស់ មានមនុស្សជាង៣០នាក់ត្រូវបានចាប់ខ្លួន រួមទាំងសមាជិកគណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្សនៅមុនការប្រមូលផ្តុំគ្នាដែលគេចោទថា ដើម្បីប្រឆាំងគម្រោង CLV-DTA។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាន១៦នាក់ជាអ្នកចូលរួមវេទិកាដែលរៀបចំឡើងដោយអង្គការ YRDP និងប្រាំនាក់ជាសមាជិករបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KLSA) ហើយការិយាល័យរបស់សមាគមនេះ ត្រូវនគរបាលបិទ និងអ្នកមួយចំនួយទៀតគឺជាសកម្មជននយោបាយ។
គិតត្រឹមថ្ងៃអង្គារនេះ អាជ្ញាធររួមទាំងនគរបាល និងកងរាជអាវុធហត្ថ បន្តដាក់របាំង និងត្រួតពិនិត្យប្រជាពលរដ្ឋ និងយានយន្ត ដែលធ្វើដំណើរចូលមករាជធានីភ្នំពេញ ដើម្បី «ទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។
កាលពីពីរសប្តាហ៍មុន ពលរដ្ឋខ្មែររាប់ពាន់នាក់បានធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងគម្រោង CLV-DTA ដោយសារក្តីបារម្ភខ្លាចប្រទេសកម្ពុជាបាត់បង់ទឹកដីខេត្តភាគឦសានទៅប្រទេសវៀតណាម។
បណ្តាញព័ត៌មានអនឡាញក្នុងស្រុក Freshnews បានបង្ហោះវីដេអូឃ្លីបរបស់ឈ្មោះ ឡាច ធីណា ជាបុគ្គលិកផ្នែកគណនេយ្យនៅ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានសារភាពកំហុសថា បាន «បង្កអសន្តិសុខសង្គម» ដោយគ្រោងចូលរួមបាតុកម្មនៅថ្ងៃទី១៨ ខែសីហា។
កញ្ញា ធីណា និយាយថា៖ «នាងខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ក្រោយដឹងខ្លួនថា ត្រូវបានចាញ់បោកក្រុមប្រឆាំងនៅបរទេស ប្រើប្រាស់ជាឈ្នាន់ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល។ ខ្ញុំសូមគោរពស្នើសម្តេចតេជោ [ហ៊ុន សែន] និងសម្តេចធិបតី [ហ៊ុន ម៉ាណែត] មេត្តាសន្តោសប្រណីនិងលើកលែងទោសដល់រូបនាងខ្ញុំផង»។
កញ្ញា ធីណា បានអំពាវនាវដល់បុគ្គលិក សមាជិករបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KLSA) ឈប់ «ចាញ់បោក» សកម្មជនបរិស្ថានឈ្មោះ មាន លីសា ដែលកំពុងអូសទាញយុវជន ដើរតាមខ្លួន ដើម្បី “សម្រេច” គោលបំណងទុច្ចរិតរបស់លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីដសិន ស្ថាបនិកអង្គការមាតាធម្មជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ស្របពេលជាមួយគ្នាដែរនេះ អ្នកស្រី សែម សុផល សកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលត្រូវបានចាប់ខ្លួននៅខេត្តកណ្តាលកាលពីសប្តាហ៍មុន ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយត្រូវបានចោទប្រកាន់ពីបទញុះញង់ នេះបើតាមលោក ផល្លា ផានិត ជាកូនប្រុសរបស់លោកស្រី ដែលបានបញ្ជាក់ប្រាប់ ខេមបូចា នៅថ្ងៃអង្គារ។
លោក ផានិត បាននិយាយថា៖ «ការចាប់ខ្លួនម្តាយខ្ញុំ គឺដូចជាការចាប់ជំរិតដែរ ព្រោះគ្មានអ្នកណានៅក្នុងផ្ទះដឹងរឿងនេះទេ។ ប្រជាពលរដ្ឋនៅក្បែរចម្ការបានប្រាប់ខ្ញុំ» ដោយលោកបន្ថែមថា លោកទើបតែដឹងថា ម្ដាយរបស់លោកត្រូវបញ្ជូនទៅពន្ធនាគារបីថ្ងៃក្រោយ។
ការចាប់ខ្លួនម្តាយរបស់លោកបានកើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយជាមួយអ្នកភូមិពោធិអណ្តែត នៅម៉ោង១រសៀល ថ្ងៃទី១៦ ខែសីហា ដែលត្រូវបានមេភូមិកោះប្រជុំ ដើម្បីណែនាំកុំឱ្យចូលរួមក្នុងបាតុកម្មនៅភ្នំពេញ។
អំឡុងកិច្ចប្រជុំនោះ លោកស្រី សុផល បានលើកទ្បើងថា អាជ្ញាធរមានការរឹតត្បិតនៅពេលដែលប្រជាពលរដ្ឋនិយាយពីបញ្ហានយោបាយ។ នៅល្ងាចថ្ងៃដដែលនោះ លោកត្រូវបានចាប់ខ្លួននៅឯចម្ការរបស់លោកស្រី។
បន្ទាប់ពីទទួលបានដំណឹងពីការចាប់ខ្លួនម្តាយ លោក ផានិត បានព្យាយាមស្វែងរកព័ត៌មានបន្ថែមពីអាជ្ញាធរភូមិឃុំ ប៉ុន្តែត្រូវបានអាជ្ញាធរក្រុងសំពៅពូនប្រាប់ថាលោកស្រីត្រូវបានបញ្ជូនទៅភ្នំពេញហើយ។
លោក ផានិត និយាយថា៖ «សាច់ញាតិរបស់ខ្ញុំនិងខ្ញុំបានព្យាយាមទៅសាលាឃុំ ដើម្បីរកព័ត៌មាន ប៉ុន្តែពួកគេបាននិយាយថា ពួកគេមិនដឹង [គាត់នៅទីណា] ទេ។ ពួកគេបាននិយាយថា ពួកគេមិនបានឃើញគាត់ទេ។ នៅស្នងការក៏មិនឃើញគាត់ដែរ»។
លោកបានបន្ថែមថា៖ «ខ្ញុំមានការបារម្ភ ព្រោះម្តាយខ្ញុំចាស់ហើយឈឺ។ គាត់ឈឺដៃ និងខ្នង»។
សមាជិកគណបក្សប្រឆាំងបីនាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា នៅបន្តត្រូវបានឃុំខ្លួននៅទីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរនៅឡើយ នៅពេលអត្ថបទនេះកំពុងត្រូវបានសរសេរ។
លោកស្រី អ៊ុក ណាគ្រី ជាភរិយារបស់លោក មាស កុល បានប្រាប់ ខេមបូចា ថា លោក មាស កុល ត្រូវបានចាប់ខ្លួននៅម៉ោង៩ និង៤៥នាទីយប់ កាលពីថ្ងៃទី១៧ ខែសីហា ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
លោកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថា ប្តីខ្ញុំត្រូវបានចាប់ខ្លួនដោយសាររឿងអ្វីទេព្រោះខ្ញុំមិនដឹង ឬបានឮគាត់និយាយអំពីការចូលរួមបាតុកម្មទេ»។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំមានការលំបាកដោយសារការចាប់ខ្លួនគាត់ ព្រោះយើងមានបំណុលធនាគារ»។ លោកស្រីក៏មានការបារម្ភអំពីសុវត្ថិភាពប្តីរបស់អ្នកស្រី និងជីវភាពគ្រួសារផងដែរ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្ស លីកាដូ សម្ដែងការព្រួយបារម្ភចំពោះការចាប់ខ្លួនយុវជនពាក់ព័ន្ធនឹងផែនការប្រមូលផ្តុំតវ៉ានឹងគម្រោង CLV-DTA។
លោកបានថ្លែងថា៖ «វាបានកើតឡើងដូចដែលបានរំពឹងទុក ប៉ុន្តែអ្វីដែលសំខាន់ គឺថា យើងចង់ឃើញអ្នកនយោបាយទាំងអស់តម្កល់ផលប្រយោជន៍ជាតិ ហើយកុំប្រើប្រជាពលរដ្ឋជាឧបករណ៍នយោបាយ ព្រោះអ្នកដែលរងគ្រោះគឺពលរដ្ឋ»។
លោកបានរំលឹកពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំលើសកម្មជនគណបក្សប្រឆាំងជាង១៣០នាក់ ដែលបានធ្វើឡើង បន្ទាប់ពីការចាប់ខ្លួន និងការផ្តន្ទាទោសពាក់ព័ន្ធនឹងការវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sixteen Youths Released While Several Others Continue To Be Questioned Over Planned CLV-DTA Rally