រដ្ឋបាលខេត្តកោះកុងបានអនុញ្ញាតឲ្យតំណាងសហគមន៍នៅស្រុកស្រែអំបិល វាយតម្លៃឡើងវិញដោយខ្លួនឯង សម្រាប់អ្នកដែលស្នើសុំសម្បទានដីសង្គមកិច្ច ចាប់ពីថ្ងៃទី១៥ ខែកក្កដា។ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងពិនិត្យមើលលទ្ធផលនៃការវាយតម្លៃថ្មីនេះ នៅពេលក្រោយ។
ការអំពាវនាវឲ្យមានការវាយតម្លៃឡើងវិញនេះ ត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋ ដែលបដិសេធមិនទទួលយកការវាយតម្លៃដីធ្លីដំបូងក្នុងឆ្នាំ២០២៣ ដោយសារវាខ្វះតម្លាភាព និងគ្រួសារមួយចំនួនធំមិនបានជាប់ក្នុងការវាយតម្លៃ។
កាលពីថ្ងៃទី៨ ខែកក្កដា ប្រជាពលរដ្ឋប្រមាណ៣០០នាក់ មកពីសហគមន៍៩៥៥ បានប្រមូលផ្តុំគ្នានៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីទាមទារឱ្យអាជ្ញាធរស្រុកធ្វើការវាយតម្លៃជាលើកទីពីរឱ្យបាន «ត្រឹមត្រូវ និងយុត្តិធម៌» ចំពោះអ្នកដែលទទួលបានសម្បទានដីសង្គមកិច្ចពីរដ្ឋបាលខេត្តកោះកុង។
អ្នកស្រី ផាវ ញ៉ើ តំណាងសហគមន៍៩៥៥ បានប្រាប់ខេមបូចាថា ពួកគាត់បានស្នើឲ្យអាជ្ញាធរស្រុកស្រែអំបិលពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃម្តងទៀត ព្រោះពួកគាត់យល់ថា ការវាយតម្លៃពីមុនមិនយុត្តិធម៌ទេ។
អ្នកស្រីបាននិយាយថា៖ «ប្រជាពលរដ្ឋមិនពេញចិត្តនៅត្រង់ថា ហេតុអីមេភូមិ មេឃុំមិនយល់ពីប្រជាពលរដ្ឋរបស់ខ្លួនឯងនៅក្នុងភូមិអ៊ីចឹង? ប្រជាពលរដ្ឋមើលឃើញមានការរើសអើងមួយចំនួន ជាពិសេសការវាយតម្លៃនេះពិតជាមិនត្រឹមត្រូវតែម្តង ព្រោះអ្នកដែលអត់ពិតប្រាកដបែរជាមិនទទួលបាន [សម្បទានដីសង្គមកិច្ច] »។
ការវាយតម្លៃលើកមុនឃើញថា មានតែ៨០គ្រួសារប៉ុណ្ណោះក្នុងចំណោមប្រជាពលរដ្ឋ៩៥៥គ្រួសារ ទទួលបានដី។ ទោះបីជាយ៉ាងណា ពលរដ្ឋទាំង៨០គ្រួសារនេះ មិនបានទទួលយកដីនោះទេ ព្រោះប្រជាពលរដ្ឋនៅតវ៉ានឹងការវាយតម្លៃដំបូងនេះ។
អ្នកស្រី ផាវ ញើង បាននិយាយថា សំណួរដែលសួរប្រជាពលរដ្ឋដើម្បីវាយតម្លៃសាថ្មីនេះ ជាកម្រងសំណួរដែលរៀបចំដោយអាជ្ញាធរខេត្តកោះកុង។ អ្នកស្រីនិយាយថា៖ «កិច្ចការសម្ភាសន៍អង្កេតស្រាវជ្រាវឡើងវិញនេះ បើតាមគម្រោងថ្នាក់ខេត្តអាចបញ្ចប់ក្នុងឆ្នាំ២០២៥ ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឱ្យចប់ក្នុងខែសីហា ឆ្នាំនេះ ហើយបញ្ជូនសំណុំរឿងទៅគាត់ [អាជ្ញាធរខេត្តកោះកុង] ហើយសហការណ៍ជាមួយគាត់ ព្រោះអីប្រជាពលរដ្ឋតឿនឱ្យធ្វើលឿន»។
អ្នកស្រី ផាវ ញ៉ើង បានបន្ថែមថា៖ «ព្រោះប្រជាពលរដ្ឋថា ពួកគាត់ [ធ្លាប់] ចំណាកស្រុក ហើយជំពាក់បំណុលគេច្រើន អ៊ីចឹងគាត់អត់ចង់នៅរងចាំការតវ៉ាជាមួយគេច្រើនអារឿងហ្នឹងទេ គាត់ចង់បានដីសម្រាប់ធ្វើកសិកម្ម ដើម្បីមានដើមទុន ក្នុងការរកស៊ីចិញ្ចឹមជីវិតនៅផ្ទះ កុំឱ្យចំណាកស្រុកទៀត»។
លោក ឃាំ ធៀន សមាជិកសហគមន៍៩៥៥ បាននិយាយថា ពួកគាត់បានស្នើសុំសម្បទានដីសង្គមកិច្ចតាំងពីឆ្នាំ២០១៩ ប៉ុន្តែទើបតែនៅឆ្នាំ២០២៣ អាជ្ញាធរខេត្តកោះកុងបានមកប្រមូលទិន្នន័យរបស់ពួកគាត់។
អំឡុងពេលនៃការស្ទង់មតិនេះ អាជ្ញាធរក៏បានបន្ថែមអ្នកស្នើសុំថ្មី ដែលធ្វើឱ្យចំនួនគ្រួសារសរុបកើនដល់ ២ ៥៦៤គ្រួសារ។ នៅភូមិចំការក្រោម មានពលរដ្ឋ៤៤ គ្រួសារបានដាក់ពាក្យស្នើសុំសម្បទានដីសង្គមកិច្ច ប៉ុន្តែមានតែ៤គ្រួសារប៉ុណ្ណោះដែលទទួលបានដីនោះ។
លោក ធៀន និយាយថា៖ «ចំណោមបួនគ្រួសារដែលទទួលបានដី ក្នុងនោះមាន មួយគ្រួសារ ដែលមកពីសហគមន៍៩៥៥ ចំណែក ៣គ្រួសារទៀតគឺជាប្រជាពលរដ្ឋស្នើសុំថ្មីដែលអាជ្ញាធរបានដាក់បញ្ចូលពេលចុះមកស្រង់ទិន្នន័យ ដែលមើលទៅពួកគាត់មានជីវភាពធូរធារ ជាងសហគមន៍៩៥៥»។
លោកក៏បានលើកឡើងពីបញ្ហាដីធ្លី និងសិទ្ធិប្រើប្រាស់ដីទៅកាន់លោក សុខ សុទ្ធីអភិបាលរងខេត្តកោះកុងនៅក្នុងវេទិកាសាធារណៈមួយនៅសាលាឃុំ ដោយសួរថា តើលោកមានសិទ្ធិទទួលបានបណ្ណកម្មសិទ្ធដីដែរឬទេ ខណៈដែលដីរបស់លោកស្ថិតនៅជាប់មាត់ព្រែក។
លោក ធៀន ជាអ្នកនេសាទនិងមានកូន៥នាក់ក្នុងបន្ទុក បាននិយាយថា៖ «គាត់ [សុទ្ធី] ប្រាប់ថាមិនអាចធ្វើបានទេ ។ ប្រាក់ចំណូលរបស់ខ្ញុំផ្គត់ផ្គង់ការសិក្សារបស់កូនបានតែពីរនាក់ […] ហើយចំណែកជីវភាពគឺផ្គត់ផ្គង់ ទៅលើកូនរៀន២នាក់ទៀតផង […] ខ្ញុំវារាងចំណាស់ដែរហើយ ពឹងអីបានបើប្រពន្ធខ្ញុំគាត់ក៏ជាមេផ្ទះដែរ»។ លោកបន្ថែមថា គ្រួសាររបស់លោកគ្មានដីសមរម្យសម្រាប់សង់លំនៅឋាន ឬធ្វើស្រែចម្ការទេ ហើយលោកមានជីវភាពលំបាក។
លោក ធៀន បានស្នើទៅក្រសួងពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលខេត្ត ពន្លឿនការដោះស្រាយសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ ដោយសារប្រជាពលរដ្ឋមួយចំនួនមិនមានដីសម្រាប់ធ្វើស្រែចម្ការ និងសង់លំនៅដ្ឋាន។
អ្នកស្រី ទិន តាំង តំណាងសហគមន៍ម្នាក់ទៀតបាននិយាយថា គេផ្តល់ដីឱ្យអ្នកស្រីត្រឹមតែ៧៥ម៉ែត្រការ៉េប៉ុណ្ណោះ ដែលអ្នកស្រីបានបដិសេធ ព្រោះនៅក្នុងភូមិរបស់អ្នកស្រី មានតែ៥គ្រួសារប៉ុណ្ណោះ ដែលទទួលបានដី ចំណែកអ្នកផ្សេងទៀតមិនបានទទួលដីទេ។
អ្នកស្រីនិយាយថា៖ «ខាងស្រុកគាត់បានផ្តល់ឱ្យខ្ញុំហើយ ប៉ុន្តែគាត់ឱ្យមកវាមិនសមរម្យ គាត់ឱ្យអត់បានមួយហត្ថផង ខ្ញុំក៏បដិសេធថាខ្ញុំអត់យកទេ ហើយខ្ញុំសូមសំណូមពរទៅកាន់ខាងអាជ្ញាធរថាពួកខ្ញុំសុំ បីហត្ថ (ហិកតា)ស្មើគ្នា»។ អ្នកស្រីបានបន្ថែមថា អ្នកភូមិនឹងយល់ព្រមទទួលយកដី ប្រសិនបើគេបែងចែកស្មើៗគ្នា។
អ្នកស្រី ទិន តាង ជាស្ត្រីមេម៉ាយដែលមានកូនស្រីពីរនាក់បាននិយាយថា ពួកគាត់មាន «ជីវភាពលំបាកខ្លាំង» ។ កូនៗ ដែលមានអាយុ១៩ឆ្នាំ និង១៦ឆ្នាំបានឈប់រៀន អំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ ហើយមិនបានបន្តការសិក្សារបស់ពួកគេ ដោយសារតែពួកគេខ្វះខាតថវិកា។
ថ្មីៗនេះ គ្រួសាររបស់អ្នកស្រីបានសង់ខ្ទមតូចមួយនៅលើដី ប៉ុន្តែពួកគេមិនអាចគេងបានគ្រប់គ្រាន់ទេ ពេលមានភ្លៀងធ្លាក់ដោយសារទឹកលិច។ អ្នកស្រី ទិន តាង បាននិយាយថា៖ «យប់មិញភ្លៀងលិច និយាយរួមទៅយើងដេកម៉េចកើតមេឃភ្លៀង តែយើងចេះតែទ្រាំ»។
លោក ឈឹម ផាវ មេឃុំបឹងព្រាវ ស្រុកស្រែអំបិល មានប្រសាសន៍ថា ភូមិចំនួនបីនៅក្នុងឃុំរបស់លោកបានស្នើសុំសម្បទានដីសង្គមកិច្ច។ លោកមិនទាន់ទទួលបានព័ត៌មានដោយផ្ទាល់អំពីចំនួនអ្នកស្នើសុំដែលត្រូវបានយល់ព្រមទេ ប៉ុន្តែបានបញ្ជាក់ថា របាយការណ៍ចុងក្រោយបានបង្ហាញថា មានតែ១១គ្រួសារប៉ុណ្ណោះដែលទទួលបានសម្បទានដីសង្គមកិច្ច។
ក្នុងចំណោមនោះ ២គ្រួសារស្ថិតក្នុងប្រភេទ «អ្នកក្រីក្រកម្រិត១» ទទួលបានដី រួមជាមួយនឹងប្រជាពលរដ្ឋ ៩គ្រួសារទៀត ដែលស្ថិតក្នុងប្រភេទ «អ្នកក្រីក្រកម្រិត២»។ ការចាត់ជាប្រភេទនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើលទ្ធផលស្ទង់មតិកាលពីលើកមុន។
ទោះបីជាយ៉ាងណា អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីមិនទាន់មានសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីនៅឡើយទេ។
លោក ឈឹម ផាវ បានបន្ថែមថា៖ «ខ្ញុំគ្រាន់តែទទួលតួរលេខ ហើយនិងឯកសាររបស់ក្រុមការងារអ្នកមកសម្ភាសន៍ហ្នឹងទេ គេអត់ឱ្យយើងប្រាប់ គេអត់ឱ្យយើងដើរផ្សព្វផ្សាយថា គ្រួសារនេះបាន គ្រួសារនោះអត់ គឺអត់ដឹងអ្វីទេ»។
អ្នកវាយតម្លៃដីធ្លីមានអ្នកមកពីក្រុមការងារថ្នាក់ខេត្ត និងក្រុមការងារសង្គមកិច្ច ដែលបានចុះទៅតាមភូមិពីរទៅបីដងក្នុងឆ្នាំ២០២៤។
យោងតាមអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ចដែលបានចេញផ្សាយនៅឆ្នាំ២០០៣បានឲ្យដឹងថា សម្បទានដីសង្គមកិច្ចអាចផ្តល់ជូនសម្រាប់គោលបំណងសង្គមកិច្ច ដូចជាសម្រាប់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន គ្រួសារក្រីក្រសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ។
លោក ង៉ែត ស៊ីណាប់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុង មានប្រសាសន៍ថា សហគមន៍៩៥៥ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីស្នើសុំសម្បទានដីសង្គមកិច្ច ប៉ុន្តែបច្ចុប្បន្នមានតែ៨០គ្រួសារប៉ុណ្ណោះក្នុងចំណោម៩៥៥ ទទួលបានដីតាមរយៈរដ្ឋបាលខេត្តកោះកុង។
លោកក៏បានឃ្លាំមើលស្ថានភាពនេះផងដែរ ដោយសារតែប្រជាពលរដ្ឋក្នុងសហគមន៍បានអះអាងថា មាន «អ្នកក្រីក្រច្រើនទៀត» ប៉ុន្តែរដ្ឋបាលខេត្តរកឃើញគ្រួសារក្រីក្រតែ៨០គ្រួសារប៉ុណ្ណោះ។ នេះជាមូលហេតុដែលប្រជាពលរដ្ឋមកតវ៉ានៅសាលាស្រុកស្រែអំបិល កាលពីថ្ងៃទី៨ ខែកក្កដា។
លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលបានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង ២០០០គ្រួសារបានស្នើសុំសម្បទានដីសង្គមកិច្ច ប៉ុន្តែអាជ្ញាធររកឃើញតែប្រហែល ២០០គ្រួសារប៉ុណ្ណោះដែល «អ្នកក្រីក្រពិតប្រាកដ»។
លោកបានឲ្យដឹងថា តំណាងសហគមន៍បានលើកឡើងថា អ្នកដែលទទួលបានដី «មិនមែនជាអ្នកក្រពិតប្រាកដទេ» ដោយស្នើសុំឱ្យមានការស្ទង់មតិសាថ្មីដោយខ្លួនឯង។
លោកមានប្រសាសន៍ថា៖ «ខាងគាត់ [សហគមន៍] ៩៥៥ ដែលគាត់អត់អស់ចិត្តហ្នឹងគាត់សំណូមពរស្រង់គ្នាគាត់ ដែលស្រង់លើកមុននៅខ្វះចំនួនគាត់ទៀត ។ ក្រុមការងារខេត្តក៏បានឯកភាពឱ្យគាត់ស្រង់ក្នុងចំនួនរបស់គាត់ ៩៥៥ ហ្នឹង» ដោយលោកបានបន្ថែមថា លទ្ធផលនេះ នឹងត្រូវពិនិត្យដោយរដ្ឋបាលខេត្តកោះកុងនៅពេលក្រោយ។
លោក ហុង ប្រុស ក៏មានប្រសាសន៍ផងដែរថា សហគមន៍នេះ «បានប្រមូលផ្តុំនិងបានរំសាយទៅវិញ» នៅថ្ងៃទី៨ ខែកក្កដា។ លោកថា៖ «មិនមានការតវ៉ាទេ»។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Social Land Concession To Be Reassessed After Sre Ambel Villagers Protest Previous Survey