សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អ្នកជំងឺមួយចំនួនចេញទៅព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស

មន្ទីរសម្រាកព្យាបាលមួយ នៅប្រទេសថៃ។ រូបថតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
មន្ទីរសម្រាកព្យាបាលមួយ នៅប្រទេសថៃ។ រូបថតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋខ្មែរមួយចំនួននៅតែបន្តជ្រើសរើសការព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស ខណៈ​មន្ទីរពេទ្យខ្លះនៅកម្ពុជា រងការ​រិះគន់អំពីគុណភាពនៃការព្យាបាល រួមទាំងក្រមសី​លធម៌ និ​​ង​​វិជ្ជាជីវៈរបស់គ្រូពេទ្យមួយចំនួន មិនទាន់អាច​​ឆ្លើយ​​តបតាមតម្រូវការចាំ​បាច់​របស់ពលរដ្ឋបានពេញ​លេញ យោងតាមការលើកឡើងរបស់ពលរដ្ឋមួយចំនួន។

កញ្ញា ​ ជ័យ ស្រីណេត ដែលបានផ្តល់បទសម្ភាសន៍ក្នុងចំណោមមនុស្ស១១នាក់ផ្សេងទៀតលើកឡើង​ថា រូប​​នាង និងក្រុមគ្រួសារតែ​ងចេញ​ទៅ​ព្យាបា​ល ​​និង​​ពិ​​និត្យ​សុ​ខ​ភាព​នៅ​​​ស្រុ​​​កថៃជាប្រចាំ។ មា​នស្រុ​ក​​កំ​​ណើ​ត​នៅខេត្តសៀមរាប តែបច្ចុប្បន្នរស់​នៅ​ក្នុ​ង​​ទីក្រុ​​ង​​​ភ្នំ​​ពេ​ញ​​ ស្រីណេត ឱ្យដឹងថា មូលហេ​​តុ​ដែ​ល​​រូ​ប​​​គេ​​ត្រូ​វ​ប​ង្ខំចិត្តទៅរក​សេវាព្យាបាលជំងឺ និងពិ​និត្យសុខ​ភា​ព​​​នៅ​​​​ក្រៅ​ប្រ​ទេ​ស​​នេះ ដោយ​សារ​​ចំណាយតិ​ច​​​នៅ​​ទី​​នោះ តែគុណភាពនៃការព្យាបាលគួរឱ្យទុកចិត្ត និង​មា​​​នប្រសិ​ទ្ធ​​ភា​ព​ខ្ព​ស់។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំនិយាយតាមត្រង់ដោយសារនៅស្រុកខ្មែរពេលដែលយើងទៅពិនិត្យជំងឺទៅ គេពិនិត្យ​​​ជំងឺ​​យើង​អត់​​ច្បាស់លាស់។ ទីមួយគេថា យើងឈឺអ៊ឈឺ ហើយគេឱ្យថ្នាំ​យើងមកច្រើន​ៗ​​អ៊ីចឹងហ្អា​។​ បើ​​ទោះ​ជាគេឱ្យថ្នាំមកច្រើនៗ និងដាក់សេរ៉ូមដាក់អីហើយក៏​ដោយ​ក៏អត់បាត់ដែរ តែបើបាត់គឺ​បាត់មួយ​​ភ្លែ​តៗ»

កញ្ញាបន្តថា៖ «ដល់អ៊ីចឹងទៅបានម៉ាក់ខ្ញុំសម្រេចថា យកខ្ញុំទៅថៃតែម្តងទៅ ដោយសារពេលហ្នឹង​​ជំងឺខ្ញុំ​រាងខ្លាំងហើ​យ​​​ដែ​រ​។ នៅពេលទៅ​ដល់ទីនោះ(ថៃ) ពេទ្យគេគ្រាន់តែមើលយើងតិចតួច ហើយពិនិត្យឈាម​ពិនិត្យអីមួយ​តួ​រខ្លួន ហើយក៏ពេទ្យគេឱ្យថ្នាំយើងតែបីខែ។ ប៉ុន្តែថ្នាំ​គេហ្នឹងលេបម្តងតែ២គ្រាន់អីអញ្ចឹ​ងទេ។ គេឱ្យថ្នាំយើ​ង​ហ្នឹ​​​ងគឺឱ្យច្បាស់ចំជំងឺយើងហ្នឹង។គេឱ្យថ្នាំមកយើងមិនដូចយើងណេះទេ(ស្រុខ្មែរ)ឱ្យណេះឱ្យណោះ​​វា​​អត់ចំជំងឺយើងទេ ហើយវាប្រើរយៈពេលយូរទៀត»

ប្រភពដែលផ្តល់បទសម្ភាសន៍យល់ឃើញថា ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ សេវាសុខាភិបាល​កម្ពុជារង់ការរិះគន់ថា មិន​​​ទា​ន់​ធ្វើទំនើបកម្មឱ្យមានស្តង់ដារ ជាពិសេសទាក់ទងក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់គ្រូពេទ្យ។ ជាងនេះ​ទៅ​​ទៀ​​​ត​​ សេ​​​វា​ព្យា​បាលស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលនាំឱ្យអ្នកជំងឺមានចំណូល​ក្រោមមធ្យម គ្មាន​​ល​ទ្ធ​​​​ភា​​ព​​ចំ​​ណា​​យទៅលើថ្លៃព្យាបាលរួច។ បន្ថែមពីលើនេះ អ្វីដែល​រង់ការតិះទៀន​ពី​សា​ធា​រណជន គឺទាក់ទង​ក្រមសី​ល​​ធ​​ម៌​​​​ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ដែលបម្រើការនៅតាម​មន្ទី​រ​​ពេ​ទ្យ​​​រដ្ឋ​មួយចំនួន។

មិនខុសគ្នាទេ លោក លី ប៉ុន ជាពលរដ្ឋរស់នៅស្រុកទឹកឈូ ខេត្តកំពត ក៏ឯកភាពដែរថា បញ្ហាសេវាសុខាភិបាលនៅកម្ពុជា ពិតជានៅមានភាពខ្វះខាតលើផ្នែកខ្លះ ដូចវិធីព្យាបាលនៅមិនទាន់ចំជំងឺ និងក្រមសីលធ​ម៌រប​ស់​​​​គ្រូពេទ្យជាដើម។ លោកបន្តថា សមាជិកគ្រួសាររបស់លោក ទើបតែត្រឡប់ពីយកសាច់ញាតិទៅព្យា​​បា​លនៅប្រវៀតណាមថ្មីៗនេះ។

បើតាមលោក លី ប៉ុន ថ្លៃព្យាបាលនៅប្រទេសវៀតណាម និងប្រទេសថៃដែលលោកធ្លាប់ទទួលសេវា និងបន្តទៅទៀត អះអាងថា របៀបនៃការព្យាបាលនៅប្រទេសជិតខាងទាំងពីរនេះ គឺគួរឱ្យទុកចិត្ត និងមានភាពច្បា​​ស់​​លាស់ ប្រាកដប្រជា។ របៀបនៃការព្យាបាលរបស់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតខុសពីគ្រូពេទ្យខ្លះនៅកម្ពុជា។ ការផ្តល់ថ្នាំតិចតួច បើរកឃើញថាមានជំងឺហើយ ព្យាបាលបានលឿន មិនរបៀបចិញ្ចឹមជំងឺទេ។ មួយវិញទៀត បើទោះ​ជា​ថ្លៃបន្តិចនៅក្នុងស្រុ​ក​​ថៃ បើធៀបនឹងវៀតណាម និងកម្ពុជាប៉ុន្តែរបៀបនៃការព្យាបាល​​នៅទីនោះ មានប្រ​​សិ​ទ្ធ​ភាព។

លោកបន្តថា៖ «ទាក់ទងនឹងការព្យាបាលនៅក្នុងស្រុក បើសិនណាជាការព្យាបាលមួយដែលអាចជឿទុក​​ចិត្ត​​បាននោះយើងមិនចង់ទៅទេ ព្រោះវាឆ្ងាយខាតសោហ៊ុយ និងខាតពេលវេលា។ ប៉ុន្តែការព្យាបាលនៅក្នុងស្រុ​កយើងប្រៀបដូចរកគ្រូមើលហុងស៊ុយអ៊ីចឹង។ មើល​ហុងស៊ុយគ្រូមួយថា អញ្ចេះល្អ គ្រូមួយចុះល្អដូច។ ហើយដូចពេទ្យយើងអ៊ីចឹងនៅកន្លែងឃើញអញ្ចេះ ហើយពេទ្យផ្សេងឃើញអ៊ីចឹងដូចគ្នា និងមានលក្ខខណៈបច្ចេកទេសដូចគ្នា។ ប៉ុន្តែវាមានលក្ខខណៈខុសគ្នាអ៊ីចឹង។ ដល់ពេលអញ្ចឹងយើងអត់អាចទុកចិត្តបាន»។

លោកបានរៀបរាប់ថា ភាគច្រើនដូចករណីកូនរបស់លោក ពេលហ្នឹងគាត់មានបញ្ហាសុខភាពផ្ទៃពោះទេ។ នៅពេលមានផ្ទៃពោះទៅពិនិត្យសុខភាពស្រាប់តែពេទ្យថា គាត់មានដុំគីសនៅក្នុងស្បូនអីណា មិនអាចទុកកូនហ្នឹងបានទេ បើសិនទុកកូនហ្នឹងដល់រយៈពេល​៤ខែឡើងទៅ វានឹងធ្វើទុកនាំឱ្យចុក ហើយទុកនៅមិនបានត្រូវតែវះយកកូនចេញ។ គ្នាការយូរហើយមិនទាន់មានកូនផង ដល់ពេលគ្នាមានអ៊ីចឹងគ្នាអរណាស់។ ដល់លឺអ៊ីចឹងទៅគ្នាភ័យ គ្នាអត់ហ៊ានវះភ្លាមទេ។ គាត់ក៏សាកល្បងទៅពិនិត្យសុខភាពនៅប្រទេសថៃ។ នៅ​ពេលទៅដល់ថៃគេពិនិត្យ(ពេទ្យ)ទៅគេថា អត់មានអីផងធម្មតា។ នៅក្នុងស្បូនអ៊ីចឹងកាលណាកូនវានៅតូចអ៊ីចឹងដុំទឹកវានៅធំ។ នៅពេលវាធំទៅ អាដុំទឹកហ្នឹងវារួមៗ ហើយនៅពេលវាកើតទៅ ដុំទឹកហ្នឹងវាទៅជាដុំទឹកភ្លោះវិញទេ។

ក្រៅពីនេះ លោក លី ប៉ុន ឱ្យដឹងថា នៅពេលយកអ្នកជំងឺចូលដល់មន្ទីរពេទ្យ ពួកគេតែងតែតម្រូវឱ្យអ្នក​ជំងឺ​​ស​ម្រា​កនៅពេទ្យជានិច្ច។ លោកបន្តថា ការធ្វើដូចនេះខាងមន្ទីរពេទ្យលើកឡើងថា ដើម្បីងាយស្រួ​ល​តាម​ដា​ន​ជំ​ងឺ​។ ចំណែកបន្ទប់សម្រាកវិញ ក្នុងមួយយប់គិតតម្លៃគ្រែ៣៥ដុល្លារ ទៅ៧០ដុល្លារ។ តម្លៃ​គ្រែ​ដេកនេះ ប្រែ​​​​​ប្រួលទៅតាមបន្ទប់ធម្មតា ឬបន្ទាប់វីអាយភី។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលចុងក្រោយនេះពលរដ្ឋដែលជួបបញ្ហារឿងការព្យាបាល ប​ង្ហា​ញ​​​ប្រតិកម្មជាបន្តបន្ទាប់ ទាក់ទងការទទួលខុសត្រូវ និងភាពព្រងើយកន្តើយរបស់បុគ្គលិកពេទ្យ​ខ្លះចំ​​​ពោះ​អ្ន​ក​ជំងឺ។

ពលរដ្ឋខ្មែរមួយចំនួនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលមួយនៅប្រទេសថៃ។ រូបថតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Zey LeakII បានបង្ហោះ​​សា​​រ​ទាក់ទងការ​ឈឺ​ចាប់ដោយសារ​ម្តាយរបស់ខ្លួនត្រូវបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ តាមរយៈ​សំណេរដ៏វែង​អ​ន្លា​​​យ​​​នៅ​លើគេ​ហទំព័​រហ្វេ​ស​ប៊ុក​ បង្ហា​​​​ញថា ស្រ្តីឈ្មោះ ចាន់ ស្រីណុច បានចូលទៅសម្រាកព្យា​បាល​​នៅ​​​ក្នុង​ម​ន្ទី​​​រ​ពេ​ទ្យបង្អែ​ក​ខេត្ត​បា​​​ត់ដំបង កាល​​ពី​​​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៤។ ការចូលទៅ​រកសេ​វាព្យា​បា​ល​​​របស់​​ម​​ន្ទី​​​​​​រ​ពេទ្យ​​រដ្ឋ​​នេះ ប្រភពប​ញ្ជាក់​​ថា​ ដោយសារ​ម្តា​​យ​​របស់ខ្លួនមានអាការៈឈឺពោះសម្រាលកូនមុនកំ​​ណត់ ដែ​​ល​​មានកូ​ន​ក្នុង​​ផ្ទៃ៨​ខែ​។ ប៉ុន្តែដោយសារការធ្វេសប្រហែស និងការខ្ជីខ្ជារបស់បុគ្គលិកពេទ្យ បណ្តាល​​ឱ្យស្រ្តី​​វ័​យ​​៤៤ឆ្នាំរូបនេះ ត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ប្រភពបន្តថា៖ «នៅម៉ោង១១ថ្ងៃត្រង់ខ្ញុំបានទៅប្រាប់ពេទ្យថាលោកគ្រូអ្នកជំងឺបន្ទប់ VIP C4គាត់ឈឺពោះតិចៗគាត់ចេញចូលបន្ទប់ទឹកញាប់ ពេទ្យក៍បានអោយថ្នាំមូលៗពណ៌ផ្កាឈូកប៉ុនមេដៃមកខ្ញុំ2គ្រាប់ដល់ម៉ោ​ង​១២កន្លះខ្ញុំបានដើររទៅប្រាប់ពេទ្យម្តងទៀតថា លោកគ្រូម៉ាក់ខ្ញុំឈឺពោះអត់បាត់ទេ គេក៏ស្រែកស្តីឱ្យខ្ញុំ[…]​ បានប្រហែលតែ៥នាទីទេខ្ញុំក៍រត់ទៅប្រាប់គេម្តងទៀតថា លោកគ្រូម៉ាក់ខ្ញុំឈឺ​ពោះ​កូនគាត់សម្រុកចុះក្រោ​ម។ ស្រាប់តែលោកគ្រូពេទ្យគាត់ភ្ញាក់ថា ហា៎ក!អ្នកជំងឺទំងន់ បន្ទប់ណាមិញយកឯកសារមក[…] អ្វីដែ​លខ្ញុំឆ្ងល់ ហេ​តុអ្វីឱ្យថ្នាំអ្នកជំងឺលេបមិនបើកឯកសារពិនិត្យពេលអ្នកជំងឺប្រាប់ពីអាការៈ ហេតុអីមិនយកចិ​ត្ត​​ទុក​​ដាក់​​ស្តាប់ »

ករណីមួយផ្សេងទៀត ក៏មានស្ថានភាពស្រដៀងគ្នានេះដែរ។មានគណនីហ្វេសប៊ុកឈ្មោះ Sreypich Thou បា​ន​​បង្ហោះសារកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា «មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀ​ត​​​​សម្លាប់ប៉ាខ្ញុំ»។ ម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវជាកូនស្រីរបស់បុរសម្នាក់ដែលស្លាប់ បាន​សរសេ​រ​ថា នៅ​ម៉ោ​​​ង២ទៀបភ្លឺឪពុករបស់ខ្លួនមានអាការៈសន្លប់បាត់បង់ស្មារតី និងត្រូវបញ្ជូន​មកសង្រ្គោះ​បន្ទា​ន់​នៅម​ន្ទី​​​រពេ​​ទ្យ​មិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី។ ក្រោយដឹកអ្នកជំងឺដល់មន្ទីរពេទ្យ និង​ខ្វះ​បុគ្គ​លិ​កផង អ្ន​កជំងឺត្រូវទុកចោល ប៉ុន្តែតម្រូវជាចាំបាច់ត្រូវបង់លុយថ្លៃព្យាបាលមុន។ អំឡុងពេលនៃ​ការរង់​ចាំ​បង់​​​លុ​យ​មុននេះ ក្រុមគ្រួសាររបស់នាង ត្រូវប្រើពេលជាង៤០នាទី។

ភាពចម្រូងចម្រាសនេះ ស្រីពេជ្រ បញ្ជាក់នៅក្នុងសំណេរថា ទម្រាំដោះស្រាយបានចប់ស្រេចបាច់ ត្រូវប្រើ​ពេ​លដល់​ម៉ោង៨​ព្រឹ​ក ហើយក៏ជាពេលដែលឪពុករបស់នាង បានស្លាប់ហើយដែរ។ ក្រៅពីនេះ ហេតុផល​ដែ​លក្រុ​​​មគ្រួសាររបស់ខ្លួន បង្ខំចិត្តរកសេវាឡាន​សាមុយ​ពីខាងក្រៅ ដោយសាររថយ​ន្តសង្រ្គោះ​​របស់ម​ន្ទីរ​ពេ​ទ្យរបស់រុស្ស៊ី មានតម្លៃថ្លៃមួយគុណនឹងពីរ បើធៀបនឹង​ត​ម្លៃ​​​​​ឡាន​សង្រ្គោះ​នៅខាងក្រៅ។

កញ្ញាបន្តថា៖ «រឿងដែលហួសចិត្តជាងនេះទៅទៀត នៅពេលដែលខ្ញុំយកប៉ាចេញពីពេទ្យ ទៅព្យាបាល​ប​ន្ត​នៅវៀតណាម ខាង​ឡាន​សាមុយរបស់ពេទ្យរុស្ស៊ីបាន​​ស្កាត់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិ​នឱ្យ​​​ចូ​​ល​ដោយនិយាយថាមន្ទីរពេទ្យមិនអនុញ្ញាតឱ្យឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិត​មេដៃសុំអ​​នុ​ញ្ញា​តយកប៉ាចេញព្យាបាលជាមួយហើ​យក៏ដោយ។មិនមែនខ្ញុំមិនច​ង់យកឡានពេទ្យរុស្ស៊ីទេតែតម្លៃ​ខាង​គាត់ថ្លៃគុណនឹង​ពីរ បើធៀបនឹងឡានសាមុយខាងក្រៅ»

ចំណែកកញ្ញា ហែម វណ្ណដា ដែលមានទីលំនៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ​ប្រាប់​ថា​​ក្រុ​ម​​គ្រួ​សា​​ររប​​ស់​​នាង តែងទៅរកសេវាព្យាបាលនៅប្រទេសជិតខាងកម្ពុជាជាដ៏រាប។ប្រភពនបន្តថា ការ​​ចេ​​ញ​​ទៅ​ព្យា​​បា​ល​​នៅក្រៅប្រទេស ដោយសារគ្មានជម្រើសណាដែលល្អជាងនេះ។ជាការសង្កេត វណ្ណដា អះ​​​អា​ង​ថា គុ​​ណ​​ភា​​ពនៃការព្យាបាលនៅក្នុងស្រុកមិនអាចជឿទុកចិត្តបាន ហើយគួបផ្សំនឹងក្រមសី​លធម៌​រប​​​​ស់​គ្រូ​​ពេទ្យ​ខ្លះ​​​ទៀ​តដែល​ពិ​​បាកនឹង​ទទួលយក។

ប្រភពបន្តថា៖ «សំខាន់ពេទ្យគេល្អ ព្យាបាលឆាប់ជាតម្លៃសមរម្យ។ហើ​យអាចនឹងសមរម្យជាងក្នុងស្រុ​កទៀ​​ត។​​ចំពោះ​ថ្នាំគេពេ​លដែលប្រើប្រាស់គឺល្អមែនទែន។បើសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំព្យាបាលនៅហ្នឹង(ស្រុកក្រៅ)គឺ​ខ្ញុំ​​បាត់។ មូលហេតុនេះបានខ្ញុំកម្រពិនិត្យសុខភាពនៅស្រុកណាស់។ យូរៗម្តងខ្ញុំពិនិត្យសុខភាព​នៅស្រុក​យើ​​ង តែលុះត្រាតែចាំបាច់ណាស់ បើមិនអ៊ីចឹងទេ គឺខ្ញុំទៅស្រុកក្រៅហើយ ព្រោះវាល្អសម្រាប់ខ្ញុំ»

មន្ទីរពេទ្យជប៉ុន មុននឹងប្រតិបត្តិការលើសេវាវេជ្ជសាស្រ្តនៅកម្ពុជា កាលពីឆ្នាំ២០១៦​។ មន្ទីរពេទ្យឯក​ជន​មួ​យ​​​នេះ​​ ធ្លាប់បាន​ធ្វើ​​អ​ង្កេត និង​​សិក្សាស្រាវជ្រាវដោយល្អិតល្អន់​ ហើយរកឃើញថា ប្រជាពលរដ្ឋកម្ពុជា​ជាង​​​​២​១​ម៉ឺននាក់ ចេញទៅព្យាលបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស ក្នុងមួយឆ្នាំៗ។ របាយការណ៍​បន្តថា ចំពោះប្រទេសដែ​ល​​​​ព​ល​​​រដ្ឋខ្មែរ​តែងទៅទទួលសេវាព្យាបាល រួមមានប្រភេទ​វៀតណាម ថៃ និង​សិង្ហបូរី​។ ក្នុ​ង​ចំ​ណោ​ម​ប្រ​​ទេ​ស​ទាំងនោះ វៀតណាមប្រមាណ១សែន ៦ម៉ឺនាក់ ស្មើនឹង៧៦ភាគរយ ប្រទេស​​​ថៃ​​ប្រ​មា​ណ​៤ម៉ឺននាក់ស្មើ​​នឹង​​១៩ភាគរយ និងប្រទេសសិង្ហបុរី ចំនួន៦ពាន់៣រយនាក់ស្មើ​នឹង​៣ភាគរយ។

ផ្ទុយពីការរកឃើញនេះ អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បដិសេធថា តាមពិ​ត​​ទៅ​​​ព​​​លរដ្ឋខ្មែរ ដែលទៅស្វែង​​រកសេវាព្យាបាល និងពិនិត្យជំងឺនៅក្រៅប្រទេសមានចំនួន​​​១ភាគរយទេ​​​​។ ក៏ប៉ុ​ន្តែ​ បើទោះបីជារដ្ឋាភិបាល ធ្លាប់អះអាងពីការងើបឡើងវិញ នៃប្រព័ន្ធវេជ្ជសាស្រ្តកម្ពុជា ហើ​​យ​មិន​សូវ​មាន​​ពលរ​​ដ្ឋ​​ខ្មែរចេញទៅព្យាបាលនៅស្រុកក្រៅប្រទេសក្តី គេសង្កេតឃើញនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និង​ក​ម្ពុ​​​ជា-វៀតណាម រួមទាំងតាមជើ​ងហោះ​​​ហើរផង ពលរដ្ឋតម្រង់ជាជួរៗ រង់ចាំវ៉ៃលិខិតឆ្លងដែនជារៀ​ង​​រា​ល់​​ថ្ងៃ​​។

កញ្ញា  ហែម វណ្ណដា ដែលធ្លាប់ទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺជាញឹកញាប់នៅ​ប្រទេស​ថៃ លើក​​ឡើ​​ង​ថា ក្នុងមួយថ្ងៃៗពិតជាមានប្រជាព​លរដ្ឋខ្មែរចេញទៅប្រទេសថៃក្រោ​មហេតុផលដំណើរ​កំ​សា​​​ន្ត​​ផ​​ង និ​ង​​​ពិនិ​​ត្យ​​​ជំងឺផង ដែលរូបគេបានជួបមានជាហូរហែ។ ប្រភពបន្តថា អ្នកដែលចេញ​ទៅរកការ​ព្យា​បា​ល​ជំ​​​​ងឺ​​ក្រៅ​ស្រុ​ក​​សុទ្ធ​​តែបានលើកឡើងប្រហាក់ប្រហែលគ្នាថា ព្រោះតែគ្មាន​ជំនឿលើការព្យា​បាល​នៅ​ក្នុ​ង​​​ស្រុ​ក។ ​​មួ​​​​​​យ​​​វិញ​ទៀ​ត តម្លៃនៃការព្យាបាលថ្លៃ មិនថាពេទ្យរដ្ឋ ឬឯកជនទេ។ បន្ថែមពីលើនេះ ក្រម​សី​លធម៌ និ​ង​​វិជ្ជា​​ជី​​វៈ​​​របស់​​ពេ​​ទ្យ​ ពិបាកទទួលយក ហើយមានពេលខ្លះសំដីរបស់គ្រូពេទ្យគ្រោតគ្រាត និង​អសុរ​សថែ​ម​​ទៀ​​ត​។

កញ្ញាបន្តថា៖ «ពេទ្យនៅស្រុកខ្មែរអូយ! ខ្ញុំអត់ហ៊ាននិយាយទេ។ ប៉ុន្តែមិនមែនទាំ​ងអស់ទេ។ ពេ​ទ្យមានតែ​ពេ​ទ្យ​​​​ឯកជនទេ ដែលសេវារបស់គេដូចរាងគ្រាន់បើ លឿនដាក់យើង។ តែបើតាមរដ្ឋវាដូច​​មិនសូវ ណាបង។ ទា​​ល់​​​​​តែ​​យើ​ងមានលុយមានអីអ៊ីចឹងទៅបានសេវាកម្មគេល្អខ្លះ​។ ហើយបើតាមពេទ្យរដ្ឋភាគច្រើនក៏យើ​​ងពិ​បា​​ក​​​​ពិ​គ្រោះ​​​​​យោ​​បល់ដែរ»

ពលរដ្ឋខ្មែរមួយចំនួនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលមួយនៅប្រទេសថៃ។ រូបថតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ទទួលស្គាល់ថា សេវាសុខាភិបាលកម្ពុជា ពិត​​ជា​​ដើរមិនទាន់ដល់ចំណុចដែលពលរដ្ឋចង់បាន។ ប៉ុន្តែស្របពេលដែលខ្វះខាតនេះ ផ្នែកវេជ្ជសាស្រ្ត​ក្នុង​​​ស្រុ​ក ក៏បានដើរតួនាទីក្នុងការបំពេញតម្រូវការចាំបាច់ បម្រើឱ្យការព្យាបាលរបស់ពលរដ្ឋបានល្អប្រសើ​រហើ​យ​​ដែ​រ​។

ចំណែក លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងការពារ​កាលពីខែមីនា ឆ្នាំ២០២៤ នៅស្រុក​​កោះ​​​ធំ ខេត្ត​កណ្តា​លថា នៅចំពោះមុខនេះ កម្ពុជាបានពង្រឹងវិស័យសុខាភិបាលទាំ​ងលើផ្នែកជំនាញ​​បច្ចេ​ក​​ទេ​​ស បរិក្ខា​​រ​​ពេទ្យ និងការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្រ្តនេះ។ ប៉ុន្តែ​បើទោះជារដ្ឋាភិបាល បានព្យាយាម​ប្រឹងប្រែង​បំ​ពេ​ញ​​ភា​​ពខ្វះចន្លោះយ៉ាងណាក្តី ក៏ការរិះគន់ពីភាពខ្វះខាតដោយអន្លើ នៅតែបន្ត​កើតមាន​​ដែរ។ ក្នុងន័យ​នេះ បើ​​តា​​​​មលោក ហ៊ុន ម៉ាណែត បើធៀបការព្យាបាល និងពិនិត្យសុខភាពនៅក្នុងស្រុក និង​អ្នក​ចេញ​ទៅ​ក្រៅ ក៏ចំ​​នួ​នពលរដ្ឋរកសេវាកម្មក្នុងស្រុកមានទិន្នន័យខ្ពស់ជាងដែរ។

លោកនាយករដ្ឋមន្ត្រីបន្តថា៖ «​អ្នកខ្លះ​គេ​ថា​កម្ពុជា ឃើញតែ​ថា​ពង្រឹង​វិស័យ​សុខាភិបាល ប៉ុន្តែ​ហេតុ​អី​បានជា​ប្រជាជន​ខ្មែរ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ច្រើន​ម្ល៉េះ​។ ខ្ញុំ​ថាទៅ​ព្យាបាល​នៅក្រៅ បើ​គិត​ជា​ភាគរយ​​​នៃ​ប្រជាជន​ដែល​ព្យា​បា​​ល​នៅក្នុង​ស្រុក​តិច​ទេ ពេទ្យ​នៅក្នុង​ស្រុក​យើង​ព្យាបាល​មនុស្ស​រាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំ»​។​​

បើទោះជាមានការថ្លែងសារនយោបាយរបស់នាយករដ្ឋមន្រ្តី​ អំពីភាពខ្លាំងនៃសេវាវេជ្ជ​សាស្រ្ត​​កម្ពុ​ជា​​ ក្នុងពេ​​ល​​ប​ច្ចុប្បន្នថា បានបំពាក់ឧបករណ៍ទំនើបៗជាបន្តបន្ទាប់យ៉ាងណាក៏ដោយចុះ។ គេសង្កេតឃើញថា ភាព​មិ​ន​​ប្រា​​​​ដកប្រជានៃការព្យាបាលក្នុងករណីខ្លះមិនដិតដល់នេះ សឹងបង្កើតទៅជាជំងឺសង្គមមួយដែលដោះ​មិ​​ន​​​ចេញទៅហើយ។

កាលពីដើមខែមីនា ឆ្នាំ២០២៣​ លោក ហុង ចំរើន អាយុ៣៤ឆ្នាំ និងកូនប្រុសអាយុ៤ឆ្នាំ ត្រូវបង្ខំចិត្តបញ្ចប់​​ជី​​វិ​តខ្លួនឯង ដោយសារគ្មានលទ្ធភាពបង់លុយ លើសេវាព្យាបាលជំងឺខូ​ចក្រលៀន។ ក​រណីដាច់ដោ​​យឡែ​ក​​​មួ​យ​ទៀត កម្មការិនីរោងចក្រមួយ ក្នុងខេត្តកណ្តាលឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ត្រូវពេទ្យ​ឆ្ម​ប​ដែល​​គ្មា​​​​ន​​ជំ​​នាញ នៅគ្លីនិកឯជនមួយកន្លែងឈ្មោះដើមអង្គ្រង ក្នុងខេត្តកំពង់ស្ពឺ កាត់ពោះ​​វៀនច្រ​ឡំថា​​ជា​​ដៃស្បូ​​ន ត្រូវស្លាប់ចោលកូន និងប្តី។

ក្រៅពីនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវក្រសួងសុខាភិបាលប្តឹងទៅតុលាការ ក្រោយពី​អតីតនាយ​ក​រ​​ដ្ឋ​​​មន្រ្តីលោក ហ៊ុន សែន ប្រតិកម្មនៅពេលលោករិះគន់ពេទ្យខ្មែរ១០នាក់ដែលលោកបានជួប មាន​​៩​​​​នាក់​​ហើ​​​​យដែលឈ្លើយ និងគ្មានសមត្ថភាពពិតប្រាកដ។

ឆ្លើយតបបញ្ហានេះ លោកវេជ្ជបណ្ឌិត លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកទទួលស្គាល់​​ថា ចំ​ពោះ​​ភា​ពឆ្គាំ​ឆ្គ​ង ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈតាមពិតទៅនោះ គឺជាកំហុ​សរប​ស់​​បុគ្គលិកផ្នែកខ្លះ ដូច​​ជា​​​អ្ន​ក​​ទទួលព័ត៌មាន ឬផ្នែកផ្សេងទេ។ ដោយឡែក ចំពោះគ្រូពេទ្យហាក់បានកែប្រែឥរិយាបថ និងមានក្រ​មសី​ល​​​ធម៌ជាអ្នកបម្រើសេវា ប្រសើរជាងមុនហើយ មកដល់ពេលនេះ។ ប៉ុន្តែលោកនៅ​តែជំរុញឱ្យគ្រប់ភា​គីពា​ក់​ព័​​ន្ធ​បន្តជួយកែលម្អបន្ថែមទៀត ដូចជាត្រូវដៅឱ្យចំឈ្មោះអ្នកប្រព្រឹត្តកំហុស ក្នុងវិជ្ជា​ជីវៈផ្នែក​វេជ្ជសា​ស្រ្ត​​នេះ​ ជាជាងធ្វើឱ្យខូចពេទ្យដែលគេអនុវត្តបានល្អហើយ។

លោកបន្តថា៖ «បាទក្រសួងសុខាភិបាលតែងចេញគោលការណ៍ណែនាំជានិច្ច និងជាញឹកញាប់ហើយ​សូឱ្យគោរពក្រមសីលធម៌គ្រូពេទ្យ។ តាមពិតគ្រូពេទ្យមិនប៉ុន្មានទេ ជួនកាលច្រើនតែ​អ្នក​បម្រើ​សេវា​ទ​ទួ​លភ្ញៀវ និងទទួលអ្នកជំងឺ។ ពួកគាត់មានការថ្លោះធ្លោយ។ បើបានជួបគ្រូពេទ្យ​ជំនាញត្រឹមត្រូវ គឺ​គាត់​ធ្វើបា​​នល្អ​ច្រើ​នណា​​ស់ឥឡូវនេះ ពួកគាត់ធ្វើបានល្អ។ អ៊ីចឹងហើយបានមានអ្នកជំងឺ ឬអតិថិជន​គាត់ច្រើនចូលមករ​ក​សេ​វានៅ​​ក្នុមន្ទីរពេទ្យរដ្ឋ។ សព្វថ្ងៃនេះមន្ទីរពេទ្យពេញៗ គ្រែពេញៗអស់​ហើយ។ យើង​នៅ​មានចំណុខ្វះ​ខា​ត​តិ​ចតួ​​ ដែលយើងនាំគ្នាគាំទ្រជួយកែលម្អគ្នាទៅ»

​មានករណីដាច់ដោយឡែកមួយផ្សេងទៀត ដែលសាធារណៈ​ចា​ត់​ទុកថា ក្រមសីល​ធម៌ពេទ្យ​នៅស្រុ​កខ្មែ​​​រ​ធ្លា​ក់ចុះ គឺ​ក្នុ​ង​ហេ​​តុ​ការណ៍ ស្រ្តីអនាថាម្នាក់ត្រូវ​​ឡា​ន​​​ម៉ាក ហាយ​ឡែ​ន​​ដឺ​​(Highlander) បើកបុកបណ្តា​ល​ឱ្យរង​​របួសធ្ងន់ ស្ថិ​​ត​តា​មបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់កា​​កាប​​ទី​​១​ ខណ្ឌពោធិ៍សែនជ័យ រាជធា​​នី​​ភ្នំ​​ពេ​​ញ​ ហើយ​​ព្យា​​​​យា​​មបើករត់គៀចខ្លួនបាត់។

ដោយឡែក មានករណីប្រហាក់ប្រហែល​គ្នានេះកើតលើ​កុមារី​ម្នា​ក់ ដែលមានអាយុ៧ឆ្នាំ​នៅខេត្តស្វាយ​រៀង​។ ស្រ្តី​ជាម្តាយឈ្មោះ ហូ ស៊ីណា អាយុ៣៦ឆ្នាំ បញ្ជាក់ប្រាប់សារ​ព័ត៌មា​នក្នុ​ងស្រុ​ក​​ថា ក្រោយកូ​នស្រីរបស់​​ខ្លួ​ន​​​​ត្រូ​​វ​ឱម៉ាល់ទិញប្រ​មាណ​១០០មេ កាលពីខែសីហា ឆ្នាំ២០២២ ក៏ប្រញាប់ប្រញាល់បញ្ជូន​មកមន្ទី​រពេ​ទ្យ​ប​​ង្អែ​ក​​​​​ខេ​ត្តស្វាយរៀង ដើម្បីជួយស​ង្រ្គោះ។ ប៉ុន្តែ​ភ្លា​ម​​ៗ ក្រុមគ្រូពេទ្យមិនបានពិនិត្យដោយដិតដល់ និង​ស​​ង្រ្គោះ​​កុ​មា​រីទេ បែរជា​ប​ញ្ចូ​លសេរ៉ូមមួយកំប៉ោក និ​ង​​ទុ​ក​​​តាមដានសិន។ ក្រោយឃើញអាការៈកុមារី កាន់តែ​​ធ្ងន់ ធ្ងរទើ​​បនិ​យាយថា ​បើ​​មាន​លទ្ធភា​ពបញ្ជូ​​ន​ក្មេ​ង​ស្រី​​​នេះទៅភ្នំពេញចុះ​។ ដោយមិនបង្អង់យូរឪ​​ពុកក្មេ​​ង​​ស្រី​​​​ឈ្មោះ​​ ខៀវ ថេត ត្រូវ​ប​ង្ខំ​​​ចិត្តជា​មួយនិ​ងភរិ​យា​ជួ​លរ​ថ​យន្ត​សង្រ្គោះឯកជន ដឹកកូនស្រី​មកមន្ទី​រពេ​ទ្យ​​គុន្ធ​​បុ​ប្ផា​ នៅ​​ភ្នំ​​ពេញ។ ប៉ុន្តែ​ដោ​យសារ​ឡានមាន​សភា​ព​ចាស់​​​ទ្រុឌទ្រោម បើកមិនបានលឿនពេលបញ្ជូន​អ្នកជំ​​ងឺ​​​​​ដ​ល់​​​​​ភ្នំ​​ពេ​​ញ ក៏ស្លាប់នៅ​លើ​ឡា​នតែម្តង។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវ៉ាន់ ទទួលស្គាល់ថា ភាពអសកម្មសម្រាប់​វិស័យ​​វេជ្ជសាស្រ្តកម្ពុជា ពិតជាមានបញ្ហាបែបនេះមែន នៅតាមតំបន់ខ្លះ ឬផ្នែកខ្លះនៃការផ្តល់សេវាសាធារណៈ​​​។ ​លោកបន្តថា ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ ឬកាត់បន្ថយបញ្ហានេះឱ្យរួមតូច សម្រាប់ថ្ងៃអនាគត គឺគ្មានជម្រើសណាផ្សេងក្រៅពីត្រូវរួមគ្នាក្នុងសំឡេងតែមួយនោះទេ។ម្យ៉ាងវិញទៀត ដើម្បីរុញបញ្ហានេះឱ្យកា​ន់​តែប្រសើរជាងនេះ គឺនៅតាមមណ្ឌលសុខភាព ឬនៅតាមមន្ទីរពេទ្យរដ្ឋ និងទីសាធារណៈ​ ក្រសួងសុខាភិបា​​ល បានដាក់ចេញនូវគោលការណ៍ប្រអប់ ឬមតិរិះគន់ក្នុងន័យស្ថាបនារួចហើយដែរ។ ក្នុងន័យនេះ គឺជាកា​​រ​​​លើកទឹកចិត្តដល់ពលរដ្ឋដែលជួបបញ្ហា លើកដោយចំៗដាក់ក្នុងប្រអប់សារ ងាយស្ថាប័នជំនាញដោះស្រា​​យ។

លោកបន្តថា៖ «នៅក្នុងមន្ទីរពេទ្យយើងមានប្រអប់ផ្តល់មតិ ហើយនៅទីសាធារណៈយើងក៏មានអង្គភាពដែលមានប្រអប់ដែរ ដែលដាក់​ថា មតិសាធារណជន​។ ដូច្នេះគាត់អាចសរសេរ ហើយដាក់ឈ្មោះមន្ទីរពេទ្យ ឬក៏គ្រូ ឬក៏គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ឬក៏អ្នកអនាម័យអីអ៊ីចឹងទៅ។ ការធ្វើដូចនេះ យើងងាយស្រួលកែ​​តម្រូវគ្នា។ យើងមិនត្រូវទិតៀនគ្នាទេ យើងត្រូវតែកែសង្គមយើងទាំងអស់គ្នា។ ជួយទាំងអស់គ្នា ដើម្បីឱ្យ​សង្គ​មយើងកាន់តែល្អទៅៗបាទ»

យ៉ាងណាក៏ដោយ របាយការណ៍ដែលរកឃើញដោយមន្ទីរពេទ្យជប៉ុន ឬហៅថាមន្ទីរសាន់រ៉ាយ ធ្លាប់បង្ហាញថា នៅចំពោះមុខនេះ អ្នកដែលមានទ្រព្យធនស្តុកស្តម្ភ តែងទៅរក​សេវាព្យាបាល និងពិនិត្យសុខភាពនៅសិង្ហបុរី។ ដោយឡែក អ្នកមានជីវភាពមធ្យម ឬលើសនេះ​តែងចេញទៅព្យាបាល និងពិនិត្យសុខភាព នៅថៃ ឬវៀតណាម។ ក្រៅពីនេះ ចំពោះអ្នកមានជីវភាពមធ្យមខ្លះ ឬក្រោមមធ្យម តែងទទួលការព្យាបាល និង​ពិនិត្យ​សុខភា​ព​នៅក្នុងស្រុក៕

457 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម