ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគាត់មិនហ៊ានចំណាយលុយលើការព្យាបាលជំងឺ ឬបរិភោគអាហារឱ្យបានគ្រប់គ្រាន់នោះទេ ដោយសារតែបារម្ភខ្លាចមិនមានលុយសងបំណុល ខណៈដីមួយចំនួនត្រូវបានបង្ខំចិត្តលក់សងបំណុល ហើយកូនចៅបានបោះបង់ការសិក្សាដោយសារតែបញ្ហានេះ។
អ្នកស្រី សុខឿន រស់នៅក្នុងខេត្តប៉ៃលិន ឱ្យដឹងថា រូបគាត់ចាប់ផ្តើមខ្ចីលុយពីធនាគារលើកដំបូងនៅឆ្នាំ២០១០ ចំនួន៥០០០ដុល្លារមកប្រើប្រាស់ក្នុងគ្រួសារ ដាំដំឡូង និងពោត។ ប៉ុន្តែអ្នកស្រីថា ដោយសារតែតម្លៃកសិផលទាប ហើយខូចខាតដោយសារជំនន់ទឹកភ្លៀង រួមទាំងចំណាយពេលច្រើនតវ៉ាជម្លោះដីធ្លីជាមួយអ្នកមានអំណាចផងនោះបានធ្វើឱ្យអ្នកស្រីខាតបង់ស្ទើរទាំងស្រុងនៅពេលនោះ។
អ្នកស្រីបន្តថា បញ្ហាចាប់ផ្តើមពីចេញពីការខាតបង់លើផលដំណាំនេះ បានធ្វើឱ្យរូបគាត់មិនមានលុយសងបំណុលហើយ ត្រូវខ្ចីបន្ថែមពីឯកជន និងធនាគារផង ធ្វើឱ្យការប្រាក់កាន់តែច្រើន ដែលឈានដល់ការលក់ដីជាបន្តបន្ទាប់។
អ្នកស្រី សុខឿន៖«៨ហត្ថ (ហិកតា)ហ្នឹងលក់ជាបន្តបន្ទាប់ យើងជំពាក់ពីឯកជនទៅធនាគារ ពីធនាគារទៅឯកជន វាចេះការប្រាក់កុនៗចឹងទៅ។ ព្រោះអីយើងយកឯកជនវាថ្លៃ យកទៅដាក់ធនាគារ ដល់ពេលហើយយើងយកពីធនាគារយកទៅបង់ឯកជន»។
ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ ឱ្យដឹងថា រូបគាត់កំពុងមានជំងឺប្រចាំកាយគ្រោះក្នុងប្រម៉ាត់ ក្រពះពោះវៀន និងមេរោគក្នុងក្រពះ។ អ្នកស្រីថា អាការទាំងនេះធ្វើឱ្យរូបគាត់ចុក និងរឹងក្នុងពោះ ហើយដេកមិនសូវបានលក់ ហើយទទួលទានអាហារក៏មិនសូវដឹងរសជាតិដែរ។
នៅលើផ្ទៃមុខស្ងួតក្រៀមក្រោះជ្រីវជ្រួញ និយាយស្តីមិនសូវមានកម្លាំង និងពោរពេញដោយក្តីអស់សង្ឃឹម អ្នកស្រី សុខឿន ថ្លែងថា រូបគាត់មិនដែលបានទៅពេទ្យប្រមាណ៥ឆ្នាំមកហើយ គឺព្យាបាលជំងឺតាមបែបថ្នាំបុរាណ។ អ្នកស្រីថា នៅចំពោះមុខ គាត់គិតរឿងលុយសងធនាគារជាងជីវិត។
អ្នកស្រី សាខឿន បាននិយាយថា៖ «ខ្ញុំអត់មានបារម្ភរឿងស្លាប់សោះ ខ្ញុំអត់មានបារម្ភ ធ្វើម៉េចឱ្យតែមានលុយសងគេ។ ក្នុងខ្លួនរាល់ថ្ងៃឈឺក៏ខ្ញុំអត់មានថា ចង់មើលដែរ ធ្វើម៉េចឱ្យតែមានលុយសងគេ»។

អ្នកស្រី សាខឿន បច្ចុប្បន្ននៅជំពាក់បំណុលទាំងធនាគារ និងឯកជនជាង៥០០០ដុល្លារ ដែលធ្វើឱ្យរូបគាត់ពិបាកក្នុងការសងព្រោះមិនមានចំណូលច្បាស់លាស់ ដោយពឹងលើការស៊ីឈ្នួលក្នុងចម្ការដំណាំអ្នកដទៃ១ថ្ងៃបាន២៥០០០រៀល ហើយថ្ងៃណាសុខភាពធ្វើទុក្ខខ្លាំងក៏មិនអាចទៅធ្វើកើត។ អ្នកស្រីត្រូវបង់សងទៅទាំងធនាគារនិងឯកជនក្នុង១ខែជាង៦០០ ០០០រៀល។
អ្នកស្រីលើកឡើងពីបទពិសោធន៍មានលុយ១០០០រៀល មិនហ៊ានឱ្យលុយកូនទៅសាលា ព្រោះទុកបែងចេញសងបំណុល។
អ្នកស្រី សាខឿន បានបន្ថែមថា៖ «លុយមាន១០០០ [រៀល] កូនទៅរៀនមិនហ៊ានបំបែកអា១០០០ហ្នឹងទេ សុខចិត្តទុកបង់អង្គការ ឱ្យកូនអត់បាយ»។
កសិករម្នាក់ទៀត នៅខេត្តប៉ៃលិនដដែលនេះ អ្នកស្រី ប៉ែត ថ្លែងថា អំឡុងឆ្នាំ២០១២ រូបគាត់បានខ្ចីលុយធនាគារ ១០០០ដុល្លារ ដាំដំឡូង និងពោត។ អ្នកស្រីថា ដោយសារតែ ដំឡូង និងពោតនៅពេលនោះបានផលលក់បានតែមួយគីឡូក្រាម ចន្លោះពី១០០ទៅ២០០រៀល ធ្វើឱ្យគាត់ខាតបង់អស់ជាបន្តបន្ទាប់ហើយបំណុលចេះតែកើនឡើង នាំឱ្យលក់ដីអស់២ហិកតា នៅឆ្នាំ២០១៥ ។
ស្ត្រីស្បែកខ្មៅក្រៀមក្រោះវ័យ៦០រូបនេះបន្តថា បច្ចុប្បន្នគាត់នៅជំពាក់ធនាគារចំនួន៣លានរៀលទៀត។ អ្នកស្រីថា ក្នុង១ខែគាត់បង់ការប្រាក់តែ ៦ម៉ឺនរៀល ប៉ុន្តែរូបគាត់នៅតែពិបាករកលុយសង ព្រោះសុខភាពមិនសូវល្អ ហើយនៅតែផ្ទះមើលថែចៅ។
អ្នកស្រី ប៉ែត បាននិយាយថា៖ «ពិបាកព្រោះនៅតែផ្ទះមើលចៅមិនអាចរកអីបានទេ ហើយកូនទៅធ្វើការរោងចក្រ»។
អ្នកស្រី ប៉ែត បន្តថា ដោយសាររូបគាត់វ័យចាស់មានសុខភាពទ្រុឌទ្រោមនិងមានបញ្ហាផ្លូវចិត្តស្មុគស្មាញច្រើន តែមិនដែលគិតរកការព្យាបាលទេដរាបណានៅដើររួច។ អ្នកស្រីថា ដោយសារតែបំណុល ធ្វើឱ្យកូនរបស់គាត់៣នាក់ឈប់រៀន ហើយពេលនេះចៅចំនួន៥នាក់ដែលមានអាយុក្រោម២០ឆ្នាំក៏កំពុងឈប់រៀនជាបន្តបន្ទាប់ដែរ។
អ្នកស្រី ប៉ែត៖«ចេះតែពិបាកចិត្ត អនាគតចៅៗវេទនាណាស់។ អក្សរក៏គ្នាមិនចេះថ្នាក់ទី៣ទី៤ ឈប់រៀនអស់ហើយ ទៅធ្វើការងារអីកើត មានតែដើរស៊ីឈ្នួលគេ។ ឥឡូវការងាររោងចក្រទាល់តែអ្នកចេះបានគេយក»។
ចំណែកកសិករនៅខេត្តកំពង់ស្ពឺ អ្នកស្រី ឃន ខន ថ្លែងថា រូបគាត់ បានខ្ចីលុយធនាគារ៤០០០ដុល្លារកាលពីឆ្នាំ២០១៤ ដើម្បីព្យាបាលជំងឺប្តី និងធ្វើកសិកម្ម ប៉ុន្តែប្តីក៏ស្លាប់ កសិកម្មក៏មិនបានផលធ្វើឱ្យអ្នកស្រីមិនមានលទ្ធភាពសងបំណុលទើបសម្រេចចិត្តលក់ដីបន្តបន្ទាប់អស់១ហិកតា។
លោក ឃន ខន បាននិយាយថា៖ «ដី១ហិកតា ក៏ពិតមែន តែមិនមែនលក់ម្តងទេគឺកាត់លក់ម្តងបន្តិចៗ ដើម្បីសងគេ ជ្រៀកម្តងបាន១៥០០ [ដុល្លារ]។ បើជំពាក់គេនោះហើយ លក់មកអស់»។

នៅក្នុងអំឡុងពេលដែលគាត់លក់ដីសងគេនោះ អ្នកស្រីថា រូបគាត់ក៏បានខ្ចីលុយពីឯកជនផងដែរ ដែលមានអត្រាការប្រាក់១៥ភាគរយ។
អ្នកស្រី ឃន ខន ក្នុងវ័យ៦៥ឆ្នាំ មានជំងឺលើសឈាម របួសបាក់ដៃស្តាំ។ ប៉ុន្តែពេលសួរពីក្តីបារម្ភក្នុងជីវិត រូបគាត់មិនបានបារម្ភពីខ្លួនឯងទេ គឺបារម្ភពីបំណុលដែលធ្វើឱ្យគាត់អស់ដី ហើយកូន និងចៅមិនបានរៀនសូត្រជ្រៅជ្រះ ដោយសារត្រូវជួយរកលុយសងបំណុល។
អ្នកស្រី ឃន ខន បានបន្តថា៖ «ខ្ញុំពិបាកចិត្តណាស់ ពិបាកចិត្តរកអីប្រៀបអត់បាន កូនក៏អត់បានរៀនខ្ពស់ដូចគេ ហើយជីវភាពក៏អត់មាន។ ខ្ញុំរំពឹងតែដីប៉ុណ្ណឹងហើយទុកចិញ្ចឹមជីវិត និងចែកឱ្យកូន។ ឥឡូវកូនក៏អត់ អីក៏អត់ ខ្ញុំពិបាករកអីប្រៀបមិនបានទេ ខ្ញុំនិយាយត្រង់ហ្នឹងទៅ ចង់ទប់អត់បាន»។
លោក ស្មិន តិ ប្រធានសហគមន៍ការពារព្រៃឈើម្នាក់នៅក្នុងខេត្តឧត្តរមានជ័យឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោកប្រមាណ៣០ភាគរយ ជាប់បំណុលធ្ងន់ធ្ងររហូតមិនមានលទ្ធភាពបង់សង ហើយមួយចំនួន រត់ចោលផ្ទះទៅរកការងារធ្វើនៅក្នុងប្រទេសថៃ និងធ្វើដំណើរទៅតំបន់ផ្សេងទៀត ដើម្បីគេចពីការតាមទាររបស់ស្ថាប័នផ្តល់កម្ចីនានា។
លោក ស្មិន តិ បន្តថា តាមស្ថានភាពដូចបច្ចុប្បន្ន ប្រសិនបើមិនមានចំណាត់ការពិសេសណាមួយក្នុងការដោះស្រាយនោះទេ នឹងមានចំណាកស្រុកកើនឡើង ហើយកូនចៅរបស់អ្នកទាំងនោះនឹងបាត់បង់ការសិក្សា។
លោក ស្មិន តិ បានបន្ថែម៖ «៥ទៅ១០ឆ្នាំទៀត បើសិនជារដ្ឋាភិបាលមិនមានដំណោះស្រាយ កាន់តែមានចំណាកស្រុកខ្លាំងឡើង»។
ពលរដ្ឋដែលកំពុងជួបការលំបាកដោយសារបំណុលទាំងនេះ លើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់មានការភ័យខ្លាច នៅពេលដែលរកលុយមិនបានសងបំណុលទាន់ពេល ត្រូវបុគ្គលិកធនាគារនាំគ្នាមកផ្ទះគាត់ច្រើននាក់ និយាយសំឡេងខ្លាំងៗដាក់ ឬចេញលិខិតកោះហៅឱ្យទៅដោះស្រាយនៅផ្ទះប្រធានភូមិឬ សាលាឃុំ ឬប្រាប់ថានឹងដាក់ឈ្មោះក្នុងបញ្ជីខ្មៅឈប់ឱ្យខ្ចីទៀតជាដើម។ ទាំងអ្នកស្រី សាខឿន អ្នកស្រី ប៉ែត និង អ្នកស្រី ឃន ខន ថ្លែងថា អំឡុងពេលដែលពួកគាត់លក់ដីសងបំណុលនោះគឺដាក់លក់ប្រញាប់បានតែ១ហិកតា១០០០ដុល្លារទៅ១៥០០ដុល្លារប៉ុណ្ណោះ ខណៈពេលនោះតម្លៃទីផ្សារនៅតំបន់របស់គាត់១ហិកតាលក់បាន២៥០០ដុល្លារទៅ៣៥០០ដុល្លារ។

ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះថា ពលរដ្ឋកម្ពុជា១៦៧ ០០០នាក់ បាន និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា គិតជា មធ្យមរយៈពេល១៦នាទីម្តងមានពលរដ្ឋខ្មែរ១គ្រួសារលក់ដីសងបំណុល។
ការសិក្សានេះ បញ្ជាក់ទៀតថា ការលក់ដីសងបំណុលនេះ ជាបញ្ហាបង្ខំធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។
របាយការណ៍សិក្សាសរសេរថា៖ «ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន»។
នៅក្នុងសេចក្តីប្រកាសផ្សព្វផ្សាយរបាយការណ៍កាលពីថ្ងៃទី១៤ខែកញ្ញានេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមធម៌កម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀត នៃវិស័យមីក្រូហិរញ្ញវត្ថុ ឱ្យចាត់វិធានការដោះស្រាយបញ្ហារំលោភបំពានលើកូនបំណុលនៅកម្ពុជានេះ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាថ្លែងថា បញ្ហាបំណុល បច្ចុប្បន្នមានស្ថានភាពអាក្រក់។ លោកបន្តថា ស្ថានភាពអាក្រក់នេះ ធ្វើឱ្យពលរដ្ឋបាត់បង់ដីកសិកម្ម ពលកម្មកុមារ កុមារបាត់បង់ការសិក្សាជាដើម។ លោកថា បញ្ហាទាំងនេះត្រូវមានដំណោះស្រាយជាបន្ទាន់។
លោក អៀង វុទ្ធី បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាបង្កើតយន្តការអនុគ្រោះ បានន័យថា យើងត្រូវធ្វើយ៉ាងណា អាចថា បំណុលមួយចំនួនហ្នឹងយើងត្រូវកាត់បន្ថយយ៉ាងម៉េច?។ នៅប្រទេសគេដែលមានធនធានគេអាចលុបបំណុលអីជាដើម។ ប៉ុន្តែនៅស្រុកខ្មែរយើងមិនទាមទារដល់ការលុបបំណុលទេ តែយើងត្រូវមានយន្តការអនុគ្រោះយ៉ាងម៉េច? ដែលកាត់បន្ថយការសង ហើយករណីផ្លូវច្បាប់កុំឱ្យមានការគំរាមកំហែង»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថា ស្ថានភាពបំណុលចាប់ផ្តើមអាក្រក់ ឬ ដាក់សម្ពាធខ្លាំងលើពលរដ្ឋចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នេះ ដោយមិនមានការធូរស្បើយនោះទេ។ លោក អំ សំអាត បញ្ជាក់ថា ស្ថានភាពអាក្រក់ដោយសារកម្ចីច្រើនជាងចំណូល ហើយបូកការប្រាក់ជាមួយសេវាផ្សេងទៀត។
លោក អំ សំអាត បន្តថា បំណុលធ្ងន់ធ្ងរ ឬ បំណុលវ័ណ្ឌកនេះ កំពុងតែប៉ះពាល់ខ្លាំងដល់ជីវិតរស់នៅរបស់ពលរដ្ឋ។
លោក អំ សំអាត បានមានប្រសាសន៍ថា៖ «កម្ចីហ្នឹងក៏ធ្វើឱ្យមានពលកម្មកុមារ គឺឱ្យក្មេងឈប់រៀនជួយរកប្រាក់សងបំណុលក្នុងគ្រួសារ ហើយមួយទៀតអាចធ្វើការចំណាកស្រុក។ ហើយអ្វីដែលយើងរកឃើញពីមុននោះ ក៏មានការបន្ថយរបបអាហារផងដែរ ដើម្បីសន្សំប្រាក់សងបំណុល»។
បន្ទាប់ពីមានការចោទប្រកាន់ពីរបាយការណ៍សិក្សា និងមន្ត្រីអង្គការសង្គមស៊ីវិលនេះ នៅថ្ងៃទី១៦ ខែកញ្ញា សមាគមធានាគារកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលការផ្សព្វផ្សាយ និងការចោទប្រកាន់ពីអង្គការសង្គមស៊ីវិលនេះ។
សេចក្តីថ្លែងការណ៍នេះ អះអាងផ្ទុយទាំងស្រុងពីការផ្សព្វផ្សាយ និងការអះអាងរបស់អង្គការសង្គមស៊ីវិល ដោយបញ្ជាក់ថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានជួយឱ្យជីវភាពពលរដ្ឋធូរធារ និងរក្សាបានកម្មសិទ្ធិធីធ្លី។
សេចក្តីថ្លែងការណ៍សរសេរថា៖ «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានដ៏ធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា(អតិថិជនទទួលបានសេវាធនាគារនិងហិរញ្ញវត្ថុ) មានភាពប្រសើរឡើង ពិសេសកើនចំណូល និង កម្មសិទ្ធិដីធ្លី»។
ប្រធាននាយករដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា រយៈពេល២ឆ្នាំចុងក្រោយនេះ សមាជិកសមាគមរបស់លោក មិនបានប្តឹងអតិថិជនទៅតុលាការទេ។
លោក កាំង តុងងី បានមានប្រសាសន៍ថា៖ «ការលក់ផ្ទះលក់អីហ្នឹង មិនមានបុគ្គលណាមួយ ឬ ស្ថាប័នណាមួយបង្ខំ ហាមឃាត់ឱ្យលក់ ឬ មិនលក់បានទេ។ ប៉ុន្តែអ្វីដែលសមាគមអាចធានាបាននោះគឺ២ឆ្នាំកន្លងទៅនេះ យើងបានធ្វើការជាមួយសមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនឱ្យប្តឹងផ្តល់អតិថិជនទៅតុលាការ ឬ បង្ខំឱ្យអតិថិជនលក់ទ្រព្យបញ្ចាំរបស់ខ្លួននោះទេ»។
នាយកបរិយាបន្ទហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធាគារកម្ពុជា លោក សុខ ចាន់ ច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិល ហើយថា វិស័យធនាគារកំពុងជួយច្រើនដល់សេដ្ឋកិច្ចពលរដ្ឋ។ លោកបន្តថា បច្ចុប្បន្នស្ថាប័នរបស់លោកកំពុងមានវិធានការបន្តបន្ទាប់ដើម្បីក្នុងការពង្រឹងការងារឱ្យកាន់តែល្អប្រសើរឡើង។
លោក សុខ ចាន់ បានថ្លែងថា៖ « យើងបានដាក់ចេញនូវគោលការណ៍ផ្តល់ឥណទាន យើងបានដាក់ចេញក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ថែមលើយើងដាក់ចេញវគ្គបណ្តុះបណ្តាលសម្រាប់ប្រធានសាខាខេត្ត និងតំបន់នៅកម្ពុជា។ លើសពីនេះទៀតសោតនៅថ្មីៗនេះ ក៏ត្រៀមដាក់ចេញនូវស្តង់ដាររួមសម្រាប់កិច្ចសន្យាឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជា យើងពង្រឹងនូវ សមត្ថភាពស្តីពីឥណទានប្រកបដោយការទទួលខុសត្រូវ»។
ខិតបណ្ណផ្សព្វផ្សាយពីសិទ្ធិកូនបំណុល ដែលរៀបរៀងដោយអង្គការលីកាដូរលើកឡើងថា កូនបំណុលមានសិទ្ធិ តវ៉ាឬ ដាក់ពាក្យបណ្តឹង ទៅកាន់គ្រឹះស្ថានដែលអ្នកបានខ្ចីប្រាក់ ឬធនាគារជាតិកម្ពុជា បើអ្នកមានបញ្ហាពីការសងប្រាក់ ឬភាពមិនប្រក្រីលើលិខិតខ្ចីប្រាក់ ឬពីឥរិយាបថមន្ត្រីឥណទាន។
កាលពីខែមេសាឆ្នាំ២០២២កន្លងទៅ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរួមគ្នាចេញក្រមប្រតិបត្តិមួយ។ ក្រមប្រតិបត្តិនោះក៏មានការចែងពីក្រមសីលធម៌របស់បុគ្គលិកធនាគារ និងស្ថានប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនឱ្យមានការគំរាមកំហែងដល់អតិថិជនទេ។
ក្នុងក្រមប្រតិបត្តិក៏បានណែនាំ៤ចំណុចដែលអតិជនដែលរងការគំរាមកំហែងពីមន្ត្រីឥណទានគឺអាចប្តឹងថ្នាក់ដឹកនាំស្ថាប័នដែលគាត់ខ្ចីនោះ ប្តឹងទៅសមាគម ប្តឹងទៅធនាគារជាតិ និងអាចប្តឹងទៅតុលាការតែម្តង។
ខេមបូចាព្យាយាមទាក់ទងលោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តាមទូរសព្ទ ត្រូវជំនួយការលើក ហើយណែនាំឱ្យផ្ញើសំនួរតាមសារចូលផេកហ្វេសប៊ុកធនាគារជាតិ។ ប៉ុន្តែសំនួរផ្ញើតាំងពីថ្ងៃទី១៥ខែកញ្ញា រហូតដល់ថ្ងៃទី២០ខែកញ្ញាមិនមានការឆ្លើយតបនៅឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងថា លោកមិនបានដឹងបញ្ហាការគំរាមកំហែងលើពលរដ្ឋជាប់បំណុលនេះទេ។ ប៉ុន្តែលោកថា ចំពោះចំណាត់ការរឹបអូសខ្លះតាមផ្លូវច្បាប់នោះគឺជារឿងធម្មតា ដែលប្រទេសផ្សេងក៏មានដែរ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «រឿងបំណុលជារឿងប្រទេសមូលធននិយម សហរដ្ឋអាមេរិកក៏មានអ្នកជំពាក់បំណុល ហើយនៅអាមេរិកក៏មានច្បាប់អូសផ្ទះសំបែង កន្លែងស្នាក់នៅដូចគ្នា។ ដូច្នេះ រឿងហ្នឹងមិនមែនជាបញ្ហាធំនោះទេ»។
លោក ផៃ ស៊ីផាន ឱ្យដឹងទៀតថា រដ្ឋាភិបាលកំពុងមានចំណាត់ការប្រយ័ត្នប្រយែងក្នុងការបង្ក្រាបលើអ្នកផ្តល់កម្ចីមិនស្របច្បាប់ដែល យកការប្រាក់ខ្ពស់លើពលរដ្ឋ។
ងាកមកពិនិត្យអារម្មណ៍កូនបំណុលវិញអ្នកស្រី សាខឿន បញ្ជាក់ថា បើគាត់សងធនាគាររួចលើកនេះគាត់ឈប់ខ្ចីលុយគេទៀតហើយ ដោយងាកមកថែសុខភាព និងមើលថែកូនអាយុ១២ឆ្នាំឱ្យមានអនាគតល្អ។
អ្នកស្រី សាខឿន បានបន្ថែមថា៖ «ឱ្យតែសងគេរួច រកលុយបានមកតិចតួចប្រឹងមើលខ្លួន ថែរក្សាកូនឱ្យកូនហ្នឹងមានគោលដៅឱ្យច្បាស់លាស់ និយាយឱ្យចំទៅថា ងាប់ទៅក៏បិទភ្នែកជិតដែរ»៕