សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

និស្សិតមួយ​ចំនួនបាន​​បង្កើត​មុខរបរ​ផ្ទាល់​ខ្លួន ដើម្បីរកចំណូល​ជួយផ្គត់ផ្គង់​ការ​សិក្សា

និស្សិតវ័យ២៤ឆ្នាំ ចាន់ សុផាវី កំពុង​ឈរ​លក់បាយ​ប្រអប់ និងភេសជ្ជៈ​ផ្សេងៗ នៅលើខឿន​ផ្លូវ ខាងមុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)
និស្សិតវ័យ២៤ឆ្នាំ ចាន់ សុផាវី កំពុង​ឈរ​លក់បាយ​ប្រអប់ និងភេសជ្ជៈ​ផ្សេងៗ នៅលើខឿន​ផ្លូវ ខាងមុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ជា​កូនស្រីពៅ​នៅក្នុង​គ្រួសារ ចាន់ សុផាវី ទទួលបានឱកាស​ខ្ពស់ជាង​កូន​ប្រុសច្បង​ទាំង​២ ​ដែល​អាច​បន្តការ​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ ប៉ុន្តែ​កញ្ញា នៅ​តែ​ឆ្លៀតពេល​បង្កើតមុខ​របរលក់​ដូរ នៅតាមដង​ផ្លូវ ដើម្បីរកចំណូល​ផ្គត់​ផ្គង់​​ដល់​ការ​សិក្សា​បន្ថែម ហើយក៏​ដើម្បី​ទទួលបានបទពិសោធន៍លើការបណ្តុះជំនាញ​ខាង​ផ្នែក​រកស៊ី ឬបើក​អាជីវកម្មផងដែរ។

និស្សិត​ឆ្នាំទី​៤ ​ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ដ អេស៊ីលីដា ចាន់ សុផាវី មិនបានគិត​ថា ការអង្គុយលក់​ដូរ នៅតាមដងផ្លូវ ជា​រឿងគួរ​ឱ្យខ្មាស​គេ​នោះ​ទេ ផ្ទុយទៅ​វិញ ​វាជា​ការ​ងារ​ដ៏​ល្អមួយ ដែល​ជួយ​ឱ្យ​នាង​ទទួលបានទាំង​ប្រាក់ចំណេញ និងបទពិសោធន៍ថ្មីៗ​ ដើម្បីឈាន​ទៅ​ចាប់ការងារ​កាន់​តែ​ល្អ​ នៅពេលរៀនចប់។ ចំណែក​និស្សិត​មួយចំនួន​ទៀត ក៏កំពុងប្រើ​មុខ​របរ​លក់​ដូរនេះ ដើម្បី​ជាស្ពាន​ឈាន​ទៅ​ទទួលបានជោគ​ជ័យ នាថ្ងៃអនាគត​​ផងដែរ​។​

ជា​រៀង​រាល់​ព្រឹក ចាប់ពី​ថ្ងៃចន្ទ ដល់​ថ្ងៃព្រហស្បតិ៍ ចាន់ សុផាវី តែ​ងតែ​ក្រើក​នៅ​ព្រឹក​ព្រលឹម ដើម្បីជួយ​ចម្អិនម្ហូបអាហារជាមួយ​ម្តាយ ក៏​ដូចជា​រៀបចំសម្ភារលក់ដូ​រ​របស់​ខ្លួន យក​មក​អង្គុយលក់ នៅលើ​ខឿន​ផ្លូវ ខាងមុខវិទ្យាល័យ​ជាស៊ីមសាមគ្គី ចន្លោះពីម៉ោង៧​ព្រឹក ដល់​ម៉ោង ២ រសៀល ហើយពេលវេលា ដែលនៅ​សល់ គឺ សុផាវី បាន​ផ្តោត​ទៅលើការ​សិក្សា ព្រោះ​នាងជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ។

និស្សិត​វ័យ​២៤​ឆ្នាំ ចាន់ សុផាវី បាន​ទទួលស្គាល់​ថា ការ​បង្កើត​មុខ​របរ​លក់​ដូរ​ផង និង​រៀន​ផង វាអាច​មានការ​លំបាក ប៉ុន្តែ​កញ្ញា​បានបញ្ជាក់​ថា វាអាស្រ័យ​ទៅលើ​ការ​បែង​ចែកពេល​វេលា និង​ការកំណត់​គោលដៅ​របស់យើង​ផ្ទាល់ ថាតើយើង​ចង់​ទទួលបានបទពិសោធន៍​ថ្មីៗ បន្ថែម​ទៅលើ​ចំណេះដឹង ដែល​យើងបានរៀននៅក្នុងសាលា ឬយ៉ាង​ណា?

កញ្ញា សុផារី បាន​និយាយ​ដោយ​សំឡេង​ថ្នមៗ​ថា៖​ «​ការងារលក់​ដូរ នៅតាមដងផ្លូវនេះ អាច​មានការពិបាក​ដែរ ព្រោះ​ខ្ញុំលក់ទាំងបាយ​ប្រអប់ កាហ្វេហ្វីន តែបៃតង និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត ប៉ុន្តែវាជាការងារ ដែល​ខ្ញុំ​ពេញ​ចិត្ត។ ខ្ញុំ​ទើប​បើក​លក់បានជាង​​៣ខែ​ទេ ប៉ុន្តែ​ឃើញ​ថា វារាងប្រសើរ​ដែរ ព្រោះ​ក្នុង១ថ្ងៃៗ ខ្ញុំ​អាច​ទទួលបានប្រាក់ចំណេញ​ចន្លោះពី ៥ទៅ​៦ម៉ឺន​រៀល​ អ៊ីចឹងវាជួយ​ដល់​ការ​សិក្សា​របស់​ខ្ញុំ បានមួយផ្នែក​ដែរ»

ជាមួយគ្នានេះ សុផាវី បានទម្លាយ​ថា ​ការ​សិក្សា​ក្នុង១ឆ្នាំៗ នាង​ចំណាយ​ជាង​១ពាន់​ដុល្លារ ដែល​​ផ្គត់ផ្គង់​ដោយប៉ាម៉ាក់ និងបងៗ​របស់​នាង ដែលពួកគាត់ ក៏ជា​អ្នក​រក​ស៊ី​ផងដែរ ជាពិសេស​ ​បងប្រុសទី​១ ចាន់ មុនីរដ្ឋ ដែលបានបើក​អាជីវកម្ម​រកស៊ី​បែបនេះ​យូរមក​ហើយ ដូច្នេះ​ការចេញមក​លក់​ដូរ​ដោយខ្លួនឯងនេះ សុផាវី ចង់​ស្គាល់​រសជាតិជីវិតបែបនេះ ក៏ដូចជា​ទទួលបានបទពិសោធន៍ថ្មីៗ​បន្ថែម។

កញ្ញាបានបញ្ជាក់ថា៖ ​«តាមពិតស្ថាន​ភាពគ្រួសារ​របស់​ខ្ញុំ ពេលនេះ អាច​ផ្គត់ផ្គង់ការ​សិក្សា​របស់ខ្ញុំ​បាន ដោយមិនចាំបាច់​ឱ្យ​ខ្ញុំ​ខ្វល់​ទេ ប៉ុន្តែ​ការ​ចេញមក​លក់​ដូរ​នេះ គឺ​ខ្ញុំចង់​រកចំណូល​ជួយ​សម្រាលបន្ទុកដល់​ពួក​គាត់​បាន​ខ្លះ ជាពិសេស​ខ្ញុំ​​ចង់ទទួល​បាន​បទពិសោធន៍ថ្មីៗ​សម្រាប់​ខ្លួនឯង តាម​រយៈ​ការ​លក់ដូរនេះ ព្រោះ​ទៅថ្ងៃខាងមុខ ខ្ញុំ​ក៏ចង់មានទីកន្លែង​​ផ្ទាល់​ខ្លួន ដើម្បី​បើក​អាជីវកម្ម​រក​ស៊ី​ផងដែរ អ៊ីចឹងយើងគួរណាស់ ស្គាល់​ពីរបត់ថ្មីៗ​នៃការ​រកស៊ី នៅក្នុងសង្គម​របស់​យើង»

ចំណែក ​លោក ចាន់ មុនីរដ្ឋ បងប្រុស​ទី​១​របស់ សុផាវី បាន​ឱ្យ​ដឹង​ថា លោក​ផ្ទាល់ និង​ប្អូនប្រុស​ទី​២ ​បាន​រៀនត្រឹមថ្នាក់ទី​១២​ទេ ព្រោះ​ស្ថាន​ភាព​គ្រួសារ​របស់​លោក នៅពេល​នោះ មានការពិបាក ហេតុនេះ​​លោក​បានត្រឹមរៀនវគ្គខ្លីៗ​ផ្នែក​ទីផ្សារ ដើម្បី​អភិវឌ្ឍ​គំនិត និងរក​ការ​ងារ​ធ្វើ​ទៅតាម​លទ្ធភាព ដោយលោក​​ធ្លាប់ឆ្លងកាត់ការ​ងារច្រើន​ទាំង​​ផ្នែក​លក់ ផ្នែក​​គិត​លុយ អ្នកប្រមូល (Collector) និង​ផ្នែក​រក​ស៊ី។

បច្ចុប្បន្ន លោក មុនីរដ្ឋ នៅបន្តការងារ​ជា​អ្នក​លក់​កាហ្វេ នៅតាមដង​ផ្លូវ ហើយ​លោកក៏មាន​ក្រុមការងារ សម្រាប់ជួល​បម្រើជាកាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ នៅ​តាម​កម្មវិធី​នានា​​ផងដែរ ដោយ​លោក​អះអាង​ថា អាច​រកចំណូល​​ទ្រទ្រង់ជីវភាពបាន​សមរម្យ។ ប៉ុន្តែ លោក មុនីរដ្ឋ ​​ចង់​ឱ្យ ប្អូនស្រី​ពៅ​របស់​លោក​ រៀនឱ្យបានខ្ពស់ ដើម្បី​មានគំនិតកាន់តែ​ច្រើន ក្នុងការ​ធ្វើអ្វីមួយ។

យុវជនវ័យ​ ២៨ ឆ្នាំ រូប​នេះ បាន​និយាយ​ថា៖ ​«ភាពជោគ​ជ័យ វាមិនអាស្រ័យ​ទៅលើ​ការ​រៀនខ្ពស់ ឬមិនបាន​រៀនខ្ពស់នោះ​ទេ គឺ​អាស្រ័យ​លើ​ផ្នត់គំនិត​​របស់​យើង ធ្វើ​ជា​គោល ក៏ប៉ុន្តែ​​គ្រប់សម័យកាល និង​គ្រប់ជំនាន់​ទាំងអស់ គឺ​ការ​សិក្សា សំខាន់បំផុត ព្រោះពេល​យើង​រៀនបានខ្ពស់ ការគិត​របស់យើង​ក៏មាន​វិសាល​ភាព​ទៅតាមហ្នឹងដែរ»

លោក​បន្ថែម​ថា៖ «ចំណែក​​​ប្អូនស្រី​របស់​ខ្ញុំ គាត់កំពុងសាកល្បងការ​លក់ដូរ​ដោយ​ខ្លួនឯង ដើម្បី​​សន្សំ​​បទពិសោធន៍ តែអ្វី​ដែលសំខាន់ គឺ​ត្រូវជំរុញឱ្យ​គាត់​រៀន ឱ្យបាន​ល្អជាទីបំផុត​ ​ហើយបន្ទាប់ពីការ​សិក្សា​បាន​ល្អ​ហើយ យើងអាច​ពង្រីក​ការ​រកស៊ី​របស់​គាត់ គឺ​អាច​មានហាង និង​ធ្វើ​អ្វី​ដែល​ល្អប្រសើរជាងហ្នឹង​ទៀត ព្រោះ​ការ​ធ្វើ​ការងារ និង​ការ​រក​ស៊ី ល្អដូចគ្នា»

និស្សិត​ឆ្នាំទី១ យិន ម៉ីដារាហ្គីតា កំពុងកល់ការ៉េមនៅហាងផ្ទាល់ខ្លួន ដែលមានយីហោឈ្មោះថា «ShengDanXue» នៅសាខាទី​១ ស្ថិតនៅម្តុំសំណង់១២ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ចំណែក​ កញ្ញា យិន ម៉ីដារាហ្គីតា ដែលកំពុងសិក្សា​ឆ្នាំទី​១ ផ្នែក​គណនេយ្យ ​នៅ​វិទ្យាស្ថាន​ខេមអេដ ក៏កំពុង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ដើម្បី​រក​ប្រាក់​ទៅ​ផ្គត់​ផ្គង់​ការសិក្សា​ ដែល​ត្រូវចំណាយ​ចន្លោះ​ពី ៥ពាន់ ទៅ​៦ពាន់​ដុល្លារ ក្នុង​១ឆ្នាំ។ បើទោះបីជាឪពុក​ម្តាយ មាន​លទ្ធភាពឱ្យ​រៀន​នៅសាលា​ថ្លៃ និងទំនើប​ក៏ពិតមែន ប៉ុន្តែ​ស្រ្តី​វ័យ​១៩ឆ្នាំរូប​​នេះ មិនចង់ទម្លាក់បន្ទុកទាំង​ស្រុង​ឱ្យក្រុមគ្រួសារ​ឡើយ។

នៅក្នុងការ​បោះជំហាន​ទៅបង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​នេះ យិន ម៉ីដារាហ្គីតា បានសម្រេច​ជួលទីតាំង​ផ្ទះ​របស់គេ​មួយ​កន្លែង ស្ថិត​នៅ​ម្តុំសំណង់១២ ដើម្បីបើកហាង​លក់​ការ៉េម​ និង​ភេសជ្ជៈ​​ជា​ច្រើន​ទៀត មាន​ដូចជា​កាហ្វេ តែទឹកដោះគោ ទឹក​ផ្លែឈើ សាន់ដេយ៉ាអួរ តែ និងឡាតេ ជាដើម ក្រោម​ស្លាកយីហោផ្ទាល់​ខ្លួន ឈ្មោះ​ថា «ShengDanXue» ដោយ​បានដំណើរ​ការ កាលពី​ខែមេសា ឆ្នាំ​២០២៥។

ជុំវិញ​ការ​សម្រេច​បង្កើត​មុខ​របរ​​ខ្លួនឯង​នេះ ម៉ីដារាហ្គីតា បាន​​ប្រាប់​ថា៖ «​ខ្ញុំ​ឃើញ​ថា វិស័យ​​នេះ មានបើក​ច្រើន ជាពិសេស​នៅ​ភ្នំពេញ ដែល​ភាគ​ច្រើនជា​ការនាំ​យក​យីហោ​មកពី​បរទេស ប៉ុន្តែ​ខ្ញុំបានបង្កើត​យីហោ​ខ្លួនឯង ហើយកញ្ចប់ចំណាយ​សរុបនៃ​ការ​បើក​ហាង​នេះ​អស់ប្រមាណ ១៥ ០០០​ដុល្លារ»

បើទោះជា​មានបទពិសោធន៍នូវ​ក្មេង​ខ្ចី​ខាង​ផ្នែក​រក​ស៊ី តែ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងពី​គ្រួសារ ដែល​ប៉ាម៉ាក់ ជា​អ្នក​រក​ស៊ី​ដែរ​នោះ បានជួយ​ឱ្យ យិន ម៉ីដារាហ្គីតា អាច​ដំណើរ​ការ​បើក​អាជីវកម្មលក់ដូរបាន​ល្អ​ និងអាច​​រក​បានចំណូល​ច្រើន​គួរសម ហើយបាន​សម្រេច​បើក​សាខាទី​២ និង​ទី​៣ ព្រមទាំង​បាន​លក់យីហោ « ShengDanXue» នេះ ទៅ​ឱ្យគេ​លក់បន្ត បាន​២សាខា​ទៀត​ផងដែរ។

និស្សិត​ឆ្នាំទី​១ ផ្នែកគណនេយ្យ​រូបនេះ បានទម្លាយ​ថា បច្ចុប្បន្ន នាងអាច​រកចំណូលបាន​ខ្ទង់​១០០០ដុល្លារ ក្នុង​១សាខា ហើយផលចំណេញនេះ ក៏បានជួយ​ឱ្យ​ យិន ម៉ីដារាហ្គីតា មាន​លទ្ធភាព​ជួយបង់​ថ្លៃសាលា​ជំនួសឪពុក​ម្តាយ​បាន​៥០​ភាគ​រយ​ដែរ តែ​កញ្ញា​​​រូប​​នេះ បានអះអាង​ថា ជាង​១​ឆ្នាំ​អី​ទៀត នាង​អាច​រ៉ាប់​រង​ការ​បង់​ថ្លៃសាលា​ដោយខ្លួនឯង​បាន​ហើយ ហើយក៏មាន​លទ្ធភាពរកចំណូល សម្រាប់ផ្គត់ផ្គង់​ទៅលើ​ការចំណាយ​ផ្សេងៗ​ទៀត​ដែរ។

ជាមួយគ្នានេះ យិន ម៉ីដារាហ្គីតា បានផ្តល់​ជាគំនិត​ឱ្យនិស្សិតខ្មែរ​ផ្សេង​ទៀត គួរ​ហ៊ាន​ចេញមក​រក​ស៊ី។ ទោះ​រៀន​ផង បើករបរ​រកស៊ី​ផង មានការពិបាក ប៉ុន្តែ​វាអាស្រ័យ​ទៅលើ​ការ​បែង​ចែក​ពេល​វេលា​ឱ្យបាន​ច្បាស់លាស់ ព្រោះការ​ចេញ​រកស៊ី ក៏ជាចំណែក​ ជួយ​ដល់​ការ​សិក្សា​របស់យើង​ផងដែរ។

«ខ្ញុំគិត​ថា បើ​យើង​មានគំនិតក្នុងការ​បើក​ជាមុខរបរបែបនេះ គឺ​ខ្ញុំជំរុញ​ឱ្យនិស្សិត​របស់​យើង ដែល​កំពុង​សិក្សា ធ្វើ​បែប​ហ្នឹងដែរ ព្រោះ​បើ​យើង​រៀន​បណ្តើរ រកស៊ីបណ្តើរ គឺ​យើងអាច​យកបទពិសោធន៍ ដែល​យើងបានជួប​​ផ្ទាល់ ទៅ​ជួយ​ដល់​ការ​រៀនសូត្រ ហើយ​អ្វីដែល​យើង​បាន​រៀន ក៏បានជួយ​ដល់ការងារ​របស់​យើង​ដូចគ្នា»។ យិន ម៉ីដារាហ្គីតា បានបញ្ជាក់។

ជាមួយគ្នានេះ ម៉ីដារាហ្គីតា ចង់​ពង្រីក​មុខ​របររក​ស៊ី​​នេះឱ្យកាន់តែ​ធំ គឺ​បើក​សាខាផ្ទាល់​ខ្លួន​បន្ថែម​ទៀត ព្រមទាំងលក់​យីហោ​​ឱ្យគេ​​ ទាំង​នៅ​ភ្នំពេញ និងទៅតាម​ខេត្ត ព្រោះ​នាងចង់​ប្រើ​​មុខ​របរ​នេះ ធ្វើជា​ស្ពាន ក្នុងការ​អភិវឌ្ឍ​សមត្ថ​ភាព​ខ្លួនឯងឱ្យបានកាន់​តែ​ប្រសើរ និង​រៀន​ឱ្យបានខ្ពស់ តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយមុខរបរ​នេះ ក៏នឹងជួយ​ឱ្យ​នាង​រក​បានចំណូល សម្រាប់​ផ្គត់​ផ្គង់​គ្រួសារផងដែរ។

និស្សិត​​រូបស្រស់ យិន ម៉ីដារាហ្គីតា បានបញ្ជាក់​ថា៖ «ខ្ញុំ​មិនបោះបង់​ការបើក​អាជីវកម្ម​​នេះទេ ព្រោះ​គោលដៅ​របស់​ខ្ញុំ ​គឺ​ចង់​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុ​បណ្ឌិត ​នៅ​ក្រៅ​ប្រទេស អ៊ីចឹង​​ការបើក​អាជីវកម្មនេះ វាជាចំណែក​យ៉ាងសំខាន់​ ជួយ​ដល់​ការ​សិក្សា​របស់​ខ្ញុំ ហើយបន្ថែម​ទៅលើ​អាជីវកម្មនេះ ​គឺ​ទៅ​ថ្ងៃមុខ​ខ្ញុំក៏​នឹងប្រឡូក​ចូលក្នុង​​វិស័យ​ផ្សេង​ៗទៀតផងដែរ»

ចំណែក​ សុផល មុនី ក៏កំពុង​ផ្តោត​​ខ្លាំង ទៅលើ​ការ​រក​ស៊ី​។ បើទោះបីជា នា​ងបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ក៏ពិត​មែន ប៉ុន្តែ​ស្រ្តី​រូប​នេះ នៅតែ​បន្ត​លក់កាហ្វេ ដែល​ខ្លួន និងក្រុម​គ្រួសារ បានបង្កើត​តាំងពី​ឆ្នាំ​២០២១ ហើយ មុនី ក៏បាន​បើក​ Coffee Catering សម្រាប់​ជួល​នៅតាម​កម្មវិធី​ផ្សេងៗ​ផងដែរ គឺ​មានទាំង​កញ្ចប់ Silver ២៥០កែវ កញ្ចប់​ Gold ៥០០កែវ និង​កញ្ចប់ Silver ៣៥០​កែវ ទៅតាមតម្រូវការ​របស់​ភ្ញៀវ។

ទាក់ទងទៅនឹងការ​លក់កាហ្វេនេះ សុផល មុនី បានទម្លាយ​ថា នាង​ស្រលាញ់​ចូល​ចិត្តតាំងពី​រៀន​នៅ​វិទ្យាល័យ ប៉ុន្តែនាង​បញ្ជាក់ថា៖ «​មិនមែន​ថា រៀនចប់​វិទ្យាល័យ ខ្ញុំ​ត្រូវតែ​ទៅ​បើក​ហាង​អាជីវកម្ម​ផ្ទាល់​តែម្តង​នោះ​ទេ គឺ​គោលចម្បង​សំខាន់ ខ្ញុំ​ត្រូវ​រៀនសូត្រ​ឱ្យបានដល់​បរិញ្ញាបត្រ​អី​ដែរ ព្រោះ​យើងជាអ្នក​រៀន យើងអាច​មានចំណេះដឹង វាយលុក​ចូលទៅ​ក្នុងទីផ្សារ​បាន​លឿន»

នៅ​ក្នុងចំណុច​នេះ សុផល មុនី បានអះអាង​ថា ការ​បើក​មុខ​របររកស៊ី​​នេះ មាន​ភាពស្មុគស្មាញ ហើយ​ក៏​​ប្រឈម​ទៅនឹងការ​ក្ស័យ​ធន់ផងដែរ បើសិនជា​យើង​គ្រប់​គ្រងមិនបាន​ល្អ និង​មិនមានចំណេះជំនាញ​ប្រកួតប្រជែង​ក្នុង​ទី​ផ្សារ ត្បិតអី​មានអ្នក​ខ្លះ​បើក​លក់​​ហើយ ក៏បិទទៅ​វិញ ក៏ព្រោះតែ​បញ្ហា​ទាំងអស់នេះ។

សុផល មុនី បញ្ជាក់​ថា៖ «ការ​លក់កាហ្វេ តាំងពី​ដើម ​ដល់​ពេលនេះ មានដំណើរការទៅមុខ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាងគេ គឺ​មាន​អ្នក​បើកលក់កាហ្វេ​ច្រើន អ៊ីចឹង​វា​តែងមានការប៉ះពាល់​ តែ​អ្វីដែល​យើងអាច​ឈរជើងបាន ក្នុងការ​រក្សា​ក្រេឌីត និងទីផ្សារ​របស់​យើងបាន គឺ​ទាក់​ទង​ទៅនឹង​រសជាតិ និងការ​គ្រប់​គ្រងដោយ​ផ្ទាល់ ដែល​​យើងនៅតែ​អាច​រក្សា​ម៉ូយរបស់​យើង ទោះ​យើងបានដំឡើង​តម្លៃពី ៥០០​០ទៅ​ ៧០០០​រៀល ក្នុង​១កែវ»

តែទោះបីជា​យ៉ាង​ណា ស្រ្តី​រូបនេះ បាន​លើក​ទឹកចិត្ត​ឱ្យ​អ្នក​រក​ស៊ី ត្រូវ​ចេះ​បែកគំនិត​បង្កើត​មុខទំនិញ​លក់​ឱ្យបានច្រើន​មុខ តាម​ដែលអាច​ធ្វើ​ទៅបាន ដើម្បី​រកចំណូល​បន្ថែម​ទៅលើ​មុខ​របរចាស់។

សុផល មុនី បញ្ជាក់ថា៖ «បើ​ឱ្យពួក​ខ្ញុំរក​ស៊ីកាហ្វេមួយមុខ វាមិនអាច​ទ្រទ្រង់បាន​ល្អប៉ុន្មានទេ ​គឺ​យើងមានការគួប​ផ្សំ​​នឹងរបរ​ថ្នាំពេទ្យ​តាំងពី​ដើម​មកផង ហើយ​រដូវ​កាល​ណា​មានឱកាស​រក​ស៊ី​អ្វី​បាន យើងក៏​​រក គ្រាន់តែ​ថា កាហ្វេ យើងនៅរក្សា​រហូត​មក ​ហេតុនេះ​ហើយ​ទើប​ខ្ញុំចេញ​បន្ថែម​នូវ ​​ Coffee Catering ព្រោះក្នុង​កម្មវិធី​របស់​គេ​ត្រឹម​១ព្រឹក យើងអាច​លក់បានចន្លោះ​ពី ៥០០ ទៅ​ ៧០០កែវ ស្មើនឹង​​យើង​លក់​នៅផ្ទះ ៣ទៅ​៤​ថ្ងៃ អ៊ីចឹង​កាហ្វេ​នេះ យើង​អាច​ពង្រីក ដើម្បី​គាំ​ទ្រ​គ្នាទៅ​វិញទៅមក»

និស្សិត ចេញពី​សាកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៥ ខណៈអ្នក​ខ្លះ​ក៏​ឆ្លៀតទិញ​អីហូប​ពីអ្នក​លក់ដូរនៅ​ជាប់​របងសាលា។ (ខេមបូចា/ ស៊ា បញ្ញា)

នៅមុនពេលចេញ​រកស៊ី​នេះ សុផល មុនី ក៏​នាង​​ធ្លាប់បាន​ធ្វើ​ការ​ជាមួយសហភាព​សហព័ន្ធ​យុវជនកម្ពុជា តាំងពី​ប្រឡង​​ជាប់​បាក់​ឌុប ប៉ុន្តែ មុនី បានផ្អាក​ការងារ​នេះ ដើម្បី​ទៅ​ធ្វើការងារ​ផ្សេងៗ​​ទៀត ទៅតាមចំណេះដែល​នាង​មាន ក្រោយ​បញ្ចប់​បរិញ្ញាបត្រ ហើយ​ការងារទាំងអស់នោះ​ ​កាន់​តែ​ធ្វើ​ឱ្យ​នាង​មានបទពិសោធន៍ ក្នុងការ​គ្រប់គ្រង​ទៅលើ​ការ​រក​ស៊ី។

កញ្ញាបានលើកឡើងថា៖ «ខ្ញុំ​បានប្រឡូក​ក្នុង​វិស័យ​ការងារ​ច្រើន​ដែរ ហើយ​កាលណា​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ ខ្ញុំ​ចេះ​គ្រប់​គ្រងមនុស្ស។ ម៉ាក់​របស់​ខ្ញុំ គាត់ជាអ្នក​មានទំនោរ​​រកស៊ីតាំងពី​ដើមមក ក៏ប៉ុន្តែខ្ញុំ​ត្រូវ​ទៅ​រៀនចំណេះជំនាញ​អី​ផ្សេង​មកពី​ក្រៅ​សិន ព្រោះ​យើងអត់ដឹង​ថា សម័យកាល​ទៅមុខ នឹង​មានការវិវឌ្ឍ ឬ​យើងពង្រីកទៅ​ជាយ៉ាង​ម៉េច​ទៀត​ទេ»

សុផល មុនី បន្ថែម​ថា៖ «បើ​សិនជា​យើងអត់បាន​ចេះ អត់បានរៀន​ពី​អាអស់​ហ្នឹងមក​​ទេ គឺ​៥ទៅ​១០​ឆ្នាំ​ទៅមុខ​ទៀត គេ​ដើរ​ទៅដល់​មុខ​អស់​ តែ​យើងនឹង​​នៅ​យឺត​ក្រោយ​គេ ដូច្នេះ​បានជា​ខ្ញុំ​ត្រូវ​រៀន​ឱ្យ​ចប់​បរិញ្ញាបត្រ ទោះ​ម៉ាក់​របស់​ខ្ញុំ ឱ្យ​ឈប់​រៀន ហើយ​ចេញ​រកស៊ី តាំងពីរៀន​ចប់​ថ្នាក់ទី​១២ ក៏​ដោយ»

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​​បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែង​ការ​សាទរ​ទៅ​ដល់​យុវជន សិស្សនិស្សិត និងពលរដ្ឋ ដែល​បាន​បង្កើតមុខ​របរ​ផ្ទាល់​ខ្លួន ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ហើយនេះ​ជា​សកម្ម​ភាពដ៏រស់​រវើកមួយ​​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅក្នុងប្រទេស​កម្ពុជា។

លោកបានបន្ថែម​ថា ការ​បង្កើត​មុខ​របរ​រក​ស៊ី ជា​លក្ខណៈសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ក៏​ស្រប​ទៅនឹង​​គោលនយោបាយ «១លាន៥សែន» ឬ​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសដល់​យុវជន​ ១លាន៥សែន​នាក់ របស់​ក្រសួងការងារ ក្រោម​កញ្ចប់​ថវិកា​ចំណាយ​របស់រដ្ឋ ដែលបានដាក់​ចេញ កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយកម្មវិធីនេះ បាន​ផ្តល់​ឱកាសឱ្យ​​​​​ប្រជាពល​រដ្ឋ ជាពិសេស​យុវជនមកពីគ្រួសារ​ក្រីក្រ និង​មកពីតាម​ខេត្ត បានរៀនជំនាញ​​ខ្លីៗ ដើម្បី​អាច​ចេញ​ទៅប្រកប​របរ​ចិញ្ចឹម​ជីវិតបាន ឬក៏​​ទៅ​ធ្វើការ​ជាអ្នកជំនាញ នៅក្នុង​វិស័យ ដែលគាត់ជ្រើស​រើស។

អ្នកនាំពាក្យ​វ័យក្មេង​របស់​ក្រសួងការងារ​រូបនេះ បញ្ជាក់ថា៖​ «ការ​រៀនជំនាញ ហើយចេញទៅ​​ប្រកបការងារ​របស់​យុវជនយើង ក៏ដូចជាសិស្សនិស្សិត ដែល​កំពុង​សិក្សា គឺជា​សកម្ម​ភាព​មួយ ដែលក្រសួងការងារ អបអរសាទរ​ខ្លាំងមែន​ទែន ហើយនេះ​ក៏ជា​អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺ​ពលរដ្ឋកម្ពុជា​ម្នាក់ ត្រូវ​មានជំនាញ​១​យ៉ាង​តិច»

លោក មេសា បន្ថែម​ថា៖ «ការ​ជ្រើស​រើស​រៀនជំនាញ​បច្ចេក​ទេស មក​បើក​អាជីវកម្ម ឬពង្រឹងអាជីវកម្ម​ខ្លួនឯង ឬក៏​ពួកគាត់​អាច​ទៅ​រៀន​យក​មុខវិជ្ជា​ផ្សេង​ទៀត នៅមហាវិទ្យាល័យ  គឺជា​រឿងដែល​យើងអបអរសាទរខ្លាំង ព្រោះ​វាបាន​​ផ្តល់​ឱកាសការងារ និងការ​បង្កើតមុខ​របរ ដើម្បីអាច​​ជាស្ពានចម្លងដល់​​យុវជន និងពលរដ្ឋ​របស់យើង ក្នុងការ​ឈាន​ទៅ​រក​ការ​រីកចម្រើន​ថែម​ទៀត នាពេល​អនាគត»

ចំណែក លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​បានឱ្យ​ដឹង​​ថា បច្ចុប្បន្ន​ មានសិស្សនិស្សិត​ច្រើន ទាំងអ្នកនៅ​ភ្នំពេញ ជាពិសេស​​អ្នក​មកពី​តាមខេត្ត ដែលមា​នការ​ខ្វះខាត​ក្នុង​ការ​សិក្សា ​បាន​បើក​អាជីវកម្ម​រក​ស៊ី ដូចជា​លក់​កាហ្វេ  អ្នករត់រឺម៉ក​កងបី អ្នកដឹកអីវ៉ាន់ និងការ​ងារផ្សេងៗ​ទៀត ដើម្បី​ទ្រទ្រង់​ដល់ការ​សិក្សា ហើយនេះ​​ជាចំណុច​មួយ គួរ​ឱ្យ​កត់​សម្គាល់​។

លោក​បាន​ធ្វើការ​ប្រៀប​ធៀប​​ថា ​នៅប្រទេសជឿន​លឿន  នៅពេល​រៀន គឺភាគ​ច្រើន គេ​ផ្តោត​​​តែទៅលើការ​រៀន​មួយ​មុខ​ មិនបាន​ទៅបើក​អាជីវកម្ម​អ្វីផ្សេង​ទេ ប៉ុន្តែ​ចំពោះប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ក្រី​ក្រ គេ​​តែង​យក​ពេល​វេលា​មួយចំនួនពីការ​សិក្សា មក​បើកអាជីវកម្ម ដើម្បីរក​ចំណូល​ផ្គត់​ផ្គង់ការ​សិក្សា ហើយនេះជាសកម្ម​ភាព ដែល​និស្សិត​ខ្មែរ​យើងមួយចំនួន កំពុង​អនុវត្ត។

ការ​ធ្វើបែបនេះ ក៏​អាច​ប៉ះពាល់​ដល់​ការ​សិក្សា តែក៏បានបទពិសោធន៍​ល្អដូចគ្នា។ លោក វ៉ន ពៅ បញ្ជាក់​ថា៖ «ជាទូទៅ​ការ​សិក្សា​រៀនសូត្រ យើង​គួរមាន​ពេលវេលា​គ្រប់​គ្រាន់ ក្នុងការ​សិក្សា ក៏ដូចជា​ការ​ស្រាវជ្រាវឯក​សារ​ផ្សេងៗ​ទៀត ក៏ប៉ុន្តែ​ដោយសារ​ការខ្វះខាត ទើប​ពួក​គាត់ត្រូវរក​ចំណូល​បន្ថែម ​តាម​រយៈ​ការ​​ចេញ​មក​បើកអាជីវកម្ម​ដោយ​ខ្លួនឯង​ ហើយ​នេះ​ក៏ជា​បទពិសោធន៍ជីវិត រៀន​ផង និង​ធ្វើការ​ផងដែរ»

លោកបាន​បន្ថែម​ថា៖ «នៅពេល​គាត់​រៀនចប់ គាត់​នឹងមាន​ទុនស្រាប់ គឺ​​បទពិសោធន៍នៃ​​​ការ​អនុវត្តជាក់​ស្តែង ទៅលើការបើក​អាជីវកម្មនេះឯង ដែលអាចជួយ​ឱ្យគាត់​ កាន់តែ​មានភាព​រឹងមាំ ក្នុងការ​ទៅ​បង្កើត​មុខ​របរ ឬពង្រីកអាជីវកម្ម​កាន់​តែ​ធំ ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ ហើយវាក៏ជា​ការលត់ដំ ដែល​ធ្វើ​ឱ្យ​និស្សិត​របស់​យើង ស្គាល់ភាពត្រជាក់ ​ក្តៅ និង​ភាព​លំបាកសព្វ​បែប​យ៉ាង​នៅក្នុងជីវិតពិត​ផងដែរ»

125 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម