សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមការងារ​កូរ៉េ​ខាង​ត្បូង​មក​​កម្ពុជា ក្រោយមានបម្រាមធ្វើដំណើរ​ទៅតំបន់​ដែល​មាន​ការឆបោកច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​លោកស្រី គីម ជីណា (Jina Kim) អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរបោកប្រាស់តាម​ប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​រាជធានីភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៥។ (ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​លោកស្រី គីម ជីណា (Jina Kim) អនុរដ្ឋមន្ត្រី​ទី​២ នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរបោកប្រាស់តាម​ប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​រាជធានីភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៥។ (ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត)

ក្រុមអធិការកិច្ច​កូរ៉េ​ខាង​ត្បូង​ដឹក​នាំ​ដោយ​លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រី​ការបរទេស​ទី​២ បាន​មក​ដល់​កម្ពុជា​នា​ថ្ងៃ​ព្រហស្បតិ៍នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​ទីក្រុង​សេអ៊ូល​បាន​ចេញ​បម្រាម​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា ដោយ​សារ​ការ​ព្រួយ​បារម្ភ​ថា​ពលរដ្ឋ​កូរ៉េ​កំពុង​រង​ការ​ជួញ​ដូរ​ចូល​ទៅ​ក្នុង​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

លោកស្រី គីម បាន​ជួប​ពិភាក្សា​ជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ពិភាក្សា​អំពី​បទ​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ជន​ជាតិ​កូរ៉េ ផែនការ​បញ្ជូន​ជន​ដែល​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​​បង្ក្រាប​ការ​ឆបោក​ត្រឡប់​ទៅ​វិញ និង​វិធី​សាស្ត្រ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​និស្សិត​កូរ៉េ​ម្នាក់​បាន​ស្លាប់​ដែលត្រូវបានគេរាយការណ៍ថាត្រូវបានទទួលរងទារុណកម្មរហូតបាត់បង់ជីវិតពីក្រុមឧក្រិដ្ឋជនជនជាតិចិនដែលធ្វើប្រតិបត្តិការ​ពី​ទីតាំង​ដ៏​ល្បី​មួយ​នៅ​កម្ពុជាហើយ​ជាប់​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ចំនួន​៣​នាក់ និង​កំពុង​តាម​ចាប់​ខ្លួនមនុស្ស​២​នាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

មន្ត្រី​កូរ៉េ​ប៉ាន់​ប្រមាណ​ថា ​មាន​ពលរដ្ឋ​របស់​ខ្លួន​ប្រហែល​ ១ ០០០​នាក់​កំពុង​ជាប់​ពាក់ព័ន្ធ ដែលមានទាំងអ្នក​រង​គ្រោះដោយការ​ជួញ​ដូរ ឬ​ដោយ​ស្ម័គ្រ​ចិត្ត ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំ​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គេ​ជឿ​ជាក់​ថា​ទីតាំង​ឆបោក​រាប់​រយ​កន្លែង​នៅ​ក្នុង​ប្រទេស​នេះ ដែល​ភាគ​ច្រើន​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ចិន បាន​ធ្វើ​ការ​ជួញ​ដូរ​មនុស្ស​ជាង​១៥០ ០០០​នាក់​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ។

កម្ពុជា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ការ​ផ្ដល់​ទី​ជម្រក​ដល់​ប្រតិបត្តិការ​ឆបោក​ខុស​ច្បាប់។ កាល​ពី​ថ្ងៃ​ពុធ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Prince ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ដោយ​រឹប​អូស​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ និង​ចាត់​ទុក​ថា​ជា​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ​ឆបោក​និង​ជួញ​ដូរ​ទ្រង់ទ្រាយ​ធំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការពិភាក្សាជាមួយលោកស្រី គីម ជីណា បានផ្តល់ «លទ្ធផលវិជ្ជមានជាច្រើន»

លោកបានបន្តថា៖ «យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ​ជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ»។​ លោកក៏បានកត់សម្គាល់ពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ២០២៤ផងដែរ។

លោកបានបន្ថែមថា៖ «កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»

លោកស្រី គីម មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក៏​គ្រោង​នឹង​បង្កើត «ការិយាល័យពិសេស»​មួយនៅ​កម្ពុជា​ដើម្បី​ជួយ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ចូល​ទៅ​ក្នុងទីតាំង​បោក​បញ្ឆោត។ មន្ត្រី​បាន​និយាយ​ថា គំនិត​ផ្តួច​ផ្តើម​នេះ​នឹង​ក្លាយ​ជា​របៀបវារៈ​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នគរបាល​អន្តរជាតិ​ឆ្នាំ ២០២៥ នៅ​ទីក្រុង​សេអ៊ូល ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៣ ខែ​តុលា។

កិច្ច​ប្រជុំ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​កូរ៉េ​ខាង​ត្បូង និង​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ដោយ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​​ឱ្យ​ការ​បង្កើត​ការិយាល័យ​នេះ​មាន​លក្ខណៈ​ជា​ផ្លូវ​ការ។

គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង ដែល​រួម​មាន​ទីប្រឹក្សា​សន្តិសុខ​ផង​ដែរ​នោះ បាន​លើកឡើងនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​គេ​មាន​បំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​បញ្ជូន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាង ៦០នាក់ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​កម្ពុជា បន្ទាប់​ពី​មាន​ការ​បង្រ្កាបទីតាំងឆបោកកាលពីពេលកន្លងទៅ។ មន្ត្រី​បាន​និយាយ​ថា ពួក​គេ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ប្រហែល ៩០នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កំឡុង​ពេល​មាន​ការបង្រ្កាប​​កាល​ពី​ខែ​កក្កដា និង​ខែ​កញ្ញា។

នគរបាលជាតិកម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ជន​ដែល​ត្រូវ​ឃុំ​ខ្លួន​ចំនួន ៥៩នាក់ នឹង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​នៅ​ថ្ងៃ​ទី១៧ ខែ​តុលា។ នៅ​មិន​ទាន់​ច្បាស់​ថា​តើ​បុគ្គល​ដែល​នៅ​សេសសល់​ដែល​ត្រូវ​បាន​មន្ត្រី​កូរ៉េ​ខាង​ត្បូង​កំណត់​អត្តសញ្ញាណ​នោះ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​ហើយ​ឬ​នៅ​នោះ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ South Korean Team Visits Cambodia After Travel Ban on Scam Hotspots

575 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម