ស្ថាប័នរដ្ឋនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋនៅថ្ងៃទី១៣ ខែកក្កដា បានប្រារព្ធពិធីអបអរការចុះបញ្ជីទីតាំងប្រវត្តិសាស្ត្រនៃការចងចាំរបស់កម្ពុជា ចំនួន៣ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២០៥ ថា បានក្លាយជាកាលបរិច្ឆេទជាការចងចាំ និងដ៏មានសារសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងពិភពលោកទាំងមូល។ លោកបញ្ជាក់ថា ការចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សាសន្តិភាព»រួមមាន អតីតមន្ទីរឃុំឃាំងម១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដោយបានណែនាំ និងផ្តល់យោបល់កាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។
ដើម្បីអបអរព្រឹត្តិការណ៍នេះ អ្នកតំណាងរាស្ត្រ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា បានប្រារព្ធពិធីដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដោយមានការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ព្រមៗគ្នា នៅវេលាម៉ោង៧ព្រឹក។
ពិធីនេះធ្វើឡើងដើម្បីជាការបំផុសស្មារតីបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីអបអរសាទរនេះ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់ ។
ខេមបូចា បានស្នើសុំការធ្វើអត្ថាធិប្បាយលើបញ្ហានេះពីលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ នៅថ្ងៃទី១៣កក្កដា ប៉ុន្តែលោកបានឆ្លើយតបថា ចម្លើយមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងចុះថ្ងៃទី១១ ខែកក្កដា។
តាមសេចក្តីប្រកាសរបស់ក្រសួងបានលើកឡើងថា ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីការចុះរមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជារមណីយដ្ឋានអង្គរឆ្នាំ១៩៩២ ប្រាសាទព្រះវិហារឆ្នាំ២០០៨ តំបន់ប្រាសាទសម្បូរព្រៃគុកឆ្នាំ២០១៧ និងរមណីយដ្ឋានប្រាសាទកោះកេរឆ្នាំ២០២៣។ ចំពោះការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជានាពេលនេះគឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជានិងក្នុងតំបន់ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនាយុគសម័យថ្មី។
បន្ថែមពីនេះ ក្រសួងវប្បធម៌បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ថា ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងជាគំរូមួយសម្រាប់ពិភពលោក បង្ហាញពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ការផ្សះផ្សាជាតិ ស្មារតីសាមគ្គីរួបរួមជាតិ ការស្វែងរកយុត្តធម៌ជូនជនរងគ្រោះ និងការកសាងសន្តិភាព។
ជាមួយគ្នានេះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ទៅការពារបេក្ខភាពនេះត្រូវបានស្រង់សម្តីថា លោកស្រីមានក្តីរំភើប និងក្តុកក្តួលបំផុត ព្រោះការចុះបញ្ជីទីតាំងនៃទំព័រប្រវត្តិសាស្ត្រដ៏សែនឈឺចាប់របស់កម្ពុជានេះ វាមិនគ្រាន់តែជាការឧទ្ទិសវិញ្ញាណក្ខន្ធ ជូនចំពោះជនរងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងរបបពេជឃាតខ្មែរក្រហមប៉ុណ្ណោះទេ តែវាគឺជាមេរៀនប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
នៅសារមន្ទីរទួលស្លែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ក៏មានរៀបចំពិធីអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
អ្នកសារព័ត៌មានខេមបូចា បានទៅស្នើសុំធ្វើការសម្ភាសដោយផ្ទាល់ជាមួយលោកតា ជុំ ម៉ី និងលោកតា ប៊ូ ម៉េង ដែលជាអ្នកទោសនៅរស់រានមានជីវិតពីគុកទួលស្លែងក្នុងរបបខ្មែរក្រហមក៏ប៉ុន្តែមន្ត្រីសារមន្ទីរទួលស្លែងដែលនៅអង្គុយអមគាត់នៅតុលក់សៀវភៅក្នុងសារមន្ទីរបានប្រាប់ថា ក្នុងរឿងចុះបញ្ជីសារមន្ទីរទួលស្លែងទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនេះថ្នាក់ដឹកនាំសារមន្ទីរមិនអនុញ្ញាតិឱ្យលោកតាទាំងពីរផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតទេ ខណៈលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែងមិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានឡើយ។
ប៉ុន្តែយ៉ាងណាក្តីលោក គង់ សំខាន់ អាយុ៧១ឆ្នាំ ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក បានប្រាប់ សារព័ត៌មានខេមបូចា បន្ទាប់ពីបានដើរមើលតាមអគារនានា នៅក្នុងសារមន្ទីរទួលស្លែងជាមួយភរិយារបស់លោកនៅថ្ងៃទី១៣ ខែកក្កដា ថា មកដល់ពេលនេះ លោកនៅតែមានការតក់ស្លុត និងរន្ធត់នៅពេលដែលឃើញរូបថតដែលបង្ហាញពីការធ្វើទារុណកម្មដ៏ឃោឃៅព្រៃផ្សៃ និងឧបករណ៍ធ្វើទារុណកម្មដែលនៅសេសសល់នៅតាមអគារនានា។
បន្ទាប់ពីខ្មែរក្រហមបានវាយដណ្តើមកាន់កាន់កាប់រាជធានីភ្នំពេញនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ លោកសំខាន់ ដែលធ្វើការនៅរោងចក្រស្បែកជើង ត្រូវបានខ្មែរក្រហមជម្លៀស ចេញពីរាជធានីភ្នំពេញទៅតាមផ្លូវជាតិលេខ៥ ហើយនៅទីបំផុតក៏បានទៅដល់ខេត្តពោធិ៍សាត់ជាទីដែលលោកត្រូវបានពួកអង្គការអាវខ្មៅខ្មែរក្រហមបង្ខំឱ្យធ្វើការលើសកម្លាំងដូចជាជីកប្រឡាយ និងធ្វើការងារស្រែចម្ការដោយមិនឱ្យហូបអាហារឆ្អែតឡើយ។
ឪពុករបស់លោក សំខាន់ និងបងប្រុសរបស់លោកម្នាក់ត្រូវខ្មែរក្រហមយកទៅសម្លាប់ ចំណែកម្តាយរបស់លោកបានស្លាប់ដោយសារជំងឺដែលមកពីការហូបចុកមិនគ្រប់គ្រាន់ និងគ្មានថ្នាំព្យាបាល។
លោកនិយាយថា៖ «សម្រាប់ខ្ញុំការដាក់សារមន្ទីរដែលជាអតីតគុកសម្លាប់ជនស្លូតត្រង់យ៉ាងច្រើននៅក្នុងរបបប៉ុលពតចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក វាជារឿងល្អ ជួយរំលឹកឱ្យមានការចងចាំពីរបបដ៏ឃោឃៅនេះ ដើម្បីកុំឱ្យរបបបែបនេះកើតឡើងជាថ្មីទៀត និងក៏ជួយដាស់តឿនមេដឹកនាំខ្មែរឱ្យចៀសឆ្ងាយពីមនោគមន៍វិជ្ជាកុម្មុយនីស្តចិននិងវៀតណាមផងដែរ ពីព្រោះរបបខ្មែរក្រហមត្រូវបានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីបក្សកុម្មុយនីសចិននិងវៀតណាម»។

ព្រះតេជគុណ សុខ ឧត្តម វ័យ៣០វស្សា ក៏បានសម្តែងក្តីសប្បាយរីករាយផងដែរនៅពេលដែលដឹងថា សារមន្ទីរទួលស្លែង និងអតីតមន្ទីរឃុំឃាំងក្នុងរបបខ្មែរក្រហមចំនួន២ផ្សេងទៀតត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ព្រះតេជគុណមានសង្ឃដីការបន្ទាប់ពីនិមន្តមើលតាមអគារនានានៅក្នុងសារមន្ទីរទួលស្លែងនៅថ្ងៃទី១៣ ខែកក្កដា ថា៖ «អាត្មាឃើញរូបថតធ្វើទារុណកម្មនិងឧបករណ៍ធ្វើទារុណកម្មពិតជាតក់ស្លុតខ្លាំងណាស់ញោម ហេតុអីក៏ចេះកើតមានរបបដ៏ព្រៃផ្សៃឃោឃៅសម្លាប់ខ្មែរគ្នាឯងបែបនេះទៅកើត? វាជារឿងល្អណាស់ដែលអង្គការយូណេស្កូដាក់សារមន្ទីរនេះជាបេតិកភណ្ឌពិភពលោកដើម្បីជួយរំឭកដល់ប្រជាជាតិខ្មែរ និងពិភពលោកឱ្យចងចាំពីរបបដ៏ព្រៃផ្សៃនេះ និងចូលរួមជួយទប់ស្កាត់កុំឱ្យកើតមានរបបដ៏ព្រៃផ្សៃបែបនេះកើតឡើងទៀត»។
ចំណែកយុវតី២នាក់ ដែលបានចូលទៅទស្សនាសារមន្ទីរទួលស្លែងជាមួយគ្នា ម្នាក់ឈ្មោះសុ ភុន អាយុ២២ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជន និងម្នាក់ទៀតឈ្មោះ មាស ស្រីតូច អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ផ្នែកភូមិវិទ្យា ឱ្យដឹងថា ការដាក់សារមន្ទីរប្រល័យពូជសាសន៍ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកមិនត្រឹមតែជួយរំលឹកឱ្យមនុស្សជាតិមានការចងចាំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងជូរចត់ដែលបានកើតឡើងនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោកមានការចាប់អារម្មរណ៍ពីប្រទេសកម្ពុជាកាន់តែខ្លាំង និងធ្វើដំណើរមកលេងកម្ពុជាកាន់តែច្រើនផងដែរ ដែលនឹងរួមចំណែកជួយធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
តាមឯកសារមួយចំនួន គុកទួលស្លែង ឬមន្ទីរសន្តិសុខស-២១ នៅក្នុងរបបខ្មែរក្រហមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កាំង ហ្គិចអ៊ាវ ហៅ ឌុច។ មន្ទីរសន្តិសុខស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា «អ្នកទោសនយោបាយ»ជា«ខ្មាំង»របស់របបនេះ។ ក្នុងរបបខ្មែរក្រហមដែលមានរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃគុកនេះ បានសម្លាប់មនុស្សអស់ប្រមាណ២ម៉ឺននាក់។
សូមបញ្ជាក់ថា ឌុច មេគុកទួលស្លែង បានស្លាប់កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីសាលាក្តីខ្មែរក្រហមបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់១ជីវិតក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម៕











