កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានប្រកាសពី«ការបញ្ចប់» នៃ «កិច្ចព្រមព្រៀងរវាងប្រទេសថៃ និងកម្ពុជា» រហូតដល់ «សកម្មភាពជាអមិត្តណាមួយពីភាគីកម្ពុជាត្រូវបញ្ឈប់» បន្ទាប់ពីឧប្បត្តិហេតុមួយកាលពីថ្ងៃចន្ទ ដែលមានសេចក្តីរាយការណ៍ថា ទាហានថៃបានជាន់មីនជាថ្មីទៀត។
ទោះបីជាមិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនោះក៏ដោយ គេជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទាំងនោះដែរ។
ភាគីថៃបានធ្វើការប្រកាសនៅវេលាម៉ោង ៤:៣០ រសៀល បន្ទាប់ពីក្រសួងការពារជាតិបាននិយាយថា ពួកគេនឹងផ្អាកជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា រហូតដល់មានការបំភ្លឺបន្ថែម។
សកម្មភាពនេះកើតឡើង១៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយកាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលទាហានថៃពីរនាក់ត្រូវបានគេរាយការណ៍ថា បានជាន់មីននៅក្បែរតំបន់ប្រាសាទព្រះវិហារនៅវេលាម៉ោងប្រហែល ៩:៣០នាទីព្រឹក។
ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យផ្អាកប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធនឹងកម្ពុជា រួមទាំងគម្រោងដោះលែងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ទាហានកម្ពុជាចំនួន១៨នាក់ដែលស្ថិតក្នុងការឃុំឃាំងរបស់ថៃអស់រយៈពេលជាង៣ខែ ត្រូវបានគេគ្រោងនឹងដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា។
នៅវេលាម៉ោង ១:០០ រសៀល កងទ័ពថៃបានចោទប្រកាន់ទាហានកម្ពុជាថា បានបាញ់អាវុធធុនតូច ដើម្បីបញ្ឆេះកំហឹងកងកម្លាំងថៃ។ ប៉ុន្មានម៉ោងក្រោយមក កងយោធពលភូមិន្ទថៃ បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រីថៃ ក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីស្ថានភាពតានតឹងដែលកំពុងកើនឡើង។
នៅចេញផ្សាយនេះ អាជ្ញាធរកម្ពុជាមិនទាន់ចេញប្រតិកម្មជាផ្លូវការនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា ព័ត៌មាននឹងត្រូវបានចែករំលែកនៅពេលណាដែលមានគ្រប់ជ្រុងជ្រោយ ខណៈដែលអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតិតា មិនបានឆ្លើយតបទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ សារព័ត៌មានខេមបូចា ថា ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏ប្រទេសថៃបានបង្ហាញពី «ចេតនាតិចតួច» ក្នុងការអនុវត្តដំណោះស្រាយសន្តិភាពឱ្យបានពេញលេញ «ដោយរំលោភជាញឹកញាប់» លើទឹកដីកម្ពុជា ដែលក្នុងនោះរួមមានការរាយបន្លាលួសនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យជាដើម។
លោកយល់ថា ឧប្បត្តិហេតុផ្ទុះមីនថ្មីៗនេះ ហាក់ដូចជា«យុទ្ធសាស្ត្រដោយចេតនា» របស់ថៃ ដើម្បីបង្កើត «លេស» ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព។
លោកបានលើកឡើងថា៖ «កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលថៃ ប៉ុន្តែកងទ័ពថៃមិនធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលទេ។ សកម្មភាពនេះ បង្ហាញពីភាពមិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសផ្សេងទៀតដែលគាំទ្រកិច្ចព្រមព្រៀងនេះ»។
លោក គិន ភា បានបន្ថែមថា ភាពតានតឹងតាមបណ្តោយព្រំដែនទំនងជានឹងបន្ត ដោយកត់សម្គាល់ថា ថៃតែងតែប្រើប្រាស់បញ្ហាព្រំដែនកម្ពុជា នៅពេលដែលបញ្ហាផ្ទៃក្នុងកើតឡើងក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Air Force ‘Terminates’ Bilateral Agreements with Cambodia After Land Soldiers Injured by Landmines













