សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរថៃបានចុះឆែកឆេរផ្ទះរបស់អ្នកឧកញ៉ា កុក អាន ​​​បន្ទាប់ពីតុលាការ​ថៃ​ចេញដីកា​ចាប់ខ្លួន

សមត្ថកិច្ចថៃ បានចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ហើយបានរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ Khaosod)
សមត្ថកិច្ចថៃ បានចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ហើយបានរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ Khaosod)

សមត្ថកិច្ចចម្រុះ​ថៃនៅ​ថ្ងៃទី​៨ ​ខែកក្កដា ​​បាន​ឆ្មក់ចូលឆែកឆេរទីតាំង​ចំនួន​១៩​កន្លែង ដើម្បី​ស្វែងរក​ចាប់ខ្លួន អ្នក​ឧកញ៉ា កុក អាន តាម​ដីការបស់តុលាការថៃ​ ក្រោមការ​ចោទ​ប្រកាន់​ពីបទ​ជាប់ពាក់​ព័ន្ធ​នឹង​ក្រុម​បណ្តាញឧក្រិដ្ឋ​កម្ម​ឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយ​កខ្វក់។

 ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ​បាន​សម្តែង​ការ​អបអរ​សាទរចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិជួយ​កម្ទេច​​​បទ​ល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួនដោយ​លោកលើកឡើង​ថា ជាការចូលរួមចំណែកដើម្បី​កាត់​បន្ថយ​បទល្មើស​អន​ឡាញដែលហូរចូលទឹកដីកម្ពុជា។ ​

ទីតាំងដែល​អាជ្ញាធរ និងប៉ូលិសថៃឆ្មក់​ចូលបង្ក្រាម​ទាំង​​១៩​កន្លែង នៅក្នុងខេត្តសាមុត​​ប្រា​កាន​ក្បែរក្រុងបាងកកនោះ ​គឺ​ជាកម្មសិទ្ធ​របស់​អ្នក​ឧកញ៉ា ​កុក​ អាន សមាជិកព្រឹទ្ធសភាកម្ពុជា​ដោយ​រឹប​អូស​​​រថយន្តទំនើ​ប​ជាច្រើនគ្រឿង​មាន​តម្លៃ​ប្រមាណ២៧លានបាត(៨៣​ម៉ឺន​ដុល្លារ)។ ​​នេះបើ​យោង​តាមសារ​ព័ត៌មាន​ថៃ​ Khaosod ។

សារព័ត៌មានថៃ​ Khaosod បាន​ចុះ​ផ្សាយ​នៅព្រឹកថ្ងៃទី៨​ ខែកក្កដា ​ភ្លាម​ៗ ​បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ឧកញ្ញ៉ា​ កុក អាន​ ថា ការឆ្មក់ចូលឆែកឆេរទីតាំង​១៩​កន្លែងដែល​ជាកម្មសិទ្ធិ​របស់​អ្នកឧកញ៉ា​ កុក អាន នេះ​ ធ្វើ​ឡើង​​ក្រោយពីតុលាការព្រហ្មទណ្ឌ​ថៃចេញដីកាចាប់ខ្លួន ដោយចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​រូប​នេះថា បានប្រព្រឹត្ត​ឧក្រិដ្ឋ​កម្មឆ្លងដែន និងលាងលុយកខ្វក់។

ដីកា​​​របស់​តុលា​ការ​​ថៃ​​​​ត្រូវ​បាន​អនុវត្ត​ដើម្បី​ស្វែង​រក​ភស្តុតាង និង​ចាប់​ខ្លួនអ្នក​ឧកញ៉ា​ កុក អាន ម្ចាស់​កាស៊ីណូ Crown Casino Resort (អគារ២៥ជាន់, អគារ១៨ជាន់) អគារ២៥ជាន់ អគារ១៨ជាន់ អគារ HISO និងកាស៊ីណូក្រោន​នៅ​ក្រុងប៉ោយប៉ែត​។ ទីតាំងទាំងនេះ​ត្រូវបាន​​ក្រុមឧក្រិដ្ឋ​ជន​​ប្រើ​ប្រាស់ដើម្បីធ្វើ​ការ​បោក​ប្រាស់​តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន រួមមាន Hybrid Scams មជ្ឈ​មណ្ឌល​ហៅ​ទូរសព្ទ និង​ការលាងលុយកខ្វក់ជាដើម​ ខណៈ​ដែលពលករ​ថៃ​មួយចំនួន​ត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ធ្វើការ​នៅ​តាម​ទីតាំងទាំងនេះ។

សារព័ត៌មានខេមបូចា មិនអាចទាក់​ទង ​លោក ​កុក អាន ​ដើម្បី​ស្នើ​សុំ​ធ្វើអត្ថាធិប្បាយ​លើ​បញ្ហា​​នេះបាន​ទេ​។

សម្រាប់​ លោក ​ហ៊ុន សែន ​​បាន​ចាត់​ទុកចំណាត់ការ​របស់ថៃថា​ជាការ​ «លើកដុំថ្មទម្លាក់លើ​ជើង​​ខ្លួនឯង»។ លោក​បាន​បង្ហោះ​លើហ្វេសប៊ុក​របស់លោក​នៅព្រលប់ថ្ងៃទី៨​ ខែកក្កដា ថា៖ «ខ្ញុំពិត​ជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិជួយ​កម្ទេច​​​បទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បី​កាត់​បន្ថយ​បទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញ​ទឹក​ដីរបស់​ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែន​ទុករហូត​ដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវ​លំហូប​ទ​ល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង»។

បើ​តាម​ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និង​មហាជនថៃ លើកឡើងថា ការ​បង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយ​សារតែជា​មនុស្សជិតស្និទ្ធជាមួយ​រូប​លោក ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ លោក ថាក់​ស៊ីន ដែរ ព្រោះអ្នកណាៗ​ក៏ដឹងដែរ​ថា​ លោក​ថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយលោក ជិតស្និទ្ធ​រហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ លោក​បន្តថា ចាំមើលតើតុលាការថៃ ហ៊ាន​បើកការស៊ើបអង្កេតលើលោក​ថាក់ ស៊ីន ឬទេ?

ជាមួយគ្នានេះ​ លោក​ ជា ធីរិទ្ធ ​អ្នក​នាំពាក្យ​ប្រធានព្រឹទ្ធសភា ក៏បាន​បញ្ចេញ​ប្រតិកម្ម​​ខ្លាំង​ៗ​​តាម​​រយៈ​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍​ និង​FRESH NEWS ​ថា ក្នុងនាមអ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា​លោក​សូមឆ្លើយ​តប​នឹងការ​វាយប្រហារ​របស់​ភាគីថៃ​មក​លើកម្ពុជាលើ​ លោក ​ហ៊ុន សែន​ ​ជុំវិញ​ករណីបំភ្លើស​បំផ្លៃ​រឿងឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញនៅកម្ពុជា​ពីសំណាក់​ភាគី​ថៃ។

លោក​បញ្ជាក់​ថា នេះគឺ​ជាល្បែង​សងសឹក​ហើយក៏ជាល្បិចនៃ​ការ​ដើរព្រួសឈាម​ដាក់​គេ​ពី​សំណាក់​ភាគីថៃ ​ដែល​ជាទម្លាប់​របស់ប្រទេសមួយនេះ ដែល​គេធ្វើមក​លើ​ប្រទេស​ជិតខាង​ជាពិសេសកម្ពុជា​។ ថ្មីៗ​នេះអតីតនាយក​រដ្ឋមន្ត្រីថៃ​ ផែថងថាន ស៊ីណាវ៉ាត្រា​ ដែល​ត្រូវបាន​គេព្យួរ​​ពីតំណែង​ក៏ធ្លាប់ព្រួស​ឈាម​ដាក់​កម្ពុជា​ដែរ​ ជុំវិញឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ស្របពេល​ដែល​ប្រទេសថៃ​ខ្លួនឯងទៅ​វិញទេ​ ដែលជាមជ្ឈមណ្ឌល​ចែកចាយ​ឧក្រិដ្ឋកម្ម​ពាស​ពេញពិភពលោក ជាពិសេសនៅតំបន់​អាស៊ីអាគ្នេយ៍​។

លោក ​ជា ធីរិទ្ធ លើកឡើងទៀតថា៖ «អង្គការសហប្រជាជាតិ​ថ្មីៗនេះក៏បាន​ចោទប្រកាន់​ប្រទេសនេះឱ្យដោះ​ស្រាយ​ដោយ​សារ​ប្រទេសថៃជាមជ្ឈមណ្ឌល​នៃការឆបោកឧក្រិដ្ឋកម្ម​តាម​អនឡាញ។ ដូច្នេះនេះគឺ​ជាល្បិច​ គឺជារបៀបនៃការ​ដើរព្រួសឈាមដាក់គេដែល​ជាមា​យាទ​របស់​​ប្រទេសមួយនេះ ដែល​ជាមាយាទ​របស់​មេដឹកនាំមួយនេះ មក​លើប្រទេសដទៃ​ជាពិសេស​​កម្ពុជា ក្នុង​ចេតនា​បង្ខូចកិត្តិយសរបស់គេស្របពេលដែល​ខ្លួនឯង​ជាប្រទេស​ដែល​​ប្រឡាក់ដោយលាមក»។

អ្នក​នាំពាក្យ​រូបនេះ​បាន​ជំរុញឱ្យភាគីថៃប្រើ​ល្បិចកលដែល​ខ្លួន​មានទាំងប៉ុន្មានឱ្យអស់​បើចង់​វាយ​ប្រហារ​​បន្តុះ​បង្អាប់​សម្អុយ​កម្ពុជាដោយលោក​ថា ​កម្ពុជា​មិនខ្លាចទេ​ ពីព្រោះ​​មេដឹកនាំ​របស់​កម្ពុជា​មាន​លោក ​ហ៊ុន សែន និងលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​គឺ​អាចកំដរថៃ​បាន​​​ជានិច្ច ពីព្រោះ​ពិភពលោកគេដឹងហើយថា ​ប្រទេស​ថៃ​ខ្លួន​ឯង គឺជាមជ្ឈមណ្ឌល​ចែក​ចាយឧក្រិដ្ឋ​កម្មពាសពេញពិភពលោក។

លោកទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះថា បើប្រតិបត្តិការរបស់អាជ្ញាធរថៃត្រូវបានធ្វើឡើងនៅផ្ទះអ្នកឧកញ៉ា កុក អាន ក្នុងប្រទេសថៃពិតមែន បានន័យថា ថៃ ស្រាតខោខ្លួនឯង និងទទួលស្គាល់ថាប្រទេសខ្លួនជា«មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញធំជាងគេនៅអាស៊ី» ដែលធ្វើឱ្យកម្ពុជា ឡាវ ភូមា រងគ្រោះដោយសារខ្លួន។

​លោកបណ្ឌិត ​​គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃរាជ្យបណ្ឌិតសភា បាន​ចាត់​ទុក​ការ​ចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​របស់​អ្នក​ឧកញ៉ា កុក អាន​ នៅក្នុង​ប្រទេសថៃ ថា ​​ជា​ចំណាត់​​ការ​ផ្ទៃ​ក្នុង​របស់​​ថៃ​​ កុំ​ឱ្យ​តែការ​ឆ្មក់​ចូលនោះ​ធ្វើឡើង​ចូល​មក​ក្នុងទឹកដីកម្ពុជា​ទើប​ជា​បញ្ហា​។​ ទោះ​យ៉ាងណាលោកថា​​ កម្ពុជា​ក៏ត្រូវពិនិត្យ​តាម​ដាន​មើល​ចំពោះ​ការ​ចោទ​របស់​តុលាការ​ថៃ​ផងដែរ ថា​តើ​មានចរិត​ជា​នយោបាយ ឬក៏ចោទដោ​យ​មាន​បទល្មើសជាក់​ស្តែង​​។

លោកថ្លែង​ថា៖ «​សកម្ម​ភាព ​ឬក៏ការចេញដីកាចាប់​ខ្លួន​មនុស្ស​ដែល​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា​ហើ​យ​ជាសមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជា​ ទៅទៀតនោះ ​ខ្ញុំគិតថា ចង់​ឬមិន​ចង់​វាធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់​ទំនងការទូត​រវាង​ប្រទេស​ទាំងពីរ​ដោយ​ចៀសពុំ​រួចទេ ហើយ​​ខ្ញុំគិតថា រឿងនេះវាដកចេញពី​បញ្ហា​ព្រំដែន​ វាដកចេញពីទំនាស់​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​វាពិបាកនឹងផ្សះផ្សាក្នុងស្ថានភាពបច្ចុប្បន្ន​»។

អ្វីដែល​លោក ​គិន ភា ​​បារម្ភ​ជាងនេះទៅ​ទៀតនោះ គឺ​ថា​ជំងឺដរ​នេះ​វាដរទៅផ្នែកផ្សេងទៀត​ឬ​ក៏បុគ្គល​ផ្សេងៗទៀត​ដែល​ធ្វើឱ្យកាន់​តែ​មាន​ភាពតានតឹងធ្ងន់ធ្ងរ​ទាំងផ្នែកការទូតទាំង​ព្រំដែន​​​រវាង​ប្រទេស​ទាំងពីរ ដែល​ធ្វើ​ឱ្យ​​ប្រជាជន​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ជាអ្នក​ទទួល​រងផល​ប៉ះពាល់​មុនគេ ហើយ​សេដ្ឋកិច្ចប្រទេសទាំង​ពីរ​ក៏រង​ផល​ប៉ះពាល់​ផងដែរ គ្រាន់​តែថា​តើប្រទេសណា​ស៊ូទ្រាំបាន​យូរជាងប៉ុណ្ណោះ​។

សម្រាប់​លោក​បណ្ឌិត យង់ ពៅ ​អគ្គលេខាធិការ​នៃរាជបណ្ឌិត​សភាកម្ពុជា ​បាន​ចាត់​ទុកអ្វី​ដែល​បាន​កើតឡើង​ថា​ ជារបៀបវារៈ​នយោបាយ​របស់​អ្នក​នយោបាយថៃ​ដែល​ព្យា​យាម​ទម្លាក់​កំហុស​​មក​លើកម្ពុជាបន្ថែមទៀត​ខណៈ​ដែល​អ្នក​ឧកញ៉ា កុក អាន ​គឺជាមនុស្ស​ដែល​ស្និទ្ធនឹង​ប្រធានព្រឹទ្ធសភាកម្ពុជា​។

លោក​បន្តថា៖ «បើចឹងអ្នកនយោបាយថៃ​គាត់ព្យាយាម​ភ្ជាប់​បុគ្គលសំខាន់ៗ​ពាក់​ព័ន្ធ​សម្តេច​ ហ៊ុន សែន​ ទៅនឹងអំពើ​ទុច្ចរិត​ដែលគាត់បំពាក់ឱ្យ។ ហីជាការ​ពិត​ខ្ញុំគិតថា អានេះជារបៀប​វារៈ​នយោបាយ​របស់​គាត់​ទេបើឧកញ៉ា កុក អាន​ រកស៊ីទទួលទាន​វិនិយោគនៅប្រទេស​ថៃ​យូរ​ហើយ​ ហើយ​ទើប​តែពេលនេះទើបតែរកឃើញ​បែបនេះបែបនោះ ​អ៊ីចឹង​ខ្ញុំយល់ថា​ជាការ​មើល​ឃើញរូបភាពខាងក្រៅ​ គឺជាទិដ្ឋភាពនយោបាយ​មិនមែនជាទិដ្ឋភាពច្បាប់​ប្រាកដ​និយម​នោះទេ»។

ជាមួយគ្នា​នេះ ​លោក​បណ្ឌិត ​យង់ ពៅ ​បាន​អំពាវនាវឱ្យភាគីថៃ​គួរ​តែបញ្ឈប់​ការបង្កើតរបៀប​វារៈ​នយោបាយ​ដើម្បី​ទម្លាក់​កំហុសមក​លើកម្ពុជាបន្តទៀត​ពីព្រោះ​វាមិន​មាន​ផលចំណេញ​អ្វី​នោះ​ទេ វាថែម​ទាំង​ធ្វើឱ្យកាន់​តែបាត់ទំនុកចិត្ត​ទៅ​លើ​ប្រទេសថៃ​ ចំពោះ​ការ​វិនិយោគ ​ឬក៏​កិច្ច​​​សហប្រតិបត្តិការជាអន្តរជាតិ​។

គួរ​រំឭកថា​កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានផ្ញើ​លិខិត​មួយច្បាប់​ទៅកាន់រដ្ឋា​ភិបាលថៃ ដោយជំរុញឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន ១០ទាក់ទង​នឹង​ការ​ឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញ​ ដែលកំពុងតែមានវត្តមានក្នុង​តំបន់​មួយចំនួន​នៃ​​ប្រទេសថៃ។ លិខិតនោះបានសម្តែង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​លើការស៊ើប​ការណ៍សម្ងាត់​ដែលបានទទួលអំពីពលរដ្ឋមកពីជុំវិញពិភពលោក ដែលត្រូវគេបោក​ប្រាស់​បង្ខំ​ឲ្យធ្វើ​ការក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញនៅក្នុងប្រទេសថៃ។ នេះ​យោង​តាម​កាសែត The Nation របស់​ថៃ​ចេញផ្សាយ​កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

បន្ថែមពីនេះ The Nation បាន​ចុះផ្សាយ​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥​ថា ករណីឆបោក​តាម​ប្រព័ន្ធអនឡាញ នៅក្នុងប្រទេសថៃ បានឈានដល់កម្រិតដ៏ធ្ងន់ធ្ងរមួយ ដោយមាន​ច្រើនជាង ១,៨៥លានករណី ត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការ​ទប់​ស្កាត់អំពើឆបោកអនឡាញ (AOC) គិតចាប់តាំងពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមក​ដល់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ​ថវិកាសរុបដែលត្រូវបានបាត់បង់ដោយ​សារអំពើ​ឆបោក​តាមអនឡាញ នៅក្នុងប្រទេសថៃ មានចំនួនសរុបលើសពី២១,៨លានបាត។

យ៉ាងណាក្តីប្រទេសកម្ពុជា​ក៏ត្រូវ​បាន​ស្ថាប័នអន្តរជាតិ​រាយការណ៍ផងដែរថា មានមជ្ឈ​មណ្ឌល​​ឆបោក​តាមអនឡាញចំនួន៥៣កន្លែង កំពុងដំណើរការនៅទូទាំងប្រទេស។ នេះបើ​តាម​ការ​រក​ឃើញ​របស់​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។​ អង្គការ​នេះបាន​ចេញផ្សាយរបាយការណ៍ជាង២០០ទំព័រកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៥ ស្ដីពីការ​រំលោភ​សិទ្ធិមនុស្សដោយសារការធ្វើទារុណកម្ម ការជួញដូរមនុស្ស និង​អំពើទាសភាព ​ក្នុង​ទីតាំងឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអង្គការនេះ បានបើកការស្រាវជ្រាវអស់រយៈពេល១៨ខែ រកឃើញទីតាំងឆបោកចំនួន៥៣កន្លែង និង​បានសម្ភាសន៍ជនរងគ្រោះជាង៤០០ (៤២៣) នាក់។

ពាក់​ព័ន្ធ​ទៅ​នឹងការ​លើកឡើង​​ដែល​ថា ​ប្រទេសកម្ពុជា​ជាមជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​អនឡាញ​នេះលោក​ ហ៊ុន សែន បាន​ថ្លែងក្នុង​ពិធីមួយ​នៅខេត្ត​ព្រះវិហារ​កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ថា ប្រទេសថៃ​ទៅ​វិញទេ ទើប​​ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ បែរជាមក​ចោទ​កម្ពុជាដែលជាប្រទេសរងគ្រោះទៅ​វិញ។ ការថ្លែង​របស់​ប្រធានព្រឹទ្ធសភាកម្ពុជានេះ ​គឺបន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២៤ ខែមិថុនា​ បាន​ប្រកាសបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ក្រោមលេសដើម្បីបង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

លោក​ ហ៊ុន សែន បានចោទជាសំណួរទៅកាន់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ថា ហេតុ​អ្វីបានជាបង្វែរការឈ្លានពានរបស់ខ្លួនទៅជាការបិទច្រកព្រំដែន ដើម្បីបង្ក្រាបនូវឧក្រិដ្ឋ​កម្ម?​ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភាគី តាំងពីថ្ងៃទី៧ ខែមិថុនា មកម៉្លេះ។

លោក​បន្ថែមថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះ​ដោយឧក្រិដ្ឋកម្មអនឡាញ​ពីប្រទេសថៃ​ប៉ុណ្ណោះ ខណៈមានតែប្រទេសថៃដែល​មានជើងហោះហើរអន្តរជាតិ ដែល​អំណោយផល​ដល់​ការ​ប្រព្រឹត្តបទល្មើសនេះ។ បច្ចុប្បន្ន​ប្រទេសថៃកំពុងពោរពេញទៅដោយ​ឧក្រិដ្ឋកម្ម​អន​ឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ។

សូម​បញ្ជាក់ថា ការ​រាប់​អានគ្នា​ជាបងប្អូនធម៌​រវាង​ក្រុមគ្រួសារ​លោក​ហ៊ុន សែននិង​ក្រុម​គ្រួសារ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតី​តនាយក​រដ្ឋមន្ត្រី​ថៃ អស់​រយៈ​ពេល​ប្រមាណជា ៣០​ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​កាត់ផ្តាច់​ បន្ទាប់​ពីមាន​ការបែកធ្លាយសារសន្ទនា​មួយ​រវាងលោក​ហ៊ុន សែន​និងលោកស្រី​ផែ ថងថាន ស៊ីណាវ៉ាត្រ​ កាលពីថ្ងៃទី១៨​ខែមិថុនា​ និយាយ​ពីការ​រិះ​រក​វិធី​ដើម្បី​​បន្ធូរ​បន្ថយ​ភាពតាន​តឹង​នៅតាម​ព្រំដែន​កម្ពុជា ថៃ​ នៅ​ពេល​ដែល​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​ឡើង​កំដៅ​កាន់​តែខ្លាំង។

ការឡើងកំដៅ ​គឺ​​ចាប់តាំងពីទាហាន​ថៃ បាន​ឆ្មក់​ចូល​មក​បាញ់ទាហានខ្មែរ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ នៅ​តំបន់​មុំបីក្នុងខេត្តព្រះវិហារ​ កាលពីថ្ងៃទី​២៨ ​ខែ​ឧសភា​​​ ធ្វើ​ឱ្យកម្ពុជា​​ខឹងយ៉ាងខ្លាំង​ហើយ​បាន​ប្រកាស​ដាក់​ពាក្យ​ប្តឹង​ថៃ​ពីការ​រំលោភដែនដីកម្ពុជានៅ​តំបន់​មុំ​បី ប្រាសាទ​តាក្របី​ បាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​។ ដោយសារ​តែសារបែកធ្លាយការសន្ទនាជាមួយលោក ​ហ៊ុន សែន​ បាន​ធ្វើឱ្យលោក​ស្រី ផែថងថាន ស៊ីណាវ៉ាត្រា​ ត្រូវតុលាការ​ធម្មនុញ្ញថៃ​ព្យួរតំណែង​ពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០២៥។ បច្ចុប្បន្ន​លោក​ស្រីនៅកាន់​តំណែង​ជារដ្ឋមន្ត្រីក្រសួង​វប្បធម៌៕

223 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម