UPDATES:
ម៉ោង ៧:២៥ ព្រឹក៖ ចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ ប្រាសាទតាមាន់ ប្រាសាទព្រះវិហារ ប្រាសាទខ្នារ វាលឥន្ទ្រី ភ្នំខ្មោច គោល៨ ជាំតែ អានសេះ ថ្មដូន អូរស្មាច់ ភ្នំអនុស្សាវរីយ៍ មុខវត្តកែវសិក្ខាគិរីស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី។ (ប្រភព៖ ក្រសួងការពារជាតិ)
ម៉ោង ៧:១៥ ព្រឹក៖ យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃក៏នៅតែបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ (ប្រភព៖ ក្រសួងការពារជាតិ)
ម៉ោង ៧:0៥ ព្រឹក៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនជួរមុខ ដែលកំពុងសម្រាក និងព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងឱកាសដែលលោកអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥។
ម៉ោង ៦:៤៥ ព្រឹក៖ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិសូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា ផែនទី ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព ទីតាំងឈរជើង លេណដ្ឋាន (ត្រង់សេ) ជំរំជម្រក ការចល័តសព្វាវុធ ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
ម៉ោង ៥:៣០ ល្ងាច៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារជាជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីការផ្ទុះឡើងនៃព្រំដែនកាលពីថ្ងៃចន្ទ នៅក្នុងហ្វេសប៊ុកមួយ ថា ភារកិច្ចចម្បង និងចំពោះមុខរបស់រដ្ឋាភិបាលគឺ «ការការពារប្រជាជន និងការការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា»។
លោកបានអំពាវនាវដល់ «គ្រប់ក្រសួង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ»។
ម៉ោង ៥:១៥ រសៀល៖ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរសារក្នុងតេឡេក្រាមរបស់លោកថា មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃអនុធីនដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនៅឡើយ។
លោកបានបន្តទៀតថា ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភក្ដិដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។
លោកបានបន្ថែមថា៖ «យើងយល់ពីការស្រឡាញ់ជាតិតែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ»។
ម៉ោង ៣:៥៥ រសៀល៖ លោក Will Parks តំណាងអង្គការ UNICEF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទីភ្នាក់ងារនេះកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតាមព្រំដែន និងធ្វើការជាមួយអាជ្ញាធរ ដើម្បីវាយតម្លៃតម្រូវការ និងផ្តល់ការគាំទ្រចាំបាច់ដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់។
លោកបានថ្លែងថា៖ «កុមារត្រូវតែទទួលបានការការពារគ្រប់ពេលវេលា ហើយសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេត្រូវតែត្រូវបានផ្តល់អាទិភាព»។
ម៉ោង ៣:៥០ រសៀល៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា របាយការណ៍ដំបូងៗពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បង្ហាញថា ជនស៊ីវិលកម្ពុជាចំនួន ៤នាក់បានស្លាប់ និង ៩នាក់រងរបួស ដោយមានប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ។
ម៉ោង ៣:៤៨ រសៀល៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់អតិបរមា និងបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់។
លោកបានមានប្រសាសន៍ថា៖ «តំបន់របស់យើងមិនអាចទ្រាំទ្រនឹងការប្រឈមមុខដាក់គ្នាឡើងវិញបានទេ – អាទិភាពឥឡូវនេះគឺការការពារជនស៊ីវិល និងវិលត្រឡប់ទៅរកការសន្ទនាវិញ»។
ម៉ោង ៣:៤៥ រសៀល៖ យោងតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀននៅទូទាំងខេត្តជាប់ព្រំដែនចំនួនបួន រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងពោធិ៍សាត់ ឥឡូវនេះត្រូវបានបិទ។ ក្រសួងបានលើកឡើងថា វាបានប៉ះពាល់ដល់គ្រូបង្រៀនចំនួន ៣ ១៩៧នាក់ សិស្សចំនួន ៧៨ ៥៨៥នាក់ និងសាលារៀនចំនួន ៣៧៧។
ម៉ោង ៣:៤០ រសៀល៖ មាស សុខុម ជាអ្នកភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដែលប្រទេសថៃអះអាងថាជាទឹកដីរបស់ខ្លួន និងជាកន្លែងដែលមានការប៉ះទង្គិចគ្នាបានកើតឡើង បានប្រាប់ សារព័ត៌មានខេមបូចា ថា ក្រុមគ្រួសាររបស់គាត់ និងអ្នកដទៃទៀតជាច្រើនបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នា និងការបាញ់ប្រហារតាមអាកាសរបស់ថៃ។ ពួកគេកំពុងជម្លៀសទៅកាន់វត្តមួយដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ។
អ្នកស្រីបាននិយាយថា៖ «យើងកំពុងចាកចេញពីស្រុកកំណើតរបស់យើងទៅកាន់ជំរំសុវត្ថិភាពឥឡូវនេះ។ យើងនៅតែអាចឮសំឡេងផ្ទុះ និងឃើញផ្សែង។ គ្មានអ្នកភូមិណាម្នាក់ស្នាក់នៅទៀតទេ ហើយយើងមិនទាន់បានឃើញទាហានរបស់យើងតបតរហូតមកដល់ពេលនេះទេ»។
ម៉ោង ៣:៣០ រសៀល៖ លោក ប៉ុល ឆាំ អ្នកកាសែតមកពីសារព័ត៌មាន White Horse News បានរងរបួសដោយសារការបាញ់ប្រហាររបស់ថៃនៅជិតឃុំគោកមន ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីៗនៅតាមព្រំដែនកាលពីថ្ងៃចន្ទ នេះបើយោងតាមកូនស្រីរបស់លោកឈ្មោះ ស៊ាន រដ្ឋា បានប្រាប់ក្រុមស្រាវជ្រាវ និងតស៊ូមតិរបស់ ខេមបូចា។
លោក ប៉ុល ឆាំ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពខេត្ត ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គិតត្រឹមម៉ោង ១:៣៦ រសៀល យោធាថៃបានបើកការវាយប្រហារទៅលើជនស៊ីវិលនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេបានប្រើប្រាស់អាវុធតូច និងធំ។ យោងតាមក្រសួងការពារជាតិ។
យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅព្រលានថ្ម និងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ នៅរសៀលថ្ងៃទី៧ ខែធ្នូ និងព្រឹកថ្ងៃទី៨ ខែធ្នូ ចាប់ពីវេលាម៉ោងប្រមាណ ៥:០៤នាទី ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចម្ការចេក ហើយការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា។
លោកស្រី សុជាតា បានលើកឡើងថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។
ក្រសួងការពារជាតិកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះ នៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។
កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញសារនៅព្រឹកថ្ងៃទី៨ ខែធ្នូ ថា កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញកងទ័ពកម្ពុជាឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់ៗគ្នា។
លោក ហ៊ុន សែន បានថ្លែងថា៖ «សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព»។ លោកបន្តថា៖ «ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន»។
អ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់គាត់ថា ស្ថានភាពប្រជាពលរដ្ឋកំពុងជម្លៀសចេញពីផ្ទះសម្បែងទៅរកទីកន្លែងមានសុវត្ថិភាព ព្រឹកថ្ងៃទី៨ ខែធ្នូ ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីកម្លាំងយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនមួយចំនួនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចាប់ផ្តើមបិទទ្ធារ ដោយសារកងទ័ពថៃបានបើកការវាយប្រហារ។
យោងតាមកាសែតរបស់ថៃលើកឡើងថា កងទ័ពថៃបានចោទកម្ពុជាថា បានបើកការប្រហារលើកងទ័ពថៃមុន។ ប៉ុន្តែកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ថៃ ហើយបានលើកឡើងថា កងទ័ពថាបានបើកការវាយប្រហារលើកងទ័ពកម្ពុជា។
យោងតាមសារព័ត៌មាន AP បានសរសេរថា ថៃបានបើកវាយប្រហារពីអាកាសនៅតាមបណ្តោយជម្លោះព្រំដែនជាមួយកម្ពុជា៕








