ខេត្តព្រះវិហារ៖ លោក សាម សាក់ ឈរនៅចំកណ្តាលដីវាលដែលឈូសឆាយយ៉ាងរាបស្មើ ហ៊ុំព័ទ្ធដោយដើមដំឡូងមីដែលដាំរួចឈរច្រូងច្រាងហាក់បីដូចដងទង់ជាតិ ដើម្បីក្លាយជាចម្ការនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
លោក សាក់ បាននិយាយដោយចង្អុលទៅចម្ការដំឡូងមីនៅជាប់គ្នារដឹក ដែលបានឈូសឆាយ និងដាំដំឡូងមីភាគច្រើនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយព័ទ្ធជុំវិញដោយដើមឈើដុះរបោះៗថា៖ «នេះគឺសុទ្ធតែជាតំបន់អភិរក្សការពារ។ កាលពីមុន មានសុទ្ធតែព្រៃ» ។
ការពង្រីកដីដាំដំឡូងមីបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរដ៏ធំធេង និងកំពុងកើតមាននៅក្នុងតំបន់ព្រៃឈើអាស៊ីអាគ្នេយ៍ដីគោក។ ដោយជំរុញដោយកំណើននៃឥណទាន និងតម្រូវការខាងទីផ្សារនោះ ការដាំដុះដំណាំលក់យកប្រាក់កាន់តែច្រើនឡើង ដូចជាដំឡូងមី គឺបង្កឲ្យមានការប្រឈមមុខដ៏ស្មុគស្មាញ និងមិនអាចដោះស្រាយបាននៅឡើយចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងតំបន់ការពាររបស់កម្ពុជា។ ទន្ទឹមនឹងនោះ វាក៏ជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើដោយកសិករមានដីតិចតួច គឺប្រហែល ១០ ហិកតា ឬតិចជាងនេះដែរ។
ជាមេភូមិព្រៃវែង លោក សាក់ ធ្លាប់ជាសមាជិកនៃកម្មវិធីស្រូវត្រយង (IBIS Rice) ដែលទទួលបានមូលនិធិពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងទីភ្នាក់ងារជំនួយអាមេរិក USAID។ កម្មវិធីអភិរក្ស និងជីវភាពជនបទបានមកដល់សហគមន៍ព្រៃវែងក្នុងឆ្នាំ ២០០៨ ដោយសន្យាផ្តល់ឲ្យកសិករនូវតម្លៃស្រូវខ្ពស់ជាងតម្លៃទីផ្សារ និងមានអត្ថប្រយោជន៍ផ្សេងទៀតដល់សហគមន៍ ដរាបណាកសិករប្រកាន់ខ្ជាប់នូវបច្ចេកទេសដាំដុះស្រូវសរីរាង្គ និងមិនកាប់រានដីព្រៃឈើបន្ថែមទៀតទេ។
យោងតាមតំណាងស្រូវត្រយងរបស់សហគមន៍ មានកសិករ ៨៩គ្រួសារក្នុងចំណោម កសិករភូមិព្រៃវែង១៥០គ្រួសារ ធ្លាប់ជាអ្នកផ្គត់ផ្គង់ស្រូវត្រយង ប៉ុន្តែកាលពីឆ្នាំមុនមានតែ៦គ្រួសារប៉ុណ្ណោះដែលបានរួមចំណែកផ្តល់ស្រូវសរីរាង្គ។ កសិករភូមិព្រៃវែងជាង ៧៥% បានឈប់ចូលរួមក្នុងកម្មវិធី ឬត្រូវបានបណ្ដេញចេញពីកម្មវិធីនេះចាប់តាំងពីមានការចូលរួមច្រើនកុះករក្នុងឆ្នាំ ២០១៥នោះមក។
កសិករទាំងនេះ រួមទាំងលោកសាក់ផង បានលែងធានាលក់អង្ករសរីរាង្គទៅឱ្យកម្មវិធី ស្រូវត្រយង ដោយសារតែពួកគេយល់ឃើញថាអាចរកប្រាក់កម្រៃបានបន្ថែមទៀត ដោយដាំដំឡូងមី។ ពួកគេបានបោះបង់ចោលការប្រើបច្ចេកទេសខ្លាំងក្នុងការដាំស្រូវសរីរាង្គ ដែលត្រូវបានផ្សព្វផ្សាយដោយកម្មវិធីស្រូវត្រយង ដោយពួកគេផ្តោតលើការដាំដុះបានលឿនដោយប្រើប្រាស់ថ្នាំសម្លាប់ស្មៅ ពោលគឺវាខុសនឹងគោលនយោបាយរបស់កម្មវិធីស្រូវត្រយង ប៉ុន្តែការណ៍នេះធ្វើឱ្យកសិករមានពេលច្រើនក្នុងការដាំដុះដំណាំលក់យកប្រាក់ ជាពិសេសដំឡូងមី។
លោកសាក់ បាននិយាយថា៖ «ខ្ញុំបានឈូសឆាយដីចម្ការដាំដំឡូងមីនៅឆ្នាំ ២០១៧ ហើយគេថាខ្ញុំឈូសឆាយដីព្រៃ។ នៅពេលខ្ញុំចាប់ផ្តើមដាំ ខ្ញុំបំពានលក្ខខណ្ឌរបស់អង្គការ។ ខ្ញុំបានរុករានដី និងពង្រីកដីចម្ការបស់ខ្ញុំបន្ថែមទៀត។ ៩០%នៃកសិករ [នៅក្នុងភូមិព្រៃវែង] បានពង្រីកដីចម្ការរបស់ពួកគេ»។
ការពង្រីកដីចម្ការរបស់កសិករខ្នាតតូចតាមរយៈការរុករានដីព្រៃឈើបានធ្វើឱ្យកាន់តែងាយស្រួល ដោយសារតែកំណើននៃកម្ចីមីក្រូហិរញ្ញវត្ថុដែលងាយរកបានដោយកសិកររស់នៅក្នុងតំបន់ការពារនានា។ ការផ្តល់មីក្រូហិរញ្ញវត្ថុត្រូវបានគាំទ្រដោយមូលនិធិរាប់សិបលានដុល្លារពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចផ្សេងទៀត ដ្បឹតរដ្ឋាភិបាលទាំងនោះព្យាយាមផ្សព្វផ្សាយកម្មវិធីអភិរក្សនៅក្នុងតំបន់អភិរក្សទាំងនោះ។ ការសិក្សាដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID ហើយបានចេញផ្សាយជាសាធារណៈកាលពីដើមឆ្នាំនេះ បានបង្ហាញឲ្យឃើញពីភាពជំពាក់ជំពិនគ្នានៃមីក្រូហិរញ្ញវត្ថុ ការធ្វើចំណាកស្រុក ការកាប់បំផ្លាញព្រៃឈើ ការដាំដំណាំលក់យកប្រាក់ និងកត្តាជាច្រើន ដែលផ្លាស់ប្តូរការប្រើប្រាស់ដីធ្លីនៅក្នុងភូមិព្រៃវែង និងភូមិជាប់គ្នា គឺភូមិសំបូរក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
ក្រុមហ៊ុន IBIS Rice ដំណើរការនៅក្នុងភូមិចំនួន ៤៩ ផ្សេងៗគ្នា ហើយភូមិភាគច្រើនមិនមានកសិករច្រើនឈប់ពីសមាជិកសហគមន៍ទេ ទំនងជាដោយសារតែកសិករមានកំណត់ដោយកត្តាភូមិសាស្ត្រនៃស្រែតំបន់វាលទំនាបរបស់ពួកគេ។ នៅក្នុងភូមិព្រៃវែង និងភូមិសំបួរមានដីតំបន់ខ្ពង់រាបសម្បូរដោយជីជាតិ ដែលរួចផុតពីទឹកជំនន់ជន់លិចក្នុងរដូវវស្សា បានបង្កើតឱកាសកាន់តែច្រើនសម្រាប់កសិករមិនដាំដំឡូងមី។ ស្ថានភាពទូទៅនៃអសន្តិសុខដីធ្លីដោយសារតែការរំលោភយកដីធ្លីយ៉ាងផុលផុសពីអ្នកខាងក្រៅ គឺបានរួមចំណែកដល់ការបណ្តេញកសិករចេញពីគម្រោងកាន់តែច្រើន ព្រោះសមាជិកស្រូវត្រយង និងអ្នកភូមិជិតខាងរបស់ពួកគេព្យាយាមពង្រីកដីធ្លីឲ្យកាន់តែបានច្រើនបន្ថែមទៀត។ ប៉ុន្តែមូលហេតុដែលនៅពីក្រោយការធ្លាក់ចុះនៃ សមាជិកស្រូវត្រយង នៅក្នុងភូមិទាំងពីរ នៅតែបង្ហាញពីបញ្ហាកាន់តែរីករាលដាលដែលកើតឡើងនៅក្នុងតំបន់ការពារនានា។
Emiel de Lange អ្នកដឹកនាំការសិក្សា និងជាទីប្រឹក្សាបច្ចេកទេសផ្នែកផលប៉ះពាល់អភិរក្សរបស់អង្គការ WCS បាននិយាយថា៖ «បញ្ហាសំខាន់ដែលបានរកឃើញនៅទីនេះកំពុងកើតឡើងនៅទូទាំងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ នៅក្នុងតំបន់ជាច្រើន ការពង្រីកកសិកម្មដោយកសិករខ្នាតតូច គឺជាមូលហេតុចម្បងនៃការកាប់បំផ្លាញព្រៃឈើ ហើយលទ្ធភាពទទួលបានប្រាក់កម្ចី ក៏ជាកត្តាសំខាន់ក្នុងការពង្រីកដីកសិកម្មនេះដែរ ដ្បឹតប្រាក់កម្ចីត្រូវបានផ្តល់ឲ្យ ដោយគេមិនបានគិតដល់ច្បាប់ស្តីពីតំបន់ការពារធម្មជាតិរបស់ [កម្ពុជា]ទេ»។
មានមូលហេតុចម្បងជាច្រើននៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ កសិកម្មដែលជំរុញដោយផលិតផលទ្រង់ទ្រាយធំ ជាពិសេសពីសម្បទានដីសេដ្ឋកិច្ចដែលផ្តល់ដោយរដ្ឋាភិបាលចំនួនជាង ២០០កន្លែង ដែលលាតសន្ធឹងលើផ្ទៃដី២លានហិកតា បានបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងហោចណាស់១ភាគបីនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ហើយក្រុមចាត់តាំងកាប់ឈើខុសច្បាប់ ដែលជារឿយៗមានទំនាក់ទំនងជាមួយសម្បទានដីសេដ្ឋកិច្ចទាំងនេះ គឺបានបំផ្លិចបំផ្លាញតំបន់ព្រៃការពារធម្មជាតិ ដោយគ្មានទោសទណ្ឌដែរ។ កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ១៥៥ ០០០ ហិកតាក្នុងមួយឆ្នាំៗចាប់តាំងពីឆ្នាំ ២០១១។
ប៉ុន្តែចាប់តាំងពីការផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២មក កសិករខ្នាតតូចត្រូវបានគេជឿថាបានក្លាយជាមូលហេតុនៃការកាប់បំផ្លាញព្រៃឈើកាន់តែច្រើនក្នុងទសវត្សរ៍កន្លងមកនេះ ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ ដោយធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះតែកង្វះសិទ្ធិកាន់កាប់ដីធ្លីជាអាទិរបស់កម្ពុជាសម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ការរីកដុះដាល និងការធ្លាក់ចុះនៃការដាំដំណាំលក់យកប្រាក់ កំពុងលើកទឹកចិត្តដល់កសិករខ្នាតតូច ដើម្បីរុករានដី ដែលជំរុញដោយកំណើននៃតម្រូវការដំឡូងមីជាសាកល និងកំណើននៃលទ្ធភាពទទួលបានឥណទានមីក្រូហិរញ្ញវត្ថុ។
Sango Mahanty អ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិអូស្ត្រាលីដែលផ្តោតលើការផ្លាស់ប្តូរបរិស្ថានបាននិយាយថា៖ «វាមិនមែនគ្រាន់តែកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺរឿងទាំងនេះកំពុងកើតឡើងនៅទូទាំងអាស៊ីអាគ្នេយ៍ដីគោក។ វាជាផ្នែកជាច្រើននៃដំណើរការទីផ្សារដ៏ទូលំទូលាយ ដែលកំពុងតែកើតឡើង» ។
ការកើនឡើង និងការដួលរលំនៃស្រូវត្រយង (IBIS Rice) នៅក្នុងភូមិព្រំដែន
នៅពេលដែលកម្មវិធីស្រូវត្រយង បានមកដល់ភូមិព្រៃវែងក្នុងឆ្នាំ២០០៨ អ្នកភូមិបានអបអរសាទរ។ ស្ថិតនៅតំបន់ដាច់ស្រយាលមួយដែលបានចាត់ជាព្រៃការពារធម្មជាតិតាំងពីឆ្នាំ១៩៩៣នោះ ភូមិនេះមានផ្លូវចេញចូលគ្រលុកគ្រលាក់ ដែលមានន័យថាកសិករត្រូវបានបង្ខំឱ្យទទួលយកតម្លៃស្រូវថោកកំណត់ដោយឈ្មួញដែលធ្វើដំណើរមកដល់ភូមិនេះ។ ឥឡូវនេះ ពួកគេត្រូវបានផ្តល់ជូនតម្លៃទីផ្សារទ្វេដងសម្រាប់កសិផលរបស់ពួកគេ។
យោងតាមការសិក្សារបស់ លោក ដឺឡង់ (de Lange) ការដោះដូរមានន័យថា ពួកគេទទួលយកគោលការណ៍អភិរក្សរបស់អង្គការ។ ដោយអនុវត្តតាមសំណើទាមទារកាន់កាប់ដីតាមទំនៀមទម្លាប់របស់អ្នកភូមិនោះ មន្ទីរបរិស្ថានខេត្តបានគូសផែនទីលើផ្ទៃដី ៨.៤២៤ ហិកតា ជាតំបន់សហគមន៍បណ្ដោះអាសន្នក្នុងតំបន់ការពារធម្មជាតិ។ តំបន់នេះហ៊ុំព័ទ្ធភូមិពីរ និងដីស្រែតាមទំនៀមទម្លាប់របស់ពួកគេ ដោយពង្រឹងសិទ្ធិកាន់កាប់ដីធ្លីដែលមានស្រាប់របស់គេ និងហាមឃាត់មិនឲ្យអភិវឌ្ឍបន្ថែមទៀតដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលលើផ្ទៃដីព្រៃឈើជាង ៦៧០០ ហិកតា។
យោងតាមទិន្នន័យរបស់ស្រូវត្រយង ដែលបានផ្តល់ឲ្យ ខេមបូចា ក្នុងរយៈពេលមួយឆ្នាំ កម្មវិធីស្រូវត្រយង បានកើនឡើងដល់កសិករជាង៨០ នាក់ ជាងពាក់កណ្តាលភូមិ ហើយអត្រាចូលរួមមានកម្រិតខ្ពស់រហូតដល់ប្រហែលឆ្នាំ ២០១៧ ទើបមានការធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺនៅសល់ត្រឹមតែ ១៨ សមាជិកប៉ុណ្ណោះ ។ នៅពេលនោះ ដំឡូងមីត្រូវបានដាំដោយជនចំណាកស្រុកមកពីខេត្តកំពង់ចាម និងខេត្តក្រដីធ្លីដទៃទៀត។
ទោះត្រូវជាប់ទាក់ទងនឹងទីផ្សារពិភពលោកដែលមិនស្ថិតស្ថេរក៏ដោយ ក៏ដំឡូងមីជាដំណាំលក់ជាប្រាក់ដ៏ល្អមួយប្រភេទ ព្រោះគេអាចដាំវាយ៉ាងងាយស្រួលដោយប្រើដើមចាស់ៗ ហើយមើមដំឡុងមីនឹងអាចប្រមូលផលបានក្នុងរយៈពេលមួយឆ្នាំ ដែលផ្តល់ផលចំណេញរាល់ឆ្នាំលើការវិនិយោគរបស់កសិករ ពោលគឺវាខុសគ្នាពីការដាំស្វាយចន្ទី ឬកៅស៊ូ ដែលកសិករត្រូវចំណាយលុយច្រើន ដើម្បីថែទាំ និងត្រូវរង់ចាំជាច្រើនឆ្នាំ មុននឹងទទួលបានចំណេញ។ រោងចក្រថៃ និងវៀតណាមកែច្នៃដំឡូងមីរបស់កម្ពុជាភាគច្រើន មុននឹងដឹកជញ្ជូនទៅរោងចក្រចិន ដើម្បីផលិតជាម្សៅមី ម្សៅស៊ុប ជីវឥន្ធនៈ អេតាណុល និងសារធាតុផ្សំផ្សេងទៀតដូចជា ជាតិផ្អែម និងស៊ីរ៉ូជាដើម។ កម្ពុជាស្ថិតក្នុងបណ្តាប្រទេសផលិតដំឡូងមីលំដាប់កំពូលរបស់ពិភពលោក។ អង្គការសហប្រជាជាតិក៏បានព្យាយាមបង្កើនទិន្នផលរបស់កម្ពុជាផងដែរ។
ដំណាំប្រភេទនេះមានការពេញនិយមយ៉ាងខ្លាំងជុំវិញភូមិព្រៃវែង សូម្បីតែឧទ្យានុក្សក្រសួងបរិស្ថានក៏ដាំដំឡូងមីនៅខាងក្រៅស្នាក់ការ ដើម្បីរកប្រាក់ចំណូលបន្ថែមដែរ។ គំនរដើមដំឡូងមីចងជាបាច់ៗ ដែលកំពុងរង់ចាំការដាំ ឃើញបញ្ឈរនៅពាសពេញភូមិ។
លោក ឆន ឈីម អ្នកសម្របសម្រួលស្រូវត្រយង ប្រចាំភូមិព្រៃវែង បាននិយាយថា៖ «ប្រជាជនចាប់អារម្មណ៍លើការអភិរក្ស ហើយពួកគេយកចិត្តទុកដាក់លើការការពារ ប៉ុន្តែពួកគេត្រូវតែជួយខ្លួនឯងជាមុនសិន ដោយមានអាហារហូបគ្រប់គ្រាន់ និងជីវភាពសមរម្យ»។
លោកទទួលស្គាល់ថា អ្នកភូមិភាគច្រើនដាំដំឡូងមីនៅក្នុងភូមិលោក។ កសិកររកចំណូលបានប្រហែល ៥០០ ដុល្លារសម្រាប់អង្ករសរីរាង្គមួយតោន ធៀបនឹងប្រហែល ២០០ ដុល្លារសម្រាប់អង្ករធម្មតា និងដំឡូងមីមួយតោន។ ស្រូវសរីរាង្គមួយហិកតាអាចប្រមូលផលបានប្រហែលពីរទៅបីតោន ចំណែកឯដំឡូងមីមួយហិកតាផ្តល់ទិន្នផលរហូតដល់១៣តោន ដោយអាស្រ័យលើគុណភាពដី។
អ្វីដែលកសិករក្រីក្រភាគច្រើននៅជនបទ ជ្រើសរើសយកប្រភេទដំណាំដាំដុះ គឺមានន័យថាការរកចំណូលបានខុសគ្នារាប់រយ ឬរាប់ពាន់ដុល្លារ នៅក្នុងប្រទេសដែលគេរកចំណូលប្រចាំឆ្នាំបានតិចជាង ២០០០ ដុល្លារក្នុងម្នាក់ៗ។ ប្រាក់ចំណេញកាន់តែច្រើនធ្វើឱ្យកសិករមានលទ្ធភាពបង់ថ្លៃព្យាបាល ចំណាយលើពិធីមង្គលការកូនចៅ ឲ្យកូនពួកគេបន្តរៀនសូត្របានកាន់តែយូរ ឬក៏សាងសង់ផ្ទះថ្មីផងដែរ។
កាលពីពីរឆ្នាំមុន អ្នកស្រី ហេង សុផា អាយុ ២១ ឆ្នាំ និងប្តីអ្នកស្រីត្រូវបានបណ្តេញចេញពីកម្មវិធីស្រូវត្រយង។ ពួកគេបានធ្វើស្រែលើដី ៣ ហិកតា និងបានកាប់រុករានដីព្រៃអស់កន្លះហិកតា ដើម្បីពង្រីកចម្ការដែលមានស្រាប់ទ្វេដង ឬកាប់ចម្ការនៅតំបន់ដីខ្ពស់ ហើយដាំដំឡូងមី។
អ្នកស្រី សុផា បាននិយាយថា ពួកគេនឹងកាប់ដើមឈើបន្ថែមទៀត ប៉ុន្តែនេះគ្រាន់តែជាទំហំដីដែលពួកគេធ្លាប់កាន់កាប់តាមលក្ខណៈទំនៀមទម្លាប់ក្រៅផ្លូវការរបស់ភូមិ ដែលបង្កើតឡើងនៅពេលដែលអ្នកភូមិវិលត្រឡប់មករស់នៅតំបន់នេះវិញ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះ។
តាមប្រពៃណី កសិករខ្មែរដូចជា សូផា បានធ្វើស្រែស្រូវសន្ទូងដោយប្រើកម្លាំងពលកម្មច្រើន ដែលគេត្រូវសាបសំណាបជាច្រើនខែ មុននឹងដកយកមកស្ទូងជាជួរៗក្នុងវាលស្រែដុះគ្របលើស្មៅ។ សម្រាប់ការស្ទូងសំណាបលើដីមួយហិកតា មនុស្សម្នាក់ត្រូវចំណាយពេលមួយខែ។
ប៉ុន្តែដោយមានការទាក់ទាញលើដំឡូងមី កសិករភូមិព្រៃវែងជាច្រើនបានងាកមកប្រើវិធីដាំដុះងាយៗទៅវិញ គឺព្រោះសំណាបក្នុងស្រែ រួចទុកឱ្យវាដុះតាមធម្មជាតិ ដោយមិនចាំបាច់ដកមកស្ទូងឡើងវិញទេ។ ការស្ទូងស្រូវបានធ្វើឱ្យកសិកររវល់នឹងស្រែរបស់ពួកគេអស់ជាច្រើនខែ ចំណែកឯស្រូវពង្រោះវិញ កសិករអាចបញ្ចប់កិច្ចការរបស់ខ្លួនត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។
ទោះបីប្រើកម្លាំងពលកម្មខ្លាំងក៏ដោយ ក៏ការដកស្ទូង គឺជាវិធីដែលកសិករចូលចិត្តប្រើជាយូរយារមកហើយ ព្រោះវាជាការប្រើប្រាស់ដោយប្រសិទ្ធភាពនូវគ្រាប់ពូជដ៏មានតម្លៃ ចំណែកឯស្រូវពង្រោះវិញងាយដុះលុបលើដោយស្មៅព្រោះគ្មានថ្នាំគីមីការពារ។ ទម្លាប់បែបនេះបានផ្លាស់ប្តូរសម្រាប់កសិករភូមិព្រៃវែង គួបផ្សំនឹងការមានលទ្ធភាពទិញថ្នាំបាញ់កម្ចាត់ស្មៅបន្តិចម្តងៗ និងការងាយទទួលបានប្រាក់កម្ចី ដើម្បីទិញថ្នាំគីមីទាំងនេះផង។
ដោយមានការបំផុសគំនិតពីអ្នកជិតខាង អ្នកស្រី សុផា និងប្តីបានខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុចំនួន ១០០០ ដុល្លារពី អេ អឹម ខេ កាលពីឆ្នាំមុន ដើម្បីទិញដើមដំឡូងមី ជី និងថ្នាំបាញ់កម្ចាត់ស្មៅ ដើម្បីជួយដល់ការធ្វើកសិកម្មរបស់ពួកគេ។ ចម្ការដំឡូងមីថ្មីត្រូវការពេលវេលា និងប្រាក់កម្ចី។ វាមានន័យថា ពួកគេត្រូវស្វែងរកការងារបន្ថែម ដើម្បីបានប្រាក់បង់ការប្រាក់ប្រចាំខែ។
អ្នកស្រី សុផា បាននិយាយថា៖ «សល់ពេលទំនេរក្រោយពីព្រោះស្រូវរួច យើងអាចស៊ីឈ្នួលធ្វើចម្ការឲ្យអ្នកដទៃតាមរដូវកាល ឬដកស្ទូងស្រែរបស់អ្នកដទៃ» ។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនត្រឡប់ទៅចូលរួមក្នុងកម្មវិធីរបស់អង្គការ [ស្រូវត្រយង]វិញទេ ព្រោះយើងនឹងមិនទទួលបានទិន្នផលច្រើន [ពីស្រូវសន្ទូង]ទេហើយយើងក៏គ្មានពេលជម្រះស្មៅដែរ។ បើយើងមិនប្រើថ្នាំគីមី [ថ្នាំសម្លាប់សត្វល្អិត និងថ្នាំកម្ចាត់ស្មៅ] ទេ សត្វល្អិតនឹងស៊ីស្រូវយើងអស់ ហើយមិនទទួលបានទិន្នផលទេ»។
ការផ្លាស់ប្តូរដូចគ្នានេះបានចាប់ផ្តើមកើតឡើងជាច្រើនឆ្នាំមុននៅក្នុងភូមិសំបូរ ដែលមានទីតាំងនៅជិតទីប្រជុំជន ហើយកសិករនៅភូមិទាំងពីរបានបង្ហាញហេតុផលដូចគ្នាថា ចូលចិត្តដាំដំឡូងមី និងស្រូវពង្រោះ ជាជាងការស្ទូងស្រូវសរីរាង្គដែលជំរុញដោយកម្មវិធីស្រូវត្រយង ។
អ្នកភូមិសំបូរ ឈ្មោះ ចាន់ ឡោម និងប្តីត្រូវបានបណ្តេញចេញពីកម្មវិធីស្រូវត្រយង កាលពីប្រាំឆ្នាំមុន បន្ទាប់ពីបានពង្រីកដីដាំស្រូវដោយខុសច្បាប់ ៤០ ម៉ែត្រចូលទៅក្នុងដីព្រៃ ដើម្បីជីវភាពគ្រួសារពួកគេ។ នៅក្នុងប្រព័ន្ធគ្រប់គ្រងដីធ្លីតាមប្រពៃណីរបស់សហគមន៍ គ្រួសារនីមួយៗត្រូវបានអនុញ្ញាតឱ្យពង្រីកក្បាលដីស្រែរបស់ពួកគេនៅពេលចាំបាច់។ កូនប្រុសរបស់អ្នកស្រីឡោម និងប្រពន្ធគាត់ខ្វះដីធ្វើស្រែចម្ការ បច្ចុប្បន្នបានបង្កើតហាងលក់គ្រឿងទេសមួយនៅកែងផ្លូវក្បែរផ្ទះរបស់អ្នកស្រីឡោម។
ចាប់តាំងពីពេលនោះមក អ្នកស្រី ឡោម បានខ្ចីប្រាក់ចំនួន ៥០០ ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីដាំដំឡូងមីរបស់អ្នកស្រីលើផ្ទៃដីចំនួន ២ ហិកតា ហើយថែមទាំងទិញថ្នាំកម្ចាត់សត្វល្អិត និងថ្នាំបាញ់ស្មៅសម្រាប់ស្រូវចំនួន ៣ ហិកតាដែលកាលពីមុនបម្រុងទុកដាំសម្រាប់កម្មវិធីស្រូវត្រយងផងដែរ ។
អ្នកស្រី ឡោម បាននិយាយថា៖ «យើងបានពង្រីកដីស្រែចម្ការ ព្រោះដីរបស់យើងតូចពេក។ ស្រូវមិនសូវបានទិន្នផលល្អសោះ ព្រោះមានស្មៅដុះច្រើនពេក»។
លោក សុជាតិ កែវ នាយកអង្គការស្រូវត្រយង ដែលជាដៃគូរបស់អង្គការសន្សំម្លប់ព្រៃ បានទទួលស្គាល់ថា ប្រជាជនក្នុងសហគមន៍ដូចជាភូមិព្រៃវែង ត្រូវគេរំពឹងថា មិនអាចប្រើវិធីស្ទូងស្រូវដោយដៃទៀតទេ។
លោក កែវ បាននិយាយថា៖ «ពលកម្មដោយមនុស្សមិនមែនជាអនាគតទៀតទេ។ យើងមិនអាចពឹងលើមនុស្សស្ទូងស្រូវទៀតទេ ព្រោះវាត្រូវចំណាយពេលវេលា និងកម្លាំងពលកម្មច្រើន»។
លោកបានបន្តថា អង្គការសន្សំម្លប់ព្រៃ និងស្រូវត្រយង កំពុងព្យាយាមជួយភូមិព្រៃវែង និងសហគមន៍ផ្សេងទៀតឲ្យទទួលបានគ្រឿងយន្ត ដើម្បីចំណេញពេលវេលា។ ពួកគេគ្រោងនឹងណែនាំឲ្យប្រើម៉ាស៊ីនស្ទូងផ្ទាល់ ភ្ជាប់នឹងត្រាក់ទ័រភ្ជួរដៃ ដើម្បីដាំគ្រាប់ស្រូវ និងម៉ាស៊ីនស្ទូង ដើម្បីស្ទូងសំណាបជាជួរយ៉ាងស្អាត។ ប៉ុន្តែម៉ាស៊ីនទាំងនេះមានតម្លៃថ្លៃដល់ទៅ ៦០០០ ដុល្លារសម្រាប់ម៉ាស៊ីនស្ទូងដែលប្រើម៉ូទ័ររអិល ទោះបីជាម៉ាស៊ីនប្រើទាញដោយដៃអាចមានតម្លៃត្រឹមតែ ២០០ ដុល្លារប៉ុណ្ណោះ។ លោក កែវបារម្ភថា ម៉ាស៊ីននឹងលំបាកជួសជុល ឬរកគ្រឿងបន្លាស់មិនបាន ប្រសិនបើវាខូច។
លោកបានបន្តថា៖ «នៅតំបន់ដាច់ស្រយាល កសិករមិនមានជំនាញប្រើម៉ាស៊ីនទេ ហើយការផ្លាស់ប្តូរឥរិយាបថត្រូវការពេលវេលា»។ លោកកត់សម្គាល់ថាគ្មានកសិករណាម្នាក់នៅភូមិព្រៃវែងឬសំបូរ កំពុងប្រើម៉ាស៊ីនប្រភេទនេះទេ។
ការកាប់បំផ្លាញព្រៃឈើ និងតួនាទីរបស់មីក្រូហិរញ្ញវត្ថុ
ទោះបីការធ្វើស្រែសរីរាង្គហាក់ដូចជាមិនអាចបំពេញតាមបំណងប្រាថ្នាផ្នែកសេដ្ឋកិច្ចរបស់កសិករជាច្រើននៅក្នុងភូមិព្រៃវែង និងសំបូរក៏ដោយ ក៏បង្ហាញឱ្យឃើញថា អត្រាប្រេវ៉ាឡង់នៃការផ្តល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុនៅក្នុងភូមិទាំងពីរជំរុញឱ្យមានការបាត់បង់ព្រៃឈើ និងជំរុញឱ្យកសិករងាកចេញពីការធ្វើកសិកម្មសរីរាង្គដែរ។
លោក ដឺឡង់ បាននិយាយថា ការពឹងផ្អែកកាន់តែខ្លាំងទៅលើប្រាក់កម្ចី គឺជាផ្នែកនៃដំណើរការផ្លាស់ប្តូរកសិកម្មរយៈពេលជាច្រើនទសវត្សរ៍ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក ដោយសារការធ្វើកសិកម្មលក្ខណៈគ្រួសារដែលកំណត់ដោយជំនួយពលកម្មពីកូនចៅ និងសាច់ញាតិរបស់ពួកគេ គឺត្រូវជំនួសដោយការដាំដំណាំលក់ជាប្រាក់ ដែលកំណត់ដោយការទទួលបានប្រាក់កម្ចីទៅវិញ។
ប៉ុន្តែកសិករដែលបានចូលរួមក្នុងកម្មវិធីស្រូវត្រយង បាននិយាយថា កំណែទម្រង់ គឺចាំបាច់ដើម្បីកាត់បន្ថយតួនាទីរបស់ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ក្នុងការគាំទ្រការរុករានដីខុសច្បាប់។ តាមកសិករភូមិព្រៃវែង និងសំបូរ អេស៊ីលីដា អេ អឹម ខេ ស្ថាបនា ធនាគារ Woori និងប្រាសាក់ សុទ្ធតែផ្តល់កម្ចីនៅភូមិទាំងនេះ។
លោក de Lange បានរកឃើញនៅក្នុងការសិក្សារបស់លោកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រមទទួលយកប័ណ្ណកម្មសិទ្ធិប្លង់ទន់នៅក្នុងតំបន់ការពារជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ទោះបីការអនុវត្តទាំងនេះជាទូទៅគឺខុសច្បាប់ក៏ដោយ ហើយលោក កែវ អ្នកភូមិ និងមេដឹកនាំភូមិក៏បានបញ្ជាក់ប្រាប់ ខេមបូចា ដូច្នេះដែរ។
ទោះបីជាមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យធ្វើកំណែទម្រង់ឧស្សាហកម្មនេះក៏ដោយ ក៏មានភាពមិនចុះសម្រុងគ្នាដែរ នៅពេលដែលម្ចាស់ជំនួយដែលផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបញ្ចូលសាច់ប្រាក់ទៅក្នុងឧស្សាហកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីស្រូវត្រយង ក៏បានចាក់បញ្ចូលប្រាក់រាប់លានដុល្លារចូលទៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដូចជាកម្ចីផ្ទាល់ចំនួន១២៥ លានដុល្លារដល់អេស៊ីលីដាក្នុងឆ្នាំ២០១៦ និង១៥ លានដុល្លារដល់ អេ អឹម ខេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរផ្សេងទៀតក្នុងឆ្នាំ ២០១៧ ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោកស្រី Stephanie Arzate បាននិយាយថា USAID ផ្តោតលើ “ការអភិរក្សព្រៃឈើ” ហើយថាមិនមានជំនួយថ្មីណាមួយត្រូវបានផ្តល់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេចាប់តាំងពីឆ្នាំមុន បន្ទាប់ពីមានរបាយការណ៍ជាបន្តបន្ទាប់ស្តីពីផលប៉ះពាល់អវិជ្ជមានរបស់ឧស្សាហកម្មនេះទៅលើសិទ្ធិមនុស្ស។ លោកស្រី Arzate មិនបានបញ្ជាក់ប្រាប់ឈ្មោះរបាយការណ៍ជាក់លាក់នោះ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់បានចេញផ្សាយការសិក្សាមួយកាលពីឆ្នាំមុនដែលបង្ហាញថា ឧស្សាហកម្មនេះបាននាំឱ្យមានការជំពាក់បំណុលវ័ណ្ឌក។ វាជារបាយការណ៍សំខាន់លើកទីមួយពីម្ចាស់ជំនួយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏សំខាន់។
អង្គការសមាគមអភិរក្សសត្វព្រៃ បានជំរុញឱ្យមានបទប្បញ្ញត្តិកាន់តែទូលំទូលាយលើឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមកកាន់ខេមបូចា ។អង្គការសមាគមអភិរក្សសត្វព្រៃបាននិយាយថា៖ «ការស្រាវជ្រាវនិងការវិភាគលើប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ និងការអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បង្កឲ្យមានបញ្ហាប្រឈមជាច្រើន ចំពោះកម្មវិធីស្រូវរបស់ IBIS WCS ដោយកត់សម្គាល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន “ផ្តល់អាទិភាពលើគោលដៅហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច ជាជាងទៅលើគោលដៅនិរន្តរភាព ឬការអភិរក្ស”។ WCS បានបន្ថែមថា ការអនុវត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនអាច “លើកកម្ពស់ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយដីព្រៃ និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដោយអចេតនានៅក្នុងតំបន់ការពារ”។
អង្គការសមាគមអភិរក្សសត្វព្រៃ បន្ថែមថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដែលកំពុងផ្លាស់ប្តូរ ដែលធ្វើឱ្យវាមានសារៈសំខាន់ក្នុងការផ្តល់អាទិភាពលើបទបញ្ញត្តិនៃការអនុវត្តប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការពិនិត្យផ្ចិតផ្ចង់នៅក្នុងតំបន់ការពារ»។
ក្នុងការឆ្លើយតបទៅនឹង ខេមបូចា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរដែលផ្តល់ប្រាក់កម្ចីឲ្យកសិករភូមិព្រៃវែង និងសំបូរ គឺ អេ អឹម ខេ និងអេស៊ីលីដា បានបដិសេធយ៉ាងដាច់អហង្ការថាមិនបានជាប់ពាក់ព័ន្ធនឹងការគាំទ្រការកាប់រានដីព្រៃ ឬសកម្មភាពខុសច្បាប់ណាមួយទេ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតដែលបង្ហាញថាបានផ្តល់កម្ចីនៅភូមិទាំងពីរមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា CMA នឹងពិនិត្យមើលការសិក្សារបស់ USAID ហើយថា CMA នៅតែ «ប្តេជ្ញាលុបបំបាត់រាល់គ្រោះថ្នាក់ដែលអាចបណ្តាលមកពីសេវាហិរញ្ញវត្ថុនៅកម្ពុជា»។ លោកបន្តថា អង្គការសមាគមអភិរក្សសត្វព្រៃ មិនបានទាក់ទងទៅ CMA ទេ។
លោក តុងងី និយាយថា៖ «ការផ្តល់កម្ចីដល់សកម្មភាពខុសច្បាប់ត្រូវបានហាមឃាត់ដោយច្បាប់។ វាមិនមានន័យទាល់តែសោះចំពោះធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ការកាប់បំផ្លាញព្រៃឈើ ឬសកម្មភាពខុសច្បាប់នោះទេ ព្រោះវានឹងបណ្តាលឱ្យមានហានិភ័យទាំងផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ»។
លោក អ៊ិន ចាន់នី នាយកប្រតិបត្តិអេស៊ីលីដា បាននិយាយថា៖ «យើងបានផ្តល់កម្ចីដល់អ្នកខ្ចីដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ហើយវាមិនពាក់ព័ន្ធនឹងព្រៃឈើទេ។ គោលការណ៏ប្រាក់កម្ចីរបស់យើងផ្តល់ឲ្យដើម្បីបង្កើនផលិតផល និងពង្រីកអាជីវកម្មរបស់ពួកគេប៉ុណ្ណោះ» ។
លោក កែវ និយាយថា សម្រាប់កសិករនៅក្នុងតំបន់ការពារ ដើម្បី “ពង្រីក” អាជីវកម្មរបស់ពួកគេ ជារឿយៗពួកគេត្រូវតែឈូសឆាយដីដោយខុសច្បាប់។ មតិបែបនេះមានការបញ្ជាក់ដោយអ្នកភូមិព្រៃវែង និងសំបូរ។ លោក កែវ អះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរពិនិត្យមើលផែនការអាជីវកម្មរបស់កសិករឱ្យបានហ្មត់ចត់ និងមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យមើល ថាតើពួកគេប្រើប្រាស់ប្រាក់កម្ចីយ៉ាងដូចម្តេច។
លោក កែវ បានបន្តថា៖ «អ្វីដែលយើងអាចមើលឃើញជាក់ស្តែង ប្រជាពលរដ្ឋទទួលបានកម្ចី និងវិនិយោគលើកសិកម្មនៅក្នុងតំបន់ការពារ។ ការវិនិយោគលើកសិកម្មនៅក្នុងតំបន់ការពារច្រើនតែវិនិយោគលើការកាប់បំផ្លាញព្រៃឈើ។ ដើម្បីបានដីធ្វើស្រែចម្ការ គឺត្រូវកាប់រានដី»។
ជនចំណាកស្រុកដាំដំណាំលក់យកប្រាក់
ការរីកដុះដាលនៃដំណាំដំឡូងមីនៅជុំវិញភូមិព្រៃវែង និងភូមិសំបូរ បានទទួលឥទ្ធិពលពីលំហូរឥតឈប់ឈរនៃជនចំណាកស្រុកដែលចូលមករស់នៅក្នុងតំបន់នេះ ដែលផ្តល់កម្លាំងពលកម្មថោក ដើម្បីជួយដល់កសិករក្នុងស្រុកដាំដុះ និងប្រមូលផលពីស្រែចម្ការរបស់ពួកគេ។ ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុជារឿយៗផ្តល់ប្រាក់ឈ្នួលដល់ជនចំណាកស្រុក និងកម្មករតាមរដូវកាលទាំងនេះ។
ការធ្វើចំណាកស្រុកទៅកាន់តំបន់នេះ គឺជាផ្នែកមួយនៃនិន្នាការធំនៅទូទាំងប្រទេសកម្ពុជា ដោយសារប្រជាជនក្រីក្រនៅតាមជនបទរាប់រយរាប់ពាន់នាក់ព្យាយាមទទួលបានដីស្រែថោកៗនិងអាចរកទិញបាននៅតាមតំបន់ព្រៃឈើ។ ខណៈពេលដែលប្រជាជនកម្ពុជាជាច្រើនបានសម្រុកទៅទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀតដើម្បីស្វែងរកការងារធ្វើនៅក្នុងវិស័យសំណង់ និងរោងចក្រកាត់ដេរនោះ។ ការធ្វើចំណាកស្រុកភាគច្រើននៅក្នុងប្រទេសកម្ពុជា គឺកើតឡើងនៅតាមតំបន់ជនបទ រួមមានគ្រួសារដែលត្រូវចាកចេញពីផ្ទះសម្បែងដោយសារការរំលោភដីធ្លី ឬជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជាដើម។
លោក លន់ ម៉ិច អាយុ ៥២ ឆ្នាំ និងគ្រួសារគាត់មានសមាជិក ៧ នាក់ជាជនចំណាកស្រុកមកដល់ថ្មីៗ ក្នុងចំណោមជនចំណាកស្រុកផ្សេងទៀតនៅក្នុងជម្រកសត្វព្រៃគូលែនព្រហ្មទេព។ នៅរសៀលថ្ងៃមួយក្នុងខែមីនា ពួកគេបានសម្រាកនៅលើក្តារបន្ទះឈើតម្រៀបគ្នា ដោយក្រណាត់កៅស៊ូពីរផ្ទាំងគ្របពីលើដើម្បីការពារកម្តៅថ្ងៃ។ ពួកគេមានដីទំហំត្រឹមតែ២០ម៉ែត្រគុណនឹង៦០ម៉ែត្រប៉ុណ្ណោះ ដែលពួកគាត់បានទិញពីអ្នកភូមិព្រៃវែងក្នុងតម្លៃ៧០០ដុល្លារ។ លោក ម៉ិច បាននិយាយថា លោកបានដឹងថា មានដីទំនេរដោយលោកដឹកជញ្ជូនឈើងាប់ចេញពីខាងក្នុងតំបន់ការពារ។
គ្រួសារនេះបានធ្វើចំណាកស្រុកពីខេត្តសៀមរាបកាលពីខែធ្នូ។ ពួកគេស្ថិតក្នុងចំណោមជនចំណាកស្រុកដែលមករស់នៅក្នុងភូមិព្រៃវែងហៅថា “ទីក្រុងតង់ផ្លាស្ទិក” ដោយសារជម្រកប្រក់តង់កៅស៊ូរបស់ពួកគេ។ គ្រួសាររបស់លោក ម៉ិច រកចំណូលបាន ១៥ម៉ឺនរៀល ឬប្រហែល ៣៧ដុល្លារសម្រាប់ដកដំឡូងមីមួយតោន ពោលគឺម្នាក់ៗអាចចំណាយពេលប្រហែលមួយសប្តាហ៍។
លោក ម៉ិច បាននិយាយថា គ្រួសាររបស់គាត់បានអស់ដីអស់ធ្លី បន្ទាប់ពីបានខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដើម្បីសាងសង់ផ្ទះមួយខ្នងដែលមិនទាន់សង់រួចនៅក្នុងខេត្តសៀមរាប។ ឥឡូវនេះគាត់មានសុបិនចង់ទិញដីផ្ទាល់ខ្លួនរបស់គាត់ដើម្បីធ្វើកសិកម្ម ទោះបីជាគាត់ត្រូវនៅសងប្រាក់កម្ចីរបស់គាត់ចំនួន៣០០០ ដុល្លារឲ្យប្រាសាក់ក៏ដោយ។
លោក ម៉ិច បាននិយាយថា ៖ «ដីច្រើនជារបស់អ្នកភូមិ បើពួកគាត់ត្រូវការលក់ថោកៗ ហើយបើយើងមានលុយកាក់ គឺអាចទិញបាន។ ដីនៅទីនេះនៅថោកៗ»។
ប៉ុន្តែអ្នកជិតខាងរបស់គាត់ឈ្មោះ តុន អ៊ីម អាយុ ២៥ ឆ្នាំ បានចូលមករស់នៅទីក្រុងតង់កៅស៊ូជាមួយប្តីរបស់គាត់ ដើម្បីធ្វើស្រែចម្ការលើផ្ទៃដីមួយហិកតា ដែលពួកគេបានទទួលពីក្រុមគ្រួសាររបស់គាត់។ ដីតិចតួចប៉ុណ្ណឹងមិនអាចចញ្ចឹមខ្លួនរស់ទេ ហើយពួកគេសង្ឃឹមថានឹងមានដីបន្ថែមទៀត ខណៈដែលបន្តស៊ីឈ្នួលគេ។ អ្នកស្រីបានបន្តថា៖ «វាពិបាករកដី បើយើងគ្មានលុយកាក់ទិញ។
ដំឡូងមីមិនត្រឹមតែជំរុញឱ្យជនចំណាកស្រុកទៅកាន់ភូមិដែលមានស្រាប់ប៉ុណ្ណោះទេ វាថែមទាំងនាំទៅដល់ការបង្កើតសហគមន៍ថ្មីនៅក្នុងតំបន់ការពារធម្មជាតិ ដូចជាជម្រកសត្វព្រៃគូលែនព្រហ្មទេពដែរ។ ការសិក្សារបស់លោក ដឺឡង់ បានរកឃើញថា តាមដងផ្លូវពីភូមិព្រៃវែង មានប្រជាពលរដ្ឋប្រមាណ ១៥៥ គ្រួសារបានកាប់ឆ្ការរុករានព្រៃអស់រាប់រយហិកតាក្នុងទស្សវត្សរ៍ចុងក្រោយនេះ គឺភាគច្រើនសម្រាប់ដាំដំឡូងមី នៅក្នុងភូមិព្រៃគោល ស្តិតក្នុងតំបន់សហគមន៍ដែលបង្កើតដំបូងតាមរយៈស្រូវត្រយង។
ដីមួយចំនួនពីដើមជាកម្មសិទ្ធិរបស់កសិករក្នុងភូមិ ចំណែកឯដីពីមុនជាតំបន់ព្រៃឈើភាគច្រើនត្រូវបានលក់ទៅឱ្យជនចំណាកស្រុកដែលគ្មានដីធ្លីមកពីខេត្តផ្សេងៗដែលបានចូលមករស់នៅទីនោះ។ តាមកការសិក្សារបស់លោក ដឺឡង់ កសិករក្នុងភូមិជាច្រើនកាន់កាប់ដីមានជីជាតិ ចំណែកជនចំណាកស្រុកកាន់តែច្រើន មានអ្នកខ្លះត្រូវគេចោទថាមានជាប់ទាក់ទងនឹងឈ្មួញកណ្តាលមានទ្រព្យសម្បត្តិ គឺបានសម្រុកមកកាន់តំបន់នោះ។
លោក អាន ស៊ា អាយុ ៥៤ ឆ្នាំ ដែលដាំដំឡូងមីលើផ្ទៃដីជាច្រើនហិកតាដែលលោកបានទិញពីអ្នកភូមិសំបូរកាលពី១០ ឆ្នាំមុន បាននិយាយថា៖ «ខ្ញុំមិនមានដីស្រែទេ ហើយខ្ញុំឮថាមានដីច្រើននៅទីនេះ ខ្ញុំក៏មករកដីស្រែចម្ការ» ។
ទោះបីជាចម្ការព្រៃគោលភាគច្រើនពីដើមឡើយត្រូវបានឈូសឆាយដោយខុសច្បាប់ក៏ដោយ ក៏តំបន់នោះត្រូវបានអាជ្ញាធរទទួលស្គាល់ជាផ្លូវការថាជាអនុភូមិសំបូរដែរ។
លោក កែវ នៃអង្គការសន្សំម្លប់ព្រៃ បានអះអាងថា វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យគ្រួសារក្រីក្រ និងគ្មានដីធ្លីមានលទ្ធភាពទទួលបានដីធ្លី និងធ្វើឲ្យពួកគេទទួលបានកម្មសិទ្ធិស្របច្បាប់ ដរាបណាគេត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីធានាថា គ្រួសារទាំងនោះមិនលក់ដីរបស់ពួកគេទៅឲ្យឈ្មួញដែលឲ្យថ្លៃនោះទេ។
លោក កែវ និយាយថា៖ «យើងចង់ឃើញអ្នកគ្មានដី ឲ្យមានដីធ្លី ហើយយើងគាំទ្រប្រជាជនទាំងនោះ ពួកគេអាចនៅទីនេះ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និយាយថា មានសហគមន៍ប្រមាណ ២០០ ដែលត្រូវបានទទួលស្គាល់នៅក្នុងតំបន់ការពារ ហើយថាក្រសួងកំពុងដំណើរការលើការចុះបញ្ជី និងកំណត់តំបន់ដីនៅក្នុងតំបន់ការពារ។ ទាក់ទងនឹងការធ្វើស្រែសរីរាង្គ លោកបានថ្លែងថា មានការអនុវត្តបានជោគជ័យជាមួយសហគមន៍នៅក្នុងតំបន់ការពារក្នុងខេត្តព្រះវិហារ ហើយច្បាប់នឹងត្រូវអនុវត្តលើការទាមទារកាន់កាប់ដីធ្លីបន្ថែមទៀត។
ការស្វែងរកដំណោះស្រាយ
នាយកប្រតិបត្តិស្រូវត្រយង លោក Nick Spencer និយាយថា មិនមានចម្លើយ «ដំណោះស្រាយស័ក្តិសិទ្ធិ» ក្នុងការដោះស្រាយបញ្ហាជាច្រើនដែលជាដើមចមក្នុងការរីកដុះដាលនៃការដាំដំឡូងមី និងការផ្លាស់ប្តូរកសិកម្មដែលកំពុងកើតឡើងពេញជម្រកសត្វព្រៃគូលែនព្រហ្មទេពនោះទេ ហើយអត្រាខ្ពស់នៃការបោះបង់ចោលកម្មវិធីអភិរក្សរបស់កសិករនៅក្នុងភូមិព្រៃវែង និងភូមិសំបូរ គួរតែត្រូវបានចាត់ទុកជាឧទាហរណ៍ខ្លាំងជាងនេះ ។
លោក Spencer បាននិយាយថា៖ «យើងពិតជាមិនដើរចេញពីសហគមន៍ទាំងនេះទេ។ ប៉ុន្តែខ្ញុំគិតថាការផ្លាស់ប្តូរ គឺយើងអាចយល់ពួកគេបានល្អជាងមុន»។
លោកបានបន្តថា៖ «យើងពិតជាទៅធ្វើការនៅកន្លែងដែលវាពិបាកបំផុតសម្រាប់យើងដើម្បីទទួលបានជោគជ័យ»។ ដោយលោកបន្ថែមថា៖ «យើងចង់ប្រតិកម្មទៅនឹងការពិត។ យើងចង់មានដំណោះស្រាយដែលប្រើប្រាស់បានយូរសម្រាប់ប្រព័ន្ធផ្លាស់ប្តូរទាំងនេះ។ នៅកន្លែងខ្លះយើងមិនអាចតាមទាន់ ហើយនៅកន្លែងផ្សេងទៀតយើងពិតជាឃើញការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈមធ្យោបាយជាប់លាប់របស់យើង»។
យោងតាមទិន្នន័យក្រុមហ៊ុនដែលបានចែករំលែកជាមួយ ខេមបូចា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រូវត្រយងបានពង្រីកទៅកាន់ភូមិនានាក្នុងខេត្តចំនួនបីផ្សេងទៀត៖ ព្រៃឡង់ ខេត្តស្ទឹងត្រែង និងព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលមានភូមិជាច្រើនបានពង្រីកការចូលរួម ឬបញ្ចៀសអត្រានៃការបោះបង់ចោលគម្រោងអភិរក្សដ៏ច្រើនទៀតផង។ លទ្ធផលបានលាយឡំគ្នានៅភូមិនៃខេត្តព្រះវិហារដែលបានចូលរួមតាំងពីឆ្នាំ ២០១៦ ដោយមានភូមិប្រហែលប្រាំក្នុងចំណោមភូមិចំនួន ១២ មានការចូលរួមធ្លាក់ចុះដ៏គំហុក។
លោក Spencer បានសង្កត់ធ្ងន់ថា អត្រាខ្ពស់នៃការបណ្តេញចេញពីកម្មវិធីនៅក្នុងភូមិព្រៃវែង និងភូមិមួយចំនួនទៀត មានន័យថា ការឃ្លាំមើលរបស់កម្មវិធីដើម្បីធានាថាស្តង់ដារស្រូវសរីរាង្គមានដំណើរការបានត្រឹមត្រូវ។
លោក Spencer បាននិយាយថា៖ «យើងមិនចង់ចាប់ផ្តើមធ្វើការជាមួយដីដែលគេបានកាប់បំផ្លាញព្រៃឈើនាពេលថ្មីៗនេះទេ ។ អ្នកដឹងទេ នោះនឹងមិនមែនជាអ្វីដែលអ្នកប្រើប្រាស់របស់យើងរំពឹងទុកនោះទេ។ ហើយអ្នកមិនអាចបន្តផ្លាស់ប្តូរគោលដៅបានរហូតទេ»។
លោក Spencer បាននិយាយថា កម្មវិធីនេះអាចព្យាយាមបង្កើនផលចំណេញទៅលើដីស្រែចម្ការដែលមានស្រាប់ និងស្របច្បាប់ ដែលប្រជាជនមាន ដោយអនុញ្ញាតឱ្យដំណាំពេញនិយមផ្សេងទៀតចូលទៅក្នុងក្មវិធីស្រូវត្រយង ដូចជា រំដេង ស្ករត្នោត ល្ង ម្ទេស ខ្ញី ស្វាយចន្ទី និងដំឡូងមីជាដើម។
លោក Spencer បាននិយាយថា៖ «ក្តីសង្ឃឹមរបស់ខ្ញុំ គឺថាយើងអាចទទួលបានភាពសម្បូរបែបនៅក្នុងផលិតកម្មសម្រាប់គ្រឿងផ្សំការី IBIS Rice ។ ខ្ញុំគិតថា ភាពធន់ គឺស្ថិតនៅក្នុងការផលិតចម្រុះ»។
លោក Spencer បាននិយាយថា កម្មវិធីស្រូវត្រយង ក៏កំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយការជីកស្រះ ដើម្បីផ្តល់ឱ្យកសិករនូវលទ្ធភាពប្រើប្រាស់ទឹកក្នុងពេលមានគ្រោះរាំងស្ងួត និងពង្រីកការធានារ៉ាប់រងដំណាំ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបំណុល និងការដួលរលំផ្នែកហិរញ្ញវត្ថុ ក្នុងករណីដំណាំខាតបង់ដោយសារកត្តាធាតុអាកាសអាក្រក់។ លោកសង្ឃឹមថាការពង្រីកទីផ្សាររបស់ក្រុមហ៊ុនលោកនៅអឺរ៉ុប និងទីផ្សារពិភពលោកអាចធ្វើឲ្យតម្លៃកសិផលរបស់កសិករកាន់តែខ្ពស់ និងរក្សាកម្មវិធីឱ្យមានភាពទាក់ទាញ។
លោក Spencer បាននិយាយថា៖ «ប្រសិនបើវាជាការប្រៀបធៀបរវាងស្រូវត្រយង និងការកាប់បំផ្លាញព្រៃឈើគ្មានដែនកំណត់ និងផលិតកម្មដំឡូងមី យើងមិនអាចប្រកួតប្រជែងគ្នាបានទេ។ ខ្ញុំមិនគិតថានោះជាលទ្ធផលដែលនរណាម្នាក់ចង់បាននោះឡើយ ហើយខ្ញុំក៏មិនគិតថានោះជាខ្នាតគោលដែលយើងគួរតែកំណត់សម្រាប់ខ្លួនយើងនោះទេ» ។
ប៉ុន្តែសម្រាប់កសិករនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ការដោះដូររវាងការកាប់បំផ្លាញព្រៃឈើ និងការដាំដំឡូងមី ឬស្រូវសរីរាង្គ ដើម្បីទទួលបានប្រាក់ចំណេញទាប និងការងារលំបាក ហាក់ដូចជាមនុស្សជាច្រើនចូលចិត្តជម្រើសបច្ចុប្បន្នតែមួយគត់របស់ពួកគេ បើទោះបីជាព្រៃឈើកាន់តែរេចរឹល ហើយការធ្លាក់ចុះថ្លៃដំឡូងមីដែលមិនអាចជៀសរួច គឺអាចកើតឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ គឺគួបផ្សំនឹងដីដែលកាន់តែខ្សោះជីជាតិ ដែលបង្កឡើងដោយការប្រើប្រាស់ហួសកម្រិតនូវជីគីមី និងដីបំពុលដោយថ្នាំគីមី។
ឈ្មួញដំឡូងមីម្នាក់ឈ្មោះ សឿ រស្មី បាននិយាយថា ថ្មីៗនេះគាត់បានទិញដំឡូងមី ៦០០ តោន ឬ ច្រើនជាង២០ដងនៃទិន្នផលស្រូវសរីរាង្គត្រយងនៅឆ្នាំនោះពីភូមិព្រៃវែង។ គាត់អង្គុយផឹកតែនៅកន្លែងទិញរបស់គាត់នៅជិតព្រៃគោល ដែលស្ថិតនៅចំកណ្តាលដីការពារដែលត្រូវគេកាប់រានឆ្ការនៅគ្រប់ទិសទី។ លោករង់ចាំកសិករដឹកដំឡូងមីមកលក់ ហើយលោកនឹងដឹកទៅលក់នៅវៀតណាម។ លោកនិយាយថា សម្រាប់ពេលនេះ តម្រូវការហាក់ដូចជាគ្មានកំណត់ទេ។
ឈ្មួញរូបនេះនិយាយថា៖ «ដំឡូងមីទាំងអស់ដែលកសិករចង់លក់ ខ្ញុំនឹងទិញទាំងអស់»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ The Cassava-Boom Undermining a Leading Conservation Program