សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការអភិវឌ្ឍ​​​បាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ​ហាក់​មិនដើរ​ទៅមុខ ស្របពេល​ក្លិប​ធំៗ​បានក្ស័យ​​ធន​ជាបន្តបន្ទាប់

លោកគ្រូ នៃ ប៊ុនសុភ័ត្រា បានបង្ហាញពីក្បួនយុទ្ធសាស្ត្រលេងបាល់ទាត់ក្នុងសាលដល់កីឡាកររបស់ Lucky Futsal Club នៅ Rithy Jesda Arena កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)
លោកគ្រូ នៃ ប៊ុនសុភ័ត្រា បានបង្ហាញពីក្បួនយុទ្ធសាស្ត្រលេងបាល់ទាត់ក្នុងសាលដល់កីឡាកររបស់ Lucky Futsal Club នៅ Rithy Jesda Arena កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

សកម្មភាព​​ប្រកួត​​បាល់​ទាត់​ហ្វុតសាល(ក្នុងសាល)របស់មហាជន​​​នៅក្នុង​ប្រទេស​​កម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានគេ​មើល​ឃើញ​ថា មានភាព​ផុស​ផុល​ខ្លាំង​ ដោយមានទាំង​ការ​ប្រកួត​​ដណ្តើម​​ពានរង្វាន់​​ជា​លក្ខណៈ​ឯកជន និង​​​ការ​លេង​ដើម្បី​សុខភាព ហើយ​ទីលាន​បាល់​ទាត់​តារាងតូច​នេះ ក៏​មានបើក​ស្ទើរ​គ្រប់​ទី​កន្លែង​ផងដែរ ជាពិសេស​នៅរាជធានី​ភ្នំពេញ។

ប៉ុន្តែ ​ចំពោះ​​ការ​ប្រកួតបាល់​ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ហាក់មិនដំណើរ​ការ​បាន​ល្អ​នោះ​ទេ ហើយកំពុង​ដាំក្បាល​ចុះ​ផងដែរ បន្ទាប់ពី​ក្លិប​​បាល់​ទាត់​ហ្វុតសាល​​ធំៗមួយចំនួន បាន​បិទទ្វារជាបន្តបន្ទាប់​ ព្រោះ​​ក្ស័យ​ធន គ្មាន​អ្នក​ជួយ​ឧបត្ថម្ភ ហើយបញ្ហា​នេះ បានជះឥទ្ធិពល​មិន​ល្អនោះ​ឡើយ ក្នុងការ​ពង្រឹង​សមត្ថ​ភាព​ដល់​កីឡាករ សម្រាប់​ប្រកួតតំណាង​ឱ្យ​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ។

សម្រាប់​ការ​បាល់​ទាត់​ក្នុងសាល​ជម្រើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ ដែល​គេ​ប្រសិទ្ធ​នាម​ឈ្មោះ​ថ្មី​​ថា Tiger Futsal Cup នោះ គឺ​នៅតែ​មានចំនួនក្រុម​ចូលច្រើន ចន្លោះពី​១៥​ក្រុម​ឡើង​ទៅ ប៉ុន្តែ​ក្រុម​ដែល​បាន​ចូលរួមទាំង​នោះ បាន​រំសាយ​ទៅ​វិញជាបណ្តើរៗ ហើយជំនួស​វិញ​ដោយក្រុម​ថ្មី ដែលមិន​មាន​មូលដ្ឋានទ្រទ្រង់​រឹង​មាំ​ដូចគ្នា។

ជាក់ស្តែង​ក្រុម​មហាហង្ស និង ក្រុម​ The Blue Warrior ដែល​​​ធ្លាប់​ឈ្នះ​​ពានរង្វាន់ Tiger Futsal Cup កាលពី​ឆ្នាំ​២០២០ និងឆ្នាំ​២០២១ សុទ្ធតែ​បានរំសាយ​ក្រុម ព្រោះ​គ្មាន​លទ្ធភាព​បន្ត​បាន ចំណែក​ក្រុម​មួយចំនួនទៀត ក៏បានបាត់វត្តមាន​ពីការ​ប្រកួតក្នុងសាល​​ថ្នាក់ជាតិនេះ​ដូចគ្នា។ ចំណែក​ថ្មីៗ​នេះ ​ក្លិបបាល់​ទាត់​ដោនថោនស្ពត (Down Town Sports) ​ដែល​បង្កើតបាន​​ឡើងចូល​១០​ឆ្នាំ​មក​ហើយ​នោះ ក៏​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ ព្រោះ​ក្ស័យ​ធន់ផងដែរ។

គ្រប់គ្នា​នៅ​ក្នុងវិស័យបាល់​ទាត់​ក្នុងសាល មានការ​ភ្ញាក់​ផ្អើល​ខ្លាំង និងស្ទើរ​តែមិនចង់​ជឿ នៅពេល​ Down Town Sports បានប្រកាសពីការផ្អាក​ដំណើរ​ការ ព្រោះ​កន្លងមក​ក្លិបមួយ​នេះមាន​ភាព​រឹងមាំ​ទាំង​ការ​រៀបចំ​​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ និងការ​ប្រកួត ហើយជា​ក្លិប​តែមួយ​គត់ ដែល​ទទួល​បាន​លទ្ធផល​ល្អជាង​គេ សម្រាប់ការចេញ​ទៅប្រកួត​តំណាង​ឱ្យកម្ពុជា នៅ​ក្នុងតំបន់​អាស៊ាន។

មូលហេតុចម្បងនាំ​ឱ្យក្លិប​បាល់​ទាត់​ក្នុងសាល​នៅ​កម្ពុជា សម្រេច​បិទទ្វារបន្ត​កន្ទុយគ្នា

តែទោះបីជា​យ៉ាង​ណា  លោក ហ៊ល សុភ័ក្ដ្រ ស្ថាបនិកក្លិប​បាល់ទាត់ដោនថោនស្ពត ​បាន​ទម្លាយ​ថា លោកពិតជា​មិនអាច​ទ្រទ្រង់ការចំណាយ​បានទៅ​ទៀត​ទេ ព្រោះ​ក្នុង​១សប្តាហ៍​ក្លិប​ត្រូវ​ចំណាយ​ពី​៣០០ទៅ​៥០០ដុល្លារ ហើយក្នុង​​មួយខែៗ​​ចូលខ្ទង់​​២ពាន់​ដុល្លារ ខណៈ​​បច្ចុប្បន្ន Down Town Sports រក​មិនបានអ្នកឧបត្ថម្ភ និងសហការ​ទៀត​ទេ។

លោក​បាន​ថ្លែង​ថា៖ «ធម្មតា​យើងជា​អ្នក​ស្រលាញ់បាល់​ទាត់​ ហើយ​ខ្ញុំក៏​​បានបង្កើត​អាជីវកម្ម​ខាង​ផ្នែកបាល់​ទាត់នេះ​ អ៊ីចឹង​ខ្ញុំពិតជា​សោកស្តាយ និងមិនចង់​ឱ្យបាត់​បង់​ក្រុម បាត់​បង់​ការ​ប្រកួត​ប្រជែង​​នៅ​ក្នុងទី​លាន​នោះ​ទេ ប៉ុន្តែ​បញ្ហា​ចម្បង​វាពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​។ យើង​អត់​មាន​អ្នក​ឧបត្ថម្ភ អ្នក​សហការជួយ គឺ​យើងអត់​អាច​ទៅមុខបាន​ទៀត​​ទេ!»

សម្រាប់ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ក្លិប​ដោនថោនស្ពត​នេះ លោក ហ៊ល សុភ័ក្ដ្រ ចាត់​ទុក​ថា ជាសារ​ដ៏សំខាន់​មួយ ក្នុងការអំពាវ​នាវ​​ឱ្យ​អ្នក​ស្រឡាញ់បាល់​ទាត់​ហ្វុត​សាល​ មក​ជួយជំរុញ និងសហការ ដើម្បីឱ្យ​វិស័យ​បាល់​ទាត់​​ក្នុងសាល​របស់​​កម្ពុជា​​រស់​ឡើង​វិញ ដូច​វិស័យ​ប្រដាល់ និង​បាល់​ទាត់​តារាងធំជា​ដើម។

លោកបានបញ្ជាក់​ថា៖ «វិស័យបាល់​ទាត់​តារាងធំយើង​ដើរ​ហើយ ហើយ​វិស័យកីឡា​ផ្សេងៗ​ទៀត ដូចជា​ប្រដាល់​គុនខ្មែរ ក៏​ដើរទៅមុខ​ដែរ ប៉ុន្តែ​ដោយឡែក​បាល់​ទាត់​ក្នុងសាល​យើងឃើញ​ថា អត់​ទាន់​មាន​ក្រុមណា​ ដែល​លេចធ្លោ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ហ្នឹង​​​ដើរ​ទៅមុខទេ»។

លោក សុភ័ក្ត្រ លើកឡើងថា៖ «ខ្ញុំ​ខំ​វិនិយោគ​លើ​ការ​សាង​សង់​ទី​លាន​អស់​ច្រើន​ដែរ ដោយ​គិត​ថា ថ្ងៃ​ក្រោយ​នឹងមានការ​ប្រកួត​ប្រជែង​ជាលក្ខណៈ​តំបន់ ឬលក្ខណៈ​អន្តរជាតិ​ ប៉ុន្តែ ​ជាក់​ស្តែង​មួយ​រយៈ​នេះ យើងជួប​វិបត្តិ​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច​យើង​មិនសូវ​ល្អ ធ្វើ​ឱ្យ​យើង​បង្ខំ​ចិត្តផ្អាក​ជា​បណ្តោះ​​អាសន្ន ​តែបើ​យើង​មាន​ដៃគូ​សហការ​ល្អមក​វិញ យើងនឹង​ត្រឡប់មក​វិញ​ម្តង​ទៀត ហើយ​ខ្លាំង​ជាងមុន»

នៅមុន​ឈាន​ដល់ការ​ប្រកាស​ផ្អាក​ដំណើរ​ក្រុម​​ដោនថោនស្ពត​​នេះ លោក ហ៊ល សុភ័ក្ដ្រ បាន​អះអាង​ថា លោក​បានព្យាយាម​ទំនាក់ទំនង​ទៅ​ដល់​ក្រុមហ៊ុន និង​ក្រុម​បាល់​ទាត់ជា​ច្រើន​ដែរ ដើម្បី​ជួយ​ឧបត្ថម្ភ​ទៅដល់​ក្រុម​ដោនថោនស្ពត ប៉ុន្តែ​លោក​រក​មិនបាន​អ្នកគាំ​ទ្រទេ ព្រោះ​ខាង​គេ​ក៏​បានជួប​វិបត្តិហិរញ្ញវត្ថុ​ដូចគ្នា។

ស្ថាបនិក​ក្លិបរូបនេះ បានសង្កត់​ធ្ងន់​ថា៖ «នៅពេល​គេ​ផ្អាក​គ្រប់​គ្នា យើង​នៅបន្ត ​​ឃើញ​ថា កីឡាករ​យើង​​រាងខ្សោយ ព្រោះជា​ធម្ម​តា​​​គាត់​ត្រូវ​មាន​ថ្លៃ​សាំង និង​ថ្លៃ​កម្លាំង​ពលកម្មតិច​តួចដែរ តែនៅពេល​យើង​អត់​មាន​ឱ្យ​គាត់​គ្រប់​គ្រាន់ គាត់​ក៏​អត់​សូវ​លះបង់​កម្លាំង​កាយ​ចិត្ត​ពេញ​ មក​លេង​ដូច​មុន​ដូចគ្នា ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ទៅថ្ងៃមុខ​នឹងមាន​ក្រុមល្អ ឬក៏​មាន​​អ្នកស្រលាញ់​បាល់​ទាត់ជួយ​ឱ្យ​វិស័យបាល់​ទាត់​ក្នុង​​សាល​​រីកមក​វិញ»

ចំណែក​លោក យិន សុខុម ជាអគ្គលេខាធិការ​ និងជាគ្រូ​បង្វឹក​ក្លិបបាល់​ទាត់​ដោនថោនស្ពត បានឱ្យ​ដឹង​ថា៖ «គ្រប់​គ្នា​នៅ​ក្នុងក្រុម​​ដោនថោនស្ពត មានការ​ប្តូរ​ផ្តាច់​ និងស្វាមី​ភក្តិ​ជាមួយ​ក្លិប​យូរឆ្នាំ​ហើយ​ ប៉ុន្តែ​វា​ពិតជា​គួរ​ឱ្យសោកស្តាយ ដែល​យើង​មិនមានដើមទុន ក្នុងការបន្ត​ដំណើរ​​ទៅមុខ​ទៀត ព្រោះ​មិនមាន​អ្នកឧបត្ថម្ភ ធ្វើ​ឱ្យ​លោក ហ៊ល សុភ័ក្ដ្រ អស់​លទ្ធភាព​​បើក​ដំណើរ​ការ​ក្លិប​ប​ន្ត​ទៀត»

លោក យិន សុខុម ដែល​ធ្លាប់ដឹកនាំ​ក្រុមមហាហង្ស និង​ក្រុម The Blue Warrior ឱ្យ​លើក​ពាន​ការ​ប្រកួត​បាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ហើយ​ក៏​ធ្លាប់ដឹកនាំ​ក្រុម​ Home Sport និងក្រុម​ហ្វុត​សាល​មួយចំនួន​ទៀត​នោះ បាន​មើល​ឃើញ​ថា វិស័យបាល់​ទាត់​ក្នុងសាល​នៅ​កម្ពុជា មិន​អាច​ដំណើរ​ទៅមុខ​ និង​តាម​ទាន់​ប្រទេសជិតខាង​នោះ​ទេ បើ​សិនជា​គ្មានការ​ឧបត្ថម្ភពីវិស័យ​ឯកជន និង​អ្នក​មានទ្រព្យ​ធន។

គ្រូ​បង្វឹក​ដ៏មាន​បទពិសោធន៍ម្នាក់នេះ បាន​អះអាង​ថា វិស័យ​បាល់​ទាត់​ក្នុងសាល​​របស់​ប្រទេសជិត​ខាង​ពិសេស​ថៃ និងឥណ្ឌូនេស៊ី ដែលមានការ​រីកចម្រើន​ខ្លាំង​នោះ គឺ​គេ​មានរៀបចំ​ការ​ប្រកួត​រហូត​ដល់​លីគអាជីព ​និង​មានការបណ្តុះ​ថ្នាក់​ថ្នាលជាច្រើនកម្រិត ហើយក្លិ​ប​នីមួយៗ​ក៏បាន​ផ្តល់​​ប្រាក់​បៀវត្ស​សមរម្យ ទៅដល់គ្រូ​បង្វឹក និង​កីឡាករ គឺ​ខុសពី​កម្ពុជា ដែល​​បាន​​ធ្វើ​ឡើងជាលក្ខណៈ​ស្ម័គ្រ​ចិត្ត។

លោក​បញ្ជាក់​ថា៖​ «ប្រទេសជិតខាងយើង គេ​ធ្វើបាន​ល្អ គេមាន​ថ្នាល និងមាន​លីគ​ប្រកួតជា​ប្រចាំ ហើយមាន​ប្រាក់​ខែ​​សម្រាប់ការ​ហ្វឹក​ហាត់នៅ​ក្នុង​ក្លិប ចំណែក​យើង​វិញ អត់ទាន់​​មាន​ទេ គឺស្ទើរ​គ្រប់ក្លិប​ជាការ​​ស្ម័គ្រ​ចិត្ត​ ដោយ​មាន​ការផ្គត់ផ្គង់​​តិច​តួច​បំផុត ត្រឹម​ថ្លៃ​ចាក់សាំងអី​ទេ អ៊ីចឹង​​ហើយ​ធ្វើ​ឱ្យ​វិស័យក្នុង​សាល​នេះ​នៅ​ខ្សោយ ហើយ​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ ពេល​ប្រកួតជាមួយ​គេ​នៅ​ក្នុង​តំបន់​»

ភាពរង្គោះរង្គើ​ក្នុង​វិស័យបាល់ទាត់​ក្នុង​សាល ​នឹង​ផ្តល់​ផល​អវិជ្ជមាន​បន្ថែម​ទៀត​ដល់​ក្រុមជម្រើសជាតិកម្ពុជា

សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​ជា​ច្រើន​ឆ្នាំ​មកនេះ​ ក្រុមជម្រើសជាតិ​បាល់​ទាត់​ក្នុងសាល​កម្ពុជា តែងតែ​បាន​ធ្លាក់ត្រឹម​វគ្គជម្រុះតាមពូល ទាំង​ពានរង្វាន់ AFF Futsal Championship និង AFC Futsal Asian Cup ចំណែក​ការ​ប្រកួត​ក្របខ័ណ្ឌ​ក្លិប​​តំបន់​អាស៊ាន​វិញ គឺ​មាន​តែ​ក្រុម​ដោនថោនស្ពត​មួយ​ទេ ​​​ធ្លាប់​បាន​ឡើង​ទៅ​ដល់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្នុងពាន AFF Futsal Club Championship 2019 តែពួកគេ​បានចាញ់​ក្រុម​ PTT Chonburi Bluewave របស់​ថៃ ១៧-០ និងបានបន្តចាញ់​ក្រុម MIU របស់មីយ៉ាន់ម៉ា ៩-៥ ក្នុងការ​ប្រកួត​ដណ្តើម​យក​លេខ​៣ និង​លេខ​៤។

ជាកីឡាករម្នាក់ ​​បានចូលរួមការ​ប្រកួត AFF Futsal Club Championship 2019 នៅ​ប្រទេសថៃ​នោះ ហើយ​ក៏ជាបេក្ខភាព ដែល​ធ្លាប់បាន​ចូលរួមការ​ប្រកួតថ្នាក់តំបន់​ជាមួយ​ក្រុមជម្រើស​ជាតិ​ក្នុងសាល​កម្ពុជា​ ចូល​៥ឆ្នាំមក​នេះ កែវ ជាតួ បាន​មើលឃើញ​យ៉ាងច្បាស់ពី​​គម្លាត​ខុសគ្នា​នៃគុណ​ភាព​លេង​រវាង​ក្រុមបាល់​ទាត់​ក្នុងសាល​កម្ពុជា និង​ក្រុម​តំណាង​ឱ្យ​ប្រទេស​ផ្សេង​ៗ​ទៀត នៅក្នុងតំបន់​អាស៊ាន ជាពិសេស​ថៃ និងឥណ្ឌូនេស៊ី ដែលបច្ចុប្បន្ន​កំពុងមាន​ភាព​លេចធ្លោ​ជាង​គេ។

កែវ ជាតួ បានប្រាប់ ​ខេមបូចា ​ថា៖ ​«ប្រទេស​នៅ​ក្នុងតំបន់​ជាពិសេស​ថៃ និងឥណ្ឌូនេស៊ី មាន​កម្រិត​លេងខ្ពស់ ដែលអាច​​លេងដល់ Futsal World Cup ទៅ​ហើយ គឺ​យើង​មិនទាន់​អាច​ប្រជែង​ជាមួយគេ​បានទេ ក៏ប៉ុន្តែ​បើ​សិន​នៅ​កម្ពុជា​ មានការ​ប្រកួត​​លីគ​​ជា​ប្រចាំ និងមាន​ក្លិប​អាជីព ដែល​អាច​ផ្តល់​ប្រាក់ខែ​ដល់​កីឡាករ​បានសមរម្យ​ គឺ​កម្រិត​លេង​យើង​អាចកើនឡើង ​និង​​លេងជាមួយ​ប្រទេសជិត​ខាង​​បាន»។​

កីឡាករ​ធ្លាប់លេង​ឱ្យក្រុម​ Home Sports និង​ធ្លាប់ជួយ​ឱ្យក្រុម​មហាហង្ស ក្រុម The Blue Warrior និងក្រុមឪម៉ាល់ លើកពាន​ការ​ប្រកួតបាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ កែវ ជាតួ បានទម្លាយ​ថា វិស័យ​បាល់ទាត់​ក្នុងសាល​នៅ​កម្ពុជា មាន​ត្រឹម​ក្លិបពាក់​កណ្តាល​អាជីព ហើយ​កីឡាករ​បានត្រឹម​ថ្លៃ​សាំង​តិចតួច សម្រាប់ការ​ចូលរួម​ហាត់ និង​ប្រកួត ដែល​ទាមទារ​ឱ្យមានការ​វិនិយោគពីអ្នក​ឧបត្ថម្ភ​ធំៗ ព្រោះ​ក្លិប​ធំៗ​មួយចំនួន ដែលបាន​បិទទ្វារ ក៏ព្រោះ​តែ​គ្មាន​អ្នក​ឧបត្ថម្ភនេះ​ឯង និង​ធ្វើ​ឱ្យ​​បាល់​ទាត់​ក្នុងសាល មាន​ការ​ធ្លាក់​ចុះ។

កីឡាករវ័យ​២៨​ឆ្នាំរូប​នេះ​បញ្ជាក់ថា៖ «ការ​​​ប្រកាស​ក្ស័យធន់​របស់​ក្លិប​ធំៗជាបន្ត​បន្ទាប់​គ្នា​ អាច​​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​ហ្វុតសាល​​យើង​រាង​ធ្លាក់​ចុះ ព្រោះ​បាត់​ក្រុមខ្លាំងៗច្រើន។ បើសិនជា​យើង​មាន​ការឧបត្ថម្ភ និងមាន​ក្លិបអាជីពពិត​ប្រាកដ គឺ​កីឡាករ​​យើង អាច​ប្រកួតប្រជែង​​​ជាមួយ​ប្រទេស​ជិត​ខាងបាន ព្រោះ​​បទពិសោធន៍​ ​ការ​បុកពាំង​ និង​ជែង​យក​បាល់ គេ​អត់លើស​យើ​ងទេ គ្រាន់តែ​គេ​មាន​ប្លង់​លេង​រាប់ឆ្នាំមក​ហើយ អ៊ីចឹង​យើង​រាងពិបាក​ចាប់​គេ»

ចំណែកកីឡាករ​វ័យ​២៦​ឆ្នាំ កែវ សុចិត្រា បាន​មើលឃើញ​ថា វិស័យ​បាល់ទាត់​ក្នុងសាល​នៅ​កម្ពុជា មិន​មានអ្វី​ប្រែប្រួល​​ទេ ព្រោះ​ក្លិប​នីមួយៗ មិនទាន់មាន​អ្នកឧបត្ថម្ភ ដែល​អាច​នៅជាមួយគាត់​បាន​យូរ ក្នុងការ​អភិវឌ្ឍ​ទៅជា​ក្លិបអាជីព ហើយ​បញ្ហា​នេះ ក៏​បាន​ធ្វើ​ឱ្យកីឡាករ​ គ្មាន​ស្ថិរភាព​ច្បាស់​លាស់​ក្នុងការ​ពង្រឹងគុណ​ភាព​លេង​របស់​ខ្លួន​បានល្អ​​ដូចគ្នា។

កីឡាករជម្រើសជាតិ​បាល់ទាត់​ក្នុងសាល ដែល​ធ្លាប់លេង​ឱ្យ​ក្រុមមហាហង្ស, ​The Blue Warrior និងក្រុមដោនថោនស្ពត ដែល​ទើបបាន​​រំសាយ​ថ្មីៗ កែវ សុចិត្រា បញ្ជាក់​ថា៖ «វិស័យ​បាល់​​ទាត់​ក្នុងសាល អាច​មានហានិភ័យ នៅពេល​ក្លិប​មិនមែន​អាជីពបានបិទ​ទៅម្តងមួយៗ​បែប​នេះ ហើយការ​ផ្លាស់ប្តូរ​ពី​ក្លិបមួយ​ទៅក្លិប​មួយ​ក្នុង​រយៈ​ពេលខ្លីៗ​ពេក ក៏​ធ្វើ​ឱ្យ​កីឡាករ​​មិនមាន​មូលដ្ឋាន​រឹងមាំ ក្នុងការពង្រឹង​សមត្ថ​ភាព​​ឱ្យ​បាន​ខ្លាំង​ដូចគ្នា»

ជាមួយគ្នានេះ​គ្រូបង្វឹកបាល់​ទាត់​ក្នុងសាល ​លោក នៃ ប៊ុនសុភ័ត្រា ដែល​​ធ្លាប់ដឹកនាំ​ក្រុម​មហាហង្ស និងក្រុមឪម៉ាល់ ឱ្យ​លើក​ពាន​ការ​ប្រកួតបាល់​ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ហើយក៏បានដឹកនាំ​ក្រុមជម្រើសជាតិក្នុងសាល​កម្ពុជា ចេញ​ទៅ​ប្រកួតវគ្គជម្រុះ​ពាន​​ AFC Futsal Asian Cup 2024 នៅប្រទេសអ៊ូសបេគីស្ថាន កាលពី​តុលា ឆ្នាំ​២០២៣ បាន​អះអាង​ថា បាល់ទាត់​ក្នុង​សាល​នៅ​កម្ពុជា កំពុង​ជួបវិបត្តិដែល​បានជះឥទ្ធិពល​មិន​ល្អនោះ​ទេ ក្នុងការ​ជ្រើស​រើស​កីឡាករ សម្រាប់​ប្រកួត​តំណាង​ឱ្យ​ជាតិ។

លោក នៃ ប៊ុនសុភ័ត្រា ​បញ្ជាក់​ថា៖ «ការ​មិនមានអ្នក​ស្ពនស័រ​ច្បាស់លាស់ ដែល​នាំ​​ឱ្យ​​ក្លិប​ធំៗបិទ​ជា​បន្ត​បន្ទាប់​គ្នា​នេះ វា​​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​ការ​ប្រមូល​ផ្តុំ​​ក្រុមជម្រើសជាតិ  ព្រោះ​កាលណា​ក្លិបអត់មានលុយ ក៏​អត់សូវមានការ​ហ្វឹក​ហាត់​ អ៊ីចឹង​គុណ​ភាព​លេង​របស់កីឡាករ​ក៏​ធ្លាក់​ទៅតាម​ហ្នឹង​ដែរ។ ផ្ទុយ​ទៅវិញ បើសិនជា​មានស្ពនស័រ​ ហើយ​ក្លិប​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុងការ​អភិវឌ្ឍ​កីឡាករ​ទៅជា​អាជីព​បាន នោះ​ហ្វុតសាល​យើងនឹង​ឈា​ន​ទៅមុខ​មួយ​កម្រិត​ទៀត​»

សកម្មភាពប្រកួតបាល់ទាត់ហ្វុតសាល ដែលរៀបចំដោយវិស័យឯកជន គឺវិទ្យាស្ថានខេមអេដ នៅទីលាន T-Soccer ម្តុំទួលគោក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ថ្នាក់​ដឹកនាំ គ្រូ​បង្វឹក និង​កីឡាករ សុំ​ចិត្ត​អ្នក​មានទ្រព្យ​​ជួយសង្រ្គោះ​បាល់​ទាត់​ក្នុងសាលឱ្យ​បន្ត​មានជីវិត

ជុំវិញក្តី​កង្វល់​ការ​ធ្លាក់ចុះ​នៃ​វិស័យបាល់​ទាត់​ក្នុងសាលនៅ​​​កម្ពុជា​នេះ លោក ហ៊ល សុភ័ក្ដ្រ លោក យិន សុខុម និង​អ្នកពាក់ព័ន្ធជា​ច្រើន​ទៀត បាន​អំពាវនាវ​ដល់​ក្រុមហ៊ុនឯកជន និង​អ្នកមាន​ទ្រព្យធន ឱ្យ​ងាក​មក​ជួយ​ឧបត្ថម្ភ​ដល់​​បាល់​ទាត់​ក្នុង​សាល​​ ដើម្បី​ឱ្យ​​ក្លិប​ដែល​ខំក្រាញននៀល​លើ​វិស័យនេះ មាន​​​លទ្ធភាព​​អភិវឌ្ឍខ្លួន​ទៅជា​ក្លិប​អាជីព ​​អាច​បង្កើត​ជា​ក្រុមថ្នាល និង​​មានលទ្ធភាព​ផ្គត់ផ្គង់​ដល់​កីឡាករ ដើម្បី​ឱ្យ​ពួកគេ​បាន​ពង្រឹង​សមត្ថភាព​​ប្រកបដោយ​ភាពជឿជាក់ ក្នុងការ​ឈានទៅ​ប្រកួត​តំណាង​ឱ្យ​ជាតិ។​

លោក យិន សុខុម បានចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ «អ្នក​ឧកញ៉ា​» ៣នាក់ ដែល​កំពុងមាន​ភាពសកម្មខ្លាំង​ក្នុងការ​ឧបត្ថម្ភ​ដល់​បាល់​ទាត់ បាល់​ទះ និងប្រដាល់។ លោកបញ្ជាក់​ថា៖​ «ខ្ញុំមើល​ឃើញ​ថា​ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អ្នកឧកញ៉ា លាង ម៉េង និង​អ្នកឧកញ៉ា លាង ឃុន គឺមាន​ភាពសកម្ម​ខ្លាំង​ក្នុងការ​ជួយ​ដល់​វិស័យ​កីឡា​របស់យើង ហេតុនេះខ្ញុំសូមសំណូពរ​ដល់​ពួកគាត់ និង​អ្នកមាន​ព្រទ្យ​ធន​​ផ្សេង​ទៀត ងាក​មក​ឧបត្ថម្ភ​ដល់​វិស័យបាល់​ទាត់​ក្នុងសាល​ផង ដើម្បី​កុំ​ឱ្យ​វិស័យនេះ​ដាច់ដង្ហើម»

ចំណែក​លោក ហ៊ល សុភ័ក្ដ្រ បាន​លើកជា​ទស្សនៈផ្ទាល់​ខ្លួន​ថា វិស័យ​បាល់​ទាត់​ក្នុង​សាល​​កម្ពុជា នឹង​អាច​រីក​ចម្រើន​បាន​លឿន បើ​សិនជា​ក្លិបបាល់​ទាត់​ធំៗ ដែល​កំពុង​លេង​នៅលីគ​កំពូល​កម្ពុជា ដូចជា​ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន វិសាខា និងណាហ្គាវើលដ៍ ជា​ដើម កាត់​យក​កីឡាករ ដែលមិន​បាន​លេង​នៅតារាង​ធំ ឱ្យ​មក​លេង​ហ្វុតសាល​ជំនួសវិញ ព្រោះ​​កីឡាករ​ទាំង​អស់នេះ មាន​មូលដ្ឋាន​គ្រឹះ​លេង​បាល់​ទាត់រួច​ហើយ មិនពិបាក​ក្នុងការ​កែ​ទម្លាប់មក​លេងបែប​ហ្វុតសាល​ឡើយ អ៊ីចឹង​ពួកគេ​បានលេង​​​ពង្រឹង​សមត្ថ​ភាព​​ផង និងបាន​រួមចំណែក​លើក​កម្ពស់​​​បាល់​ទាត់​ហ្វុតសាល​ផង។

លោក​បាន​បញ្ជាក់​​ថា៖ «ខ្ញុំជឿ​​ថា បើ​សិនជា​ក្លិប​ធំៗ គាត់លះបង់ បង្កើត​ក្រុម​មក​ចូលរួម​ប្រកួត​បាល់​ទាត់​ហ្វុតសាល​ថែម​ទៀត ខ្ញុំ​គិត​ថា នឹង​ធ្វើ​ឱ្យ​វិស័យបាល់​ទាត់​ហ្វុតសាល​នៅ​ក្នុងប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​លឿនដូចបណ្តា​ប្រទេសជិត​ខាង មាន​ថៃ និង​វៀតណាម ជាដើម»

នៅ​ត្រង់ចំណុច​នេះ លោក យិន សុខុម បានបន្ថែម​ថា៖​ «ពិតណាស់ ការចូលរួម​របស់​ក្លិបធំៗ ដែល​លេង​នៅតារាងធំ នឹង​ធ្វើ​ឱ្យ​បាល់​ទាត់​ហ្វុតសាល មានការ​រីកចម្រើន​ឡើង​វិញ ព្រោះបើ​ចង់​ឱ្យ​វិស័យហ្វុតសាល​ខ្លាំង លុះ​ត្រា​តែ​យើងមាន​ការបណ្តុះ​ថ្នាល​តាំងពី​អាយុ​ក្រោម​៨ឆ្នាំរហូត​​ដល់​អាយុ​​​ក្រោម​២៣​ឆ្នាំ ហើយ​ខ្ញុំ​ជឿ​ថា ក្លិប​ធំៗលេង​នៅតារាងធំ គាត់មាន​កីឡដ្ឋាន និង​មាន​មូលដ្ឋានរឹងមាំ ក្នុងការ​ជំរុញ​​ផ្នែកនេះ​បាន»

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ក៏គួរ​​អើពើលើបាល់​ទាត់ហ្វុតសាល​ឱ្យ​ដូច​បាល់​ទាត់​តារាង​ធំ

ចំណែក​លោក នៃ ប៊ុនសុភ័ត្រា ព្រមទាំង​កីឡាករ​​ធ្លាប់លេង​ឱ្យ​ជម្រើសជាតិ កែវ ជាតួ និង កែវ សុចិត្រា ដែលបច្ចុប្បន្ន​បាន​ទៅរួមរស់ជាមួយ​ក្លិបថ្មី Lucky Futsal Club នោះ ក៏បាន​ស្នើដល់សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា ឱ្យ​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍ​បាល់​ទាត់​ក្នុងសាល​ឱ្យ​បាន​ខ្លាំង​ជាងមុន ព្រមទាំង​​រៀបចំការ​ប្រកួត​ថ្នាក់ជាតិ​ឱ្យបាន​ទៀងទាត់ និង​ផ្តល់​ឱកាស​ឱ្យកីឡាករជម្រើសជាតិ ក៏ដូចជា​ក្រុមតំណាង​ឱ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ឱ្យបានច្រើន ដើម្បី​ទទួលបានបទពិសោធន៍ និងបច្ចេក​ទេស​ថ្មីៗ​មកអភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ទៀត។​

កីឡាករ កែវ សុចិត្រា បាន​និយាយ​ថា៖ «បើសិនជា​សហព័ន្ធ មានការអើពើ​ខាងហ្វុតសាល​ខ្លាំង​ជាង​នេះ​បន្តិច ខ្ញុំគិត​ថា ក៏ពួកយើង​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ព្រោះ​ថា នៅពេល​សហព័ន្ធជាមេគ្រួសារ មិនឱ្យ​ពួក​យើង​ចេញ​ទៅណា ក៏​យើង​មិនអាច​ចេញ​ទៅ​កើតដូចគ្នា»

ចំណែក​កីឡាករ​ហ្វុតសាល​ផ្សេង​​ទៀត បាននិយាយ​ដោយសុំមិនបញ្ចេញ​ឈ្មោះ​ថា៖ ​«ខ្ញុំ​មើល​ឃើញ​ថា បាល់​ទាត់​ក្នុងសាលនេះ សហព័ន្ធ មិនបានជំរុញ​​ឱ្យ​បាន​ខ្លាំង​ដូច​បាល់​ទាត់​តារាង​ធំ​​ទេ។ ​តារាងធំ មានទាំង​​ការ​ប្រកួត​លីគកំពូល លីគ​យុវជន​ច្រើន​កម្រិត និង​លីគ​នារី ចំណែក​ហ្វុតសាល​វិញ ការ​ប្រកួត​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ ក៏មិនបានទៀងទាត់ ហើយ​ហ្វុតសាល​ផ្នែកនារី​គ្មាន​​តែម្តង។ ចំណុចទាំងអស់នេះ​ហើយ ទើប​ធ្វើ​ឱ្យ​វិស័យនេះ មិនអាច​រីក​ចម្រើន​ទៅមុខ​បាន»។

ជុំ​វិញ​ក្តីកង្វល់ និង​បញ្ហា ដែលថ្នាក់ដឹកនាំ​ក្លិប គ្រូ​បង្វឹក និង​កីឡាករ បាន​លើក​ឡើងទាំងអស់​​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា (FFC) បានទទួលស្គាល់​ថា វាពិតជា​មានបញ្ហា​ច្រើន​បាន​កើត​ឡើង នៅ​ក្នុង​វិស័យបាល់​ទាត់​ហ្វុតសាល ហើយ​លោក​ក៏បានសម្តែងការ​សោក​ស្តាយ នៅពេល​ឃើញ​ក្លិបធំៗ​មួយចំនួនបាន​បិទទ្វារជាបន្តបន្ទាប់​ ធ្វើ​ឱ្យការអភិវឌ្ឍធន​ធាន​កីឡាករ មិនទាន់​មានភាពច្បាស់លាស់។

យ៉ាងណា​ក៏ដោយ លោក កែវ សារ៉េត ​បានថ្លែងថា៖ ​«បាល់​ទាត់​ហ្វុតសាល ក៏​ស្ថិត​នៅ​ក្នុង​ផែន​ការ​​អភិវឌ្ឍ​​​រយៈពេល​វែង​របស់សហព័ន្ធ​ដែរ ក៏ប៉ុន្តែ​ចាប់តាំងពី​សម័យ​កូវីដ​១៩​មក​ដល់ពេលនេះ ថវិកា​ដែល​យើង​រក​បានពីស្ពន​ស័រ​ដោយ​ខ្លួន​ឯង វា​ខ្វះ​ខាត ជាពិសេស​លើ​ហ្វុតសាល​ហ្នឹង គឺ​ពិបាក​រក​ស្ពនស័រ​ណាស់​ អ៊ីចឹង​យើង​អត់​មាន​ថវិកា​សម្រាប់ជួយ​ទ្រទ្រង់​ទេ»

ចំពោះ​ថវិកា ដែល FFC ​ទទួល​បាន​ពីសហព័ន្ធ​បាល់​ទាត់​អន្តរជាតិ (FIFA) និងសហព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី​ (AFC) ក្តី​ លោក កែវ សារ៉េត បានឱ្យ​ដឹង​ថា ​បាន​ត្រឹម​ជួយ​រៀបចំ​បើក​វគ្គបណ្តុះបណ្តាល​មួយចំនួន ប៉ុន្តែ​បើ​រៀបចំ​ជា​ការ​ប្រកួត​ផ្សេងៗ លុះត្រា​តែ​​ FFC មានស្ពនស័រ ហើយ​​ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​មានការ​អាក់ខាន និង​លែង​មានសកម្ម​ភាព ចំណែក​ក្លិប​ហ្វុតសាលមួយ​ចំនួន ក៏បានជួប​បញ្ហា​អត់​ស្ពនស័រ​ដូចគ្នា។

លោក​បញ្ជាក់​ថា៖ «​បញ្ហា​ពិបាកវា​​នៅ​កន្លែង​ហ្នឹង ហើយសហព័ន្ធ ក៏ជួបការពិបាក​ដូចគ្នា​ ព្រោះ​​ក្រុមការងារ​ផ្នែក​ទីផ្សារ គាត់​ខំ​ស្វះ​ស្វែង​រក​អ្នក​ឧបត្ថម្ភ​ណាស់ ដោយ​យើង​ដាក់​ទិសដៅ​ថា ក្នុង​១​ឆ្នាំ​យ៉ាង​ហោច​មានការ​ប្រកួត (បាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ) ​ឱ្យ​បាន​​ម្តង ដើម្បី​ឱ្យ​មាន​ការ​ជ្រើសរើស​កីឡាករ ប៉ុន្តែ​ការ​រង់ចាំ​របស់​យើង​ នៅមិន​ទាន់​ឃើញ​ភាគី​ណា ​ឬក្រុមហ៊ុនណា​ឆ្លើយ​តបមក​​វិញ​ទេ។ នេះ​ជា​ការពិបាក មិនអាច​គេច​ផុត​»

លោក កែវ សារ៉េត បានបន្ថែម​ថា៖ «​នៅពេល​ខ្វះ​​ថវិកា យើងធ្វើអី​​មិន​កើត​ទេ​ ហើយបញ្ហា​ហ្នឹង​ហើយ​ដែល​ធ្វើឱ្យ​ក្លិប​មិនសូវ​សប្បាយ​ចិត្តជាមួយ​សហព័ន្ធ។ សម្រាប់​គម្រោងបាល់​ទាត់​១១នាក់​(តារាងធំ) គឺ​មានការ​ចាប់អារម្មណ៍​ពី​ស្ពនស័រ​មក​ខ្លះ ធ្វើ​ឱ្យ​យើង​នៅ​សល់​ថវិកា សម្រាប់​​រៀបចំ​ព្រឹត្តិការណ៍​​ ចំណែក​ហ្វុតសាល យើងពិបាក​រកអ្នក​ឧបត្ថម្ភ ហើយសហព័ន្ធ​អត់​មានថវិកា​បម្រុង​​ទៀត»

209 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម