នៅរសៀលថ្ងៃសុក្រ លោក ហ៊ឹម ប៊ុនឆយ កំពុងធ្វើការក្រោមកំដៅថ្ងៃដោយមិនបានពាក់ឧបករណ៍សុវត្ថិភាពអ្វីទាំងអស់ ខណៈលោករៀបឥដ្ឋនៅជាន់ទី២ នៃការដ្ឋានសំណង់លំនៅឋានមួយក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទោះបីជាប្រឈមគ្រោះថ្នាក់ដោយសារការងារដែលលោកអាចរកប្រាក់ចំណូលបាន១២,៥ដុល្លារក្នុងមួយថ្ងៃក៏ដោយ ក៏លោក ប៊ុនឆយ បានដឹងតិចតួចណាស់អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ ដែលលោកមានសិទ្ធិទទួលបានតាមរយៈរបបសន្តិសុខសង្គម ឬ ប.ស.ស ដែលដំណើរការដោយរដ្ឋាភិបាល។
យោងតាមច្បាប់ការងារ កម្មករនិយោជិតទាំងអស់ត្រូវទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម។ ប៉ុន្តែកម្មករសំណង់ជាច្រើននៅតែមិនដឹងអំពីអ្វីដែលនិយោជកត្រូវផ្តល់ឲ្យពួកគេ ហើយកម្មករសំណង់ភាគច្រើនមិនត្រូវបានចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមទេ។
តាមច្បាប់ការងារនៃបេឡាជាតិរបបសន្តិសុខសង្គម និយោជកត្រូវចុះឈ្មោះនិយោជិត និងបង់វិភាគទានឲ្យបេឡាជាតិរបបសន្តិសុខសង្គមដើម្បីទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់ការងារ។
លោក ប៊ុនឆយ បាននិយាយថា៖ «ខ្ញុំបានឮខ្លះដែរ អំពី ប.ស.ស. ប៉ុន្តែនៅកន្លែងធ្វើការរបស់ខ្ញុំ អត់ដែលមានអ្នកណានិយាយរឿងនេះទេ សូម្បីតែមេការរបស់ខ្ញុំ»។ លោក ប៊ុនឆយ បានបន្ថែមថា ការងារក្នុងវិស័យសំណង់ដែលលោកបានធ្វើការ១០ឆ្នាំមកនេះ ប្រឈមនឹងគ្រោះថ្នាក់និងបញ្ហាសុខភាព ហើយបានកើតមានចំពោះកម្មករជាធម្មតាទៅហើយ។
ការរីកចម្រើននៅក្នុងឧស្សាហកម្មសំណង់របស់កម្ពុជាបានផ្តល់ការងារដល់កម្មករប្រមាណ២៥០ ០០០នាក់ ដែលភាគច្រើនបានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទដើម្បីស្វែងរកការងារនៅក្នុងវិស័យសំណង់ដ៏គ្រោះថ្នាក់នៅក្នុងរាជធានីភ្នំពេញ។ រដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ចំនួន ៤ ២៧៦គម្រោងនៅឆ្នាំ២០២២ ដែលមានតម្លៃសរុបជិត៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គមបានឲ្យដឹងថា មានតែសហគ្រាសសំណង់ចំនួន៤៦៥ប៉ុណ្ណោះបានចុះបញ្ជី ដែលមានម្មករចំនួន ៣២ ២៧៣នាក់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិបសន្តិសុខសង្គមគិតត្រឹមខែមីនា។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងចំណោមកម្មករសំណង់ ៦០០០នាក់នៅក្នុងសហជីពរបស់លោកមានតិចតួចណាស់ដែលបានចុះឈ្មោះសម្រាប់ ប.ស.ស ដែលភាគច្រើនជាបុគ្គលិកក្រុមហ៊ុន។ លោកបានកត់សម្គាល់ថា ស្ទើរតែមិនមានការសម្រួលសម្រាប់ការចុះឈ្មោះដល់កម្មករ ដែលធ្វើការតាមរយៈអ្នកម៉ៅការបន្តនោះទេ។
លោកថ្លែងថា៖ «កម្មករកំពុងប្រឈមនឹងហានិភ័យខ្ពស់នៅកន្លែងការងារ។ ពេលពួកគាត់មានគ្រោះថ្នាក់ ឬបញ្ហាសុខភាព ពួកគាត់ចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីព្យាបាល ខណៈបាត់បង់ការងារផងដែរ។ ពួកគាត់មិនមានអាហារល្អគ្រប់គ្រាន់សម្រាប់បរិភោគ ហើយនៅពេលដែលពួកគាត់ធ្លាក់ខ្លួនឈឺ ពួកគាត់គ្មានប្រាក់ ដូច្នេះហើយវាចាំបាច់ដែលពួកគាត់ត្រូវទទួលបាន ប.ស.ស»។
លោក អូន គុណ មេការសំណង់ដែលគ្រប់គ្រងលើកម្មករ ៨នាក់នៅការដ្ឋានសំណង់នៅខណ្ឌច្បារអំពៅបាននិយាយថា លោកមិនដែលបានទទួលព័ត៌មានអំពីបេឡាជាតិសន្តិសុខសង្គមពីអាជ្ញាធរ ឬម្ចាស់គម្រោងនោះទេ។
លោកបាននិយាយថា៖ «គ្មាននរណាមកប្រាប់ខ្ញុំអំពីរឿងនេះទេ ហើយខ្ញុំក៏មិនដឹងថា វាដំណើរការយ៉ាងដូចម្តេចដែរ ខណៈដែលកម្មករសំណង់ភាគច្រើនតែងតែផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ដែលពិបាកសម្រាប់ពួកគាត់» ។
ឧស្សាហកម្មសំណង់បានរីកដុះដាលនៅក្នុងទីក្រុងភ្នំពេញ ដែលមានគម្រោងជាង៦១ ០០០ ដែលមានទឹកប្រាក់៦៩ពាន់លានដុល្លារត្រូវបានអនុម័តតាំងពីឆ្នាំ២០០០ ប៉ុន្តែវិស័យនេះនៅតែជាវិស័យដែលឆក់យកជីវិតកម្មករច្រើនជាងគេ។
អង្គការពលកម្មអន្តរជាតិ (ILO) ប៉ាន់ប្រមាណថា កម្មករជាង១ ៥០០នាក់ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំដោយសារគ្រោះថ្នាក់ការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៅក្នុងការដ្ឋានសំណង់ ឡឥដ្ឋ និងសហគ្រាសធុនតូច «ដែលគ្មានចំណេះដឹងនិងគ្មានប្រព័ន្ធការពារកម្មករ»។
លោក សុខ គីន ប្រធានសហជីពបានមានប្រសាសន៍ថា កម្មកររបស់ក្រុមហ៊ុនម៉ៅការបន្តភាគច្រើនខ្វះឧបករណ៍សុវត្ថិភាព។ ក្នុងករណីមានគ្រោះថ្នាក់ ក្រុមគ្រួសារពិបាកទទួលបានសំណង។បើគ្មានការចុះឈ្មោះសម្រាប់បេឡាជាតិរបបសន្តិសុខសង្គមទេ គ្រួសាររបស់កម្មករប្រហែលជាមិនអាចទាមទារអត្ថប្រយោជន៍បានទេ។
ក្នុងឆ្នាំ២០២២ ក្រសួងការងារបានចុះបញ្ជីសហគ្រាសចំនួន ២០ ១៧៥ ដែលមាននិយោជិតចំនួន ២ ៥៦៧ ៩៥៣នាក់ ដែលមានសិទ្ធិទទួលបានសេវាធានារ៉ាប់រងគ្រោះថ្នាក់ និងការធានារ៉ាប់រងសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។
រដ្ឋាភិបាលបានខិតខំប្រឹងប្រែងពង្រីកលទ្ធភាពទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ដោយអនុញ្ញាតឱ្យអ្នកបើកបររ៉ឺម៉កកង់បី និងអ្នកធ្វើការតាមផ្ទះក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះតាមរយៈកម្មវិធីសាកល្បងដែលបានចាប់ផ្តើមដំណើរការកាលពីខែតុលាឆ្នាំមុន។
លោក សុផាន់ណារិទ្ធ បានបន្ថែមថា កម្មករសំណង់របស់ក្រុមហ៊ុនម៉ៅការបន្តក៏ទទួលបានអត្ថប្រយោជន៍ដែរតាមច្បាប់ដែលមានស្រាប់ ប៉ុន្តែមានការលំបាកក្នុងការចុះបញ្ជី។
លោក សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា៖ «កម្មករសំណង់ផ្លាស់ប្តូរការងារជាញឹកញាប់។ពួកគេភាគច្រើនមិនមានអត្តសញ្ញាណប័ណ្ណ។ យើងកំពុងធ្វើការអប់រំពួកគាត់ឱ្យយល់ពីអត្ថប្រយោជន៍នៃប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម»។
កម្មករសំណង់ជាប់កិច្ចសន្យាម៉ៅការបន្តជាច្រើនត្រូវបានបង្ខំឱ្យធ្វើជាកម្មករដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៅតាមការងាររបស់ពួកគេ ដែលជារឿយៗត្រូវបានបញ្ចប់នៅពេលដែលគម្រោងត្រូវបានបញ្ចប់។
លោក ប៊ុនឆយ បាននិយាយថា៖ «យើង [កម្មករ] ធ្វើការក្រោមកំដៅថ្ងៃជារៀងរាល់ថ្ងៃ ហើយប្រើប្រាស់កម្លាំងច្រើន។ យើងប្រឈមនឹងបញ្ហាសុខភាព ហើយងាយធ្លាក់ខ្លួនឈឺ។ យើងត្រូវចំណាយលើការព្យាបាលដោយខ្លួនឯង។ ដូច្នេះ ខ្ញុំពិតជាចង់ទទួលបាន ប.ស.ស. ព្រោះវាអាចកាត់បន្ថយការចំណាយពេលខ្ញុំឈឺ ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ»។
លោក សយ សេង អាយុ២៨ឆ្នាំ ជាកម្មករសំណង់មកពីខេត្តស្វាយរៀង បាននិយាយថា លោកត្រូវបានចុះឈ្មោះសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម នៅពេលដែលលោកធ្វើការក្នុងឧស្សាហកម្មកាត់ដេរ ប៉ុន្តែចាប់តាំងពីចេញពីរោងចក្រមក លោកមិនបានទទួលអត្ថប្រយោជន៍ពីប.ស.ស.ទេ។ លោកតែងបារម្ភអំពីសុវត្ថិភាពការងាររបស់លោក។
លោកបាននិយាយថា៖ «ខ្ញុំតែងតែមានអាការៈងងឹតមុខ ហើយខ្ញុំបារម្ភថា ពេលឡើងដល់ជាន់ខ្ពស់ វាអាចមានគ្រោះថ្នាក់សម្រាប់ខ្ញុំ ព្រោះគ្រោះថ្នាក់មើលមិនឃើញទេ»។ លោកបានបន្ថែមថា៖ «ប្រសិនបើកម្មករសំណង់អាចទទួលបានសេវា [ប.ស.ស.] ដូចកម្មកររោងចក្រ ខ្ញុំសប្បាយចិត្តហើយមានអារម្មណ៍ថា មានសុវត្ថិភាព។ ខ្ញុំមានអារម្មណ៍ថា ត្រូវបានការពារដូចបុគ្គលិកដទៃទៀតដែរ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ The Majority of Construction Workers Are Still Not Registered for Government Benefits