ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយឡើងវិញនូវវីដេអូចម្រៀងរ៉េប ក្រោមចំណងជើងថា «ឈាមបាតុករ» ដែលបង្ហាញពីសកម្មភាពនៃការបង្ក្រាបដោយហិង្សារបស់កងកម្លាំងប្រដាប់អាវុធទៅលើក្រុមបាតុកររោងចក្រកាត់ដេរនៅផ្លូវ វេង ស្រេង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០១៤។
នៅក្នុងលិខិតដែលក្រសួងវប្បធម៌ផ្ញើរទៅអគ្គស្នងការនគបាលជាតិថ្ងៃទី៦ ខែមករា បានឱ្យដឹងថា ចម្រៀងបែបរ៉េប ច្រៀងដោយតារារ៉េបវ័យក្មេង គា សុគន្ធ ត្រូវបានទំព័រហ្វេសប៊ុកមួយចំនួនយកមកបង្ហោះឡើងវិញ ដោយមានខ្លឹមសារ និងវីដេអូ មានលក្ខណៈ អុជអាល ញុះញង់ និងអាចបង្កអសន្តិសុខដល់សង្គម។
ក្រសួងបញ្ចាក់ថា៖ «ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុតាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់នេះ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានបដិសេធមិនឆ្លើយតបគ្រប់សំណួររបស់អ្នកសារព័ត៌មានខេមបូចា ដោយលោកថា ករណីនេះកំពុងស្ថិតនៅក្នុងប្រតិបត្តិការ។
វីដេអូនេះត្រូវបានបង្ហោះឡើងវិញនៅលើទំព័រហ្វេសប៊ុករបស់អង្គការ លីកាដូ និង សង់ត្រាល់ កាលពីថ្ងៃទី៣ ដើម្បីរំលឹកខួប ៩ឆ្នាំនៃការបង្ក្រាបដោយហិង្សាកាលពីឆ្នាំ២០១៤។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានយល់ឃើញថា ការបង្ហោះនូវវីដេអូចម្រៀងនេះ មិនមែនជាការអុជអាល ញុះញង់ និងចេតនាបង្កអសន្តិសុខសណ្ដាប់ធ្នាប់សង្គមដូចតាមការលើកឡើងរបស់ក្រសួងនោះឡើយ។ តែលោកថា ដើម្បីជាការរំលឹកដល់ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤ ក៏ដូចជាដើម្បីឱ្យអាជ្ញាធរបានដឹងនឹងបើកការស៊ើបអង្កេតច្បាស់មួយ និងដើម្បីឆ្លុះបញ្ចាំងកុំឱ្យកើតមានអំពើហិង្សាបន្តទៅទៀត។
លោកបន្ថែមថា៖ «ហើយចេតនារបស់សង្គមស៊ីវិលយើងគ្រាន់តែចង់រំលឹកអាហ្នឹង ហើយសូមឱ្យអាជ្ញាធរគាត់បើកការស៊ើបអង្កេតមួយឱ្យបានច្បាស់លាស់។ ថាតើអ្នកណា ជាអ្នកប្រព្រឹត្តអំពើហិង្សាហ្នឹង។ ហើយគួរតែមានការទទួលខុសត្រូវឱ្យច្បាស់លាស់»។
លោក តុលា បន្តថា តាមពិតទៅគឺអាជ្ញាធរអាចរកវិធីអហិង្សាដើម្បីធ្វើការដោះស្រាយបញ្ហានៅក្នុងសង្គមដោយមិនគួរប្រើអំពើហិង្សានោះទេ។ លោកបន្ថែមថា រយៈពេល៩ឆ្នាំនេះ គឺលោកនៅពុំទាន់ឃើញជនរងគ្រោះដែលរងការបង្រា្កបដោយអំពើហិង្សាននោះ បានទទួលនូវយុត្តិធម៌នៅឡើយទេ។
ទោះថាក្រសួងគិតក្នុងការណ៌អ្វីក៏ដោយ ប៉ុន្តែលោក តុលា យល់ឃើញថា ការចេញលិខិតបែបនេះវាអាចនឹងប៉ះពាល់ឫគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកបន្តថា៖ «ជាធម្មតាការបញ្ចេញមតិគឺអាចធ្វើទៅបាននៅក្នុងរូបភាពផ្សេងៗគ្នា ដូចជា ការចេញជាចម្រៀង ការសរសេរជាអត្ថបទសារព័ត៌មាន អត្ថបទនៃគំនិត និងការនិយាយចេញជាដើម»។
យ៉ាងណាលោកថា មកទល់ពេលនេះ លោកមិនដឹងថានឹងធ្វើរបៀបណានោះទេ ដោយថា លោកពុំទាន់បានទទួលលិខិតជាផ្លូវការអ្វីនោះទេ ដោយគ្រាន់តែលឺគេមកប្រាប់តែប៉ុណ្ណោះ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ បានឱ្យដឹងថា ការចាក់ផ្សាយឡើងវិញនូវវីដេអូនេះ គឺគ្រាន់តែជាការរំលឹកខួប៩ឆ្នាំនៃក្រុមកម្មករដែលធ្វើបាតុកម្មទាមទារតំឡើងប្រាក់ខែដែលរងការបាញ់រះពីសំណាក់កងកម្លាំងចម្រុះដែលកំពុងតវ៉ានៅ មហាវិថី វេង ស្រេង កាលពីដើមឆ្នាំ២០១៤ប៉ុណ្ណោះ។ លោកឱ្យដឹងបន្ថែមថា ហេតុការណ៍នោះបានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងតិច៣ទៅ៨នាក់ ផ្សេងទៀតរងរបួស។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍នេះហាក់បីដូចជាត្រូវបានគេបំភ្លេចចោល ខណៈជនរងគ្រោះនៅមិនទាន់បានទទួលយុត្តិធម៌នៅឡើយ។ ដូច្នេះ លោកថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធគួរតែស៊ើបអង្កេតរកការពិត និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ជាមួយគ្នា ចំពោះរូបភាពនិងអត្ថន័យក្នុងវីដេអូ លោក សំអាត ថាគឺមិនមានន័យញុះញង់អ្វីឡើយ ដោយលោកថាតាមពិត គឺគ្រាន់តែអំពាវនាវដល់អាជ្ញាធរឱ្យស្វែងរកយុត្តិធម៌នៅក្នុងព្រឹត្តិការណ៍នេះ ក៏ដើម្បីទប់ស្កាត់កុំអោយមានអំពើហិង្សាបែបនេះទៀត។
វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងថា លោកមិនទាន់ឃើញការណែនាំពីសមត្ថកិច្ចដែលសមាគមលោកបង្ហោះបទចម្រៀងមានចំណងជើងថា «ឈាមបាតុករ» ស្តីពីការបង្រ្កាបយ៉ាងហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធប្រឆាំងកម្មករកម្មការិនីតវ៉ាទាមទាដំឡើងប្រាក់ខែក្នុងឆ្នាំ២០១៤។
លោក វន់ ពៅ បន្តថា៖ «ខ្ញុំគិតថាការបង្ហោះវីដេអូនេះវាគ្រាន់តែជាបទចំរៀងរំលឹកពីអតីតកាលប៉ុណ្ណោះមិនមែនជារឿងញុះញង់ឱ្យមានភាពអសន្តិសុខ បាត់បង់សណ្តាប់ធ្នាប់សង្គមអីទេ។ វាគ្រាន់ជាបែបអក្សរសិល្បិ៍ខ្មែរប៉ុណ្ណោះ វាមិនមែនរឿងប៉ះពាល់សង្គមធ្ងន់ធ្ងរអីទេ»។ លោកបន្ថែមថា៖ «យើងតែងតែមានការព្រួយបារម្ភព្រោះស្រុកយើងគេមិនគិតថាអាហ្នឹងជាសេរីភាពបញ្ចេញមតិទេកាលណាគេចង់ចាត់ការរឿងអីមួយគេចាត់ការបាន។ ធម្មតាយើងព្រួយបារម្ភ តែទាំងអស់នេះវាជាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ របស់យើងសង្គមស៊ីវិល យើងសហជីព»។
លោក វន់ ពៅ ឱ្យដឹងទៀតថា វាជារឿងពិតមិនមែនប្រឌិតអីទេ [ហិង្សាផ្លូវ វេង ស្រេង] បើសិនជាចាត់វិធានការមែន មានន័យថាសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានរឹតត្បិតទាំងស្រុងតែម្តង។ សូម្បីបណ្តាញសង្គមនិយាយ សរសេរបទចំរៀងរឿងពីអតីតកាលក៏ត្រូវបានដាក់ទោសដែរ អាហ្នឹងរឿងមួយហួសកម្រិតទទួលយកបាន។
លោក វន់ ពៅ បានចូលរួមតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ លោកត្រូវបានឃាត់ខ្លួន និងកាត់ទោសក្នុងឆ្នាំ២០១៤ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ និងទោសដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែ តែអនុវត្តន៍ទោសរយៈពេល៥ខែក្នុងពន្ធនាគារ។
លោក គា សុគន្ធ និង ឡុង ពុទ្ធារា ដែលជាតារាចម្រៀងរ៉េបបែបសង្កម ត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសកាលពីខែធ្នូ ឆ្នាំ២០២០ ដោយសារការច្រៀងចម្រៀងបែបរិះគន់រដ្ឋាភិបាល ដូចជាបញ្ហាសេដ្ឋកិច្ច ដីធ្លី និងបូរណៈភាពទឹកដី។ ក្រសួងវប្បធម៌ ដែលជាដើមបណ្តឹងក្នុងករណីនេះ បានហាមការចាក់ផ្សាយចម្រៀងបែបរិៈគន់ទាំងនោះ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារកម្មកររោងចក្រកាត់ដេរដែលចេញតវ៉ារាប់ពាន់នាក់នៅលើផ្លូវ វេង ស្រេង រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ ដោយសារការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ និងសហជីព មិនគាំទ្ររដ្ឋាភិបាល នៅពេលនោះធ្វើឡើងដើម្បីទាមទារប្រាក់ឈ្នួលគោលអប្បបរមា១៦០ដុល្លារក្នុងមួយខែ។
នៅពេលនោះដែរ គណបក្សសង្គ្រោះជាតិដែលឈ្នះបាន៥៥អសនៈក្នុងការបោះឆ្នោត២០១៣ ស្ថិតក្នុងការធ្វើពហិការមិនចូលសភា ហើយបានធ្វើការតវ៉ាលើលទ្ធផលបោះឆ្នោត ដែលខ្លួនអះអាងថាមានភាពមិនប្រកក្រតី៕
រាយការណ៍បន្ថែមដោយ៖ អ៊ូ លាងឆាយ និងឃួន ណារីម