ទស្សនៈ៖ ចំនួននៃបន្ទប់សារព័ត៌មាន ឬស្ថាប័នសារព័ត៌មាន បានចុះឈ្មោះចូលរួមទិវាសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលធ្វើឱ្យមានការទទួលស្គាល់ពីឥទ្ធិពលជាវិជ្ជមាននៃសារព័ត៌មាននៅទូទាំងពិភពលោក។
ស្ថាប័នព័ត៌មាន និងសមាគមប្រព័ន្ធផ្សព្វផ្សាយជាង៦០០ នៅទូទាំងពិភពលោកបានចូលរួមនាំយកការយល់ដឹងពីគោលបំណងនៃសារព័ត៌មាន ដែលជាវិស័យរងការវាយប្រហារឥតឈប់ឈរ។
វាជាថ្ងៃដែលសកម្មភាពផ្សេងៗគួរតែផ្អាក ហើយចូលរួមឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអ្នកសារព័ត៌មានដែលមានគោលជំហរឯករាជ្យ និងជាបុគ្គលក្លាហានដែលហ៊ានធ្វើសកម្មភាពនាំឱ្យមានភាពល្អប្រសើរនៅក្នុងសហគមន៍ និងប្រទេសរបស់ពួកគេ តាមរយៈការផ្ដល់នូវភស្តុតាងដែលនាំទៅរកការពិត។
ជាញឹកញាប់ អ្នកបញ្ចេញមតិខ្លាំងបំផុតនៅលើបណ្ដាញផ្សព្វផ្សាយសង្គមហាក់ត្រូវបានចាត់ទុកថា ជាអ្នករាយការណ៍ព័ត៌មានដែរ ដែលនេះបានធ្វើឱ្យមានការមើលរំលងសមាសភាពរបស់អ្នកសារព័ត៌មានអាជីព និងនិពន្ធនាយក ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវហើយប្ដេជ្ញាទទួលខុសត្រូវគ្រប់យ៉ាងលើការចេញផ្សាយរបស់ពួកគេ។
សារព័ត៌មានដែលប្រកាន់ខ្ជាប់ទំនួលខុសត្រូវ គឺជាអ្នកធ្វើកិច្ចការដ៏ស្វិតស្វាញ និងត្រឹមត្រូវ។ សារព័ត៌មាន តែងតែងាយប្រឈមនឹងការបង្វែរដដែលៗនៃក្រុមអ្នកនយោបាយ និងអ្នកឃោសនាឱ្យដើរតាមរបៀបវារៈរបស់ពួកគេ។
រាប់ចាប់តាំងពីការផ្តិតយករូបភាព ការរាយការណ៍ពីការពិត ការចាប់ផ្តើមពីព័ត៌មានមិនពេញលេញ រហូតបានជាព័ត៌មានពេញលេញមួយដោយឆ្លងការត្រួតពិនិត្យចុងក្រោយ និងការចេញផ្សាយជាសាធារណៈ វាគឺជាខ្សែច្រវ៉ាក់នៃសារព័ត៌មាន។
ទិវាសារព័ត៌មានពិភពលោក គឺជាថ្ងៃនៃការយល់ដឹង ដើម្បីពន្យល់ពីសារៈសំខាន់នៃសារព័ត៌មានឱ្យបានកាន់តែច្បាស់ដល់សាធារណជន។
វាក៏ជាពេលវេលាមួយ ដើម្បីផ្ដល់ជាវេទិកាដល់ទស្សនិកជន និងការរំលេចពីបទពិសោធន៍ថាតើអ្នកសារព័ត៌មានបានធ្វើឱ្យជីវិតរបស់ពួកគេប្រសើរឡើងយ៉ាងដូចម្តេច។ យ៉ាងហោចណាស់ ពួកគេបានស្ដាប់ផងដែរ។
ឬដើម្បីឆ្លុះបញ្ចាំងពីការរួមចំណែករបស់ស្ថាប័នសារព័ត៌មានក្នុងស្រុកទៅដល់ស្ថាប័ន នយោបាយ ឬតម្លៃនៃសេរីភាពសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវបានឃុំខ្លួនដោយគ្មានហេតុផលដោយក្រុមអ្នកមានអំណាច និងក្រៅពីនោះពួកគេអាចជាអ្នកដែលដឹកនាំកម្លាំងដែលអាចប្រើការបាន។
ដោយសារតែមានការកើនឡើងនៃការជជែកដេញដោលជាសាធារណៈ តម្លៃនៃអ្នកសារព័ត៌មានឯករាជ្យគឺជាប្រភពនៃភាពសុទិដ្ឋិនិយម និងជំនឿចិត្ត។
ជាញឹកញាប់ ក្នុងស្ថានភាពផ្ទាល់ខ្លួន អ្នកផ្ដល់ព័ត៌មានសម្ងាត់ ជឿជាក់លើអ្នកសារព័ត៌មាន ។ អ្នកធុរកិច្ច អ្នកនយោបាយ និងអ្នកកាន់អំណាច ភាគច្រើនបដិសេធក្នុងការជួបជាមួយអ្នកសារព័ត៌មាន ឬចេញបកស្រាយដោយខ្លួនឯង ប៉ុន្តែនេះមិនមែនមានន័យថាពួកគេមិនទទួលខុសត្រូវនោះទេ។ អំពើពុករលួយនៅតែត្រូវបានលាតត្រដាងដោយបុគ្គល។
កាលពីឆ្នាំមុន ខ្ញុំបានជួបប្រភពម្នាក់ក្នុងគោលបំណងជជីករកការពិត ប៉ុន្តែការសន្ទនាបានធ្វើឡើងនៅអាងត្រាំទឹកក្ដៅមួយ ដើម្បីបញ្ជាក់ថាខ្ញុំមិនបានដាក់ឧបករណ៍ស្រូបសំឡេង សូម្បីតែនៅក្នុងខោខ្លីរបស់ខ្ញុំ។
នេះហើយជាមនោសញ្ចេតនានៃការងារ ដែលត្រូវបានជ្រើសរើស និងការសងត្រឡប់ដែលមិនចេះចប់។
ក្រុមស្វែងរកផលប្រយោជន៍ ដែលលំអៀង តែងគំរាមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ពួកគេនឹងនិយាយថា៖ «ខ្ញុំនឹងលុបចោលការជាវរបស់ខ្ញុំ» ឬ«យើងនឹងដកការផ្សាយពាណិជ្ជកម្មចេញវិញ»។ ប្រហែលជាឆ្នាំក្រោយនេះ ពួកយើងនឹងរាយបញ្ជីឈ្មោះក្រុមមនុស្សដែលធ្វើរបៀបនោះ។
មកទល់ពេលនេះស្ថាប័នព័ត៌មានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនបានទម្លាយជាសាធារណៈឡើយ។ ប៉ុន្តែវាជាការប៉ុនប៉ងជ្រៀតជ្រែកមកលើឯករាជ្យភាពអ្នកនិពន្ធ ដែលជាអំពើខុសឆ្គង។
ការវាយប្រហារ រួមមានអំពើឃាតកម្មលើអ្នកសារព័ត៌មាន កំពុងស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត។ សារព័ត៌មានមិនត្រូវបានបង្កើតឡើងសម្រាប់ឱ្យគេបាញ់នោះទេ។ ប៉ុន្តែទោះបីជាអ្នកអាចសម្លាប់អ្នកសារព័ត៌មាន តែអ្នកមិនអាចសម្លាប់ព័ត៌មាននោះទេ។ អ្នកផ្សេងទៀតនឹងយកវាទៅផ្សាយបន្ត។ ក្រឡេកមើលអ្នកសារព័ត៌មាននៅម៉ិកស៊ិក ឬអ៊ីរ៉ង់ ជាឧទាហរណ៍ប្រសិនបើអ្នកមិនទាន់ទទួលបានការបំផុសគំនិតទេនោះ។ អត្រានិទណ្ឌភាព ការសម្លាប់អ្នកសារព័ត៌មាន កំពុងឈានទៅដល់កម្រិត១០០% នៅក្នុងប្រទេសមួយចំនួន ប៉ុន្តែព័ត៌មាននៅតែកើនឡើង។
រឿងអស្ចារ្យដែលតែងមានសម្រាប់ការងារសារព័ត៌មានគឺ៖ «ការពិតមិនអាចបង្ក្រាបបានទេ»។
អ្នកដែលត្រូវការគឺយល់ពីសារៈសំខាន់នៃសារព័ត៌មាន។ ហើយមានតែអ្នកដែលត្រូវការតិចតួចប៉ុណ្ណោះដែលតែងតែវាយប្រហារពួកយើងជាញឹកញាប់។ អ្នកមានអំណាចភ័យខ្លាចមិនអាចគ្រប់គ្រងពិភពរបស់ពួកគេបានទាំងស្រុង។
នៅពេលអ្នកនិយាយជាមួយមិត្តភក្តិ អំពីសហគមន៍ ភូមិ ទីក្រុង ឬទូទាំងពិភពលោក ចូរអ្នកគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ។ វាមានការចូលរួមពីសារព័ត៌មាន ដែលប្រកាន់លើយុត្តិធម៌។ អ្នកនិទានរឿង ដែលមកពីសហគមន៍របស់អ្នក បានប្រាប់ពីការពិត ទោះបីស្ថិតក្នុងកាលៈទេសៈមិនអំណោយផលក៏ដោយ។
ដូច្នេះហើយ អ្នកដែលគ្មានអាវុធ និងរស់នៅក្នុងសហគមន៍របស់អ្នក ពួកគេត្រូវបានកំណត់ជាមុខសញ្ញា ការធ្វើទុក្ខ ការប្រមាថ និងការគំរាមកំហែង។ ហើយវាជាមូលហេតុដែលពួកគេឆ្លើយតបជាមួយនឹងការពិតកាន់តែច្រើន ចម្លើយកាន់តែច្រើន គំនិតឯករាជ្យកាន់តែច្រើន និងរក្សាទំនាក់ទំនងរវាងអ្នក និងពិភពលោកទាំងមូល។
សារព័ត៌មានគឺជាស្ពាននៃការកសាងអនាគត ដែលគាំទ្រដោយទស្សនិកជន ដែលមានភាពស្មោះត្រង់ ដូចនឹងអ្នកសារព័ត៌មាន និងនិពន្ធនាយកដែរ។
ទាំងអស់គ្នា នាទិវាសារព័ត៌មានពិភពលោក! ទោះបីពេលខ្លះវាមានអារម្មណ៍ថា ក្ដីសង្ឃឹមកំពុងធ្លាក់ចុះ តែសូមចាំថា សំណាញ់សុវត្ថិភាពនៃសារព័ត៌មានគឺនៅទីនេះ។
លោក David Walmsley គឺជានិពន្ធនាយកThe Globe and Mail នៃប្រទេសកាណាដា និងជាអ្នកបង្កើតទិវាសារព័ត៌មានពិភពលោក
អត្ថបទនេះត្រូវបានកែសម្រួលដើម្បីឲ្យងាយយល់