សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស្ត្រី​ហ្វីលីពីន​មាន​ផ្ទៃពោះ​១៣​នាក់ ត្រូវបាន​ផ្តន្ទាទោសឱ្យជាប់​ពន្ធនាគារ​៤​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ជួញដូរ​មនុស្ស

ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដើរ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដើរ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការខេត្តកណ្តាលបានផ្តន្ទាទោសស្ត្រីជនជាតិហ្វីលីពីនមានផ្ទៃពោះចំនួន១៣នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទប៉ុនប៉ងជួញដូរមនុស្ស ព្រមទាំងស្ត្រីមេផ្ទះជនជាតិខ្មែរម្នាក់ឱ្យជាប់ពន្ធនាគារ៦ខែពីបទមិនរាយការណ៍អំពីបទឧក្រិដ្ឋ។

យោងតាមសាលាដំបូងខេត្តកណ្តាល ស្ត្រីត្រូវបានផ្តន្ទាទោសពីបទប៉ុនប៉ងជួញដូរមនុស្សឆ្លងដែន តាមមាត្រា២៧ និង២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ទោះ​បី​ជា​យ៉ាង​ណា ការ​ផ្តន្ទាទោស​ពួក​គេ​រយៈ៤ឆ្នាំ ក្នុងនោះពីរ​ឆ្នាំ​ត្រូវ​បាន​ព្យួរ។ ស្រដៀងនឹង​ការ​ដាក់​ទោសស្ត្រី​អ្នក​ធ្វើការផ្ទះ​កម្ពុជា នាងនឹងត្រូវជាប់ទោសក្នុងពន្ធនាគារតែរយៈពីរខែ និងមួយថ្ងៃប៉ុណ្ណោះ ដោយឡែកទោសដែលនៅសល់ត្រូវព្យួរ។

សេចក្តីថ្លែងការណ៍របស់តុលាការ ដែលចុះហត្ថលេខាដោយអ្នកនាំពាក្យ បានបញ្ជាក់ថា ទង្វើដែលបានប្រព្រឹត្តដោយជនជាតិហ្វីលីពីនបង្កើតជាការប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់​នាំឆ្លងដែន។ ពួកគេត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មបែបនេះបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ទារក និងកុមារ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ។ គូសបញ្ជាក់ផងដែរថា តាមមាត្រា ៩៨៧ នៃក្រមរដ្ឋប្បវេណី «ស្ត្រីដែលបានសម្រាលកូនគឺជាម្តាយរបស់កូន»

តុលាការ​បញ្ជាក់​ថា មាន​ភ័ស្តុតាង​ច្បាស់លាស់ និង​រឹងមាំ​ដែល​ស្ត្រី​ទាំង១៣​នាក់ មាន​ចេតនា​ពពោះ​ជំនួស​ដើម្បី​បង្កើត​កូន ក្នុង​គោលបំណង​លក់​ឱ្យ​ភាគី​ទី​៣ ជា​ថ្នូរ​នឹង​ប្រាក់ដែល​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ជួញដូរ​មនុស្ស។

ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ហេតុដូច្នេះហើយ ស្ត្រីដែលពពោះជំនួសក្នុងគោលបំណងបង្កើតកូនដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

យោងតាមស្ថានទូតហ្វីលីពីនប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ស្ត្រីទាំងនោះត្រូវបានឃុំខ្លួននៅមណ្ឌលសុខភាពដែលបានកំណត់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ហើយដាក់នៅក្រោមការការពាររបស់ប៉ូលិស។ ពួកគេបានទទួលការថែទាំសុខភាព និងជំនួយសុខុមាលភាពពីប្រទេសហ្វីលីពីន និងអាជ្ញាធរកម្ពុជា ខណៈពេលដែលកំពុងរង់ចាំការបញ្ចប់ដំណើរការតុលាការ។

ស្ថានទូតបានកត់សម្គាល់ថា ការរំលោភលើបម្រាមលើការពពោះជំនួសត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋនៅក្នុងប្រទេសកម្ពុជា ហើយច្បាប់នេះត្រូវផ្តន្ទាទោសអតិបរមាពី១៥ ទៅ ២០ឆ្នាំ។

វាក៏បានទទួលស្គាល់ផងដែរនូវការកាត់បន្ថយការពិន័យមកត្រឹមពីរឆ្នាំ ដោយសារការបន្ធូរបន្ថយ​​ស្ថានការណ៍ ដែលត្រូវបានប្រកែកយ៉ាងតឹងរ៉ឹងដោយទីប្រឹក្សាដែលតែងតាំងដោយស្ថានទូត ដើម្បីបន្តលទ្ធផលល្អបំផុតក្នុងក្របខណ្ឌនៃច្បាប់កម្ពុជា។

រដ្ឋាភិបាលហ្វីលីពីន តាមរយៈស្ថានទូតរបស់ខ្លួន បានសន្យាបន្តផ្តល់ការគាំទ្រសមរម្យ រួមទាំងជំនួយផ្នែកច្បាប់ និងកុងស៊ុល ដល់ស្ត្រីហ្វីលីពីន ក្នុងដំណើរការកាត់ទោសរបស់ពួកគេនៅកម្ពុជា​​។

សរុបមក ស្ត្រីជនជាតិហ្វីលីពីន និងស្ត្រីមេផ្ទះខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អំឡុងពេលឆ្មក់ចូលផ្ទះវីឡាមួយកន្លែង ក្នុងបុរីវិមានភ្នំពេញ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត​កណ្តាល​​។ គេ​បាន​រក​ឃើញ​ថា ស្ត្រី​ទាំង​១៣​នាក់​ដែល​មាន​ផ្ទៃពោះ​ចាប់ពី​១​ខែ​ដល់​៧​ខែ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា រដ្ឋាភិបាល​ហ្វីលីពីន បាន​អំពាវ​នាវ​ដល់​ប្រទេស​កម្ពុជា «កុំ​ដាក់​ទោស​លើ​ស្ត្រី​ពពោះ​ជំនួស​ទាំង១៣​នាក់» ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ចូល​ប្រទេស។ រដ្ឋាភិបាល​របស់​ពួកគេ​នឹង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ដើម្បី​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​ករណី​នេះ។

នៅ​ពេល​សួរ​ថា តើ​ការ​ព្យួរ​ទោស​ពីរ​ឆ្នាំ​ពី​ការ​ជាប់​ពន្ធនាគារ​មក​ពី​ការ​ពិភាក្សា​ជាមួយ​ស្ថានទូត​ហ្វីលីពីន លោក សូ សារិន អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​ឆ្លើយ​ថា «វា​ជា​ការ​សម្រេច​របស់​ចៅក្រម»

លោក សារិន បាននិយាយថា ការថែទាំទារកទើបនឹងកើតគឺអាស្រ័យលើស្ថានទូតហ្វីលីពីន ដោយបន្ថែមថា៖ «យើងទទួលខុសត្រូវចំពោះដំណើរការផ្លូវច្បាប់តែប៉ុណ្ណោះ»

កាលពីខែតុលា លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «ការបង្កកំណើតរបស់ស្ត្រីមិនមែនធ្វើឡើងនៅក្នុងប្រទេសកម្ពុជាទេ គឺធ្វើឡើងដោយអ្នកជួញដូរនៅប្រទេសថៃ»

កាល​ពី​ថ្ងៃ​ពុធ លោក គឹមខឿន បាន​ប្រាប់ សារព័ត៌មានខេមបូចា ថា មិន​មាន​ព័ត៌មានវិជ្ចមាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ពី​កិច្ច​សហប្រតិបត្តិការ​ស៊ើប​អង្កេត​រវាង​អាជ្ញាធរ​កម្ពុជា និង​ថៃ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​ពិភាក្សា​កំពុង​បន្ត​រួម​ជាមួយ​នឹង​ការ​ខិត​ខំ​ដោះស្រាយ​បញ្ហា​នេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thirteen Pregnant Filipinas to Serve Four-Year Jail Term For Attempted Human Trafficking

248 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម