សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទោះបីជាវិស័យទេសចរណ៍ដំណើរការឡើងវិញជាផ្លូវការ បុគ្គលិកក្នុងផ្នែកបដិសណ្ឋារកិច្ចបន្តរង់ចាំការងើបពេញលេញ

បុគ្គលិកសណ្ឋាគារធ្វើការក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ។រូបភាពថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកសណ្ឋាគារធ្វើការក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ។រូបភាពថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្រប​ពេល​មាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​​​ដំណើរការ​មក​កម្ពុជា ​បុគ្គលិក​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​និយាយ​ថា ការ​ងើប​សេដ្ឋកិច្ច​ពេញលេញ​នៅ​មិនទាន់​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ។

និយោជិត​និង​មេដឹកនាំ​សហជីព​ដែល​ ខេមបូចា បាន​សម្ភាសន៍​និយាយ​ថាក្រុមហ៊ុន​មាន​ឈ្មោះ​ល្បី​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស បាន​​កាត់បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​អាច​ទ្រទ្រង់​ដំណើរការ​អាជីវកម្ម​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បាន​អូសបន្លាយ​ពេល​យ៉ាង​យូរ។ លើស​ពី​នេះ​ទៀត បុគ្គលិក​ជ្រើស​ដោយ​ក្រុមហ៊ុន​ទាំង​នោះ ដែល​បម្រើការ​ក្នុង​វិស័យ​​បដិសណ្ឋារកិច្ច ដូចជា ក្រុមហ៊ុន​​សម្អាត​និង​អនាម័យ​ HCC Group ​កំពុង​រង់ចាំ​ការ​វិលត្រឡប់​មក​វិញ​របស់​ភ្ញៀវ​ទេសចរ ​ដើម្បី​ជំរុញ​តម្រូវការ​សម្រាប់​សេវាកម្ម​របស់​ខ្លួន។

បុគ្គលិកម្នាក់នៅក្រុមហ៊ុន HCC គឺលោក ស៊ុន គឹមហ៊ន អាយុ ៣៩​ឆ្នាំ និយាយ​ថា ពី​មុន​មក​លោក​ធ្លាប់​ធ្វើការ​ជាចម្បងគឺជូត​សម្អាត​ឥដ្ឋ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ​ប៉ុន្តែ​នៅ​ពេល​ចំនួន​ភ្ញៀវបរទេស​បាន​ធ្លាក់​​ចុះ ក្រុមហ៊ុន​របស់​លោក​បាន​ផ្អាក​បុគ្គលិក​មួយ​ចំនួន​ ខណៈ​បុគ្គលិក​​ដទៃ​ទៀត​បាន​លាឈប់​ ដើម្បី​ស្វែង​រក​ការងារ​ដែល​ជាប់លាប់ ឬ​ផ្តល់​ចំណូល​បាន​ច្រើន​ជាង​នេះ។ ប្រាក់​ខែ​របស់​លោក​បាន​ធ្លាក់​ចុះ​ពី​ ២០០​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ការងារ​ពេញម៉ោង មក​ត្រឹម​តែ ៦០​ដុល្លារ​ សម្រាប់​ការងារ​តែ ១០​ថ្ងៃ​ក្នុង​មួយ​ខែ។

​លោក គឹមហ៊ន បាន​ថ្លែង​​ថា៖ «ប្រាក់​ខែ​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​យើង​បាន​នោះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​​ខ្ចី​លុយ​ខ្លះ​ពី​សាច់ញ្ញាតិ» ដោយ​បន្ថែម​ថា ប្រពន្ធ​របស់​លោក​ត្រូវ​នៅ​ផ្ទះ​មើល​កូនស្រី និង​កូន​ប្រុស​ទើប​នឹង​កើត។ លោក​បាន​បន្ត​ថា៖ «ខ្ញុំ​ពិត​ជា បាក់ទឹកចិត្ត នៅ​ពេល​ដែល​មិនមាន​ការងារ​ធ្វើ ហើយ​ចំណូល​បាន​ទាប។ ខ្ញុំ​ដេកមិនលក់ ហើយ​ចេះ​តែ​គិត​ថា ខ្ញុំ​ត្រូវ​រក​លុយ​យ៉ាង​ដូចម្តេច»

ឥឡូវ​នេះ ខណៈ​​កម្ពុជា​បើក​សេដ្ឋកិច្ច​ឡើង​វិញ លោក​ គឹមហ៊ន និយាយ​ថា លោក​បាន​ការងារ​ផ្នែក​សម្អាត​ធ្វើ​ចំនួន ២០​ថ្ងៃ​ ហើយ​ទទួល​បាន​ប្រាក់​ខែ​ ១២០ ដុល្លារ​ក្នុង​មួយ​ខែ។ អ្វីៗ​បាន​ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​លំបាក​ក្នុង​បំពេញ​តម្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​របស់​លោក។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ដោយ​បាន​លុបចោល​តម្រូវការ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស។ ឥឡូវ​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​កម្ពុជា ត្រឹម​តែ​តម្រូវ​ឲ្យ​បង្ហាញ​ភស្តុតាង​ចាក់វ៉ាក់សាំង និង​ការ​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ១៩ ពី​ម៉ាស៊ីន PCR ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល ៧២​ម៉ោង​មុន​ចាកចេញ​ពី​ប្រទេស​ដើម​របស់​ពួកគេ។ ពេល​មក​ដល់ ពួកគេ​ត្រូវ​ធ្វើ​តេស្ត​រហ័ស​នៅ​ច្រក​ដែល​ពួកគេ​ឆ្លង​កាត់។ នៅ​ពេល​​ធ្វើតេស្ត​​រក​ឃើញ​​ថា អវិជ្ជមាន ពួកគេ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស។ ​

ការ​បើក​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​នេះ​គឺ​ជា រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ ប៉ុន្តែ​មិនត្រឹម​​តែ​លោក​ គឹមហ៊ន ​នោះ​ទេ​ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ម៉ោង​ធ្វើការ​បន្ថែម និង​ប្រាក់​ខែ​ខ្ពស់​ជាង​មុន។ អាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ផ្អាក ឬ​បិទ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

ភ្ញៀវទេសចរដើរចេញពីសារមន្ទីរទួលស្លែងក្នុងទីក្រុងភ្នំពេញ។ រូបភាពថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក គឹម សេរីរដ្ឋ​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​និង​ម្ហូបអាហារ​ បាន​ប្រាប់​ ខេមបូចា ថា សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ប្រមាណ ៤០​ភាគរយ​នៅ​ក្នុង​ប្រទេស​បាន​បិទ​ អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ប្រមាណ ៨០​ភាគរយ​នៃ​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ដែល​បាន​បិទ​នោះ​ហាក់ដូចជា បាន​បើក​ទ្វារ​ឡើង​វិញ​ ស្រប​ជាមួយ​នឹង​ការ​បើកឡើង​វិញ​នៃ​វិស័យ​​ទេសចរណ៍​ទាំង​មូល។

​លោក​បាន​ថ្លែង​ថា៖ «ការណ៍​នេះ​ពិត​ជា​ជួយ​ដល់​វិស័យ​ទេសចរណ៍ នៅ​ពេល​​រដ្ឋាភិបាល​ប្រកាស​បើក​ឡើង​វិញ។ នៅ​ពេល​​អាជីវកម្ម​អាច​ដំណើរការ​ឡើង​វិញ បុគ្គលិក​បម្រើការ​មាន​ប្រាក់ខែ និង​ការងារ​នឹងនរ»

​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ បុគ្គលិក​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ មិន​ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ពួកគេ​​ត្រូវ​បាន​​និយោជក​កាត់បន្ថយ​ម៉ោង​ធ្វើការ។ អនុប្រធាន​សហជីព​តំណាង​ឲ្យ​បុគ្គលិក​​សណ្ឋាគារ​ Raffle Royal និង​សណ្ឋាគារ​ Sofitel ក៏ដូចជា សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ និយាយ​ថា ការ​កាត់បន្ថែម​ម៉ោង​ធ្វើការ​នេះ​បាន​ក្លាយ​ជា​បទដ្ឋាន​នៅ​ក្នុង​វិស័យ​នេះ។

លោក ទូច កុសល ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា បាន​និយាយ​ថា សណ្ឋាគារ​ដែល​ផ្អាក​ការងារ​​បុគ្គលិក​បាន​ផ្តល់​​ប្រាក់​ ៤០​ដុល្លារ​ដល់​បុគ្គលិក​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​គាំទ្រ​ដោយ​ក្រសួង​ការងារ​។ ប៉ុន្តែ​បុគ្គលិក​រយៈពេល​វែង​នៅ​តែ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មិនមាន​សំណង ស្រប​ពេល​​បុគ្គលិក​ដែល​បន្ត​ធ្វើការ​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​ត្រូវ​ទទួល​ប្រាក់​ខែ​តែ​ ៥០​ភាគរយ​នៃ​ប្រាក់ខែ​ទូទៅ​របស់​ពួកគេ​ប៉ុណ្ណោះ។

លោក ​កុសល​ បាន​ថ្លែង​ថា៖ «វិស័យ​សេវាកម្ម​មួយ​ចំនួន​នៅ​តែ​បន្ត​ផ្អាក​ បើ​ទោះ​បី​ជា​សណ្ឋាគារ​បាន​បើក​ទ្វារ​ឡើង​វិញ​ក៏​ដោយ ដូច្នេះ​ប្រាក់​ខែ​ចម្បង និង​សេវាកម្ម​ផ្សេងៗ​ មិន​មាន​ច្រើន​ខ្លាំង​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​មាន​អតិថិជន​ច្រើន» ដោយ​លោក​បាន​បន្ថែម​ថា បុគ្គលិក​​បម្រើការ​នៅ​​ក្នុង​ផ្នែក​សេវាកម្ម​កំពុង​ប្រឈម​មុខ​នឹង​ការ​បន្ត​ធ្លាក់​ចុះ។ ​

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ នៅ​ពេល​ឮ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​។ បុគ្គលិក​ខ្លះ​បាន​ផ្លាស់ទៅ​ធ្វើការ​ជា​កម្មករ​សំណង់ ឬ​អ្នក​បើក​តុកតុក​ ដើម្បី​បំពេញ​ចំណាយ​ប្រចាំ​ថ្ងៃ និង​បង់​ប្រាក់​ខ្ចី​ធនាគារ ហើយ​អ្នក​ខ្លះ​បាន​លក់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ»

​យ៉ាងណាក្តី លោក​កុសល​បាន​លើកឡើង​ថា ការងើប​រើ​ឡើង​វិញ​ជា​បន្តបន្ទាប់​នៃ​វិស័យ​ទេសចរណ៍​បរទេស​នៅ​កម្ពុជា​ជា​បោះជំហាន​ទៅ​មុខ​មួយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​រដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ ដើម្បី​ឲ្យ​វិស័យ​សេវាកម្ម​អាច​វិលត្រឡប់​មក​ដំណើរការ​ធម្មតា​ឡើង​វិញ ហើយ​បុគ្គលិក​បម្រើការ​អាច​មាន​ការងារ​​ជាមួយ​នឹង​ប្រាក់​ចំណូល​សមស្រប។ ខ្ញុំ​សង្ឃឹម​ថា អ្វីៗ​នឹង​ប្រសើរ​ជាង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»

ទោះ​បី​ជា​យ៉ាងណាក៏ដោយ គេ​នៅ​រង់ចាំ​មើល​ថា​តើ​នៅ​ពេល​ណា​លំហូរ​ភ្ញៀវ​ទេសចរ​នឹង​អាច​​វិលត្រឡប់​មក​ក្នុង​កម្រិត​​មុន​​ពេល​វិបត្តិ​ជំងឺ​កូវីដ៩។

អ្នក​ស្រី​ឆាយ ស៊ីវលីន​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​និយាយ​ថា វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​​គ្រប់គ្រាន់​ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ក្នុង​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ឡើយ​នោះ​​ទេ។

អ្នក​ស្រី​បាន​​ថ្លែង​ថា៖ «យើង​ធ្លាប់​តែ​ទទួល​បាន​អ្នកទេសចរ​បរទេស​បី​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​មក​លេង​ក្រុង​សៀមរាប» ដោយ​អ្នកស្រី​បាន​ពន្យល់​ថា ការ​ខាតបង់​ភ្ញៀវទេសចរ​នៅ​ក្នុង​ទំហំ​ដ៏​ច្រើន​នេះ​មាន​ផលប៉ះពាល់​យ៉ាង​ធំធេង​មក​លើ​សេដ្ឋកិច្ច។

អ្នកស្រី​បាន​បន្ត​ថា បុគ្គលិក​បម្រើការ​ប្រមាណ​ ៦​ម៉ឺននាក់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បាន​រង​ផលប៉ះពាល់​ ដូចជា នៅ​ក្នុង​ផ្នែក​ដឹកជញ្ជូន កន្លែង​ស្នាក់​នៅ​ អាហារ និង​សេវាកម្ម​​ប្រយោល​ផ្សេង​ៗទៀត។ ហើយ​ [បើ​ទោះ​បី​] អាជីវកម្ម​ចំនួន ៣.៥០០​បាន​បិទ​ទ្វារ ការ​ជំរុញ​​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រមាណ ៧០០ ​ដំណើរការ​ឡើង​វិញ។​

ទោះ​ជា​យ៉ាងណា និយោជិត​នៅ​សណ្ឋាគារ​មួយ​ចំនួន​ ដែល​បាន​បន្ត​ដំណើរការ​នៅ​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ប្រឈម​នឹង​ការ​កាត់បន្ថយ​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ បើទោះបី​ជា​ពួកគេ​អាច​រក្សា​ការងារ​ក៏​ដោយ។

លោក​ សូ​ សាវុន​ អាយុ ៤៨​ឆ្នាំ តំណាង​សហជីព​បុគ្គលិក​សណ្ឋាគារ Raffle Royal បាន​និយាយ​ថា សណ្ឋាគារ​លំដាប់​ខ្ពស់​បាន​ផ្អាក​ការងារ​​បុគ្គលិក និង​កាត់​បន្ថយ​ម៉ោង​ ដើម្បី​អាច​បង់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ដទៃ​ទៀត​​ក្នុង​ចំនួន​ប្រមាណ ៥០​ភាគរយ​នៃ​ប្រាក់ខែ​ធម្មតា​របស់​ពួកគេ។ សណ្ឋាគារ​ក៏​បាន​ស្នើ​ឲ្យ​បុគ្គលិក​ប្រហែល​ ៦០​នាក់ លា​ឈប់​​ដោយ​ស្ម័គ្រចិត្ត​ជាមួយ​នឹង​សំណង​កាល​ពី​​ដើម​ឆ្នាំ​នេះ។

បើ​ទោះ​បី​ជា​សណ្ឋាគារ​បាន​ផ្តល់​ជា​សេវាកម្ម​ដទៃ​ទៀត​ដូចជា​ ផ្តល់​ជា​​កន្លែង​សម្រាប់​អតិថិជន​ជួល​ដើម្បី​រៀបចំ​ជា​ការ​ប្រជុំ​ ឬ​សិក្ខាសាលា​ក៏​ដោយ វិស័យ​នេះ​នៅ​មិន​ទាន់​ងើបរើ​ឡើង​វិញ​ពេញលេញ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «យើង​ធ្លាប់​រក​លុយ​បាន​ជា​ច្រើន​រាល់​ខែ ហើយ​មិន​សូវ​ចាយ [ច្រើន] ឥឡូវ​នេះ​យើង​មាន​តិច ហើយ​តម្រូវការ​មាន​ច្រើន​ជាង​មុន ស្រប​ពេល​ថ្លៃ​ទឹក​ភ្លើង​បាន​ឡើង​ខ្ពស់​ជាង​មុន» ដោយ​បន្ថែម​ថា បុគ្គលិក​មួយ​ចំនួន​ប្រឈម​នឹង​ការ​លំបាក​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ ស្រប​ពេល​ត្រូវ​បង់​កម្ចី​ថែម​ទៀត។ ​

បុរសម្នាក់បើកម៉ូតូកាត់ពីមុខសណ្ឋាគារសូហ្វីតែល ក្នុងទីក្រុងភ្នំពេញ។ រូបភាពថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

​លោក​ ផាត សារុន ប្រធាន​សហជីព​បុគ្គលិក​សណ្ឋាគារសូហ្វីតែល (Sofitel) បាន​រាយការណ៍​ពី​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅ​សណ្ឋាគារ​របស់​លោក ជា​ទី​ដែល​នយោជិត​ចំនួន ៥៣​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ដោយសារ​តែ​តម្រូវការ​ទាប​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩។ ​បុគ្គលិក​ដែល​អាច​នៅ​បន្ត​ធ្វើការ​និយាយ​ថា ការងារ​របស់​ពួកគេ​មាន​ច្រើន​ជាង​មុន ខណៈ​ប្រាក់​ខែ និង​ម៉ោង​ធ្វើការ​បាន​ធ្លាក់ចុះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​តែង​តែ​គិត​ពី​វិធី​រក​លុយ​ដើម្បី​បង់ការ [បំណុល] ហើយ​ជួយ​គ្រួសារ​ជាមួយ​នឹង​​ប្រាក់​សន្សំ​តិចតួច និង​កាត់បន្ថយ​ចំណាយ។ នេះ​ជា​សម្ពាធ​ដ៏​ធំ​មួយ ហើយ​ប្រពន្ធ​របស់​ខ្ញុំ​មិន​អាច​ធ្វើការ​ ដោយសារ​តែ​គាត់​ត្រូវ​មើល​កូន»

យ៉ាង​ណា​ក្តី លោក​សារុន​បាន​បន្ត​ថា ការ​បើក​​សេដ្ឋកិច្ច​ឡើង​វិញ​ហាក់​ដូចជា បង្ហាញ​នូវ​សញ្ញា​ងើបរើ​ឡើង​វិញ ដោយ​បន្ថែម​ថា លោក​អាច​រក​ប្រាក់​បន្ថែម​តាម​សេវាកម្ម​ផ្សេងៗ​ផ្គត់ផ្គង់​ដោយ​សណ្ឋាគារ។ លោក​សង្ឃឹម​ថា ស្រប​ពេល​តម្រូវការ​កើន​ឡើង អ្វីៗ​នឹង​បន្ត​មាន​ភាព​ប្រសើរ​ឡើង។

ប៉ុន្តែ​វិស័យ​នេះ​នៅ​មិនទាន់​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ​ទេ ហើយ​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​អន្តរជាតិ។​

សម្រាប់​បុគ្គលិក​ដទៃ​ទៀត​ដូច​លោក គីមហ៊ន នៅ​ក្រុមហ៊ុន HCC អ្វី​ដែល​ពួកគេ​អាច​ធ្វើ​នោះ​គឺ​ ត្រឹម​តែ​រង់ចាំ​មើល​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា ព្រួយ​បារម្ភ​ពី​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​អូមីក្រុង​ ​ដែល​វា​អាច​​ឆ្លង​ ហើយ​ប៉ះពាល់​ការងារ​របស់​ខ្ញុំ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Though the tourism sector is officially back, hospitality workers are still waiting for full recovery

275 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម