សៀមរាប៖ ជារៀងរាល់ព្រឹក អ្នកស្រី មុត ដឿន ជួយស្វាមីរបស់គាត់រៀបចំកន្លែងលក់កាហ្វេដែលនៅក្បែរដងស្ទឹងសៀមរាបសិន មុននឹងបើករ៉ឺម៉កម៉ូតូទៅយកភ្ញៀវទេសចរទៅមើលប្រាសាទ។ ដូចពលរដ្ឋផ្សេងទៀតនៅក្នុងខេត្តដែលពឹងលើវិស័យទេសចរណ៍ អ្នកស្រីបានបាត់បង់ការងារជាចុងភៅនៅហាងអ៊ីតាលីមួយកាលពីសម័យកូវីដ-១៩ ហើយបានមកដល់ចំណុចរបត់មួយនៃផ្លូវជីវិត ដោយក្លាយខ្លួនជាអ្នកបើករ៉ឺម៉កប្រជែងជាមួយបុរសក្នុងការដឹកភ្ញៀវទេសចរ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។
អ្នកស្រី មុត ដឿន អាយុ៣២ឆ្នាំ ជាដ្រាយវើ (Driver) ចង្កូតថ្មីម្នាក់ដែលប្រកបរបរនេះបានរយះពេល១ឆ្នាំ បានលើកឡើងថា៖ «ពេលខ្ញុំមកដឹកភ្ញៀវ ប្ដីនៅផ្ទះគាត់នៅលក់ ហើយមើលកូន ប៉ុន្តែលក់តែមួយព្រឹកៗទេ ចឹងហើយគាត់នៅផ្ទះមើលកូន ជូនកូនទៅរៀននិងធ្វើម្ហូបជូនអ្នកផ្ទះ»។
នៅក្រុងសៀមរាប មានស្ត្រី ៥០នាក់ជាង ជាអ្នកបើករ៉ឺម៉កដឹកភ្ញៀវទេសចរ ដែលកន្លងមកច្រើនមានតែបុរសទេដែលផ្តាច់មុខនៅក្នុងមុខរបរមួយនេះ។ ពួកគេបានចងក្រងគ្នាជាក្រុមមួយ ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកស្រី គីម សុខលាង គេហៅជាទូទៅថា បង គីម អាយុ ៣៨ឆ្នាំ និងជាប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរសៀមរាប។
ដើមឡើយ អ្នកស្រី សុខលាង ជាអ្នកលក់ត្រីនៅក្នុងផ្សារច្បារអំពៅនៅភ្នំពេញទេ ប៉ុន្តែគាត់បានប្ដូររបរមកធ្វើជាអ្នករត់រ៉ឺម៉កវិញ ដើម្បីអាចជូនកូនប្រុសដែលមានពិការភាព គ ថ្លង់ ទៅរៀន។ ផ្តើមមុខរបរថ្មីដំបូងនៅឆ្នាំ២០១៣ អ្នកស្រី សុខលាង បានធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថាហេតុអ្វីស្ត្រីមកបើករ៉ឺម៉ក ហើយដោយសារមិនសូវមានម៉ូយជិះ គាត់ក៏សម្រេចចិត្តផ្លាស់ទីលំនៅមកប្រកបរបរមួយនេះនៅក្នុងខេត្តសៀមរាប នៅចុងឆ្នាំ២០១៤ វិញ។
អ្នកស្រី សុខលាង បានឱ្យដឹងថា៖ «កាលពីដំបូងដែលខ្ញុំចាប់ផ្ដើម គ្មានអ្នកជឿថាយើងជាអ្នករត់រ៉ឺម៉កទេ មនុស្សទាំងអស់សុទ្ធតែមិនសូវគាំទ្រព្រោះគិតថាវាមិនអាចទៅរួច។ខ្ញុំគ្រាន់ចង់បង្ហាញគាត់ថាមនុស្សទាំងអស់សុទ្ធតែធ្វើការងារបានដូចគ្នា ហើយខ្ញុំនឹងធ្វើឱ្យមើលប៉ុណ្ណឹងឯង»។
ការចាប់ផ្ដើមថ្មី ផ្តល់ឱកាសថ្មីឱ្យអ្នកស្រី សុខលាង បញ្ចេញសមត្ថភាពរបស់ខ្លួននៅលើទឹកដីខេត្តមួយសម្បូរទៅដោយប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាគោលដៅធំជាងគេសម្រាប់ភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសកម្ពុជា។ បន្តិចម្តងៗ សេវាបើករ៉ឺម៉កដឹកភ្ញៀវរបស់អ្នកស្រី បានធ្វើឱ្យទេសចរពេញចិត្ត និងសរសើរជាច្រើន កេរ្តិ៍ឈ្មោះល្អរបស់គាត់កាន់តែសុសសាយ រកចំណូលបានជាប្រចាំរហូតដល់អាចសន្សំបានយកទៅទិញដីនិងសាងសង់ផ្ទះ ដែលគាត់កំពុងរស់នៅបច្ចុប្បន្ន និងធ្វើជាស្នាក់ការសមាគមអ្នកបើករ៉ឺម៉កទេសចរសៀមរាប ទៀតផង។
អ្នកស្រីបានបន្តទៀតថា៖ «ខ្ញុំចិញ្ចឹមគំនិតចង់បង្កើតសមាគមតាំងពីខ្ញុំកាន់ដៃចង្កូត(រ៉ឺម៉ក)ដំបូងនៅរាជធានីភ្នំពេញម្ល៉េះ។ ប៉ុន្តែដោយសារយើងគ្មានការិយាល័យគ្មានអី កាលនឹងយើងនៅផ្ទះជួលដល់ចឹងទៅយើងអត់មានសមត្ថភាពបង្កើតសមាគមទេ ដល់ខ្ញុំមកសៀមរាបខ្ញុំសន្សំលុយទិញបានដីមួយកន្លែងខ្ញុំក៏ចាប់ផ្ដើមបង្កើតសមាគម»។
មកទល់ពេលនេះស្ត្រីដែលប្រកបរបរជាអ្នកបើករ៉ឺម៉កទេសចរ នៅក្រុងសៀមរាបបានទទួលការបង្ហាត់បង្រៀនបើករ៉ឺម៉ក ដើម្បីបង្កើនលទ្ធភាពក្នុងការប្រកបរបរទ្រទ្រង់គ្រួសារ។ ក្រោយពីទទួលការហ្វឹកហាត់រួច ភាគច្រើនបានចេញទៅធ្វើជាអ្នកបើករ៉ឺម៉កឯករាជ្យ ហើយបច្ចុប្បន្ននៅសល់ស្ត្រី ១០នាក់ ដែលជាសមាជិករបស់សមាគម។ ពួកគេតែងជួយគ្នាក្នុងការចែកភ្ញៀវឱ្យគ្នាដឹកតាមដែលអាចធ្វើទៅបានដើម្បីប្រាកដថា គ្រប់គ្នានៅក្នុងក្រុមអាចរកប្រាក់ចំណូលបានជាប្រចាំថ្ងៃ។
អ្នកស្រី សុខលាង បានឱ្យដឹងថា៖ «សមាគមវាដូចជាថ្នាក់រៀនចឹង យើងមើលថាអ្នកណាចង់ grow up (លូតលាស់) មុនគេ ខ្ញុំតែងតែផ្ដល់ភ្ញៀវឯកជនខ្ញុំមួយឱ្យមុនគេ»។ អ្នកស្រីបានបន្ថែមថា ម្នាក់ៗសុទ្ធតែយកចិត្តទុកដាក់ក្នុងការបម្រើសេវា ដោយរ៉ឺម៉កនីមួយៗមានទឹកសុទ្ធ ក្រមា កន្សែងត្រជាក់ សម្រាប់ភ្ញៀវទេសចរដែលជួលពួកគាត់ឱ្យដឹកទៅមើលប្រាសាទ និងសហគមន៍ជនបទ។

ពីចុងភៅហាងអ៊ីតាលីមករត់រ៉ឺម៉ក
អ្នកស្រី មុត ដឿន ធ្លាប់ធ្វើចុងភៅនៅក្នុងភោជនីយដ្ឋានអ៊ីតាលីមួយក្នុងក្រុងសៀមរាប។ ប៉ុន្តែ ដូចអ្នកស្រុកឯទៀតនៅក្នុងខេត្តសៀមរាបដែលពឹងលើភ្ញៀវទេសចរ ជីវភាពរបស់គ្រួសារគាត់ត្រូវធ្លាក់ចុះក្នុងភាពលំបាក នៅពេលជំងឺរាតត្បាតកូវីដ-១៩ វាយលុកនៅដើមឆ្នាំ២០២០។ ដោយសារអត់មានទេសចរទៅសៀមរាប ហាងអ៊ីតាលីនោះត្រូវបិទទ្វារជាបណ្ដោះអាសន្នដែលធ្វើឱ្យ មុត ដឿន ក៏លែងមានការងារធ្វើដែរ។ គាត់បានងាកមកបើកតូបលក់កាហ្វេនៅក្នុងភូមិដើម្បីរកប្រាក់ជួយទប់គ្នាជាមួយប្តីរបស់គាត់ ដែលជាអ្នកបើករ៉ឺម៉កដែរ ប៉ុន្តែរកចំណូលមិនសូវបានដោយសារពេលនោះអត់សូវមានភ្ញៀវទៅសៀមរាប។ ជាជម្រើសចុងក្រោយ អ្នកស្រី មុត ដឿន សម្រេចចិត្តធ្វើជាអ្នកបើករ៉ឺម៉កវិញ តាមការណែនាំរបស់ស្ត្រីជិតខាងដែលជាអ្នករត់រ៉ឺម៉ក់ដូចគ្នា ហើយសំខាន់ដោយឃើញ បង គីម ជាគំរូជំរុញទឹកចិត្ត។
អ្នកស្រី មុត ដឿន បានប្រាប់ថា៖ «ជាដំបូងឡើយខ្ញុំគិតថាបងគីមគាត់អាចជួយស្រីៗបានច្រើន បើយើងរត់ខ្លួនឯង ទីមួយយើងអត់មានបទពិសោធភាសាយើងក៏អត់សូវពូកែ ចឹងបើចូលជាមួយបងគីមគាត់ជួយបង្រៀនយើងបានច្រើន ណែនាំយើងឱ្យភ្ញៀវ គាត់ជាមេដ៏ល្អមួយដឹកនាំយើងឱ្យគេស្គាល់»។
ស្តារឡើងវិញក្រោយកូវីដ
ឧស្សាហកម្មទេសចរណ៍នៅសៀមរាប បានងើបឡើងវិញបន្តិចម្តងៗក្រោយពីរងការខូចខាតយ៉ាងដំណំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ តាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅក្នុងឆមាសទី១ នៃដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ២ ៨៩៣ ០០៨នាក់ ចំនួននេះបង្ហាញអំពីការកើនឡើង ៥០,៩១ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦,៦៨ភាគរយ និងភ្ញៀវអន្តរជាតិ សរុបមាន ៥៦៧ ៦៧៣នាក់ មានការកើនឡើង ៨,៧៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
បើទុកជាមានភាពប្រសើរឡើងបន្តិចក្តី ទាំងអាជីវករទូទៅ ទាំងអ្នករត់រ៉ឺម៉ក នៅតែថ្ងូរថាពិបាករកចំណូល មិនដូចកាលនៅមុនសម័យកូវីដ។
«តាំងពីកូវីដមកវាពិបាក និយាយឱ្យចំបាត់អស់ ៧០ ទៅ ៨០ភាគរយ យើងបានចំណូលបានតែ ២០ភាគរយបើធៀបនឹងមុនកូវីដ»។ លោក ប៉ិច ស៊ីវ ដែលជាអ្នករត់រ៉ឺម៉កទេសចរជិត ២០ឆ្នាំហើយ បានលើកឡើងដូច្នេះ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការធ្លាក់ចុះចំណូលនេះមិនមែនមកពីមិនសូវមានភ្ញៀវមកតែមួយមុខនោះទេ ប៉ុន្តែដោយសារមានការប្រកួតប្រជែងខ្លាំង នៅពេលមានអ្នកបើកបរដឹកភ្ញៀវច្រើនជាងមុន ជាពិសេសការជ្រៀតចូលរបស់អ្នកបើកបរដែលប្រើ ផាស់អាប់ (PassApp) និង ហ្គ្រែប (Grab)។
លោក ស៊ាន សង អ្នកបើករ៉ឺម៉កទេសចរម្នាក់ទៀត បានឱ្យដឹងថា៖ «យើង តាំងពីក្រោយកូវីដ បើប្រៀបធៀបវាខុសគ្នាឆ្ងាយពីមុនកូវីដ ពីព្រោះអី ពីប្រទេសមួយទៅប្រទេសមួយ វាមានបញ្ហាគ្រប់តែប្រទេសនឹង ភ្ញៀវគាត់អត់សូវ traveling (ធ្វើដំណើរ) ច្រើន ហើយប្រទេសយើងវាជាប្រទេសតូច មួយទៀត[ភ្ញៀវ]អត់សូវមកដល់តែម្ដង ហើយចាប់ពីកូវីដមកគឺខ្សត់តែម្ដងភ្ញៀវ»។
អ្នកស្រី សុខលាង ក៏យល់ស្របដូចគេដែរ ត្រង់ចំណុចនេះ។ ក្នុងនាមជាប្រធានសមាគម គាត់ចង់ឱ្យរដ្ឋាភិបាលជួយរៀបចំបង្កើននូវហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរជាងមុន ដូចជាការបង្កើតនូវភូមិខ្មែរ តំបន់អាហារខ្មែរ ការជិះទស្សនាប្រាសាទដោយរ៉ឺម៉ក ដើម្បីជួយទាក់ទាញភ្ញៀវទេសចរមកឱ្យកាន់តែច្រើន។ អ្នកស្រីបានលើកឡើងដូច្នេះថា៖ «មានប្រាសាទអង្គរវត្តពិតមែនតែខ្វះទំនាក់ទំនង បដិសណ្ឋារកិច្ចល្អ ចឹងទាល់តែយើងសហការគ្នា»។

លោក កែវ សំអាត បើករ៉ឺម៉កអស់រយៈពេលជិត ១០ឆ្នាំ មកហើយ យល់ស្របថា ការសហការគឺជារឿងសំខាន់សម្រាប់អ្នកប្រកបអាជីពដូចគ្នា មិនថាបុរស ឬ ស្ត្រីទេ។ អំពីស្ត្រីបើករ៉ឺម៉ក គាត់និយាយដូច្នេះថា៖ «ខ្ញុំថាវាមិនជាខុសគ្នាទេ ព្រោះថាគាត់មានកម្លាំងស្មើនឹងយើងដែរ គាត់ក៏អាចទទួលការងារនឹងបានឱ្យតែគាត់ពេញចិត្តធ្វើទីមួយ ទីពីរគាត់អាចជួយរកចំណូលគ្រួសារគាត់ ជួនកាលមិនមែនតែគាត់ទេ ប្ដីគាត់ក៏រត់ដែរ (ស្ត្រីខ្លះ)ប្ដីគាត់អូសទាញឱ្យមកធ្វើការងារហ្នឹង»។
ខុសពីរ៉ឺម៉ករបស់ប្រុសៗ រ៉ឺម៉ករបស់ស្ត្រីមានការតុបតែងលម្អជាមួយផ្កាឈូកស្រស់ជារៀងរាល់ថ្ងៃ សម្រាប់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភាគច្រើនមកពីខាងអឺរ៉ុប។ នៅក្នុងធ្វើដំណើរតាមរ៉ឺម៉កទៅមើលប្រាសាទ ភ្ញៀវទទួលបានក្រមាជាវត្ថុស្វាគមន៍ ទឹកសុទ្ធសម្រាប់ជូនភ្ញៀវពិសា កន្សែងត្រជាក់សម្រាប់ជូតទប់នឹងអាកាសធាតុក្តៅ។
ប្តីរបស់អ្នកស្រី មុត ដឿន ក៏ជាអ្នករត់រ៉ឺម៉កដូចគ្នាដែរ ហើយគាត់ទាំងពីរឆ្លាស់វេនគ្នាដើម្បីមើលថែកូន ២នាក់ និងធ្វើការងារផ្ទះ ដោយមិនមានការប្រកាន់ការងារប្រុស ឬការងារស្រីនៅក្នុងផ្ទះឡើយ។ ថ្ងៃណាដែលជាវេនរបស់គាត់ចេញទៅដឹកភ្ញៀវ មុត ដឿន នាំចូលផ្ទះវិញនូវចំណូល ៧ ទៅ ៨ម៉ឺន រៀល មិនទាន់រាប់ចូលធីប ខណៈប្តីរកបានខ្លះទៀតពីការរត់រ៉ឺម៉ក ឬលក់កាហ្វេនៅផ្ទះ។
អ្វីដែលនៅពិបាក «គឺភាសាអង់គ្លេសយើងអត់សូវចេះ» មុត ដឿន និយាយដូច្នេះ ដោយអ្នកស្រីសន្យាថានឹងព្យាយាមរៀនភាសានេះឱ្យកាន់តែស្ទាត់ ដើម្បីអាចសន្ទនាជាមួយភ្ញៀវឱ្យបានកាន់តែប្រសើរឡើង។ គាត់បានបន្ថែមទៀតថា៖ «មុខរបរហ្នឹងវាមានន័យសម្រាប់ខ្ញុំ ខ្ញុំមានមោទនភាពនៅពេលដែលបានជូនភ្ញៀវទេសចរឱ្យបានស្គាល់ពីប្រទេសយើង។ យើងមានអារម្មណ៍ថាមានមោទនភាពណាស់»៕
អត្ថបទព័ត៌មាននេះ គឺជាស្នាដៃរបស់និស្សិតឆ្នាំទី២ ជំនាន់ទី២៣ របស់ឌីអឹមស៊ី (DMC) ជាផ្នែកមួយនៃមុខវិជ្ជា រាយការណ៍ព័ត៌មាន និងសរសេររឿង។









