សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែររាប់ពាន់នាក់ត្រឡប់ពីប្រទេសថៃវិញបន្ទាប់ពីខកខានមកចូលរួមពិធី​បុណ្យចូលឆ្នាំថ្មីដោយសារបញ្ហាកូវីដ

ពលករជាច្រើននាក់កំពុងដើរចូលពីប្រទេសថ្ងៃមកកាន់មណ្ឌលពិនិត្យឯកសារចាក់វ៉ាក់សាំង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។ រូបភាពថតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វណ្ណ វិចារ
ពលករជាច្រើននាក់កំពុងដើរចូលពីប្រទេសថ្ងៃមកកាន់មណ្ឌលពិនិត្យឯកសារចាក់វ៉ាក់សាំង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។ រូបភាពថតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វណ្ណ វិចារ

ប្រជាពលករខ្មែរដែលប្រកបការងារនៅប្រទេសថៃចំនួនរាប់ពាន់នាក់បានត្រឡប់ចូលមក​ក្នុង​ប្រទេសខ្លួន បន្ទាប់ពីខកខានមកលេងស្រុកដោយសារការរាត​ត្បាត​នៃជំងឺកូវីដ១៩។ អ្នក​ខ្លះ​ស្ពាយកាបូបខោអាវ ខ្លះលីសែងរបស់ប្រើប្រាស់ ខ្លះទៀតបី​ព​កូនតូចៗ ចូលបន្តគ្នាតាម​ច្រក​ព្រំដែនសំខាន់ៗមួយចំនួននៅខេត្តភាគខាងលិចនៃប្រទេស​កម្ពុជា ក្នុងបំណងជួបជុំ​គ្រួសារ​អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

កណ្ដាលថ្ងៃក្ដៅហែងវេលាម៉ោងជាង១២ថ្ងៃត្រង់នៅសំយ៉ាបផ្ទះមួយជិតច្រកអន្តរជាតិ ដូងក្នុង​ស្រុកកំរៀងខេត្តបាត់ដំបង ស្ត្រីវ័យជាង៤០ឆ្នាំឈ្មោះ តុង យឿយ ដាក់សំពៀត​ខោអាវជាប់​នៅ​ចិញ្ចើមផ្លូវ បើកកញ្ចប់បាយបញ្ចុកកូនប្រុសតូចរបស់ខ្លួន។ តុង យឿយ ប្រាប់ថារូបគាត់​កំពុង​រង់ចាំឡានឈ្នួលដឹកទៅស្រុកកំណើតនៅស្រុកក្រឡាញ់ខេត្តសៀមរាប។ អ្នកស្រីប្រាប់ថា គាត់តាមប្ដីទៅធ្វើជាកម្មករសំណង់នៅខេត្តឈុនបុរីប្រទេសថៃអស់រយៈពេលជាង៧ឆ្នាំមក​ហើយ គឺតាំងពីកូនប្រុសពៅរបស់គាត់មិនទាន់ចាប់កំណើតម្ល៉េះ។

អ្នកស្រី តុង យឿយ ឱ្យដឹងថា៖«ខ្ញុំចេញពីស្រុកតាំងពីឆ្នាំ២០១៤ ទៅតាមប្ដីដែលធ្វើ​ជាង​សំណង់​នៅថៃ​តាំងពីអាតូចនេះមិនទាន់កើត។ ខ្ញុំត្រឡប់មកលេងកូនស្រីច្បងរៀងរាល់ឆ្នាំ តែចាប់តាំង​ពី​កូវីដផ្ទុះមកខ្ញុំមិនដែលបានមកលេងមីបងនេះ គឺ៣ឆ្នាំហើយ។ អាណិតកូនស្រី​ពេកទើប​សម្រេចគ្នាថាមកលេងវាទៅ»។

អ្នកស្រី តុង យឿយ បន្ថែមថា ការធ្វើដំណើរត្រឡប់មកលេងស្រុកពេលនេះត្រូវចំណាយ​សោហ៊ុយ​ច្រើនទើបគាត់មកលេងផ្ទះតែឯងដោយស្វាមីមិនមកជាមួយឡើយ។

អ្នកស្រី យឿយ អះអាងថា៖ «ឡានចេញមកពីឈុនបុរីមកឡែមនេះអស់ម្នាក់​៥រយ​ហាសិប​បាត(ជិត៨ម៉ឺនរៀល) និងជិះឡានដល់ក្រឡាញ់គេយក៦ម៉ឺន។ ចំណាយច្រើនណាស់​បើប្ដី​មក​ទៀតចំណាយគុណនឹងពីរ។ ម្យ៉ាងត្រូវត្រៀមលុយត្រឡប់មកថៃវិញ បើគេមិនអោយ​ចូល​តាមផ្លូវត្រង់មានតែតាមផ្លូវវាង(តាមមេខ្យល់)អីហ្នឹងលឺថាអស់ប្រហែល៥ពាន់បាតទៀត»។

ទោះជាយ៉ាងណាអ្នកស្រីសុំមិនប្រាប់លម្អិតពីបំណងត្រឡប់ចូលប្រទេសថៃតាមរយៈមេខ្យល់នោះឡើយ ដោយសារបារម្ភពីសុវត្ថិភាព។

អ្នកស្រុកស្វាយអន្ទរខេត្តព្រៃវែងបុរសវ័យ៤៥ឆ្នាំឈ្មោះ សេក ម៉េង ជាពលករធ្វើការផ្នែក​កសិកម្មនៅប្រទេសថៃ។ លោកប្រាប់ថា លោកធ្វើការនៅប្រទេសថៃ​រយៈពេលជាង៣ឆ្នាំ​មកហើយ។ លោកថា លោកត្រឡប់មកផ្ទះវិញពេលនេះ​ដើម្បីទៅមើលកូនៗដែលកំពុង​រស់នៅជាមួយប្រពន្ធនៅទីរួមខេត្តកំពង់ធំ។

លោក សេក​ ម៉េង បានរៀបរាប់ថា៖ «ខ្ញុំទៅថៃហ្នឹងជាង៣ឆ្នាំហើយ​បន្ទាប់ពីខ្ញុំមានបញ្ហា​ឈ្លោះ​ទាស់ទែង​គ្នា​​ជា​មួយប្រពន្ធ។ ខ្ញុំជិះឡានពីកន្លែងធ្វើការមកច្រកនេះ​អស់១ពាន់៥រយបាត​ឯណោះព្រោះផ្លូវ​ឆ្ងាយ នឹកកូនៗពេកទោះចាយអស់លុយក៏ត្រូវមកមើលពួកវាដែរ»។

លោក សេក ម៉េង អល់ឯកមិនហ៊ានឆ្លើយថាតើគាត់នឹងត្រឡប់មកថៃវិញឬអត់នោះឡើយ។

លោក សេក ម៉េង បានឱ្យទៀតថា៖«ខ្ញុំចាំមើលសិនមិនដឹងយ៉ាងម៉េចទេ បើរកការងារធ្វើនៅ​ស្រុក​បាន​ធ្វើ គឺធ្វើទៅព្រោះជិតកូនៗ ។ ប៉ុន្តែបើរកអីមិនបាន ខ្ញុំគ្មានជម្រើសមាន​តែរកផ្លូវ​ត្រឡប់ទៅ​វិញ។ អ៊ីចឹងឆ្លើយមុនអត់ទាន់កើតទេបងអើយ»។

ពលកររាប់រយនាក់រង់ចាំអាជ្ញាធរពិនិត្យឯកសារមុនសម្រេចឱ្យទៅស្រុកកំណើត​នៅជិតច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ រូបភាពថតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វណ្ណ វិចារ

អ្នកសារព័ត៌មានខេមបូចា បានទទួលព័ត៌មានផ្ទាល់មាត់ពីសមត្ថកិច្ចនគរបាលអន្តរ​ប្រវេសន៍​នៅច្រកទ្វារព្រំដែនតាមតំបន់មួយថា ពលករត្រឡប់ពីប្រទេសថៃមួយចំនួនមិនបានទទួល​ព័ត៌មានច្បាស់លាស់ពីបែបបទនៃការត្រឡប់ចូលប្រទេសវិញឡើយ។

លោក សាន ញ៉េប ជាពលករដែលមានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ លោក​បានចូលមកប្រទេសវិញជាមួយប្រពន្ធនិងកូនម្នាក់ តាមច្រកព្រំដែនអូរបីជាន់ក្នុងស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។ លោកមិនត្រឡប់ទៅស្រុកកំណើតតាមការរំពឹងទុកនោះទេ ដោយសារ​តែប្រពន្ធរបស់លោក មិនបានយកកាតវ៉ាក់សាំងមកតាមខ្លួន។

លោក សាន ញ៉េប​ ប្រាប់ថា៖«ខ្ញុំមកផ្ទះវិញមកការក្មួយ។ឥឡូវនេះចប់សព្វគ្រប់មិនបាន​ទៅ​ផ្ទះជុំគ្នាទេ ព្រោះប្រពន្ធនិងកូនខ្ញុំអត់យកកាតវ៉ាក់សាំងមកជាមួយ។ ឡានទាហានដឹកប្រពន្ធ​និងកូនខ្ញុំទៅដល់មណ្ឌលកងវ៉ាបាត់ហើយ គេប្រាប់ថាគេទុកពួកគាត់១៤ថ្ងៃសិន។ យើងមិន​ដាក់កាត​វ៉ាក់សាំងមកដោយសារតែយើងមិនបានដឹងថាគេតម្រូវ​ឱ្យមានកាតនេះ»។

លោក សាន ញ៉េប បានហៅទូរស័ព្ទទៅមិត្តភ័ក្ដិនៅប្រទេសថៃដើម្បីឱ្យគេជួយ​ថតកាត​វ៉ាក់សាំងកូវីដ១៩ផ្ញើមកបង្ហាញសមត្ថកិច្ចគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅព្រឹកថ្ងៃទី១២ ខែមេសា ប៉ុន្តែអ្វីៗគឺហួសពេលអស់ហើយ។

មន្ត្រីនគរបាលនៅច្រកព្រំដែនបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសុំមិន​បញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានខេមចាផ្ទាល់មាត់ថា ពលករខ្លះមកស្រុក​ទាំង​ប្រថុយមិនបានដឹងព័ត៌មានច្បាស់លាស់ ជាហេតុធ្វើឱ្យពួកគេខកបំណង។

មន្ត្រីនគរបាលច្រកបឹងត្រកួន៖«អ្នកខ្លះចូលមកតាមច្រកត្រឹមត្រូវ អ្នកខ្លះទៀតត្រូវមេខ្យល់​ជូនមកតាមដុប តាមព្រៃអីនោះ សមត្ថកិច្ចយើងប្រមូលមកសួរទាំងអស់។ បើអ្នកណាមាន​វ៉ាក់សាំងគ្រប់ដូស(២ដង)យើងអនុញ្ញាតឱ្យទៅផ្ទះ ចំណែកអ្នកអត់វ៉ាក់សាំងយើងបញ្ជូនទៅ​ដាក់មណ្ឌលចត្តាឡីស័ក។ នេះជាគោលការណ៍ខាងថ្នាក់លើដាក់មក »។

បើតាមមន្ត្រីរូបនេះដដែលចាប់តាំងពីខែមេសានេះ ច្រកបឹងត្រកួនទទួលពលករមកពីថៃវិញ​ជាមធ្យមពី៣០ទៅ៥០នាក់ក្នុងមួយថ្ងៃៗ។

តួលេខដែលផ្ដល់ដោយអគ្គនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃឱ្យដឹងថា គិតត្រឹមពី​ថ្ងៃទី០១ដល់ព្រឹកថ្ងៃទី១២ ខែមេសា មានប្រជាពលករខ្មែរប្រមាណជាង១ម៉ឺននាក់(១៣ ៦៦៨នាក់)បានត្រឡប់ចូលមកប្រទេសវិញ។

ទោះជាយ៉ាងណាក្ដីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះអាងថា ចំនួនពលករវិលត្រឡប់មកវិញឆ្នាំនេះ គឺតិចជាងចំនួនពលករត្រឡប់មកវិញការពីឆ្នាំមុន។

លោក កែវ វណ្ណថន មានប្រសាសន៍ថា៖«ចំនួនពលករដែលវិលត្រឡប់កាលពីឆ្នាំមុនមានចំនួន​ច្រើនជាង​ឆ្នាំ​នេះ​ដោយ​សារកាលនោះមានការផ្ទុះជំងឺកូវីដ-១៩នៅប្រទេសថៃ គួបផ្សំនឹងពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរផង»។

ពលករដែលមិនមានកាតវ៉ាក់សាំងឡើងរថយន្ដកងទ័ពត្រៀមចេញទៅស្នាក់នៅ ក្នុងមណ្ឌល​ចត្តាឡីស័កក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។​ រូបភាពថតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វណ្ណ វិចារ

​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​(Central)លោកឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃនៅពេលនេះ បានជួបបញ្ហា​ប្រឈមថ្មីថែមទៀតលើសពីការលំបាកដែលមានស្រាប់។ ​លោកបន្តថា អាជ្ញាធរកម្ពុជា​គួរណាស់តែផ្ដល់មធ្យោបាយដឹកជញ្ជូនពលករត្រឡប់ទៅស្រុកវិញដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក ឌី ថេហូយ៉ា៖«ពលករមួយចំនួន មិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយថា តើមក​ផ្ទះ​វិញត្រូវការឯកសារអ្វីខ្លះ? ត្រូវធ្វើយ៉ាងម៉េចខ្លះ? អ្នកខ្លះគាត់បានចាក់វ៉ាក់សាំង​រួចហើយតែ​ភ្លេចកាតតាមខ្លួនព្រោះមិនដឹងថាកាតវ៉ាក់សាំងនោះសំខាន់ ជាហេតុធ្វើឱ្យ​គាត់ត្រូវ​អាជ្ញាធរ​យកទៅដាក់មណ្ឌលចត្តាឡីស័ក។ ពលករទាំងនោះខាតបង់ទាំងថវិកា ខាតទាំងពេលវេលា​ទៅទៀត នេះបង្ហាញឱ្យឃើញថាអាជ្ញាធរមានមិនផ្សព្វផ្សាយឱ្យទូលំទូលាយ»។

លោកបន្តថា៖«ចំពោះអ្នកមានកាតវ៉ាក់សាំងហើយត្រូវអាជ្ញាធរអនុញ្ញាតឱ្យទៅផ្ទះ តើពួកគាត់​មានសុវត្ថិភាពប៉ុណ្ណាបើពួកគាត់ជិះឡានឈ្នួលចង្អៀតណែនដូចកន្តំនោះ? ខ្ញុំគិតថាអាជ្ញាធរ​រដ្ឋាភិបាលចន្លោះប្រហោងនៅត្រង់ហ្នឹង ហើយវាជារឿងដែលគួរឱ្យព្រួយបារម្មណ៍មួយ​ទៀត»។

រថយន្តឈ្នួលទាំងអស់ដែលចាំដឹកពលករនៅច្រកព្រំដែននានាបានដាក់ដឹកភ្ញៀវច្រើនជាង​សព្វ​ដងចន្លោះពីពាក់កណ្ដាលទៅមួយទ្វេជាពីរ។ ម្ចាស់រថយន្ត៧កៅអី (ឡានស៊ីណា) ដែលជា​ធម្មតាដឹកមនុស្ស៧នាក់ តែពេលនេះពួកគេដឹកពលកររហូតដល់១២នាក់។ រថយន្ត​ទេសចរណ៍​ដែលជាធម្មតាដឹកមនុស្ស១២នាក់បានដឹកមនុស្សរហូតដល់ជាង២០នាក់។ ចំពោះ​តម្លៃរថយន្តឈ្នួលវិញ គឺឡើងថ្លៃជាងថ្ងៃធម្មតាតម្លៃមួយទ្វេជាពីរ។

ម្ចាស់រថយន្តឈ្នួលពីខេត្តព្រៃវែង ឈ្មោះ សាត សាំង ប្រាប់ថា គាត់ដាក់ភ្ញៀវ២០នាក់​ក្នុង​រថយន្ត១២កៅអីរបស់គាត់។

លោក សាត សាំង​ និយាយថា ៖«ថ្លៃជិះកាលមនុស្សពីស្វាយអន្ទរមកឡែមនេះខ្ញុំយកគេម្នាក់ៗ​៣ម៉ឺនអីទេ តែដល់ពេលទៅវិញនេះខ្ញុំដាក់៧ម៉ឺន។ បើមិនបានប៉ុណ្ណឹងទប់អត់រួចឡើយ​ព្រោះ​សាំង​​ក៏ថ្លៃ​បង់បេនក៏ឡើង ហើយបង់តាមផ្លូវឱ្យប៉ូលីសក៏ច្រើនកន្លែងដែរ»។

បើទោះបីជាមានបញ្ហាប្រឈមជាច្រើនក្ដីអ្នកស្រី តុង យឿយ ក៏នៅតែគិតថា ខ្លួននឹងត្រឡប់​ទៅធ្វើការនៅប្រទេសថៃវិញដដែល។អ្នកស្រីបញ្ជាក់ថា ការប៉ុនប៉ងចិញ្ចឹមចិត្តត្រឡប់​ទៅវិញ​ព្រោះតែគ្មានជម្រើស។

អ្នកស្រី តុង យឿយ បានបន្ថែមថា៖«ខ្ញុំនៅស្រុកយើងមិនដឹងរកស៊ីអី ខ្វះមុខខ្វះក្រោយទំនិញ​ក៏ថ្លៃជាង​នៅ​ថៃ។ខ្ញុំមិនចង់ចេញពីស្រុកទេ បើនៅស្រុករកលុយបានគួរសម​ក៏ខ្ញុំមិនទៅស្រុកគេ​ដែរ តែ​នេះខ្ញុំគ្មានជម្រើស»៕

429 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម