សង្ខេប
- គម្រោងទំនប់ វាទីអគ្គិសនីស្រែពកក្រោម៣កម្លាំង៣៧៦មេហ្គាវ៉ាត់កំពុងផ្អាកដំណើរការដោយរង់ចាំការជម្លៀសប្រជាពលរដ្ឋជិត៤ ២៧០គ្រួសារ នៅខេត្តភាគឦសានប្រទេស ចេញពីតំបន់ដែលរងផលប៉ះពាល់សិន។ តំបន់ដែលត្រូវទឹកជន់លិចទាំងនោះជាដីលំនៅឋាន ដីព្រៃ និងដីចម្ការរបស់ជនជាតិដើមភាគតិច។
- ទំនប់ វារីអគ្គិសនីនេះជាគម្រោងក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ដែលសហការជាមួយក្រុមហ៊ុនរដ្ឋចិន។ គម្រោងនេះបានបង្កជាក្ដីបារម្ភអំពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងការជម្លៀសប្រជាពលរដ្ឋចេញដោយបង្ខំ និងបានរងការរិះគន់ដូចទៅនឹងគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅអាងទន្លេងមេគង្គផ្សេងទៀតដែរ។
- ប្រជាពលរដ្ឋជាច្រើននិយាយថាពួកគាត់កំពុងរងការបង្ខិតបង្ខំឲ្យយល់ព្រមផ្លាស់ទីលំនៅ ដែលទីលំនៅថ្មីនោះមិនល្អសម្រាប់ការរស់នៅនោះទេ ដោយដីខ្វះជីជាតិ ទំហំដីចម្ការតូចជាងមុន និងសំណងវិញគឺបានតិចតួចបំផុត ដែលនេះជាក្ដីបារម្ភដ៏ធំមួយ។
- ការសិក្សាពីផលប៉ះពាល់សង្គម និងបរិស្ថានបង្ហាញពីគម្លាតដ៏ធំនៅក្នុងការប្រឹក្សាជាមួយសហគមន៍ ហើយមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថាការសិក្សាពីផលប៉ះពាល់ប៉ះរិស្ថាននៅមិនទាន់ចប់សព្វគ្រប់នៅឡើយ។
ប្រជាពលរដ្ឋជាច្រើនរយគ្រួសារកំពុងរង់នៅតាមដងទន្លេស្រែពក កំពុងបារម្ភថា មិនដឹងត្រូវធ្វើបែបណា ខណៈពួកគាត់កំពុងប្រឈមនឹងការបណ្ដេញចេញពីលំនៅឋាន។
លោក ថាំង ដារ៉ាន់ ប្រជាពលរដ្ឋរស់នៅភូមិកែនសាន់ ខេត្តរតនគិរី លើកឡើងថា៖ «វាដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងនៅសម័យប៉ុល ពត ហេតុអ្វីពួកគេបង្ខំឲ្យយើងរើចេញបែបនេះ»។ សហគមន៍ដែលលោកកំពុងរស់នៅនឹងក្លាយជាអាងស្តុកទឹកដ៏ធំមួយ ហើយត្រូវជន់លិចពេលទំនប់វារីអគ្គិសនីស្រែពកក្រោម៣សាងសង់រួចរាល់។ លោកបន្តថា៖ «វានឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រជាងមុន»។
លោក ដារ៉ាន់ ជាជនជាតិខ្មែរមួយរួបដែលបានរស់នៅក្នុងតំបន់ជាមួយជនជាតិដើមភាគតិចពូនង និងឡាវ មិនទាន់បានរើផ្ទះចេញនៅឡើយទេគិតមកដល់ពេលនេះ។
លោកគឺជាអ្នករស់នៅតជំនាន់ក្នុងសហគមន៍ដែលបានប្រកបរបរកសិកម្ម និងនេសាទសម្រាប់ចិញ្ចឹមជីវិតនៅតាមប្រព័ន្ធដៃទន្លេមេគង្គ ហើយគម្រោងទំនប់វារីអគ្គិសនីនេះបានធ្វើឲ្យសហគមន៍របស់លោកប្រឈមនឹងការបណ្ដេញចេញ។
គម្រោងទំនប់វារីអគ្គិសនីស្រែពក៣ ដែលមាននៅលើក្រដាសអស់ពេលជាច្រើនឆ្នាំមកហើយនោះ នៅទីបំផុតកំពុងលេចរូបរាងហើយ។ ប្រធានសហគមន៍ម្នាក់ក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់ផ្សេងទៀតបានឲ្យដឹងថាអាជ្ញាធរបានប្រាប់លោកថាគម្រោងនេះនឹងត្រូវសាងសង់នៅចុងឆ្នាំនេះ។
គម្រោងទំនប់វារីអគ្គិសនីកម្លាំង៣៧៦មេហ្គាវ៉ាត់នេះ ទទួលបានថវិកាវិនិយោគចំនួន៨៣លានដុល្លារ ហើយនឹងក្លាយជាទំនប់វារីអគ្គិសនីទី២១នៃ «អាងទន្លេ ស៣» ដែលរួមមានទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ហើយទន្លេទាំងនេះហូរកាត់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ទន្លេទាំងបីនេះបញ្ចូលគ្នាទទួលលំហូរទឹកពីទន្លេមេគង្គរង្វង់២០%ក្នុងមួយឆ្នាំ ដែលសម្រួលដល់ចរន្តទឹកជំនន់ ចរន្តមច្ឆាជាតិ និងផ្ដល់ជីជាតិដល់ដីសកម្មដែលមានប្រជាពលរដ្ឋរាប់លាននាក់បានអាស្រ័យផល។
ការសាងសង់ទំនប់វារីអគ្គិសនីលើទន្លេទាំងនេះ អ្នកស្រាវជ្រាវផ្នែកជលសាស្រ្តថានឹងអាចធ្វើឲ្យរំខានដល់ប្រព័ន្ធចរន្តទឹកធម្មជាតិរបស់ទន្លេមេគង្គ។ ប៉ុន្តែរដ្ឋាភិបាលគាំទ្រគម្រោងនេះ ដោយថាមានភាពចាំបាច់ក្នុងការជួយជំរុញការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងមានតម្រូវការអគ្គិសនីច្រើន។
ស្របពេលដែលគម្រោងនេះបានទទួលភ្លើងខៀវហើយនោះ ប្រជាពលរដ្ឋជិត ៤ ២៧០គ្រួសារនៅខេត្តរតនគិរី និងមណ្ឌលគិរី កំពុងប្រឈមនឹងការបណ្ដេញចេញពីតំបន់ជិតៗទំនប់ដែលតាមផែនការមានផ្ទៃដី ៧០ ០០០ហិកតាសម្រាប់ធ្វើជាអាងស្តុកទឹក។ អ្នកខ្លះថាខ្លួនបានរងការគំរាមកំហែងឲ្យព្រមទទួលសំណង ដែលថានោះគឺជាដំណោះស្រាយអយុត្តិធម៌មួយ។
យ៉ាងណា សំណូមពររបស់ប្រជាពលរដ្ឋទាំងនោះហាក់មិនមានអ្នកណាឈឺឆ្អាលនោះទេ។ ទំនប់វារីអគ្កិសនីនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ដែលជាសេដ្ឋីមានឥទ្ធិពលមួយរួបនៅកម្ពុជា។ គម្រោងនេះមានដៃគូសហការពីក្រុមហ៊ុនរដ្ឋចិន។ នៅកន្លែងផ្សេងទៀតនៃទន្លេមេគង្គ នៅតំបន់ទំនប់វារីអគ្គិសនីទាំងនោះត្រូវបានគេដុតភ្លើងដើម្បីជំរុញឲ្យប្រជាពលរដ្ឋចាកចេញ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ សម្រាប់ទីនេះវិញ ប្រជាពលរដ្ឋមានក្ដីបារម្ភថាអាចមានរឿងទាំងនេះកើតឡើងដែរ។
រងគ្រោះព្រោះទំនប់វារីអគ្គិសនីរបស់លោកសេដ្ឋី
ប្រជាពលរដ្ឋភូមិណាំងបួររស់នៅតាមបណ្ដោយដងទន្លេស្រែពក ហើយផ្ទះរបស់ពួកគេសង់នៅតាមជាយៗព្រៃស្រោងក្នុងខេត្តមណ្ឌលគិរី។ ផ្លូវក្រួសក្រហមមួយខ្សែរត់កាត់ភូមិនេះ និងមានសភាពហុយទ្រលោមនៅរដូវប្រាំង ដែលគេអាចសម្គាល់បានដោយសារធូលីនៅជាប់តាមជញ្ជាំងផ្ទះឈើរបស់ប្រជាពលរដ្ឋទាំងនោះ។ ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុងភូមិនេះ គឺជាជនជាតិដើមភាគតិចទំពួន និងពូនង។ ក្នុងភូមិសម្បូរដោយវាលស្រែ និងចម្ការស្វាយចន្ទី ក្រៅពីនោះគឺជាព្រៃដូនតា ឬព្រៃអារក្ស មានវត្តអារាម និងមានសាលាសម្រាប់ក្មេងៗរៀនសូត្រផងដែរ។ ប្រជាពលរដ្ឋនៅក្នុងភូមិជាអ្នកប្រកបរបរនេសាទ និងធ្វើកសិកម្មចិញ្ចឹមពោះ ហើយអ្នកទាំងនោះរស់អាស្រ័យលើដីទាំងស្រុង។
លោក សេវ រ៉ាន់ឈួន ប្រធានសហគមន៍ភូមិណាំងបួរ បានលើកឡើងថា៖ «ខ្ញុំនឹងមិនចាកចេញទៅណាទេ ព្រោះនេះជាដីដូនតារបស់យើង»។ ភូមិរបស់លោកគឺស្ថិតក្នុងតំបន់ទឹកជំនន់របស់ទំនប់វារីអគ្គិសនីស្រែកពក៣ (LSP3) ឬ A3 នេះបើតាមឯកសារគម្រោងដែល សារព័ត៌មានខេមបូចា ទទួលបាន។
លោក រ៉ាន់ឈួន ជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតដែលមិនពេញចិត្តនឹងលក្ខខណ្ឌដោះដូរទៅកាន់ទីតាំងថ្មី។ ទោះយ៉ាងណាលោកក៏បានដឹងដែរថាទំនប់វារីអគ្គិសនីនេះនឹងនៅតែត្រូវសាងសង់ បើទោះជាមានការតវ៉ាយ៉ាងណាក្ដី។
លោកឲ្យដឹងទៀតថា៖ «បើសិនជាគម្រោងនេះពិតជាសំខាន់ ហើយពួកគាត់នៅតែចង់សាងសង់ឲ្យខាងតែបាន ពួកគាត់ត្រូវតែផ្ដល់ឲ្យអ្នកភូមិនូវសំណងសមរម្យដែលអាចទទួលយកបាន»។ លោកថា បើតាមអ្វីដែលលោកបានឃើញ សំណងដែលផ្ដល់ឲ្យប្រជាពលរដ្ឋមានចំនួនតិចតួច។
បើតាមគម្រោងដែលបានបង្ហាញទៅប្រជាពលរដ្ឋ គ្រួសារដែលរងគ្រោះនឹងត្រូវផ្លាស់ទៅរស់នៅទីតាំងថ្មីចម្ងាយ៥០គីឡូម៉ែត្រពីទីតាំងចាស់ ដោយទទួលបានផ្ទះឈើមួយខ្នង និងដីកសិកម្មមួយប្លង់។
លោក រ៉ាន់ឈួន បានផ្ដល់ឲ្យខេមបូចានូវឯកសារផែនការផ្លាស់ទីលំនៅថ្មីដែលបានបង្ហាញដល់ប្រជាពលរដ្ឋកាលពីខែកញ្ញា ក្នុងជំនួបរវាងសហគមន៍ អ្នកអភិវឌ្ឍន៍ និងអាជ្ញាធរ ដើម្បីពិភាក្សាគ្នាលើគម្រោង និងការផ្ដល់សំណងសម្រាប់គ្រួសារដែលរងផលប៉ះពាល់ក្នុងខេត្តមណ្ឌលគិរី។
ជាការកត់សម្គាល់គម្រោងផ្លាស់ទីលំនៅថ្មីនេះធានាររៀបចំដោយក្រុមហ៊ុនចុះបញ្ជីមួយឈ្មោះថា «ក្រុមហ៊ុនស្រែពកក្រោម៣»។
ថ្វីបើមានឈ្មោះក្រុមហ៊ុនច្បាស់លាស់ ប៉ុន្តែនៅតែអាចធ្វើឲ្យប្រជាពលរដ្ឋមានភាពមិនច្បាស់លាស់អំពីសំណង។ ប្រជាពលរដ្ឋយល់ថាក្រុមហ៊ុន Royal Group ជាអ្នកអភិវឌ្ឍន៍នៅទីនោះ ហើយជាក់ស្ដែងអាជ្ញាធរខេត្តក៏បាននិយាយដូចគ្នានេះដែរ។
ពេលពិនិត្យមើលឲ្យកាន់តែច្បាស់ថា អ្នកណាជាម្ចាស់កម្មសិទ្ធិ និងអ្នកណាជាអ្នកពាក់ព័ន្ធនឹងគម្រោង នោះនឹងអាចយល់បានថាភាគីណាមួយជាអ្នកទទួលខុសត្រូវលើសំណង។ ក្នុងនោះមានក្រុមហ៊ុនសំខាន់មួយឈ្មោះថា China (Cambodia) Rich International Co. ដែលមានបញ្ជាក់ក្នុងឯកសារបទបង្ហាញរបស់គម្រោង ហើយក្រុមហ៊ុននេះបានចំណាយថវិកាជិត៨៣,២លានដុល្លារសម្រាប់គម្រោងទំនប់វារីអគ្គិសនីមួយនេះ។
ប្រធានក្រុមហ៊ុននេះគឺលោក គិត ម៉េង ដែលលោក គិត ម៉េង ក៏ជាអគ្គនាយកក្រយមហ៊ុន Royal Group ផងដែរ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ក្រុមហ៊ុន Royal Group ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះដូចគ្នា។ នេះបើតាមឯកសារចុះបញ្ជីពាណិជ្ជកម្ម។
ពេលក្រុមហ៊ុនបង្ហាញឯកសារនានា ក្រុមហ៊ុនក៏បានប្រើអាសយដ្ឋានអ៊ីម៉ែលខាងចុងជារបស់ក្រុមហ៊ុន Royal Group ដែរ។
កាន់តែច្បាស់ជាងនេះថែមទៀត របាយការណ៍សិក្សាផលប៉ះពាល់បរិស្ថានចេញផ្សាយនៅដើមឆ្នាំ បានប្រើឈ្មោះ Royal Group Power ដែលជាក្រុមហ៊ុនថាមពលមួយផ្សេងទៀតរបស់មហាសេដ្ឋីរូបនេះ ក្នុងនាមជាអ្នកដឹកនាំគម្រោងផ្លូវការ។
របាយការណ៍សិក្សាផលប៉ះពាល់បរិស្ថាន មានក្រុមហ៊ុនចិនចំនួនពីរជា «ដៃគូបច្ចេកទេស» គឺក្រុមហ៊ុន Huaneng Hydrolancang International Energy Co. និង PowerChina Huadong Engineering Co.។ ក្រុមហ៊ុនទាំងនេះធ្វើការជាមួយគ្នាដើម្បីរុញឲ្យគម្រោងទំនប់វារីអគ្កិសនីនេះកាន់តែជិតលេចចេញជារូបរាង។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនបានចាប់ដៃគូគ្នា និងរងការរិះគន់លើគម្រោងរបស់ក្រុមហ៊ុនទាំងនោះដែរ។ កន្លងមកក្រុមហ៊ុន Royal Group ចាប់ដៃគូជាមួយក្រុមហ៊ុន Huaneng សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលកាលនោះបានរងការរិះគន់យ៉ាងខ្លាំង ហើយប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញ ព្រមទាំងទំនប់នេះបានរំខានដល់ចរន្តលំហូរទឹកទន្លេមេគង្គផងដែរ។ នេះបើតាមការលើកឡើងរបស់ក្រុមអភិរក្ស។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថាទំនប់វារីអគ្គិសនីស្រែពកក្រោម៣នេះ ត្រៀមនឹងចាប់ផ្ដើមសាងសង់ហើយ ដោយថាពេលនេះកំពុងរង់ចាំ «ឯកសារច្បាប់» ជាមួយ«ក្រសួងពាក់ព័ន្ធ»។ លោកក៏បានច្រានចោលពីក្ដីបារម្ភលើផលប៉ះពាល់បរិស្ថាន និងសង្គម ដោយបានអះអាងថា «គ្មានផលប៉ះពាល់ធ្ងន់ធ្ងរទេ អ្នកភូមិបានយល់ព្រមអស់ហើយ»។ អ្វីដែលលោកអភិបាលខេត្តលើកឡើងនេះ ហាក់មិនស៊ីគ្នាទៅនឹងអ្វីដែលប្រជាពលរដ្ឋជាច្រើនបានប្រាប់មកខេមបូចានោះទេ។
លោកបានបញ្ជាក់ដែរថា គម្រោងសន្យាផ្គត់ផ្គង់ថាមពលអគ្គិសនីកាន់តែច្រើន និងក្នុងតម្លៃថោក ដែលនេះផ្ដល់ជាប្រយោជន៍ដល់សាធារណៈខ្ពស់ជាងផលប៉ះពាល់។
ទន្ទឹមនឹងគម្រោងទំនប់វារីអគ្គិសនីស្រែពក៣ កំពុងតែត្រៀមសាងសង់ ក៏មានលេចឮនូវដំណឹងគម្រោងទំនប់វារីអគ្គិសនីមួយទៀតនៅខ្សែទឹកខាងលើនៃទន្លេសេសាន ដែលមានឈ្មោះថាសេសានក្រោម៣ ដែលគម្រោងនេះកំពុងនៅទ្រឹងនៅឡើយ តែទំនងជាស្ថិតក្នុងដំណាក់កាលសិក្សា។
បើសិនជាគម្រោងទាំងពីរនេះលេចចេញជារូបរាងមែន ប្រជាពលរដ្ឋប្រហែល ១ម៉ឺនគ្រូសារក្នុងខេត្តមណ្ឌលគិរី និងរតនគិរី អាចនឹងរងផលប៉ះពាល់។ នេះបើតាមការលើកឡើងរបស់លោក លាង ប៊ុនលាភ នាយកអង្គការបណ្តាញការពារទន្លេបី ដែលបានជួយសហគមន៍រងគ្រោះដោយគម្រោងបង្វែរទិសដៅទឹកតាមបណ្ដោយដៃទន្លេទាំងបីរបស់ទន្លេមេគង្គ។
លោកលើកឡើងថា ប្រជាពលរដ្ឋជាច្រើនត្រូវគេទុកចោលនៅក្នុងដំណាក់កាលពិគ្រោះយោបល់។ លោកបន្តថា៖ «មួយភាគធំនៃប្រជាពលរដ្ឋដែលរងផលប៉ះពាល់មិនបានចូលរួមក្នុងការសិក្សានេះទេ…ដែលនេះនាំឲ្យមានចន្លោះប្រហោងព័ត៌មានដ៏ធំ និងការចូលរួមរបស់សហគមន៍មានកម្រិតខ្សោយ ជាពិសេសនៅខាងរតនគិរី»។
ឯកសារសង្ខេបលើលទ្ធផលសិក្សាពីផលប៉ះពាល់សង្គមលើគម្រោងទំនប់វារីអគ្គិសនីស្រែពក៣ ដែលបានធ្វើឡើងកាលពីខែមករា ឆ្នាំ២០២៤ បានបង្ហាញថាប្រជាពលរដ្ឋសរុប ៤ ២៦៦គ្រួសារនឹងត្រូវផ្លាស់ចេញដោយបង្ខំនៅពេលគម្រោងនេះបានបញ្ចប់។ លោក ប៊ុនលាភ បញ្ជាក់លើតួលេខនេះ។
លទ្ធផលការសិក្សាមូលហេតុប៉ះពាល់បរិស្ថានហាក់គាំទ្រការលើកឡើងរបស់លោក ដែលថាការចូលរួមរបស់សហគមន៍នៅមានកម្រិត របាយការណ៍ជិត៧៧៥ទំព័រដែលបង្ហាញទៅភាគីពាក់ព័ន្ធក៏បានទទួលស្គាល់ចំណុចនេះ ទោះមិនដោយផ្ទាល់ក៏ដោយ។
ក្រុមហ៊ុន Royal Group និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុន China (Cambodia) Rich International Co. មិនបានឆ្លើយតបពីរឿងនេះទេ បើទោះបីជាមានការស្នើសុំការផ្ដល់ព័ត៌មានម្ដងហើយម្ដងទៀតក៏ដោយ។ ដូចគ្នាដែរក្រុមហ៊ុនរដ្ឋចិន Huaneng Hydrolancang and Powerchina Huadong Engineering ក៏មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានដូចគ្នា។ នៅមិនទាន់ច្បាស់ទេថានឹងមានការទម្លាក់ទុន ឬការវិនិយោគបន្ថែមពីក្រុមហ៊ុនដៃគូបច្ចេកទេសចិននៅក្នុងកិច្ចព្រមព្រៀងនេះឬអត់។
ក្រុមហ៊ុនក្នុងស្រុកផ្នែកប្រឹក្សាយោបល់ CG Sustainability ដែលមានឈ្មោះក្នុងការរៀបចំរបាយការណ៍សិក្សាមូលហេតុប៉ះពាល់បរិស្ថានក៏មិនបានឆ្លើយតប ហើយលោក គិត ម៉េង ក៏មិនបានឆ្លើយតបសំនួរអ្នកសារព័ត៌មានដូចគ្នាពេលទាក់ទងតាមទូរសព្ទរបស់លោកផ្ទាល់។
សារព័ត៌មានខេមបូចា មិនអាចស្វែងរកការបញ្ជាក់ច្បាស់លើគម្រោងទំនប់វារីអគ្គិសនីនេះថានឹងត្រូវសាងសង់ពេលណា ឬអាចទាញយកថាមពលបានពេលណានោះទេ។ ប៉ុន្តែលោក ប៊ុនលាភ ឲ្យដឹងថា ម្ចាស់គម្រោងអិវឌ្ឍន៍គ្រោងនឹងទាញយកថាមពលអគ្គិសនីពីទំនប់មួយនេះនៅឆ្នាំ២០២៩។
ល្អតែលើក្រដាស៖ សំណងមិនច្បាស់លាស់ ផលប៉ះពាល់ធ្ងន់ធ្ងរ
បើតាមការសិក្សាលើផលប៉ះពាល់ ប្រជាពលរដ្ឋជិត ១ ៤០០គ្រួសារក្នុងឃុំចំនួនបីនៅខេត្តមណ្ឌលគិរីនឹងប្រឈមមុខនឹងការបាត់បង់ផ្ទះសម្បែង ដីចម្ការ វត្តអារាម ដីផ្នូរដូនតា និងសាលារៀនទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣នេះ។
ជាថ្នូរមកវិញ គ្រួសារដែលត្រូវតាមលក្ខខណ្ឌគឺបានទទួលការសន្យាផ្ដល់សំណងនូវទីតាំងរស់នៅថ្មី បើទោះបីជាអ្នកទទួលខុសត្រូវលើសំណង និងចំនួនទឹកប្រាក់ដែលត្រូវចំណាយលើការរៀបចំទីលំនៅថ្មី និងការសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នឹងទទួលបានផ្ទះមួយខ្នង និងដីចម្ការប្រាំហិកតា ដែលមានចម្ងាយប្រហែល៥០គីឡូម៉ែត្រពីទីតាំងរស់នៅបច្ចុប្បន្ន។ ទីតាំងថ្មីដែលតម្រូវឲ្យប្រជាពលរដ្ឋទៅរស់នៅនោះ គឺជាដីដែលកន្លងមកត្រូវគេកាប់យកឈើអស់ ហើយត្រូវរដ្ឋាភិបាលរឹបអូសយកមកវិញ។

ជម្រើសមួយទៀត ប្រជាពលរដ្ឋអាចរុះរើផ្ទះរបស់ខ្លួន និងយកទៅសាងសង់នៅលើទីតាំងថ្មីនោះបាន។ ប៉ុន្តែការរុះរើទំនងជាត្រូវធ្វើដោយខ្លួនឯង ហើយខាងក្រុមហ៊ុនអាចជួយចេញថ្លៃដឹកជញ្ជូន និងថ្លៃដឹកសរុបមិនត្រូវលើសពី២០០ដុល្លារ។
ប្រហាក់ប្រហែលនឹងភូមិជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីដែរ ដីប្រជាពលរដ្ឋក្នុងឃុំដែលស្ថិតក្នុងគម្រោងសម្រាប់ជាអាងស្តុកទឹកជំនន់ គឺមិនមានការចេញប្លង់កម្មសិទ្ធិឲ្យនោះទេ បើទោះបីជារដ្ឋាភិបាលបានចុះវាស់វែងកាលពីប្រាំឆ្នាំមុនរួចមកហើយក្ដី។ នេះបើតាមប្រធានសហគមន៍ណាំងបួរ លោក រ៉ាន់ឈួន។
ការពន្យារពេលក្នុងការចុះបញ្ជីជាប្រព័ន្ធដីសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជានេះ អាចធ្វើឲ្យសហគមន៍ទាំងនោះប្រឈមនឹងការបណ្ដេញចេញ។
សម្រាប់គ្រួសារដែលគេកំណត់ថា «បែកពីឪពុកម្ដាយ» ឬទើបរៀបការថ្មីចាកចេញពីផ្ទះឪពុកម្ដាយ បង្កើតគ្រួសារថ្មី ទំនងជាមិនមានឈ្មោះក្នុងបញ្ជីអាចបានទទួលផ្ទះនៅទីតាំងថ្មីនោះទេ។
សម្រាប់អ្នកទាំងនេះនឹងបានទទួលដីចម្ការត្រឹមពីរហិកតា ប៉ុន្តែមានការធានាថានឹងទទួលបានថវិកាចំនួន២០០ដុល្លារសម្រាប់ការចាកចេញ និងទទួលបានអង្ករប្រចាំខែ២០គីឡូក្រាមសម្រាប់រយពេលមួយឆ្នាំ ដែលចំនួននេះតិចជាងការប្រើប្រាស់ជាមធ្យមរបស់ប្រជាពលរដ្ឋកម្ពុជាពីរនាក់ផង បើតាទិន្នន័យអង្គការស្បៀងអាហារពិភពលោក។
ប្រជាពលរដ្ឋបានទទួលការសន្យាលើការផ្ដល់សំណងតិចតួច និងចាប់ផ្ដើមជីវិតថ្មី ប៉ុន្តែពាក្យសន្យាទាំងនោះហាក់គ្មានអ្វីច្បាស់លាស់ ហើយអ្វីដែលពួកគាត់នឹងត្រូវទទួលបានមិនសមនឹងអ្វីដែលពួកគាត់បាត់បង់នោះទេ។
ចាស់ទុំជនជាតិដើមភាគតិចនៅភូមិទំពួន និងណាំងបួរ លើកឡើងថា ការសន្យាឲ្យដីចម្ការប្រាំហិកតាគឺតិចជាងឆ្ងាយបើធៀបដីដែលគាត់មានសព្វថ្ងៃ មួយគ្រួសារមាន៣០ហិកតាទុកសម្រាប់ធ្វើស្រែ។
លោកបានដាក់ជាចម្ងល់ថា ហេតុអ្វីបានគេដូរផ្ទះល្អរបស់គាត់ជាមួយផ្ទះតូចមួយ ហើយត្រូវសង់នៅលើដីគ្មានជីជាតិទៀត។ លោកបន្ថែមថា៖ «ផ្ទះរបស់យើងនៅទីនេះសាងសង់អស់លុយរាប់រយលានរៀល…ហើយដីថ្មីនោះមិនល្អសម្រាប់ការដាំដុះស្រូវនោះទេ»។
លោក រ៉ាន់ឈួន ដែលបានបង្ហាញ អ្នកសារព័ត៌មានខេមបូចា ពីទីតាំងដីថ្មីនោះ បាននិយាយដូចគ្នាថា៖ «ដីក្រៀមក្រោះ និងមិនមានប្រព័ន្ធធារាសាស្រ្តនោះទេ»។
ក្រុមហ៊ុនបានសន្យាសង់សាលារៀនថ្មី និងវត្តអារាមថ្មីសម្រាប់ភូមិមួយៗ ជាមួយនឹងការជួយជីកអណ្ដូង និងដាំដើមឈើហូបផ្លែ។ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតលើគម្រោងថវិកាគាំទ្រ ពេលវេលា ឬចំនួនថវិកាប៉ុន្មានសម្រាប់សាងសង់ផ្ទះមួយៗនោះទេ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋប្រហែល៩០០គ្រួសារផ្សេងទៀតដែលត្រូវជម្លៀសចេញដោយសារគម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ដែរនោះ នៅមិនទាន់បានដឹងពីកញ្ចប់សំណងនៅឡើយ ដោយអ្នកភូមិជាច្រើនបានលើកឡើងថាមិនទាន់មានការបង្ហាញពីសំណងទៅសហគមន៍ ឬទៅប្រជាពលរដ្ឋម្នាក់ៗនៅឡើយ។
ចំណែកអ្នកខ្លះទៀតមិនទាន់បានដឹងពីទំហំដែលនឹងត្រូវទទួលបានផងដែរ។
លោក ដារ៉ាន់ លើកឡើថា៖ «យើងនឹងចាកចេញពីដីនេះ ទៅរកទីទួលសុវត្ថិភាព ហើយពេលទឹកស្រកទៅវិញយើងនឹងត្រឡប់មកវិញ»។ ការលើកឡើងនេះ លោក ដារ៉ាន់ មិនបានយល់ថាទឹកក្នុងអាងស្ដុកទាំងនោះស្រកលឿន និងឡើងលឿនដូចគ្នា។
អ្នកផ្សេងទៀតនៅក្នុងខេត្តក៏សង្ឃឹមថា ខ្លួនអាចបន្តរស់នៅលើដីរបស់ខ្លួនបាន បើទោះបីជាមិនប្រាកដថាអាចធ្វើទៅបានក៏ដោយ។
អ្នកស្រី ម៉ាំង ធី វ័យ៧៥ឆ្នាំ ដែលបានកាន់កាប់ដីចម្ការស្វាយចន្ទីជាងមួយហិកតាក្នុងភូមិកែងសាន់ លើកឡើងថា៖ «ពួកគេប្រាប់យើងឲ្យចាកចេញ ប៉ុន្តែយើងថាទេ…មិនថាយើងស្លាប់ឬរស់ទេ យើងនឹងរស់នៅភូមិចាស់របស់យើង»។
ចំណែកគ្រួសារនៅខ្សែទឹកផ្នែកខាងក្រោមវិញ មានដីចម្ការស្ថិតនៅក្នុងគម្រោងអាងស្តុកទឹក តែផ្ទះរបស់អ្នកទាំងនោះមិនរងផលប៉ះពាល់របស់គម្រោងនោះទេ ដែលការណ៍នេះពួកគាត់ទំនងជាមិនបានទទួលសំណងលើដំណាំដែលខូចខាតនោះទេ។
លោក ថា លែវ ដែលបានដឹងច្រើនពីការជួបប្រាស្រ័យជាមួយកសិករនៅភាគឧត្តរបានឲ្យដឹងថា៖ «អ្នកភូមិនៅខ្សែទឹកផ្នែកខាងក្រោម ពួកគេមិនបាននិយាយពីសំណងអ្វីទាំងអស់»។
ទាំងប្រជាពលរដ្ឋ និងអ្នកជំនាញបង្ហាញកង្វល់ដូចគ្នាអំពីបញ្ហាដែលអាចកើតមានលើបរិស្ថាន។
ទិន្នផលនេសាទ ដែលតែងតែល្អ ក៏បានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកស្រាវជ្រាវជឿថាការបិទផ្លូវត្រីនៅខ្សែទឹកផ្នែកខាងលើនៃទំនប់ គឺជាដើមចមនៃបញ្ហា។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នយ៍នៅមជ្ឈមណ្ឌល Stimson សហរដ្ឋអាមេរិក និងជាសហដឹកនាំការឃ្លាំមើលទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ បានផ្សារភ្ជាប់ទិន្នផលនេសាទទៅនឹងការសាងសង់ទំនប់វារីអគ្គិសនីនៅអាងទន្លេទាំងបី។ ក្នុងចំណោមទំនប់វារីអគ្គិសនីទាំងនោះ ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺមានផលអាក្រក់ជាងគេ ដោយលោកថាបានធ្វើឲ្យប៉ះពាល់ការផ្លាស់ទីរបស់ត្រីជាខ្លាំង គិតតាំងពីទំនប់នេះដំណើរការក្នុងឆ្នាំ២០១៨មក ហើយបានកាត់បន្ថយបរិមាណត្រីនៅក្នុងទន្លេសមេគង្គប្រហែល៩,៣%។ នេះបើតាមទិន្នន័យដកស្រង់ពី WorldFish Center។
លោក Brian Eyler បានហៅការបង្កើតផ្លូវត្រី ឬជណ្ដើរត្រីថា «គ្មានប្រសិទ្ធភាព» និងដាក់ការសង្ស័យថាការអនុវត្តបែបនេះនៅគម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ក៏នឹងមិនបានជួយអ្វីដូចគ្នា។ លោកក៏បានចែករំលែកពីការប៉ាន់ស្មានលើការខូចខាតបណ្ដាលពីគម្រោងនេះដែរ។
លោកឲ្យដឹងថា៖ «ផលប៉ះពាល់ផ្នែកបរិស្ថានលើដងទន្លេមេគង្គអាចមានកម្រិតតិចតួច ប្រសិនបើទំនប់នេះកសាងរួចរាល់ ប៉ុន្តែផលប៉ះពាល់លើប្រជាពលរដ្ឋមានទំហំធំធេង មើលតែលើទំហំសំណង គឺងាយយល់ពីរឿងនេះហើយ»។
លោកកត់សម្គាល់ថា បើសិនជាទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ស្តុកទឹកលើសពី៥០០លានម៉ែត្រគួប ទំនប់នេះនឹងចាប់ផ្ដើមបង្កការរំខានដល់ប្រព័ន្ធជលសាស្រ្តទន្លេមេគង្គ។ ប៉ុន្តែថាតួលេខពិតប្រាកដមិនទាន់មានការផ្សាយឲ្យដឹងជាសាធារណៈនៅឡើយ។ លោកក៏ព្រមានដែរថា ទោះបីជាបរិមាណទឹកស្ដុកអាចតិចជាងនេះ «ទំនប់នេះក៏ទំនងជាអាចធ្វើឲ្យខូចខាតដល់វដ្ដជលសាស្រ្តរបស់ទន្លេស្រែពក ប៉ុន្តែមិនអាចនិយាយថាវានឹងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរលើទន្លេមេគង្គ ឬទន្លេសាបនោះដែរ»។
ផលប៉ះពាល់បរិស្ថានអាចហួសពីទន្លេស្រែពក។ អាងស្ដុកទឹកអាចជន់លិចផ្នែកខ្លះនៃតំបន់ការពារសត្វព្រៃលំផាត់ និងស្រែពក និងឧទ្យានជាតិអូយ៉ាដាវ។ ការណ៍នេះបានបង្ហាញពីកម្រិតគ្រោះថ្នាក់ដល់ការអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងតំបន់ការពារ បន្ថែមលើកង្វល់ទាក់ទងនងនឹងប្រព័ន្ធទន្លេមេគង្គ។
យល់ព្រមដោយបង្ខំ និងភាពស្ទាក់ស្ទើររបស់ក្រសួងនានា
កាលពីខែកុម្ភៈកន្លងទៅ មន្រ្តីខេត្តមណ្ឌលគិរី អមដោយកម្លាំងនគរបាលផង បានចុះតាមផ្ទះប្រជាពលរដ្ឋ ដើម្បីប្រមូលស្នាមមេដៃដើម្បីបើកភ្លើងខៀវឲ្យមានការផ្លាស់លំនៅចេញ។
អ្នកភូមិមួយចំនួនបាននិយាយថា មន្ត្រីព្រមានពួកគាត់ថានឹងមិនបានទទួលសំណងអ្វីទាំងអស់ បើសិនជាមិនព្រមផ្ដិតមេដៃ។ អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បដិសេធការចោទប្រកាន់នេះ។
អ្នកភូមិម្នាក់ ក្នុងករណីផ្សេងទៀត ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីការធ្វើទុក្ខបុកម្នេញ បាននិយាយថានគរបាលបានកោះហៅលោកទៅសួរនាំក្រោយពីលោកបានបង្ហោះវីដេអូអំពីទំនប់វារីអគ្គិសនី។ ក្នុងវីដេអូនោះលោកថាមានបង្ហាញពីព័ត៌មានដែលគេបានចែករំលែកក្នុងកិច្ចប្រជុំក្នុងភូមិរួចហើយ។ លោកមិនបានទៅរាយការណ៍ប៉ុស្ដិ៍នគរបាលនោះទេ និងក្រោយមកលោកក៏បានលុបវីដេអូនោះចេញវិញ។
ចំណែកនគរបាលមូលដ្ឋានបានបដិសេធថាបានកោះហៅប្រជាពលរដ្ឋ ឬមានបញ្ហាជាមួយការបង្ហោះលើហ្វេសប៊ុកនោះ។
ថ្វីបើបន្តមានគំនាបលើប្រជាពលរដ្ឋដើម្បីឲ្យយល់ព្រមចាកចេញ ក៏ចំនួនអ្នកយល់ព្រមនៅមានចំនួនតិច។ នៅក្នុងភូមិណាំងបួរ ប្រជាពលរដ្ឋ២៩គ្រួសារ ក្នុងចំណោម២៨១គ្រួសារបានយល់ព្រមទទួលយកសំណង។ នេះបើតាមមេភូមិ លោក ផាន់ ស៊ុន។ លោកជឿថា ការមិនទាន់យល់ព្រមពីសំណាក់ប្រជាពលរដ្ឋនេះ នឹងអាចធ្វើឲ្យមានការពន្យារពេលអនុវត្តគម្រោងផងដែរ។
ការជំទាស់របស់សហគមន៍ ព្រមជាមួយនឹងការឃ្លាំងមើលពីសង្គមស៊ីវិលផង ទំនងជាអាចជួយឲ្យមានការយកចិត្តទុកដាក់ច្រើនជាងមុន។ ក្នុងខែមីនា មន្ត្រីមកពីក្រសួងនានា រួមទាំងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានជួបជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដើម្បីពិនិត្យលើការសិក្សាពីផលប៉ះពាល់។
បើតាមឯកសារចុះហត្ថលេខាចូលរួមកិច្ចប្រជុំដែលខេមបូចាទទួលបាន គឺមានមន្ត្រីរដ្ឋាភិបាលចំនួន១៥រូបបានចូលរួមកិច្ចប្រជុំ។
លោក ប៊ុនលាភ បានឲ្យដឹងខ្លីពីកិច្ចប្រជុំថា មានតំណាងពីក្រសួងខ្លះបង្ហាញកង្វល់លើការសិក្សាហេតុប៉ះពាល់បរិស្ថាន រួមទាំងការសិក្សាមិនទាន់ចប់សព្វគ្រប់ពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រតិបត្តិការជីកយករ៉ែ និងការជាន់គ្នាលើដីសម្បទាន និងបានអំពាវនាវឲ្យមានការសិក្សាស្រាវជ្រាវលម្អិតជាងនេះ។
បញ្ហាមួយចំនួនកើតចេញពីមន្ត្រីថ្នាក់ក្រោម និងមិនបានឆ្លុះបញ្ចាំងពីការយល់ព្រមរបស់ថ្នាក់ក្រសួងនោះទេ។ នេះបើតាមការកត់សម្គាល់របស់លោក ប៊ុនលាភ។ ជាមួយគ្នានោះដែរ តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកពីបញ្ហាផ្ដល់ទីតាំងថ្មីដល់ជនជាតិដើមភាគតិច តែមិនច្បាស់ថាការលើកឡើងនេះក្នុងន័យជួយឲ្យមានការផ្ដល់សំណងសមរម្យ ឬគ្រាន់តែនិយាយបង្ហាញពីកង្វល់ផ្ទៃក្នុងលើដំណោះស្រាយ។
លោក ជា ចាន់ធឿន នាយករងរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម បានចូលរួមកិច្ចប្រជុំនោះដែរ។ លោកបញ្ជាក់ថា មន្ត្រីមកពីតាមក្រសួង បានយល់ថាការសិក្សាហេតុប៉ះពាល់បរិស្ថាន «មិនទាន់ចប់សព្វគ្រប់» និងថា «វាមិនទាន់បានទទួលការឯកភាព»លើលទ្ធផលនៅឡើយ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជិន សុខា ដែលមានឈ្មោះក្នុងបញ្ជីចូលរួមដែរនោះ មិនបានឆ្លើយតនឹងសំណើសុំអត្ថាធិប្បាយនោះទេ ខណៈមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ជី ចាន់រស្មី និងលោក ហ៊ាន មាសនា បដិសេធធ្វើអត្ថាធិប្បាយ។
ជំនួយការនាយករបស់ក្រុមហ៊ុន Royal Group លោក ឃិន រ៉េមី ដែលឃើញមានចុះវត្តមានក្នុងកិច្ចប្រជុំនោះដែរ បាននិយាយយ៉ាងខ្លីថា «ខ្ញុំមិនពាក់ព័ន្ធនោះទេ» មុននឹងលោកបិទទូរសព្ទ។
សម្រាប់មន្ត្រីផ្សេងទៀត រួមមានអភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បានលើកឡើងថា គម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម៣ គឺស្របទៅនឹង«ចក្ខុវិស័យវែងឆ្ងាយ»សម្រាប់ការអភិវឌ្ឍកម្ពុជា។ លោកបង្ហាញថា គម្រោងនេះនឹងជួយដល់ការរីកចម្រើនក្នុងតំបន់ និងជំរុញហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីៗ។
ប៉ុន្តែជាក់ស្ដែង ការយល់ឃើញនេះមិនមែនតែងតែត្រឹមត្រូវនោះទេ។
ខណៈប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការជម្លៀសចេញឆាប់ៗខាងមុខនេះ អាចប្រើប្រាស់អគ្គិសនីរដ្ឋហើយនោះ ក៏ប្រជាពលរដ្ឋទាំងនោះមិនមានលទ្ធភាពប្រើប្រាស់បាននៅឡើយ អ្នកខ្លះបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យតាមរយៈការបរិច្ចាគ និងអ្នកខ្លះទៀតបានប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ដោយប្រើត្រឹមតែពីរបីម៉ោងក្នុងមួយថ្ងៃ។
ជាមួយគ្នានេះដែរ ទីតាំងដែលប្រជាពលរដ្ឋត្រូវផ្លាស់ទៅរស់នៅថ្មីនោះ គឺមិនទាន់ឃើញមានបណ្ដាញអគ្គិសនីនៅឡើយ។
សម្រាប់សហគមន៍នានាដែលស្ថិតនៅក្នុងអាងស្តុកទឹកជំនន់វិញ អនាគតអ្នកទាំងនោះស្ថិតនៅភាពមិនច្បាស់លាស់នៅឡើយ ដែលត្រូវពឹងផ្អែកខ្លាំងលើសពីការសម្រេចរបស់រដ្ឋាភិបាលប៉ុន្តែក៏អាស្រ័យលើការតស៊ូ ការឃ្លាំមើល និងបញ្ហាឯកសារផ្លូវច្បាប់ដែលអាចពន្យារពេលអនុវត្តគម្រោង ឬបញ្ឈប់គម្រោង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Thousands of Families Face Displacement As Srepok Dam Project Pushes Ahead