ភ្នំពេញៈ នៅក្រោយក្លឹប ខារ៉ាអូខេ (KTV) មួយកន្លែងក្នុងសង្កាត់ទួលសង្កែ១ អ្នកស្រី លី ថារី កំពុងលក់ភេសជ្ជៈ និងគ្រឿងទេសនៅខាងមុខបន្ទប់ជួលរបស់ខ្លួនបន្ទាប់ពីរោងចក្រដែលអ្នកស្រី ធ្វើការបានបិទកាលពីជាងពីរខែមុន។
ប៉ុន្តែរបរនេះមិនអាចជួយឲ្យអ្នកស្រីផ្គត់ផ្គង់គ្រួសារបានពេញលេញនោះទេ។ ថារី គឺជាម្តាយទទួលបន្ទុកចិញ្ចឹមកូន៣នាក់ ក្នុងបន្ទុកតែឯង ដែលមានស្រុកកំណើតក្នុងខេត្តកំពង់ចាម។ អ្នកស្រីបានធ្វើការជាកម្មកររោងចក្រជាង១៩ឆ្នាំ ហើយ ថារី បានចំណាយពេល១៣ឆ្នាំធ្វើការនៅរោងចក្រ លីមឡាញអ៊ិនធឺណេសិនណល(ខេមបូឌា) ហ្គាមិន ដែលទើបនឹងបិទទ្វារកាលពីពាក់កណ្ដាលខែមករា ជាមួយនឹងរោងចក្រជាច្រើនទៀត ដែលបានបិទក្នុងឆ្នាំនេះ។ ការបិទរោងចក្រនេះធ្វើឲ្យអ្នកកំពុងជម្នះនឹងជីវភាពប្រចាំថ្ងៃ ខណៈចំណូលធ្លាក់ចុះយ៉ាងខ្លាំង។
កន្លងមកអ្នកស្រីអាចរកចំណូលបានប្រហែល៤០០ដុល្លារពីការធ្វើការនៅរោងចក្រកាត់ដេរ ដោយរាប់បញ្ចូលទាំងការធ្វើការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ ប៉ុន្តែពេលនេះអ្នកស្រីអាចរកបានត្រឹម៧៥ដុល្លារក្នុងមួយខែពីការលក់ដូរ និងទទួលការដេរខោអាវពីខាងក្រៅ។ អ្នកស្រីក៏បានបញ្ជូនកូនស្រីអាយុ១៦ឆ្នាំ ឲ្យទៅជួយលក់ដូរគេនៅតាមផ្ទះដោយបានចំណូល១៥០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។
អ្នកស្រីថ្លែងថា៖ «ក្នុងរយៈពេលពីរខែនេះ ខ្ញុំបានចំណាយលុយដែលខ្ញុំសន្សំក្នុងអំឡុងពេលធ្វើការ និងលក់គ្រឿងអលង្ការទាំងអស់ដើម្បីបង់ធនាគារ [មីក្រូហិរញ្ញវត្ថុ]»។ អ្នកស្រីបន្តថា៖ «ខ្ញុំរស់នៅដោយពឹងលើការងាររោងចក្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការងាររោងចក្របានជួយឲ្យជីវភាពខ្ញុំល្អប្រសើរ ប៉ុន្តែពេលនេះខ្ញុំបានជួបការលំបាកជាថ្មី។ វាធ្វើឲ្យខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាង»។
នៅពេលរោងចក្របិទ ថារី និងកម្មករផ្សេងទៀត ទទួលបានសំណងជាប្រាក់ឈ្នួលតែមួយខែប៉ុណ្ណោះ ដែលនេះជាការរំលោភលើច្បាប់ស្ដីពីការងារនៅកម្ពុជា។ ម្ចាស់រោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាពេលរោងចក្របិទទ្វារ ខ្ញុំនឹងបានសំណងសមរម្យ ប៉ុន្តែចុងក្រោយបន្ទាប់ពីធ្វើការជាង១០ឆ្នាំ ខ្ញុំមិនបានទទួលអ្វីទាំងអស់»។
រោងចក្រដែលអ្នកស្រីធ្វើការមានឈ្មោះថា លីមឡាញអ៊ិនធឺណេសិនណល(ខេមបូឌា) ហ្គាមិន ជារោងចក្រមួយក្នុងចំណោមរោងចក្រចំនួន៧១ ដែលបានបិទទ្វារ ឬផ្អាកដំណើរការចន្លោះពីខែមករា និងខែកុម្ភៈក្នុងឆ្នាំនេះ។ ការបិទ និងព្យួរ រោងចក្រទាំងនេះបានប៉ះពាល់កម្មករជាង៣២ ០០០នាក់។
នៅក្នុងឆ្នាំ២០២២ មានរោងចក្រសរុបចំនួន៤៩០ បានបិទទ្វារ ឬផ្អាកដំណើរការ ដែលបានប៉ះពាល់ដល់កម្មករជាង ៤០ ០០០នាក់។ នេះបើតាមតួលេខរបស់សហភាពការងារកម្ពុជា។
វិស័យកាត់ដេរនៅកម្ពុជាបានផ្ដល់ឱកាសការងារដល់កម្មករជាង ៧០០ ០០០នាក់ និងជួយដល់ពលរដ្ឋរាប់លានគ្រួសារទូទាំងប្រទេស ដែលកម្មករភាគច្រើនមកពីជនបទ និងមករកការងារធ្វើនៅទីក្រុង ពិសេសទីក្រុងភ្នំពេញ។
ក្នុងចន្លោះពីខែ មករា ដល់ខែ មីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មីលើវិស័យកាត់ដេរ និងស្បែកជើងយ៉ាងហោចណាស់ ២៣គម្រោង ដែលគេរំពឹងថានឹងអាចបង្កើតឱកាសការងារបានរាប់ពាន់កន្លែង និងប៉ាន់ស្មានទឹកប្រាក់វិនិយោគមានតម្លៃ១៦៨លានដុល្លារ។ នេះបើតាមទិន្ន័យផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្មករ និងមេដឹកនាំសហជីពលើកឡើងថា បើទោះបីជាមានសញ្ញាងើបឡើងវិញជាថ្មីនៃការវិនិយោគលើវិស័យកាត់ដេរ ក៏កម្មកររាប់សិបពាន់នាក់ផ្សេងទៀតដែលត្រូវបញ្ឈប់ពីការងារ ឬព្យួរការងារនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីរោងចក្រជាច្រើនបានបិទទ្វារ និងព្យួរការងារជាបន្តបន្ទាប់។
ក្រៅតែពីផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចសកលពីវិបត្តិកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែន ប្រធានសហភាពការងារកម្ពុជា ដែលមានសមាជិកជាង ១១០ ០០០នាក់ លោក អាត់ ធន់ មានប្រសាសន៍ថា ហេតុផលផ្សេងទៀត គឺភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់កម្ពុជា លើការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ការនាំចេញទៅទីផ្សារអាមេរិក និងអ៊ឺរ៉ុប។
កាលពីឆ្នាំ២០២០ សហភាពអ៊ឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា (EBA) ចំនួន២០ភាគរយ ដែលការដកនេះធ្វើឡើងបន្ទាប់ពីមានការចោទថា កម្ពុជាមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន។ នៅឆ្នាំដដែល ប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកហៅថា GSP ក៏បានអស់សុពលភាព និងមិនទាន់បានបន្តជាថ្មីនៅឡើយទេមកដល់ពេលនេះ។ បើតាមការិយាល័យជំរឿនរបស់អាមេរិក ទំនិញដែលកម្ពុជានាំទៅអាមេរិកច្រើនជាងគេគឺផលិតផលកាត់ដេរ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ។
កាលពីពាក់កណ្តាលខែមីនា សភាអឺរ៉ុបបានបោះឆ្នោតលើសេចក្ដីសម្រេចមួយដោយបានអំពាវនាវឲ្យបញ្ចប់ការធ្វើទុកបុកម្នេញផ្នែកនយោបាយ និងដោះលែងអ្នកទោសនយោបាយនៅកម្ពុជា។ ជាមួយគ្នានោះដែរ សភាអ៊ឺរ៉ុបក៏បានព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត បើសិនជាបរិយាកាសនយោបាយមិនល្អប្រសើរមុនការបោះឆ្នោតជាតិខែកក្កដា ចូលមកដល់ទេនោះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងត្រូវបានឃុំខ្លូន និងខ្លះកំពុងត្រូវប្រឈមនឹងការបង់សំណងរាប់សិបម៉ឺនដុល្លារ។
លោក អាត់ ធន់ ថ្លែងថា៖ «ការបញ្ជាទិញបានថយចុះដោយសារតែភាពមិនច្បាស់លាស់នៃការទទួលបាន EBA និង GSP ព្រមទាំងស្ថានភាពការបោះឆ្នោតជាតិខែកក្កដា ខាងមុខ»។ លោកបន្ថែមថា៖ «ខ្ញុំបានជួបជាមួយអ្នកបញ្ជាទិញ ហើយពូកគេប្រាប់ថាពួកគេនឹងប្រាប់មកខ្ញុំអំពីការសម្រេចចិត្តជាថ្មី[ក្នុងការបញ្ជាទិញ] ក្រោយការបោះឆ្នោត»។
លោកឲ្យដឹងដែរថា ការប្រកួតប្រជែងជាមួយវៀតណាមកាន់តែពិបាក ពេលដែលប្រទេសនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៩ ដែលនេះក៏ជាឧបសគ្គមួយផ្សេងទៀតសម្រាប់វិស័យកាត់ដេរនៅកម្ពុជា។
លោក អាត់ ធន់ បានបន្ទោសលើភាពធូររលុងនៃច្បាប់ចំពោះការបិទរោងចក្រនេះ ហើយថាក្រុមហ៊ុនបានព្យាយាមរកវិធីគេចវេសពីការទទួលខុសត្រូវសម្រាប់កម្មករ ដែលបានធ្វើការយូរឆ្នាំ។ លោកថា កម្មករជាច្រើននាក់ត្រូវបានបន្តកិច្ចសន្យារយៈពេលខ្លី ដើម្បីកាត់បន្ថយសំណងផ្លូវច្បាប់លើការបង់ប្រាក់បំណាច់។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដែលអនុញ្ញាតឲ្យអ្នកវិនិយោគទុនថ្មីអាចរួចការបង់ពន្ធកាត់ទុកចំនួនប្រាំឆ្នាំ ដែលការណ៍នេះ លោក អាត់ ធត់ ថាបានលើកទឹកចិត្តឲ្យក្រុមហ៊ុនជាច្រើនបិទទ្វារ និងបើកសារជាថ្មីវិញក្រោមឈ្មោះថ្មីមួយទៀតដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ លោកឲ្យដឹងដែរថា ខណៈក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យព្យួរតែរយៈពេលពីរខែប៉ុណ្ណោះផ្អែកលើច្បាប់ តែជាក់ស្តែងពួកគេអាចបន្តព្យួរយូរជាងនេះក៏បាន។
អ្នកនាំពាក្យក្រសូងការងារ លោក ហេង សួរ មិនបានឆ្លើយតបសំនួរអ្នកសារព័ត៌មាននោះទេ។
រដ្ឋាភិបាលក៏បានសន្យាផ្តល់ការគាំទ្រផ្នែកថវិកាដល់កម្មករ ដែលរងផលប៉ះពាល់ពីការផ្អាកការងារនេះដែរ ដោយកម្មករទទួលបាន៣០ដុល្លារបានពីម្ចាស់រោងចក្រ និង៤០ដុល្លារបានពីរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ។
លោកបន្ថែមថា៖ «មានការផ្អាកការងារដោយផ្នែកជាបណ្តោះអាសន្នខ្លះ ហើយនៅប្រទេសផ្សេងៗទៀតក៏ជួបស្ថានភាពស្រដៀងៗគ្នាដែរ ដោយសាផលអវិជ្ជមាននៃសង្គ្រាម»។
លោកបន្តថា រដ្ឋាភិបាលនឹងធ្វើការសិក្សាពីស្ថានភាពនេះនៅបីខែខាងមុខ។ លោកថ្លែងថា៖ «យើងនឹងស្នើសុំការគាំទ្របន្ថែមទៀតពីរាជរដ្ឋភិបាលបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ យើងសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើងវិញក្នុងឆមាសទី២ក្នុងឆ្នាំនេះ]»។
សម្រាប់កម្មករ ដែលបានចូលធ្វើការក្រោយរោងចក្រផ្អាកមួយរយៈ ក៏នៅមិនច្បាស់ពីអនាគតការងាររបស់ខ្លួនដែរ។ រោងចក្រមួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែនៅមានរោងចក្រជាច្រើនទៀតនៅបន្តផ្អាកនៅឡើយ។
អ្នកស្រី សឿន យៀក វ័យ ៤៦ឆ្នាំ ឲ្យដឹងថាអ្នកស្រីកំពុងពិបាកក្នុងការរកការងារថ្មី បន្ទាប់ពីរោងចក្រលីមឡាញអ៊ីនធឺណេសិនណល បានបិទទ្វារ។ អ្នកស្រីបានខ្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់ពីអ្នកចងការប្រាក់ឯកជន ដើម្បីទិញរឺម៉កម៉ូតូ ដឹកទឹកកកឈួសលក់តាមផ្លូវក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំបានដាក់ពាក្យធ្វើការនៅរោងចក្រផ្សេងដែរ ប៉ុន្តែគេមិនទទួលខ្ញុំទេ ពួកគេថាខ្ញុំអាយុច្រើន»។ អ្នកស្រីថា៖ «ខ្ញុំអាចរកប្រាក់បាន ២០ ០០០រៀលក្នុងមួយថ្ងៃពីការលក់ទឹកកកឈួស ហើយខ្ញុំខានផ្ញើលុយទៅក្មួយស្រីពីរខែហើយ»។
អ្នកស្រី យ៉ិន យ៉ុម វ័យ៤០ឆ្នាំ បានចូលធ្វើការនៅរោងចក្រ Yarkjin (Cambodia) Inc វិញ បន្ទាប់ពីផ្អាកការងារមួយសប្ដាហ៍ ហើយកំពុងប្រឈមនឹងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានខ្ចីសម្រាប់សង់ផ្ទះថ្មីដែរ។
អ្នកស្រីជាមួយនឹងកូនប្រុសស្រីពីរនាក់ផ្សេងទៀតអាចរកចំណូលសរុបប្រមាណ៧០០ដុល្លារដោយកូនធ្វើជាជាងជួសជុលម៉ូតូ និងកូនស្រីជួយលក់បន្លែឲ្យគេ។
អ្នកស្រីលើកឡើងថា៖ «កង្វល់របស់ខ្ញុំគឺគ្មានប្រាក់សងបំណុល ខ្ញុំរស់នៅពឹងលើការងាររោងចក្រដើម្បីដោះស្រាយបំណុល បើគ្មានការងារ ខ្ញុំនឹងគ្មានអ្វីទាំងអស់»។ អ្នកស្រី យ៉ុម រកចំណូលបាន៣០០ដុល្លារពីការងារនៅរោងចក្រ ប៉ុន្តែការចំណាយលើការសងបំណុលមានរហូតដល់៤៥០ដុល្លារក្នុងមួយខែ។
សម្រាប់អ្នកស្រី ថារី វិញនៅតែមិនទាន់មានការងារធ្វើនៅឡើយ ព្រមទាំងប្រឈមនឹងការសងបំណុល និងថ្លៃចំណាយខ្ពស់ជាងចំណូលដែលមានបច្ចុប្បន្ន។ អ្នកស្រីបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន ២ ០០០ដុល្លារសម្រាប់សង់ផ្ទះថ្មី តែប៉ុន្មានខែប៉ុណ្ណោះមុនរោងចក្របិទទ្វារ ហើយត្រូវចំណាយថ្លៃជួលផ្ទះ ថ្លៃទឹក និងភ្លើង ១០០ដុល្លារក្នុងមួយខែ។ អ្នកស្រីត្រូវបង់កម្ចី ១០០ដុល្លារក្នុងមួយខែទៀត។
អ្នកស្រីបញ្ជាក់ថា៖ «ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំគឺពឹងលើរោងចក្រកាត់ដេរ ព្រោះវាបានធ្វើឲ្យជីវិតខ្ញុំបានប្រសើរឡើង»។ អ្នកស្រីថា៖ «បើសិនជាខ្ញុំមិនអាចរកការងារថ្មីបាន ខ្ញុំប្រហែលជាត្រូវវិលទៅស្រុកកំណើតវិញ ពីព្រោះថារស់នៅទីក្រុងចំណាយច្រើនណាស់»។
រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thousands of Garment Workers Struggling to Survive Following Mass Factory Closures