សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ករណីស្លាប់អនុភូមិនៅកំពង់ធំឈានដល់ឃាត់ខ្លួនកងរាជអាវុធហត្ថ២រូប

ក្រុមគ្រួសាររៀបចំពិធីបុណ្យសពលោក សួង ឌ័ន នៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ រូបពី៖ កញ្ញា ឌីន នារតី
ក្រុមគ្រួសាររៀបចំពិធីបុណ្យសពលោក សួង ឌ័ន នៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ រូបពី៖ កញ្ញា ឌីន នារតី

មន្ត្រីកងកម្លាំងរាជអាវុធ២រូបនៅខេត្តកំពង់ធំត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធអំពើល្មើសច្បាប់ក្នុងពេលបំពេញភារកិច្ចដែលបានបណ្តាលឱ្យអនុភូមិម្នាក់ស្លាប់កាលពីថ្ងៃទី៧ខែសីហាកន្លងទៅ។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះថ្ងៃទី១៥ខែសីហា ហើយទើបផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ចបានបញ្ចប់ហើយ។

សេចក្តីប្រកាសបញ្ជាក់ទៀតថា ក្រោយការបិទបញ្ចប់គឺ ជំនាញនគរបាលយុត្តិធម៌ស្នើឃាត់ខ្លួន មន្ត្រីកងរាជអាវុធហត្ថ២រូប ក្នុងចំណោម១៣រូប គឺឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និងឈ្មោះ លុយ តាំង ឈួយ ឋានៈអនុសេនីយ៍ឯក មុខប្រធានអង្គភាពនគរបាលយុត្តិធម៌។​

ចំពោះចំណាត់ការផ្លូវច្បាប់បន្តយ៉ាងណាចំពោះអ្នកទាំង២នេះ នឹងត្រូវផ្សព្វផ្សាយលម្អិតនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ខែសីហា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។​

កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបានបង្ក្រាបទីតាំងល្បែងអនឡាញ១កន្លែងនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ ការបង្ក្រាបនេះបានចាប់ខ្លួនបុរស៤នាក់ ក្នុងចំណោមនោះម្នាក់ជាអនុភូមិឈ្មោះ សួង ឌ័ន បានស្លាប់នៅពេលកំពុងដឹកយកទៅបញ្ជាការដ្ឋានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ។ បន្ទាប់មក បុរស៣នាក់នោះ ត្រូវបានដោះលែងវិញ។​

សាក្សីដែលសមត្ថកិច្ចចាប់ខ្លួនជាមួយអនុភូមិលោកសួង ឌ័ន និង សាក្សីបានឃើញនៅកន្លែងកើតហេតុបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថនៅតែដាក់ខ្នោះនិងចាប់ក្រៀករុញបញ្ចូលរថយន្តបើទោះជាប្រាប់ថាលោកមានអាការៈពិបាកដកដង្ហើមខ្លាំងរហូតអនុភូមិរូបនោះដាច់ខ្យល់ស្លាប់។​

បុរសម្នាក់ឈ្មោះ ប៉ិច ថៃ ដែលសមត្ថកិច្ចចាប់ខ្លួនទៅជាមួយលោក សួង ឌ័ន ដែរនោះថ្លែងថា នៅលើឡាននៅកន្លែងចាប់ខ្លួនពេលមុនដឹកចេញទៅ លោក សួង ឌ័ន ស្ទះខ្យល់មុខប្រែទៅជាពណ៌ក្រម៉ៅ។ លោកក៏ជួយរឹតទ្រូង ហើយប្រាប់ទៅសមត្ថកិច្ច​ ប៉ុន្តែសមត្ថកិច្ចមិនយកចិត្តទុកដាក់ទេនោះទេ។​

លោក ប៉ិច ថៃ បាននិយាយថា៖ «ប្អូនថប់ៗចេះតែរឹតទ្រូងឱ្យ ឃើញគ្នាឡេះឡះៗ។​ [ខ្ញុំ]ប្រាប់គេហើយ តែគេថា វាមិនអីទេ វាមិនស្លាប់ទេ»។​

លោក ប៉ិច ថៃ ឱ្យដឹងថា ក្រោយពេលឡានបើកចេញពីកន្លែងចាប់ខ្លួនបានប្រមាណ១០គីឡូម៉ែត្រ លោក សួង ឌ័ន ក៏ស្លាប់។​

សាក្សីម្នាក់ទៀតគឺ លោក ហោ ពក  ថ្លែងថា ផ្ទះលោកនៅជិតកន្លែងកើតហេតុ ហើយបានឈរមើលសកម្មភាពនៃការចាប់ខ្លួនមនុស្សនៅកន្លែងលក់កាហ្វេមានល្បែងអនឡាញនោះ។ លោកថា សមត្ថកិច្ចក៏ស្ទុះទៅចាប់ក្រៀកលោកគ្រោងបញ្ជូនឡើងរថយន្តដែរ ដោយចោទថា លោកប្រើទូរសព្ទថតសកម្មភាពនៅពេលនោះ ប៉ុន្តែដោយសារមានការតវ៉ាពីលោកនិងពលរដ្ឋនៅទីនោះក៏មានការដោះលែងវិញ។​

លោកហោ ពក បាននិយាយថា៖ «គេថា បើថតមានរឿង ហើយខ្ញុំថា​ អត់បានថត ហើយគេមកយកទូរសព្ទខ្ញុំមើល។ ហើយគេអត់មើលទូរសព្ទខ្ញុំផង គេក្រៀកចាប់ខ្ញុំ ហើយខ្ញុំស្រែកថា មានច្បាប់ពីណាមកចាប់ខ្ញុំ ហើយក្រៀកខ្ញុំខ្លាំង។ ខ្ញុំស្រែកខ្លាំងក៏ដោះលែងវិញ ព្រោះខ្ញុំឈរមើលពីផ្ទះខ្ញុំ»។​

លោក បានបន្តថា លោកបានឃើញ សមត្ថកិច្ចចាប់ក្រៀកពីក្រោយ ហើយដៃចាប់ត្រង់ក លោក សួង ឌ័ន ជាអនុភូមិ។

លោក ហោ ពក បានបន្ថែមថា៖ «ឃើញចាប់ត្រង់ចំណុចក ហ្នឹងហើយ ត្រង់ថាពងើយក ឬ មិនពងើយ អាហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍មើល គ្រាន់តែឃើញចាប់ត្រង់ចំណុច ក ហ្នឹងឯង»។​

អ្នកជិតខាងដែលឃើញហេតុការណ៍នេះម្នាក់ទៀត អ្នកស្រីសិន កុល​  ថ្លែងថា រូបគាត់ និងអ្នកភូមិផ្សេងទៀត ក៏អង្វរសុំឱ្យសមត្ថកិច្ចដោះលែងលោក សួង ឌ័ន ដោយឃើញស្ថានភាពសុខភាពមិនស្រួលខ្លួនខ្លាំង ប៉ុន្តែសមត្ថកិច្ចនៅតែមិនយកចិត្តទុកដាក់។​

អ្នកស្រី សិន កុល បានថ្លែងថា៖ «ខ្ញុំតាមអង្វរនេះគេមិនព្រម នោះគេមិនព្រម ខ្ញុំក៏ឈប់អង្វរទៅ។ គេថា គ្រាន់តែយកទៅណែនាំទេ»។

កញ្ញា ឌីន នារតី ជាកូនរបស់លោក សួង ឌ័ន ទាមទារឱ្យផ្តល់យុត្តិធម៌ព្រោះកញ្ញាបញ្ជាក់ថា ឪពុកកញ្ញាមិនមានជំងឺពីមុនមកទេ ហើយថា ការស្លាប់នេះគឺជាការប្រើអំពើហិង្សា។​ កញ្ញាឱ្យដឹងថា ឪពុករបស់គាត់មិនចេះលេងល្បែងទេ ហើយកាលពីថ្ងៃទី៧ខែសីហានោះគឺគាត់មកពីប្រជុំវិញ ក៏ចូលជ្រកភ្លៀងនៅកន្លែងលក់កាហ្វេមានល្បែងអនឡាញនោះក៏ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនទៅ​។​

កញ្ញា ឌីន នារតី ថ្លែងថា រូបគាត់និងក្រុមគ្រួសារត្រូវការយុត្តិធម៌ពិតប្រាកដពីករណីនេះ។​

កញ្ញា ឌីន នារតី បាននិយាយថា៖ «ខ្ញុំចង់បានយុត្តិធម៌ និងសងជំងឺចិត្តមកកាន់គ្រួសារខ្ញុំវិញ។​យុត្តិធម៌គឺថា អ្នកណាធ្វើខុសឱ្យច្បាប់ដាក់ទោស»។​

កាលពីដើមឆ្នាំ២០២១ ក៏មានករណីចោទប្រកាន់ថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រើអំពើហិង្សាលើប្រជាការពារភូមិម្នាក់ឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់ ក្រោយពេលចាប់ខ្លួនរូបលោកជាមួយពលរដ្ឋ៤នាក់ផ្សេងទៀតពាក់ព័ន្ធករណីតវ៉ារឿងដីធ្លី។ ករណីនេះតុលាការបានកាត់ទោស លោក ស ប៊ុន​សឿង អតីត​មេ​បញ្ជាការ​រង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជាប់​ពន្ធនាគារ ​៤ ​ឆ្នាំនិងលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋរងគ្រោះហៅថា «សឿង៣៨» ឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ។​

ចំណែកកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១  មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបង បាននាំខ្លួនបុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ ទៅសាកសួរជុំវិញករណីឃាតកម្មមួយ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងសាកសួរជាង៣ម៉ោងគឺពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៧យប់ ពេជ្រ ធារ៉េតបានស្លាប់។ 

សមត្ថកិច្ចស្រុកសង្កែ រាយការណ៍ថា ពេជ្រ ធារ៉េត បានស្លាប់ដោយសារគាំងបេះដូងព្រោះប្រើប្រាស់ថ្នាំញៀនជ្រុល។ ប៉ុន្តែក្រុមគ្រួសារបុរសនោះមិនសុខដោយចោទថា មានប្រើទារុណកម្មក៏បន្តប្តឹងទៅដល់ក្រសួងមហាផ្ទៃ ដោយអះអាងថា នៅលើសាកសពពេជ្រធារ៉េតមានស្នាមរបួសជាច្រើនកន្លែង និងបាក់ឆ្អឹងកផងដែរ។​​

មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬ ប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬ ជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់៕

1,771 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម