សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍ស្រាវ​ជ្រាវអាមេរិក​មួយ​ស្នើដា​ក់​ទណ្ឌកម្មលើបុគ្គល​២៨​រូប​​​ដែលពាក់ព័ន្ធ​នឹង​អំពើឆបោក​ តែរដ្ឋាភិបាល​ច្រានចោល

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)
កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយ​របស់​អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំការងារមិនអនុញ្ញាតឱ្យវិញត្រឡប់មកកម្ពុជាវិញ​​កាលពី​ឆ្នាំ២០២៣ ដោយ​បារម្ភពី​សុវត្ថិភាព បាន​ថ្កោល​ទោស​មន្ត្រី​កម្ពុជា​ និងបាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​បុគ្គលមួយ​ចំនួន​​​ដោយ​ចោទ​ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​ឆបោក​តាម​អនឡាញ ដោយ​ក្នុង​នោះ​មាន​ទាំង​បង​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​។

របាយការណ៍​នេះ​មាន​ចំណង​ជើង​ថា៖ «គោលនយោបាយ និង​ឥរិយាបថ៖ ការគាំទ្រ​របស់​រដ្ឋ​លើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​កម្ពុជា បង្ក​ជាការ​គំរាម​កំហែង​ដល់​សកល​លោក» រៀប​ចំ​ចងក្រង​ដោយ​លោក Jacob Sims។ Jacob Sims គឺ​ជា​អ្នកស្រាវ​ជ្រាវ​មួយ​រូប​នៅ​ក្នុង​មជ្ឈមណ្ឌល​​វិភាគ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​សាកលវិទ្យាល័យ​Harvard។

ការ​ស្រាវ​ជ្រាវ​នេះ​​បាន​ទទួល​ជំនួយ​ពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក។ របាយការណ៍​បាន​សិក្សា​ផ្អែក​លើប្រភព​សាធារណៈ ការ​ស្រាវជ្រាវឯកសារ​នានា និង​ការ​សម្ភាសន៍​មន្ត្រី​ទូត អ្នក​ជំនាញ សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​សរុប​ជាង​៥០​នាក់​។​ លោក ​ Jacob Sims បាន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ថា​​ជួយដល់​ដំណើរ​ការ​របស់​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​មានទំហំទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​តាម​រយៈការ​ជួញ​ដូរ​មនុស្ស និង​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​។​

របាយការណ៍​នេះ​បាន​ដាក់​ផ្សាយ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី​១៦ ខែឧសភា នៅ​ក្លឹប​អ្នក​កាសែតបរទេស​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​លោក​ Jacob Sims មាន​វត្តមាន​នៅ​ទី​នោះ​ដែរ​ក្នុង​នាម​ជា​អ្នកស្រាវជ្រាវ​។​

រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​នូវ​អ្វី​ដែល​របាយការណ៍​នេះ​បាន​រក​ឃើញ​ ដោយចាត់ទុក​ថា​ជាចេតនានយោបាយ និង​អះអាងរបាយការណ៍​នេះមិន​បាន​ទទួលស្គាល់​អំពី​​កិច្ច​ខិត​ខំ​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នានា​។​ មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ទឡ្ហីករណ៍​តិចតួច​តតាំង​នឹង​ការ​ចោទប្រកាន់​នេះ និង​ការ​ចោទ​ប្រកាន់​លើ​ឥស្សរជនជាន់ខ្ពស់​ផ្សេង​ទៀត​។​

​អ្នក​ផ្ដល់​បទ​សម្ភាសន៍ក្នុង​កិច្ច​ការ​ស្រាវ​ជ្រាវ​មួយ​នេះ បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចោទ​ប្រកាន់ ដាក់​ទណ្ឌកម្ម បិទ​ទិដ្ឋាការ និង​វិធានការ​ផ្សេងៗ​ទៀត​លើ​បុគ្គល​ទាំង​២៨​រូប​ដែល​មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ពាណិជ្ជករ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ទាំង​បងប្អូនជីដូនមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន តូ និង​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី លោក Chen Zhi។ លោក Chen Zhi ជា​ប្រធាន​ក្រុម​ហ៊ុន​​ Prince Group Holdings ដែល​ក្រុម​ហ៊ុន​នេះ​រង​ការ​ស៊ើប​អង្កេត​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​។​

​ក្រុម​ហ៊ុន​​ Prince Group Holdings ​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​បានច្រាន​ចោល​ការ​លើក​ឡើង​របស់​របាយការណ៍​នេះ និង​បានចាត់​ទុក​ថាជា​ព័ត៌មាន​មិនពិត និង​បរិហាកេរ្តិ៍​។​

អគារ​ក្រុម​ហ៊ុន​​ Prince Group Holdings​ នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែល​របាយការណ៍​លើក​ឡើង​ថា ​មានជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​។ រូបភាព​ថតនៅពី​ថ្ងទី​២១ ខែឧសភា ឆ្នាំ២០២៥​។ (ខេមបូចា/ព្រីង សំរាំង)

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​មាន​ប្រសាសន៍ថា៖ «​របាយការណ៍​នេះ​បាន​ធ្វើការ​ចោទ​ប្រកាន់ធ្ងន់ធ្ងរ​ដែល​មិន​បាន​ឆ្លុះបញ្ចាំងពី​ការពិត»។ លោក​ទទួល​ស្គាល់​​ពី​វត្ត​មាន​មជ្ឈមណ្ឌល​ឆបោកនៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​ថា​អាជ្ញាធរ​បាន​ចាត់​វិធានការ​ទប់ស្កាត់ឧស្សាហកម្មឆបោក​ទាំង​នោះ ដោយ​មានការ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ចុះ​បង្រ្កាប​ទីតាំង​ទាំង​នោះ​ផងដែរ។​

លោក Jacob Sims ​ទាំង​នៅ​ក្នុង​​សុទ្ទរកឋា និង​របាយការណ៍​របស់​ខ្លួន បាន​ច្រាន​ចោល​​ការ​លើក​​ឡើង​របស់​រដ្ឋាភិបាល​ដែល​ម្ដង​ម្កាល​បាន​ចុះបង្ក្រាប​មជ្ឈមណ្ឌក​ឆបោក និង​បាន​បង្កើត​​​គណៈ​កម្មការ​អន្តរក្រ​សួង ដោយ​ថា​វាគ្រាន់តែ​ជា «ការនិយាយ និង​ការ​ធ្វើ​ឲ្យ​ល្អ​មើល»។ លោក​អះអាង​ថា​ សកម្មភាព​ជាក់ស្ដែង​បាន​បិទ​បាំង​ជនល្មើស បង្វែរការ​តាមដាន និង​គ្មានការកែ​ទម្រង់​ច្បាស់លាស់​។​

​លោក ជា​ ធីរិទ្ធ ​អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​នេះ និង​ចាត់ទុក​របាយការណ៍​នេះ​ថា ​មាន​ចរិត​នយោបាយ​ និង​ចោទ​ថា​អ្នក​និពន្ធ​មាន​ចេតនា​បំផ្លាញ​មុខ​មាត់​របស់​កម្ពុជា​។​ លោក​លើក​ឡើង​ថា ​​រដ្ឋាភិបាល​អាមេរិក​ជា​អ្នក​គាំទ្រ​ការ​ស្រាវ​ជ្រាវនេះ ហើយ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​គណបក្ស​មាន​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​

លោក Jacob Sims លើក​ឡើងថា ​ខ្លឹម​សារ​សំខាន់​នៃ​របាយការណ៍​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ការ​​ប្រព្រឹត្តិ​​អំពើ​ឆបោក​​។ លោក​ថា​ការសិក្សា​នេះ​មើល​ទៅ​ដូច​ជា​បង្កប់​នូវ​ចេតនានយោបាយ តែ​តាម​ពិត​គឺ​ការសិក្សា​ធ្វើ​ឡើង​ផ្អែក​លើ​ឯកសារ​ស្រាវ​ជ្រាវ​ត្រឹមត្រូវ មិនមាន​ចរិត​នយោបាយ​នោះទេ​។ លោក​ថាជំនួយ​របស់​រដ្ឋាភិបាល​​អាមេរិក​​មិន​មាន​ឥទ្ធិពល​លើ​ការស្រាវ​ជ្រាវ​នេះ​ទេ។​

អ្នកស្រាវ​ជ្រាវ​រូប​នេះ ដែល​កន្លង​មក​ធ្លាប់​រង​ការគំរាម​កំហែង​ចាប់​ឃុំ​ខ្លួន​នៅ​កម្ពុជា​ផង​នោះ បាន​ការពារ​របាយការណ៍​របស់​ខ្លួន​ថា​ឯករាជ្យ និង​មាន​វិធីសាស្រ្ត​ស្រាវជ្រាវ​ត្រឹម​ត្រូវ​។​

លោក ធីរិទ្ធ បាន​សង្កត់​ធ្ងន់ថា ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ គឺ​ជា​បញ្ហា​តំបន់ ដែល​ការ​លើក​ឡើង​របស់​លោក​នេះ ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​តែង​​លើក​ឡើង​។ លោក​បន្ត​ថា៖ «​​ទប់​ស្កាត់វា[អំពើឆបោក]មិន​ងាយ​ស្រួល​នោះទេ ហើយ​ក៏​មិន​អាច​អាស្រ័យ​លើ​តែ​រដ្ឋាភិបាលតែ​មួយ​បាន​ដែរ។ ការ​ងារនេះ​​​ត្រូវ​ការ​កិច្ចសហការ​ជា​អន្តរជាតិ ហើយ​ប្រទេស​មួយៗ​​ត្រូវ​តែ​អប់​រំ​ប្រជាពល​រដ្ឋ​របស់​ខ្លួន​អំពី​ហានិភ័យ ដើម្បី​ជួយ​ដល់​ការងារ​បង្ការ»។​

ផ្ទាំង​ប៉ាណូ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ដាក់​តាំង​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

គម្រោង​ប្រឆាំង​ការជួញដូរមនុស្ស​នៅ​កម្ពុជា​ បាន​ប៉ាន់​ប្រមាណ​ថា​ យ៉ាង​តិច​មាន​ទីតាំង​ឆបោក​ចំនួន​៣៥០​កន្លែង​កំពុង​ធ្វើ​ប្រតិបត្តិការនៅ​ទូទាំង​ប្រទេស និង​បាន​កេង​ប្រវ័ញ្ចកម្លាំង​ពលករ​បរទេស​ប្រហែល​១៥០ ០០០​នាក់​។​​

សកម្មភាព​ឆបោក​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ត្រូវគេចាត់ទុកថា ​ជា​ឧស្សាកម្ម​ដែល​រក​ប្រាក់ចំណេញ​បាន​ច្រើន​បំផុត​មួយ​នៅ​កម្ពុជា ដែល​អាច​រកចំណូល​បា​ន​​តាម​ការ​ប៉ាន់​ស្មាន​ចន្លោះពី​១២,៥ពាន់​លាន​ដុល្លារ​ទៅ​១៩​ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​៦០​ភាគរយ​នៃ​GDP របស់​កម្ពុជា​ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ចំណូល​បាន​ពី​វិស័យ​កាត់ដេរ​ទៅ​ទៀត។ នេះ​បើ​តាម​របាយការណ៍​ដដែល​។​ តួលេខ​នេះ​បាន​ដកស្រង់ចេញ​ពី​ស្ថាប័ន​មួយ​ចំនួន​រួម​មាន​វិទ្យាស្ថានសហរដ្ឋអាមេរិក​សម្រាប់​សន្តិភាព និ​ង​ការិយាល័យ​ឧក្រិដ្ឋកម្ម និង​គ្រឿង​ញៀន របស់​អង្គការ​សហប្រជាជាតិ​។​

ថ្វីបើ​តួលេខ​បង្ហាញ​ពីការ​រីក​ដុះ​ដាល​ខ្លាំង​​នៃ​អំពើ​ឆបោក អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ តាម​រយៈ​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ លោក ស សុខា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​រដ្ឋបានជួយ​ការពារ​អំពើ​ឆបោក​។ សេចក្ដី​ថ្លែងការណ៍​​សរសេរ​ទៀត​ថា អាជ្ញាធរ​បាន​ចុះ​បង្រ្កាប​មជ្ឈមណ្ឌលឆបោក​ចំនួន​១៨​កន្លែង បាន​បណ្ដេញ​ជនបរទេស​ចេញ​ពី​ប្រទេស​ចំនួន​៣ ៧០០​នាក់មកពី​ប្រទេស​ចំនួន​១៦ និង​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលាការ​ចំនួន​៧៦​នាក់ គិត​តាំង​ពី​ឆ្នាំ២០២៤​ មក​។​

លោក ស សុខា ជាបុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​២៨​នាក់ ដែល​របាយការណ៍​បាន​លើក​ឈ្មោះ និង​ចង់​ឲ្យ​មាន​ទណ្ឌកម្ម និង​វិធានការ​ផ្សេងៗទៀត​។

របាយការណ៍​ក៏បាន​លើក​ឡើង​ដែរថា កន្លង​មក​មាន​ការ​ព្រួយបារម្ភ​​ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​មិនបាន​ច្បាស់​លាស់ពេល​ចុះ​បង្ក្រាប​ម្ដងៗនៅ​មជ្ឈមណ្ឌល​ឆបោក ថា អ្នក​ណា​ខ្លះ​ជា​ជនរងគ្រោះ​នៃអំពើ​ឆបោក​ទាំង​នោះ​។​

លោក Jacob Sims បាន​រិះគន់​មន្ត្រី​រដ្ឋាភិ​បាល​ថា ​បាន​បង្វែរការជួញដូ​មនុស្សថាជា «ជម្លោះ​ការងារ» ហើយ​បាន​ច្រានចោល​ការអះអាង​របស់ជន​រងគ្រោះ ដោយ​ថា​អ្នក​ទាំង​នោះ «កុហក់» ឬ «គ្រាន់តែ​ចង់​បាន​ចំណាប់អារម្មណ៍»។​

លោកបន្ត​ថា៖ «​រដ្ឋាភិ​បាល​ពិតជា​សកម្ម ប៉ុន្តែ​គឺ​សកម្ម​ក្នុងការការពារ​ឧស្សាហកម្ម​ឆបោក​ទាំងនោះ និង​បង្វែរសម្ពាធ​របស់​អន្តរជាតិ​​»។​

លោក​បន្ថែមថា៖ «​មិនមាន​កំណែទម្រង់ត្រឹមត្រូវ​អ្វីទេ។ ​សកម្មភាព​របស់​រដ្ឋាភិបាល​មក​ដល់ពេល​នេះ គឺគាំទ្រ​ចំណុច​គន្លឹះ​របស់​របាយការណ៍​៖ ឧស្សាហកម្មឆបោក​នៅ​កម្ពុជាកំពុង​រីក​កាន់តែធំ ហើយ​គណបក្សកាន់អំណាចមានការជាប់ពាក់ព័ន្ធយ៉ាង​ខ្លាំង ដែល​មិន​អាច​បញ្ឈប់​បាន​ លើក​លែង​តែមាន​ការ​ដាក់សម្ពាធ និង​ការ​ជំរុញ​បន្ថែម»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Researcher’s Report Names 28 for Sanctions Over Ruling Party Scam Links; Govt Denies

109 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម