សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រេសិតអង្គការសហប្រជាជាតិ អំពាវនាវឲ្យរដ្ឋាភិបាលកែទម្រង់សេចក្តីព្រាងច្បាប់ការពារជនពិការ

ស្រ្តីជនពិការម្នាក់សម្រាកលើរទេះខ្លួននៅតំបន់មាត់ទន្លេក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីជនពិការម្នាក់សម្រាកលើរទេះខ្លួននៅតំបន់មាត់ទន្លេក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិពីររូបបានបង្ហាញការព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់លើសិទ្ធិជនពិការនៅកម្ពុជា ដោយនិយាយថា សេចក្តីព្រាងច្បាប់នេះមិនស្របតាមបទដ្ឋានអន្តរជាតិ។

ជិតពីរឆ្នាំនៅក្នុងដំណើរការដើម្បីអនុម័តចេញជាច្បាប់ពេញលេញ សេចក្តីព្រាងច្បាប់ខាងលើនេះ ផ្តោតបន្ថែមលើច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ ប៉ុន្តែក្រុមអ្នករិះគន់ ដែលរួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស និយាយថា សេចក្តីព្រាងច្បាប់ នេះខកខានក្នុងការបង្ហាញ ពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្កប់នូវភាសាស្រពេចស្រពិល ដោយធ្វើឲ្យមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់ជុំវិញការផាកពិន័យចំពោះការមិនគោរពតាមច្បាប់នេះ។

នៅក្នុងលិខិតរួមមួយចុះកាលកាលបរិច្ឆេទកាលពីថ្ងៃទី២២ ខែមេសា និងត្រូវបាន ចេញផ្សាយកាលពីថ្ងៃអង្គារ ប្រេសិតអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសលើសិទ្ធិជនពិការ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរធ្វើកំណែទម្រង់បន្ថែមលើសេចក្តីព្រាងច្បាប់នេះ។

លិខិតរួមនោះបានសរសេរថា៖ «យើងមានការព្រួយបារម្ភថាសេចក្តីព្រាងច្បាប់ថ្មីនាពេលបច្ចុប្បន្នមិនស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិបានពេញលេញទេ។ យើងបាន មើលឃើញថា ធាតុចូលមួយចំនួន ដែលទទួលបានពីដៃគូភាគី និងដៃគូសហការ រួមមាន ទីភ្នាក់ងារផ្សេងៗរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល មិនត្រូវបានទទួលយកដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ទេ »។

លិខិតនោះបានបន្ថែមថា៖ «យើងមានការព្រួយបារម្ភ ជាពិសេស អំពីការណ៍ដែលសេចក្តីព្រាងច្បាប់ មិនបានរួមបញ្ចូលសិទ្ធិទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ ឬមិនបានបញ្ជាក់ ច្បាស់ពីការទទួលខុសត្រូវរបស់រដ្ឋ ជាអ្នកមានកាតព្វកិច្ចជំរុញការអនុវត្តសិទ្ធិទាំងនោះ»។

នៅក្នុងចំណោមការរិះគន់ដទៃទៀត លិខិតខាងលើក៏បានកត់សម្គាល់ផងដែរថា ផ្នែក ពាក់ព័ន្ធនឹងការផាកពិន័យ «ហាក់ដូចជាមិនបានកំណត់ ប្រកបដោយសមភាព លើអាកប្បកិរិយាមួយចំនួន និងមានផ្ទុកនូវភាសាស្រពេចស្រពិល និងអាចប៉ះពាល់ទៅលើការអនុវត្តច្បាប់នេះ ហើយថែមទាំង អាចបង្កជាផលវិបាក ដោយមិនជួយជ្រោមជ្រែងដល់អ្នកដែលមានបំណងជួយគាំទ្រជនពិការ។ ជាឧទាហរណ៍ មានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះ នឹងដាក់ទោសទណ្ឌមក លើការយល់ខុសលើ ភាសាកាយវិការ ចែងនៅក្នុងមាត្រាទី៦៧ ដែលចាត់គោលដៅលើការប្រើប្រាស់ភាសានេះ ក្នុងចេតនាអាក្រក់ណាមួយ ហើយអាចធ្វើឲ្យការយល់ខុសនេះប្រឈមនឹងទោសទណ្ឌ និងមិនលើកទឹកចិត្តឲ្យមានការប្រើប្រាស់ភាសាកាយវិការជាមួយបុគ្គលគថ្លង់»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅក្រុងញូវយ៉កបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយរិះគន់សេចក្តីព្រាងច្បាប់ខាងលើថា ឈរលើគោលជំហរដូចពីមុន និងអំពាវនាវ ឲ្យមានការកែទម្រង់។

អ្នកស្រី Kriti Sharma អ្នកជំនាញផ្នែកសិទ្ធិជនពិការនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ «ប្រសិនបើច្បាប់នោះត្រូវបានកែប្រែឲ្យត្រូវតាមបទដ្ឋានអន្តរជាតិ រដ្ឋាភិបាលនឹងបានបោះជំហានទៅ មុខយ៉ាងធំមួយ ទៅកាន់ការធានានូវសិទ្ធិប្រកបដោយសមភាព និងការការពារផ្នែក សង្គមយ៉ាងរឹងមាំមួយទៅដល់ជនពិការមួយភាគធំនៅកម្ពុជា»។

អ្នកស្រីបានថ្លែងបន្តថា៖ «កម្ពុជាត្រូវការច្បាប់សិទ្ធិជនពិការជាយូរមកហើយ ប៉ុន្តែសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងត្រូវបោះបង់ចោលនូវភាសារើសអើង និងគាំទ្រសិទ្ធិក្នុងការដាក់បញ្ចូល ជនពិការឲ្យបានពេញលេញទៅក្នុងសង្គម ហើយមិនមែនផាត់ពួកគេចេញទេ»។

យោងទៅតាមលិខិតឆ្លើយតបរបស់ អាន សុខឃឿន ប្រេសិតនិងតំណាងអចិន្រ្តៃយ៍របស់កម្ពុជាទៅកាន់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិនៅឆ្នាំ ២០១២ ហើយចាប់ផ្តើមការកែទម្រង់លើច្បាប់ស្តីពីសិទ្ធិជនពិការ ដោយមានការប្រឹក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យច្បាប់នេះ ស្របតាមអនុសញ្ញាលើសិទ្ធិជនពិការ។

លោកបានសរសេរថា៖ «ភាគីពាក់ព័ន្ធភាគច្រើនពេញចិត្តនឹងវិធានការបែបបើកចំហ រួមបញ្ចូល និងប្រកបដោយតម្លាភាព ដែលរដ្ឋាភិបាលបានធ្វើ និងមាតិកា ទូលំទូលាយនៃសេចក្តីព្រាងច្បាប់នេះ»។

ទោះបីយ៉ាងណាក៏ដោយ លោកមិនឆ្លើយតបនឹងការចោទប្រកាន់ពីការប្រើប្រាស់ភាសាមិនច្បាស់លាស់ ហើយលោកបានថ្លែងការពារការប្រើប្រាស់ការផាកពិន័យដោយនិយាយថា៖ «ច្បាប់នេះត្រូវ ដាក់ទោសទណ្ឌសម្រាប់ការមិនគោរពតាម ប្រសិនបើយើងត្រូវធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព»។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ច្បាប់ស្តីពីសិទ្ធិជនពីការកំពុងស្ថិតនៅក្នុងទម្រង់សេចក្តីព្រាងនៅឡើយ ហើយការកែទម្រង់ ផ្សេងៗនៅតែអាចធ្វើទៅបាន។

លោកបានថ្លែងថា៖ «ដោយសារជំងឺកូវីដ១៩ និងការបិទខ្ទប់របស់រដ្ឋាភិបាល យើងមិនអាចធ្វើអ្វីលើសេចក្តីព្រាងច្បាប់នោះទេ ហើយយើងមិនបានបដិសេធនូវអនុសាសន៍ណាមួយនោះទេ។ ប៉ុន្តែយើងត្រូវពិនិត្យលើស្ថានភាពពិតប្រាកដរបស់យើង។ ខ្ញុំបានស្នើឲ្យក្រុមការងារ បច្ចេកទេសឲ្យ ធ្វើការសម្របសម្រួល និងបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ពីព្រោះវានៅមិនទាន់សម្រេចរួចរាល់នោះទេ»។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ចាន់មករា បានមានប្រសាសន៍ថា រដ្ឋាភិបាលបាន ចំណាយពេលជិតពីរឆ្នាំដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់នេះ និងស្វះស្វែងរកចំណុចរួមបញ្ចូលពេញលេញពីសង្គមស៊ីវិល និងជនពិការ ដើម្បីឲ្យស្រប
លោកបានថ្លែងថា៖ «យើងតាក់តែងច្បាប់នេះដើម្បីបម្រើប្រយោជន៍ដល់ជនពិការ មិនមែនសម្លាប់ពួកគាត់នោះទេ ច្បាប់នេះបម្រើពួកគេតាំងពីពេលពួកគាត់ក្រោកពីដំណេក រហូតដល់ពេលពួក គាត់ចូលដំណេកវិញ»។

យោងទៅតាមលោក ចាន់មករា នាពេលបច្ចុប្បន្ន មានមនុស្សជាង ៥០ម៉ឺននាក់ ដែលមានពិការភាពនៅកម្ពុជា។

នាយិកាអង្គការជនពិការកម្ពុជា អ្នកស្រី ម៉ាក់ ម៉ូនីកា ដែលចូលរួមក្នុងការពិភាក្សាលើ សេចក្តីព្រាងច្បាប់នេះ បាននិយាយថា ជនពិការជាក្រុមងាយរងគ្រោះ និងថាពួកគេប្រឈមមុខ នឹងការរើសអើង នៅកន្លែងធ្វើការ។

អ្នកស្រីបានថ្លែងថា៖ «និយោជកមួយចំនួន នៅតែរើសអើងនឹងជនពិការពាក់ព័ន្ធ នឹងការផ្តល់ការងារ ដោយសពួកគេនៅតែគិតថាជនពិការមិនមានសមត្ថភាព ឬមិនអាច ធ្វើការដោយឯករាជ្យខ្លួនឯងបាន ជាពិសេសនៅក្នុងវិស័យឯកជន»។

អ្នកស្រីម៉ូនីកា បានបន្តថាជំនួយជាបន្ទាន់គឺត្រូវការដាក់បញ្ចូលជា ចាំបាច់ទៅក្នុង សេចក្តីព្រាងច្បាប់ ដើម្បីជួយគាំទ្រជនពិការនៅពេលមានវិបត្តិផ្សេងៗដូចជា ជំងឺកូវីដ១៩។

អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនច្បាស់ថាតើដំណោះស្រាយ ភ្លាមៗនឹងត្រូវដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងច្បាប់ឬអត់នោះទេ។ ប៉ុន្តែយើងចង់បាននូវដំណោះស្រាយភ្លាមៗ ដើម្បីទទួលបានជំនួយពីរដ្ឋាភិបាល ពីព្រោះនៅពេលអនាគត យើងមិនដឹងថានឹងមានគ្រោះមហន្តរាយអ្វីដែលនឹងអាចកើតឡើងទៀតនោះទេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN envoys call on government to revise draft disabilities protection law

243 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម