អាជីវករជួលសម្លៀកបំពាក់ប្រពៃណីនៅតំបន់អង្គរអះអាងថា ពួកគេចង់យកផលិតផលក្នុងស្រុកជួលឱ្យភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីស្នាដៃខ្មែរ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺផលិតផលក្នុងស្រុកថ្លៃខ្ពស់ពេក។
តាមការអះអាងរបស់អាជីវករ និងអ្នកធ្វើការងារផ្នែកផលិតសម្លៀកបំពាក់ប្រពៃណីអះអាងថា សម្លៀកបំពាក់ និងគ្រឿងតុបតែងផ្សេងទៀតដែលកំពុងជួល និងលក់នៅតំបន់អង្គរគឺភាគច្រើនលើសលប់នាំចូលពីក្រៅប្រទេសដែលភាគច្រើននាំចូលពីចិន ថៃ និងវៀតណាម។
ស្ថាបនិកសហគមន៍កីខ្មែរ លោក ផេង សុផល ថ្លែងថា ផលិតផលហូល និងសម្ភារៈតែងបែបបុរាណជាច្រើនត្រូវបាននាំចូលពីប្រទេសចិនយកមកប្រើប្រាស់នៅកម្ពុជា ហើយផ្សព្វផ្សាយថា យកពីបណ្តាប្រទេសផ្សេងនៅអឺរ៉ុប។
លោក ផេង សុផល៖ «រាល់ថ្ងៃហ្នឹងចិនអ្នកធ្វើតើស ហូលអ៊ីតាលី ហូលបារាំង ហូលជប៉ុនអីណា ចេញមកអស់អាលីងហើយ។ នាំចូលពីចិន ប៉ុន្តែខ្មែរយើង ចូលចិត្តបោកគ្នាឯង អត់ហ៊ានថា នាំចូលពីចិនទេ ព្រោះថាពីចិនអត់មានអ្នកទិញ។ ដល់ចឹងទៅនាំគ្នាថា ហូលអ៊ីតាលី តើអ៊ីតាលីឯណាផលិតហូលយកមកលក់ថោកម្លេះ»។
អ្នកស្រី អឿន ចិន្តា អ្នកជួលសម្លៀកបំពាក់ប្រពៃណីនៅតំបន់អង្គរថ្លែងថា កន្លែងគាត់ប្រើប្រាស់ផលិតផលខ្មែរជាទូទៅ ហើយនៅពេលដែលមានភ្ញៀវច្រើនពិសេសថ្ងៃបុណ្យគាត់ត្រូវប្រើផលិតផលនាំចូលខ្លះ។
អ្នកស្រីបន្តថា មូលហេតុដែលអ្នកជួលសម្លៀកបំពាក់នៅតំបន់អង្គរប្រើប្រាស់ផលិតផលនាំចូល ដោយសារតែផលិតផលនាំចូលមានតម្លៃទាប។
អ្នកស្រី អឿន ចិន្តា បន្តថា៖ «វាថ្លៃណាស់បងឯងអើយ ថ្លៃណាស់ថ្លៃគុណជា៣។ បងឯងគ្រាន់តែខ្សែឈាងខ្ញុំទិញចូល១ខ្សែ២៥ដុល្លារ បើនាំចូលធូរថ្លៃជាង៣ដងគឺតែ៦ឬ៧ដុល្លារប៉ុណ្ណោះ»។
អ្នកស្រីអះអាងថា កន្លែងគាត់បើកមុនគេគឺតាំងពីអំឡុងពេលកូវីដ ហើយមានដើមទុន បូករួមទាំងមានការយល់ដឹងច្រើនទើបគាត់ព្យាយាមទិញផលិតផលខ្មែរមកប្រើសម្រាប់ជួលឱ្យភ្ញៀវ។
អ្នកស្រី ខាត់ ដានី អ្នកជួលសម្លៀកបំពាក់តំបន់អង្គរម្នាក់ទៀតថ្លែងថា មូលហេតុដែលពិបាកទិញផលិតផលខ្មែរដែលផលិតតាមបែបបុរាណគឺមានតម្លៃខ្ពស់ហើយពិបាកទុកដាក់ទៀតផង។
អ្នកស្រី ខាត់ ដានី ឱ្យដឹងថា៖ «បើយើងទិញហូលខ្មែរយើងសុទ្ធ១ក្បិនដល់ទៅ២ទៅ៣រយដុល្លារយើងជួលម៉េចចំណេញ ថ្លៃហើយពិបាកថែ»។
អ្នកស្រី ខាត់ ដានី បញ្ជាក់ថា រូបគាត់មិនដឹងប្រភពផលិតផលរោងចក្រទាំងនោះផលិតនៅប្រទេសណាទេ ប៉ុន្តែគាត់ថា រចនាបថនៅលើផលិតផលទាំងនោះគឺជារបស់ខ្មែរមួយរយភាគរយ។
អ្នកស្រី អឿង រដ្ឋា អ្នកប្រកបរបរជួលសម្លៀកបំពាក់ម្នាក់ទៀតនៅតំបន់អង្គរថ្លែងប្រហាក់ប្រហែលជាមួយអ្នកផ្សេងទៀតដែរគឺថា បញ្ហាដែលគាត់ប្រើប្រាស់ផលិតផលនាំចូលច្រើនជាងរបស់ខ្មែរផលិតដោយសារតែបញ្ហាតម្លៃ។
អ្នកស្រី អឿង រដ្ឋា បញ្ជាក់ថា៖ «របស់នាំចូលច្រើនជាងរបស់ខ្មែរ ដោយសាររបស់ខ្មែរយើងវាថ្លៃ ដូចដឹងច្បាស់ហើយខ្សែក្រវ៉ាត់២គូអីជាង៣០០ក៏មាន។ បើរបស់ថៃ មិនមែនរបស់ថៃផ្ទាល់ទេការពិតរបស់ចិនហ្នឹងឯង យើងនាំចូលមកប្រើមួយឆាវចឹងយើងប្រើហើយក៏បោះចោលទៅតម្លៃក៏ធូរថ្លៃដែរ»។
អ្នកស្រី អឿង រដ្ឋា ថ្លែងថា ជាអារម្មណ៍គាត់ផ្ទាល់ចង់បានផលិតខ្មែរមកប្រើ ដើម្បីលើកកម្ពស់វប្បធម៌ជាតិ។
អ្នកស្រី អឿង រដ្ឋាបញ្ជាក់ថា៖ «ចង់បានដូចតែគ្នាហ្នឹង អូនអើយ យើងចង់លើកស្ទួយវប្បធម៌ខ្មែរយើង»។
អាជីវករទាំងនេះលើកឡើងថា ពួកគេជួលបានក្នុងភ្ញៀវម្នាក់តែចន្លោះ២ម៉ឺនរៀលទៅ៣ម៉ឺនរៀលតែប៉ុណ្ណោះ ក្នុងការស្លៀកពាក់ម្តង ដូច្នេះពួកគាត់មិនអាចទិញផលិតផលខ្មែរផលិតតាមបែបបុរាណមានតម្លៃខ្ពស់មកជួលបានទេ។
យុវជន ឈុន ចន្ត្រា ដែលតែងតែនាំមិត្តភ័ក្តិទៅជួលសម្លៀកបំពាក់ប្រពៃណីដើម្បីស្លៀកថតនៅតំបន់ប្រាសាទថ្លែងថា រូបលោកចង់ឱ្យមានរបស់ខ្មែរច្រើនដើម្បីឱ្យបរទេសស្គាល់បែបបទរចនាបថរបស់ខ្មែរ។
លោក ឈុន ចន្ត្រា បន្ថែមថា៖ «ការប្រើប្រាស់អ្វីដែលជារបស់ខ្មែរខ្ញុំសប្បាយចិត្តប្រើ។ ខ្ញុំចង់ឱ្យគេឃើញការស្លៀកពាក់គេដឹងថាជារបស់ខ្មែរ។ នេះជាការដែលខ្ញុំស្រលាញ់ ហើយការនាំចូលច្រើនខ្ញុំអត់សប្បាយចិត្ត»។
ការដែលស្លៀកពាក់ថតចែករំលែកនោះយុវជនរូបនេះចង់ឱ្យក្មេងជំនាន់ក្រោយស្គាល់អ្វីដែលជាផលិតផលខ្មែរឬអត្តសញ្ញាណខ្មែរ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏កត់សម្គាល់ឃើញថា សម្លៀកបំពាក់ប្រពៃណីប្រើនៅកម្ពុជា រួមទាំងនៅកន្លែងជួលថតនៅតំបន់អង្គរជាផលិតផលនាំចូលច្រើនជាងផលិតផលនៅក្នុងស្រុក។
អ្នកស្រី លើកឡើងថា ផលិតផលនាំចូលមិនសូវស្អាត មិនបានបង្ហាញពីម៉ូត ឬ រចនាបថរបស់កម្ពុជា។
អ្នកស្រី ស៊ីវលីន ថ្លែងថា៖«វាអត់សូវស្អាត កាលណាអត់សូវស្អាតចឹងក៏អត់សូវមានការចាប់អារម្មណ៍ចឹងដែរថា សម្លៀកបំពាក់ប្រពៃណីរបស់កម្ពុជាយើងហ្នឹងវាដូចជាមិនសូវស្អាតដូចជា កក្លិកក្លាក់»។
អ្នកស្រីអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់គិតលើបញ្ហានេះ ព្រោះកាលដែលភ្ញៀវទេសចរថតរូបហើយផ្សព្វផ្សាយ ឃើញភាពមិនស្អាត ឬ មិនសមស្របនេះ ធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិនឆ្លើយលើបញ្ហានេះទេដោយ ប្រាប់ឱ្យសួរទៅអាជ្ញាធរអប្សរាវិញ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ពន្យល់ថា ការនាំចូលច្រើន ឬ តិចគឺជារឿងធម្មតា ព្រោះកម្ពុជាអនុវត្តទីផ្សារពាណិជ្ជកម្មសេរី។
លោក ឡុង កុសល មានប្រសាសន៍ថា៖ «បើនិយាយពីការនាំចូលហ្នឹងវាមិនខ្វះទេ វាត្រឹមត្រូវហើយ ព្រោះយើងដឹងអីវ៉ែអីវ៉ាន់ សម្ភារៈជាច្រើនដែលត្រូវនាំចូល ប៉ុន្តែគ្រាន់តែថា យើងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។ អាហ្នឹងជារឿងសំខាន់ ឧទាហរណ៍យើងកុំទៅថា រឿងហ្នឹង របរម្ហូបអាហារ របរហូបចុកជាដើម ជាពាណិជ្ជកម្មសេរី ហាមឃាត់មិនឱ្យយកចូលក៏វាមិនកើត យើងក៏ខ្វះខាតយល់ទេអូន?»។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លើកឡើងថា ការមិនមានវិធានការដោះស្រាយបញ្ហានាំចូលផលិតផលផ្សេងៗ រួមទាំងផលិតផលវប្បធម៌នេះ ពិតជាអាចប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលពលរដ្ឋនៅក្នុងស្រុក។
លោក ទូច កុសល បន្ថែមថា៖ «កាលណាមានការនាំចូលហ្នឹងការផលិត ការធ្វើ ឬ កាត់សម្លៀកបំពាក់នៅក្នុងស្រុកហ្នឹងវាថយ ចឹងក៏មានផលប៉ះពាល់ដែរ»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក អ៊ុំ សុថា បញ្ជាក់ថា បញ្ហានាំចូលផលិតផលិតបង្ហាញពីសម្បត្តិវប្បធម៌ខ្មែរនេះលោកមិនបានដឹងទេព្រោះលោកទទួលខុសត្រូវតែផ្នែកទឹកស្អាត។
ចំណែកលោក សឺន សុថា នាយកខុទ្ទកាល័យ និងជាអគ្គនាយកកិច្ចការទូទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏មិនឆ្លើយលើបញ្ហានេះដែរ ដោយលោកបញ្ជាក់ថា ទាល់តែមានការអនុញ្ញាតពីថ្នាក់លើទើបលោកហ៊ាននិយាយ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា លោកមិនបានដឹងព័ត៌មានជុំវិញការនាំសម្លៀកបំពាក់ឬសម្ភារៈផ្សេងៗដែលបង្ហាញពីវប្បធម៌ខ្មែរជួលនៅតំបន់អង្គរទេ។ ទោះយ៉ាងណាលោកថា បើមាននាំចូលក៏មិនជាបញ្ហាដែរឱ្យតែម៉ូតជារបស់ខ្មែរ។
លោក តុប សុភ័ក បន្តទៀតថា៖ «ឱ្យតែមានអត្តសញ្ញាណជាខ្មែរទៅ អាហ្នឹងវាបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហើយ ទោះជាមានការនាំចូលក្តីតែឱ្យវាស្ថិតនៅក្នុងទម្រង់របស់ខ្មែរ កុំឱ្យវាខុសទម្រង់ដើមរបស់ខ្មែរ នេះជាការយល់ឃើញរបស់ខ្ញុំ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ពន្យល់តាមគោលការណ៍ពាណិជ្ជកម្មសេរីថា កម្ពុជាមិនអាចបិទការនាំទំនិញស្របច្បាប់ចូលបានទេ។
លោក ស៊ាង ថៃ មានប្រសាសន៍ថា៖ «ក្នុងសេដ្ឋកិច្ចទីផ្សារសេរី គ្រប់ប្រទេសទាំងអស់មិនអាចបិទមិនឱ្យគេនាំចូលទំនិញស្របច្បាប់មកក្នុងប្រទេសនោះទេ លើកលែងតែទំនិញហាមឃាត់ និងទំនិញដែលបង្កផលប៉ះពាល់ដល់សន្តិសុខ វប្បធម៌ សុខភាពមនុស្ស សត្វ។ សម្លៀកបំពាក់ និងគ្រឿងតុបតែងបែបប្រពៃណី (តាមការអះអាងខាងលើ) មិនមែនជាទំនិញហាមឃាត់នោះទេ»។
លោក ស៊ាង ថៃ ឱ្យដឹងទៀតថាក្រសួងក៏បានប្រឹងប្រែងរៀបចំយុទ្ធនាការទិញផលិតផលក្នុងស្រុក១ឆ្នាំ៦ទៅ៧ដងនៅទូទាំងប្រទេសតាមរយៈការរៀបចំតាំងពិពណ៌ផលិតផលខ្មែរឱ្យមហាជនបានស្គាល់ និងទិញយកទៅប្រើប្រាស់។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរី យល់ថា ហូល ឬ សម្ភារៈផ្សេងទៀតដែលបញ្ជាក់ពីវប្បធម៌ខ្មែរដែលនាំចូលពីក្រៅប្រទេសនោះ មិនប៉ះពាល់វប្បធម៌ទេ ឱ្យតែផលិតផលនោះផលិតត្រឹមត្រូវតាមអត្តសញ្ញាណវប្បធម៌ខ្មែរ។
លោក ឡុង ប៉ុណ្ណាស៊ីរី ឱ្យដឹងថា៖ «ន័យយើងគឺយើងចង់ឱ្យគេរក្សាប្រពៃណីយើង ហើយនិងទម្រង់មិនចឹងប្អូន? អ្វីដែលល្អ អ្វីដែលសារធាតុដើមយើងនៅតែមានយើងអត់ឱ្យលុបបំបាត់ចោលឯណា? ចុះបើគេផលិតរបស់មួយច្រលិះគ្នាហើយតម្លៃធូរប៉ុន្តែវាចេញជាហូលជាអ៊ីចឹងដែរ ប្អូនវិញបងសួរថា ខុសឬអីអាហ្នឹង?»។
ទោះយ៉ាងណាឡុង ប៉ុណ្ណាស៊ីរី បញ្ជាក់ថា រដ្ឋាភិបាលនៅតែជំរុញលើកទឹកចិត្តការផលិតនៅក្នុងស្រុកសម្រាប់អ្នកមានលទ្ធភាពប្រើប្រាស់ ហើយការនាំចូលក៏ជាផ្នែកមួយដែលជួយសម្រាលដល់អ្នកមានជីវភាពមិនសូវធូរធារ។
បើទោះជាមន្ត្រីពាក់ព័ន្ធអះអាងថា ការនាំចូលផលិតផលប្រពៃណីខ្មែរពីបរទេសមិនប៉ះពាល់ក៏ដោយ ប៉ុន្តែសម្រាប់ស្ថាបនិកសហគមន៍កីខ្មែរ លោក ផេង សុផល យល់ថា ផលិតផលអត្តសញ្ញាណខ្មែរឱ្យបរទេសផលិតចៀសមិនផុតពីផលប៉ះពាល់ទេ។
លោក ផេង សុផល បន្ថែមថា៖ «អ្វីដែលជាអត្តសញ្ញាណខ្មែរកុំឱ្យមានការនាំចូលពីក្រៅមក បើនាំចូលទម្រង់បែបបទម៉េចកុំឱ្យដូចជារបស់ខ្មែរ។ ព្រោះធម្មតាយកគោមរបស់ខ្មែរទៅផលិតនៅខាងក្រៅហើយយកមកលក់ឱ្យខ្មែរវិញ ហើយយើងអត់មានវិធានការទប់ស្កាត់ អាហ្នឹងវាប៉ះទៅនឹងវប្បធម៌ប្រពៃណីយើង ដែលជាម៉ូតរបស់យើងឱ្យគេផលិតហើយយកមកលក់ឱ្យយើង»៕