រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី បានជំរុញបង្កើនផលិតផលក្នុងស្រុក ដើម្បីផ្លាស់ប្តូរច្រវាក់ផ្គត់ផ្គង់ ខណ:កម្ពុជាមានតម្រូវការកើនឡើង ក្រោយពីមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយដកស្រង់ប្រសាសន៍របស់ លោក ហែម វណ្ណឌី កាលពីថ្ងៃទី៤ ខែសីហា ថា ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាឱកាសល្អសម្រាប់អ្នកផលិតក្នុងស្រុកបង្ហាញសមត្ថភាព។
លោកបន្តថា ក្រសួងនឹងប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងវិស័យ SME ដើម្បីបង្កើនផលិតផលក្នុងស្រុកផងដែរ។
លោក ហែម វណ្ណឌី បានថ្លែងថា៖ «យើងមិនត្រឹមតែត្រូវផលិតឱ្យបានច្រើនប៉ុណ្ណោះទេ តែត្រូវផលិតឱ្យបានកាន់តែល្អប្រសើរ ដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីប្រកួតប្រជែងបាន ទំនិញរបស់យើងត្រូវតែមានស្តង់ដាគុណភាព និងសុវត្ថិភាព»។
បើតាមលោក ហែម វណ្ណឌី ការផ្គត់ផ្គង់វត្ថុធាតុដើម ការកែច្នៃ រហូតដល់សេវាកម្មឡូជីស្ទិក ព្រមទាំងការធានានូវគុណភាព និងលទ្ធភាពនាំចូលមានភាពចាំបាច់ណាស់សម្រាប់កម្ពុជា ខណ:រដ្ឋាភិបាលបាន និងកំពុងចាត់វិធានការកែសម្រួលច្បាប់ បទប្បញ្ញត្តិ និងផ្តល់ការលើកលែងផ្សេងៗ រួមបញ្ចូលទាំងអត្ថប្រយោជន៍។ ប៉ុន្តែវិស័យឯកជនក៏ត្រូវមានភាពសកម្មដោយខ្លួនឯង តាមរយ:ខិតខំពង្រីកផលិតកម្មដើម្បីចាប់ឱកាស និងបង្កើតការងារសម្រាប់ពលករ ជាពិសេស ពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
កាលពីថ្ងៃទី១៦ ខែមិថុនា ប្រធានព្រឹទ្ធសភាកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ លោក ហ៊ុន សែន បានប្រកាសដាក់ឱសានវាទ២៤ម៉ោង ឱ្យទាហានថៃបើកច្រកព្រំដែនដូចដើម ប៉ុន្តែអាជ្ញាធរថៃបដិសេធ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ទើបគេឃើញ ស្ថាប័នគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីប្រកាសជុំវិញការបិទខ្ទប់ទាំងស្រុង ដោយហាមនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ ក្រោយស្ថានភាពតានតឹងរវាងគ្នា។
ឆ្លើយតបរឿងនេះ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME) លោក តែ តាំងប៉ ប្រាប់ សារព័ត៌ខេមបូចា នៅថ្ងៃទី៧ ខែសីហា ថា បច្ចុប្បន្ននេះ ស្ថានភាពទំនិញក្នុងស្រុកបានហក់ឡើងខ្ពស់យ៉ាងសម្បើម ដែលបណ្តាឱ្យក្រុមហ៊ុន សហគ្រាសធុនតូច ធុនធំ ចាប់ផ្តើមពង្រីកផលិតកម្មរបស់ខ្លួនបណ្តើរៗ ហើយលោកចាត់ទុកថា ជាសញ្ញាល្អដល់កម្ពុជា។ ប្រការនេះ លោកដាក់ការព្យាករណ៍ថា ទំហំផលិតផលក្នុងស្រុកអាចនឹងកើនឡើងគុណបី ទៅបួនដងនៃផលិតផលសម្រេចពីមុន។
លោក តែ តាំងប៉ បានលើកឡើងថា៖ «ចាប់តាំងពីបិទទំនិញនាំចូលពីថៃរួចមក ខ្ញុំមើលឃើញថា ផលិតផលក្នុងស្រុកមានស្ថានភាពល្អប្រសើរជាងមុន ផលិតច្រើនជាងមុន គាំទ្រច្រើនជាមុននឹកស្មានមិនដល់ ទាំងទំនិញឧស្សាហកម្ម វាយណភណ្ឌ គ្រឿងសម្អាង អគ្គិសនី កសិកម្ម ឥណទាន ភេសជ្ជ: ចំណីអាហារជាដើម ដែលកាលពីមុនពុំសូវមានអ្នកគាំទ្រ ដោយសារពលរដ្ឋរសនិយមទំនិញមកពីក្រៅ»។

ជាមួយគ្នានេះ នាយកប្រតិបត្តិសហគ្រាស ស្រ៊ុន ឆ្លាត ខេមបូ អេហ្រ្គីប៊ីហ្សនេស(SRUN CHHLAT CAMBO AGRIBUSNESS) លោក ខុន លាងហេង លើកឡើងដែរថា សព្វថ្ងៃ សគ្រាសលោកអាចផ្តល់ការផ្គង់ផ្គង់ក្នុងស្រុកច្រើនសមរម្យ រីឯវត្ថុធាតុដើមក៏សុទ្ធសឹងនាំចូល និងប្រមូលទិញពីកសិករខ្មែរ ពោលគឺ សហគ្រាសមានសមត្ថភាពផលិតចន្លោះពី៤ពាន់ ទៅជាង៥ពាន់ដប ក្នុងមួយថ្ងៃ រួមមាន ប្រេងកូឡា ប្រេងខ្យល់ ប្រេងរឹតសរសៃ និងស្ព្រៃបាញ់ការពារមូស ជាដើម។
លោក លាងហេង បានបន្តថា៖ «ប្រសិនបើករណីមានតម្រូវការថែម តម្រូវការកើនឡើង ខ្ញុំនឹងពង្រីកទំហំអាជីវកម្ម ច្រវាក់ផលិតផល ព្រោះដោយសារបរិមាណវត្ថុធាតុដើមពីខាងសហគមន៍ តាមខេត្ត ខាងអី វានៅមានច្រើនទៀតណាស់ ដែលពួកខ្ញុំយកមកពីគាត់ ទទួលទិញពីគាត់ក្នុងភាគរយតិចតួចនៅឡើយ»។
ទន្ទឹមនឹងភាពរលូន សម្រាប់លោក លាងហេង ការចាយទុននៅតែជាឧបសគ្គបង្កការលំបាក ដោយសារត្រូវចំណាយលើបុគ្គលិក ច្រវាក់ផលិតកម្ម និងវត្ថុធាតុដើមប្រតិបត្តិការនានា។ លើសពីនេះ ការស្វែងរកទីផ្សារបានជួបនូវឧបសគ្គពីសំណាក់អតិថិជនមិនជឿទុកចិត្តញឹកញាប់ ក៏ប៉ុន្តែ រាប់ចាប់តាំងពីមានជម្លោះប្រដាប់អាវុធរវាងខ្មែរ-ថៃរួចមក សហគ្រាសហាក់មានទីផ្សារល្អប្រសើរ លំនឹងជាមុន ដោយសារពលរដ្ឋរាប់ពាន់នាក់ងាកមកគាំទ្រ ប្រើប្រាស់ ដែលលោកចាត់ទុកថា ជាឱកាសដ៏ធំសម្រាប់ពង្រីក និងពង្រឹងប្រកបដោយកម្លាំងចិត្ត។
មិនខុសគ្នាប៉ុន្មាន អគ្គនាយកក្រុម ហ៊ុយយន់អេហ្គ្រីខលឈ័រ (Hoy Yun Agriculture) លោក យន់ សុផាត អះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនលោកមានលទ្ធភាពផលិតច្រវាក់ផលិតកម្មមួយថ្ងៃ១០០តោនសម្រាប់ជីគ្រាប់ និង១០០កេសសម្រាប់ជីទឹក រួមជាមួយ ម្សៅអង្ករកសិកម្មជាង១០០តោនដែរ។
លោក យន់ សុផាត បានបន្ថែមថា៖ «ឧបសគ្គខ្ញុំមានខ្លះៗសម្រាប់លុយជំពាក់ពីខាងដេប៉ូ ហើយតម្រូវការទីផ្សារបច្ចុប្បន្នខ្ញុំឃើញមានច្រើនមែនទែន សូម្បីខាងខ្ញុំផលិតប៉ុន្មានគឺអស់ប៉ុណ្ណឹងអត់មានស្តុកទេ»។
រីឯម្ចាស់អាជីវកររសជាតិកសិករខ្មែរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ពត ជីវ័ន្ត ក៏លើកឡើង និងភ្ងាក់ផ្អើលពីតម្រូវការក្នុងស្រុកដូចលោក យន់ សុផាត។ ក្នុងនោះ លោកមានលទ្ធភាពនាំចេញមួយថ្ងៃចន្លោះពី១០០គីឡូក្រាម ទៅ ជាង២០០គីឡូក្រាម សម្រាប់នំស្រួយដូចជា ចេកឆាប ដំឡូងឆាប ម្ទេសបំពង សាប៊ូលាងចាន ចាហួយផ្លែឈើ នំល្ពៅ និងនំផ្លែឈើតាមរដូវកាល។
លោក ពត ជីវ័ន្ត បាននិយាយថា៖ «នំខ្ញុំផ្ទុះខ្លាំង គឺមុនចូលឆ្នាំ បន្ទាប់មកខាងសាលាគេស្នើយកទៅលក់ក្នុងសាលាឱ្យសិស្ស និងម៉ូយតាមខេត្តកាត់ស្តុក ហើយស្ថានភាពឥលូវខ្ញុំសម្រុកធ្វើទុកច្រើន ព្រោះច្ចុប្បន្នមានការងាយស្រួលច្រើន ខ្ញុំផលិតច្រើន បើធៀបពីមុនសង្គ្រាម ព្រោះបច្ចុប្បន្នខ្ញុំលក់បានកើនមែនទែន»។
ឆ្លើយតបកំណើនខាងលើ យុវជនខេត្តឧត្តរមានជ័យ លោក ឆេន សំអឿន ស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរពង្រីកផលិតផលជំនួសអីវ៉ាន់ថៃកន្លងមកផងដែរ ដូចជា មី ត្រីខ សាប៊ូ ថ្នាំដុសធ្មេញ ទឹកដោះគោ និងកូកាកូឡា។
លោក ឆេន សំអឿន ឱ្យដឹងថា៖ «ខ្មែរខ្វះខាតត្រូវបង្កើនការផលិតក្នុងស្រុកបន្ថែម បើផលិតបានច្រើននឹងកាត់បន្ថយការនាំចូល ងាយស្រួលដឹកជញ្ជូនក្នុងស្រុក និងតម្លៃទាបជាងផលិតផលនាំចូលពីថៃ ហើយខ្ញុំពីមុនក៏ជាអ្នកគាំទ្ររបស់ថៃច្រើនដែរ ព្រោះរបស់គេមានគុណភាពល្អជាង»។
ជុំវិញរឿងនេះ លោក ហុង វណ្ណ: អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា ជាទូទៅគោលនយោបាយផលិត ឬជំរុញបង្កើនផលិតផលក្នុងស្រុក គឺជាគោលនយោបាយមួយដែលប្រទេសជាតិទូទៅត្រូវតែគិតគូរ ដោយឡែកកម្ពុជា ក៏រដ្ឋាភិបាលបានគិតគូរឱ្យមានច្បាប់ប្រាកដប្រជាដែរ។ ម្យ៉ាងទៀត ស្របពេលកាល:ទេស:កម្ពុជាកំពុងមានវិបត្តិជាមួយប្រទេសថៃ ប្រសិនបើផលិតបានដោយខ្លួនឯង ទ្រទ្រង់ខ្លួនរួច ហើយឈានដល់ការនាំចេញទៀតនោះ វាជាភាពប្រសើរណាស់។
លោក ហុង វណ្ណ: បានថ្លែងថា៖ «កន្លងទៅខ្ញុំតាមដានដែរទៅលើកម្លាំង SME គឺឃើញមានដំណើរការដែរ តែមិនទាន់គ្រប់គ្រាន់ ពិសេស ផ្សារធុនធ្ងន់SME មែនទែនទៅយើងខ្វះខាតទំនិញប្រើប្រាស់ប្រចាំថ្ងៃ ពិសេសគ្រឿងសំណង់ គ្រឿងបរិភោគកែច្នៃ សម្ភារ:ប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរជាដើម គឺកង្វះខាតច្រើនមែនទែនសម្រាប់កម្ពុជាយើង ខ្ញុំចង់ឱ្យរដ្ឋាភិបាលជំរុញសហគ្រិនបង្កើតឱ្យកាន់តែសម្បូរបែប ពិសេសចំណីអាហារកង្វះខ្ពស់ដែរ»។
កង្វះខាតម្តងនេះ អាចជាឱកាស និងបទពិសោធន៍ ក៏ដូចមេរៀនសម្រាប់កម្ពុជា ដែលគួរតាមដាន លើកទឹកចិត្ត និងជំរុញការបង្កើតសិប្បកម្ម ឧស្សាហកម្ម ដែលកម្ពុជាមានកន្លងមក ដើម្បីធានាការផ្គត់ផ្គង់ទៅអនាគតផង និងបញ្ចូលអត្តសញ្ញាណជាតិផង ផ្សព្វផ្សាយយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលយកបាន ជំនួសផលិតផលបរទេស នេះបើផ្អែកតាមការលើកឡើងរបស់លោក ហុង វណ្ណ:។

លទ្ធផលការងារឆ្នាំ២០២៤ ទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វិ.ប.ន.) បង្ហាញថា ក្រសួងចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១ ២៩២ មូលដ្ឋាន ចេញវិញ្ញាបនបត្រដំណើរការចំនួន ១ ០៥២ មូលដ្ឋាន បន្តចំនួន ១ ៣៣៨ និងបិទចំនួន ១ ៩៥០ មូលដ្ឋាន ខណ:ដំណាច់ឆ្នាំសហគ្រាសធុនតូច និងមធ្យម សិប្បកម្មបង្គរមានសរុបចំនួន ៤៣ ៩៧០ មូលដ្ឋាន (សហគ្រិនស្ត្រី ៨ ៣២៥មូលដ្ឋាន ) និងពលករចំនួន ៤៧៦ ២២៣ នាក់ (ស្ត្រី ១៤៤ ៥៥៩ នាក់)។
ប្រភពក៏បញ្ជាក់ពីតម្លៃបរិមាណផលិតផលក្នុងស្រុកមានចំនួន ៣ ៨៩១ លានដុល្លារសហរដ្ឋអាមេរិក មានការថយចុះចំនួន ២៣៣ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៥,៦៥% បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០២៣។ និងផលិតផលនាំចេញមានចំនួន ១១ ២៥៨ លានដុល្លារសហរដ្ឋអាមេរិក មានការថយចុះចំនួន ៩៨២ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៨,០៣% បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០២៣៕










