សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្ដីបារម្ភពីសុវត្ថិភាពភូមិឃុំកើតឡើងបន្ទាប់ពីអាជីវកម្មល្បែងឡូតូ​រីកសាយទូទាំងប្រទេស

បុរសញៀនល្បែងជាច្រើននាក់កំពុងភ្នាល់ឡួតូក្នុងហាងកាហ្វេមួយកន្លែងជិតផ្សារទួលសំបូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ
បុរសញៀនល្បែងជាច្រើននាក់កំពុងភ្នាល់ឡួតូក្នុងហាងកាហ្វេមួយកន្លែងជិតផ្សារទួលសំបូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

អាជីវកម្មល្បែងឡូតូរីកសាយភាយទូទាំងប្រទេសដែលធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមនិង​ពលរដ្ឋ​បារម្ភថានឹងបណ្តាលឱ្យមានបញ្ហាចោរកម្មនិងអសន្តិសុខសង្គមដែលបង្កឱ្យមានផល​ប៉ះពាល់ដល់គោលនយោបាយសុវត្ថិភាព​ភូមិឃុំដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ពលរដ្ឋមួយចំនួនធ្លាក់ខ្លួនចាញ់និងញៀនល្បែងឡូតូ

ពាក់អាវពណ៌ទឹកប៊ិកសំឡុះខោពណ៌ខ្មៅ ស្បែកជើងប៊ូ អង្គុយក្នុងហាងកាហ្វេមួយកន្លែង​ក្នុង​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បុរសវ័យ២៤ឆ្នាំលោក សេង វាសនា ប្រាប់ថាគាត់ជា​បុគ្គលិក​​​ផ្នែកលក់របស់ក្រុមហ៊ុនឯកជនមួយ។ បឺតទឹកដូងបណ្ដើរ ភ្នែកសំឡឹងមើលកញ្ចក់ឡូតូ​នៅហាងកាហ្វេនោះបណ្ដើរ។ លោក សេង វាសនា​ ប្រាប់ថា គាត់ប៊ិះនឹងបាត់បង់ការងារ ព្រោះតែចាញ់ល្បែងឡូតូនេះពីខែឧសភា។

លោក សេង វាសនា បានបញ្ជាក់ថា៖ «ពីខែ៥ហ្នឹងខ្ញុំចាញ់អស់ជាង៣ពាន់ដុល្លារ។ ដំបូងខ្ញុំ​ចាក់​៥ពាន់ មួយម៉ឺន(រៀល)អីហ្នឹង ចាក់ចុះចាក់ឡើង ចាញ់ខ្លះឈ្នះខ្លះតែតិចៗទេ។ ខ្ញុំចាក់ចាញ់ អស់​បី​រយដុល្លារ ខ្ញុំស្ដាយលុយក៏ចេះតែតាមៗ អស់លុយខ្លួនឯងហើយយកលុយលក់​បាន​(ប្រាក់​ក្រុមហ៊ុន)ទៅចាក់ថែមទៀត»។

លោក សេង វាសនា បន្ថែមថា៖ «ខ្ញុំភ័យណាស់អត់លុយសងក្រុមហ៊ុន។ តែសំណាងល្អមាន​មិត្តភក្ដិគេដឹងគេពន្យល់ ឱ្យខ្ញុំទៅប្រាប់ថៅកែ។ ថៅកែខ្ញុំគាត់ចិត្តល្អគាត់ឱ្យខ្ញុំសងតិចៗ តែខាង​ក្រុមហ៊ុនក៏ផ្អាកលែងឱ្យយើងកាន់លុយដែរ ព្រោះមេគាត់ខ្លាចយើងលេងទៀត»។

នៅរសៀលថ្ងៃ១៣ ខែសីហា នៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មានស្ត្រីវ័យកណ្ដាល ៥នាក់កំពុងអ៊ុតឡូតូ ក្នុងផ្ទះលក់កាហ្វេមួយកន្លែងជាប់ផ្លូវជាតិលេខ២១។ ស្ត្រីម្នាក់ប្រាប់ថា គាត់​​​​​ឈ្នះបាន១០ម៉ឺនរៀល ស្ត្រីម្នាក់ទៀតប្រាប់ថាគាត់ចាញ់អស់៥ម៉ឺនរៀល។ ចំណែកឯបីនាក់​មិនបានប្រាប់ថាចាញ់ប៉ុន្មានឈ្នះប៉ុន្មានទេ ព្រោះពួកគាត់មិនទាន់ឈប់លេង។

បុគ្គលិកក្រុមហ៊ុនឡូតូម្នាក់ដែលកំពុងស៊ីសងក្នុងហាងកាហ្វេនេះ ឈ្មោះ ស្រីនាង ប្រាប់ថា ស្ត្រីទាំងប្រាំនាក់នេះជាម៉ូយប្រចាំរបស់ខ្លួន។

ស្រីនាង៖ «ពួកគាត់មករាល់ថ្ងៃបងអើយ ជួនឈ្នះជួនចាញ់។ រាល់ថ្ងៃគ្នាច្រើន​ដប់ម្ភៃនាក់​ឯណោះ ថ្ងៃនេះបាត់អស់ច្រើន ប្រហែលចាញ់អស់លុយហើយយ៉ាង»។

ស្រីនាង ប្រាប់ថា ចំណូលរបស់ខ្លួនមិនទៀងទេ ថ្ងៃខ្លះចាញ់ថ្ងៃខ្លះឈ្នះតែភាគច្រើន​គាត់​ប្រមូល​ចំណូលបានពីភូមិនេះក្នុងរង្វង់ទឹកប្រាក់ពី២០ទៅ៣០ម៉ឺនរៀល។

នៅរសៀលថ្ងៃទី១៧ខែសីហាក្នុងហាងកាហ្វេមួយបណ្ដោយផ្លូវជាតិលេខ៣ជិតផ្សារ​អង្គតាសោម ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានមនុស្សម្នាប្រុសស្រីជាង​១០នាក់​កំពុងនាំគ្នាលេងល្បែងឡូតូ។ ទូរទស្សន៍បួនគ្រឿងរបស់ក្រុមហ៊ុនឆ្នោតផ្សេងៗគ្នា កំពុងដាក់បញ្ចាំងចេញឆ្នោតឡូតូ រៀងរាល់៣នាទីម្ដង។ ពេលខ្លះអ្នកចាក់ត្រូវស្រែកហោរ​កញ្រ្ជៀវ ពេលខ្លះលឺ សំឡេងដកដង្ហើមធំព្រោះចាញ់ប្រាក់អស់។

នៅផ្សារទួលសំបូរ ជាផ្សារក្រមួន ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទី​តាំង​ល្បែងឡូតូចំនួន៤កន្លែង។ កាលពីថ្ងៃទី១៨ ខែសីហា វេលាម៉ោងជាង១២ថ្ងៃត្រង់ បុរសវ័យ​កណ្ដាល ជិត១០នាក់កំពុងចាក់ឡូតូ ក្នុងហាងកាហ្វេមួយដែលមានម៉ាស៊ីនឡូតូចំនួន៥។

បុរសវ័យជាង៥០ឆ្នាំម្នាក់ពាក់ឯកសណ្ឋានយោធាកំពុងអង្គុយពិសារកាហ្វេក្នុងហាងនោះ ឈ្មោះ សេក សេម ប្រាប់ថា ហាងនេះបើកឡូតូ៣ខែមកហើយ។ លោកថា ការអនុញ្ញាតឱ្យ​មាន​ល្បែងបែបនេះច្រើនមិនល្អសោះដល់សហគមន៍របស់លោក។

លោក សេក សេម ៖«ខ្ញុំនេះញៀនកាហ្វេមកផឹកកាហ្វេមួយកែវរួចទៅធ្វើការ។​ តែពួកអស់នេះ​(អ្នកលេងឡូតូ)វាមកជុំក្បាលគ្នាលេងឡូតូ ថ្ងៃមុនប្ដីប្រពន្ធជេរបញ្ចោរគ្នាផ្អើលហាង ព្រោះអាប្ដី​ខំ​ធ្វើការ​សំណង់ អាប្រពន្ធសំងំលេងឡូតូអស់លុយ»

លោក សេក សេម បន្ថែមថា៖ « ខ្ញុំប្រាប់ម្ចាស់ហាងដែរថាឈប់ឱ្យបើកទៅបើនៅតែ​បើកទៀត​យូរ​ឆាប់កើតចោរ ចោលស្រុកហើយ។ តែម្ចាស់ហាងវាប្រាប់វិញថាឡូតូគេមានច្បាប់ គេបង់​លុយថ្លៃកន្លែងឱ្យវា»។   

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានចែកចាយពីសកម្មភាពលេងល្បែងឡូតូនេះដែរ។ វីដេអូមួយក្នុងបណ្ដាញសង្គមទីកតុក បង្ហាញថាមានកុមារាសិស្សសាលាជាច្រើននាក់​លេង​ល្បែង​​​ឡូតូនេះ។ ពួកគេភ្នាល់លុយរួច ក្មេងម្នាក់ក៏បានដុតធូបបន់ឱ្យត្រូវឡូតូទៀតផង។ វីដេអូក្មេងសិស្សសាលាចាក់ឡូតូនេះត្រូវបានចែកចាយលើបណ្ដាញសង្គម និងមានអ្នក​មើលរាប់សែននាក់។

នាយកមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេងមាន​ប្រសាសន៍ថា ប្រជាពលរដ្ឋដែលញៀនល្បែងឡូតូនឹងខាតបង់លុយកាក់ ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​ដែលជាមហន្តរាយសម្រាប់ជីវភាពពួកគេ។

លោក គីមអេង ឱ្យដឹងថា៖ «ខ្ញុំសង្កេតឃើញមនុស្សជាច្រើនឈ្លក់វង្វេងនឹងវា(ឡូតូ) ភ្លេចធ្វើការ​ធ្វើងារអស់។ ពួកគាត់ទើបនឹងរើបៗពីកូវីដអាចនឹងខាតរេចរិលដើមខាតចុងទៅវិញ យើងមាន​ការ​សោកស្ដាយណាស់ចំពោះបញ្ហានេះ»។

ទាក់ទងនឹងល្បែងឡូតូនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បញ្ជាក់ថា លោកមិនអាចឆ្លើយសំណួរបានទេ។

លោក គឹមខឿន បញ្ជាក់ថា៖«សូមទៅសួរគណៈកម្មាការ គ្រប់គ្រងល្បែងពាណិជ្ជកម្មល្បែងពា​ណិជ្ជកម្មទៅ អារឿងឡូតូឡូតាំងអីហ្នឹងណា»

អាជីវកម្មឡូតូជាអាជីវកម្មដែលបង្កើតពង្រីកសាខាទូទាំងប្រទេស

អគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​ខ្លួនថា ការអនុញ្ញាតឱ្យបើកល្បែងឡូតូនេះ ធ្វើឡើងទៅតាមច្បាប់ស្ដី​ពីការគ្រប់គ្រង​ល្បែង​អាជីវកម្ម​និងក្នុងបំណងប្រមូលចំណូលជាតិ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រប់​គ្រង​ល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ មានប្រសាសន៍ថា អង្គភាពរបស់លោកជា​អ្នកផ្ដល់​អាជ្ញាបណ្ណ​ឡូតូទៅដល់អាជីវករទាំងអស់ដែលកំពុងរកស៊ីរបរនេះ។

លោក រស់ ភីរុណ បន្ថែមថា៖ «យើងផ្ដល់អាជ្ញាបណ្ណ លើទីតាំងក្រុមហ៊ុនជាស្នាក់ការកណ្ដាល របស់គាត់ផ្ដល់អាជ្ញាបណ្ណទៅលើសាខា និងផ្ដល់អាជ្ញាបណ្ណទៅលើបញ្ជរ។ សព្វថ្ងៃនេះយើង​ផ្ដល់​អាជ្ញាបណ្ណតែនៅហែតអហ្វីស(ការិយាល័យកណ្ដាល)និងសាខា»។

លោកបន្ថែមថា អាជ្ញាបណ្ណមិនទាន់ត្រូវបានផ្ដល់ឱ្យក្រុមហ៊ុននានាបើកអាជីវកម្ម​ដល់ហាង​កាហ្វេនៅឡើយ តែលោកទទួលស្គាល់ថាអាជ្ញាបណ្ណត្រូវបានផ្ដល់ទៅដល់ឃុំសង្កាត់។

លោក រស់ ភីរុណ បន្ថែមថា៖ «នៅក្នុងច្បាប់ហ្នឹងល្បែងឡូតូ រាប់ថាជាល្បែងផ្សង​សំណាង​ជាល្បែងស្របច្បាប់ ហើយច្បាប់បានចែងថាល្បែងផ្សងសំណាងនេះឱ្យខ្មែរលេងដែរ»

បុគ្គលិកទទួលទូរស័ព្ទរបស់ក្រុមហ៊ុនឡូតូ8888 ឈ្មោះ សុផល ប្រាប់ថា ក្រុមហ៊ុនខ្លួនទទួល​អាជ្ញាបណ្ណរកស៊ីត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច។ ប៉ុន្តែលោកមិនបញ្ជាក់ថាក្រុមហ៊ុនខ្លួនមានប៉ុន្មាន​ទីតាំង​នោះ​ឡើយ។

លោកសុផល៖ «ប្រាប់បានត្រឹមតែថាមេខ្ញុំគាត់មានច្បាប់ពីក្រសួងហ្មង។ តាមានច្បាប់គេបង់​ពន្ធបង់អីហ្នឹងហើយ។ ខ្ញុំអត់អាចឆ្លើយលម្អិតឱ្យទេ ប៉ះពាល់ដល់របររកស៊ីរបស់ក្រុមហ៊ុន»។

អនុប្រធានគណបក្សភ្លើងទៀន និងជាអតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ​ការផ្ដល់អាជ្ញាបណ្ណឱ្យឡូតូនេះមិនមានការ​ត្រួតត្រា​ត្រឹមត្រូវ ដែលបង្ករជាផលអវិជ្ជមានធ្ងន់ធ្ងរចំពោះសង្គមជាតិ។

លោក សុន ឆ័យ៖ «ការបង្កើតឱ្យមានល្បែងឡូតូបែបហ្នឹងមិនខុសពីឆ្នោតកន្ទុយទេ វាជាការធ្វើ​ឱ្យសង្គមហ្នឹងមានចលាចល ដូច្នេះមិនគួរឱ្យកើតមានទេ»

លោក សុន ឆ័យ បន្ថែម៖ « អ្នកដែលទទួលខុសត្រូវក្នុងការផ្ដល់អាជ្ញាបណ្ណឱ្យរកស៊ីផ្នែកល្បែង​នេះ គួរណាស់សិក្សាពីផលវិបាកសង្គមឱ្យបានជាមុន ថ្លឹងថ្លែងពីការចំណេញខាត​ដល់សង្គម​មនុស្សខ្មែរយើង។ ខ្ញុំហ៊ានថាលុយញើសឈាមពលរដ្ឋយើង​ដែលពួកគាត់រកបាន​បន្តិចបន្តួច​នោះ នឹងរលាយគ្មានសល់ទេជំពាក់បំណុលថែមទៀត ព្រោះតែល្បែងឡូតូនេះ»។

នាយកមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គីមអេង យល់​ថា រដ្ឋាភិបាលគួរណាស់តែពង្រីកការងាររកមធ្យោបាយ​ផ្សេងជួយឱ្យពលរដ្ឋ​មាន​ចំណូល​ប្រសើរជាង ផ្ដល់អាជ្ញាបណ្ណឱ្យបើកល្បែងឡូតូព្រោងព្រាតបែបនេះ។ លោកថា វិធីរកចំណូល​ជាតិ​ព្រោះបង្កើតល្បែង មិនបានផ្ដល់ផលចំណេញអ្វីបន្តិចសោះដល់សង្គមជាតិ។

លោក គីមអេង ថ្លែងថា៖ «ពិតណាស់ថារដ្ឋអាចប្រមូលលុយបានខ្លះពីការលក់អាជ្ញាបណ្ណ តើជីវភាព​របស់ពលរដ្ឋវាយ៉ាងម៉េច?។ យើងមានការសោកស្ដាយមិនគួរណាមានការ​ផ្ដល់​អាជ្ញាបណ្ណដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទេ»។

បុរសម្នាក់កំពុងចាក់ឡូតូក្នុងហាងកាហ្វេមួយកន្លែងនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវគំរាមដោយល្បែងឡូតូ

កាលពីឆ្នាំ២០២១ក្រសួងមហាផ្ទៃបានប្រកាសធ្វើបច្ចុប្បន្នភាព នៃគោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព ដើម្បីកៀរគរកម្លាំងពីគ្រប់មជ្ឈដ្ឋានសំដៅថែរក្សាភូមិឃុំឱ្យមានសុខសុវត្ថិភាព។ ក្នុង​នោះ ការធានាឱ្យសហគមន៍មូលដ្ឋានគ្មាន«ល្បែងស៊ីសងខុសច្បាប់» ជាផ្នែកសំខាន់​មួយដែល​អាជ្ញាធរត្រូវតែអនុវត្តឱ្យខាងតែបានដើម្បីសុវត្ថិភាពភូមិឃុំ។

ផ្អែកលើន័យនេះប្រសិនណាភូមិឃុំមានការប្រព្រឹត្តល្បែងស៊ីសងដោយខុសច្បាប់នោះនឹងនាំឱ្យភូមិនោះក្លាយជាភូមិអសុវត្ថិភាព។ បែបណាក្ដីអ្នកឃ្លាំមើលបញ្ហាសង្គម និងអាជ្ញាធរ​មូលដ្ឋាន​​សុទ្ធតែអះអាងថា បើទោះជាអាជ្ញាបណ្ណឡូតូស្របច្បាប់មែន មិនមានន័យថា​ល្បែង​នេះ​មិនបង្ករឱ្យមានអន្តិសុខនោះឡើយ។

មេឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក មុជ សាមាន មានប្រសាសន៍ថា លោកមិន​គាំទ្រឱ្យមានទីតាំងល្បែងស៊ីសងឬល្បែងឡូតូនៅក្នុងឃុំនោះទេ ព្រោះថា​ល្បែងនឹងនាំ​ឱ្យ​វិនាស។

លោក មុជ សាមាន ឱ្យដឹងថា៖ «នៅឃុំខ្ញុំគេមានលេងចាក់ខ្លាឃ្លោក បៀរអីតិចតួចពេលមាន​បុណ្យធំៗម្ដងៗ ប៉ុន្តែអាជ្ញាធរមូលដ្ឋានយើងមិនអនុញ្ញាតឱ្យលេងជាប្រចាំទេ អាឡូតូអីនោះ​ក៏អត់ទាន់មានដែរ»

លោក មុជ សាមាន បន្ថែមថា៖ «បើមានល្បែងនេះច្បាស់ជាមានហិង្សាក្នុងគ្រួសារ ស្រួលៗ​លួចមាន់ទាគោក្របីថែមទៀត។ ក្មួយឯងគិតមើលគ្រាន់តែតាបប៊ីយែរហ្នឹងល្មមតែបំបាត់​បាន​ហ្នឹងមិនមែនប្រើពេលតិចទេណា ពេលវាញៀនបុកប៊ីយែ​រហ្នឹងអាក្មេងៗ​មិនចូល​សាលា​ទេ​វាកុំ​គ្នាពេញហ្នឹង។ ខ្ញុំមិនគាំទ្រដាច់ខាតហ្មងរឿងបើកល្បែងឡូតូឡូអីហ្នឹង»

នាយប៉ុស្តិ៍នគរបាលមួយក្នុងខេត្តបាត់ដំបងសុំមិនបង្ហាញអត្តសញ្ញាណ ព្រោះបារម្ភពីការងារ មានប្រសាសន៍ថា ល្បែងឡូតូនេះបានកកើតត្រឹមប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ។ លោកថា លោកមិនគាំទ្រចំពោះការអនុញ្ញាតឱ្យមានល្បែងស៊ីសងបែបនេះទេ។

លោកនាយប៉ុស្តិ៍នគរបាល៖ «យើងកម្លាំងប៉ុស្តិ៍នេះខិតខំរក្សាសណ្ដាប់ធ្នាប់លុបបំបាត់ល្បែង​ស៊ីសងនានាពេលកន្លងទៅដើម្បីអី?គឺដើម្បីសុខសុវត្ថិភាពហ្នឹង។ ដល់ពេលនេះល្បែងពេញដី​ប្រជាជនសិស្សសាលា មីងៗលេងហោរកញ្រ្ជៀវរាល់ថ្ងៃ ឱ្យខ្ញុំទៅរក្សាសុវត្ថិភាពអីកើត?»

លោកនាយប៉ុស្តិ៍បន្ថែម៖ «កុំថាឡើយរក្សាសុវត្ថិភាពភូមិឃុំ សូម្បីសុវត្ថិភាពផ្ទះខ្ញុំមិនដឹង​យ៉ាង​ម៉េចផង? ខ្ញុំឧទាហរណ៍ថាបើនៅសុខៗ​កូនប្រពន្ធខ្ញុំនាំគ្នាទៅញៀន​អាឡូតូហ្នឹង​អស់ទៅ​មិន​អាលាយដូចគ្នា? ចិត្តខ្ញុំហ្មងគឺគ្មានគាំទ្រអីទេ ឱ្យបំបាត់ទៅ»

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានតួនាទីអនុប្រធានគណៈកម្មការ គ្រប់គ្រងល្បែង​ពាណិជ្ជកម្ម លោក ប៊ុន ហ៊ុន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានពីស្ថានភាព​រីកសាយភាយនៃអាជីវកម្មល្បែងឡូតូនេះនៅឡើយ។

លោក ប៊ុន ហ៊ុន ៖«ខ្ញុំមិនទាន់បានទទួលព័ត៌មានពីឡូតូហ្នឹងទេ។ ខ្ញុំនឹងពិនិត្យព័ត៌មាន​ឱ្យ​ច្បាស់សិនណាប្អូន»

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ បដិសេធ​មិនឆ្លើយបំភ្លឺពីហានីភ័យដែលបណ្ដាលមកពីការរីកសាយភាយ​នៃល្បែងឡូតូនេះ​ឡើយ។ លោកអះអាងថា ល្បែងឡូតូត្រូវចាត់ទុកថាជាល្បែងផ្សងសំណាង។

យ៉ាងណាក៏ដោយល្បែងឡូតូនៅកម្ពុជាមិនដូចឆ្នោតឡូតូដែលគេនិយមលេងនៅបណ្ដា​ប្រទេសមួយចំនួនលើសកលលោកឡើយ។ ឡូតូនៅថៃ នៅអាមេរិក អ៊ឺរ៉ុប ចេញរៀងរាល់​មួយ​ខែ​ម្ដងនិងមានរង្វាន់ធំជាទឹកប្រាក់យ៉ាងច្រើន​ ប៉ុន្តែឡូតូនៅខ្មែរនេះមានទម្រង់ជា​ល្បែង​ស៊ី​សង​សុទ្ធសាតដែលចេញលទ្ធផល៣នាទីម្ដងនិងមានការស៊ីសងផ្ទាល់មុខដោយអ្នកឈ្នះទទួល​ប្រាក់ត្រឹម៩៥ភាគរយនៃចំនួនភ្នាល់ប៉ុណ្ណោះ។

សំណុំរឿងល្បែងឡូតូនេះបានរីកសាយភាយម្ដងរួចមកហើយក្នុងសង្គមខ្មែរ។ កាលពីអំឡុង​ឆ្នាំ២០០៦ក្រុមហ៊ុនភ្នាល់ល្បែងខាំបូសិក របស់ឧកញ៉ា គិត ម៉េង និង​ក្រុម​ហ៊ុន​ភ្នាល់មួយ​ចំនួន​ទៀតបានដាក់ដំណើរការម៉ាស៊ីនស្លុតឡូតូ ជាច្រើនសាខានៅភ្នំពេញ​ និងនៅ​តាម​បណ្ដា​ខេត្ត​ធំៗមួយចំនួនដូចជាព្រះសីហនុ កំពង់ចាម សៀមរាប បាត់ដំបង ក្រុងបាវិត និងក្រុង​ប៉ោយ​ប៉ែត​។ លុះដល់ខែកុម្ភៈ ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសបិទល្បែង​ស្លុត​ម៉ាស៊ីន​​ឡូតូ និង​ថែម​ទាំង​បិទ​ក្រុមហ៊ុនភ្នាល់ល្បែងទាំងអស់តែម្ដង ក្រោមហេតុផលថាល្បែង​ស៊ីសងធ្វើឱ្យមានមហន្តរាយចំពោះជីវភាពពលរដ្ឋ និងសង្គមជាតិ។

នៅឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានផ្ដល់អាជ្ញាបណ្ណ​ចំនួន១០​ទៅ​ឱ្យក្រុមហ៊ុនដែលរកស៊ីលើអាជីវកម្មឡូតូ។ អគ្គលេខាធិការដ្ឋានគ្រប់​គ្រងល្បែង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹងថា មានពាក្យស្នើសុំអាជ្ញាបណ្ណចំនួន២១ដែលបានបញ្ជូនមក​គណៈកម្មការ​ជំនាញ​ដើម្បីត្រួតពិនិត្យគិតត្រឹមថ្ងៃទី១៧ ខែសីហា។

នាយកមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា៖ «កន្លងមកអាជ្ញាធរថ្នាក់ក្រោមជាតិមានប៉ូលីសអីហ្នឹងគ្នាខំប្រឹង​ធ្វើយ៉ាង​ណា​ឱ្យភូមិឃុំមានសុវត្ថិភាពមានសន្តិសុខបំបាត់ល្បែងស៊ីសង ចុះបើសិនជាល្បែងមាន​អាជ្ញាប័ណ្ណ​ដល់មូលដ្ឋានតើភូមិឃុំមានសុវត្ថិភាពម៉េចកើត? មិនគួរណាមានការផ្ដល់​អាជ្ញាបណ្ណ​ល្បែងអីច្រើនបែបហ្នឹងទេ»

លោក យង់ គីមអេង ជំរុញឱ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណល្បែងស៊ីសង និងបង្កើត​ការងារ​ជូនពលរដ្ឋជំនួសវិញ។

លោក គីមអេង បន្ថែមថា៖ «បើពលរដ្ឋមានចំណូលទៅទិញអាវមួយចាក់សាំងមួយលីត្រ​ក៏រដ្ឋ​អាចប្រមូលពន្ធបានដែរ មិនគួរណាទៅសង្ឃឹមលើពន្ធដែលបានមកពីរបរក្ដៅក្រហាយដូចជា​ល្បែងស៊ីសងនេះទេ»

767 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម