ក្រុមប្រឹក្សាចម្រុះបក្សនៅឃុំសាគ្រាម តែងមានការជជែកគ្នាតឹងតែងលើការប្រើប្រាស់ថវិកាអភិវឌ្ឍន៍ នានា ដើម្បីធានាថា ប្រើចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលពេលខ្លះឈានដល់ការប្រើសម្តីខ្លាំងៗ និងចង្អុលមុខគ្នាក៏មាន។ នេះបើតាមការឱ្យដឹងពីមន្ត្រីសាលាឃុំ។
ឃុំសាគ្រាមជាឃុំមួយនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទី រួមខេត្ត និងចម្ងាយប្រមាណ២រយគីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លទ្ធផលនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាលពីខែមិថុនា ឆ្នាំ២០២២ ដែលក្នុងចំណោម៧អាសនៈ គឺ ប្រជាជនកម្ពុជាទទួលបាន៣អាសនៈ បក្សភ្លើងទៀនទទួលបាន២អាសនៈ និងបក្សប្រជាធិបតេយ្យ មូលដ្ឋានទទួលបាន២អាសនៈ។
លក្ខណៈពិសេសនៃចំនួនអាសនៈនេះគឺតម្រូវឱ្យជួយបំពេញគ្នា មិនអាចបក្សណាមួយសម្រេចតែម្នាក់ឯងបានទេ ត្បិតតែបក្សប្រជាជនបានអាសនៈច្រើនជាងគេ ប៉ុន្តែបើមិនមានការយល់ព្រមពីក្រុមប្រឹក្សាមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬគណបក្សភ្លើងទៀនទេគឺ មិនបានសម្រេចកិច្ចការអ្វីបាននោះទេ។
ពលរដ្ឋនៅក្នុងឃុំសាគ្រាម លោក អ៊ួន រ៉េត ថ្លែងថាគម្រោងអភិវឌ្ឍន៍នានាមានការជជែកផុសផុល ហើយផ្សព្វផ្សាយបានទូលំទូលាយដល់ពលរដ្ឋ។ លោកកត់សម្គាល់ឃើញថា នៅពេលដែលមានការ ជជែកគ្នាដោយបើកចំហច្រើន គឺការងារអភិវឌ្ឍន៍ហាក់ចំគោលដៅ និងមានសាមគ្គីល្អ។
លោក អ៊ួន រ៉េត ឱ្យដឹងថា៖ «ក្នុងភូមិនេះ យើងដូចថាអត់មានអ្នកណាកាច់ចង្កូតអីទេ ដូចជាធ្វើការធ្វើអីធ្វើទាំងអស់គ្នា ទៅណាក៏ទៅទាំងអស់គ្នា មិនសូវថាដូចមុន ចេះជជែកគ្នា។ មេឃុំ មេភូមិ [អាណត្តិមុន] ដូចថាជែងគ្នា ដូចសព្វថ្ងៃនេះដូចជាមិនប្រជែងគ្នា [ខ្ញុំ]មើលទៅ»។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី ចន រ៉េន ថ្លែងថា ពីមុនអ្នកស្រីមិនសូវដឹងពីដំណើរការបែងចែកថវិកាលើការអភិវឌ្ឍឃុំទេ ប៉ុន្តែបច្ចុប្បន្នអ្នកស្រីអះអាងថា មានការផ្សព្វផ្សាយ និងបើកទូលាយជាងមុនធ្វើឱ្យអ្នកស្រី និងអ្នកផ្សេងទៀតបានដឹង និងចូលរួមសកម្មភាពមួយចំនួនផងដែរ។ អ្នកស្រី ចន រ៉េន ចង់ឃើញឃុំផ្សេងៗទៀត មានក្រុមប្រឹក្សាឃុំចម្រុះបែបនេះ ដើម្បីបែងចែកលុយលើគម្រោងអភិវឌ្ឍន៍បានចំគោលដៅ។
អ្នកស្រី ចន រ៉េន លើកឡើងថា៖«ដូចថាពីមុនដូចរាងស្ងាត់ៗ សព្វថ្ងៃដូចថាមានអ្នកចេះដឹងច្រើន។ ឥឡូវនេះ ខ្ញុំដឹងទូលំទូលាយច្រើនជាងមុន។ ខ្ញុំចង់បានបែបនេះ បើមានច្រើនដូចនេះកាន់តែល្អ សម្រាប់ពលរដ្ឋយើងទាំងអស់គ្នា»។
ក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន លោក ឌូ ឌា ថ្លែងថា ចាប់ពីក្រោយការបោះឆ្នោតខែមិថុនា ឆ្នាំ២០២២ ការជជែកនៅក្រុមប្រឹក្សាឃុំធ្លាប់មានភាពតានតឹងខ្លាំង២ដងឈានដល់ការ ចង្អុលមុខគ្នាហើយប្រើសម្តីខ្លាំងៗ។ លោកបន្តថា ការតានតឹងដាក់គ្នានេះមិនមែនរឿងបុគ្គល ឬ រឿងបក្សទេ គឺរឿងបែងចែកថវិកាឃុំប្រើឱ្យចំគោលដៅដែលពលរដ្ឋកំពុងត្រូវការ។
ត្បិតតែការជជែកគ្នាមានភាពតានតឹងលាយឡំកំហឹងខ្លះៗ ប៉ុន្តែក្រុមប្រឹក្សាឃុំមកពីបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា មិនមានការគំគួនគ្នាទេព្រោះការប្រឹងប្រែងទាំងអស់គ្នាដើម្បីការអភិវឌ្ឍក្នុងឃុំកើត ជាប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ លោកបន្តថា ក្រុមការងារទាំង៣បក្សរួមគ្នាធ្វើការ ហើយឃើញចំណុចខ្វះចន្លោះជួយបំពេញឱ្យគ្នាទៅវិញទៅមក។
លោក ឌូ ឌា ថ្លែងថា៖ «បើមានគណបក្សទាំង៣ចឹង គឺល្អទៅវិញទេ។ ដោយសារអី? យើងទាំង៣នេះឯង គឺបើយើងបានតម្រង់អ៊ីចេះល្អ។ អត់អាចធ្វើអ្វីតែឯងបានទេ។ នេះបើសិនជាតែឯងវិញ ចេះតែទៅ ហើយអត់ឈប់ទេ។ ប៉ុន្តែពួកខ្ញុំនិយាយទៅដូចអង្គុយចាំតម្រង់ផ្តោយ[តែម្តង] អង្គុយចាំតម្រង់ មិនមែនថាអង្គុយចាំចាប់កំហុសទេ។ អង្គុយចាំតម្រង់ឱ្យគាត់ដើរឱ្យត្រង់ កុំឱ្យគាត់ធ្វើអីចេះតែធ្វើ»។
ករណីដែលលោក ឌូ ឌា លើកឡើងថា តានតឹងខ្លាំងនោះគឺ នៅខែមិថុនាឆ្នាំ២០២៣ កន្លងទៅ មានការដេញថ្លៃធ្វើផ្លូវនៅភូមិគន្ទាកប្រវែងប្រមាណ៤គីឡូម៉ែត្រ ចំណាយលុយជាង១០០លានរៀល ប៉ុន្តែនៅចុងខែសីហា មេឃុំបានដូរគោលដៅទៅធ្វើផ្លូវនៅភូមិសាគ្រាមត្បូង ប្រវែងជាង១០០ម៉ែត្រវិញដោយសំអាងថា ទឹកលិចមិនអាចបញ្ជូនគ្រឿងចក្រ ទៅធ្វើផ្លូវនៅភូមិគន្ទាកបាន ដោយមិនបានជូនដំណឹងទៅដល់ក្រុមប្រឹក្សាផ្សេងៗទៀត។
ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សភ្លើងទៀន ចាត់ទុកការសម្រេចតែម្នាក់ឯងរបស់មេឃុំថា ជាការបំពានលើការដេញថ្លៃ និងសម្រេចនៅខែមិថុនា ដែលមានទាំងតំណាងខេត្ត និងតំណាងស្រុកចូលរួមផង។ ការខ្វែងគំនិតគ្នាកើតឡើងជាង១សប្តាហ៍ ក៏មានការសម្របសម្រួលគ្នា ហើយបានបញ្ឈប់ការសាងសង់ផ្លូវដែលខុសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ និងបានបង្វែរគម្រោងធ្វើផ្លូវនេះទៅភូមិគន្ទាកដូច ការសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាឃុំ កាលពីខែមិថុនាវិញ។
ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក វឿន វៃ លើកឡើងថា សមាជិកក្រុមប្រឹក្សាឃុំចម្រុះគ្នានេះក្រៅពីជួយតម្រង់ទិសនៃការប្រើលុយឃុំដើម្បីអភិវឌ្ឍឱ្យចំគោលដៅហើយ នោះ ក៏ជួយការងារមិនឱ្យមានការទារលុយបន្ថែមក្រៅផ្លូវការ ពីប្រជាពលរដ្ឋដែលទៅធ្វើលិខិតស្នាមផ្សេងៗដែរ។
លោក វឿន វៃ លើកឡើងថា៖ «តាមខ្ញុំដឹង តាំងពីមានវត្តមានរបស់ពួកយើងបានធ្វើឱ្យគេខ្លាចរអារខ្លះដែរ ចំពោះការទារលុយពីប្រជាពលរដ្ឋ នៅពេលធ្វើឯកសារផ្សេងៗ។ ការយកក្រៅថែមដែល៥ពាន់ យក១ម៉ឺនអ៊ីចឹងទៅ ដូច១០អ៊ីចឹងទៅយើងទប់ស្កាត់បាន៥ដែរ។ អានេះបានជាខ្ញុំថា វត្តមានគណបក្សចម្រុះពិតជាមានសារសំខាន់មែនទែនទៅដល់ប្រជាពរដ្ឋ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងនេះ»។

មេឃុំសាគ្រាមមកពីគណបក្សប្រជាជនកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា នៅអាណត្តិនេះ ក្រុមប្រឹក្សាពិតជាមានការជជែកគ្នាច្រើនមែនដែលពេលខ្លះតានតឹងខ្លាំង។ លោកថា ក្នុងនាមជាមេឃុំតែងតែសម្របសម្រួលយកបញ្ហាដាក់លើតុដើម្បីជជែកគ្នាយកមតិចម្រុះ បើទោះជាប្រឈមភាពតានតឹងខ្លះៗ តែបានលទ្ធផលល្អ។
លោក ចាន់ សុផល ថ្លែងថា៖ «យើងតែងសហការគ្នា។ សហការគ្នាធ្វើការងារអី ដូចថាមានបញ្ហាអី យើងដាក់លើតុដើម្បីយើងពិភាក្សាគ្នារកការរីកចម្រើន។ កន្លងមក ខ្ញុំសូមជម្រាបជូន យើងមានប៉ះពាល់គ្នាខ្លះដែរ វាមិនអត់ទេណា៎។ ធម្មតាទេការធ្វើការងារ ប៉ុន្តែកាលនោះយើងសម្រួលគ្នាទៅ។ យើងមានប្រជុំវិសាមញ្ញទៅ ពិគ្រោះពិភាក្សាគ្នាទៅវារលូនទៅវិញទេ។ អត់មានបញ្ហាអីទេ»។
បញ្ហាចាត់ចែងថវិកាឃុំនេះក៏កើតមានបញ្ហាជាបន្តបន្ទាប់ ទាំងការបាត់លុយ និងជម្លោះ ក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់។
នៅក្នុងខែតុលាឆ្នាំ២០២៣ ក្រុមប្រឹក្សាឃុំរំដោះនៅស្រុងរវាង ខេត្តព្រះវិហារមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ណូង លុច ចោទប្រកាន់មេឃុំមកពីបក្សប្រជាជនថា លាក់បាំងព័ត៌មានថវិកាឃុំ។
លោក ណូង លុច លើកឡើង៖ «និយាយទៅគម្រោងថវិកាប្រចាំឆ្នាំអីយើងត្រូវលំអិតរាល់ឆ្នាំ មួយឆ្នាំធ្វើម្តង ហើយឆ្នាំនេះត្រូវធ្វើសម្រាប់ឆ្នាំ២០២៤។ នៅចុងឆ្នាំនីមួយៗធ្វើសម្រាប់ឆ្នាំក្រោយមួយទៀត ដូចជា២០២២បោះឆ្នោតហើយ ត្រូវធ្វើគម្រោងថវិកាសម្រាប់២០២៣ ប៉ុន្តែគេអត់បង្ហាញយើងច្រើនទេ។ គេគ្រាន់ថាលុយមានប៉ុណ្ណេះ ឆ្នាំទៅយើងមានលុយ៧៧៤លាន(រៀល)ជាងទៅប្រុងធ្វើផ្លូវប៉ុណ្ណេះ ធ្វើនេះប៉ុណ្ណេះ តែមិនដឹងថាធ្វើផ្លូវអីទេ»។
ចំណែកមេឃុំរំដោះមកពីគណបក្សប្រជាជនកម្ពុជា លោក ឈឿក ឡូន អះអាងថា លោកផ្ទាល់ និងក្រុមប្រឹក្សាផ្សេងទៀតរបស់គណបក្សប្រជាជនធ្វើការដោយតម្លាភាព និងយកចិត្តទុកដាក់លើទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដូចការចោទប្រកាន់ទេ។
លោក ឈឿក ឡូន បានបន្តថា៖ «ក្នុងនាមគណបក្សប្រជាជន គឺយើងយកចិត្តទុកដាក់ខ្លាំងមែនទែន តែពួកគាត់ទេដែលចាំតែឃើញចំណុចខ្វះខាតតិចតួចគាត់ស្រែកហើយ ឡាំប៉ាហើយ ប៉ុន្តែពេលគេធ្វើគាត់អត់ចូលរួមទេពួកហ្នឹង បានតែស្រែក បានតែព្រុសថាឱ្យគេហ្នឹងឯង»។
ឃុំរំដោះមានក្រុមប្រឹក្សា៧រូបក្នុងនោះ២រូបខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង៥រូបខាងគណបក្សប្រជាជនកម្ពុជា។ ចំនួនអាសនៈនេះបង្ហាញថា គណបក្សប្រជាជនមានសំឡេងលើសពី៥០ភាគរយ អាចសម្រេចលើកិច្ចការផ្សេងៗបានដោយមិនចាំបាច់ មានការយល់ព្រមពី ក្រុមប្រឹក្សា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
មាត្រា៥៩នៃអនុក្រឹត្យស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំសង្កាត់ ចែងថា ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការពិនិត្យតាមដានការអនុវត្តរបស់ក្រុមប្រឹក្សា និងរដ្ឋបាលឃុំសង្កាត់។ មេឃុំ ចៅសង្កាត់ ត្រូវធានាថា រាល់ព័ត៌មានស្តីពីសកម្មភាព និងគណនីរបស់ឃុំសង្កាត់ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ការទទួលមតិសាធារណៈ និងការពិគ្រោះយោបល់ត្រូវបានប្រព្រឹត្តទៅក្នុងដំណើរការរៀបចំថវិកា និងប្រជាពលរដ្ឋត្រូវទទូលការលើកទឹកចិត្ត និងអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការចាត់ចែងលុយនៅ ក្នុងឃុំនៅតែមានបញ្ហាច្រើនទាំងបញ្ហាអំពើពុករលួយ និងការចាត់ចែងមិនចំគោលដៅ។ លោកបន្តថា ក្រុមប្រឹក្សាឃុំចម្រុះ និងមានសមត្ថភាពជាចំណុចសំខាន់ក្នុងចាត់ចែងលុយឃុំបានត្រឹមត្រូវ។
លោក មាស នី ថ្លែងថា៖ «រឿងបញ្ហាការប្រើប្រាស់លុយនេះវាអាស្រ័យទៅលើសមត្ថភាពរបស់ [ក្រុមប្រឹក្សា]ឃុំនីមួយៗ ព្រោះយើងដឹងហើយថាលុយកាលណាកាន់តែច្រើនប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក៏ត្រូវតែមានសមត្ថភាពកាន់តែខ្ពស់។ បើអ៊ីចឹងការបង្កើនថវិកាជាតិភូមិឃុំសង្កាត់នេះ ខ្ញុំគាំទ្រ ព្រោះខ្ញុំចង់ឃើញការបង្ហូរនូវធនធានរបស់ជាតិនេះឱ្យទៅដល់ដៃអ្នកត្រូវការតែម្តង»។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ តាមរយៈគម្រោងអាយសាក់(ISAC) បានជំរុញឱ្យអាជ្ញាធរផ្សព្វផ្សាយ ថវិកាឃុំបានទូលាយជាងមុន។ លោកបន្តថា ទូលាយនេះ គឺបានដឹងដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋមួយចំនួន។
លោក ឡាំ សុជាតិ បន្តថា បក្សដែលមានក្រុមប្រឹក្សាច្រើនអាចសម្រេច និងអនុម័ត ទៅតាមអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែករណីចម្រុះដូចនៅឃុំសាគ្រាមលោកថា ជាសញ្ញាល្អ។
លោក ឡាំ សុជាតិ ឱ្យដឹងថា៖ «ជាបច្ចេកទេសបើសិនជាមានរូបភាពបែបថាគណបក្សចម្រុះ មិនកាន់អំណាច មានសំឡេងភាគច្រើន ហើយគណបក្សកាន់អំណាចមានសំឡេងខ្វះមួយអ៊ីចឹង វាជាបទពិសោធន៍ ល្អមួយដែរ ដែលយើងគួររៀនសូត្រ។ ប៉ុន្តែអាហ្នឹងសំឡេងភាគច្រើនបានមានសិទ្ធិអនុម័តគម្រោងថវិកាឃុំ អ៊ីចឹងគាត់ត្រូវមានការចរចាគ្នា ហើយដើម្បីឱ្យបាន៤សំឡេងក្នុង៧[សំឡេងក្រុមប្រឹក្សាឃុំ]ហ្នឹង។ ចរចាគ្នាហ្នឹង! វាល្អដែរ។ ផ្នែកនយោបាយវាត្រូវតែមានការជជែកគ្នា។ ល្អបែបប្រជាធិបតេយ្យ និងបែបនយោបាយផងដែរ»។
រដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកា និងសិទ្ធិសម្រេចដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំសង្កាត់ ដើម្បីឱ្យការអភិវឌ្ឍ និងដាក់វិធានការនានាចំគោលដៅជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
តាមរបាយការណ៍វិភាជធនធានមូលនិធិឃុំ-សង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស គឺនៅឆ្នាំ២០២៣ រដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជាង៧សែន៥ម៉ឺនលានរៀល(៧៥៣ ៣៤៩លានរៀល) និងឆ្នាំ២០២៤ ទម្លាក់កញ្ចប់ថវិកាជិត៩សែនលានរៀល(៨៩៤ ៧៥៥លានរៀល)។
ដោយឡែកសម្រាប់ឃុំសាគ្រាមនៅឆ្នាំ២០២៣ ទទួលបានថវិកា៥៤៦លានរៀល និងឆ្នាំ២០២៤ ទទួលបាន៦៤១លានរៀល។ នៅចំពោះមុខតម្រូវការក្នុងឃុំសាគ្រាម គឺផ្លូវ និងប្រឡាយទឹក សម្រាប់កសិករធ្វើកសិកម្ម។
ក្រុមប្រឹក្សាទាំង៣បក្សនៅឃុំសាគ្រាម និងប្រជាពលរដ្ឋប្រមាណ១០នាក់ផ្សេងដែលបានផ្តល់បទសម្ភាសន៍អះអាងថា អំណាចក្រុមប្រឹក្សាចម្រុះផ្តល់ប្រយោជន៍ច្រើនដល់ការអភិវឌ្ឍន៍ និងសាមគ្គី ភាពនៅក្នុងឃុំ។ ពួកគេចង់ឃើញអំណាចចម្រុះគ្នាបែបនេះ មាននៅក្នុងឃុំផ្សេងដែរ ដើម្បីធានាដល់ការអភិវឌ្ឍ និងសាមគ្គីជាតិទាំងមូល៕










