ពលរដ្ឋជិត១០០នាក់តំណាងឱ្យអ្នកភូមិជាង២០០គ្រួសារនាំគ្នាតវ៉ានៅសាលាឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ ទាមទារដកមេភូមិចេញដោយអះអាងថា យកតួនាទី និងផ្លូវសាធារណៈបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ជីវភាព និងផ្លូវចិត្ដពួកគាត់ ខណៈអភិបាលស្រុកថា កំពុងស៊ើបអង្កេត និងសម្របសម្រួលលើបញ្ហានេះ។
បើតាមលោក មិត្ដ ចំរើន អាយុ៣៥ឆ្នាំ រស់នៅភូមិអណ្ដូងត្រុំ ឃុំចំណាលើ បានបញ្ជាក់ប្រាប់ ខេមចូចា នារសៀលថ្ងៃទី៨ ខែសីហានេះថា មូលហេតុដែលអ្នកភូមិផ្ទុះការតវ៉ាដកមេភូមិចេញនេះ ព្រោះលោកបានបង្ហូរទឹកស្អុយមកផ្លូវអ្នកភូមិប្រើប្រាស់ដើម្បីធ្វើដំណើរទៅធ្វើស្រែចម្ការ និងបង្កផលប៉ះពាស់ដល់សុខភាព។ លោកបានឱ្យដឹងទៀតថា មេភូមិឈ្មោះ ខាត់ អ៊ាច បានយកតួនាទីជាមេភូមិគំរាមកំហែងពលរដ្ឋមិនឱ្យតវ៉ា ខណៈលោកធ្វើជាមេការចាក់ដី ខ្សាច់ ថ្ម ក្នុងភូមិ និងគាបយកលុយពីអ្នកភូមិពេលត្រូវការរត់ឯកសាររដ្ឋបាលផ្សេងៗ។
លោកបន្តថា៖ «គាត់[មេភូមិ]យកតួនាទីគាត់ដើរគំរាមពលរដ្ឋ និងបង្ហូរទឹកដែលគាត់ចឹញ្ចឹមជ្រូកដាក់ផ្លូវពួកខ្ញុំប្រើដឹកស្រូវដឹកអីក្រោយផ្ទះគាត់។ ពិបាកហ្មងបង បានជាពួកខ្ញុំតវ៉ាដកគាត់ចោល ដាក់អ្នកណាដែលអាចបម្រើពលរដ្ឋល្អជាងគាត់»។
យោងតាមលិខិត និងស្នាមមេដៃដែលពលរដ្ឋបានដាក់ទៅរដ្ឋបាលឃុំចំណាលើ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា ពួកគេស្នើឱ្យមេឃុំ លោក ញ៉ឹម សារ៉ុម ដកមេភូមិឈ្មោះ ខាត់ អ៊ាច ចេញដោយសារតែមេភូមិរូបនេះបានប្រព្រឹត្ដទង្វើមួយចំនួនដូចជា គាបសង្កត់យកលុយពីប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗ និងទី២ មេភូមិធ្វើការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋក្នុងភូមិ និងទី៣ មេភូមិដដែលបានប្រើឥទ្ធិពលសិទ្ធិអំណាចលើសតួនាទី និងធ្វើការបែបចាស់គម្រិល ពលរដ្ឋរស់នៅក្រោមការគ្រប់គ្រង់អស់ជំនឿ ទំនុកចិត្ដលើគាត់។
ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាស្នើសុំផ្លាស់ប្ដូរមេភូមិរូបនេះចេញ។ ពួកយើងចង់បានមេភូមិដែលមានសមត្ថភាពមានអកប្បកិរិយារួសរាយរាក់ទាក់ប្រជាពលរដ្ឋក្នុងភូមិ ទំនាក់ទំនងល្អ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្ដល់សេវាកម្មល្អ ផ្ដល់ព័ត៌មានគ្រប់គ្រាន់។ សូមលោកមេឃុំចំណាលើមេត្ដាជួយសម្រួលដោះស្រាយផ្ដាស់ប្ដូរចេញដោយក្ដីអនុគ្រោះ»។
ស្រដៀងគ្នានេះដែរ លោក សយ វណ្ណា បានឱ្យដឹងថា ពលរដ្ឋបាននាំគ្នាតវ៉ារយៈពេល២ថ្ងៃមកហើយចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែសីហានេះដើម្បីទាមទារដកមេភូមិចាស់ ខណៈលោកថា បើអាជ្ញាធរមិនព្រមដកមេភូមិចាស់ចោលទេ ពលរដ្ឋជាង២០០គ្រួសារនឹងមិនសុខចិត្ដ និងតវ៉ាទាមទាររហូតមានដំណោះស្រាយ។
លោកនិយាយថា៖ «ពួកខ្ញុំតវ៉ា២ថ្ងៃហើយម្សិលមិញជាង៧០នាក់ តែថ្ងៃនេះជាង១០០នាក់តវ៉ាដកមេភូមិចាស់។ ពួកខ្ញុំតវ៉ានេះចង់បានតែមេភូមិបម្រើប្រជាពលរដ្ឋទេ។មេភូមិចាស់គឺគាត់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក បានជាពួកខ្ញុំតវ៉ាដកគាត់ចេញ។ បើគាត់ធ្វើល្អគ្មានអ្នកណាចង់ដកគាត់ទេបង»។
ជុំវិញករណីនេះលោក ញ៉ឹម សារ៉ុម មេឃុំចំណាលើ បានបញ្ជាក់ថា លោកកំពុងដោះស្រាយបញ្ហានេះជូនពលរដ្ឋ ដូច្នេះលោកសុំមិនឆ្លើយនឹងសំណួរ ខេមបូចា ដោយរង់ចាំមើលការសម្រេចពីថ្នាក់លើសិន។
មេឃុំរូបនេះបន្ដថា៖ «ខ្ញុំកំពុងស៊ើបរឿងហ្នឹង ខ្ញុំអត់អាចឆ្លើយបានទេ ដឹងតែថាកំពុងមានចំណាត់ការ ខ្ញុំឆ្លើយបានតែប៉ុណ្ណឹង»។
ជុំវិញករណីនេះលោក ខាត់ អ៊ាច មេភូមិអណ្ដូងត្រុំ បានអះអាងថា លោកមិនប្រព្រឹត្ដដូចការចោទរបស់ពលរដ្ឋនោះទេ។ តែយ៉ាងណាលោកថា លោកបានជួបនឹងអភិបាលស្រុករួចហើយ និងបានពន្យល់ព័ត៌មានរួចហើយ ការសម្រេចបែបណាអាស្រ័យលើថ្នាក់លើ។
លោក អ៊ាច ថ្លែងថា៖ «ខ្ញុំអត់បានធ្វើដូចការចោទទេ។ សម្រេចលើថ្នាក់លើចុះ ព្រោះម្សិលមិញខ្ញុំពន្យល់លោកអភិបាលស្រុករួចហើយ ហើយលោកក៏បានចុះមកមើលជាក់ស្ដែងដែរ»។
ចាប់តាំងពីព្រឹកថ្ងៃទី៧រហូតដល់រសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០២នេះ អ្នកភូមិជិត១០០នាក់បន្ដតវ៉ារយៈពេល២ថ្ងៃដើម្បីទាមទារដកមេភូមិអណ្ដូងត្រុំ គឺលោក ខាត់ អ៊ាច នៅសាលាឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ ដោយចោទថា មេភូមិរូបនោះបានយកតួនាទី ប្រើអំណាច និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋជាង២០០គ្រួសារ។ ការណ៍នេះត្រូវសង្គមស៊ីវិលចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេត និងស្វែងរកយុត្ដិធម៌ឱ្យពលរដ្ឋ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា បន្ទាប់ពីប្រជាពលរដ្ឋតវ៉ា លោកបានចុះទៅដល់ទីតាំងភ្លាមៗដើម្បីប្រជុំ សិក្សាតាមអ្វីដែលពលរដ្ឋទាមទារ។ លោកថា ពលរដ្ឋប្ដឹង៣ចំណុចដោយក្នុងនោះរួមមាន បញ្ហាបង្ហូរទឹកស្អុយដាក់ផ្លូវលោកទទួលស្គាល់ថា ជារឿងពិត។ ចំណែកឯ២ករណីទៀត គឺរឿងគំរាមកំហែង និងយកតួនាទីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនលោកថា មិនទាន់ច្បាស់នោះទេដែលលោកកំពុងឱ្យមន្រ្ដីជំនាញចុះស៊ើបអង្កេតបន្ដ មុននឹងចាត់វិធានការ។ លោកបន្ថែមថា ពលរដ្ឋក្នុងភូមិអណ្ដូងត្រុំមានជាង២០០គ្រួសារដែលមានមនុស្សជាង៧០០នាក់កំពុងរស់នៅ។
អភិបាលរូបនេះថ្លែងថា៖ «រឿងហ្នឹងខ្ញុំបានចុះទៅហើយ។ ខ្ញុំបានប្រជុំរួចហើយនៅសាលាឃុំហ្នឹង។ ឥឡូវខ្ញុំកំពុងរកចំណុចរួមដើម្បីអាចទទួលយកបានទាំងសងខាង។ ខ្ញុំឱ្យមន្រ្ដីជំនាញចុះស៊ើប និងប្រមូលព័ត៌មានបន្ថែមមកឱ្យខ្ញុំទើបដឹងថា ត្រូវចាត់វិធានការបែបណា។ ចាំមើលលទ្ធផលស្រាវជ្រាវសិន»។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា៥១ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា គ្រប់មន្រ្ដីកាលណាបម្រើពលរដ្ឋ គឺច្បាស់នឹងទទួលការសាទរ ប៉ុន្ដែលោកថា ករណីនេះអាចនឹងមានបញ្ហានៅពីក្រោយខ្នងរហូតពលរដ្ឋនាំគ្នាតវ៉ា។ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវដើម្បីអាចកំណត់ថា គួរដក ឬទុកតាមការចង់បានរបស់ពលរដ្ឋ។
លោក សំអាត ថ្លែងថា៖ «វាមានអ្វីមិនប្រក្រតីទើបបានពលរដ្ឋលោកតវ៉ា។ ធម្មតាមន្រ្ដី គឺពលរដ្ឋលោកសប្បាយចិត្ដពេលបម្រើបានល្អ។ ខ្ញុំយល់ថាអាជ្ញាធរពាក់ព័ន្ធគួរចុះស៊ើប ស្រាវជ្រាវដើម្បីផ្ដល់យុត្ដិធម៌ឱ្យពលរដ្ឋ»។
ករណីមួយនេះហាក់ផ្ទុយពីករណីមួយទៀតនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ពលរដ្ឋជិត២០០នាក់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានតវ៉ាទាមទារឱ្យដាក់មេភូមិ អនុភូមិចាស់ចូលកាន់តំណែងវិញ ដោយអះអាងថា ពួកគាត់មិនបានសាងកំហុសអ្វីកំឡុងពេលដែលពួកគាត់ដឹកនាំជិត២០ឆ្នាំ ប៉ុន្តែបែរជាត្រូវបានក្រុមប្រឹក្សាឃុំដក ខណៈក្រសួងមហាផ្ទៃថា នឹងតាមដានរឿងនេះដើម្បីស្វែងរកយុត្ដធម៌។
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អ្នកភូមិជិត២០០នាក់បានតវ៉ាទ្រង់ទ្រាយធំជាលើកទី២ ស្ថិតនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ដើម្បីទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់វិញដែលថា ការដកតំណែងមិនបានសាងកំហុស និងមានលិខិតព្រមានណាមួយឡើយ។ ប៉ុន្ដែក្រោយពីសន្ទុះពលរដ្ឋតវ៉ាថ្នាក់លើបានសម្រេចដាក់មេភូមិ និងអនុភូមិចាស់ចូលកាន់តំណែងឡើងវិញ៕