អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាហៅកាត់ថា WMC បានរៀបចំសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទ ដើម្បីបង្ហាញការមិនពេញចិត្តទៅនឹងការដោះលែងអ្នកស្រី សំប៊ុន យ៉ានី អតីតអ្នកគ្រប់គ្រងហិរញ្ញវត្ថុ បន្ទាប់ពីបានឃុំខ្លួនមួយរយៈពេលខ្លី ទាក់ទងនឹងការលួចប្រាក់មូលនិធិរបស់មណ្ឌលជាង២០ម៉ឹនដុល្លារ។
អ្នកស្រី សំប៊ុន យ៉ានី វ័យ៦៦ឆ្នាំ ត្រូវបានតុលាការកំពូលសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីខែធ្នូឆ្នាំមុន ទោះបីអ្នកស្រីបានរត់គេចខ្លួនពេលមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានដាក់ពាក្យបណ្ដឹងនៅឆ្នាំ២០១៩។
អ្នកស្រី យ៉ានី ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែសីហា នៅទីក្រុងភ្នំពេញ។ ប៉ុន្តែអ្នកស្រីត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់។
សាលាដំបូងរាជធានីភ្នំពេញដែលបានបញ្ជាឲ្យដោះលែងអ្នកស្រី សំប៊ុន យ៉ានី បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា ស្រ្តីមានវ័យ៦៥ឆ្នាំ ឬលើសនេះដោយមានជំងឺប្រចាំកាយផងមិនអាចដាក់ពន្ធនាគារបានទេ ដោយសម្អាងលើមាត្រា៥៣១នៃនីតិវិធីព្រហ្មទណ្ឌ។
មណ្ឌលព័ត៌មានស្រ្តីកម្ពុជាដែលជាស្ថាប័នលើកកម្ពស់សិទ្ធិស្រ្តីតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបានផលិតរឿងអប់រំជាច្រើនផងនោះ បានស្នើឲ្យអាជ្ញាធរពិចារណាឡើងវិញលើការដោះលែងអ្នកស្រី សំប៊ុន យ៉ានី នេះ។
លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិថ្មីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានថ្លែងថា៖ «បើសិនជារឿងអយុត្តិធម៌នេះកើតឡើងមែន វាជាគំរូអាក្រក់សម្រាប់ប្រព័ន្ធយុត្តិធម៌[នៅកម្ពុជា]របស់យើង»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាការសម្រេចរបស់ក្រសួងធ្វើឡើងទៅតាមច្បាប់ ហើយករណីរបស់អ្នកស្រី សំប៊ុន យ៉ានី នៅបន្តអនុវត្តការព្យួរទោសនៅឡើយ។
លោកថ្លែងថា៖ «តុលាការតាំងពីថ្នាក់ទាប ដល់ថ្នាក់ខ្ពស់ ទាំងបីថ្នាក់បានព្យួរទោស មិនបានលុបចោលការព្យួរនេះទេ»។ លោកបន្តថា៖ «តាមច្បាប់ ការឃុំខ្លួនមិនអនុញ្ញាតទេ ខណៈដែលទណ្ឌិតបានបង្ហាញឆន្ទៈក្នុងការផ្ដល់សំណង»។
អ្នកស្រី យ៉ានី ជាស្រ្តីមានកូនបីនាក់ និងបានធ្វើការឲ្យមណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាង១០ឆ្នាំ ហើយត្រូវស្ថាប័នរកឃើញថាបានលួចប្រាក់របស់ស្ថាប័នពេលធ្វើសវនកម្មលើផ្នែកហិរញ្ញវត្ថុ។
អ្នកស្រី ហង្ស សម្ភស្ស អតីតប្រធានគ្រប់គ្រងស្ថានីយ៍វិទ្យុរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលបានឈប់ពីស្ថាប័ននេះកាលពីឆ្នាំមុនបានឲ្យដឹងដែរថា កាលនោះថ្នាក់ដឹកនាំស្ថាប័នមិនបានដាក់ពាក្យបណ្ដឹងលើអ្នកស្រី សំប៊ុន យ៉ានី ភ្លាមៗទេ ដោយបារម្ភខូចឈ្មោះរបស់ស្ថាប័ន និងម្យ៉ាងអ្នកស្រី សំប៊ុន យ៉ានី ក៏បានសន្យាសងប្រាក់វិញផងដែរ។ អ្នកស្រី សំប៊ុន យ៉ានី បានសងប្រាក់បានចំនួនប្រាំម៉ឺនដុល្លារ ហើយក្រោយមកក៏បានបាត់ខ្លួនបន្ទាប់ពីនោះ។
លោក រស់ គង់ តំណាងបុគ្គលិក និងជាផលិតករប្រតិបត្តិផ្នែកវិទ្យុឲ្យមណ្ឌលព័ត៌មានស្រ្តីកម្ពុជា មានប្រសាសន៍ថាអង្គការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦ និងបានកាត់បន្ថយបុគ្គលិកពី៨០នាក់ មកនៅត្រឹម១០នាក់។
លោកបញ្ជាក់ថា៖ «យើងធ្វើការដោយមិនមានប្រាក់ខែ អ្នកខ្លះរហូតដល់ប្រាំមួយខែ រួមទាំងខ្ញុំដែរ ពីព្រោះយើងមិនមានថវិកា»។
លោក រស់ គង់ អះអាងថាអំពើលួចរបស់អ្នកស្រី សំប៊ុន យ៉ានី មិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក និងក្រុមគ្រួសារបុគ្គលិកទេ ប៉ុន្តែក៏ប៉ះពាល់ដល់ម្ចាស់ជំនួយ និងដៃគូក្នុងស្រុកផងដែរ។ លោកថាអង្គការលែងសូវមានលទ្ធភាពផលិតរឿងអប់រំសម្រាប់ប្រយោជន៍សង្គមដូចមុន ដែលនេះបានប៉ះពាល់ដោយប្រយោលដល់មនុស្សជាច្រើន។
លោកពន្យល់ថា អ្នកស្រី សំប៊ុន យ៉ានី អាចមានលទ្ធភាពលួចលុយបានយ៉ាងស្រួលពីស្ថាប័ន ក៏ព្រោះតែពេលនោះមានតែអ្នកស្រី និងនាយិកាប្រតិបត្តិនៅពេលនោះ អ្នកស្រី ជា ស៊ុនដាណែត ដែលជាអ្នកមានសិទ្ធិក្នុងការដកប្រាក់មូលនិធិបាន។ (អ្នកស្រី ជា ស៊ុនដាណែត មិនប្រឈមនឹងការចោទប្រកាន់នេះទេ)
លោកបន្តថា៖ «ក្នុងចម្លើយរបស់គាត់ [សំប៊ុន យ៉ានី] ថាគាត់បានលួចតែម្នាក់ឯង»។
អ្នកស្រី សំប៊ុន យ៉ានី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក រស់ គង់ ឲ្យដឹងទៀតថា ស្ថាប័ននឹងនៅតែបន្តទាមទារឲ្យមានការចាប់ខ្លួនអ្នកស្រី សំប៊ុន យ៉ានី ដាក់ពន្ធនាគារ ដោយនឹងបន្តដាក់បណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀត។
លោកបានលើកឡើងថា៖ «បើសិនជាតុលាការបន្តដោះលេងជនល្មើស យើងនឹងមិនបញ្ឈប់ទេ ពីព្រោះយើងគិតថានេះមិនយុត្តិធម៌»។ លោកបន្ថែមថា ក្នុងករណីដែលអ្នកស្រី សំប៊ុន យ៉ានី មិនអាចមានលទ្ធភាពសង «យើងនឹងបន្តប្ដឹងកូនរបស់គាត់ ដែលមានកាតព្វកិច្ចសងបំណុលជំនួសម្ដាយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ WMC Upset Over Release of Fraudster Who Stole More Than $200,000