សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកបន្តទាមទារអត្ថប្រយោជន៍នៅសេសសល់ ក្រោយភូមិវប្បធម៌បិទទ្វារ

បុរសម្នាក់ជិះម៉ូតូកាត់មុខទ្វារភូមិវប្បធម៌កម្ពុជាដែលបានបិទនៅក្នុងខេត្តសៀមរាប ថ្ងៃទី១១ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ
បុរសម្នាក់ជិះម៉ូតូកាត់មុខទ្វារភូមិវប្បធម៌កម្ពុជាដែលបានបិទនៅក្នុងខេត្តសៀមរាប ថ្ងៃទី១១ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

ភូមិ​វប្បធម៌​កម្ពុជា ជាកន្លែងទេសចណ៍​ដ៏​ពេញ​និយម​មួយ​​ក្នុង​ខេត្ត​សៀម​រាប បាន​បិទ​ទ្វារ​កាលពី​សប្ដាហ៍មុន​ ដោយ​សារ​តែចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​អំឡុង​វិបត្តិ​កូវីដ​១៩ តែ​អតីត​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​នេះ​នៅ​បន្ត​ការ​ទាមទារ​ប្រាក់អត្ថប្រយោជន៍​ដែល​មិន​ទាន់​ទទួល​បាន​។

កាល​ពី​ខែ​តុលា ភូមិ​វប្បធម៌​កម្ពុជា ដែល​គេ​ដឹងថាជា​កម្មសិទ្ធ​របស់​ឧកញ៉ា​ល្បីឈ្មោះ លោក ពង់ ឃាវសែ បាន​ប្រកាស​បិទ​ប្រតិបត្តិការរ​បស់​ខ្លួន​​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ដោយ​សារ​តែវិបត្តិ​កូវីដ​១៩។ បើ​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​៧០​ភាគ​រយ​នៅ​ឆ្នាំនេះ ខណៈ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ទើប​មាន​សន្ទុះ​បន្តិច​នៅ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។​

​បុគ្គលិក​ភូមិវប្បធម៌​ជា​ច្រើន​រយ​នាក់​បា​ន​នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​តាំង​ពី​ខែ​សីហា បន្ទាប់​ពី​អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​តវ៉ានេះ​ម្ដង​កាល​ពី​ខែ​មេសា​។ ក្រុម​បុគ្គលិក​ទាំង​៣១៨​នាក់ បាន​ទទួល​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ហើយ​កាល​ពី​សប្ដាហ៍​មុន តែ​អ្នក​ទាំង​នោះ​បានអះអាង​ថា​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​សំណងជំងឺ​ចិត្ត និងប្រាក់បំណាច់អតីតភាពការងារ​​ក្នុង​ឆ្នាំ​២០២០​នេះ​នៅ​ឡើយ​។​​

អ្នកស្រី មុំ សុភ័ក្រ វ័យ​៣៥​ឆ្នាំ ដែល​បាន​បម្រើការ​នៅ​ភូមិវប្បធម៌​អស់​ពេល​១៧​ឆ្នាំ​មក​ហើយ​នោះបាននិយាយ​ថា​ អ្នកស្រី បានទួល​ប្រាក់​ឈ្នួល​ហើយ​កាលពី​សប្ដាហ៍​មុន​។​

អ្នកស្រី សុភ័ក្រ ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ទទួល​​ប្រាក់សំណង​ជាង​៥ ០០០​ដុល្លារ​ពី​ក្រុម​ហ៊ុនកាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា»

អ្នកស្រី​បន្ថែម​ថា​​បុគ្គលិក​ប្រហែល​៧០​នាក់ ដែល​សកម្ម​ក្នុង​ការ​តវ៉ា មិន​ទាន់ទួល​បាន​ប្រាក់សំណង​ជំងឺ​​ចិត្តក្នុង​ឆ្នាំ​២០២០​នៅឡើយ​។ សុភ័ក្រ បន្ត​ថា​បុគ្គលិក​ដែល​មិន​បាន​ចូល​រូម​ការ​តវ៉ា បាន​ព្រម​ទទួល​យក​សំណង​ជា​កញ្ចប់​ពីក្រុម​ហ៊ុន ហើយ​មិន​បន្ត​ទាម​ទារ​អត្ថ​ប្រយោជន៍​ដែល​នៅ​សេស​សល់​នោះទេ​។​

អ្នស្រីនិយាយថា៖ «ពួក​យើង​នឹង​ដាក់​ពាក្យ​ប្ដឹង​ ទាម​ទារ​អត្ថប្រយោជន៍​ខ្លះទៀត​ដែល​​ក្រុម​ហ៊ុន​មិន​ទាន់​ផ្ដល់​ឲ្យ​នៅ​ឡើយ»។​

ចំណែក​លោក​ មាស ម៉ាប់ វ័យ​៣០​ឆ្នាំ ជា​ជាង​ម៉ាស៊ីន និង​ជា​អ្នកមិន​ចូល​រួម​ការតវ៉ា​ បាន​និយាយ​​ថា​លោក​បាន​​យល់​ព្រម​ទទួល​សំណង​ពីក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា។ លោក​ថា លោក​បាន​ទទួល​ប្រាក់​ចំនួន​៩០០​ដុល្លារ​។​

​លោក​ថា៖ «​ខ្ញុំ​ព្រម​ទទួល​សំណង​នេះ។ ដូច​នេះ​ខ្ញុំ​មិន​ទាម​ទារ​សំណង​អ្វី​បន្ថែម​ពី​ក្រុម​ហ៊ុន​ទេ»។​

បើតាម​តំណាង​បុគ្គលិក​ ប្រាក់​ខែ​របស់​បុគ្គលិក​ត្រូវ​បាន​កាត់​ចំនួន​២០​ភាគរយ​ បន្ទាប់​ពី​វិបត្តិ​កូវីដ​១៩ ចាប់​ផ្ដើម​​ធ្វើ​ឲ្យ​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀម​រាប​រងគ្រោះ​។​

ក្នុង​អំឡុង​ការ​តវ៉ាកាល​ពី​ខែ​សីហា បុគ្គលិក​បាន​ទាម​ទារ​បី​ចំណុច​គឺប្រាក់​ឈ្នួល​ប្រចាំ​ខែ និង​ប្រាក់​ថ្លៃអាហារ​ដែល​ក្រុម​ហ៊ុន​បាន​កាត់​កាលពី​ដើម​ឆ្នាំ ចរចារក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហជីព និង​រក្សា​ការិយាល័យ​ផ្នែក​សិល្បៈ​ និង​បុគ្គលិក​ដូច​ដើម​។​

អ្នកស្រី លឹម សុភ័ក្រ​ អតីត​អ្នក​ចាត់ការ​ទូ​ទៅ​នៅ​ភូមិ​វប្បធម៌​កម្ពុជា បាន​និយាយ​ថា​ខាង​ក្រុម​ហ៊ុន​បាន​បើក​ប្រាក់អ​ត្ថប្រយោជន៍​ដល់​បុគ្គលិករួចរាល់​ហើយ តែ​អ្នក​ស្រី បដិសេធ​ផ្ដល់​ព័ត៌មាន​បន្ថែម​ ដោយ​ថា​អ្នកស្រី​លែង​ជាបុគ្គលិក​របស់​ក្រុម​ហ៊ុន​ទៀត​ហើយ​។​

អ្នកស្រី​បន្ថែមថា៖ «សូមអធ្យាស្រ័យ ខ្ញុំ​មិន​អាច​ផ្ដល់ព័ត៌មាន​ពីក្រុម​ហ៊ុន​ភូមិ​វប្បធម៌​ទេ ព្រោះ​តាំង​ពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ខ្ញុំ​លែង​ធ្វើការ​នៅ​ទី​នោះទៀត​ហើយ»។​

លោក លឹម សុផា ប្រធាន​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា ដែល​តំណាង​ឲ្យ​បុគ្គលិក​៦៩​នាក់​​ផ្សេង​ទៀត​ថា​នឹង​បន្ត​ការ​ទាមទារ​អត្ថប្រយោជន៍​ដែល​ក្រុម​ហ៊ុន​មិន​ទាន់​ផ្ដល់​ឲ្យ​។

លោក​និយាយថា៖ «បុគ្គលិក​របស់​យើង ​បាន​ទទួល​យក​សំណង ប៉ុន្តែ​សំណង​ដែល​នៅ​សេស​សល់​ យើង​នឹងទាមទារ​ដោយ​ផ្អែក​តាម​ច្បាប់​ស្តីពី​ការងារ​»។​

ប៉ុន្តែ​មន្ត្រី​មន្ទីរការងារ​ខេត្ត បាន​និយាយ​ថា​ការ​ផ្ដល់​ប្រាក់​សំណង​កាល​ពី​សប្ដាហ៍​មុន​ គឺស្រប​ទៅ​តាម​ច្បាប់​ស្ដីពីការងារ និង​ថា​ជម្លោះបាន​បញ្ចប់​។​

​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀម​រាប លោក ច័ន្ទ សុខុម ចិត្តា មាន​ប្រ​សាសន៍ថា​ក្រុម​ហ៊ុន​បាន​ផ្ដល់​សំណង​ដល់​បុគ្គលិក​រួច​រាល់​អស់​ហើយ រួ​ម​ទាំង​ក្រុម​បុគ្គលិក​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​អ្នក​គ្រប់​គ្រង​ផង​ដែរ​។​

​លោក​បន្ថែមថា៖«ក្រុម​ហ៊ុន​បាន​ដោះ​ស្រាយ​សំណង​ជូន​បុគ្គលិក​កាល​ពី​ថ្ងៃទី​៦ និង​ទី​៧ ខែ​វិច្ឆិកា ហើយ​បុគ្គ​លិក​ទាំង​អស់​បាន​ចុះ​ហត្ថលេខា​ថា​ពួកគេ​បាន​ទទួល​សំណង​ពី​ក្រុម​ហ៊ុន​»

លោក​ឲ្យ​ដឹង​ដែរថា​សម្រាប់ការ​ទាម​ទារ​ដែល​នៅ​សេស​សល់​របស់​បុគ្គ​លិក​ទំនង​ជា​មិន​អាច​​យក​មក​ពិចារណាទេ ព្រោះ​ថា​អ្នក​ទាំង​នោះ​បា​ន​យល់​ព្រម​ទទួល​សំណង​របស់​គេ​រួច​ហើយ​។​

សម្រាប់​អភិបាល​ខេត្ត​សៀម​ លោក ទៀ សីហា បាន​ឯកភាព​នឹង​ប្រធាន​មន្ទីរការ​ងារ​ ហើយ​ថា​បុគ្គ​លិក​គួរ​ទទួល​ស្គាល់​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​ក្រុម​ហ៊ុន​ជួប​ប្រទះ​ក្នុង​វិបត្តិ​កូវីដ​១៩​។ លោក​មានប្រសាសន៍ថា៖ «​ដូចនេះ ខ្ញុំ​គិតថា​គ្មាន​អ្វី​ត្រូវ​តវ៉ា​ទៀត​ទេ ហើយ​សំណង​ក៏បាន​ផ្ដល់​ឲ្យ​​ទៅ​បុគ្គ​លិក​ដែល​បាន​តវ៉ា​រួច​ហើយ​ដែរ»

155 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម