លោក មិច សារឿន មិនបានបើកប្រាក់ខែជាច្រើនខែមកហើយ និងបានរស់នៅដោយពឹងផ្អែកលើប្រាក់កម្ចីតិចតួចខ្ចីពីមេកាដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក។ វិបត្តិកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំណង់ ដែលមានកម្មករជិត១៥០ ០០០នាក់។ យ៉ាងណា កម្មករសំណង់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រូបនេះ បានជួបញ្ហាជីវភាពម្ដងទៀតកាលពីខែតុលា កន្លងទៅនេះ។
ភ្លៀងជាច្រើនថ្ងៃនៅទីក្រុងភ្នំពេញកាលពីពាក់កណ្ដាលខែតុលា បានបង្កឲ្យមានទឹកជំនន់លិច តំបន់មួយចំនួនក្នុងទីក្រុង ជាពិសេសក្នុងខណ្ឌដង្កោ។ ក្នុងរយៈពេលបួនថ្ងៃ គ្រួសាររបស់លោក សារឿន បានទៅរស់នៅ ជាន់ទីមួយនៃផ្ទះដ៏ទៃ ហើយពួកគេរស់នៅទាំងមិនមានអាហារគ្រប់គ្រាន់។
ដោយសារតែគ្មានប្រាក់ លោកមិនអាចរកវិធីចេញពីស្ថានភាពលំបាកនោះបាន និងថែមទាំងមិនបានដឹងពីការអំពាវនាវរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាពលរដ្ឋពីព្យុះមួយទៀតដែលនឹងជិតមកដល់។
លោក សារឿង និយាយថា៖ «ដំបូងឡើយ យើងមិនដឹងថាត្រូវទៅណា ឬក៏ត្រូវស្នាក់នៅទីណាទេ ព្រោះខ្ញុំគ្មានប្រាក់ដើម្បីធ្វើដំណើរទៅស្រុក។ យើងអត់មានលុយទេអំឡុងពេលទឹកជំនន់ហ្នឹង»។ លោកបន្ថែមថា គ្រួសារលោកត្រូវបានសង្គ្រោះដោយក្រុមអ្នកជួយសង្គោះ។
ប្រជាពលរដ្ឋជាច្រើនបានរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ប៉ុន្តែ គ្រួសារលោក សារឿន រងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងដោយសារវិបត្តិកូវីដ១៩។ វិបត្តិកូវីដ១៩ បានបោកបក់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះផង។
វិស័យពឹងផ្អែកលើការនាំផលិតផលចេញដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ រងផលប៉ះពាល់ខ្លាំងជាងគេ។ ដូចគ្នាដែរ វិស័យសំណង់ក៏មិនខុសគ្នាដែរ ដោយសារវិស័យនេះពឹកផ្អែកលើការវិនិយោគពីក្រៅប្រទេស។ ស្របពេលដែលរដ្ឋាភិបាលបានប្រកាសពីជំនួយសង្គ្រោះប្រចាំខែដល់កម្មករវិស័យកាត់ដេរ និងទេសចរណ៍ ក៏មានលេចចេញជាសំណួរថាតើការណ៍នេះមានប្រសិទ្ធភាពកម្រិតណា ហើយចំពោះកម្មករវិស័យសំណង់វិញមិនបានទទួលជំនួយនេះទេ។
លោក សារឿន ជាអ្នកខេត្តស្វាយរៀង បានធ្វើការនៅការដ្ឋានសំណង់លំនៅដ្ឋានមួយកាលពីខែមិថុនា និងអាចរកប្រាក់បានប្រហែល៧,៥ដុល្លារក្នុងមួយថ្ងៃ។ ការងាររបស់លោក ត្រូវគេសន្យាថាបើកប្រាក់ឈ្នួលពីរសប្ដាហ៍ម្ដង ប៉ុន្តែលោកមិនទាន់បានទទួលប្រាក់ឈ្នួលនោះនៅឡើយ។ ជំនួសមកវិញ មេកា បានឲ្យខ្ចីប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទៅវិញ។
លោកបន្តថា៖ «ពេលខ្ញុំសួរនាំរឿងប្រាក់ឈ្នួល មេកា ថាគាត់ក៏មិនទាន់បានទទួលប្រាក់ពីម្ចាស់ផ្ទះដូចគ្នា គាត់បានប្រាប់ខ្ញុំឲ្យរង់ចាំរហូតផ្ទះធ្វើរួច»។
សកម្មជនផ្នែកការងារក្នុងវិស័យសំណង់បានលើកឡើងថាបញ្ហាដែលកើតដដែលៗគឺប្រាក់ឈ្នួលទាប និងការមិនបើកប្រាក់ឈ្នួល បើទោះបីជាវិស័យមួយនេះបានកើនឡើងការវិនិយោគផ្ទាល់ពីបរទេសក៏ដោយ។
ការធ្លាក់ចុះវិស័យសំណង់ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មើលឃើញថាទំនងជានៅបន្តទៀតនោះ បានធ្លាក់ចុះយ៉ាងខ្លាំងនាំឲ្យមានការដ្ឋានជាច្រើននៅក្រុងព្រះសីហនុបានបិទ ដែលកន្លងមកមានចំនួនអ្នកវិនិយោគចិនជាច្រើនមកវិនិយោគនៅទីក្រុងនេះ។ កន្លងមក សារព័ត៌មានក្នុងស្រុកបានរាយការណ៍ជាច្រើនពីកម្មករជនជាតិចិនបាតុកម្មតវ៉ារឿងមិនបានទទួលប្រាក់ឈ្នួល ហើយធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេនៅទីក្រុងជាប់មាត់សមុទ្រមួយនេះធ្លាក់ចុះ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា វិស័យសំណង់ហាក់ពុំសូវមាននរណាចាប់អារម្មណ៍ច្រើនលើរឿងប្រាក់ឈ្នួលរបស់កម្មករនោះទេ។
លោកឲ្យដឹងថា៖«តាំងពីខ្ញុំធ្វើការលើបញ្ហានេះមក យើងបានឃើញជាបន្តបន្ទាប់នូវបញ្ហាមិនបើកប្រាក់ឈ្នួលសម្រាប់កម្មករសំណង់ ពេលខ្លះកម្មករទាំងនោះបានសម្រេចបោះបង់ប្រាក់ឈ្នួល ហើយស្វែងរកការងារផ្សេងទៀត»។
លោក មានប្រសាសន៍ទៀតថាសហជីពបានឃើញពីបណ្ដឹងជាច្រើនទាក់ទងនឹងការមិនបើកប្រាក់ឈ្នួល និងការបើកប្រាក់ឈ្នួលមិនទៀងទាត់ ដែលបញ្ហានេះស្ទើរតែក្លាយជាទម្លាប់ទៅហើយ និងថាអាជ្ញាធរគួរតែគិតគូពីបញ្ហានេះ។
លោក គីន បន្ថែមថា៖ «អ្នកធ្វើការលើបញ្ហានេះពិតជាមិនបានគិតគូរពីសុខមាលភាពរបស់កម្មករទេ ទាំងស្ថានភាពរស់នៅ និងប្រាក់ឈ្នួល ដូចនេះហើយនិយោជករបស់ពួកគេអាចធ្វើអ្វីបានតាមចិត្ត»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ មានប្រសាសន៍ដែរថា ទោះបីជាវិស័យសំណង់មានការរីកចំរើន និងមានអ្នកវិនិយោគច្រើន តែលក្ខខណ្ឌការងារ និងការគាំពារកម្មករមានការរីកចរើនតិចតួច។
លោកបន្ថែមថា៖ «ខ្ញុំគិតថាយើងត្រូវការជំរុញឲ្យមានការអនុវត្តច្បាប់ដែលមានស្រាប់ឲ្យបានខ្លាំងថែមទៀត ដើម្បីផ្ដល់ប្រយោជន៍ពិតប្រាកដដល់កម្មករ…ក្រសួងពាក់ព័ន្ធគួរអង្គុយជជែកគ្នា រកវិធីធ្វើម៉េចធានាថាកម្មករ និងនិយោជកមិនមានការកេងប្រវ័ញ្ចលើប្រាក់ឈ្នួល»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី ចេញផ្សាយកាលពីខែកក្កដា បានបង្ហាញថាទោះបីជាក្នុងវិបត្តិកូវីដ១៩ ក៏នៅមានគម្រោងចំនួន២ ៥២២ ត្រូវបានអនុម័តក្នុងឆ្នាំនេះ គិតជាទឹកប្រាក់ជិតបួនពាន់លានដុល្លារ។ ប៉ុន្តែ គម្រោងច្រើនជាង២ ០០០ ជាគម្រោងថ្នាក់រាជធានី និងខេត្ត មានតម្លៃប្រហែល៧៤០លានដុល្លារ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។
ហៀង នីម មានវ័យ២៩ឆ្នាំ គឺជាកម្មករសំណង់ម្នាក់ដែលទើបបានត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីបានធ្វើការនៅទៅនោះអស់ពេល១០ឆ្នាំ។ អ្នកខេត្តព្រះសីហនុរូបនេះ ក៏ធ្លាប់បានធ្វើការក្នុងហាងលក់ទំនិញមួយក្នងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្របពេលដែលវិស័យសំណង់ធ្លាក់ចុះនោះ លោក នីម ត្រូវថៅកែ ក្រុមហ៊ុន Yuti Building Decoration Engineering Cambodia and Hong Ding Xing Tain Di ប្រាប់ថាពួកគេមិនមានប្រាក់បើកឲ្យលោកតាមចំនួនដែលត្រូវបាន ១៥០០ដុល្លារនោះទេ។
លោក នីម ឲ្យដឹងថា៖« ពួកគេមិនបានបើកប្រាក់ឈ្នួលឲ្យខ្ញុំបីខែហើយ ពួកគេប្រាប់ថាក្រុមហ៊ុនគ្មានលុយបើកឲ្យខ្ញុំ និងកម្មករផ្សេងទេ»។
លោក នីម ធ្លាប់បានធ្វើការជាកម្មករសំណង់នៅប្រទេសថៃរយៈពេល១០ឆ្នាំ ប៉ុន្តែលោកបានវិលមកកម្ពុជាវិញដោយសារការចំណាយលើការរស់នៅក្នុងប្រទេសថៃថ្លៃពេក ហើយថាលោកក៏ធ្លាប់ជួបបញ្ហាមិនបើកប្រាក់ឈ្នួលដូចគ្នានេះនៅប្រទេសថៃដែរក្នុងនាមជាកម្មករខុសច្បាប់។
លោកឲ្យដឹងទៀតថា៖ «វាមានការពិបាកច្រើន ព្រោះយើងជាកម្មករខុសច្បាប់ ពេលខ្លះជួបបញ្ហាអត់បានបើកប្រាក់ឈ្នួល ប៉ុន្តែទោះបីជាខ្ញុំមកធ្វើការនៅប្រទេសកំណើតវិញ វានៅតែពិបាកដដែល»។
ទោះបីជាធ្លាប់មានបទពិសោធន៍អាក្រក់នៅការដ្ឋានទួលគោកក៏ពិតមែន តែ លោក នីម បានរកការងារថ្មីធ្វើនៅខុនដូ៤០ជាន់មួយកន្លែង ដោយគ្រាន់រំពឹងថាលោកនឹងអាចបានប្រាក់ខែនៅរាល់ដំណាច់ខែ។
ងាកមកលោក សារឿន នៅខណ្ឌដង្កោ វិញ បាននិយាយថាលោកបានទទួលប្រាក់ជំនួយចំនួន៧៥០ដុល្លារពីសាធារណជន បន្ទាប់ពីវីដេអូនៃការជួយសង្គ្រោះរូបលោក ត្រូវបានផ្សាយលើបណ្ដាញសង្គម។ មិនសុខគ្នាពីលោក នីម ដែរ លោកសារឿន គ្មានជំរើសអ្វីក្រៅពីបន្តការងារក្នុងវិស័យសំណង់នេះ និងសង្ឃឹមថាលោកនឹងបានទទួលប្រាក់ឈ្នួលពីក្រុមហ៊ុនសាងសង់។ លោកបន្ថែមថា៖ «វាពិបាកណាស់ក្នុងការទទួលបានប្រាក់ឈ្នួលសម្រាប់កាងារក្នុងវិស័យសំណង់។ យ៉ាងណាខ្ញុំក៏មិនអាចចេញពីការងារនេះបាន បើមិនអ៊ីចឹងខ្ញុំនឹងមិនបានប្រាក់ដែលក្រុមហ៊ុនជំពាក់ទេ»។