កម្មករសំណង់ចំនួន៥នាក់បានបាត់បង់ជីវិត ដោយសារតែជួបគ្រោះថ្នាក់ដាច់ខ្សែកន្រ្តយោង នៅការដ្ឋានសាងសង់នៅអូឡាំព្យាក្បែរពហុកីឡាដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន មានប្រសាសន៍ថា បុរសជាកម្មករសំណង់ចំនួនប្រាំបានបាត់បង់ជីវិត ដោយសារធ្លាក់កន្រ្តកយោងពីជាន់ទី៩ ត្រង់ចំណុចការដ្ឋាន ផ្លាទីនីម សឃ្វែរ (Platinum Squar) ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក កត្តា អ៊ន បញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៣រសៀល ហើយក្នុងចំណោមជនរងគ្រោះ៥នាក់ មានជនរងគ្រោះតែម្នាក់ប៉ុណ្ណោះដែលមានបណ្ណ បសស។ ពួកគេទាំង៥នាក់ មានស្រុកកំណើតមកពីស្រុកគិរីវង់ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។
បើតាមអ្នកនាំពាក្យក្រសួងការងារពុំបានបញ្ជាក់ពីចំនួនកម្មករសំណង់ដែលកំពុងធ្វើការនៅក្រុងភ្នំពេញ និងចំនួនកម្មករដែលរងគ្រោះបាត់បង់ជីវិតដោយសារតែការបម្រើការងារក្នុងវិស័យសំណង់នោះទេ។ ប៉ុន្តែលោកឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់នេះ ស្នាក់នៅក្នុងការដ្ឋានសាងសង់ ផ្លាទីនីម សឃ្វែរ។ បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
លោក កត្តា អ៊ន ថ្លែងថា៖ «ប.ស.ស សាខាខេត្តតាកែវនឹងរៀបចំវិភាជន៌បូជាសពផ្នែកហានិភ័យការងារ ជូនគ្រួសារសព»។
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា មិនឃើញមានសកម្មភាពកម្មករបំពេញការងារនៅក្នុងការដ្ឋានសាងសង់ ផ្លាទីនីម សឃ្វែរ នៃគម្រោងទីក្រុងអូឡាំព្យា នោះទេ។ គ្មានសកម្មភាពជញ្ជូនឥដ្ឋ ឬក្រឡុកស៊ីម៉ង់តិ៍ដូចសព្វមួយដងឡើយ។
បើតាមរយៈផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលបិទជាប់របងការដ្ឋានសាងសង់ អគារនោះជាអគារពាណិជ្ជកម្មស្ថិតកណ្ដាលក្រុងភ្នំពេញ។ អគារផ្លាទីនីម សឃ្វែរ ឃើញមានការសាងសង់ដល់កម្ពស់១១ជាន់ ខណៈផ្ទាំងផ្សព្វផ្សាយបានបញ្ជាក់ថា សំណង់ជិតរួចរាល់។ ក្រៅតែពីបដាផ្សព្វផ្សាយអំពីអាជីវកម្ម គេឃើញអក្សរធំៗដាក់ថា៖ «ធ្វើការប្រកបដោយសុវត្ថិភាព គ្រួសារអ្នកកំពុងរង់ចាំអ្នកនៅផ្ទះ»។
ក្រៅពីនេះ គេឃើញមានស្លាកបញ្ជាក់ដល់អ្នកដំណើរថា៖ «ហាមឈប់ប្រយ័ត្នមានគ្រោះថ្នាក់!!!ការដ្ឋានកំពុងសាងសង់»។
ខេមបូចា បានព្យាយាមសម្ភាសអាជីវករលក់ដូរក្បែរការដ្ឋានសាងសង់ ពួកគេអះអាងថា មិនបានដឹងអំពីហេតុការណ៍នេះទេ ប៉ុន្តែនៅពេល ខេមបូចា ព្យាយាមសួរបន្ថែមទៀត បុរសជាអ្នកលក់ម៉ូតូ បានសួរមកអ្នកសារព័ត៌មានវិញថា «តើស្គាល់ម្ចាស់គម្រោងហ្នឹងអត់? ប្រសិនបើមានកម្មករស្លាប់ពិតមែន គេមិនចង់ឲ្យផ្សាយ[ផ្សព្វផ្សាយព័ត៌មាន]»។
ខេមបូចា បានទូរសព្ទទៅសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទដែលបិទផ្សាយជាប់របងការដ្ឋាន បុគ្គលិកផ្នែកលក់បានលើកទូរសព្ទ តែបដិសេធមិននិយាយអ្វីទាំងអស់ទាក់ទងនឹងគ្រោះថា្នក់ស្លាប់កម្មករនេះ។
បុគ្គលិកលក់បាននិយាយថា៖ «សូមអធ្យាស្រ័យបង បងអាចទាក់ទងទៅក្រុមហ៊ុនធំបាន ខ្ញុំត្រឹមតែជាបុគ្គលិកផ្នែកលក់មិនដឹងទេបង»។
កាលពីឆ្នាំ២០២២ កន្លងទៅធ្លាប់មានករណីដាច់ខ្សែកាបជណ្ដើរយន្តបណ្ដាលឲ្យកម្មករសំណង់ចំនួន៤នាក់បានស្លាប់ និងរងរបួសនៅខេត្តព្រះសីហនុ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មិនអាចទាក់ទងបានឡើយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន សម្ដែងការសោកស្ដាយ និងព្រួយបារម្ភ ចំពោះឧបទ្ទវហេតុ ដែលបណ្ដាលឲ្យកម្មករសំណង់ចំនួនប្រាំនាក់ បានបាត់បង់ជីវិត ហើយបន្ថែមទៀតថានេះមិនមែនជាលើកទីមួយឡើយ ដែលកម្មករក្នុងវិស័យសំណង់គ្រោះថ្នាក់ដល់អាយុជីវិត។
តាមរយៈលោក សុខ គីន បានថ្លែងថា ក្រុមហ៊ុនមួយចំនួនតែងតែលើកស្លាក ឬបិទបដាតាមរបងការដ្ឋានសាងសង់«សុវត្ថិភាពជាចំបង» ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនបានត្រឹមត្រូវទៅតាមស្ដង់ដារនៃសុវត្ថិភាពការងារនោះទេ។
លោក សុខ គីន មានប្រសាសន៍ថា៖ «នៅពេលដែលធ្វើការក្រុមហ៊ុនមិនបានពិនិត្យជារៀងរាល់ពេលនោះទេ។ ចង់និយាយថា អាចមានការធ្វេសប្រហែសហើយ បានជាដាច់កន្រ្កកយោងស្លាប់កម្មករប្រាំនាក់»។
យ៉ាងណាមិញលោក សុខ គីន យល់ឃើញថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមអ្នកពាក់ព័ន្ធនានា បានចេញសេចក្ដីជូនដំណឹងជាហូរហែ ក៏ប៉ុន្តែនៅតែមានការខ្វះចន្លោះការតាមដាន។ ហើយលោកចង់ឃើញមានការពង្រឹងបន្ថែមតាមរយៈការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំទៅលើក្រុមហ៊ុនឯកជននានា ដែលនៅមិនទាន់អនុវត្តទៅតាមស្ដង់ដារ។
លោកលើកឡើងថា៖ «ច្បាប់សំណង់មានសេចក្ដីជូនដំណឹងគ្រប់គ្រាន់ ឬបទដ្ឋានផ្សេងៗវាមានតែក្នុងក្រដាសទេ។ ដូច្នេះបើភាគីពាក់ព័ន្ធ ជាពិសេសគឺអាជ្ញាធរពាក់ព័ន្ធជម្រុញឲ្យមានការចុះអធិការកិច្ចនៅតាមក្រុមហ៊ុនឯកជន ឲ្យបង្កើនការយកចិត្តទុកដាក់ នោះយើងនឹងសាទរ»។
លោកបន្តថា៖ «ការដាច់ខ្សែរយោងនេះ ខ្ញុំយល់ថាជាកង្វះការយកចិត្តទុកដាក់មួយទៅលើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ពីព្រោះកម្មករមានតួនាទីក្នុងការបំពេញការងារ។ តែអ្វីដែលសំខាន់ក្រសួងនិងក្រុមហ៊ុនទាំងអស់នោះត្រូវបំពេញបន្ថែមនូវគណៈកម្មការសុខភាពសុវត្ថិភាព ក៏ដូចជាអ្នកដែលត្រូវចុះអធិការកិច្ចទៅលើប្រព័ន្ធសុវត្ថិភាពរបស់កម្មករ»។
បើតាមក្រសួងការងារ បានលើកឡើងថា វិស័យសំណង់មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ព្រោះការងារទាំងនោះជាប្រភេទម៉ៅការ កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់ គឺប្រើប្រាស់កម្លាំងសុទ្ធសាធ និងទទួលបានប្រាក់ឈ្នួលទាប។ បន្ថែមពីនេះ ពួកគេប្រឈមនឹងគ្រោះថ្នាក់ពេលបំពេញការងាររហូតដល់ពិការ ឬបាត់បង់ជីវិត។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ គីន រំពឹងថា ជនរងគ្រោះទាំងនោះនឹងទទួលបានសំណង់យ៉ាងសមរម្យ សម្រាប់ជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ ហើយលោករំពឹងថា ថៅកែក្រុមហ៊ុនទាំងនោះនឹងបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថភាពការងាររបស់កម្មករជាចម្បង ជាពិសេសចុះបញ្ជី«បសស»ដល់កម្មករទាំងនោះផងដែរ។
លោកបន្ថែមថា៖ «ភាគតិចណាស់ដែលកម្មករសំណង់មានបណ្ណ បសស ហើយភាគច្រើនពួកគេមកធ្វើការតាមរយៈមេជាងម៉ៅការ ដែលមិនបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងការងារ»។
យ៉ាណាមិញ សង្គមស៊ីវិលធ្វើការលើវិស័យការងារ បានរកឃើញថា កម្មករក្នុងវិស័យសំណង់នៅកម្ពុជាជាង២០ម៉ឺននាក់កំពុងប្រឈមគ្រោះថ្នាក់ការងារក្នុងអត្រាខ្ពស់បំផុត បើធៀបនឹងវិស័យការងារផ្សេងទៀត ខណៈពួកគេទទួលបានការផ្តល់កិច្ចការពារផ្នែកសុខភាពសុវត្ថិភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ការងារក្នុងកម្រិតមួយទាប។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ៕