កម្មករនៃរោងចក្រចំនួនពីរបានផ្ទុះការតវ៉ាក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងនោះកម្មកររោងចក្រមួយតវ៉ាដោយសារពួកគេព្រួយបារម្ភថាថៅកែរោងចក្រនឹងបិទទ្វារ និងមួយទៀតតវ៉ាទាមទារឱ្យថោកែរោងចក្រផ្ដល់ប្រាក់អត្ថប្រយោជន៍ស្របតាមច្បាប់ការងារបន្ទាប់ពីរោងចក្របានបិទទ្វារ។
អ្នកស្រី សុខ ម៉ាលី អាយុ៤០ឆ្នាំ ជាមេសហជីព និងតំណាងកម្មករនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) មានប្រសាសន៍ថា កាលពីថ្ងៃអង្គារក្រុមកម្មករសម្រេចចិត្តចេញតវ៉ាដោយការបិទផ្លូវ ដោយសារមានការព្រួយបារម្ភថា ថៅកែរោងចក្រមានបំណងបិទរោងចក្រស្ងាត់ៗ ដើម្បីគេចវេះ ពុំផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេឱ្យស្របតាមច្បាប់ការងារ។
អ្នកស្រីនិយាយថា៖«គេថាគេនៅធ្វើការគេនៅដំណើរការ គេនៅបើកលុយឱ្យយើង ប៉ុន្តែម៉ាស៊ីនដឹកទៅរហូត ម៉ាស៊ីនោះម៉ាស៊ីននេះ ហើយរោងចក្រជួលដីគេហ្នឹង»។
អ្នកស្រី ម៉ាលី បន្ថែមថា រោងចក្រដែលមានកម្មករសរុបចំនួនជាង១ពាន់នាក់ នៅសល់ត្រឹម៣០០នាក់ប៉ុណ្ណោះ ក្នុងនោះប្រមាណ២០០នាក់ជាកម្មករដែលធ្វើការច្រើនឆ្នាំ។
អ្នកស្រីបន្តថា កត្តាដែលកម្មករនៅសល់ចំនួនតិចនេះដោយសារផ្នែកខ្លះដូចជា វេចខ្ចប់ ខៀវស៊ី និងតុកាត់ ត្រូវបានថៅកែឱ្យទៅធ្វើការនៅសាខាមួយទៀតដែលមានទីតាំងស្ថិតនៅទួលពង្រ។
អ្នកស្រី ឱ្យដឹងទៀតថា កាលពីថ្ងៃទី៦ខែមេសា នៅមុនចូលឆ្នាំខ្មែរ ភាគីក្រុមហ៊ុននិងកម្មករបានធ្វើកិច្ចព្រមព្រៀងគ្នា ដោយមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រក្នុងរយៈពេល៥ខែនេះ ក្នុងករណីផ្លាស់ប្ដូរម៉ាស៊ីនខាងក្រុមហ៊ុនត្រូវពិភាក្សាជាមួយតំណាងកម្មករ ប៉ុន្តែក្រោយត្រលប់ពីបុណ្យចូលឆ្នាំខ្មែរវិញ ក្រុមកម្មករសង្កេតឃើញថាម៉ាស៊ីនភ្លើងខ្នាតធំត្រូវបានបាត់។
អ្នកស្រីឱ្យដឹងទៀតថា៖«ពេលខ្ញុំមកវិញបាត់ម៉ាស៊ីនភ្លើងអាធំ ដល់សួរក្រុមហ៊ុនថាម៉ាស៊ីនហ្នឹង ជួលគេ ដឹកឱ្យគេវិញ ចឹងបានកម្មករមិនសុខចិត្តធ្វើការបិទផ្លូវ។ កំណត់ប្រាំខែគឺក្រុមហ៊ុនអ្នកដាក់មក»។
បើតាមតំណាងកម្មកររូបនេះ ឱ្យដឹងថា រោងចក្រមួយនេះ មានថៅកែជាជនជាតិចិន បានបើកដំណើរការអំឡុងឆ្នាំ២០០៦។
អ្នកស្រី ម៉ាលីបន្ថែមថា៖ «គេចរចាសុំឱ្យក្រុមហ៊ុនបញ្ឈប់ការដឹកជញ្ជូនម៉ាស៊ីន អាចដោះដូរបាន ដឹក៤មក៤ ប៉ុន្តែអត់ដឹកទៅបាត់ទេ ម៉ាស៊ីនដេរ តូចធំ ឡាស៊ែរ ម៉ាស៊ីនខ្សែទន់ ម៉ាស៊ីនភ្លើង ដឹកទៅច្រើនម្ដងមួយៗ»។
អ្នកស្រី នៅ ហាន អាយុ៥២ឆ្នាំ ជាកម្មការនីដែលបានធ្វើការប្រមាណ២០ឆ្នាំ តាំងពីរោងចក្រនៅចាក់អង្រែ បានរៀបរាប់ថា អ្នកស្រីនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើរោងចក្របិទ ហើយមិនផ្ដល់សំណងឱ្យស្របតាមច្បាប់ការងារ។
អ្នកស្រីនិយាយថា៖ «យើងបាត់បង់ការងារផង អត់មានលុយចំណូលចូលយើងត្រូវការបង់លុយធនាគារអីចឹង។ ខ្ញុំត្រូវនៅផ្ទះព្រោះយើងអាយុ៥០គេលែងយក។ ខ្ញុំចង់យកប្រាក់ទាំងនោះទៅរកស៊ីដើម្បីចិញ្ចឹមកូន»។
កម្មការនីដែលមានកូនប្រុសពីរនាក់រៀនថ្នាក់ទី៩ និងទី១១ រូបនេះ ពុំបានដឹងទេថាខ្លួនត្រូវទទួលបានប្រាក់អត្ថប្រយោជន៍ប៉ុន្មានក្នុងករណីក្រុមហ៊ុនបិទទ្វារ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំអត់ដឹងថាច្បាប់រដ្ឋគេគិតយ៉ាងមិចបានប៉ុន្មានទេ តែខ្ញុំសូមតាមច្បាប់»។
កម្មការនីម្នាក់ទៀត អ្នកស្រី ផុន ទូច អាយុ៣៩ឆ្នាំ ដែលធ្វើការនៅរោងចក្រនោះអស់រយៈពេល១៥ឆ្នាំ បាននិយាយថា រយៈពេលបួនខែចុងក្រោយនេះរោងចក្រពុំបានតម្រូវឱ្យកម្មករធ្វើការថែមម៉ោងនោះទេ ហើយសម្ភារៈក្នុងរោងចក្រត្រូវបានដឹកយកចេញអស់ស្ទើរតែពាក់កណ្ដាល។
អ្នកស្រីនិយាយថា៖«ខ្ញុំធ្វើការសុខៗគេអូសម៉ាស៊ីនចេញក្រៅរោងចក្រ។ ហើយពួកខ្ញុំចេះតែធ្វើការទាំងភ័យចឹង គេយកអស់ច្រើនហើយ ខ្លាចរោងចក្របិទ»។
លោក ឌាវ គឹមប៊ូ បុគ្គលិករដ្ឋបាលនៃរោងចក្រឃែនធើរេន អឹបភែរឹល(ខេមបូឌា) បានបញ្ជាក់ថា ក្រុមហ៊ុននិងកម្មករបានព្រៀមព្រៀងគ្នានៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយបញ្ហានេះរួចហើយ។
លោកនិយាយថា៖ «ក្នុងនាមពូជារដ្ឋបាលមកដល់ទល់ថ្ងៃនេះគឺរោងចក្រអត់មានជូនដំណឹងអីបិទពេលណាទេ។ ការព្រួយបារម្ភរបស់បងប្អូនកម្មករក៏មិនដឹងថាត្រូវពន្យល់គាត់យ៉ាងម៉េច»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា ក្នុងករណីរោងចក្រសហគ្រាសពុំអាចដំណើរការបាន ភាគីកម្មករអាចស្នើឱ្យបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន ឬប្ដឹងទៅអាជ្ញាធរដើម្បីស្វែងរកដំណោះស្រាយ។
លោក ធន់ បញ្ជាក់ថា៖ «បើអត្ថប្រយោជន៍បងប្អូន[កម្មករ]បាត់បង់ បើក្រុមហ៊ុននានារត់គេចវាមានន័យថាសេវាសាធារណៈវាអត់ទាន់ល្អ។ បើសិនទៅមិនរួច[មិនដំណើរការ]ទេគេលក់ឡាយឡុងទ្រព្យសម្បត្តិយកលុយបើកឱ្យកម្មករវិញ។ ប៉ុន្តែបើគេ[កម្មករ]មិនអាចរក្សាទ្រព្យ[ក្រុមហ៊ុនឬរោងចក្រ]ហ្នឹងបានអាចនឹងបាត់បង់[អត្ថប្រយោជន៍]ទាំងអស់»។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថាGMAC មានប្រសាសន៍ថា លោកគាំទ្រដល់កម្មករ-កម្មការនីដែលតវ៉ាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលស្របតាមច្បាប់ការងារនៅកម្ពុជា។
លោក ខេន លូមានប្រសាសន៍ថា៖«ឆ្នាំ២០២២នេះ មានរោងចក្រប៉ុន្មានបិទទ្វារគឺយើងមិនដឹងទេ ព្រោះរោងចក្របិទ គឺបិទហើយ អត់មានប្រកាសប្រាប់ខាងណាទេ។ ហើយរោងចក្រដែលបិទមានកាតព្វកិច្ចត្រូវសងឱ្យកម្មករតាមច្បាប់»។
នៅរសៀលថ្ងៃពុធ តំណាងកម្មករនិងភាគីរោងចក្របានជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយនៅឯសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីអាជ្ញាធរ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឆ្លើយតបសំណួរអ្នកសារព័ត៌មានខេមបូចា យ៉ាងខ្លីតាមប្រព័ន្ធតេលេក្រាមថា ភាគីក្រុមហ៊ុន និងកម្មករនិយោជិតបានឯកភាពរួចហើយក្នុងអង្គប្រជុំ ដើម្បីបញ្ចប់ទំនាស់នេះ។
បើតាមតំណាងកម្មករដែលដើរចេញពីកិច្ចប្រជុំនេះ បានឆ្លើយប្រាប់អ្នកសារព័ត៌មានខេមបូចាថា ខាងក្រុមហ៊ុនបានយល់ព្រមបញ្ឈប់ការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្របន្តទៀត។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងការងារ យល់ចំពោះការព្រួយបារម្ភរបស់កម្មករ ហើយកំពុងស្វែងរកដំណោះស្រាយក្នុងរឿងនេះ។
លោកបញ្ជាក់ថា៖«បានជ្រាប និងបានកំពុងសហការដើម្បីដោះស្រាយដើម្បីការពារអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត»។
នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ ក៏មានការតវ៉ាមួយនៅរោងចក្រកាត់ដេរ រ៉ូស៊ីង ហ្គាមេន ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្រុមកម្មករទាមទារឱ្យថោកែផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារនៅកម្ពុជា ក្រោយរោងចក្រត្រូវបានបិទទ្វារ។
លោក ខុន ជា ប្រធានសហជីពសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ប្រចាំរោងចក្រ រ៉ូស៊ីង មានប្រសាសន៍ថា កាលពីព្រឹកម្សិលមិញ កម្មករប្រមាណ ៤០០នាក់ក្នុងចំណោមកម្មករសរុបជាង១ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យថៅកែរោងចក្រផ្ដល់អត្ថប្រយោជន៍ចំនួនប្រាំចំណុចឱ្យស្របតាមច្បាប់ការងារពាក់ព័ន្ធនឹងការបញ្ឈប់កម្មករ។
បើតាមប្រធានសហជីពរូបនេះ ឱ្យដឹងថា រោងចក្រនេះបានរំសាយកម្មករនិងបិទសង្វាក់ផលិតកម្មទាំងស្រុងនៅដើមខែមេសានេះ ដោយក្រុមហ៊ុនអះអាងថា ដោយសារវិបត្តិជំងឺកូវីដ-១៩ គ្នានអ្នកបញ្ជាទិញ និងពុំមានលទ្ធភាពដំណើរការរោងចក្របន្តទៀត។
លោក ខុន ជា ថ្លែងថា៖ «តវ៉ាទាមទារសងប្រាំចំណុចតាមច្បាប់ការងារ។ ចំណុចទាមទារ មានការជូនដំណឹង បណ្ដេញចេញ ជំងឺចិត្ត ប្រាក់ខែចុងក្រោយ និងដំណាច់ឆ្នាំនៅសេសសល់»។
លោកឱ្យដឹងទៀតថា ក្រុមសហជីពបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងារនៃក្រសួងការងារដើម្បីដោះស្រាយករណីនេះ។
លោកបន្ថែមថា៖«អាជ្ញាកណ្ដាលថាថ្ងៃទី២០ដល់២៥[ខែឧសភា]បានគេសម្រេចក្ដីថាឈ្នះឬចាញ់»។
លោក នៅ ឈឿង កម្មកររោងចក្ររ៉ូស៊ីងហ្គាមេន និយាយថា លោកបានធ្វើការនៅរោងចក្រមួយនេះអស់រយៈពេល៩ឆ្នាំហើយ ប៉ុន្តែភាគីរោងចក្រពុំបានទូទាត់ប្រាក់សំណងសមរម្យតាមច្បាប់ការងារឱ្យលោកឡើយ។
លោកនិយាយថា៖«ក្នុងចិត្តខ្ញុំគិតថាទទួល២ទៅ៣ពាន់ដុល្លារ ប៉ុន្តែរោងចក្រគេទូទាត់ឱ្យត្រឹមលុយលើកទឹកចិត្ត៥០ទៅ៦០ដុល្លារ»។
លោក ឈឿង ឱ្យដឹងទៀតថា មកទល់ពេលនេះលោកពុំទាន់ស្វែងរកការងារធ្វើនៅឡើយ និងចង់បានប្រាក់អត្ថប្រយោជន៍ទាំងនោះ ដើម្បីចិញ្ចឹមប្រពន្ធដែលទើបឆ្លងទន្លេ និងឪពុកម្ដាយដែលមានវ័យចំណាស់។
លោកនិយាយថា៖«ចង់យកលុយចិញ្ចឹមកូននៅតូច ឪពុកម្ដាយចាស់ៗហើយ និងប្រកបរបរខ្លះ ប្រពន្ធកូនខ្ចី ទើបសម្រាលកូន ធ្វើការរោងចក្រជាមួយគ្នា»។
ពាក់ព័ន្ធនឹងការតវ៉ានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ករណីរោងចក្របិទទ្វារ ឬក្ស័យធន គឺក្រសួងនឹងអនុវត្តទៅតាមច្បាប់ការងារ។
លោកនិយាយថា៖ «យើងនឹងអនុវត្តទៅតាមច្បាប់ស្តីពីក្ស័យធនផងនិងច្បាប់ស្តីពីការងារផង។ យើងត្រូវរងចាំការលក់ឡាយឡុង ឬរឹបអូសទ្រព្យសម្បត្តិរោងចក្រ»។
យោងតាមសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនិយោជិតមួយចំនួនដែលបង្កើតសហជីពត្រូវបាននិយោជកបណ្ដេញចេញពីការងារក្រោមរូបភាពផ្សេងៗគ្នា និងមានករណីបិទទ្វាររោងចក្រ ដោយនិយោជកមិនបានទូទាត់ប្រាក់សំណងតាមប្រភេទនៃកិច្ចសន្យាការងាររបស់ពួកគេតាមច្បាប់ស្ដីពីការងារនោះឡើយ។
ករណីខាងលើនេះមានសមាជិកនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ចំនួន២៣រោងចក្រដែលពាក់ព័ន្ធ ដែលមានកម្មករនិយោជិត១៤០៨នាក់ រងគ្រោះ។
ប្រភពដដែលបន្តថា សំណុំរឿងទាំងនោះមួយចំនួនដោះស្រាយដោយក្រសួងការងារ ជាច្រើនលើក ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ខណៈមួយចំនួនទៀត ត្រូវបានដោះស្រាយ ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលប៉ុន្តែនិយោជកពុំបានអនុវត្តតាមសេចក្ដីបង្គាប់ឡើយ។ សហជីពមួយនេះ ឱ្យដឹងទៀតថា កម្មករនិយោជិតដែលរងគ្រោះទាំងនោះនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ព្រមទាំងមានការដាក់ញត្តិនៅក្រសួងការងារនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ផងដែរ៕