សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធនាគារពិភពលោកជំរុញឱ្យផ្ទេរសាច់ប្រាក់បន្ថែមទៀតដល់អ្នកក្រីក្រ ខណៈដែលអតិផរណាកើនឡើង

បុរសម្នាក់អូសរទេះអេតចាយដើរកាត់ការដ្ឋានសំណង់ខុនដូក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
បុរសម្នាក់អូសរទេះអេតចាយដើរកាត់ការដ្ឋានសំណង់ខុនដូក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ការកើនឡើងនៃអតិផរណានៅតែបន្តជះឥទ្ធិពលដល់គ្រួសារក្រីក្របំផុតនៅប្រទេសកម្ពុជា ហើយភាពក្រីក្ររបស់ពួកគេគួរត្រូវបានកាត់បន្ថយតាមរយៈការពង្រីកកម្មវិធីជំនួយសាច់ប្រាក់ដោយផ្ទាល់ដែលកម្មវិធីនេះត្រូវបានផ្តួចផ្តើមនៅពេលដែលមានជំងឺរាតត្បាតសកល។

ធនាគារពិភពលោកបានលើកឡើងនៅក្នុងរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃពុធថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់កម្ពុជាបានកើនឡើងទ្វេដងបើប្រៀបទៅនឹងឆ្នាំមុនពោលគឺកើន៤.៨%ក្នុងឆ្នាំ២០២២នេះ។ របាយ​ការណ៍​បាន​ព្យាករ​ថា កំណើនផលិតផលក្នុងស្រុកសរុបអាច​នឹង​កើន​ឡើង​៥,២%​នៅ​ឆ្នាំ​ក្រោយ ដោយសារ​កំណើន​ទេសចរណ៍ ​វិស័យ​ផលិតកម្ម និង​ការ​នាំ​ចេញ​។

ប៉ុន្តែ «កំណើនពាណិជ្ជកម្មសកលត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣ដោយសារសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាដ៏ធំ»។​ របាយការណ៍ដដែលក៏បានព្រមានផងដែរអំពីការកើនឡើងនៃអតិផរណាដោយសារតែការកើនឡើងនៃតម្លៃថាមពល ជី និងអាហារដែលពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។

របាយការណ៍នេះបានកត់សម្គាល់ថា អតិផរណារបស់ប្រទេសកម្ពុជាបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៣ឆ្នាំ ដោយកើនរហូតដល់៧.៨%នៅក្នុងខែមិថុនា។ កាលពីមុនអតិផរណា​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្រោម៤%។

អ្នកស្រី Wendy Karamba សេដ្ឋវិទូរបស់ធនាគារពិភពលោកបាននិយាយថា៖ «សមត្ថភាពរបស់គ្រួសារក្នុងការទប់ទល់នឹងអតិផរណាគឺអាស្រ័យលើថាតើពួកគេអាចទប់ទល់បាននូវការកើនឡើងនៃការចំណាយក្នុងគ្រួសារដែរឬទេ ។ អតិផរណានឹងប៉ះពាល់ដល់អ្នកក្រកាន់តែខ្លាំង ដោយសារតែប្រាក់សន្សំរបស់គ្រួសារក្រីនៅមានកម្រិតដែលធ្វើឱ្យពួកគេពិបាកក្នុងការដោះស្រាយជាមួយនឹងការប៉ះទង្គិចទាំងនេះ»។​

របាយការណ៍​បាន​បញ្ជាក់​ថា​ប្រហែល​ពាក់​កណ្តាល​នៃ​កម្មករ​ក្រីក្រ​បំផុត​របស់​កម្ពុជា​មាន​ការងារ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម ហើយ​ប្រាក់​ចំណូល​របស់​ពួកគេ​នៅ​តែ​មាន​តិច​ជាង​ពាក់​កណ្តាល​នៃ​កម្មករ​ក្នុង​វិស័យ​ផ្សេង​ទៀត។

Karamba បាននិយាយថា គ្រួសារក្រីក្រត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយតម្លៃអាហារឡើងថ្លៃ ហើយប្រាក់ចំណូលរបស់ពួកគេ ដែលជាទូទៅបានមកពីវិស័យកសិកម្ម មិនកើនឡើងលឿនដូចប្រាក់ចំណូលក្នុងវិស័យផ្សេងទៀតនោះទេ។ ដើម្បីទប់ទល់នឹងបន្ទុកអតិផរណា គ្រួសារក្រីក្រទំនងជាប្តូរទៅទទួលទានអាហារដែលមានតម្លៃថោក និងមិនសូវមានជីវជាតិ ឬដកកូនរបស់ពួកគេចេញពីសាលា។

ការវិភាគរបស់ធនាគារពិភពលោកបានប៉ាន់ប្រមាណថា អតិផរណាតែមួយអាចបង្កើនអត្រាភាពក្រីក្រពី ១៧.៨%ដល់២១.៩% ដែលធ្វើឱ្យប្រជាជនកម្ពុជាច្រើនជាង១ នាក់ក្នុងចំណោម៥ នាក់ស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្ររបស់កម្ពុជាដែលកំណត់ចំនួន២.៧៩ ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងការរកចំណូលក្នុងមួយថ្ងៃ។

ដើម្បីកាត់បន្ថយអតិផរណា ធនាគារពិភពលោកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តផ្តល់សាច់ប្រាក់ដោយផ្ទាល់ដល់គ្រួសារដែលបានចុះឈ្មោះក្នុងកម្មវិធីបណ្ណសមធម៌ជនក្រីក្រ ដែលផ្តល់ប្រាក់ឧបត្ថម្ភថែទាំសុខភាព និងអត្ថប្រយោជន៍សុខុមាលភាពសង្គមផ្សេងទៀតដល់គ្រួសារដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

រដ្ឋាភិបាលបានចាប់ផ្តើម «កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល កូវីដ-១៩» នៅក្នុងខែមិថុនា ឆ្នាំ 2020 ដើម្បីផ្តល់ការផ្ទេរសាច់ប្រាក់ដោយផ្ទាល់ជាបន្តបន្ទាប់ទៅកាន់គ្រួសារក្រីក្រ។ ប្រាក់ចាប់ពី២០ដុល្លាដល់៣០ដុល្លា បានទៅដល់ពលរដ្ឋជិត៧០០​ ០០០ គ្រួសារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យោងទៅតាមកម្មវីធីសមធម៌សម្រាប់ជនក្រីក្រ។

របាយការណ៍របស់ធនាគារពិភពលោកបានរកឃើញថានៅឆ្នាំ២០២០ ការផ្ទេរសាច់ប្រាក់ទៅកាន់គ្រួសារក្រីក្រមានតម្លៃប្រហែល០.៧%នៃផលិតផលក្នុងស្រុកសរុប ហើយត្រូវបានគេប៉ាន់ប្រមាណថាប្រាក់ដែលផ្ទេរនោះបានជួយដល់៤០% នៃអ្នកដែលរងភាពក្រីក្របណ្តាលមកពីជំងឺរាតត្បាតនៅឆ្នាំនោះ។ ថវិកាសម្រាប់ផ្ទេរសាច់ប្រាក់ដោយផ្ទាល់ដល់គ្រួសារក្រីក្រកម្ពុជាបានកើនឡើងទ្វេដងពោលគឺមាន ១.៤% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២១។

អ្នកស្រី Karamba បាននិយាយថា៖ «ការផ្ទេរសាច់ប្រាក់ដែលមានគោលដៅគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្តល់អត្ថប្រយោជន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ»។

អ្នកស្រីបាននិយាយថាគ្រួសារក្រីក្រទាំងនោះជាធម្មតាបានប្រើប្រាស់សាច់ប្រាក់ដែលទទួលបានដើម្បីបំពេញ «តម្រូវការចាំបាច់»ដូចជាការទិញអាហារជាដើម។

របាយការណ៍របស់ធនាគារពិភពបានឱ្យដឹងទៀតថា៖ «បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើការលើការពង្រីកមូលដ្ឋានទិន្នន័យបណ្ណសមធម៌លើសពីគ្រួសារក្រីក្រ ដើម្បីបញ្ចូលគ្រួសារដែលមានហានិភ័យផងដែរ។​ ការណ៍នេះនឹងអនុញ្ញាតឱ្យមានការដាក់បញ្ចូលយ៉ាងឆាប់រហ័សនូវគ្រួសារដែលងាយរងគ្រោះក្នុងករណីមានការប៉ះទង្គិចណាមួយទៅលើជីវភាពរបស់ពួកគេ»។​

លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងនឹងពង្រីកចំនួនគ្រួសារដែលមានសិទ្ធិផ្ទេរប្រាក់ដោយផ្ទាល់ដោយសារការកើនឡើងនៃអតិផរណា ប៉ុន្តែនឹងមិនបង្កើនចំនួនការទូទាត់ក្នុងមួយគ្រួសារនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងមន្ត្រីរដ្ឋាភិបាល ឬសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក មិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ថាតើការផ្ទេរសាច់ប្រាក់ទៅគ្រួសារក្រីក្រគួរតែរួមបញ្ចូលការបន្ធូរបន្ថយបំណុលសម្រាប់កម្ចីតូចៗដែរឬទេ។

របាយការណ៍របស់ធនាគារពិភពលោកបានកត់សម្គាល់ថាសមាមាត្របំណុលគ្រួសាររបស់កម្ពុជាទៅនឹងផលិតផលក្នុងស្រុកសរុបនៅតែ«ខ្ពស់ខ្លាំង»ហើយបានលើកឡើងពីការព្រួយបារម្ភថាគ្រួសារទាំងនោះអាច«ធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលដ៏សាហាវ»។ របាយការណ៍នេះបានកត់សម្គាល់ថាមានតែ២៨ភាគរយប៉ុណ្ណោះនៃប្រាក់កម្ចីត្រូវបានគេចាត់ទុកថាជា«ផលិតភាព»ដែលមានន័យថាពួកគេកំពុងបង្កើតប្រាក់ចំណូល។

ក្រសួងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាឡឺម៉ង ដែលជាអ្នកផ្តល់មូលនិធិដ៏សំខាន់មួយនៃកម្មវិធីបណ្ណសមធម៌ក្រីក្រ បានចេញផ្សាយការសិក្សាមួយនៅក្នុងខែកញ្ញាដែលបង្ហាញថាគ្រួសារដែលមានបណ្ណសមធម៌ជាច្រើនបានជំពាក់បំណុលគេដោយសារតែប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុខ្ពស់។

ការសិក្សារបស់រដ្ឋាភិបាលអាឡឺម៉ង់ក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយបំណុលដល់គ្រួសារក្រីក្រនិងបានចោទសួរថាហេតុអ្វីបានជាពួកគេបានទទួលប្រាក់កម្ចីពីខណៈដែលស្ថានភាពពួកគេបានបង្ហាញថាមិនមានលទ្ធភាពសងវិញទេ។

លោក​ កែវ អ៊ូលី ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នៃ​ក្រសួង​ផែនការ មានប្រសាសន៍ថា​ លោកមិនអាចឆ្លើយថា តើគ្រួសារដែលមានបណ្ណសមធម៌ ប៉ុន្មាននាក់បានទទួលកម្ចីមីក្រូហិរញ្ញវត្ថុដែលពួកគេមិនអាចសងវិញបាននោះទេ។ លោកក៏មិនបានធ្វើអត្ថាធិប្បាយថាតើគ្រួសារក្រីក្រ គួរតែទទួលបានការបន្ធូរបន្ថយបំណុលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការផ្ទេរសាច់ប្រាក់ដែរឬអត់ទេ ព្រោះលោកថានេះជាបញ្ហាសម្រាប់«អ្នកនៅខាងលើខ្ញុំ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

ចំណែកលោក ណារិទ្ធ បានអះអាងថាលោកមិនបានដឹងពីការសិក្សារបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងមិនអាចធ្វើអត្ថាធិប្បាយបានទេ៖ «ខ្ញុំមិនប្រាកដថាវាជារបាយការណ៍ផ្លូវការ ឬជារបាយការណ៍របស់ Facebook»។

សាខាវិនិយោគផ្នែកឯកជនរបស់ធនាគារពិភពលោក គឺសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានប្រាក់កម្ចីសកម្មចំនួន១៨​សរុបរាប់សិបលានដុល្លារដែលផ្តល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាដោយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការធ្វើសវនកម្មក្រោមការចោទថាបានរំលោភបំពានអ្នកខ្ចីកម្ចីរបស់ខ្លួន។

សេដ្ឋកិច្ចវិទូ Karamba បានបន្ថែមថា ធនាគារពិភពលោកក៏មិនមានជំហរក្នុងការផ្តល់ការបន្ធូរបន្ថយបំណុលដល់អ្នកខ្ចីខ្នាតតូចដែរ ហើយក៏មិនអាចធ្វើអត្ថាធិប្បាយអំពីថាតើឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាគួរត្រូវបានបង្កើនឬថយចុះនោះទេ។​

អ្នកស្រីបាននិយាយថា៖ «យើងពិតជាមិនបានសិក្សារឿងនេះទេ។ វាមិនមែនជាអ្វីដែលខ្ញុំត្រូវអត្ថាធិប្បាយច្រើនទេនៅដំណាក់កាលនេះ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Banks Urges More Cash Transfers to Poor as Inflation Rises

310 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម