សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមយុវជនគ្រោងនឹងធ្វើបាតុកម្មអហិង្សា បើក្រសួងមហាផ្ទៃមិនបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស

មន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ កំពុងពិនិត្យខ្លឹមសារនៃញត្តិ មុននឹងអនុញ្ញាតឱ្យលោក ធែល ធីលែន និងក្រុមយុវជន ចូលទៅដាក់ញត្តិនៅខាងក្នុងក្រសួង។ រូបថតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
មន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ កំពុងពិនិត្យខ្លឹមសារនៃញត្តិ មុននឹងអនុញ្ញាតឱ្យលោក ធែល ធីលែន និងក្រុមយុវជន ចូលទៅដាក់ញត្តិនៅខាងក្នុងក្រសួង។ រូបថតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ក្រុមយុវជនដែលដាក់ញត្តិស្នើឱ្យក្រសួងមហាផ្ទៃលុបចោលការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ឱ្យជនបរទេស គ្រោងនឹងធ្វើបាតុកម្ម​អហិង្សាទ្រង់ទ្រាយធំនៅទីលានប្រជាធិបតេយ្យ បន្ទាប់ពី​ចប់​រដូវភ្ជុំបិណ្ឌប្រសិនបើក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ មិនមានការឆ្លើយតប​ជាវិជ្ជមាន​តាម​ការស្នើសុំរបស់ក្រុមយុវជន។

លោក ធែល ធីលែន ជាយុវជន ដែលមិនពេញចិត្តនឹងការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍​ទៅ​ឱ្យជនជាតិវៀតណាម បានលើកឡើងថា ប្រសិនបើក្រសួងមហាផ្ទៃ មិនមានការឆ្លើយតប​ជាវិជ្ជមានចំពោះញត្តិដែលបានដាក់ទៅ នោះប្រជាពលរដ្ឋ និងយុវជន នឹងដាក់ញត្តិ​ទៅ​សាលារាជធានីភ្នំពេញ សុំការអនុញ្ញាតជួបជុំគ្នានៅទីលានប្រជាធិបតេយ្យទ្រង់ទ្រាយធំ ដើម្បី​សម្ដែងមតិទាមទារឱ្យមានការលុបបណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងដេប៉ាតឺម៉ង់ភាសាវៀតណាម។

លោក ធីលែន ថ្លែងថា៖ «បន្ទាប់ពីមួយសប្ដាហ៍ក្រោយ យើងនឹងស្នើទៅ​សាលារាជធានី​ម្ដង​ទៀត ដើម្បីរៀបចំកាលបរិច្ចេទច្បាស់លាស់មួយ ប្រមូលការជួបជុំសម្ដែងមតិ​នៅទីលាន​ប្រជាធិបតេយ្យដោយសន្តិវិធី​ ស្របទៅតាមផ្លូវច្បាប់»

លោកបន្ថែមថា ដើមចមដែលជំរុញឱ្យលោកយកញត្តិមកដាក់នៅក្រសួងមហាផ្ទៃ គឺដោយ​សារ​តែលោកយល់ឃើញថា ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍​ដល់ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់នៅកម្ពុជា គឺជារឿងធ្វើឱ្យប៉ះពាល់ប្រយោជន៍ប្រជាជនខ្មែរ ពិសេសជារឿង​មិនសម​ទំនង ដែលកម្ពុជាតែងតែផ្ដល់ការអនុគ្រោះក្រោមរូបភាពផ្សេងៗទៅឱ្យជនបរទេស ដែលមក​រស់នៅកម្ពុជាដោយខុសច្បាប់ ពិសេសជនជាតិវៀតណាម។

លោក ធីលែន បន្តថា៖ «បានជាយើងយកញត្តិមកដាក់នេះ ដោយសារយើង​បានដឹងពី​ហានិភ័យ​ជាច្រើនពាក់ព័ន្ធនឹងការចេញបណ្ណនេះ។ យើងដឹងហើយថា​ជនអន្តោប្រវេសន៍​នៅកម្ពុជាភាគច្រើនគឺជាប្រជាជាតិវៀតណាម និងចិន»។

លោកបន្ថែមថា៖«ទាក់ទងនឹងជនអន្តោប្រវេសន៍នេះ គឺគាត់មកប្រទេសរបស់យើង គឺគាត់​តែងតែបង្កនូវអសន្តិសុខ ដូចជាគ្រឿងញៀន ចោរកម្ម ពេស្យាចារ ការជួញដូរមនុស្ស និង​ការលាងលុយកង្វក់ជាដើម។ នេះជាហានិភ័យដែលយើងត្រូវព្រួយបារម្ភ»

សម្រាប់លោក ធីលែន បញ្ជាក់ថា កម្ពុជាមានច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ ដូច្នេះគួរយក​ច្បាប់​នោះមកប្រើ ព្រោះមិនមានហេតុផលណាមួយ ដែលកម្ពុជាចេញបណ្ណ​ស្នាក់នៅ​អចិន្រ្តៃយ៍​ឱ្យជនបរទេសទាំងនោះឡើយ។

លោកបន្ថែមថា៖ «ប្រទេសកម្ពុជាយើងមានច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ត្រឹមត្រូវ សម្រាប់​ការចេញប័ណ្ណនេះ គឺមានហានិភ័យខ្ពស់មែនទែន ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព ជីវភាព ការប្រកបមុខរបររបស់ប្រជាពលរដ្ឋម្ចាស់ប្រទេស»។

យុវជនមួយរូបទៀតមកពីខេត្តសៀមរាប ដែលចូលរួមដាក់ញត្តិនៅក្រសួងមហាផ្ទៃ គឺលោក អន រតនា ប្រាប់ឱ្យដឹងថា លោកមិនពេញចិត្តចំពោះក្រសួងមហាផ្ទៃ ដែលផ្ដល់បណ្ណស្នាក់​នៅ​អចិន្រ្តៃយ៍ឱ្យជនជាតិវៀតណាម  ដោយសារតែធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍​ជាច្រើន​ដល់​ប្រទេសជាតិ ហើយលោកមើលឃើញថា ចំណងការទូតរវាងកម្ពុជា និងវៀតណាម ហាក់មាន​ភាពស្អិតរមួតជាងប្រទេសផ្សេងៗ ដែលធ្វើឱ្យលោកជាយុវជនមានក្ដីបារម្ភ ចំពោះការផ្ដល់​បណ្ណ​ស្នាក់នៅអចិន្រ្តៃយ៍នេះ។

លោក រតនា ថ្លែងថា៖ «ក្រុមយុវជនមិនបានរើសអើងជាតិសាសន៍ ទី២ក៏មិនបានស្អប់​ជាតិ​សាសន៍​ណាដែរ ក៏ប៉ុន្តែក្នុងចំណងការទូតរបស់កម្ពុជាទៅបណ្ដា​ប្រទេសផ្សេងៗ​មិន​បង្ក​ហានិភ័យខ្ពស់ទេ អ្វីដែលកត់សម្គាល់ហានិភ័យខ្ពស់ខ្លាំងបំផុត គឺប្រជាជាតិវៀតណាម សម្រាប់កម្ពុជា ដូច្នេះបានជាក្រុមយុវជនធ្វើញត្តិសុំក្រសួងមហាផ្ទៃ​យល់ពីអារម្មណ៍​ប្រជាពលរដ្ឋ និងដឹងពីការប្រឈមទៅថ្ងៃអនាគត»។

លោកអះអាងថា ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យមួយ ប៉ុន្តែលោកសង្កេតឃើញថា ឱ្យតែ​ភាគីវៀតណាមស្នើសុំ កម្ពុជាតែងផ្ដល់ឱ្យ ជាក់ស្ដែងការផ្ដល់ដី៤០ហិកតា ឱ្យពលរដ្ឋ​វៀតណាម​​ដែលនៅលើទូក ប្ដូរមកនៅលើគោក ជាដើម។

លោក រតនា បញ្ជាក់ទៀតថា៖ «ការស្នើសុំកន្លងមកវាមានច្រើន ហើយប្រទេសយើងជា​ប្រទេស​អព្យាក្រឹត្យមួយដែរ ដល់ពេលគេស្នើសុំបានគ្រប់បែបយ៉ាងចឹង ប្រសិនបើ​បងប្អូនវិញ​គិតម៉េច បើគេសុំផ្ទះបងប្អូននៅម្ដងហើយម្ដងទៀត ហើយយើងសុំគេអត់ដែលបានចឹង តើវា​សុក្រឹតទេសម្រាប់ពលរដ្ឋទាំងមូល»។

ក្រុមយុវជនមកពីខេត្តសៀមរាបចំនួន៥នាក់ យកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើ​សុំឱ្យក្រសួងបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស។ រូបថតថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

ថ្វីត្បិតតែការដាក់ញត្តិនៅក្រសួងមហាផ្ទៃព្រឹកថ្ងៃចន្ទនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាត​ឱ្យយុវជនចូលរួមតែ៥នាក់ ប៉ុន្តែគេឃើញប្រជាពលរដ្ឋប្រមាណ១០នាក់​ មកចូលរួម និង​តាម​ដានការដាក់ញត្តិនោះអមជាមួយទឹកមុខសង្ឃឹមថាក្រសួងនឹងឆ្លើយតបចំពោះញត្តិនោះ។

អ្នកស្រី កួង ចន្ធី អាយុ៥៤ឆ្នាំ ថ្លែងប្រាប់ ខេមបូចា ថា អ្នកស្រីជាពលរដ្ឋធម្មតា ហើយអ្នកស្រី​មកតាមដានការដាក់ញត្តិនេះដោយស្ម័គ្រចិត្ត ព្រោះអ្នកស្រីមិនពេញចិត្តចំពោះ​ក្រសួងមហាផ្ទៃ ដែលប្រកាសផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ ដល់ជនជាតិវៀតណាម។

អ្នកស្រីលើកឡើងថា៖«ខ្ញុំជាម្ចាស់ស្រុកជំទាស់ជាដាច់ខាត នូវក្រសួងមហាផ្ទៃដែល​ផ្ដល់​បណ្ណកម្មសិទ្ធិស្នាក់នៅ យើងមើលប្រទសជិតខាង ជនអន្តោប្រវេសន៍តែលើសច្បាប់គេ គេដាក់ទោសតាមច្បាប់ ខ្ញុំធ្វើអីគេមិនចេញ ខ្ញុំដេកហូរទឹកភ្នែក»

យ៉ាងណាមិញ ស្រ្តីវ័យ៥៤ឆ្នាំរូបនេះអះអាងថា បើទោះបីក្រសួងមហាផ្ទៃ​មានការឆ្លើយតប​បែបណាចំពោះញត្តិនេះ ក៏អ្នកស្រីនៅតែមានសង្ឃឹមតាមរយៈវិធីផ្សេងៗទៀត ហើយអ្នកស្រី បញ្ជាក់ថា បើពលរដ្ឋខ្មែរមិនជំទាស់ចំពោះការផ្ដល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ទៅឱ្យជនបរទេស មានន័យថាពលរដ្ឋខ្មែរជាម្ចាស់ស្រុកពេញចិត្តចំពោះសេចក្ដីសម្រេចនេះ។

យោងតាមខ្លឹមសារក្នុងញត្តិ បញ្ជាក់បន្ថែមថា ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និង​សិទ្ធិ​ពេញលេញក្នុងការប្រកបអាជីវកម្ម និងផ្តល់ផលប្រយោជន៍នានា ដល់ជនអន្តោប្រវេសន៍ ឱ្យមានសិទ្ធិស្របច្បាប់ ស្មើភាពជាមួយប្រជាពលរដ្ឋម្ចាស់ស្រុក ក្រុមយុវជន មានការព្រួយបារម្ភ ចំពោះការឈ្លានពាន និងការជ្រៀតចូល អាចឈានទៅដល់ការគ្រប់គ្រងប្រយោល (អាណា​និគម) ព្រមទាំង​ហានិភ័យជាច្រើនពាក់ព័ន្ធ បញ្ហាសិទ្ធិមនុស្ស ជីវភាព និងភាពមិន​ប្រក្រតី​នៃ​ការជ្រៀតចូលនៃជនអន្តោប្រវេសន៍ ជាដើម។

ជុំវិញបញ្ហានេះ លោកខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការ​អត្ថាធិប្បាយ​បានឡើយ ដោយទូរសព្ទជាច្រើនដងតែមិនចូល។

លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងថា នឹងរង់ចំាមើលថាតើ​ក្រុមយុវជននោះរៀបចំទៅតាមផ្លូវច្បាប់មុននឹងធ្វើបាតុកម្មអហិង្សាឬយ៉ាងណា។

លោក មាសភក្ដី ថ្លែងថា៖ «ចាំមើលថាគាត់ធ្វើអត់ គាត់ដាក់លិខិតអត់ ព្រោះគ្រាន់តែគ្នាគ្រោង បងទៅមានចំណាត់ការយ៉ាងម៉េចកើត»

ជុំវិញករណីនេះលោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការ លីកាដូ យល់ឃើញថា វាជាសិទ្ធិសេរីភាពរបស់យុវជនក្នុងការសម្ដែងមតិ ឬស្នើសុំទៅក្រសួងមហាផ្ទៃ ហើយ​លោក​ជំរុញឱ្យក្រសួងមានការឆ្លើយតបទៅកាន់យុវជន ទោះបីជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្ដី ដើម្បីឱ្យក្រុមយុវជនបន្តតស៊ូមតិទៅតាមផ្លូវច្បាប់បន្តទៀត។

លោកថ្លែងថា៖ «មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ពលរដ្ឋទាំងពីរភេទមានសិទ្ធិនៅក្នុងការដាក់សំណើរ ឬក៏ពាក្យបណ្ដឹងទៅស្ថាប័នរដ្ឋ ហើយស្ថាប័នរដ្ឋត្រូវតែមានការទទួលញត្តិដើម្បីឆ្លើយតប»។

លោកសំអាតបន្តថា ជុំវិញការដាក់ញត្តិរបស់យុវជន គឺជាការរំលឹកទៅដល់រដ្ឋាភិបាល ឱ្យពិចារណា មុននឹងផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ទៅឱ្យជនបរទេស ព្រោះកម្ពុជា​គួរតែ​អនុវត្តច្បាប់ជនអន្តោប្រវេសន៍ឱ្យបានតឹងរឹងបំផុត ដើម្បីសន្តិសុខ សណ្ដាប់ធ្នាប់ជាតិ ពិសេសបញ្ហាជួញដូរមនុស្ស។

លោកបន្តថា៖ «បច្ចុប្បន្ននេះយើងឃើញថា កម្ពុជាយើងកំពុងតែកើតមានបញ្ហាទាក់ទង​នឹង​ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលយើងមើលឃើញថា ការគ្រប់គ្រងទៅលើ​ជនបរទេស​នៅមានការខ្វះចន្លោះ»។

សូមជម្រាបជូនថា កាលពីឆ្នាំ២០១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតតំបន់ថ្មីមួយ​ដែលមានផ្ទៃដី៤០ហិកតា នៅភូមិដំបូកកកោះ ឃុំស្វាយជុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ ដែលរស់នៅក្នុងទឹក ផ្លាស់មករស់នៅលើគោក។

ទន្ទឹមនឹងនេះ កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្លាប់ចេញសេចក្ដី​ថ្លែង​ការណ៍​រួមមួយ ច្រានចោលចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលផ្ដល់ដី ៤០ហិកតា ឱ្យជន​អន្តោប្រវេសន៍ ​ ដែលមករស់នៅខុសច្បាប់នៅកម្ពុជា។ ក្នុងចំណោមជនជាតិខ្មែរ និងខ្មែរ-អ៊ីស្លាមជាង៤ពាន់នាក់ ក្នុងនោះមានជនជាតិវៀតណាមប្រមាណ២ ៣៨៧គ្រួសារ ដែល​បំលាស់ទីមករស់នៅលើគោក ខណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ បាន បដិសេធថា មិនមានពលរដ្ឋវៀតណាមណាមានសិទ្ធិកាន់កាប់ដីនោះទេ គឺពួកគេបានត្រឹមតែ​ជួលដីស្នាក់នៅប៉ុណ្ណោះ៕

398 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម