សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

រដ្ឋាភិបាលគ្រោងផ្ដល់កម្ចី​២៧លានដុល្លារ​ដល់​គម្រោងព្រែកជីក​ហ្វូណន​តេជោ​

បង្គោល​ព្រំ​សម្រាប់​គម្រោង​ព្រែកជីកហ្វូណន​តេជោ ស្ថិត​នៅ​ក្នុង​ចម្ការ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ រូបថតថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ស៊ើង និមល់)
បង្គោល​ព្រំ​សម្រាប់​គម្រោង​ព្រែកជីកហ្វូណន​តេជោ ស្ថិត​នៅ​ក្នុង​ចម្ការ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ រូបថតថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ស៊ើង និមល់)

កម្ចីជិត ២៧លានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ​ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦បច្ចុប្បន្ន មុនពេលទៅដល់ដៃរដ្ឋសភា និងព្រឹទ្ធសភា​​ពិនិត្យ​​។ នេះ​បើ​តាម​អ្វី​ដែលសារព័ត៌មាន​ខេមបូចា​បាន​រក​ឃើញ​នៅ​ក្នុង​សេចក្ដីព្រាង​ថវិកា​ជាតិ​ឆ្នាំ២០២៦​។​

ប្រាក់កម្ចីនេះ ត្រូវផ្តល់ដោយ​ផ្ទាល់​ទៅឱ្យក្រុមហ៊ុនកម្ពុជា នៅក្នុងគម្រោងបណ្ដាក់ទុនរួមគ្នាតម្លៃជិត១,២ពាន់លានដុល្លារ ហើយ​ក៏​ជាព័ត៌មានលម្អិតថ្មីបំផុត​មួយ​នៃការផ្តល់ហិរញ្ញវត្ថុដែលបានលេចឡើង​។ គម្រោងព្រែកជីកនេះត្រូវបានរៀបចំឡើង ដោយមានសេចក្ដី​រាយការណ៍​ថា វិនិយោគិន​កម្ពុជាកាន់កាប់ចំណែក​៥១ភាគរយ និងដៃគូចិន៤៩ភាគរយ បន្ទាប់ពីរដ្ឋាភិបាលបានផ្លាស់ប្តូរជំហរពីការប្រកាសមុនដំបូង​ថាទីក្រុងប៉េកាំងនឹងផ្តល់មូលនិធិសម្រាប់គម្រោងទាំងមូល​។

គម្រោងអភិវឌ្ឍន៍ជាតិមួយនេះមានឈ្មោះផ្លូវការថា ​ផ្លូវនាវាចរណ៍ទន្លេបាសាក់ និងប្រព័ន្ធភស្តុភារ​ទន្លេបាសាក់ នឹងតភ្ជាប់ទន្លេមេគង្គទៅឈូងសមុទ្រថៃ និងកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនរបស់កម្ពុជាលើប្រទេសវៀតណាម។ ព្រែកជីកនេះបានបើកការដ្ឋាន​សាងសង់​តាំងពីជិតមួយឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវឌ្ឍនភាពជាក់ស្តែងនៅ​មានកម្រិត ហើយគម្រោងនេះបានប្រឈម​មុខ​នឹង​ផលប៉ះពាល់ធ្ងន់ធ្ងរ​​លើ​បរិស្ថាន ក៏​ដូច​ជា​កង្វះព័ត៌មានថ្មីៗស្តីពីសំណង​ដល់ប្រជាពល​រដ្ឋ​រងផលប៉ះពាល់​ដែល​ត្រូវ​ផ្លាស់ទី​លំនៅផង​ដែរ​​​។

កាលពីខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចូលគម្រោងព្រែកជីកហ្វូណនតេជោទៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីគម្រោងវិនិយោគដែលបានចុះបញ្ជី ដែលមានទឹកប្រាក់សរុបប្រមាណ ១,៤ពាន់លានដុល្លារ ក្នុងខែនោះ បើ​ទោះ​បីជា​ពេល​នោះ​មានប្រាក់កម្ចី​តែ​ ២៦,៨លានដុល្លារប៉ុណ្ណោះដែលត្រូវបានដាក់បញ្ចូល​ជា​ផ្លូវ​ការ​។ វិនិយោគិនចិនបាននាំមុខ​ក្នុង​ការ​វិនិយោគលើ​គម្រោង​នេះ​​ប្រហែល៤៩ភាគរយ រីឯដៃគូក្នុងស្រុកមាន​ប្រហែល៤៨ភាគ​រយ​។

ប្រាក់កម្ចីនេះ ត្រូវគ្រោងទុកសម្រាប់កំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាសហគ្រាសរដ្ឋ ស្ថិតនៅក្រោមក្របខណ្ឌឥណទានរបស់រដ្ឋ ដែលតម្រូវឱ្យការផ្តល់ហិរញ្ញវត្ថុស្របតាមយុទ្ធសាស្ត្រអាទិភាពថ្នាក់​ជាតិ និងត្រូវគ្រប់គ្រងក្នុងក្របខណ្ឌសារពើពន្ធ និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបដិសេធមិនធ្វើអត្ថាធិប្បាយ​នៅពេលសួរអំពីមូលនិធិនៅសល់ ដែលគេ​រំពឹង​ថា ​កម្ពុជាត្រូវ រួមចំណែកដល់គម្រោងនេះ ហើយ​លោក​បានបង្វែរ​​សំណួរទៅកាន់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

អាជ្ញាធរបាញ់ថ្នាំពណ៌ក្រហមលើរបង​ផ្ទះមួយ​កន្លែង​ក្នុងខេត្តកណ្ដាល ដើម្បីសម្គាល់ថា ផ្ទះនោះរងផលប៉ះពាល់ដោយគម្រោងព្រែកជីកហ្វូណនតេជោ។ រូបភាព​ថត​កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោក ផន រឹម ក៏បានបដិសេធផ្តល់ព័ត៌មានលម្អិតលើ​រឿង​ថវិកា​ ឬសំណងសម្រាប់ប្រជាពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ និង​ត្រូវ​ផ្លាស់ប្ដូរទីលំនៅ​ ដោយ​លោក​បានបង្វែរ​សំណួរទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំនួសវិញ ប៉ុន្តែលោកបានលើកឡើងថា ការសាងសង់អាច​នឹង​ចាប់​ផ្តើម​នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ​​។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដំណើរការផ្តល់សំណងបានចាប់ផ្តើមហើយ ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតក៏ដោយ។ លោកក៏បានបញ្ជាក់ដែរថា ប្រាក់កម្ចីនេះគឺសម្រាប់តែដំណាក់កាលដំបូងនៃគម្រោងប៉ុណ្ណោះ។

ព្រែកជីកដែលមានតម្លៃ ១,១៥៦ពាន់លានដុល្លារនេះ ត្រូវបានកំណត់ពេលបញ្ចប់សាង​សង់​ត្រឹមឆ្នាំ២០២៨ ដោយកម្ពុជានឹងផ្តល់ថវិកា​ជាងពាក់កណ្តាលនៃថវិការបស់​គម្រោងនេះ ឬប្រហែល៥៩០លានដុល្លារ។ តួលេខនោះតំណាងឱ្យប្រហែល ៥,៨ភាគរយនៃថវិកា​ក្នុងសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៦

កំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ជាស្ថាប័ន​ចុះបញ្ជីជាសាធារណៈ ហើយ​ស្ថាប័ន​ទាំង​ពីរ​បាន​ផ្ដល់​ព័ត៌មាន​តិច​តួច​អំពី​តួនាទី​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ដែលការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ចម្ងល់​ថា ​គម្រោង​ព្រែកជីក​នេះ​អាច​នឹង​ទទួល​ផល​ចំណេញ​ដែរ ​ឬ​យ៉ាង​ណាក្រោម​គម្រោង​សាងសង់-ប្រតិបត្តិការ-​ផ្ទេរ ឬហៅកាត់ថា​ BOT៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ $27 Million Loan Set for $1.2 billion Funan Techo Canal

48 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម