មណ្ឌលសុខភាពអន្សាចំបក់ ស្ថិតក្នុងភូមិអន្សាចំបក់ ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ កំពុងខ្វះបុគ្គលិកពេទ្យដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ធ្វើឱ្យមានភាពយឺតយ៉ាវទៅដល់ការផ្ដល់សេវាជូនពលរដ្ឋ ខណៈមណ្ឌលសុខភាពនេះ បានចំណាយលុយជួលបុគ្គលិកពីខាងក្រៅមកកាន់ផ្នែកឃ្លាំង និងផ្នែកចាក់វ៉ាក់សាំងថ្នាំបង្ការ។
អ្នកស្រី រស់ ស្រីឌី ជាអនុប្រធានមណ្ឌលសុខភាពអន្សាចំបក់បានលើកឡើងថា ស្ដង់ដារបុគ្គលិកពេទ្យនៅតាមមណ្ឌលសុខភាពទូទៅ ចាប់ពី៨នាក់ទៅ១០នាក់ ចំណែកមណ្ឌលសុខភាពនេះមានបុគ្គលិកពេទ្យបម្រើការតែ៦នាក់ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យការផ្ដល់សេវាជូនពលរដ្ឋហាក់មានភាពយឺតយ៉ាវបន្តិចបន្តួច។
អ្នកស្រី រស់ ស្រីឌី និយាយថា៖ «ខ្ញុំចង់បានឆ្មបម្នាក់ និងnurse[កិលានុបដ្ឋាកយិការ]ម្នាក់ ដោយសារតែមណ្ឌលខ្ញុំខ្វះបុគ្គលិក ឥលូវនេះខ្វះខាងផ្នែកវ៉ាក់សាំង ផ្នែកឆ្មប និងផ្នែកឃ្លាំង ហើយខ្វះដល់ទៅបីកន្លែងឯណោះ សព្វថ្ងៃជួលបុគ្គលិកម្នាក់កាន់ផ្នែកឃ្លាំង»។
អ្នកស្រីលើកឡើងថា ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋយ៉ាងតិចណាស់១០នាក់មកទទួលសេវានៅមណ្ឌលសុខភាព ក៏ប៉ុន្តែដោយសារតែការខ្វះកម្លាំងបុគ្គលិកបំពេញការងារទៅតាមផ្នែកទាំងនេះហើយ ទើបបណ្ដាលឱ្យគ្រូពេទ្យនៅក្នុងមណ្ឌលត្រូវបំពេញការងារច្រើនមុខ ដែលជា ហេតុធ្វើឱ្យការផ្ដល់សេវានៅតាមផ្នែកនីមួយៗមិនបានដិតដល់។
អ្នកស្រី រស់ ស្រីឌី រៀបរាប់ថា៖ «ខ្វះបុគ្គលិក គឺផ្ដល់ផលលំបាក ប្រជាជនគាត់ចាំសេវាយើងអ៊ីចឹង វាធ្វើឱ្យរអាក់រអួល។ ម្នាក់ៗកាន់ការងារពីរទៅបីកន្លែងត្រូវរត់ទៅរត់មក ដូចខ្ញុំកាន់ខាងពិនិត្យក្រោយសម្រាលមួយ ពន្យារកំណើត និងតេស្តមហារីកស្បូន និងពិនិត្យមេរោគអេដស៍ ពលរដ្ឋខ្លះគាត់មកចង់បានតែលឿនទេ តែពេទ្យយើងមានគ្នាតិច»។
យ៉ាងណាមិញ អ្នកស្រី រស់ ស្រីឌី អះអាងថា គណៈគ្រប់គ្រងនៃមណ្ឌលសុខភាពធ្លាប់បានស្នើទៅកាន់មន្ទីរសុខាភិបាល ដើម្បីស្នើសុំគ្រូពេទ្យបន្ថែម ក្នុងន័យបំពេញតម្រូវការក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបឡើយ។
អ្នកស្រី រស់ ស្រីឌី ថ្លែងថា៖ «កន្លងទៅខាងមណ្ឌលធ្លាប់បានស្នើ[មន្ទីរសុខាភិបាល]ដែរ តែគេទម្លាក់ឱ្យតាមតែគេឱ្យអ៊ីចឹងទៅ ប៉ុន្តែយើងចាំបាច់ណាស់ ព្រោះគ្មានមនុស្សធ្វើការ ណាមួយខាងឆ្មបត្រូវមាតុភាពខ្លះទៅ ខ្វះបុគ្គលិកកាន់តែខ្លាំងហើយការងារអ្នកខ្លះកាន់ការងារច្រើនមុខតែឯង»។
ក្រៅតែពីកង្វះខាតបុគ្គលិកពេទ្យ អ្នកស្រី រស់ ស្រីឌី អះអាងថា នៅមន្ទីរពេទ្យអន្សាចំបក់កំពុងត្រូវការគ្រែសម្រាប់អ្នកជំងឺបន្ថែម ត្បិតបច្ចុប្បន្ននេះ អ្នកស្រីថាចំនួនអ្នកជំងឺមកទទួលសេវាមានចំនួនច្រើន ដូច្នេះធ្វើឱ្យខ្វះខាតឧបករណ៍បរិក្ខាទាំងនេះ។
គ្រូពេទ្យរូបនេះ បន្ថែមថា៖ «គ្រែយើងមាន៤សម្រាប់អ្នកជំងឺសម្រាលកូន ដល់តែពេលមានអ្នកជំងឺទូទៅមក យើងឱ្យគាត់សម្រាកចូលគ្នា ព្រោះយើងអត់មានគ្រែផ្សេងសម្រាប់អ្នកជំងឺផ្សេងទេ»។
ជុំវិញករណីនេះ លោក ហ៊ន ចាន់ណាក់ ប្រធានមណ្ឌលសុខភាពអន្សាចំបក់ ថ្លែងថា មណ្ឌលសុខភាពលោកពិតជាខ្វះបុគ្គលិកពិតមែន ដោយសព្វថ្ងៃលោកត្រូវចំណាយលុយជិត៣០០ដុល្លារ សម្រាប់ជួលបុគ្គលិកខាងក្រៅដើម្បីកាន់ការងារ ផ្នែកឃ្លាំង និងផ្នែកវ៉ាក់សាំង។ សព្វថ្ងៃនេះ បុគ្គលិកពេញសិទ្ធិមានតែ៦នាក់ប៉ុណ្ណោះ ខណៈ២នាក់ទៀតជាបុគ្គលិកជួលពីខាងក្រៅ ប៉ុន្តែលោកចាន់ណាក់ រំពឹងថាក្នុងឆ្នាំនេះ ទំនងជាថ្នាក់លើនឹងផ្ដល់បុគ្គលិកបន្ថែមទៅតាមសំណើរ។
លោក ចាន់ណាក់ បញ្ជាក់ថា៖ «ខ្វះបុគ្គលិកពីរនាក់អីហ្នឹង ចាំបាច់ហ្នឹងហើយ រាល់ថ្ងៃជួលអស់ពីរនាក់យកលុយមណ្ឌលជួលបុគ្គលិកចាក់ថ្នាំបង្កា និងឃ្លាំង តែបែបឆ្នាំហ្នឹងគេទម្លាក់ឱ្យហើយ»។
ទន្ទឹមនឹងនេះ មណ្ឌលសុខភាពខាងលើ ក៏ប្រទះនឹងការខ្វះខាតថ្នាំមួយចំនួនផងដែរ។
លោក ចាន់ណាក់ លើកឡើងថា៖ «នៅតាមមណ្ឌលសុខភាពឱ្យថ្នាំតាមក្រសួងហ្នឹង ទម្លាក់ទៅអត់គ្រប់ ដូចជាទីប្រូ អាម៉ុក ថ្នាំកម្លាំង ថ្នាំបំបាត់ការឈឺចាប់អីហ្នឹង»។
ប្រធានមណ្ឌលសុខភាពរូបនេះ បន្តថា ជារឿងល្អប្រសិនបើមានបុគ្គលិករដ្ឋមកបម្រើការងារ ខាងមណ្ឌលសុខភាពអាចយកលុយដែលជួលបុគ្គលិកខាងក្រៅ ទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណមណ្ឌលសុខភាព និងទិញសម្ភារៈចាំបាច់នានាផងដែរ។
លោក ចាន់ណាក់ បន្តទៀតថា៖ «ប្រសិនបើបានបុគ្គលិកថ្មីមក យើងអត់ចំណាយលុយហ្នឹងទេ យកលុយហ្នឹងទៅប្រើការអ្វីផ្សេង ទិញសម្ភារៈអីគ្រប់ហើយ»។
ចំណែកលោក ផាន់ សម្បូរ អាយុ៦៦ឆ្នាំ ជាមេឃុំអន្សាចំបក់ មានប្រសាសន៍ថា ប្រជាជនក្នុងឃុំរបស់លោកមានប្រមាណជា២ពាន់គ្រួសារ ហើយលោកអះអាងថា វាពិតជាចាំបាច់ណាស់ដែលមណ្ឌលសុខភាពក្នុងតំបន់លោក មានបុគ្គលិកគ្រប់គ្រាន់ ដើម្បីព្យាបាលជូនពលរដ្ឋ។
លោក សម្បូរ លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តបើបានបុគ្គលិកពេទ្យគ្រប់ ខ្ញុំក៏ដឹងដែរថាមណ្ឌលសុខភាពខ្វះបុគ្គលិក ព្រោះខ្ញុំក៏ជាគណៈកម្មាធិការទ្រទ្រង់មណ្ឌលសុខភាពដែរហ្នឹង»។
មេឃុំរូបនេះ បន្តថា កាលពីមុនពលរដ្ឋដែលមកទទួលសេវាក៏ធ្លាប់លើកឡើងពីភាពយឺតយ៉ាវខ្លះដែរ ប៉ុន្តែខាងមណ្ឌលសុខភាព បានព្យាយាមបម្រើសេវាជូនពលរដ្ឋទៅតាមលទ្ធភាព។
លោកសម្បូរ បន្ថែមថា៖ «ខ្ញុំសំណូមពចង់បានបុគ្គលិក និងសម្ភារៈបន្ថែមក្នុងមណ្ឌលយើងខ្ញុំ»។
ពលរដ្ឋនៅភូមិពោលតូច ឃុំអន្សាចំបក់ អ្នកស្រី ហ៊ន ពៅ អាយុ៣៥ឆ្នាំ លើកឡើងថា អ្នកស្រីជាអតិថិជនមួយរូប ដែលតែងទៅទទួលសេវាពីមណ្ឌលសុខភាពអន្សាចំបក់ ដូចជាពិនិត្យផ្ទៃពោះ សម្រាលកូន និងចាក់ថ្នាំពន្យាកំណើតជាដើម។ ចំពោះអ្នកស្រីពៅ លើកឡើងថា អ្នកស្រីពេញចិត្តការព្យាបាលរបស់គ្រូពេទ្យនៅមណ្ឌលសុខភាពអន្សាចំបក់ ប៉ុន្តែទាស់ត្រង់ថាមានបញ្ហាយឺតយ៉ាវនៅពេលអ្នកជំងឺទៅទទួលសេវា ត្បិតខ្វះបុគ្គលិកពេទ្យ។
អ្នកស្រី ហ៊ន ពៅ និយាយថា៖ «ពេលខ្លះយើងត្រូវរង់ចាំយូរមែន ខ្ញុំកូនតូចយំចាំយូរ តែដោយសារតែបុគ្គលិកពេទ្យតិច ហើយចុះទៅតាមភូមិតាមអីជាដើម»។
ដោយសារតែមណ្ឌលសុខភាពនេះនៅជិតផ្ទះ និងនៅក្នុងភូមិស្រាប់ អ្នកស្រី ហ៊ន ពៅ ពិតជាចង់ឃើញមណ្ឌលសុខភាពក្នុងមូលដ្ឋានអ្នកស្រី មានការផ្ដល់សេវាល្អជូនពលរដ្ឋ ដោយអ្នកស្រីនិយាយថា៖ «ខ្ញុំចង់ឱ្យគាត់[មណ្ឌលសុខភាព]ដាក់បុគ្គលិកបន្ថែមទៀត ព្រោះមែនទែនទៅខ្ញុំរង់ចាំយូរដែរ បើថាទៅចំពេលគាត់[គ្រូពេទ្យ]ចុះតាមភូមិចាំយូរ ណាមួយអ្នកទៅ[អ្នកជំងឺ]វាច្រើន យើងស្រាលអត់អីទេ តែអាណិតអ្នកដែលធ្ងន់ធ្ងរហ៎»។
យ៉ាងណាក្ដីអ្នកស្រី ពៅ នៅតែរំពឹងថា មណ្ឌលសុខភាពអន្សាចំបក់នឹងបន្ថែមបុគ្គលិកពេទ្យ ដើម្បីបំពេញតម្រូវការឱ្យទាន់ពេលវេលាជូនអ្នកស្រី ក៏ដូចជាពលរដ្ឋដទៃទៀតនៅពេលដែលមកទទួលសេវាព្យាបាល។
អ្នកស្រី សោម ផាន់ណា អាយុ៣០ឆ្នាំ ជាពលរដ្ឋមួយរូបទៀត ដែលរស់នៅក្នុងឃុំអន្សាចំបក់ លើកឡើងស្រដៀងគ្នាថា អ្នកស្រីធ្លាប់ជួបបទពិសោធន៍ស្រដៀងនឹងពលរដ្ឋឯទៀតដែរ គឺត្រូវរង់ចាំទទួលសេវា ដោយសារតែគ្រូពេទ្យមានតិច។ ប៉ុន្តែអ្នកស្រីអះអាងថាឥឡូវនេះមិនសូវកើតមានឡើងទៀតទេ ហើយអ្នកស្រីរំពឹងថានឹងមានការបន្ថែមគ្រូពេទ្យឱ្យគ្រប់ចំនួនផងដែរ។
អ្នកស្រី ផាន់ណា បន្តទៀតថា៖ «ពីមុនមនុស្ស[ពេទ្យ]តិចដែរ [ខ្ញុំ]ធ្លាប់ចាំធ្លាប់អីដែរ ណាមួយពេទ្យក៏ហត់ដែរណា៎ តែនៅតែសំណូមពរឱ្យមានពេទ្យបន្ថែមដែរ»។
លោក សុខា រដ្ឋា ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ បដិសេធថា មណ្ឌលសុខភាពអន្សាចំបក់មិនមានការខ្វះខាតអ្វីឡើយ ទាំងបុគ្គលិក និងថ្នាំពេទ្យ ព្រមទាំងសម្ភារៈនានា។
លោក រដ្ឋា ថ្លែងថា៖ «អ្នកដឹកនាំគេដឹងច្បាស់ហើយថាគ្រប់ហ៎ តាមពិតបុគ្គលិកគាត់គ្រប់ហើយ ប៉ុន្តែបើគាត់គិតអ៊ីចឹង ខ្ញុំសួរមណ្ឌលសុខភាពវិញ ចង់បានអីទៀត?»។ លោកបន្តថា៖ «បើខ្វះថ្នាំស្នើសុំថ្នាំបន្ថែមមក គ្មានខ្វះអី»។
លោករដ្ឋា បន្តថា នៅក្នុងឆ្នាំនេះ ប្រសិនបើមានបុគ្គលិកក្របខណ្ឌថ្មី លោកនឹងបញ្ជូនបុគ្គលិកពីរ ទៅបីនាក់ឱ្យមណ្ឌលសុខភាពអន្សាចំបក់។
លោកបន្ថែមថា៖ «និយាយឱ្យខ្លីទៅ បើមានបុគ្គលិកក្របខណ្ឌថ្មីខ្ញុំដាក់ឱ្យពីរទៅបីនាក់ ខ្ញុំគិតហើយ គ្រាន់តែយើងមិនទាន់មាន បើក្របខណ្ឌថ្មីមក មិនដឹងថាបានទៅមណ្ឌលហ្នឹងឬអត់»។
តែយ៉ាងណាមិញ លោក ទឹម វរ៉ា នាយកប្រតិបត្តិ នៃគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) យល់ឃើញថា ក្នុងករណីដែលមណ្ឌលសុខភាពមួយខ្វះខាតបុគ្គលិក ឬខ្វះខាតអ្វីមួយ គប្បីរាយការណ៍មកកាន់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ហើយស្រុកប្រតិបត្តិគួរតែឆ្លើយតបទៅតាមសំណើរតាមលទ្ធភាព។ ប៉ុន្តែទន្ទឹមនឹងនេះ លោក វរ៉ា បន្តថា ជាការល្អដែលប្រធានមណ្ឌលសុខភាពអន្សាចំបក់ ជួលបុគ្គលិកបន្ថែមដើម្បីដោះស្រាយបញ្ហាដែលមានចំពោះមុខ។
លោក វរ៉ា ថ្លែងថា៖ «គាត់ឆ្លាត ហើយហ្នឹងជាការចូលរួមពីមណ្ឌលសុខភាព បើទាក់ទងនឹងរឿងខ្វះបុគ្គលិក គឺវាខ្វះហើយ បើគាត់មានថវិកាហើយគិតថាចាំបាច់ជួលបុគ្គលិកវាជាការល្អ»។ លោកបន្តទៀតថា៖ «ហើយបើមានការស្នើសុំទៅស្រុកប្រតិបត្តិ ស្រុកប្រតិបត្តិគួរតែឆ្លើយតប ថាតើមានបុគ្គលិកដែលអាចបំពេញចន្លោះខ្វះខាតឬអត់»។
យោងតាមក្រសួងសុខាភិបាល គោលដៅយុទ្ធសាស្រ្តនៃការផ្ដល់សេវាសុខភាព គឺធ្វើយ៉ាងណាឱ្យប្រជាជនទទួលបាន សេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។
បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា គម្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រមាណ ៩,៦ពាន់លានដុល្លារ កើនឡើង១៣%ធៀបនឹងច្បាប់ឆ្នាំ២០២២ ដោយផ្តោតទៅលើក្រសួងបីធំៗគឺក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
បើតាមប្រភពដដែល ថវិកាចំណាយលើវិស័យសុខាភិបាលក្នុងឆ្នាំ២០២២ចំណាយអស់ប្រមាណ ២ ៨៨៨ ០៩០លានរៀល ខណៈឆ្នាំ២០២៣នេះ រដ្ឋាភិបាលនឹងចំណាយលើវិស័យសុខាភិបាលក្នុងទំហំទឹកប្រាក់ប្រមាណ ២ ៨៨០ ៥៧៥លានរៀល៕