សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ ផ្តល់ឱកាសការងារជាង​៨ម៉ឺនកន្លែងសម្រាប់អតីតពលករខ្មែរ នៅខេត្តជាយដែន ចុងសប្តាហ៍​នេះ

ប្រជាពលរដ្ឋទៅចុះឈ្មោះសម្ភាសជាមួយមន្ត្រីក្រសួងការងារដើម្បីទទួលបានការងារ ដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយនៅក្នុងតេឡេក្រាមរបស់អ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រជាពលរដ្ឋទៅចុះឈ្មោះសម្ភាសជាមួយមន្ត្រីក្រសួងការងារដើម្បីទទួលបានការងារ ដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយនៅក្នុងតេឡេក្រាមរបស់អ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងការងារ គ្រោងនឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ។ យោងតាមអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងតាមរយៈតេឡាក្រាមផ្លូវការរបស់លោកនៅថ្ងៃទី២៤ ខែកុម្ភៈ ថា ក្រសួងការងារនឹងនាំយកឱកាសការងារ ៨៣ ៧៤៣កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និង ថ្ងៃអាទិត្យ ទី១ ខែមីនា នៅក្នុងបរិវេណវត្តរតនៈភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។ 

លោកបានបន្តទៀតថា ចំណែកនៅខេត្តពោធិ៍សាត់ ពិព័រណ៍ការងារនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតក្នុងស្រុកកណ្តៀង  ខេត្តពោធិ៍សាត់ និងថ្ងៃអាទិត្យ ទី១ ខែមីនា ពិព័រណ៍ការងារនឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកក្រគរ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ស៊ុន មេសា បានបន្តទៀតថា តាមរយៈវេទិកាការងារទាំង២ខេត្តនេះ បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើអាចអញ្ជើញទៅដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលចុះទៅផ្ទាល់ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។

លោកបានបន្ថែមថា បងប្អូនអតីតពលករដែលចូលរួមវេទិការការងារនេះ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ព្រមទាំងអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានលើកឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ប្រទេសជប៉ុនបានផ្តល់ជំនួយចំនួន១លានដុល្លារដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកកម្ពុជាដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

ជំនួយនេះបានកើតឡើងបន្ទាប់ពីការវិលត្រឡប់របស់ពលករកម្ពុជាជិតមួយលាននាក់កាលពីឆ្នាំមុន បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខែកក្កដា និងខែធ្នូ បានបង្កឱ្យពលករខ្មែរត្រឡប់កម្ពុជាវិញយ៉ាងច្រើន។

ស្ថានទូតបានបន្តទៀតថា គម្រោងនេះនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកជាង ២០ ០០០នាក់នៅក្នុងខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ។

ពលករចំណាកស្រុកស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះព្រំដែន​។ ប្រជាជននៅតាមព្រំដែនរាប់ម៉ឺននាក់នៅតែបន្តស្នាក់នៅជំរំភៀសសឹក ខណៈដែលពលករចំណាកស្រុកប្រឈមមុខនឹងបំណុលកើនឡើង និងទីផ្សារការងារដែលពលករជាង៨៨ភាគរយ កំពុងធ្វើការក្រៅផ្លូវការ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម