សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក អេ ភូថង៖ ជីវិត​ខ្ញុំកើត​មក​ដើម្បី​គុនខ្មែរ ហើយកូនចៅ​របស់ខ្ញុំ​ជាអ្នកបន្ត​វេន

លោក អេ ភូថង បានប្រលែងលេងជាមួយចៅស្រី ជាកូនរបស់ ម៉ឺន មេឃា នៅក្នុងផ្ទះប្រក់ស័ង្កសី ផ្ទុកទៅដោយខ្សែក្រវាត់ និងពានកិត្តិយស ដែលកូនៗ និងសិស្សគណទទួលបានពីការប្រកួតប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)
លោក អេ ភូថង បានប្រលែងលេងជាមួយចៅស្រី ជាកូនរបស់ ម៉ឺន មេឃា នៅក្នុងផ្ទះប្រក់ស័ង្កសី ផ្ទុកទៅដោយខ្សែក្រវាត់ និងពានកិត្តិយស ដែលកូនៗ និងសិស្សគណទទួលបានពីការប្រកួតប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

អង្គុយ​បែប​មិនសូវ​មាន​កម្លាំង​ក្នុង​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ប្រក់សង្កសី​តូច​មួយ ដែល​ដាក់ពេញ​ទៅ​ដោយ​ខ្សែ​ក្រវាត់ និងពាន​រង្វាន់ជា​ច្រើន ដែលកូនៗ និងសិស្ស​របស់​ខ្លួនដណ្តើម​បានពីការ​ប្រកួត​ប្រដាល់​គុនខ្មែរ លោក អេ ភូថង និង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី បាន​បរិយា​យ​យ៉ាង​កម្សត់ពី​ខ្សែជីវិតនៃ​ក្រុមគ្រួសារត្រកូល «អេ» ដែល​បានជម្នះ​ឧបសគ្គ និងបញ្ហា​រាប់មិនអស់ ក្នុង​ការ​រួមចំណែក​ផ្សព្វ​ផ្សាយ​«គុនខ្មែរ»

គិតមកដល់ពេលនេះ លោក អេ ភូថង ទើប​មាន​អាយុ​៥១ឆ្នាំ​​ទេ ប៉ុន្តែ​​​សុខភាពរបស់​គាត់​មានការ​ធ្លាក់ចុះច្រើន ព្រោះ​រាងកាយ​របស់​លោក បាន​រុំរឹត​ដោយជំងឺ ដែល​ត្រូវស្ពាយថ្នាំជាប់​ខ្លួនជា​ប្រចាំ ហើយ​​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅប្រទេស​ថៃ ក្នុង​ចន្លោះ​១ខែ ឬ​៣ខែម្តង ដើម្បី​ពិនិត្យ​សុខភាព និង​ទិញ​ថ្នាំពេទ្យយក​មក​លេបជាប្រចាំថ្ងៃ។

ពាក់អាវយឺតពណ៌ខ្មៅ​ ខោខ្លីពណ៌ក្រហម ហើយ​ស្ពាយកាបូប​​តូច​មួយ ដែល​ផ្ទុក​ទៅ​ដោយ​ថ្នាំ​ពេទ្យនោះ លោក អេ ភូថង ហាក់​លេង​ខ្វល់​ថា ជីវិត​ខ្លួនឯង​​នឹង​ផុត​នៅពេល​ណា​ហើយ ប៉ុន្តែ​អតីត​កីឡាករ​ជើង​ខ្លាំង​គ្មានគូ​ប្រៀប​ ដែល​កំពុង​មាន​ភាព​លេចធ្លោ​ខ្លាំងជាង​គេ ក្នុងការបណ្តុះបណ្តាល​សិស្សគណរូបនេះ នៅ​តែមានគោលជំហរ​រឹង​មាំ ក្នុងការ​ជួយ​ផ្សព្វផ្សាយ​គុនខ្មែរ​រហូតជីវិត​របស់​ខ្លួន​ផុត​រលត់។

នៅ​ក្នុង​បទសម្ភាសន៍ផ្ទាល់ជាមួយ​ខេមបូចា លោក អេ ភូថង បាន​និយាយ​បែប​អស់​សង្ឃឹម និង​សុខភាព​របស់​ខ្លួន​បែបនេះ​ថា៖ «ពេលនេះខ្ញុំ​អត់សូវមានកម្លាំងកំហែង​ក្នុង​​ខ្លួន​​ទេ ព្រោះឈឺច្រើន គឺខ្ញុំ​លើសជាតិអាស៊ីត​ផង ខ្លាញផង សរសៃឈាមផង និង​ទឹកនោមផ្អែម​ទៀត ដោយ​ត្រូវ​ប្រើ​ថ្នាំជា​ប្រចាំ និងឡើង​ចុះ​ប្រទេសថៃច្រើនលើក​ហើយ ដើម្បី​ពិនិត្យជំងឺ និងបើក​ថ្នាំយក​មក​​ប្រើ»

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំមិនខ្វល់​ថា ជីវិត​ខ្លួនឯង​នឹង​ផុត​នៅពេលណា​នោះ​ទេ! ឥឡូវខ្ញុំ​​គិត​តែ​មើល​សិស្ស​ថា ធ្វើ​ម៉េច​ឱ្យ​ពួកគេ​បានហ្វឹក​ហាត់​ដិតដល់ និង​ប្រកួត​ឱ្យបាន​​ល្អ​ គឺខ្ញុំ​សប្បាយ​ចិត្ត​ហើយ»

​មានឱកាស​ហាត់ប្រដាល់ តែ អេ ភូថង គ្មានសំណាង​បានសិក្សារៀនសូត្រ

ដោយមានស្រុក​កំណើត​នៅខេត្តកោះកុង អេ ភូថង មិនមានវាសនា​បាន​ចូលរៀន​ដូចក្មេងៗឯទៀត​នោះ​ទេ ពោល​គឺ​ក្មេង​ប្រុស​ដ៏កម្សត់​ម្នាក់នេះ បាន​ចូល​រៀនថ្នាក់​ទី​១ មិន​​បាន​២​​ខែ​ផង ក៏​សម្រេចចិត្ត​ឈប់ និង​បាន​ងាក​ទៅនេសាទ​ជាមួយ​លោកឪពុក យិន លីន និង​អ្នក​ម្តាយ អាត អន ដើម្បី​រក​កម្រៃ​មក​ផ្គត់ផ្គង់​គ្រួសារ​។

យ៉ាង​ណា​ក៏​ដោយ ដោយសារ​លោក​តា​លោក​យាយ​របស់​ខ្លួនជា​អ្នក​ប្រដាល់ជំនាន់ដើម អេ ភូថង តែងឆ្លៀតពេលមក​ហាត់​ប្រដាល់​តាំងពី​អាយុ​៧​ឆ្នាំ ចំណែក​ប្អូន​ប្រុស​របស់​ខ្លួន អូត ភូថង និង​ប្អូន​ស្រី  អម ភូថង បានចូល​ហាត់ជាបន្តបន្ទាប់​គ្នាជាមួយក្មេងៗ​ នៅ​ក្នុង​ភូមិជា​ច្រើន​ទៀត ប៉ុន្តែ​មិនមានការ​ប្រកួត​អ្វី​ទេ។

យ៉ាង​ណា​ក៏​ដោយ នៅ​ត្រឹម​អាយុ​១១​​ឆ្នាំ អេ ភូថង ត្រូវបាន​ឃ្លាតឆ្ងាយពី​ក្រុម​គ្រួសារ ព្រោះ​ត្រូវ​ត្រាច់ចរតាម​លោក យុទ្ធ ភូថង ដែលជាឪពុក​មា មក​រស់​នៅ​ខេត្ត​ព្រៃវែង ហើយ​វាក៏ជាទី​កន្លែង​ដែល​ក្មេង​ប្រុស​ម្នាក់នេះ ទទួល​បានការ​បណ្តុះបណ្តាល​សមត្ថ​ភាពបន្ថែម ដើម្បី​ក្លាយ​ខ្លួនជាអ្នកប្រដាល់​​ផង​​ដែរ។

រំឭក​ដល់​រឿង​នេះ អេ ភូថង បាន​និយាយថា៖​ «លោក​យាយ​​លោក​តា​របស់​ខ្ញុំ ជាអ្នកប្រដាល់​ អ៊ីចឹងគាត់​បាននាំ​យក​​ក្មេងៗ ចៅៗ​មក​ហាត់ជុំគ្នា​ទាំង​​អស់ តែកាលនោះ មិនបាន​ប្រកួត​ទេ គឺ​រហូត​អាយុ​១៣ឆ្នាំ ទើប​ខ្ញុំ​បាន​ប្រកួត​លើក​ដំបូង ក្នុង​បុណ្យ​ភូមិ នៅ​ខេត្ត​ព្រៃវែង។ កាល​​នោះខ្ញុំ​ជិះ​កង់មក​មើលគេ​ទេ តែ​លោក​គ្រូ សូយ បាន​អូសដៃ​ខ្ញុំ​ឱ្យ​​ចាប់គូរ​ដែរ ហើយ​ខ្ញុំ​ប្រកួត​ឈ្នះ​បាន​លុយ​១៥០០០​រៀល»

តាម​រយៈការ​ទទួល​បានឱកាស​ប្រកួត​ដោយចៃដន្យ​នោះ លោក យុទ្ធ ភូថង បានមើល​ឃើញពី​​ទេពកោសល្យ​របស់ អេ ភូថង កាន់តែ​ច្បាស់ ហើយ​លោក​ចាប់​ផ្តើម​បង្ហាត់ប្រដាល់​ដល់​រូបគេ ចំណែក​ក្មេងៗ​ជាច្រើន​ទៀត នៅ​ក្នុង​ខេត្ត​ព្រៃវែង ក៏បាន​ចូល​ហាត់​ប្រដាល់ ក្នុងពេលជាមួយ​គ្នា​នោះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុងចំណោម​ក្មេងៗ​ទាំង​អស់នោះ អេ ភូថង មាន​សមត្ថភាព​លេចធ្លោ​ជាង​គេ ធ្វើ​ឱ្យ​យុវជន​ត្រាច់ចរម្នាក់នេះ ចាប់​ផ្តើមមានឱកាស​​បានឡើង​ប្រកួត​ប្រដាល់​ជាបន្ត​បន្ទាប់​តាម​កម្មវិធីបុណ្យ​ផ្សេងៗ នៅតាម​ភូមិ ឃុំ ស្រុក និងខេត្ត​នានា មុនពេល​ទទួល​បានឱកាស​ពង្រីក​កេរ្តិ៍ឈ្មោះ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀននៅ​រាជធានី​ភ្នំពេញ ក្នុ​ងពេល​ដែល​សង្វៀន​ប្រដាល់​កងយោធពលខេមរភូមិន្ទ​ប៉ុស្តិ៍លេខ​៥ ចាប់​ផ្តើម​បើ​កដំណើរ​ការ និងមានការ​ផ្សាយ​ផ្ទាល់នៅ​ឆ្នាំ​១៩៩៥។

សម្រាប់ការ​ទទួលបានឱកាស​មក​ប្រកួត​តាមសង្វៀន​នៅ​ភ្នំពេញ​នេះ អេ ភូថង បាន​ប្រើពេល​ត្រឹមជាង​១ឆ្នាំ ដើម្បី​សាង​បានកេរ្តិ៍​ឈ្មោះយ៉ាង​ល្បី​រន្ទឺ ដោយ​ផ្តើមចេញពីការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់ក្នុង​ប្រភេទទម្ងន់​៥៤គីឡូក្រាម រួច​បន្ត​បានឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​៦០គីឡូក្រាម ៧០គីឡូក្រាម និង​ទម្ងន់​៨០គីឡូក្រាម គឺ​មានន័យ​ថា អេ ភូថង បាន​រក្សាភាព​ល្បី​ល្បាញ ក្នុងនាមជា​កីឡាករ​គ្មានគូប្រៀបច្រើនជាង​១០​ឆ្នាំ។

ជាមួយ​ដំណើរ​ការ​ប្រកួត​ដ៏​វែង​ឆ្ងាយ​នេះ អេ ភូថង បានបញ្ជាក់​ថា៖ «ខ្ញុំចាប់​ផ្តើម​ល្បីឈ្មោះ​ ពេល​ខ្ញុំវាយដណ្តើម​ខ្សែ​ក្រវាត់​ ABC នៅប៉ុស្តិ៍​លេខ​៥។ ខ្ញុំបាន​វាយឈ្នះ សៀវ សុភាព តែ​គេឱ្យ​​ចាញ់ ​ហើយ​តាំងពីនោះ​មក ខ្ញុំ​ចាប់​ផ្តើម​ល្បីរហូត»

លោកគ្រូ អេ ភូថង បានថតជាមួយកូនសិស្ស នៅក្នុងក្លិបប្រដាល់សសុម៉ាលីគុនខ្មែរ នាពេលកន្លងមក។ (រូបភាព៖ ហ្វេសប៊ុក អេ ភូថង)

ល្បី​ខ្លាំង​ពេក ថៃ​ចង់បាន តែ អេ ភូថង មិន​ព្រមលក់ឧត្តមគតិ​ ដើម្បី​តែលុយ

តែទោះបី​ជា​យ៉ាង​ណា សមត្ថ​ភាព​ល្អផ្តាច់​គេ​របស់ អេ ភូថង នាពេល​នោះ បែរជា​ធ្វើ​ឱ្យ​កីឡាករ​មានរហស្សនាម«កែងឆេះ ជង្គង់​ហោះ»​រូបនេះ លែងសូវមាន​ទីផ្សារ​ប្រកួត​នៅ​ក្នុង​ស្រុក ព្រោះមិនសូវមាន​កីឡាករ​ណា​ហ៊ាន​ប្រកួត​ជាមួយ។ បញ្ហានេះ​ធ្វើ​ឱ្យ អេ ភូថង សម្រេច​ចេញទៅប្រកួតនៅ​ប្រទេស​ថៃ បន្ទាប់ពី​រូបគេ​បានរៀប​ការជាមួយ​ស្រីស្រស់ សាំង សុម៉ាលី ក្នុង​អាយុ​២១​ឆ្នាំ។

ការ​បោះជំហាន​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ អេ ភូថង បានចូល​រួម​ការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់​ មាន​កីឡាករ៨នាក់ ក្នុងពិធី​បុណ្យ​ចម្រើនព្រះជន្ម​ស្តេច​ថៃ ដោយរូបគេ​​ទទួលបាន​ចំណាត់​ថ្នាក់​លេខ​២។ ដោយមើល​​ឃើញ​ថា អេ ភូថង មាន​សមត្ថ​ភាពល្អ គឺ​​ខាងភាគី​ថៃ​បានទំនាក់ទំនង​មកលោក យុទ្ធ ភូថង ដើម្បីសុំ​ឱ្យ អេ ភូថង បាន​ឡើង​ទៅ​ប្រកួតនៅថៃ​ជា​បន្ត​បន្ទាប់ និង​បានស្នើ​ឱ្យ អេ ភូថង ហ្វឹក​ហាត់ និង​រស់នៅនៅ​​ទីនោះ ដើម្បី​ប្រកួត​តំណាងឱ្យ​ថៃ​ផងដែរ ប៉ុន្តែ អេ ភូថង មិន​​ព្រម។

ចំពោះករណីនេះ អេ ភូថង បានបញ្ជាក់​ថា៖ «កាលនោះខ្ញុំវ៉ៃ​ឡើង​ដាច់​គេ ដល់​អ៊ីចឹង​គេចង់បាន​ខ្ញុំ​ឱ្យ​វ៉ៃ​នៅ​ទី​នោះ ប៉ុន្តែ​ខ្ញុំមិន​ព្រម។ នៅថៃ វ៉ៃបាន​ប្រាក់ចំណូលច្រើន​​ពិតមែន ប៉ុន្តែ​យើង​មិនលក់​ឧត្តមគតិ​ខ្លួនឯងទេ ព្រោះ​គេ​មើល​ឃើញ​យើង​ តែពេល​យើង​នៅ​ល្អ​ ដល់​ពេល​យើង​ធ្លាក់កូដ គេ​នឹង​មើល​ងាយ​យើង អ៊ីចឹង​ខ្ញុំសម្រេច​វិលមក​ស្រុក​វិញ»

យ៉ាង​ណាក៏​ដោយ ដោយសារវ័យ​កាន់តែ​ចាស់ ហើយគីឡូ​ឡើង​​ខ្លាំង​មិនអាច​ប្រកួត​បាន​ល្អ​ទៀត​នោះ អេ ភូថង បានចាប់​ផ្តើម​​ឃ្លាត​ឆ្ងាយពី​សង្វៀន​ប្រដាល់ ចាប់ពី​​អំឡុង​ឆ្នាំ​២០១២មក ហើយបាន​ងាក​មក​​ចាប់ជំនាញជា​គ្រូ​បង្វឹក​វិញ​ម្តង នៅ​ស្តាតចាស់ និង​បាន​បើក​ក្លិប​​ប្រដាល់​អេភូថងទន្លេបាសាក់ នៅ​ឆ្នាំ​២០០៣ ហើយបច្ចុប្បន្ន ប្តីប្រពន្ធ អេ ភូថង បាន​បើក​ក្លិបប្រដាល់​សសុម៉ាលីគុនខ្មែរ មួយ​ទៀត។ សិស្សជាង​៣០នាក់ បានមក​ហាត់ និងស្នាក់នៅ​ជុំ​គ្នា នៅ​ក្នុង​ក្លិប​ថ្មី​តែម្តង។

នៅក្នុងដំណើរដ៏វែង​ឆ្ងាយ​នៃការបើក​ក្លិប​ផ្ទាល់​ខ្លួន​នេះ ប្តី​ប្រពន្ធ អេ ភូថង បាន​ត្រាច់ចរ​ផ្លាស់​ប្តូរ​កន្លែង​រស់​នៅជា​ច្រើន​លើក នៅតាម​ផ្ទះជួល ព្រោះមិនមានផ្ទះជា​របស់​ខ្លួន គឺ​ទើប​តែប៉ុន្មាន​ឆ្នាំ​នេះទេ ទើប​មាន​ផ្ទះ និង​មាន​ទីតាំង​សាង​សង់ក្លិប​ផ្ទាល់ខ្លួន ក្រោយ​សម្រេច​ចិត្ត​ខ្ចី​លុយ​ធនាគារ​ទិញ​ដី​។

លោក អេ ភូថង បាន​និយាយ​ថា៖ «ខ្ញុំ​បានតស៊ូជាមួយ​ប្រដាល់គុនខ្មែរ​​ចូល​​៤០ឆ្នាំ​ហើយ គឺតាំងពី​នៅជា​កីឡាករ រហូត​ក្លាយជា​គ្រូ​បង្វឹក​ តែខ្ញុំ​គ្មានសល់​អ្វីជាដុំកំភួន​ទេ ព្រោះ​ចំណូល​ដែល​ទទួលបាន ខ្ញុំបានចំណាយ​ទៅលើកូនៗ និងការទទួល​យក​សិស្សមក​បង្ហាត់​ជាច្រើននាក់។ ខ្ញុំបាន​ឆ្លងកាត់ការពិបាក​ច្រើនណាស់ តែ​នៅ​ក្នុងអារម្មណ៍​របស់​ខ្ញុំ គឺ​ខ្ញុំ​សប្បាយ​ច្រើនជាង​កើត​ទុក្ខ»

លោក​បានបន្ថែម​ថា៖ «ទោះ​កាលនៅជា​កីឡាករ ខ្ញុំ​​វ៉ៃ​បាន​លុយ​តិច​មែន ប៉ុន្តែ​យើង​បាន​ដើរ​ប្រកួត​គ្រប់ខេត្ត​-ក្រុង ដោយ​យើងបាន​​ផ្សព្វ​ផ្សាយ​គុនខ្មែរ​ច្រើន។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើដើម្បី​គុនខ្មែរ គឺ​ខ្ញុំ​កើត​មក​ដើម្បីគុនខ្មែរ។ ពេលខ្ញុំ​ចង់​ឈប់​ប្រពន្ធ​មិនឱ្យ​ឈប់ ដល់ពេល​ប្រពន្ធ​ឱ្យ​ឈប់ ខ្ញុំ​អត់​ឈប់ អ៊ីចឹង​មានតែ​បន្ត​ដល់កូន​ដល់​ចៅ​ទៀត»

គិតមកដល់ពេលនេះ លោក អេ ភូថង មានអាយុ​៥១​ឆ្នាំ​ហើយ ហើយ​លោក​មាន​កូនប្រុស​ស្រីចំនួន​៤នាក់ រួម​មាន​​កូ​នស្រី អេ យ៉ានុត អាយុ​២៤​ឆ្នាំ កូន​ប្រុស អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា អាយុ​២២​ឆ្នាំ កូន​ប្រុស អេ អាំម៉ារីន​ភូថង អាយុ​១៩​ឆ្នាំ និងកូន​ប្រុស​ពៅ អេឡិច ភូថង អាយុ​១៦​ឆ្នាំ។

ចំពោះកូន​ប្រុស​ស្រី​របស់​លោក អេ ភូថង ទាំ​ង​៤នាក់នេះ សុទ្ធតែ​ជា​កីឡាករ កីឡាការិនីឆ្នើម ដែល​ធ្លាប់​ជាប់ជម្រើសជាតិ និងដណ្តើម​បានមេដាយជូនជាតិ ជាពិសេស ម៉ឺន មេឃា ធ្លាប់​បានឈ្នះមេដាយមាស​ចំនួន​២លើកជាប់ៗគ្នា នៅស៊ីហ្គេម លើ​ប្រភេទ​កីឡាវ៉ូវីណាម គឺ​លើក​លែង​តែ​កីឡាករវ័យ​ក្មេង អេឡិច ភូថង ដែល​នៅមិនទាន់ដាក់ចិត្ត​ខ្លាំង​ក្នុងការ​ប្រកួតប្រដាល់។

តែទោះបីជា​យ៉ាង​ណា លោក អេ ភូថង បានអះអាង​ថា កូនរបស់​គាត់​ទាំង​៤នាក់ នឹង​ក្លាយ​ជាអ្នក​បន្ត​វេន ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅកាន់តែ​ធំជូនជាតិ។ «គោលបំណង​នៃ​ការផ្សព្វ​ផ្សាយ​គុនខ្មែរ​​របស់​ខ្ញុំ បានចូល​៨០ភាគ​រយ​ហើយ ប៉ុន្តែ​ខ្ញុំមិនមែន​ឈប់ត្រឹមហ្នឹង​ទេ។ ខ្ញុំ​ចង់​ឱ្យកូនៗ​របស់​ខ្ញុំបន្តវេន ដើម្បី​ផ្សព្វ​ផ្សាយគុន​ខ្មែរ​ឱ្យកាន់តែ​កក្រើក​នៅ​ក្រៅ​ស្រុក​»

លោក​បាន​បន្តទៀត​ថា៖ «ខ្ញុំ​ចង់​ឱ្យ​ការព្យាយាម​របស់​ក្រុមគ្រួសារ​ខ្ញុំក្លាយជាកេរមរតកក្នុងការជួយដល់​គុនខ្មែរ ដើម្បី​ជា​​ការ​ចង់ចាំសម្រាប់​​ប្រជាជនខ្មែរ។ ខ្ញុំ​ធ្លាប់បានដឹកនាំ ធឿន ធារ៉ា, មេឃា, អាំម៉ារីន ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេសច្រើនដង​ហើយ តែ​កម្រ​បរាជ័យ​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់​រុញ​ឱ្យ​ពួកគេ​ចេញ​ទៅ​ប្រកួត​នៅប៉ែក​អឺរ៉ុប​ម្តង»

នៅ​ក្នុង​មហិច្ឆតាជំរុញ​កូនៗ និងសិស្សឆ្នើមៗ​របស់​ខ្លួន​ ជាពិសេសជើង​ខ្លាំង ធឿន ធារ៉ា ទៅ​ប្រកួត​នៅ​អឺរ៉ុប​នេះ លោក​ អេ ភូថង បាន​មើល​ឃើញ​ថា អាច​មានការ​ពិបាក​ដែរ ព្រោះ​គុណ​ភាព​ការហ្វឹក​ហាត់របស់គេ​ល្អជាង​យើង និង​មាន​ភាព​អំណោយ​ផល​ជាង​យើង ប៉ុន្តែ​លោក​បញ្ជាក់​ថា គុនខ្មែរ មិនអន់ជាង​គេ​នោះដែរ គឺ​ឱ្យ​​តែ​យើងខំប្រឹង​បន្ថែម​ទៀត យើងនឹងអាច​ចូល​ទៅ​កាន់ទីផ្សារ​​ប្រកួត​នៅ​អឺរ៉ុប​បាន​ហើយ។

លោក អេ ភូថង និងភរិយា បានថតជាមួយកូនប្រុសកូនស្រីទាំង៤នាក់ ក្នុងពេល អេ អាំម៉ារីនភូថង បានឈ្នះខ្សែក្រវាត់ នៅលើសង្វៀនហនុមានគុនខ្មែរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុក អេ ភូថង)

ទោះគ្រោះថ្នាក់ និងឧបសគ្គ​ច្រើន ​តែ​​ប្រពន្ធ អេ ភូថង ពេញចិត្តឱ្យ​​កូនៗដើរលើ​វិថី​នេះ

ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ដែលជា​ភរិយា លោក អេ ភូថង ក៏បានដាក់​ចិត្ត​ខ្លាំង ក្នុងការ​រួមចំណែក​ផ្សព្វ​ផ្សាយ​គុនខ្មែរ។ អ្នកស្រីបានអះអាង​ថា បើទោះបីជា​​កន្លងមក​អ្នក​ស្រី មិន​ចូល​ចិត្ត​ការ​ប្រដាល់ ប៉ុន្តែ​អារម្មណ៍​មួយនេះ បានរលាយ​បាត់ នៅពេល​អ្នកស្រី​បានរៀបការជាមួយ​លោក អេ ភូថង នាឆ្នាំ​១៩៩៧។

អ្នកស្រី​បាន​និយាយ​ថា៖ «ការចាប់ដៃជាមួយ​ប្តីខ្ញុំ គឺ​ខ្សែ​ជីវិត​របស់​យើង ជួប​ភាពជូរចត់ ច្រើនជាងរីក​រាយ។ ក្រោយ​ពីបាន​រៀបការ​រួច ប្តី​ខ្ញុំបាន​នាំ​ខ្ញុំដើរតាម​ខេត្ត​រហូត​ ដើម្បី​ប្រលូកក្នុង​វិស័យ​ប្រដាល់​គុនខ្មែរ គឺទៅកាន់ខេត្ត​ឆ្ងាយៗ​នៅតាម​ព្រំដែន ដែលកាលនោះ​​គេទៅមិនទាន់ដល់ ដោយបាន​ផ្សង​គ្រោះ​ថ្នាក់ច្រើន​ទាំងការ​ចាញ់ទឹកចាញ់ដី និង​គ្រាប់មីន»

ជាមួយការ​ដើរ​ប្រលូក​ក្នុង​វិស័យប្រដាល់ជាមួយ​ប្តី​​គ្រប់​ច្រក​ល្ហក​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី សាំង សុម៉ាលី ប្រែ​ចិត្ត​ពីការ​មិនចូល​ចិត្តគុនខ្មែរ មក​ជាស្រលាញ់​ដក​ខ្លួន​មិន​រួច។ បើទោះបីជា​របរនេះ មិន​អាច​រក​ចំណូល​ទ្រទ្រង់ជីវភាពឱ្យ​ធូរធារ ហើយ​​ត្រូវ​ប្រឈម​ការ​លំបាក និង​​រងសម្ពាធពី​ការ​មិនសូវ​ឱ្យ​តម្លៃ​ពី​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​អ្នកស្រី​មិន​រាថយ ក្នុងការ​ដើរ​តាមប្តី ដើម្បី​ផ្សព្វ​ផ្សាយ​គុនខ្មែរ។

រំឭក​ដល់​គ្រាលំបាក​ខ្លាំង កាលកូនៗ​មិនទាន់​បាន​ឡើង​ប្រកួត​នោះ សាំង សុម៉ាលី បានបញ្ជាក់​ថា៖ «កាលកូនៗរបស់​ខ្ញុំនៅ​តូច​ ពួក​ខ្ញុំ​គ្មាន​សល់​អ្វី​​ទេ សូម្បីលុយ​ទិញកង់​ឱ្យកូនជិះ​ទៅ​រៀន​គ្មាន​ផង។ គ្រួសារ​ខ្ញុំ​វេទនា​ណាស់ ពេល​ខ្លះ​ពួក​ខ្ញុំ​ហូប​បាយជាមួយ​អំបិល តែ​ខ្ញុំបាន​និយាយ​លួង​លោម​ដល់​កូនៗ​ថា ទ្រាំ​ហូប​សិនទៅ​កូន ចាំម៉ាក់​មានលុយ ម៉ាក់​ទិញ​ម្ហូបឆ្ងាញ់ៗ​ឱ្យ​ហូប គឺ​ជីវិត​ពួកខ្ញុំ​ធ្លាប់​ឆ្លង​កាត់​គ្រប់អស់​ហើយ»

យ៉ាង​ណា​ក៏​ដោយ អ្នកស្រី សុម៉ាលី បាន​ទម្លាយ​ថា គ្រួសាររបស់​អ្នកស្រីចាប់​ផ្តើម​មាន​ភាព​ប្រសើរ​បន្តិច​វិញ នៅពេលកូនៗធំ អាច​ឡើង​ប្រកួត​បាន ដែល​អាចជួយ​ឱ្យ​អ្នកស្រី​សន្សំបាន​លុយ​ទិញដី សម្រាប់​សាងសង់​ផ្ទះ​ផ្ទាល់​ខ្លួន តែក៏បានខ្ចីលុយ​ធនាគារជាង​១ម៉ឺន​ដុល្លារ​ផងដែរ ដើម្បី​ទិញ​ដី​២ប្លង់​បន្ថែម​ទៀត ប៉ុន្តែមក​ដល់​ពេលនេះ បានសង​រួច​អស់ហើយ ហើយ​ទាំង អេ យ៉ានុត និង ម៉ឺន មេឃា ដែលមាន​គ្រួសារ​ហើយ​នោះ ក៏មាន​ផ្ទះ​ផ្ទាល់​ខ្លួន។

ចំពោះ​រឿងនេះ អ្នកស្រី សាំង សុម៉ាលី បញ្ជាក់​ថា៖ «ខ្ញុំគិត​ថា ការតស៊ូ​របស់​គ្រួសារ​ខ្ញុំ​មកដល់ពេលនេះ ទទួលបានជោគ​ជ័យច្រើន ព្រោះ​ប្តី​របស់​ខ្ញុំ​តស៊ូ​ខ្លាំង​ណាស់ ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​​ពី​គុនខ្មែរ ចំណែក​កូនៗ​របស់​ខ្ញុំ ក៏​ស្រលាញ់គុនខ្មែរ ដោយ​ពួកគេនឹងមិនរក​ការងារថ្មី ក្រៅពីចាប់អាជីព​នេះ​ទេ ហើយខ្ញុំវិញ​ក៏គ្មានការ​សោក​ស្តាយ​ដែលបានប្តីជាអ្នក​ប្រដាល់ គឺ​ខ្ញុំពេញ​ចេញ​នូវអ្វី​ដែល​ពួកខ្ញុំ​មាន»

សម្រាប់ស្ថាន​ភាព​ប្រកួតប្រដាល់​របស់ ម៉ឺន មេឃា និងអេ អាំម៉ារីនភូថង នៅពេលនេះ អាច​រកចំណូល​បានរាប់ពាន់​ដុល្លារ ក្នុងមួយ​ខែៗ ហើយភាព​ល្បីល្បាញ​របស់ ធឿន ធារ៉ា ក៏បាន​បើក​ផ្លូវ​ឱ្យ​សិស្សគណ​ផ្សេង​ទៀត នៅ​ក្នុង​ក្លិបប្រដាល់សសុម៉ាលីគុនខ្មែរ បាន​ឡើង​ប្រកួតជាប្រចាំ​ផងដែរ ដែល​ជួយឱ្យក្លិប​នេះ​រកចំណូលបានច្រើន​គួរសម។ បន្ថែម​លើ​នេះ​ប្តីប្រពន្ធ​ អេ ភូថង ក៏បាន​កាត់​លុយ​១០​ភាគ​រយពីតម្លៃ​ខ្លួន​ប្រកួត​របស់​សិស្ស​បានឡើង​ប្រកួតក្នុង​ម្នាក់ៗ​ មក​ទ្រទ្រង់​ការ​ចំណាយ​ក្នុង​ក្លិប​ផងដែរ។

ប៉ុន្តែ​អ្នក​ស្រី សាំង សុម៉ាលី បាន​អះអាង​ថា ​ការចំណាយ​ប្រចាំ​ខែ​នៅក្នុង​ក្លិប​ គឺ​ច្រើនជាង​ចំណូល​ទទួលបាន ព្រោះ​អ្នកស្រី​ត្រូវរ៉ាប់រង​គ្រប់​បែប​យ៉ាង ពោល​គឺ​សិស្ស​ជាង​៣០នាក់ នៅ​ក្នុង​ក្លិប​​នេះ អ្នកស្រីត្រូវចិញ្ចឹមបីបាច់ ផ្គត់ផ្គង់ និង​មើល​ការ​ខុស​ត្រូវ​ដូចកូនៗ​របស់​អ្នកស្រី​ដែរ ព្រោះ​អ្នក​មកសុំ​ហាត់ភាគ​ច្រើនជាក្មេងកំព្រា និងអ្នក​មកពី​ខេត្ត ដែលគ្មានលទ្ធភាពជួល​ផ្ទះនៅ​ដោយ​ខ្លួនឯង​បាន។

ស្រ្តីវ័យ​៤៦​ឆ្នាំ សាំង សុម៉ាលី បានបញ្ជាក់ថា៖ «វាពិតជាមានការហត់ និងលំបាក​ខ្លាំង ដែល​ត្រូវ​រ៉ាប់រង​មនុស្ស​ជាង​៣០នាក់។ បើសិនខ្ញុំ​មិនចិញ្ចឹម​ពួកគាត់ កូន​ខ្ញុំ​ឡើងវ៉ៃប៉ុននេះ ខ្ញុំ​មាន ​ខ្ញុំ​ធូរធារ ហើយ​​ចង់បាន​អី ខ្ញុំ​បានហ្នឹង ប៉ុន្តែ​​ខ្ញុំអាណិត​ពួកគាត់ ហើយ​ខ្ញុំនៅតែបន្តជួយ​ដល់ពួកគាត់ គឺមិនបោះបង់​ត្រឹមហ្នឹង​ទេ ព្រោះ​គ្រប់​គ្នាខំប្រឹងដើម្បីគុនខ្មែររីកចម្រើន​ទៅមុខ​ទៀត»

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសំណេះសំណាលសិក្ខាកាម ក្នុងពិធីវគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួតអាជ្ញាកណ្តាលចៅក្រមកីឡាប្រដាល់គុនខ្មែរ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន កាលពីថ្ងៃទី៣១ ខែកក្កដា ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ប្តីប្រពន្ធ អេ ភូថង និងកូនស្រី ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ដាក់ពិន័យ

កាលពីខែមុន ប្តី​ប្រពន្ធ​ អេ ភូថង និងអេ យ៉ានុត ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ដាក់​ពិន័យ​មិនឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​រយៈ​ពេល​៦ខែ​ដូចគ្នា បន្ទាប់ពី​អ្នកទាំង​៣ បាន​ប្រតិកម្ម​​ដោយ​កំហឹង​​​ទៅលើ​អាជ្ញាកណ្តាល ជ្រា សុភាព ដែល​បានបញ្ឈប់​កីឡាករ ម៉ឺន មេឃា ក្នុង​ពេលឡើង​​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពីការ​ដណ្តើម​របស់​កីឡាករ ចាន់ ប៊ុន​ហឿន នៅលើ​​សង្វៀន​​ប្រដាល់ PNN កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៤។

ប៉ុន្តែនៅក្នុងសេចក្តី​សម្រេច​ថ្មី​ កាលពី​ថ្ងៃទី​៣០ ខែកក្កដា គឺ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ  បាន​បន្ធូរបន្ថយការពិន័យ​ដល់លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និង អេ យ៉ានុត មួយ​កម្រិត​វិញ បន្ទាប់ពី​អ្នក​ទាំង​៣នេះ បានធ្វើ​ការ​សូមទោសជាសាធារណៈ នៅ​ក្នុ​ងកិច្ច​ប្រជុំ​មួយ​​កាលពីថ្ងៃទី​២៣ ខែកក្កដា។

យោង​តាម​សេចក្តី​សម្រេចជាថ្មីនេះ លោក អេ ភូថង ត្រូវ​បានបន្ធូរបន្ថយការ​វិន័យ​ពីរយៈពេល​៦​ខែ មក​នៅ​ត្រឹម​រយៈពេល​៣ខែ ដោយ​ត្រូវ​អនុវត្តវិន័យ​ចំនួន​៤​សប្តាហ៍ ចំណែក​វិន័យ​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។ រីឯ​អ្នក​ស្រី សាំង សុម៉ាលី ត្រូវ​​បានបន្ធូរបន្ថយ​ការ​វិន័យ​ពី​៦ខែ មក​ដល់​ត្រឹម​៣​ខែ ហើយកំណត់​ឱ្យ​អនុវត្ត​ការពិន័យនេះ​ត្រឹម​​៦សប្តាហ៍ ចំណែក​វិន័យ​ដែល​នៅសល់​ត្រូវ​ព្យួរ។

ដោយឡែក​កីឡាការិនី អេ យ៉ានុត ដែលជាកូន​ស្រី គឺ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ នៅរក្សា​ការ​ដាក់​វិន័យ​រយៈពេល​​​៦ខែដដែល ប៉ុន្តែ​កំណត់​ឱ្យ​អនុវត្ត​ការ​វិន័យនេះ​ត្រឹម​៨សប្តាហ៍​ទេ រីឯ​ការវិន័យ​ដែល​នៅសល់​ត្រូវព្យួរ។

ទាក់​ទងការ​ដាក់​ពិន័យនេះ លោក អេ ភូថង បាន​ទម្លាយ​ថា ធ្វើ​ឱ្យ​លោក និង​ក្រុមគ្រួសារ​មានការ​បាក់ទឹក​ចិត្ត​ដែរ ប៉ុន្តែ​លោក​ធ្លាប់​ហែល​​ឆ្លង​ការលំបាក​ច្រើនណាស់មក​ហើយ ហេតុនេះវាមិនអាច​មក​រារាំង​ឆន្ទៈ​ក្នុងការ​ជួយ​គុនខ្មែររបស់​ក្រុមគ្រួសារលោក​​បានទេ។

លោកបានសង្កត់​ធ្ងន់​ថា៖ «បញ្ហា​ទាំង​អស់​ហ្នឹង មិនអាច​រារាំង​ខ្ញុំ​បាន​ទេ ព្រោះ​ឆន្ទៈ​របស់​ខ្ញុំចង់​ឱ្យគុនខ្មែរ​ល្បី និងឱ្យ​​គេ​ទទួលស្គាល់​ទូទាំងពិភពលោក​ អ៊ីចឹង​ហើយ​ការជួយ​ផ្សព្វ​ផ្សាយគុនខ្មែរ​នេះ ខ្ញុំ​នឹងបន្ត​ធ្វើ​រហូត​ដល់​ជីវិត​ចុងក្រោយ»។ លោកបន្ត​ថា៖ «​ខ្ញុំ​បានប្រាប់ប្រពន្ធ​ថា ពេល​ខ្ញុំ​ស្លាប់ សូមជួយដាក់ហ្គង់​២គូដាក់ទៅជាមួយ​ផង ដើម្បី​បញ្ជាក់​ថា អេ ភូថង កើតមក​ដើម្បី​គុនខ្មែរ ហើយពេលស្លាប់ទៅ ក៏នៅតែ​នឹកឃើញដល់​គុនខ្មែរ»

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្រកាន់ជំហររឹងមាំ​ក្នុងការអនុវត្តច្បាប់ ដើម្បី​លុបបំបាត់ភាព​មិន​ប្រក្រតី​

ជាមួយគ្នា​នេះ លោក ខូវ ឆាយ ដែល​​ត្រូវ​បានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បោះឆ្នោតជ្រើសតាំងឱ្យ​ធ្វើ​ជាប្រធានសហព័ន្ធ ជំនួសប្រធាន​ចាស់ គឺលោក តែម ម៉ឺន កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​ បានទទួល​ស្គាល់​ថា ក្រុមគ្រួសារត្រកូល «អេ» ជាពិសេស លោក អេ ភូថង ពិតជា​មានគុណ​សម្បត្តិ​ច្រើន ក្នុង​ការជួយ​ដល់​គុនខ្មែរ ប៉ុន្តែលោក​អះអាង​ថា ​ការអនុវត្ត​ច្បាប់​ ត្រូវតែ​ធ្វើ​ឱ្យ​បានខ្ជាប់ខ្ជួន ព្រោះ​គុនខ្មែរ​អភិវឌ្ឍន៍​ទៅមុខ មិន​អាច​គ្មានការ​អនុវត្តច្បាប់បាន​ទេ។​

ដោយឡែក ការ​រៀបចំ​ឱ្យ​មាន​វគ្គ​បំប៉ន​​ដល់​មន្រ្តី​គ្រប់​គ្រង​ការ​​ប្រកួត​​អាជ្ញាកណ្តាលចៅក្រមកីឡា​ប្រដាល់គុនខ្មែរ នៅ​សាល​ប្រជុំនាយកដ្ឋាន​កីឡាជំនាញ​ និង​កីឡាមហាជន រយៈពេល​៣​ថ្ងៃ ដែល​មាន​សិក្ខាកាមចូលរួម​១៨០នាក់ (ស្រី១៤នាក់) ហើយ​​ទើប​បាន​បញ្ចប់ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ពិតជា​មានសារៈសំខាន់​ ក្នុងការ​កែ​សម្រួល​បទបញ្ជាបច្ចេក​ទេស​ប្រកួត និងការ​អនុវត្តការងារ ឱ្យ​ស្ថិត​នៅលើស្តង់ដាររួមតែមួយ។

លោក ខូវ ឆាយ បាន​ថ្លែង​​ថា៖ «សហព័ន្ធ​បាន​នឹង​កំពុងយកចិត្ត​ទុក​ដាក់​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​ ជាដំណាក់កាលៗ​ ហើយ​បានធ្វើ​ការ​កែ​សម្រួល​នូវបទបញ្ជា​បច្ចេក​ទេស​គ្រប់​គ្រង​ការ​ប្រកួត​ឱ្យការអនុវត្ត​ទៅ​តាមស្តង់ដារតែមួយ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ កាត់បន្ថយ​បញ្ហា​ប្រឈមនានា ដូច្នេះបានជា​យើងរៀបចំ​​វគ្គ​បំប៉ន​​ដល់​មន្រ្តី​គ្រប់​គ្រង​ការ​​ប្រកួត​​អាជ្ញាកណ្តាលចៅក្រមកីឡា​ប្រដាល់គុនខ្មែរ នាពេលនេះ»

ជាមួយគ្នា​នេះ លោក ខូវ ឆាយ បានអះអាង​ក្នុងការប្រឆាំង​ទៅនឹង​ភាព​មិន​ប្រក្រតី ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​វិស័យកីឡាប្រដាល់​កន្លងមក ហើយលោក​បាន​ប្រកាស​ថា លោក​នឹង​លា​ឈប់ពី​តួនាទី​ជា​ប្រធានសហព័ន្ធ​​ដោយ​ខ្លួនឯង បើ​សិនជា​លោក​គ្មាន​លទ្ធភាព​កែ​ប្រែ​វិស័យ​មួយ​នេះ​ឱ្យកាន់តែ​បាន​ល្អ​នោះ។​

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​គោលដៅ​ច្បាស់​លាស់ និង​មានឆន្ទៈ​រឹងមាំ​ណាស់​ក្នុង​​ការអនុវត្តការងារ ​ខ្ញុំ​អត់​មានការ​រាថយ​​​ទេ។ ខ្ញុំ​មិន​ដែលបារម្ភ​ថា ធ្វើ​ទៅ​ខ្លាច​មានបញ្ហា និង​មាន​អ្នក​រក​រឿងដក​ខ្ញុំ​ចោល​ឡើយ ព្រោះ​ដើម្បី​សម្រេច​គោលដៅ និង​​ផល​ប្រយោជន៍រួម គឺ​អ្វី​ដែល​យើង​ត្រូវ​អនុវត្ត ត្រូវតែ​អនុវត្ត​។ ធ្វើ​បាន​ធ្វើ បើ​ធ្វើ​មិន​បាន ​ខ្ញុំ​សុំ​ឈប់​ដោយ​ខ្លួនឯង មិនបាច់​ឱ្យ​អ្នក​ណា​មក​ដេញ​ខ្ញុំ​​ទេ»

លោក​​បន្ថែម​​ថា៖ «អ្នក​ដែល​ចូល​រួម​អភិវឌ្ឍ​ប្រដាល់​គុនខ្មែរ សុទ្ធតែ​ជា​គ្នា​របស់​ខ្ញុំ រីឯ​អ្នកដែលបំផ្លាញ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ គឺជាសត្រូវ​របស់​ខ្ញុំ។ នេះជា​គោលការណ៍​របស់​ខ្ញុំ ព្រោះ​ក្នុងនាមយើងជា​ថ្នាក់ដឹកនាំ យើង​ត្រូវ​តែ​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​យើង​ត្រូវ​នាំ​មុខ​ប្រឆាំង​រឿង​ដែល​មិនត្រឹម​ត្រូវ»

ចំណែក​​គ្រូ​​បង្វឹក​មកពីប្រទេ​សបារាំង​ លោក ស ស៊ីបូលីន ដែល​មាន​បើក​ក្លិបប្រដាល់គុនខ្មែរ នៅប្រទេសបារាំង​នោះ បានវាយតម្លៃខ្ពស់ ដែល​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ បានបើក​​វគ្គ​បំប៉ន​​ដល់​មន្រ្តី​គ្រប់​គ្រង​ការ​​ប្រកួត​​អាជ្ញាកណ្តាលចៅក្រមកីឡា​ប្រដាល់គុនខ្មែរ ដើម្បី​កែ​សម្រួល​នូវបទបញ្ជា​បច្ចេក​ទេស​គ្រប់​គ្រង​ការ​ប្រកួត​ឱ្យការអនុវត្ត​ទៅ​តាមស្តង់ដាតែមួយ នៅ​ក្នុងក្រុមគ្រួសារ​គុនខ្មែរ។

លោក​បាន​ប្រាប់ ខេមបូចា ​ថា៖ ​«ខ្ញុំគិត​ថា វគ្គបំប៉ន​នេះ វាជាគំរូល្អ​មែនទែន​ ព្រោះ​យើង​ត្រូវ​រៀបចំ​ឱ្យ​មានគុណភាព ដ្បិតអីគុនខ្មែរ ជា​ក្បាច់​គុន​ដួងព្រលឹង​ជាតិ អ៊ីចឹង​យើង​ត្រូវ​រៀបចំ​យ៉ាង​ម៉េច​ឱ្យ​គ្រប់​គ្នា​ទទួល​យកបាន និង​បរទេស​ទទួល​យកបាន ស័ក្តិសម​ថ្លៃថ្នូរ​ ពោរពេញ​ទៅ​ដោយអត្តសញ្ញាណជាតិ​»

ចំណែកអតីតគ្រូ​ប្រដាល់សកលជម្រើសជាតិ លោក វ៉ែន សុផល បាន​និយាយ​ថា៖ ​«វគ្គបំប៉ន​នេះ ផ្តោត​សំខាន់ទៅលើ​ការងារ​បច្ចេក​ទេស​ដាក់ពិន្ទុ និងបច្ចេក​ទេសជាច្រើន​ទៀត គឺ​​វាពិតជា​ល្អ ព្រោះ​យើង​បាន​រៀនពី​បច្ចេក​ទេសរួមគ្នា​​ ធ្វើម៉េច​កុំ​ឱ្យ​ការ​​រៀបចំ​​របស់គណៈកម្មការ​យើងខុសគ្នា ​តែ​រៀបចំ​ដោយ​រលូន និង​ឈរ​លើគោលការណ៍​រួមតែមួយ ដើម្បីកាត់​បន្ថយនូវភាពមិន​ប្រក្រតី គឺ​ខ្ញុំ​យល់​ថា យើងនឹង​អនុវត្តការងារ​បាន​ល្អ​ប្រសើរជាងមុន ដោយសិក្ខាកាម​ទាំង​អស់ ពិតជា​យក​ចិត្ត​ទុកដាក់ខ្លាំងក្នុងការសិក្សា​រៀនសូត្រ»៕​​

196 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម