សាលាបឋមសិក្សាអូរព្រហ៊ូត ស្ថិតក្នុងភូមិអូរព្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មិនទាន់មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈផ្លូវលំមួយខ្សែប្រវែង៦គីឡូម៉ែត្រចូលទៅសាលារៀន បង្កការលំបាកដល់គ្រូបង្រៀន និងសិស្សានុសិស្ស នារដូវវស្សា។
សាលាបឋមសិក្សាមួយដែលទើបបង្កើតឡើងនាឆ្នាំ២០១៥ មានចម្ងាយប្រមាណ ១០៦គីឡូម៉ែត្រ ពីក្រុងបាត់ដំបង គឺសាលាបឋមសិក្សាអូរព្រហ៊ូត មានសិស្សរៀនពីថ្នាក់ទី១ដល់ទី៦ មានសិស្សសរុបចំនួន១០២នាក់ នៅមិនទាន់មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយទេ ស្របពេលដែលផ្លូវលំសម្រាប់ធ្វើដំណើរឆ្ពោះទៅសាលារៀនក៏បង្កជាការលំបាកដល់គ្រូបង្រៀន និងសិស្សានុសិស្ស ពិសេសនារដូវវស្សា។
លោក ឡាច ផល្លា ជានាយកសាលាបឋមសិក្សាអូរព្រហ៊ូត លើកឡើងថា សាលារៀនមួយនេះ មិនមានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងសាលាឡើយ ដោយជារៀងរាល់មួយសប្ដាហ៍ សាលាត្រូវចំណាយលុយអស់បីម៉ឺនរៀន សម្រាប់ទិញទឹកអូរប្រើប្រាស់ប្រមាណ៣ពាន់លីត្រ។
លោកនាយកសាលាលើកឡើងថា៖ «សព្វថ្ងៃនេះយើងខ្វះអណ្ដូងទឹក អត់មានទឹកស្អាតប្រើទេ យើងទិញទឹកអូរគេប្រើមួយពុយ ស្មើនឹង១ពាន់លីត្រតម្លៃ១ម៉ឺន ហើយយើងអត់មានបណ្ដាល័យ និងទីចាត់ការទេ»។
លោកបន្តថា ក្រៅពីបញ្ហាខ្វះទឹកស្អាត សាលារៀនមួយនេះមិនទាន់មានផ្លូវស្អាតសមរម្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្សានុសិស្សងាយស្រួលធ្វើដំណើរ ហើយថែមទាំងមិនទាន់មានទីចាត់ការ និងបណ្ណាល័យ និងផ្ទះសម្រាប់គ្រូបង្រៀនស្នាក់នៅឡើយ។
លោក ផល្លា ថ្លែងថា៖ «ខែវស្សាឱ្យតែមានភ្លៀង មានគ្រលុកបាយខុម ឡានផុងហ្មងចូលអត់រួចទេមានភក់ពេក ផ្លូវនេះខូចយូរមកហើយ គ្រូបង្រៀនត្រូវដើរមួយម៉ោងកន្លះអីបានមកដល់សាលា ព្រោះផ្លូវភក់ យើងដើរសុទ្ធ»។
ទាក់ទងនឹងកង្វះខាតខាងលើ លោក ផល្លា លើកឡើងថា ធ្លាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរាយការណ៍ទៅថ្នាក់លើ និងស្នើសុំអន្តរាគមន៍ដែរ ប៉ុន្តែសាលាបានត្រឹមតែរង់ចាំ។
លោកនាយកឱ្យដឹងថា៖ «ទាក់ទងជាមួយផ្លូវ អណ្ដូងទឹក ផ្ទះសំណាក់គ្រូ បណ្ណាល័យអីហ្នឹង ទីចាត់ការ យើងទាក់ទងទាំងអស់ តែគាត់ចាំរកដាក់ គ្រាន់តែពាក្យចាំ ចាំយូរដែរហើយ អត់ទាន់ឃើញ»។
លោក ផល្លា បន្តទៀតថា ប្រសិនបើសាលារបស់លោកមានអណ្ដូងទឹកផ្ទាល់ខ្លួន និងផ្ទះស្នាក់សម្រាប់គ្រូនៅក្បែរសាលា វាពិតជាជួយសម្រាលបន្ទុក និងបង្កើនភាពងាយស្រួលទាំងគ្រូ និងសិស្សក្នុងការរៀនសូត្រ និងបំពេញការងារ។
លោកនាយកបន្ថែមថា៖ «យើងចង់បានអណ្ដូងទឹក និងផ្ទះសំណាក់គ្រូ ដើម្បីកុំឱ្យគាត់ស្ទះរឿងផ្លូវ ហើយចាំបាច់យើងត្រូវការអ្នកខាងលើៗជួយ ដោយសារសាលាក្នុងសហគមន៍ពិបាកដោះស្រាយ»។
កញ្ញា ធីតា ជាគ្រូបង្រៀនមួយរូបនៅសាលាបឋមសិក្សាអូរព្រហ៊ូត រយៈពេល៣ឆ្នាំ បានលើកឡើងតាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទិវាគុណគ្រូថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ កញ្ញាមិនដែលបានស្លៀកពាក់ស្អាតបាតដូចគ្រូឯទៀតឡើយ ត្បិតនារដូវវស្សា កញ្ញាត្រូវដើរកាត់ផ្លូវដែលមានភក់ ប្រមាណជា៧គីឡូម៉ែត្រដើម្បីទៅបង្រៀនសិស្ស។
គ្រូបង្រៀនរូបនេះរៀបរាប់ថា៖ «មិនមាន សម្លៀកបំពាក់ ស្បែកជើងស្អាតបាត ឱ្យសមជាគ្រូបង្រៀនដូចគ្រូដទៃនោះទេ ហើយក៏មិនដឹងថាពេលណាទើបបានស្លៀកពាក់ស្អាតបាត នឹងគេដែរ ដឹងត្រឹមថាខ្ញុំគួរស្លៀកពាក់បែបណាទើបដើរស្រួល បែបណាទើបអាចលុយភក់ទៅបង្រៀនសិស្សបាន»។
អ្នកគ្រូបានអះអាងថា សម្រាប់រដូវវស្សា គឺជារដូវមួយដ៏ពិបាកសម្រាប់កញ្ញាធ្វើដំណើរទៅបំពេញការងារ ហើយចាប់តាំងពីផ្លូវលំបាកធ្វើដំណើរ និងត្រូវចំណាយកម្លាំងច្រើនក្នុងការធ្វើដំណើរ ធ្វើឱ្យកញ្ញាមានបញ្ហាសុខភាពផងដែរ។ គ្រូបង្រៀនរូបនេះ សង្ឃឹមបញ្ហានេះនឹងបានដឹងឮទៅអ្នកពាក់ព័ន្ធដើម្បីដោះស្រាយឱ្យបានឆាប់។
អ្នកគ្រូបញ្ជាក់ថាថា៖ «មួយរយ:ចុងក្រោយនេះខ្ញុំពិតជាស៊ូលែងរួចពិតមែន១ខែចូលពេទ្យ២ដងរាងកាយស្ទើរទ្រាំលែងបានទៅហើយ ខែវស្សាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការបំពេញតួនាទីមួយនេះ។ ខ្ញុំមិនដែលរំពឹងឱ្យអ្នកណាផ្ដល់តម្លៃឬកោតសរសើរស្ញប់ស្ញែងពីខ្ញុំទេ សុំត្រឹមមើលឃើញខ្លះក៏ជាការគួរដែរ»។
លោក ស្រេង សុគុណ មេឃុំដែលលទើបតែឡើងកាន់តួនាទីថ្មី នៃឃុំសេរីមានជ័យ បកស្រាយចំពោះបញ្ហាផ្លូវលំបាក ថាកើតមានឡើងតែរដូវវស្សាប៉ុណ្ណោះ ហើយនៅពេលគ្មានភ្លៀងគឺពលរដ្ឋអាចធ្វើដំណើរបានធម្មតា។
លោក សុគុណ ថ្លែងថា៖ «គាត់ពិបាកតែពេលភ្លៀងទេ តែពេលរាំងតែពីរថ្ងៃប្រើកើតហ្មង»។
មេឃុំរូបនេះបញ្ជាក់ថា ចំពោះបញ្ហាផ្លូវខាងឃុំបានដាក់ស្នើនៅក្នុងគម្រោងរួចហើយ ដោយរង់ចាំតែថ្ងៃក្រុមការងារចុះមកធ្វើផ្លូវតែប៉ុណ្ណោះ ដោយគ្រោងនឹងធ្វើផ្លូវចាក់ក្រួសធម្មជាតិប្រវែងប្រមាណ៦គីឡូ។
លោកមេឃុំបន្ថែមថា៖ «និយាយទៅគម្រោងយើងមានហើយ នៅតែថ្ងៃធ្វើទេ»។
លោក ហម សំខាន់ អភិបាលស្រុកសំពៅលូន មិនអាចសុំការបកស្រាយបានឡើយ នៅពេលខេមបូចា សាកសួរអំពីបញ្ហាខាងលើ ដោយលើកទូរសព្ទហើយចុចបិទ។
យ៉ាងណាមិញ លោក ប៉ែន ចំរើន អាយុ៦៣ឆ្នាំ ជាអាណាព្យាបាលមួយរូប ដែលមានចៅរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាអូរព្រហ៊ូត យល់ឃើញថា បញ្ហាទាំងនេះ គួរតែត្រូវបានដោះស្រាយ ត្បិតវាបានប៉ះពាល់ដល់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សផងដែរ។
លោក សំខាន់ ឱ្យដឹងថា៖ «អានេះមិនមែនផ្លូវកៅស៊ូទេ គឺផ្លូវភក់ ចាក់ថ្មបានមិនបានមួយឆ្នាំផងខូចបាត់ហើយ លិចម៉ូតូជិះមិនរួច ដើរមិនរួច។ ខ្ញុំមិនចង់បានអីទេ ចង់បានតែថ្នល់ ចម្រោះទឹកស្អាតដាក់ក្នុងសាលា ព្រោះវាប៉ះពាល់ដល់ចៅរៀន និងគ្រូបង្រៀនមកយឺតពេល គាត់ដើរមកឆ្ងាយខាតពេលវេលា»។
ជុំវិញបញ្ហានេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងថា មិនថាសាលារៀននៅតំបន់ដាច់ស្រយាលកម្រិតណាឡើយ អាជ្ញាធរពាក់ព័ន្ធគួរតែធានារថាគ្រឹះស្ថានអប់រំទាំងនោះ មានហេដ្ឋារចនាសម្ព័ន្ធសមរម្យ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីថ្លែងថា៖ «សាលាកន្លែងណាក៏ដោយ បើសិនជាចង់ឱ្យវិស័យអប់រំបានប្រសើរឡើង គួរយកចិត្តទុកដាក់ ពិសេសថ្នាក់ដឹកនាំ គាត់អាចធ្វើបានហើយ ទាក់ទងអង្គការដែលចូលរួមជាមួយវិស័យអប់រំក្នុងស្រុកឬក្រៅស្រុក»។
យ៉ាងណាមិញ លោកស្រីបញ្ជាក់ថា ប្រសិនបើអ្នកពាក់ទាំងឡាយបានយកចិត្តទុកដាក់ទៅលើបញ្ហានេះ ម្ល៉េះសមបញ្ហាទាំងនេះមិនកើតមានឡើងនៅតាមសាលារៀនមួយចំនួននោះឡើយ។
លោកស្រីបន្ថែមថា៖ «ដោយសារតែមិនមានការយកចិត្តទុកដាក់ចំពោះវិស័យអប់រំនេះហើយ ទើបកន្លែងខ្លះខ្វះខាតអ៊ីចឹង»៕