សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ពាក់ព័ន្ធនឹងបទក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល ខណៈសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីធានាគារម្នាក់ពីបទញុះញង់ឱ្យមានការរើសអើងថ្នាក់ដឹកនាំ ស្របពេលសង្គមស៊ីវិលយល់ថា ករណីនេះធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលធានាដោយច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន និងមន្ត្រីតុលាការ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែតុលា លើកឡើងថា សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ដែលជាមគ្គុទេសទេសចរណ៍ គឺលោក ពិន ប៉ូច អាយុ៤៨ឆ្នាំ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ តាមដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបរបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់។ បច្ចុប្បន្ន លោក ពិន ប៉ូច កំពុងឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ។
ក្នុងសេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា លោក ពិន ប៉ូច បានសារភាពថាពិតជាបានប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិ និង ចោទប្រកាន់រាជរដ្ឋាភិបាល ដើម្បីបណ្តុះគំនិតជ្រុលនិយមឱ្យពលរដ្ឋខ្មែរចូលរួមបដិវត្តពណ៌តាមលំនាំប្រទេសនេប៉ាល់ ហើយចាត់ទុកសកម្មភាពនេះជាបទល្មើសខុសច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
សេចក្តីប្រកាស បន្តថា៖ «ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធ រឿងនយោបាយនោះឡើយ។ ពោលការអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹង នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន»។
បន្ថែមលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ចេញមុខបដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលលើកឡើងពីការរំលោភបំពានសិទ្ធិសេរីភាព បញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានអង្គហេតុ អង្គច្បាប់ ឱ្យបានត្រឹមត្រូវនោះឡើយ។
ដោយឡែក អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ថ្លែងប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី២២ ខែតុលា ថា លោក សាន ចាន់សី ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង(ថ្នាក់ដឹកនាំ)និង ប្រមាថចំពោះអ្នករាជការសាធារណៈ» ប្រព្រឹត្តនៅតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ San Chansey កាលពីថ្ងៃទី៩ និងទី១៨ ខែតុលា ឆ្នាំ២០២៥។
លោកបន្តថា៖«បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្ន លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប កាលពីថ្ងៃទី២១ តុលា ២០២៥»។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការបំភ្លឺជុំវិញព័ត៌មានបន្ថែមទាក់ទងនឹងការចាប់ខ្លួន ពីស្នងការនគរបាលខេត្តសៀមរាប លោក ហួត សុធី បានទេ ដោយទូរសព្ទចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្អូនស្រីបង្កើត លោក សាន ចាន់សី សុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព បានឱ្យដឹងថា បងប្រុសអ្នកស្រីមានមុខរបរជាបុគ្គលិកធនាគារ។ បច្ចុប្បន្ន ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ខណ:អ្នកស្រី និងក្រុមគ្រួសារ មិនអាចទទួលយកបាន និងទទូចស្នើសុំឱ្យដោះលែងវិញ។
ប្រភពរូបនេះទទូចថា៖ «ខ្ញុំទទួលយកមិនបាន ពេលជួបគាត់ក៏មិនហ៊ានសួរនាំច្រើន ព្រោះអួលដើមកនិយាយមិនរួច ពួកខ្ញុំចង់ឱ្យខាងអាជ្ញាធរដោះលែងគាត់វិញ»។
ឯភរិយាលោក ពិន ប៉ូច គឺអ្នកស្រី ហោ ចាន់ធា ក៏ស្នើសុំឱ្យអាជ្ញាធរដោះលែងស្វាមីអ្នកស្រីដូចគ្នាដែរ ដើម្បីជួបជុំក្រុមគ្រួសារ ខណ:អ្នកស្រីមានបន្ទុកច្រើនដែលត្រូវរ៉ាប់រង ពិសេសផ្គត់ផ្គង់កូនៗចំនួន២នាក់ កំពុងបន្តការសិក្សាថ្នាក់បឋម និងវិទ្យាល័យ។
អ្នកស្រី ចាន់ធា សំណូមពរថា៖ «ខ្ញុំសំណូមពរឱ្យតុលាការដោះលែងប្តីខ្ញុំមកវិញមក! ហើយស៊ែព័ត៌មានប៉ុណ្ណឹង គ្រាន់តែអប់រំគាត់ទៅ ព្រោះប្តីខ្ញុំគាត់អ្នកលេងសើចតែចឹង គាត់តែងតែស៊ែព័ត៌មានប្លែកៗចឹងឯង។ ដូចដឹងស្រាប់គាត់ធ្វើការខាងមគ្គុទេសចរណ៍២០ឆ្នាំហើយ កូនៗឥឡូវមិនមែនរៀនតែសាលារដ្ឋឯណា? គាត់រៀនអង់គ្លេស រៀនក្រៅម៉ោង ឯលុយចំណាយបង់ គឺខាងប៉ាវាអ្នករកបង់ថ្លៃសាលាឱ្យទាំងអស់ ឯខ្ញុំអ្នកលក់ដូរតិចតួចគ្រាន់សម្រាប់ទិញម្ហូបទិញអីទេ»។
យ៉ាងណា មុនឈានដល់ការឃាត់ខ្លួនលោក ពិច ប៉ូច នេះ គេសង្កេតឃើញថា លោកធ្លាប់បានសរសេរសារបង្ហោះ ក្នុងបណ្តាញគណនីហ្វេសប៊ុកលើកឡើងអំពីបាតុកម្មមួយនៅប្រទេសនេប៉ាល់។
សំណេរដើមទាំងស្រុងក្នុងបណ្តាញសង្គម៖ «នៅនេប៉ាល់ពលរដ្ឋអត់ទ្រាំលែងបាន ធ្វើបាតុកម្មចូលផ្ទះរដ្ឋមន្ត្រីពុករលួយ បំផ្លាញផ្ទះសម្បែង និងវ៉ៃដេញរដ្ឋមន្រ្តីប៉ោងខោ»។
យ៉ាងណា នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ លោក អំ សំអាត ចាត់ទុកករណីនេះ ធ្វើឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់។ ម្យ៉ាងទៀត ដោយសារប្រទេសកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះ រាល់សេរីភាពបញ្ចេញមតិជាមូលដ្ឋានគ្រឹះ ក្នុងសង្គមប្រជាធិបតេយ្យ ។
ឯការចូលរួមបញ្ចេញមតិរិះគន់ដើម្បីស្ថាបនានូវកង្វះខាត ឬភាពអសកម្មមន្រ្តីសារធារណ: ក្នុងការកែលម្អជារឿងសំខាន់។ ម្យ៉ាងទៀត ការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ក៏ជាការចូលរួមក្នុងអភិបាលកិច្ចល្អផងដែរ។
លោក អំ សំអាត បន្ថែមថា វឌ្ឍនភាពយ៉ាងខ្លាំងនៃពិភពលោក គឺប្រព័ន្ធបច្ចេកវិទ្យា Digital ដូច្នេះ ទើបប្រជាពលរដ្ឋបច្ចុប្បន្នប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «តាមការកត់សម្គាល់របស់អង្គការ លីកាដូ រយ:ពេលចុងក្រោយនេះ គឺមានអ្នកបញ្ចេញមតិតាមបណ្តាញសង្គមមួយចំនួនត្រូវបានចាប់ខ្លូន ចោទប្រកាន់ ផ្តន្ទាទោសដោយតុលាការពីបទល្មើសផ្សេងៗដោយសារការចែករំលែក និងបញ្ចេញមតិតាមបណ្តាញសង្គមរបស់ខ្លួន។ ប្រជាពលរដ្ឋចេះប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែភាគច្រើនមិនទាន់អាចបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិតបាននៅឡើយ»។
លោកបានបន្ថែមថា៖ «អាជ្ញាធរ និងតុលាការក៏គួរពិនិត្យ ពិចារណាផងដែរថា តើអ្វីជាការបញ្ចេញមតិ និងអ្វីជាបទល្មើស ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិពីលំហសេរីភាពបញ្ចេញមតិមានការធ្លាក់ចុះ ឬរួមតូច ដូចដែលពួកគេបានលើកឡើងកន្លងមក»។
យោងតាមរបាយការណ៍ ដែលមានចំណងជើងថា “អ្នកជាប់ឃុំដោយប្រើសិទ្ធិ” របស់អង្គការ លីកាដូ គិតមកដល់ខែតុលា ឆ្នាំ២០២៥នេះ អ្នកជាប់ឃុំមានចំនួនជាង៨០នាក់ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិមានចំនួន១៨នាក់៕













