សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវបានពន្យារពេល ខណៈរដ្ឋាភិបាល​កែសម្រួលច្បាប់ ស្តីពី របបសារព័ត៌មាន និងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ

តំណាងសង្គមស៊ីវិលពិភាក្សាក្នុងកិច្ចពិភាក្សាមួយ ក្នុងអំឡុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រារពទិវាសិទ្ធិទទួលបានព័ត៌មានជាសាកល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ API)
តំណាងសង្គមស៊ីវិលពិភាក្សាក្នុងកិច្ចពិភាក្សាមួយ ក្នុងអំឡុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រារពទិវាសិទ្ធិទទួលបានព័ត៌មានជាសាកល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ API)

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន (A2I) ដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដោយសារក្រសួង​ព័ត៌មាន​កំពុងកែសម្រួលច្បាប់ ស្តីពី របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ថ្មីមួយទៀតស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពត្រឹមត្រូវ។

កាលពីឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសន្យាថា សេចក្តីព្រាងច្បាប់ពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវបានអនុម័ត បន្ទាប់ពីបោះឆ្នោតរួច ឬយ៉ាងយូរបំផុតនៅត្រឹមឆ្នាំ២០២៥ ប៉ុន្តែពេលនេះវានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សេចក្តីព្រាងនេះកំពុងត្រូវបានពិនិត្យឡើងវិញដោយក្រសួងយុត្តិធម៌ ហើយនឹងបន្តទៅដំណាក់កាលបន្ទាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបាន​ទេ។

ក្នុងអំឡុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រារព្ធទិវាសិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ អង្គការក្រៅរដ្ឋាភិបាលបានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការអនុម័តច្បាប់នេះ ដើម្បីធានាបានការទទួលបានព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុ។

លោក ទុន វារ៉ាយុទ្ធ អនុប្រធាននាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សេចក្តីព្រាងនេះមិនទាន់បានទៅដល់ដៃទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយទេ ដោយសារក្រសួងព័ត៌មានត្រូវបញ្ចប់ការកែសម្រួលច្បាប់ស្តីពីរបបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយជាមុនសិន។

លោកបាន​ប្រសាសន៍ថា៖ «ដើម្បីឱ្យមានសុគតភាព បន្ទាប់ពីច្បាប់ទំាងពីរត្រូវបានបញ្ចប់ ក្រសួង​ពត៌មាននឹងពិនិត្យឡើងវិញរៀបចំឡើងវិញនូវសេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលពត៌មានដើម្បីផ្អែកលើមូលដ្ឋាននៃការវិវត្តនៃបច្ចេកវិទ្យាដូចជាសេដ្ឋកិច្ចសង្គម»

លោកបានបន្ថែមថា ក្រសួងព័ត៌មានកំពុងពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ជាមួយក្រសួងយុត្តិធម៌ និងក្រុមអ្នកជំនាញផ្នែកច្បាប់ ដូច្នេះសេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយទេ។

អង្គការក្រៅរដ្ឋាភិបាលបានស្នើសុំឱ្យមានការកែប្រែមាត្រាមួយចំនួន ក៏ដូចជាការដកចេញនូវចំណុចទី២០.៧ នៃមាត្រា ពីសេចក្តីព្រាងនេះ ព្រោះថាវាចែងថា ស្ថាប័នសាធារណៈអាចទប់ស្កាត់ «ព័ត៌មានដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិហាមឃាត់»។ វាត្រូវបានគេរិះគន់ថាជាឃ្លាដែលមានលក្ខណៈទូលំទូលាយពេក។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បាន​ថ្លែង​ថា ចំណុចទី៧ ដែលចែងអំពីព័ត៌មានសម្ងាត់ ស្ថិតនៅក្រោមបទប្បញ្ញត្តិហាមឃាត់ ដែលចំណុចនោះហើយជាបញ្ហាសំខាន់។

លោកបាន​ថ្លែងថា៖ «ពួកយើងដឹងហើយថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះគឺជាច្បាប់មេមួយ ដែលធានាអំពីការទទួលបានព័ត៌មានទាំងឡាយណាដែលមិនស្ថិតនៅក្នុងប្រភេទព័ត៌មានសម្ងាត់ ឬក៏ព័ត៌មានដែលត្រូវបានការពារ»

លោកបានបន្ថែមថា នៅពេលដែលសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវបានអនុម័ត ចំណុចទី៧ ឡើងលើ នឹងអនុវត្តចំពោះព័ត៌មានសម្ងាត់ផ្សេងទៀតទាំងអស់នៅក្នុងច្បាប់ផ្សេងទៀត។

នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ បានមានប្រសាសន៍ថា ដោយសារតែអវត្ដមាននៃច្បាប់នេះ ប្រជាពលរដ្ឋនៅតែប្រឈមមុខនឹងការលំបាកក្នុងការទទួលបានព័ត៌មានដោយផ្ទាល់ពីស្ថាប័នរដ្ឋ។

លោកបាន​ថ្លែង​ថា៖ «សង្គមស៊ីវិលរបស់យើងបានជំរុញឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានជាបន្តបន្ទាប់ ហើយប្រសិនបើមានចន្លោះប្រហោងណាមួយ ច្បាប់នេះអាចត្រូវបានកែប្រែនៅពេលក្រោយ»

លោក សុជាតិ បានមានប្រសាសន៍ថា កង្វះលទ្ធភាពទទួលបានព័ត៌មានអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលពួកគេមិនបានដឹងអំពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល រយៈពេល អត្ថប្រយោជន៍ ឬផលប៉ះពាល់សង្គម និងបរិស្ថានដែលអាចកើតមាន ដែលអាចនាំឱ្យមានការមិនពេញចិត្តនឹងអាជ្ញាធរ។

លោកបានសង្កត់ធ្ងន់ថា សិទ្ធិទទួលបានព័ត៌មាន គឺជាយន្តការដ៏សំខាន់សម្រាប់ការលើកកម្ពស់​តម្លាភាព ដោយលើកទឹកចិត្តរដ្ឋាភិបាលឱ្យផ្តល់ព័ត៌មានទាំងភាសាជាតិ និងអន្តរជាតិ ក៏ដូចជាភាសាជនជាតិដើមភាគតិចផងដែរ ដើម្បីឱ្យពលរដ្ឋគ្រប់រូបទទួលបានព័ត៌មានស្មើៗគ្នា។

លោក សឿន ឡាយ ដែលជាអ្នកចូលរួមម្នាក់ មកពីខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សិទ្ធិទទួលបានព័ត៌មាន មានសារៈសំខាន់ ជាពិសេសសម្រាប់ប្រជាជននៅជនបទដែលខ្វះព័ត៌មានដែលអាចទុកចិត្តបាន។

លោកបាន​និយាយ​ថា៖ «ប្រសិនបើសិទ្ធិទទួលបានព័ត៌មានមិនទូលំទូលាយទេ ប្រជាជនអាចត្រូវបានគេបោកបញ្ឆោតយ៉ាងងាយក្រោមផែនការក្លែងបន្លំនានា»

លោក ឡាយ បានបន្តថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជាវាត្រូវចំណាយពេលយូរម្ល៉េះ ប៉ុន្តែយើង​ចង់ឱ្យច្បាប់នេះត្រូវបានអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

លោកស្រី ហ៊ីម ចន្ធី តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ មកពីខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍ជនជាតិដើមភាគតិចប្រឈមមុខនឹងបញ្ហាច្រើន ក្នុងការទទួលបានព័ត៌មាន ដោយសារកម្រិតនៃការអប់រំទាប និងការប្រើប្រាស់បច្ចេកវិទ្យាតិចតួច។

លោកស្រីបាន​លើកឡើង​ថា៖ «ជាធម្មតាយើងអាចទទួលបានព័ត៌មានទាក់ទងនឹងឯកសាររដ្ឋបាល ដូចជាសំបុត្រកំណើត និងបញ្ហាផ្លូវការផ្សេងទៀត ប៉ុន្តែនៅពេលដែលនិយាយអំពីគម្រោងអភិវឌ្ឍន៍នៅកម្រិតមូលដ្ឋាន យើងទទួលបានព័ត៌មានតិចតួចណាស់»។

លោកស្រី ចន្ធី បានបន្ថែមថា៖ «ការទទួលបានព័ត៌មាន គឺចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង អ៊ីចឹងហើយយើងអាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយ»

លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដែលបានចូលរួមសិក្ខាសាលានេះដែរ បានមានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិទន្ទឹងរង់ចាំច្បាប់នេះយ៉ាងអន្ទះសារ។

លោកបាន​លើកឡើង​ថា៖ «សេចក្តីព្រាងនេះស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់អស់រយៈពេលដប់ឆ្នាំហើយ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ការចូលរួមរបស់យើងនៅក្នុងដំណើរការពិគ្រោះយោបល់ឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យ។ យើងចង់បានលទ្ធិប្រជាធិបតេយ្យដែលទំនួលខុសត្រូវ និងមានប្រសិទ្ធភាព»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A2I Draft Law Delayed as Government Revises Press, Fake News Laws

461 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម