សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយ​ដល់​ការ​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​នៅ​ខេត្តចំនួន​ប្រាំបួន

ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB កាលពី​ថ្ងៃចន្ទ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន​៩៣,៦លាន​ដុល្លារ សម្រាប់​កម្ពុជា​ពង្រឹង​សេវា​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន​នៅ​ជនបទ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​។

ទោះ​យ៉ាងណា អ្នក​ផ្គត់​ផ្គង់​វិស័យឯកជន​បាន​លើក​ឡើង​ថា​ពួកគាត់ «មិន​ដែល​បាន​ទទួល​ការគាំទ្រណាមួយ​នោះទេ» និង​«​បាន​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បីវិនិយោគ»​។​

កញ្ចប់​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីនេះ​មាន​ទាំង​កម្ចី និង​ជំនួយ​ឥតសំណង ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ពង្រីក​​ភាព​ធន់​នឹង​អាកាសធាតុ និង​រួម​ទាំង​ការ​ផ្ដល់​សេវា​ទឹក​ស្អាតមាន​សុវត្ថិភាព​ និងសម្ភារៈ​អនាម័យ​មូល​ដ្ឋានប្រកប​ដោយ​បរិយាបន្ន សម្រាប់​ប្រជា​ពល​រដ្ឋ​ចំនួន ​៨៨ ០០០​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៤០០ ដែល​រស់​នៅ​ក្នុង​ឃុំ​ចំនួន​៥០​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន​។ ខេត្ត​ទាំង​នោះ​រួម​មាន​បន្ទាយ​មានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង​ស្ទឹង​ត្រែង​។​

កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន  ហៅ​កាត់ថា WASH នៅតំបន់ជនបទ នឹង​ជួយ​ដល់​កិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​មាន​សុវត្ថិភាព និង​សម្ភារៈអនាម័យ​មូល​ដ្ឋានដល់ប្រជា​ពល​រដ្ឋ​នៅ​ជនបទ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​ទទួល​បាន​សម្ភារៈអនាម័យ​សុវត្ថិភាព។ ហើយ​អ្វី​ទាំង​នេះ អាច​មាន​តម្លៃ​សមរម្យ ដែល​គ្រប់​គ្នា​អាច​ទទួល​យក​បាន​។​

កម្មវិធី​នេះ ក៏​មាន​គោល​បំណង​ស្វែង​រក​ការ​ចូល​រួម​ពីវិស័យ​ឯកជន​ក្នុង​ការ​ផ្គត់​ផ្គង់​សេវា​ទឹក​មាន​សុវត្ថិភាព​ដល់​ប្រជា​ពល​រដ្ឋ​ផង​ដែរ។ កម្មវិធីនេះនឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន​ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង ការធ្វើផែនការ ការរចនា និងការអនុវត្តកម្មវិធី។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា៖​ «កម្មវិធី​នេះគាំទ្រ «WASH ដើម្បីទាំងអស់គ្នា» ដោយផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅ​តំបន់​ដាច់ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែលគ្រប់គ្រងដោយសហគមន៍ និងពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាលដើម្បី​និរន្តរភាព និងភាពធន់នឹងអាកាសធាតុ»

គម្រោងបី​ដើម្បី​សម្រេច​គោលដៅ​

កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែល«ប្រឈមមុខខ្លាំង» នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។

បន្ថែមពីនេះ ក៏មានជំនួយបច្ចេកទេសចំនួន ៦00 000​ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យនៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យនឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។

តន់ សុខជា អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត​របស់​ក្រ​សួង​ឧស្សាហកម្ម បដិសេធធ្វើ​អត្ថាធិប្បាយ​លើ​គម្រោង​ទាំងនេះ ដោយថា​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រ​សួង​អភិវឌ្ឍន៍ជនបទ​។​

អនុរដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រ​សួង​អភិវឌ្ឍន៍ជនបទ លោក ពិត ករុណា បញ្ជាក់​ប្រាប់​ ខេមបូចា ​ថា ​ក្រ​សួង​នឹង​គាំទ្រ​លើ​គម្រោង​ទាំង​បី​នេះ។​

​គម្រោង​ទី​មួយ​នឹង​ពង្រឹង​លើ​សុវត្ថិភាព​ការ​ផ្គត់​ផ្គង់​ទឹក​ ដោយ​ជីក​អណ្ដូង​បន្ថែម​ថ្មីៗ ជួសជុល​អណ្ដូង​ចាស់ ចែក​ចាយពាង​ត្រងទឹក​ភ្លៀង សាងសង់ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​ខ្នា​តតូច និង​ស្ដារ​ស្រះ ត្រពាំងសហគមន៍ជាមួយ​នឹង​ប្រព័ន្ធចម្រោះទឹក​។​

គម្រោង​ទីពីរ​ក្រសួង​នឹង​ពង្រឹង​សេវាផ្ដល់​បរិក្ខារជនបទ​ដែលធននឹង​អាកាសធាតុ ដោយ​ផ្ដល់​បង្គន់សម្រាប់​គ្រួសារ និង​បង្គន់​សាធារណៈ មណ្ឌលសុខភាព​ អប់រំតាមសហគមន៍​ និងតាមសាលារៀនអំពី​អនាម័យ​ និង​លើក​កម្ពស់ការគ្រប់​គ្រងសំណល់​សុវត្ថិភាព​។​​​

គម្រោង​ទី​បី​នឹង​ផ្ដោត​សំខាន់​លើការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ផ្នែកធនធានមនុស្ស និង​ក្របខណ្ឌ​ច្បាប់​ទាក់ទង​នឹង​ការផ្គត់ផ្គង់ទឹក​ស្អាត និង​កិច្ច​ការ​អនាម័យ​ក្នុង​តំបន់ជនបទ​ធននឹងអាកាសធាតុ​។​

លោក ពិត ករុណា មាន​ប្រសាសន៍​ទៀត​ថា៖ «ក្រសួង​មាន​គោល​ដៅ​សម្រេច​ឲ្យ​បាន​អត្រាទទួល​បាន​ទឹកមានសុវត្ថិភាព និងអនាម័យទាំងស្រុង​​នៅ​ទីជន​បទ​ត្រឹម​ឆ្នាំ​២០៣០។ គិត​មក​ដល់ពេល​នេះ​នៅជន​បទ​បាន​ទទួលសេវាទាំងនេះ​រហូត​ដល់​៩០​ភាគ​រយ​។ តាម​រយៈ​ទិន្នន័យ​​នេះ យើង​រំពឹង​​ថា​នឹង​អាច​សម្រេច​ដល់​គោល​ដៅ​មុន​ផែន​ការ​»។​​

ចំណាយលុយផ្ទាល់ខ្លួន

ទន្ទឹម​នឹង​នេះ លោក លឹម មិញ នាយកប្រតិបត្តិ​សមាគមអ្នក​ផ្គត់​ផ្គង់​​ទឹកស្អាតកម្ពុជា បាន​ប្រាប់ ខេមបូចា​ ថា ​លោក​មិន​ទាន់​បាន​មើល​ពី​សេចក្ដី​លម្អិត​ទាក់ទង​នឹង​ប្រាក់​កម្ចី និង​ជំនួយ​ដែល​ទើប​អនុម័ត​នេះ​នៅ​ឡើយទេ​ ដែល​ថវិកា​ទាំងនេះនឹង​ប្រើ​ក្នុង​គោលបំណងពង្រឹង និង​ពង្រីក​ការ​ផ្គត់​ផ្គង់ទឹកមាន​សុវត្ថិភាព​។​ 

កន្លង​មក ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ទឹក​ស្អាត​ឯកជន «មិន​ដែល​បាន​ទទួល​ការគាំទ្រណាមួយ​ទេ» ខណៈ​​ដែល​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ីភាគច្រើន​ចូលទៅ​រដ្ឋាភិបាល​ផ្ទាល់ និង​មាន​ការចូល​រួម​តិចតួច​ពី​វិស័យ​ឯកជន​។​

ទោះជាយ៉ាងណា លោក លឹម មិញ​ សាទរចំពោះការផ្តល់ជំនួយ​របស់ ADB ដើម្បីគាំទ្រដល់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទនៃប្រទេសកម្ពុជា។

លោក​បន្ត​ថា៖ «​សម្រាប់យើង ពិត​ជា​ស្វាគមន៍ ព្រោះ​ថា​ក្នុង​វិស័យផ្គត់ផ្គង់ទឹកស្អាត​នៅ​កម្ពុជា វិស័យ​ឯកជន​បាន​ដើរ​តួ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ផ្គត់​ផ្គង់ទឹក​ដល់​ប្រជាពល​រដ្ឋ…បើ​មាន​គាំទ្រពី​ADB ទៀត ខ្ញុំ​ជឿថា​វិស័យ​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​កាន់​តែ​ខ្លាំង»។​

លោក ស៊ីវ ហួត ម្ចាស់​ក្រុម​ហ៊ុន​ឯកជន​ផ្គត់​ផ្គង់ទឹកស្អាត​​តាំងពី​ឆ្នាំ២០០៨ នៅ​ឃុំមេសាជ្រៃ ស្រុក​ស្ទឹង​ត្រង់ ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កណ្ដាល បាន​ប្រាប់​ខេមបូចា​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ដំណឹង​ទាក់ទង​នឹង​ជំនួយ​នេះ ក៏​ដូច​ជាការ​បង្កើន​ការ​ចូល​រួម​របស់​វិស័យឯកជន​ក្នុង​ការ​ផ្គត់​ផ្គង់ទឹក​ស្អាត​ដល់​ប្រជាពល​រដ្ឋ​។​

លោក​កត់​សម្គាល់ថា វិស័យ​ឯកជន​បាន​ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គឺ​ផ្នែក​ហិរញ្ញវត្ថុ​។​

លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​វា​ល្អសម្រាប់​វិស័យ​ទឹក​ស្អាត​ឯកជន ព្រោះ​ថា​វាមានការ​លំបាក​ក្នុង​ការ​វិនិយោគ​ដើម្បីបំពេញ​តម្រូវ​ការ​ដោយ​ផ្អែក​តែ​លើ​ធនធាន​ផ្ទាល់​ខ្លួន និង​កម្ចី​ធនាគារ ដែល​ពេល​ខ្លះ​មាន​អត្រាការប្រាក់ខ្ពស់។ បើ​សិនជា​មានការគាំទ្រពី​ADB វាគឺល្អ​ណាស់»។ លោក​បន្ថែម​ថាលោក​បាន​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នេះ​ដោយ​ពឹង​ផ្អែក​លើ​ធនធាន​ផ្ទាល់​ខ្លួន និង​កម្ចីពី​ធនាគារ​។​

លោក​ឲ្យ​ដឹងដែរថា បញ្ហា​ប្រឈម​ធំមួយ​គឺការ​ខួច​ខាត​បំពង់​បង្ហូ​រទឹក​ក្រោម​ដី​ពេល​មាន​ការ​ធ្វើ​ផ្លូវ ឬ​ធ្វើ​លូ​រំដោះ​ទឹក​ ដែល​ជានិច្ចកាល«មិន​ដែល​មាន​សំណង»នោះទេ។ លោក​បញ្ជាក់ដែរថា​បើទោះ​បីជា​ក្រុម​ហ៊ុន​បាន​ដាក់ពាក្យ​បណ្ដឹងទៅ​កាន់​អាជ្ញាធរខេត្ត រហូតដល់​ក្រសួង​ឧស្សាហកម្ម​​ក្ដី ក៏​មិនមាន​អ្វី​ក្រៅតែពី​ការ​សម្របសម្រួល​។​

លោក​បន្ត​ថា៖ «កន្លង​មក មិន​មាន​សំណង​ចំពោះ​ការ​ខូច​ខាត​​បំពង់ទុយោទឹក​ដែល​បណ្ដា​មកពី​ការ​ធ្វើ​ផ្លូវ ឬ​លូ​នោះទេ។ យើង​ជួសជុល​ទុយោ​ទាំងនោះឡើងវិញ​ដោយ​ខ្លួន​ឯង។ យើង​ទិញ​ទុយោ និង​បរិក្ខា​រផ្សេងទៀត​ដោយ​ថវិកាផ្ទាល់ខ្លួន»។​​

លោក ហួត ក៏​បាន​លើក​ពី​បញ្ហា​មួយ​ទៀត​ដែរ គឺ​ការ​មិន​សូវ​យល់​ដឹង​អំពី​សារសំខាន់​នៃការ​ប្រើ​ប្រាស់​​ទឹក​ស្អាត​។ លោក​ថា ​ប្រជា​ពល​រដ្ឋ​នៅ​ជនបទ​ខ្លះ​នៅ​បន្ត​ប្រើ​ទឹកអណ្ដូង និង​ទឹក​ភ្លៀង​។​

ស្ថានីយ​ទឹក​ស្អាត​របស់​លោក​នៅ​ស្រុក​ស្ទឹង​ត្រង់​បាន​ផ្គត់​ផ្គង់​ប្រជា​ពល​រដ្ឋចំនួន ​៥ ០០០​គ្រួសារ ខណៈស្ថានីយ​នៅ​ខេត្ត​កណ្ដាល​ផ្គត់​ផ្គង់ទឹកស្អាត​បាន ​៥ ៣០០​គ្រួសារ។ លោក​ថា​ ប្រជាពល​រដ្ឋនៅ​តំបន់​ទាំងនេះ​មិន​បាន​ទទួល​ប្រភព​ទឹក​ស្អាត​ពី​​រដ្ឋាករទឹក​នោះទេ​។​

ទឹក​ស្អាត​សម្រាប់​គ្រប់​គ្នា​

បើ​តាម​ ADB ក្នុង​ឆ្នាំ​២០២២ នៅ​ទូ​ទាំង​ប្រទេស​ប្រជាពល​រដ្ឋ​ដែល​បាន​ទទួល​សេវា​ទឹក​ស្អាត​មាន​២៩ភាគរយ ហើយ​នៅទី​ជនបទ«មាន​កម្រិតទាប» គឺ​ត្រឹម​២០​ភាគរយ​។​ ដោយឡែកលទ្ធភាពទទួលបានអនាម័យមូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន៣៧ភាគរយ​នៅទូទាំងប្រទេស និង៣៤ភាគរយ​នៅតំបន់ជនបទ។ ការបន្ទោបង់ពាសវាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទប្រហែលពីរលាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និងរួមចំណែកបង្កជំងឺឆ្លងតាមរយៈទឹក។

ខណៈដែលកម្ចី និង​ជំនួយ​របស់​ADB ក្របដណ្ដប់​លើ​ខេត្ត​ចំនួន​ប្រាំបួន  របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ ADB ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានបោះពុម្ពកាលពីខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងចំណោមខេត្តដែលបានស្នើឡើង មាន​៤៧ភាគរយនៃចំនួនប្រជាជនក្នុងខេត្តស្ទឹងត្រែង មានលទ្ធភាពប្រើប្រាស់ទឹកលើដី ខណៈ ប្រជាជន​ខេត្ត​ប៉ៃលិន​មាន​ការ​ចូលរួម​ប្រើប្រាស់​ច្រើន​ជាង​​ពីរ​ដង ដែល​បង្ហាញ​ថាពួកគាត់​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ល្អ​។​

ផ្ទុយ​មក​វិញ នៅ​ខេត្ត​ព្រះ​វិហារ មាន​ប្រជា​ពល​រដ្ឋ​តែ​១១​ភាគរយ​បាន​​ប្រើ​ប្រាស់​ប្រភព​ទឹក​លើ​ដី ដែលមាន​ន័យថា​ប្រ​ជាពល​រដ្ឋ​ទាំង​នោះ​មិន​បាន​ទទួល​សេវា​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ដែល អាច«អាក្រក់​ជាង»​នៅខេត្ត​ស្ទឹង​ត្រែង​។ ដូច​នេះ ស្រប​ពេល​ដែល​ប្រជាពល​រដ្ឋ​ក្នុង​ខេត្តព្រះវិហារ​មិន​សូវទទួល​បាន​ប្រ​ភព​ទឹក​ស្អាត ប៉ុន្តែ​ពួក​គេមាន​ប្រភព​ទឹក​លើ​ដី​ល្អ​ប្រសើរ​។​

​ខេត្ត​គោល​ដៅ​ក្រោម​គម្រោង​របស់​ADB នៅ​បន្ត​មាន​ការ​ទទួល​បាន​សេវា​ទឹកស្អាត និង​សុវត្ថិភាព​តិច​តួច​នៅ​ឡើយ។ ដូច​ជា​ខេត្ត​កំពង់ស្ពឺ​មាន​១៨​ភាគរយ ខេត្ត​ព្រះវិហារ​មាន​១៤​ភាគរយ និង​ខេត្ត​បន្ទាយមាន​ជ័យ​មាន​១៣​ភាគរយ​។​

​រដ្ឋាភិបាល​មាន​ផែន​ការ​ផ្គត់​ផ្គង់ទឹក​ស្អាត និង​អនាម័យ​ដល់​ប្រជាពល​រដ្ឋ​បាន​១០០​ភាគរយ​នៅ​ឆ្នាំ២០២៥។ នេះ​បើយោងតាម​ប្រសាសន៍អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់ជា​ច្រើន​រួប​ផ្សេងទៀត ដែល​តែងតែ​លើក​ពី​បញ្ហា​នេះ​នា​ឆ្នាំកន្លង​មក​។​

កម្ពុជា​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​សម្រេច​បាន​នូវ​គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព​ទី​៦​របស់​អង្គការ​សហប្រជាតិ​​ដោយ​អាច​ផ្គត់​ផ្គង់ទឹកស្អាត ក៏ដូច​ជា​អនាម័យ​ដល់​ប្រជាពល​រដ្ឋ​បានទាំង​ស្រុង​នៅ​ឆ្នាំ២០៣០​។​

អាជ្ញាធរ​ក្នុង​សង្កាត់ព្រែកព្នៅ និង​សង្កាត់គោករកាចែក​ទឹក​ជូន​អ្នកភូមិ​ដែល​ជួបបញ្ហា​ខ្វះទឹក​ជា​ច្រើនថ្ងៃនៅ​បុរីពិភព​ថ្មី​ឈូកវ៉ា១ ក្នុង​សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ឃី សុវុឌ្ឍី)

ភាគីពាក់ព័ន្ធត្រូវ​តែ​បង្ហាញ​ការទទួលខុសត្រូវ​

លោក លឹម សៃ ប្រជាពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងភូមិ​កោះស្នែង ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹង​ត្រែង ឲ្យ​ដឹង​ថា ​តំបន់​​របស់​លោក​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រពី​ក្រុង​ស្ទឹង​ត្រែង តែ​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​នោះទេ​។​

លោកលើកឡើង​ថា ​ប្រជា​ពល​រដ្ឋ​រស់​ដោយ​ពឹង​អាស្រ័យ​លើ​ទឹក​ទន្លេ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយទឹក​មិន​មាន​ចម្រោះ ឬ​សម្លាប់​មេរោគអ្វីនោះដែរ ដែល​ធ្វើ​អ្នក​ភូមិ​បារម្ភពី​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់ទឹក​។​

លោក​សង្ឃឹម​ថា ​គម្រោង​នេះ​នឹង​ជួយ​ដល់​ភូមិ​របស់​លោក ជា​ពិសេស​នៅ​រដូវប្រាំង​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ទឹកស្អាត​ប្រើប្រាស់ និង​ចូល​រួម​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ទឹក​ស្អាត​។​

លោក​បន្ត​ថា៖ «ការ​ផ្គត់ផ្គង់ទឹកស្អាត​ដល់​សហគមន៍​គឺ​ជា​រឿង​ល្អ ដោយវាអាច​ជួយ​កាត់​បន្ថយ​​ការ​ចំណាយ​របស់​គ្រួសារ​នីមួយៗ ព្រោះ​ថា​ការ​ទទួល​បាន​ទឹកស្អាត​ក្នុង​តំបន់របស់​ខ្ញុំ​​មិន​ងាយ​ស្រួល​ទេ»។​

ចំណែក​លោក​ សឿន​​ ចាន់​នី កសិករ​រស់​នៅ​ភូមិ​កាច់រទេះ ឃុំកំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ក៏​មាន​អារម្មណ៍​ថា​គម្រោងនេះ​ល្អ​សម្រាប់​រូប​គាត់ ដោយថា​តំបន់​របស់​លោក​មិន​ទាន់​មាន​សេវាទឹកស្អាត​នៅឡើយ។ លោក​ប្រាប់ ខេមបូចា ​ថា ​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់ទឹកអណ្ដូង​សម្រាប់តម្រូវការ​​ប្រចាំ​ថ្ងៃ​។​

លោកសង្ឃឹមថា ​គម្រោងនេះ​នឹង​អាច​ធ្វើ​ឲ្យ​គ្រួសារ និង​សហគមន៍​របស់​លោក​បាន​ទទួល​ទឹកស្អាត​ប្រើប្រាស់ ក៏​ដូច​ជា​ប្រព័ន្ធធារាសាស្រ្ត​សម្រាប់​ធ្វើ​កសិកម្ម​។​

ADB ជាដៃគូយូរអង្វែងក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យរបស់ប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៥ មក។ ប្រជាពលរដ្ឋជាងមួយលាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ។

លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា ប្រាប់ ខេមបូចា​ ថា ​លោក​ចង់​ឲ្យ​ភាគីពាក់ព័ន្ធ​ផ្គត់​ផ្គង់ទឹកមាន​សុវត្ថិភាព និងអនាម័យ​​នៅ​ក្រោម​គម្រោង​មួយ​ដែល​មានការ​ទទួល​ខុសត្រូវខ្ពស់ ដោយ​​យកចិត្តទុកដាក់​លើ «តម្រូវការ​ចាំ​បាច់» របស់​ប្រជាពល​រដ្ឋ​។​

លោក​ក៏​ចង់​ឃើញ​ការ​ធានា​ថា បញ្ហា​ទឹក និងអនាម័យ​មូល​ដ្ឋានត្រូវបានដោះស្រាយតាមរបៀបមួយដែលបង្កើនការទទួលខុសត្រូវរវាង​គ្នា និង​គ្នា​ប្រកប​ដោយនិរន្តរភាព និងភាពធន់។

លោក​បន្ត​ថា៖ «​តាមការ​សង្កេត​របស់​ខ្ញុំ​ មាន​ការអភិវឌ្ឍជា​ច្រើន​ទាក់ទង​នឹង​វិស័យ​ទឹក។ ​មានការ​វិវត្ត​ច្រើន​ទាក់ទង​នឹង​ទឹក​ស្អាត និង​អនាម័យ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​គឺ​ភាព​ធន់​សម្រាប់​គម្រោង​មួយ​នេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ADB Approves $93.6M to Support Rural Water Supply, Sanitation and Hygiene Services in Nine Provinces

128 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម