ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែវិច្ឆកា ឆ្នាំ២០២៤ បានអនុម័តប្រាក់កម្ចីចំនួន៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា។ ដោយផ្តោតលើជំនាញ «សតវត្សទី២១» ក្នុងការពង្រឹងវិស័យការសិក្សាដោយមានភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សស្រី និងសិស្សប្រុស ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
នៅក្នុងគម្រោងមួយនេះ គឺផ្តោតសំខាន់ក្នុងវិស័យអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស និងបង្កើនការសាងសង់ចំនួនអគារសិក្សាបន្ថែមដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន(រួមទាំងបន្ទប់រៀនបន្ថែមចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា៖«កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ»។ លោកស្រីបន្តថា៖ «កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការមូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត»។
អ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា បានប្រាប់ ខេមបូចា ថា ទាក់ទងគម្រោងមួយនេះអនុវត្តក្នុងរយៈពេល៥ឆ្នាំ និងមានចំនួនសាលារៀនរហូតដល់២៥៩សាលា នឹងទទួលផលពីគម្រោងនេះ។ អ្នកស្រីនិយាយថា គម្រោងមួយនេះឈ្មោះថា៖ «គម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស និងផ្តោតលើផលជះសំខាន់ៗដែលមានចំនួន៤លទ្ធផល»។
អ្នកស្រី វិច្ឆិកា ថា លទ្ធផលទី១ នៃគម្រោងដែលរំពឹងទុកនោះ គឺការកែលម្អលទ្ធភាពទទួលបានការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព ដោយគំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ជូនសិស្សានុសិស្សនូវសាលារៀនដែលមានសុវត្ថិភាព បំពាក់បរិក្ខារល្អ និងធន់នឹងអាកាសធាតុ បង្កើនលទ្ធភាពទទួលបានការអប់រំជារួម។
លទ្ធផលទី ២ គឺការពង្រឹងគុណភាពនៃការអប់រំស្របតាមជំនាញក្នុង «សតវត្សរ៍ទី២១» គឺផ្តោតលើការអភិវឌ្ឍជំនាញតាមតម្រូវការក្នុងចំណោមសិស្ស តាមរយៈការកែលម្អសមត្ថភាពគ្រូជាភាសាអង់គ្លេស STEM និងជំនាញឌីជីថល ទន្ទឹមនឹងការលើកកម្ពស់ការរៀនតាមគម្រោង ដើម្បីជំរុញជំនាញសំខាន់ៗដូចជា ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហា។
លទ្ធផលទី៣ គឺការវាយតម្លៃការរៀនសូត្រដែលប្រសើរឡើងក្នុងការអប់រំមធ្យមសិក្សា គឺដោះស្រាយបញ្ហាប្រឈមនៃការវាយតម្លៃដែលមានភាគហ៊ុនខ្ពស់ដោយបង្កើនការវាយតម្លៃជាទម្រង់ និងសង្ខេបទៅលើសាលារៀន។ វារួមបញ្ចូលទាំងការបង្កើតយុទ្ធសាស្រ្តថ្មីសម្រាប់ការប្រឡងថ្នាក់ជាតិថ្នាក់ទី១២ ដើម្បីតម្រង់ឱ្យកាន់តែប្រសើរឡើងជាមួយនឹងការអនុវត្តគរុកោសល្យទំនើប។
អ្នកស្រី វិច្ឆិកា បន្ថែមថា៖ «[លទ្ធផលទី៤]ផ្លូវនៃការអប់រំក្រោយមធ្យមសិក្សាត្រូវបានពង្រឹង។ [ការរំពឹងទុកក្នុងគម្រោង] ទិន្នផលនេះមានគោលបំណងពង្រឹងបំពង់បង្ហូរធនធានមនុស្សដែលមានជំនាញក្នុងវិស័យវិទ្យាសាស្ត្រ និងវិស័យអាទិភាពតាមរយៈការសាកល្បងកម្មវិធីច្នៃប្រឌិតនៅកម្រិតអប់រំមធ្យមសិក្សាទុតិយភូមិ និងកម្រិតឧត្តមសិក្សា»។
យោងតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងថា ចំនួនចុះឈ្មោះពិតនៃការសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ៣៥.៥% នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ក្មេងប្រុសដែលត្រូវរួមចំណែករកប្រាក់ចំណូលសម្រាប់គ្រួសារ។
បន្ថែមពីនេះ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការគាំទ្រដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីទទួលបាន ការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។
របាយការណ៍មួយនេះបន្តថា សិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ទាក់ទងទៅនឹងការពង្រឹងក្នុងវិស័យការសិក្សានៅកម្ពុជាត្រូវការថវិកាច្រើន និងចាំបាច់ក្នុងការពង្រឹងវិស័យការសិក្សាក្នុងកម្រិតមធ្យមសិក្សាផងដែរ។ លោកបន្តថា កម្ចីរបស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តឲ្យប្រទេសកម្ពុជាជារឿងមួយដែលល្អក្នុងការអភិវិឌ្ឍវិស័យអប់រំដើម្បីឆ្លើយតបទៅនឹងកង្វះខាត ដល់សមត្ថភាពរបស់គ្រូបង្រៀន ព្រមទាំងពង្រឹងទាំងគុណភាពសិស្ស។
លោកថ្លែងថា៖ «ទាក់ទងទៅនឹងក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធគួរតែរៀនសូត្រដកស្រង់ពីរបាយការណ៍ របស់ធនាគារពិភពលោកដែលបានចេញរបាយការណ៍ពិភពលោកបានវាយតម្លៃ ដែលកម្ពុជាបានចំណាយថវិកាទៅលើវិស័យអប់រំច្រើនទាក់ទងវិស័យអប់រំ ប៉ុន្តែជាផលតិច។
លោក ចន្ទរឿង បន្ថែមថា ត្រង់ចំណុចមួយនេះភាគីពាក់ព័ន្ធត្រូវតែពិនិត្យឡើងវិញ ទៅលើចំណាយ ទៅលើគម្រោងនីមួយៗមុននឹងអនុម័ត ដើម្បីធានាថាឲ្យមានតម្លាភាព គណនេយ្យភាព និងជាប្រយោជន៍សម្រាប់ជាតិ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានយល់ឃើញទាក់ទងទៅលើប្រាក់កម្ចីដែលធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ដែលអនុម័តទៅលើវិស័យការសិក្សាជារឿងមួយដែលល្អដើម្បីពង្រឹងវិស័យការសិក្សា និងបណ្តុះបណ្តាលគ្រូបង្រៀន។ អ្នកស្រីរំពឹងទុកថា ភាគីពាក់ព័ន្ធដែលអនុវត្តគម្រោងមួយនេះឲ្យចំគោលដៅទៅលើវិស័យការសិក្សាមធ្យមសិក្សា និងអាចធានាថាវិស័យការសិក្សាមានភាពប្រសើរឡើង។
អ្នកស្រីមានប្រសាន៍ថា៖ «អ្វីដែលប្រព័ន្ធអប់រំទោះបីតាមមុខវិជ្ជា វិធីសាស្រ្តណាក៏ដោយ ប៉ុន្តែខ្ញុំចង់ឲ្យការអប់រំលុយដែលកម្ចីហ្នឹងមកធ្វើយ៉ាងម៉េចឲ្យចំទិសដៅ ឧទាហរណ៍ផ្តោតទៅលើអ្វីមួយត្រូវតែឲ្យការទទួលផលទាំងគ្រូបង្រៀន និងសិស្សទទួលបានផលពិតប្រាកដ»។
គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលសម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ២០២៤-២០២៨៕