សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បន្ទាប់ពីមានអ្នកស្លាប់កាន់តែច្រើន អង្គការលីកាដូអំពាវនាវជាថ្មីឲ្យបិទមណ្ឌលសំចតព្រៃស្ពឺ

ក្លោងទ្វារចូលមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឲ្យដោយអង្គការលីកាដូ)
ក្លោងទ្វារចូលមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឲ្យដោយអង្គការលីកាដូ)

យ៉ាងហោចណាស់​ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​កាល​ពី​ខែសីហា​ បន្ទាប់ពី​ពួកគេ​មិន​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃស្ពឺ​ ហើយ​ភស្តុតាង​បង្ហាញថា មាន​អ្នក​ជាប់ឃុំ​ជាង​១០​នាក់​បាន​ស្លាប់​ចាប់តាំងពី​ខែ​កក្ក​ដា​ នេះបើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។​

អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​ដែល​អះអាងថា ជា​កន្លែង​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈនិង​ត្រូវ​បាន​គ្រប់គ្រងដោយ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​បាន​ឃុំខ្លួនពលរដ្ឋងាយ​រងគ្រោះ​បំផុត​​នៅ​រាជធានីភ្នំពេញ ហើយ​មិន​បាន​ផ្តល់​សិទ្ធិ​មូលដ្ឋាន​និង​ភាពចាំបាច់​ដូចជា​ការ​ព្យាបាល​សុ​ខភាពជាដើម​។​

លោក​ស្រី ណាលី ពីឡូក ជា​នាយិកា​ទទួល​បន្ទុក​កិច្ច​ការ​ក្រៅតំបន់​នៃអង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍ថា៖ «ជា​រៀងរាល់ថ្ងៃ មជ្ឈមណ្ឌល​ព្រៃស្ពឺ​នៅ​តែ​បើក​ដំណើរ​ការ​ បង្ក​ឲ្យ​មាន​ការ​រំលោភបំពាន​បន្ថែមទៀតនិង​ហានីភ័យនៃការ​ស្លាប់​ជា​ច្រើន​ទៀត​។ រាជរដ្ឋាភិបាល​គួរ​តែបិទមណ្ឌល​នេះ​តែម្តង ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាងអាក្រក់​ដែល​មិន​គួរ​កើត​មាន​នេះ»។

យោង​តាម​អង្គការលីកាដូ ដែល​បាន​សម្ភាស​សាក្សី​ដែល​បាន​ឃើញ​ករណី​ស្លាប់​របស់​មនុស្ស​ពីរ​នាក់បាន​ឲ្យ​ដឹងថា បុរសម្នាក់​និង​ស្ត្រីម្នាក់ដែល​បាន​ស្លាប់​កាល​ពី​ខែ​សីហា​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​​ បន្ទាប់ពី​មក​ដល់​មជ្ឈមណ្ឌល​នេះ ហើយ​​ត្រូវ​បា​ន​ទុក​ចោល​នៅលើ​ឥដ្ឋក្នុង​បន្ទប់​ឃុំឃាំង​ ជា​កន្លែងដែល​ពួកគេបាន​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់ឃុំ​ផ្សេងទៀត​។ 

អង្គការ​លីកាដូ​បាន​អះអាងថា ប៉ុន្តែ​សាក្សី​ម្នាក់​នៅ​វត្តមួយ​ដែល​បូជា​សាកសព​ដែល​គេបញ្ជូន​ពី​មជ្ឈមណ្ឌល​ព្រៃស្ពឺ​បាន​និយាយថា អ្នក​ជាប់ឃុំ​ជាង​១០​នាក់​បាន​ស្លាប់​ចន្លោះ​ខែ​កក្កដា​និង​ខែសីហា​។ អង្គការដដែល​បាន​គូសបញ្ជាក់ថា គេមិន​អាច​រក​ការ​បញ្ជាក់​លើ​ករណី​ស្លាប់​បន្ថែមទៀត​បានទេ ដោយ​សារតែ​មាន​ការ​ពិបាក​ក្នុង​ការ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​។​

អង្គការ​លីកាដូ​បាន​ប្រាប់​ខេមបូចា​ថា ខ្លួន​មិន​អាចផ្តល់​ព័ត៌មាន​កំណត់​អត្តសញ្ញាណបន្ថែម​អំពី​ជនរងគ្រោះ​នៅ​មណ្ឌល​នេះ​ឬសាក្សី​ដែល​បាន​ឃើញ​ករណី​ស្លាប់នេះទេ ដើម្បី​ការ​ពារ​សាក្សី​និងរក្សាការសម្ងាត់​របស់​​ក្រុមគ្រួសារជន​រងគ្រោះ​។​​

ករណី​ស្លាប់ជា​បន្ត​បន្ទាប់​នេះ​កើត​ឡើង​ អំឡុង​ពេល​មាន​ការ​ឃុំខ្លួន​កាន់តែ​ច្រើន​ឡើង​នៅ​មណ្ឌល​នេះ​ ទីដែល​មាន​មនុស្ស​ជាង​៤០០​នាក់​ត្រូវ​បាន​គេឃុំខ្លួន​គិត​ត្រឹម​​ខែ​សីហា។ សាក្សី​មកពី​ក្នុង​មណ្ឌល​នេះ​បាន​ប្រាប់​អង្គការលីកាដូ​ថា អ្នក​ជាប់ឃុំ​ប្រឈម​នឹង​ភាពចង្អៀត​ណែន​ អាហារតិច​តួច​ ការ​វាយដំ​និង​កង្វះ​ការ​ព្យាបាល​។​ 

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍ថា៖ «នៅពេល​ពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ​ ពួកគេគួរ​តែ​បាន​សម្រាកនៅមន្ទីរ​ពេទ្យ​និង​ទទួលបាន​ការ​ព្យាបាល​។ ពួកគេនៅ​មាន​សិទ្ធិ​ដូចមនុស្ស​គ្រប់គ្នា​ដែរ ហើយនោះគឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មណ្ឌល​ព្រៃ​ស្ពឺ​»។

លោក តូច ចាន់នី ជា​អ្នក​នាំពាក្យ​ក្រសួងសង្គម​កិច្ច​បាន​បដិសេធ​ការ​លើ​កឡើង​របស់​អង្គការ​លីកាដូ​អំពី​មណ្ឌល​នេះថា ជា​ទីកន្លែង​ឃុំ​ឃាំង​តាម​អំពើ​ចិត្ត។ លោក​ក៏បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា គ្មាន​នរណាម្នាក់ក្នុង​មណ្ឌល​នេះ​ស្លាប់​ដោយ​សារកង្វះ​ការ​ព្យាបាល​ឬ​ប្រឈម​នឹង​ការ​វាយ​ដំ​នោះ​ទេ។

លោក​ ចាន់នី មាន​ប្រសាសន៍ថា៖ «មជ្ឈមណ្ឌលនេះ​មិន​មែនជា​ទីកន្លែង​ឃុំ​ឃាំង​មនុស្ស​ទេ។ វាគ្រាន់តែជា​កន្លែង​ទទួល​យក​ពលរដ្ឋ​​អនាថា​ពី​អាជ្ញា​ធរសម្រាប់មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​»។

លោក​បាន​បន្ថែមថា៖ «​យើង​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការនៅទីនោះនៅពេលណា​​បងប្អូន​មាន​ជំងឺធម្មតា​ដូចជា​រាគរូស វិលមុខ​ឬក្អួត​ ប៉ុន្តែ​នៅពេល​ពួកគេ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ យើង​នាំពួកគាត់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដូចជា​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរសូវៀត​»។

លោក​ ចាន់នី បានទទួល​ស្គាល់ថា មាន​ករណីស្លាប់​នៅមជ្ឈមណ្ឌល​នេះ​មែន​ ប៉ុន្តែ​លោក​មិន​និយាយថា មាន​ប៉ុន្មាន​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​លោក​បាន​អះអាងថា បុគ្គលទាំង​អស់នេះ​ធ្លាក់ខ្លួន​ឈឺ​មុន​ពេល​មក​ដល់មជ្ឈមណ្ឌលនេះ។

លោក​មាន​ប្រសាសន៍ថា៖ «បងប្អូន​អនាថាទាំង​នោះ​មាន​ជំងឺ​មុន​ពេល​មក​ដល់ទីនេះ។ ពួកគាត់​រស់នៅ​ខាងក្រៅ​ត្រូវ​​ទឹកភ្លៀង ដូច្នេះ​សុខភាព​របស់​ពួកគាត់​មិន​ល្អ​ហើយ​ពួកគាត់​មាន​ជំងឺ​ស្រាប់ទៅហើយ​»។

លោក អំ សំអាត មាន​ប្រសាសន៍ថា មជ្ឈមណ្ឌល​ព្រៃស្ពឺ​បាន​ឃុំ​ពលរ​ដ្ឋ​តាម​ទំនើងចិត្ត​និង​ដោយ​ខុសច្បាប់​ ពីព្រោះ​ពួកគេ​មិន​ដែល​ប្រឈម​នឹង​ការ​កាត់​ក្តី​និង​​​ត្រូវ​បាន​ប្រមូល​តាម​ដងផ្លូវ​ដោយ​មិន​បាន​ប្រព្រឹត្តបទល្មើសអ្វី​នោះទេ។

លោក​មាន​ប្រសាសន៍ថា៖ «​ការឃុំខ្លួន​គឺស្របច្បាប់​នៅពេលណា​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ប៉ុណ្ណោះ​។ បើមិន​ដូច្នេះទេ ប្រសិនបើ​មនុស្ស​ម្នាក់​គ្មាន​បំណង​ទៅ​ផងហើយ​អ្នក​បង្ខំ​និង​ឃុំ​ខ្លួន​គាត់ នោះគេហៅថា ឃុំខ្លួន​ដោយ​ខុស​ច្បាប់​»។​

ចាប់តាំងពី​បើក​ដំណើរ​ការនៅ​ឆ្នាំ​២០០៤​មក មជ្ឈមណ្ឌល​ព្រៃស្ពឺ​បាន​ប្រឈម​នឹង​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដាក់ពី​អង្គការ​សិទ្ធិ​មនុស្ស​ រួម​ទាំង​អង្គការ​លើក​លែងទោស​អន្តរជាតិ​និង​អង្គការសហប្រជាជាតិ​ផងដែរ​ដោយ​សារមាន​ការ​រំលោភបំពាន​លើ​អ្នក​ជាប់ឃុំ​ រួម​ទាំង​ការ​ឃុំ​ខ្លួនកុមារ​​ដោយ​បង្ខំ ការ​រំលោភផ្លូវ​ភេទ​និង​ការ​ស្លាប់ជា​បន្តបន្ទាប់​ដោយ​គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​ផងដែរ។​ 

អំឡុង​ពេល​ថ្លែង​សុន្ទរកថា​កាលពីឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បានស្នើ​ឲ្យ​បិទ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​ ប្រសិន​បើ​មិនមាន​ការ​កែលម្អ​ ប៉ុន្តែ​អ្នក​នាំពាក្យ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍នៅពេលនោះថា ការ​អត្ថាធិប្បាយ​នេះ​គឺគ្រាន់តែ​ជា​ការ​ស្នើ​យោបល់​ទេ។

លោក​ ម៉េត មាសភក្តី ជា​អ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ​មិន​អាចទាក់ទងសុំ​ការ​អត្ថាធិប្បាយ​បានទេ​។

អង្គការ​លីកា​ដូ បាន​លើក​ឡើង​ថា៖ «ប្រវត្តិ​នៃ​ការ​រំលោភបំពាន​ ​និង​ការ​ស្លាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​គឺ​អូស​បន្លាយពេល​ច្រើនពេក​ហើយ​ ​និង​បង្កើត​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​ប្រសិនបើ​មណ្ឌល​នេះ​មិន​ត្រូវ​បាន​បិទ​ដំណើរការ​នោះ​ទេ​ ​។​ ​សូម​បិទ​មណ្ឌល​ព្រៃ​ស្ពឺ» ៕​ ​(រាយការណ៍បន្ថែម​ដោយ ផុន​ សុទ្ធីរ័ត្ន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After More Deaths, Renewed Calls to Close Government-run Homeless

522 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម