សហគមន៍កសិកម្មទំនើបចម្រុះស្រូវនាងអំ គឺជាសហគមន៍លេចធ្លោមួយក្នុងចំណោមសហគមន៍កសិកម្មទំនើបចំនួន៨ ដែលទើបតែត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដោយមានការគាំទ្រពីក្រសួងកសិកម្មខណៈបច្ចុប្បន្នមានសហគមន៍កសិកម្មជាង១២៥០ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។
ការបង្កើតឡើងនូវសហគមន៍កសិកម្ម និងបានចាប់ផ្តើមវិវឌ្ឍន៍ទៅជាសហគមន៍កសិកម្មទំនើបនេះ គឺក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់ ខេមបូចា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ថា ជាគោលការណ៍ទូទៅក្រសួងកសិកម្មធ្វើការគាំទ្រដល់កសិករតាមរយៈសហគមន៍កសិកម្មទំនើបដែលក្នុងនោះមានជំនួយបច្ចេកទេសជំនួយហិរញ្ញវត្ថុ និងជំនួយខាងផ្នែកទីផ្សារ។
រដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ចំណុចដែលក្នុងនោះចំណុចទី៦បានចែងអំពីការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទផងដែរ។
ចំពោះខ្លឹមសារនៃសហគមន៍កសិកម្មទំនើប គឺសំដៅទៅលើការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករពីទម្លាប់នៃការធ្វើកសិកម្មបែបប្រពៃណីដាច់ដោយឡែកពីគ្នា មកចេះធ្វើផលិតកម្មរួមក្នុងសហគមន៍ និងមានផែនការផលិតកម្មរួមច្បាស់លាស់ ជាពិសេសមានការគ្រប់គ្រងទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ «ហើយចំពោះបញ្ហាដែលថាធាតុចូលកសិកម្មមានតម្លៃខ្ពស់ក៏ដូចជាផលិតផលកសិកម្មរបស់កសិករគ្មានទីផ្សារនោះ គឺត្រូវដោះស្រាយតាមរយៈសហគមន៍កសិកម្មទំនើបនេះឯង»។
សហគមន៍កសិកម្មទំនើប មានការទិញធាតុចូល (ជី ថ្នាំ សម្ភារកសិកម្ម) សម្រាប់ប្រើប្រាស់រួម, មានការគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សាររួម មានប្រព័ន្ធគ្រប់គ្រង និងថ្នាក់ដឹកនាំអាជីវកម្មប្រចាំថ្ងៃ ដែលមានសមត្ថភាព និងបទពិសោធន៍ច្បាស់លាស់ និងមានគោលការណ៍ បែងចែកភាគលាភ ដែលមានតម្លាភាព និងគណនេយ្យភាព ដល់សមាជិកទាំងអស់។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។
ជាងនេះទៅទៀត លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួម ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារ ទាំងខាងផ្នែកបរិមាណ គុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួម ដោយសហគមន៍នឹងបែងចែកប្រាក់ចំណេញទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
លោក ឃឹម ហ្វីណង់ ថ្លែងទៀតថា៖ «គោលដៅចុងក្រោយនៃសហគមន៍កសិកម្មទំនើបគឺធ្វើយ៉ាងណាឱ្យកសិករទទួលបានការការពារនូវហានីភ័យទីផ្សារជាពិសេសការឡើងចុះនៃតម្លៃកសិផលក៏ដូចជាកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់ផងដែរ»។
បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន៨ហើយត្រូវបានបង្កើតឡើងក្នុងនោះមួយចំនួនកំពុងដំណើរការជាបណ្តើរៗ និងមួយចំនួនទៀតកំពុងរៀបចំដំណើរការនៅក្នុងខេត្តចំនួន៦ រួមមានសហគមន៍ស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដីផលិតកម្ម៧២៨ហិកតា សហគមន៍បន្លែផ្ទះសំណាញ់ត្រាំកក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ មានផ្ទៃដីផលិតកម្ម៥ហិកតា ផ្ទះសំណាញ់១៥១ខ្នង។ សហគមន៍ស្រូវផ្ការំដួលខ្នារឆ្មារសែនជ័យនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានផ្ទៃដីផលិតកម្ម១៣៣ហិកតា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ មានផ្ទៃដីផលិតកម្ម២៥១ហិកតា។ សហគមន៍ស្វាយចន្ទីប្រាសាទសំបូរ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានផ្ទៃដីផលិតកម្ម៤៨៣ហិកតា សហគមន៍ស្វាយចន្ទីកំពង់ធំសាលាវិស័យ នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានផ្ទៃដីផលិតកម្ម ២០៩ហិកតា។ សហគមន៍បន្លែកោះខ្សាច់ទន្លានៅស្រុកស្អាង ខេត្តកណ្តាល មានផ្ទៃដីផលិតកម្មប្រហែល២៥ហិកតា និងសហគមន៍ម្រេចមេមត់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃដីផលិតកម្ម៦៥ហិកតា។
អ្នកស្រី ឈឺន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបចម្រុះស្រូវនាងអំដែលស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្របដណ្ដប់លើភូមិចំនួន៤បានឱ្យដឹងថា សហគមន៍ដែលបច្ចុប្បន្នមានសមាជិក៨៤គ្រួសារត្រូវបានផ្ដួចផ្ដើមដំបូងកាលពីខែតុលាឆ្នាំ២០២៣ ប៉ុន្តែបានចេញជារូបរាងជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ២០២៤នេះ។ ចាប់តាំងពីសហគមន៍ត្រូវបានបង្កើតឡើងមក សហគមន៍បានធ្វើការរៀបចំដីស្រែរបស់ប្រជាកសិករជាសមាជិកដែលពុំទាន់ស្អាតឱ្យទៅជាស្អាត ដោយមានភ្លឺស្រែទប់ទឹកខ្វាត់ខ្វែង។អ្នកស្រីបានឱ្យដឹងថា កាលពីមិនទាន់ចូលជាសមាជិកសហគមន៍កសិករបានជួបប្រឈមនឹងការខ្វះទុន បច្ចេកទេស ទីផ្សារ សម្រាប់លក់ផលិតផលកសិកម្មក្នុងតម្លៃសមរម្យ និងមិនមានសមត្ថភាពធ្វើដីស្រែរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
អ្នកស្រី ឈឺន សុភាសី បញ្ជាក់ថា៖ «ប៉ុន្តែនៅពេលក្លាយជាសមាជិកសហគមន៍ បញ្ហាទាំងនោះសហគមន៍ជាអ្នករ៉ាប់រងទាំងស្រុង (គាត់ចាំទទួលយកផល) ដាក់តែដីចូលក្នុងសហគមន៍ គឺគ្រប់គ្រាន់ ហើយគាត់អាចមានពេលវេលាប្រកបមុខរបរផ្សេងទៀតបាន។ ប្រសិនបើគាត់ចង់ធ្វើការក្នុងសហគមន៍ គឺអាចទទួលបានប្រាក់កម្រៃបន្ថែមទៀត»។
បញ្ហាប្រឈម
កង្វះទុន ជី ថ្នាំកសិកម្ម គ្រឿងយន្តកសិកម្មមានតម្លៃខ្ពស់ដែលធ្វើឱ្យការផលិតត្រូវចំណាយច្រើនបូករួមទាំងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មគ្មានស្ថិរភាពនៅតែជាបញ្ហាប្រឈមធំសម្រាប់កសិករ។
លោក ទ្រី គឹមស៊្រាង អនុប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ដែលទើបទទួលបានការចុះបញ្ជីពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានសំនូមពរដល់រដ្ឋាភិបាលសូមជួយសម្រួលតម្លៃជីកសិកម្ម ថ្នាំកសិកម្ម និងការលក់គ្រឿងយន្តកសិកម្មក្នុងតម្លៃសមរម្យតាមរយៈការកាត់បន្ថយពន្ធលើមុខទំនិញទាំងនេះ។
លោកថ្លែងថា៖ «ត្រួតពិនិត្យ និងពង្រឹងគុណភាពជីថ្នាំកសិកម្មជំរុញការផ្សព្វផ្សាយ ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនលើវិស័យស្វាយចន្ទីដើម្បីបង្កើនការប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវស្ពាន) នៅតាមតំបន់ដែលមានស្វាយចន្ទីច្រើន ពីព្រោះនៅពេលផ្លូវពិបាកដឹកជញ្ជូនឈ្មួញក៏បន្ទាបតម្លៃដែរ»។
កសិករឈ្មោះ ខឿង ដារ៉ា អាយុ៣៤ឆ្នាំរស់នៅភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានចម្ការស្វាយចន្ទីដែលអាចប្រមូលផលបាន៥ហិកតា និងកំពុងរៀបចំដាំថែម២ហិកតាបានប្រាប់ ខេមបូចា កាលពីថ្ងៃទី៦ ខែសីហា ថា លោកមិនទាន់បានចូលជាសមាជិកសហគមន៍កសិកម្មណាមួយនៅឡើយទេ។ ប៉ុន្តែបច្ចុប្បន្នលោកនិងអ្នកភូមិដែលជាកសិករចំនួន២៣នាក់ផ្សេងទៀតកំពុងទាក់ទងទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីស្នើសុំបង្កើតសហគមន៍កសិកម្ម។
យ៉ាងណាក្តីលោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់បានគឺចង់ឱ្យមន្ទីរ ឬក្រសួងកសិកម្មជួយបង្កើតសហគមន៍ និងឃ្លាំងសម្រាប់ជួយកសិករក្នុងតំបន់ឱ្យចេះហាលគ្រាប់ស្វាយចន្ទីទុកលក់ពេលតម្លៃល្អ»។
ចំណែកអ្នកស្រី ឈឺន សុភាសី បានឱ្យដឹងថា បញ្ហាប្រឈមក្នុងការធ្វើស្រែនៅក្នុងរដូវវស្សាឆ្នាំនេះ គឺមានតិចតួច ដូចជាដង្កូវស៊ីស្រូវ និងភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យទឹកហូរបុកដាច់ភ្លឺស្រែជាច្រើនកន្លែង។ នៅក្នុងរដូវវស្សាឆ្នាំនេះ សហគមន៍កសិកម្មទំនើបចម្រុះស្រូវនាងអំ បានធ្វើស្រែចំនួន៨២៩ហិកតា និងកំពុងរៀបចំផែនការមេ ដូចជាចិញ្ចឹមសត្វ ដាំបន្លែ និងដំណាំផ្សេងៗទៀតដើម្បីបង្កើនប្រាក់ចំណូល។
បើតាមក្រសួងកសិកម្មគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មនៅតាមគ្រប់បណ្តាខេត្តជាង១២៥០សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០ ២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ១២,៨លានដុល្លារ។
បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនោះ មានមុខរបរសំខាន់ៗ រួមមាន ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជាដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម។
ជាមួយគ្នានេះសហគមន៍កសិកម្មសំបូរមានជ័យ ដែលមានផ្ទៃដីប្រមាណ១៣ហិកតា ស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ជាមួយសមាជិកដំបូងចំនួន៨៨នាក់ ប៉ុន្តែមកដល់បច្ចុប្បន្នបានកើនសមាជិករហូតដល់ ២ ១៥២នាក់។ វឌ្ឍនភាពនៃមុខរបរសហគមន៍កសិកម្មសំបូរមានជ័យ គឺបានចាប់ផ្តើមជាមួយក្រុមសន្សំប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលនៅក្នុងសហគមន៍ដែលមានទឹកប្រាក់សរុបចំនួន ១០ ១៥៤ ០០០រៀល។ ក្នុងនោះក៏មានក្រុមផលិតពូជស្រូវរបស់សហគមន៍កសិកម្មសំបូរមានជ័យ ដែលបានផលិតពូជស្រូវចំនួន១០ពូជរួមមានពូជស្រូវផ្ការំដួល ផ្កាមាល រាំងជ័យ សែនក្រអូប សែនពិដោរ CAR៤ CAR៦ និង CAR៨ CAR៩ ៥១៥៤។ នេះបើយោងតាមសហគមន៍។
បច្ចុប្បន្នសហគមន៍បានពង្រីកមុខរបរបន្ថែមមួយចំនួនទៀតដូចជាផលិតកម្មស្រូវចំណីសត្វ ដាំស្លឹកគ្រៃបានប្រមាណ ១ ៥០០តោនក្នុងមួយឆ្នាំ ដើម្បីផលិតជាប្រេងស្លឹកគ្រៃ ដាំបន្លែផ្សេងៗ ដំណាំហូបផ្លែ(ចេក ម្នាស់ និងឪឡឹក) ធ្វើជីកំប៉ុស ផ្គត់ផ្គង់ជីគីមី ទៅឱ្យសមាជិកសហគមន៍ និងជីលាមកសត្វទៅឱ្យអតិថិជននៅក្នុងតំបន់ផងដែរ។
ទាក់ទងនឹងការផលិតប្រេងស្លឹកគ្រៃលោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មសំបូរមានជ័យបានឱ្យដឹងថាសហគមន៍បានស្រាវជ្រាវលើបច្ចេកទេសកែច្នៃផលិតជាប្រេងស្លឹកគ្រៃ ដោយសហការជាមួយសិប្បកម្មនៅខេត្តសៀមរាប។
លោកបន្តថា៖ «នៅចុងឆ្នាំ ២០១៩ យើងបានបង្កើតសិប្បកម្មផ្ទាល់ខ្លួន ដើម្បីកែច្នៃប្រេងស្លឹកគ្រៃដោយជួយសង្គ្រោះស្លឹកគ្រៃដែលសហគមន៍របស់យើងចាប់ផ្តើមដាំដុះ»។
លោកឱ្យដឹងថា បច្ចុប្បន្នសហគមន៍បានបង្កើនការដាំដុះស្លឹកគ្រៃនិងបង្កើនការផលិតប្រេងស្លឹកគ្រៃ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍។
ការជួយពីក្រសួងកសិកម្ម
ប្រធានសហគមន៍កសិកម្មទំនើបចម្រុះស្រូវនាងអំបានឱ្យដឹងថា៖ «សម្រាប់ក្រសួងកសិកម្មលោកបានជួយបច្ចេកទេសក្នុងការដាំដុះ និងសម្របសម្រួល ក៏ដូចជាធានានូវប្រាក់កម្ចីពីធនាគារវីង និងធនាគាARDB និងជួយលើការរៀបចំផែនការមេបន្តទៀត»។
បើតាមអ្នកស្រី ឈឺន សុភាសី រហូតមកដល់ពេលនេះសហគមន៍បានប្រើប្រាស់ប្រាក់អស់ ១៥ម៉ឺនដុល្លារលើការសម្អាតដី និង២៥ម៉ឺនដុល្លារលើផលិតកម្មស្រូវ។ បើទោះបីជាសហគមន៍កសិកម្មទំនើបស្រូវនាងអំ ទើបតែត្រូវបានបង្កើតឡើងបានជិត១ឆ្នាំក្តីក៏សហគមន៍មានសមត្ថភាពអាចទិញដ្រូន១គ្រឿងយកមកប្រើសម្រាប់ព្រោះស្រូវបានប្រមាណ៧០ហិកតាក្នុងមួយថ្ងៃៗដែលនេះគឺជាការធ្វើកសិកម្មតាមបែបទំនើប។ ស្រូវនាងអំ ដែលត្រូវបានយកធ្វើជាឈ្មោះរបស់សហគមន៍ គឺជាពូជស្រូវបុរាណមួយប្រភេទដែលចុងក្រោយត្រូវបានរក្សាទុកដោយលោកយាយម្នាក់ឈ្មោះ អំ នៅអំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ នេះបើតាមក្រសួងកសិកម្ម។
ផលប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្ម
អ្នកស្រី សុភាសី ក៏ជាម្ចាស់ហាងលក់អង្ករ ស្រីមុំ៩៩ផងនោះបានឱ្យដឹងថា ស្រូវនាងអំដែលដាំដុះនៅក្នុងសហគមន៍នេះ គឺអ្នកស្រីជាអ្នកទិញយក ដើម្បីកិនជាអង្ករយកទៅលក់នៅហាងរបស់អ្នកស្រី ហើយទៅថ្ងៃអនាគត អ្នកស្រីគ្រោងនឹងបង្កើតជាសហគមន៍អង្ករនាងអំមួយទៀត។ ការបង្កើតជាសហគមន៍នេះឡើង គឺមានគោលបំណងចង់ជួយលើកកម្រិតជីវភាពរបស់សមាជិកឱ្យមានការរីកចម្រើនពីព្រោះនៅពេលដែលកសិករដាំដុះតែម្នាក់ឯង គាត់មិនអាចទទួលបានទិន្នផលច្រើនទេ ដោយសារដីគាត់មិនស្អាត ខ្វះទុន ខ្វះពូជស្រូវ និងខ្វះធនធានគ្រប់បែបយ៉ាង។
អ្នកស្រីប្រធានសហគមន៍លើកឡើងទៀតថា៖ «នៅពេលយើងចងក្រងជាសហគមន៍ហើយ យើងប្រមូលផ្ដុំគ្នាដើម្បីមានទុន និងមានការគាំទ្រពីរដ្ឋាភិបាល ដូចជាការគាំទ្រពីក្រសួងកសិកម្ម និងអង្គការដៃគូជាដើម»។
អ្នកស្រីថា ការបង្កើតសហគមន៍នេះក៏ជាការចូលរួមកាត់បន្ថយការធ្វើចំណាកស្រុករបស់កសិករទៅកន្លែងផ្សេងផងដែរ ដោយសារតែប្រជាពលរដ្ឋក្នុងសហគមន៍នេះអាចធ្វើការក្នុងសហគមន៍ផ្ទាល់តែម្ដង ឬអាចធ្វើអ្វីផ្សេងទៀតក្នុងភូមិបានជាធម្មតា ដូចជាការដាំបន្លែ និងចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសហគមន៍ក៏ចូលរួមការពារព្រៃឈើក្នុងតំបន់ផងដែរ។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មតែមួយគត់ដែលមានដ្រូនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងការព្រោះស្រូវ ខណៈកាលពីមុនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ដោយគ្មានជម្រើសអ្វីក្រៅពីព្រោះស្រូវដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់នោះទេ។ ក្រៅពីព្រោះស្រូវដ្រូនមួយនេះក៏អាចប្រើសម្រាប់ព្រោះជី និងបាញ់ថ្នាំផងដែរ។
លោកលើកឡើងថា៖ «នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយនៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»។
បើតាមលោក ហ្វីណង់ ក្រសួងកសិកម្មកំពុងជួយគាំទ្រដល់សហគមន៍នេះក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍយូរអង្វែង។
លោកថ្លែងថា៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំមានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍ដែលមានទាំងនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថាន»។
លោកបន្តថា លើសពីនេះ សហគមន៍នេះអាចជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករជាសមាជិកប្រកបដោយសមធម៌ផងដែរ។
ក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍កសិកម្ម កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។
លោក ឃឹម ហ្វីណង់ ធ្លាប់បានលើកឡើងថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចធ្វើឱ្យការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដែលបន្លែខ្មែរមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។
នៅក្នុងការជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ការបង្កើតសហគមន៍ កសិកម្មទំនើប គឺចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេសអាចជួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ ប្រជាសហគមន៍មានភាពល្អប្រសើរ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា ការបង្កើតឡើងនូវសហគមន៍កសិកម្មទំនើប គឺល្អប៉ុន្តែអ្វីដែលត្រូវគិត ថាតើមានប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលពួកគាត់បានយល់ដឹងអំពីផលចំណេញ និងផលខាតរួមនិងព័ត៌មានអំពីយន្តការវិធីសាស្រ្ត និងនីតិវិធីគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការបង្កើតសហគមន៍កសិកម្មទំនើបហ្នឹង។
លោកបញ្ជាក់ថា៖ «អ៊ីចឹងវាទាមទារឱ្យមានការចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយហើយវាត្រូវការឱ្យមានការកំណត់នូវយុទ្ធសាស្ត្រនិងទិសដៅនៃក្រុមសហគមន៍កសិកម្មទំនើបហ្នឹង»។
បន្ថែមពីនេះលោកថេង សាវឿនលើកឡើងថា ក្រៅតែពីឱ្យសហគមន៍កសិកម្មទំនើប បង្កើតឡើងតើក្រសួងកសិកម្មនឹងមានការគាំពារបែបណាដល់សហគមន៍កសិករផ្សេងទៀតដែលពួកគាត់មិនមានលទ្ធភាពចូលទៅក្នុងសហគមន៍កសិកម្មទំនើប។
លោកថ្លែងថា៖ «នេះជាចំណុចមួយ! អ៊ីចឹងយើងចង់ឃើញកសិករនៅក្នុងសហគមន៍ទាំងអស់អាចចូលរួមបាននៅក្នុងកម្រិតណាមួយ សមស្របដើម្បីទទួលបានប្រយោជន៍មិនសំដៅតែសហគមន៍កសិកម្មទំនើបនោះទេ»។
ទាក់ទងនឹងការជំរុញឱ្យមានការរីកចម្រើនលើវិស័យកសិកម្មនេះដែរក្រសួងកសិកម្មបានធ្វើការជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ និងបានបញ្ជូនឱ្យទៅបំពេញការងារនៅតាមឃុំនានាអស់រយៈពេលជាច្រើនខែមកហើយបន្ទាប់ពីពួកគេត្រូវបានធ្វើការបណ្តុះបណ្តាល។ តាមគម្រោងក្រសួងកសិកម្មនឹងធ្វើការជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ សរុបចំនួន ១ ៦០០នាក់ ដែលចែកចេញជា៣ដំណាក់កាល គឺឆ្នាំ២០២៣ បានជ្រើសរើសចំនួន២៥០នាក់ ឆ្នាំ២០២៤ នឹងជ្រើសរើសចំនួន៨០០នាក់ និងឆ្នាំ២០២៥ នឹងជ្រើសរើសចំនួន៥៥០នាក់។
បន្ទាប់ពីត្រូវបានជ្រើសរើស និងធ្វើការបណ្តុះបណ្តាល មន្ត្រីកសិកម្មទាំងនោះត្រូវដាក់ពង្រាយនៅតាមឃុំនានាក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី។ នេះបើតាមក្រសួងកសិកម្ម។
យ៉ាងណាក្តីបើតាមអ្នកស្រី ឈឺន សុភាសី បានឱ្យដឹងថា នៅសហគមន៍កសិកម្មទំនើបចម្រុះស្រូវនាងអំរបស់អ្នកស្រីដែលស្ថិតនៅឃុំកន្ទួត មិនទាន់ឃើញមានមន្រ្តីជំនាញកសិកម្មឃុំចុះទៅដល់នៅឡើយទេ ក៏ប៉ុន្តែអ្នកស្រីថា បើតាមប្រសាសន៍លោក ឃឹម ហ្វីណង់ និងដាក់មន្រ្តីកសិកម្ម២រូបសម្រាប់បម្រើការនៅសហគមន៍ស្រូវនាងអំ៕