សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការលើកលែងទោសអន្តរជាតិចោទកម្ពុជាថា​ មិនអើពើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងទីតាំងប្រើសម្រាប់ជាកន្លែងឆបោក

រូបភាពពីវីដេអូដ្រូនថតបានរូបជញ្ជាំងខ្ពស់ៗ កាមេរ៉ាសុវត្ថិភាព និងសន្តិសុខ ដែលបានបំពាក់ជុំវិញអគារដែលត្រូវបានគេរាយការណ៍ថាជាមូលដ្ឋានឆបោកមួយកន្លែងនៅខេត្តតាកែវហើយត្រូវបានឃ្លាំមើលដោយអង្គការលើកលែងទោសអន្តរជាតិនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ អង្គការលើកលែងទោសអន្តរជាតិ)
រូបភាពពីវីដេអូដ្រូនថតបានរូបជញ្ជាំងខ្ពស់ៗ កាមេរ៉ាសុវត្ថិភាព និងសន្តិសុខ ដែលបានបំពាក់ជុំវិញអគារដែលត្រូវបានគេរាយការណ៍ថាជាមូលដ្ឋានឆបោកមួយកន្លែងនៅខេត្តតាកែវហើយត្រូវបានឃ្លាំមើលដោយអង្គការលើកលែងទោសអន្តរជាតិនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ អង្គការលើកលែងទោសអន្តរជាតិ)

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា មានចេតនាព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមានការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការជ្រើសរើសកុមារចូលធ្វើការងារ ទាសភាព និងការធ្វើទារុណកម្ម ដែលត្រូវបានអង្គការនេះអះអាងថាបានកើតឡើងក្នុងបរិវេណបោកប្រាស់ជាង៥០កន្លែងនៅទូទាំងប្រទេស។

ក្រោមចំណងជើងថា «ខ្ញុំជាកម្មសិទ្ធិរបស់អ្នកដទៃ៖ ទាសភាព ការជួញដូរមនុស្ស និងការធ្វើទារុណកម្មក្នុងបរិវេណបោកប្រាស់នៅកម្ពុជា» របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ ត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ នៅក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេសប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក ដែលក្នុងឱកាសនោះ នាយកស្រាវជ្រាវថ្នាក់តំបន់របស់អង្គការលើកលែងទោសអន្តរជាតិ លោកស្រី Montse Ferrer បានបង្ហាញពីការរកឃើញសំខាន់ៗនៅក្នុងរបាយការណ៍។

ដោយផ្អែកលើការស្រាវជ្រាវរយៈពេល១៨ខែ អង្គការលើកលែងទោសអន្តរជាតិបានចូលទៅមើលបរិវេណអគារជាង៥០កន្លែង ក្នុងទីប្រជុំជនចំនួន១៦នៅទូទាំងប្រទេសកម្ពុជា និងបានសម្ភាសន៍ជនដែលរួចផុតពីការធ្វើទុក្ខបុកម្នេញចំនួន៥៨នាក់ មកពីប្រទេសចំនួន៨ ដែលក្នុងនោះមានកុមារចំនួន៩នាក់ ព្រមទាំងបានពិនិត្យទិន្នន័យពីជនរងគ្រោះផ្សេងទៀតចំនួន ៣៣៦ នាក់ផ្សេងទៀតផងដែរ។ អង្គការនេះក៏បានសម្ភាសន៍មន្រ្តីអង្គការជាតិ និងអន្តរជាតិចំនួន១០ និងបានពិភាក្សាជាមួយសាក្សីជាង២០នាក់ រួមមានសន្តិសុខ អ្នកបើកតាក់ស៊ី និងប្រជាជនក្នុងសហគមន៍។

របាយការណ៍នេះបង្ហាញថា មានប្រតិបត្តិការឧក្រិដ្ឋកម្មដ៏ឃោរឃៅនិងរីករាលដាល ដែលភាគច្រើនដំណើរការដោយបណ្តាញដែលដឹកនាំដោយជនជាតិចិន ហើយក្នុងករណីជាច្រើន ត្រូវបានអះអាងថាបានប្រព្រឹត្តឡើងដោយមានការដឹងលឺ ឬក៏អាចមានការចូលរួមពីអាជ្ញាធរផ្ទាល់​។

លោកស្រី Ferrer បានចោទសួរបន្ថែមថា៖ «ហេតុ​អ្វី​បាន​ជា​មាន​រឿង​នេះ​កើត​ឡើង​នៅ​កម្ពុជា? វាច្បាស់ណាស់ថាវាកើតឡើងដោយសារតែរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យវាកើតឡើង»។

លោកស្រី បានបន្តទៀតថា៖ «កម្ពុជាមានអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងទាំងស្រុងលើទឹកដីរបស់ខ្លួន ហើយដូច្នេះហើយប្រសិនបើកម្ពុជាអនុញ្ញាតឱ្យរឿងហ្នឹងកើតឡើង ការសន្និដ្ឋានដោយយុត្តិធម៌អាចនិយាយបានថាពួកគេកំពុងទទួលផលប្រយោជន៍តាមមធ្យោបាយណាមួយ»។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានឱ្យអ្នកសារព័ត៌មានខេមបូចាសួរទៅលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃវិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងថា កម្ពុជាមិនបដិសេធទាំងស្រុងថាមិនមានបទល្មើសឆបោកតាមអនឡាញនោះទេ ប៉ុន្តែកម្ពុជាក៏មិនអាចទទួលយកទាំងស្រុងបានដែរ ដោយសាររដ្ឋាភិបាលកម្ពុជាមិនដែលអនុញ្ញាត ឬគោលការណ៍ឱ្យមានក្រុមឧក្រិដ្ឋកម្ម ឬឧក្រិដ្ឋជនឱ្យមកប្រព្រឹទ្ធបទល្មើសនេះឡើយ។

លោកឱ្យដឹងថា៖ «កម្ពុជាមានឆន្ទៈបង្ក្រាប ហើយបង្ក្រាបមានប្រសិទ្ធភាពទៀតផង កម្ពុជាមិនជាទីទួលមានសុវត្ថិភាពសម្រាប់ជនណាដែលមកប្រព្រឹត្តបទល្មើសទាំងអស់នោះទេ»។ លោកបន្តថា តាមរបាយការណ៍នោះ មិនបានបង្ហាញពីទីតាំងជាក់លាក់នោះទេ ដូច្នេះអាជ្ញាធរមិនអាចឃើញអគារខ្ពស់ ហើយបិទជិត រួចចេះតែបង្ក្រាបនោះទេ ដោយមិនមានការស្រាវជ្រាវ ឬអនុញ្ញាតពីភាគពាក់ព័ន្ធនោះដែរ។  

លោក សុខៈ បានឆ្លើយតបនឹងលោកស្រី Ferrer ដែលបានផ្តល់យោបល់ឱ្យបង្កើតក្រុមការងារពិសេសដើម្បីបង្ក្រាបបទល្មើសតាមអនឡាញ ថា៖ «យើងបានបង្កើតក្រុមការងារពិសេសតាំពីអាណត្តិមុនៗមក រហូតមកដល់អាណត្តិនេះយើងបានកែសម្រួល ដែលហៅថាក្រុមការងារចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញ»។

លោកថ្លែងទៀតថា អាជ្ញាធរកម្ពុជាបន្តសហការជាមួយបណ្តាលប្រទេសផ្សេងៗដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញហ្នឹង អ៊ីចឹងវាជារឿងល្អដែលកម្ពុជាចង់បាន ចង់បញ្ជាក់ថារឿងកម្ពុជាចង់បាន គឺកម្ពុជាចង់បានការសហការរួមគ្នាក្នុងតំបន់ ក្នុងសហគមន៍ និងក្នុងពិភពលោកទាំងមូលតែម្តង ព្រោះនេះជាបទល្មើសពិភពលោក។

លោក សុខៈ បានបន្ថែមថា៖ «ខ្ញុំសូមអង្គការ Amnesty International ជួយជំរុញឱ្យណ្តាលប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលរីកចម្រើនខ្ពង់ខ្ពស់ខាងបច្ចេកទេស ប្រទេសដែលអភិវឌ្ឍន៍ផ្នែកបច្ចេកទេសខ្លាំងៗនោះ ត្រូវតែបង្ហាញឆន្ទៈទប់ស្កាត់ឱ្យបានខ្លាំង ហើយមកជួយបណ្តាលប្រទេសផ្សេងៗដែលគ្នាកំពុងតែអភិវឌ្ឍខ្លួន អាហ្នឹងខ្ញុំសំណូមពរត្រឡប់ទៅវិញ»។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានអះអាងថា ខ្លួនកំពុងឆ្លើយតបទៅនឹងសំណើសុំជំនួយ ប៉ុន្តែបានពិពណ៌នាថាការឆ្លើយតបរបស់ខ្លួនធ្វើឡើងតាមលក្ខណៈប្រតិកម្មតបទៅនឹងការស្នើសុំ ហើយបានអះអាងថាមិនអាចស៊ើបអង្កេតបរិវេណអគារណាបានទេ បើគ្មានការយល់ព្រមពីអាជ្ញាធររដ្ឋាភិបាលផ្សេងទៀតជាមុនសិននោះ។

រចនាសម្ព័ន្ធនៃបរិវេណបោកប្រាស់

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានកំណត់ទីតាំងនៃបរិវេណបោកប្រាស់ចំនួន៥៣កន្លែង នៅក្នុងតំបន់ចំនួន១៣ នៅទូទាំងប្រទេសកម្ពុជាភាគច្រើនស្ថិតនៅតំបន់ព្រំដែន និងឆ្នេរសមុទ្រ និងទីតាំង«គួរឱ្យសង្ស័យ»ចំនួន៤៥ផ្សេងទៀតដែលអ្នកស្រាវជ្រាវបានសន្មតថាអាចមានសកម្មភាពបោកប្រាស់កំពុងកើតមានឡើង។ គម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាបានប៉ាន់ស្មានថា មានបរិវេណបោកប្រាស់យ៉ាងហោចណាស់ ៣៥០ កន្លែងកំពុងដំណើរការនៅទូទាំងប្រទេស គិតត្រឹមខែតុលា ឆ្នាំ២០២៤ ដែលបានកេងប្រវ័ញ្ចពលករបរទេសប្រមាណ ១៥ម៉ឺននាក់។

យោងតាមរបាយការណ៍នេះ ជនរងគ្រោះជាច្រើនត្រូវបានទាក់ទាញមកកម្ពុជាតាមការផ្សាយការងារក្លែងក្លាយលើបណ្តាញសង្គមដូចជា Facebook និង Instagram ហើយបន្ទាប់មកត្រូវបានបង្ខំឱ្យចូលរួមបោសប្រាស់តាមអ៊ីនធឺណិត ដូចជា ស្នេហាក្លែងក្លាយ ការវិនិយោគក្លែងក្លាយ និងទម្រង់ការបន្លំផ្សេងៗទៀត។ កម្មករស្ទើរតែទាំងអស់ដែលបានស្ទង់មតិសម្រាប់ការសិក្សានេះបានរាយការណ៍ថា ពួកគេរងការឃុំឃាំង ឬមានការរឹតបន្តឹងលើសេរីភាពក្នុងការដើរហើរ ខណៈពេលធ្វើការនៅក្នុងបរិវេណឆបោក ហើយមួយភាគធំនៃពួកគេក៏បានរាយការណ៍អំពីអំពើហិង្សាផ្ទាល់ក្នុងបរិវេណទាំងនោះផងដែរ។

អ្នករស់រានមានជីវិតចំនួន៤០នាក់ក្នុងចំណោម៥៨នាក់ដែលត្រូវបានសម្ភាសសម្រាប់របាយការណ៍របស់អង្គការលើកលែងទោសនេះបានអះអាងថា ពួកគេបានរងនូវទារុណកម្ម ឬការរំលោភបំពាន ដែលភាគច្រើនកើតឡើងក្នុង«បន្ទប់ងងឹត» ដែលប្រើសម្រាប់ដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនអាចបំពេញតាមគោលដៅកំណត់ ឬព្យាយាមទាក់ទងសុំជំនួយពីអាជ្ញាធរ​។ អ្នករួចខ្លួនខ្លះទៀតក៏បានរាយការណ៍អំពីករណីស្លាប់នៅក្នុង ឬជិតបរិវេណបោកប្រាស់ផងដែរ។ អង្គការលើកលែងទោសបានបញ្ជាក់ពីករណីស្លាប់របស់កុមារជនជាតិចិនម្នាក់នៅក្នុងមូលដ្ឋានមួយផងដែរ។

ជនរងគ្រោះម្នាក់នៅក្នុងរបាយការណ៍របស់អង្គការលើកលែងទោសបាននិយាយថា មិត្តរួមការងាររបស់គាត់ត្រូវបានសន្តិសុខវាយរយៈពេល២០ទៅ៣០នាទី។ គាត់បានពិពណ៌នាថា៖ «វាជាអំពើអមនុស្សធម៌មែនទែន។ សន្តិសុខប្រហែល៨ដល់១០នាក់បានវាយជនជាតិវៀតណាមរហូតដល់រាងកាយប្រែជាពណ៌ស្វាយ…ខ្ញុំមិនដឹងនិយាយថាម៉េចទេ?  ពួកគេបានប្រើដូចជាអាំងទែរ ដើម្បីវាយជើង និងខ្លួន រួមទាំងប្រើដំបងឆក់អគ្គិសនីឆក់ជាបន្តបន្ទាប់ផងដែរ»។ ជនរងគ្រោះដែលបានរៀបរាប់ហេតុការណ៍នេះមកពីបរិវេណដែលអង្គការលើកលែងទោសបានកំណត់ថាជា SI35 ដែលត្រូវគ្នាជាមួយកាស៊ីណូមួយនៅក្រុងព្រះសីហនុឈ្មោះ DV Venice International ដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្ម។

ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ
ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ

អង្គការលើកលែងទោសបានរកឃើញថាបរិវេណឆបោកទាំងអស់ត្រូវបានរក្សាសន្តិសុខយ៉ាងតឹងតែង និងកសាងឡើងដើម្បីទប់ស្កាត់ការរត់គេចខ្លួន ដោយមានរបងព័ទ្ធជុំវិញ ប្រើលួសបន្លា កាមេរ៉ាឃ្លាំមើល និងសន្តិសុខបំពាក់ដោយអាវុធ ដែលខ្លះកាន់ដំបងឆក់ ឬអាវុធពិត។ ជនរងគ្រោះបាននិយាយថា ការរត់គេចគឺមិនអាចធ្វើទៅបានឡើយ ខណៈការចេញចូលត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង តាមរយៈច្រកទ្វារ និងរបាំងការពារដែលមានអ្នកយាមយ៉ាងម៉ឺងម៉ាត់​។ 

អង្គការនេះក៏បានសង្កេតឃើញ ឬទទួលបានរបាយការណ៍អំពីការប្រើប្រាស់របងប្រើប្រាស់ខ្សែភ្លើងនៅបរិវេណបោកប្រាស់ចំនួនបី ដែលស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ស្រុកបុទុមសាគរ ខេត្តកោះកុង និងក្រុងបាវិត ខេត្តស្វាយរៀង។

ការឆ្លើយតបធ្វើឡើងតាមការស្នើសុំ 

អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ លោក Agnes Callamard  បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ជនរងគ្រោះដែលបានរស់រួចពីបរិវេណបោកប្រាស់បានរាយការណ៍ថា ពួកគេមានអារម្មណ៍ថាត្រូវបានបោកបញ្ឆោត ត្រូវបានជួញដូរ និងត្រូវបានប្រើឱ្យធ្វើការដូចជាទាសករ ក្នុងសហគ្រាសឧក្រិដ្ឋកម្ម ដែលហាក់ដូចជាបានដំណើរការដោយមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា៖ «ការស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិនេះបង្ហាញថា វិបត្តិនេះធំធេងណាស់ ប៉ុន្តែអាជ្ញាធរកម្ពុជាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបញ្ឈប់វាទេ។ ភាពបរាជ័យរបស់ពួកគេ បានជួយបណ្តាញឧក្រិដ្ឋកម្មបានរីកចម្រើន និងដំណើរការរីកទៅអន្ដរជាតិ ដោយមានមនុស្សរាប់លាននាក់រងផលប៉ះពាល់ពីការបោកប្រាស់នេះ»។

អង្គការដដែលនេះបានរកឃើញទៀតថា ការចូលរួមរបស់អាជ្ញាធរជាទូទៅបានធ្វើឡើងតែការជួយសង្គ្រោះបុគ្គលម្នាក់ឬក្រុមតូចៗ ហើយវាគ្រាន់តែឆ្លើយតបនឹងសំណើសុំជំនួយជាផ្លូវការប៉ុណ្ណោះ។ ប្រតិបត្តិការទាំងនេះភាគច្រើនត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងបរិវេណអគារ ខណៈដែលប៉ូលិសចាំតែប្រមូលជនរងគ្រោះនៅច្រកចូលដោយមិនចូលទៅក្នុងអគារ និងមិនបានស៊ើបអង្កេតបន្ថែមឡើយ ដែលរឿងនេះបានអនុញ្ញាតឱ្យបរិវេណអគារបោកប្រាស់អាចបន្តដំណើរបានតាមធម្មតា។​

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានប្រាប់ សារព័ត៌មានខេមបូចា ថា លោកស្រីមិនទាន់បានឃើញរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះទេ ប៉ុន្តែបានពន្យល់ថា ប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សរបស់រដ្ឋាភិបាលគឺផ្អែកលើការស្នើសុំអន្តរាគមន៍ពីជនរងគ្រោះដែលរាយការណ៍ដោយខ្លួនឯង។ លោកស្រីបានបន្ថែមថា អង្គភាពលោកស្រី មិនអាចស៊ើបអង្កេតកន្លែងណាមួយដោយគ្មានពាក្យបណ្តឹងផ្លូវការ និងការអនុញ្ញាតពីព្រះរាជអាជ្ញានោះទេ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា៖ «បើសិនជាមានសំណើសុំអន្តរាគមន៍សុំជំនួយ យើងទាក់ទងទៅជួយដើម្បីយកមនុស្សចេញមក។ ពេលយកមនុស្សចេញមកហើយ វាអាស្រ័យទៅលើអ្នករងគ្រោះថាកន្លែងហ្នឹងមានអី ទើបយើងធ្វើការស៊ើបអង្កេតបន្តទៀត»។ លោកស្រីបានឱ្យដឹងទៀតថាកន្លែងមួយចំនួនត្រូវបានបិទរួចហើយ។  

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT) បានឆ្លើយតបនឹងរបាយការណ៍អង្គការលើកលែងទោស កាលពីថ្ងៃទី២៦ ខែឧសភា ថា រវាងឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាបានទទួលសំណើសុំអន្តរាគមន៍ចំនួន ៣ ៥៥៣ ករណី ដែលពាក់ព័ន្ធជាមួយជនបរទេសប្រមាណ ៦ ៥៨៤ នាក់ មកពី៣៣ប្រទេស។ ក្នុងចំណោមសំណើទាំងនេះ មាន ៣៣៥ ករណីមិនអាចកំណត់ទីតាំងបាន និង ១ ៤៥៦ ករណី ត្រូវបានចាត់ទុកថាមិនពេញលេញ ដោយខ្វះព័ត៌មានសំខាន់ៗ។ អាជ្ញាធរបាននិយាយថាការស៊ើបអង្កេតលើករណីទាំងនេះកំពុងបន្តទៅមុខ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (NCCT) បាននិយាយថា ពួកគេបានរកឃើញចំនួន ១ ៧៦២ ករណី ប៉ុន្តែមានតែ១៣ករណីប៉ុណ្ណោះដែលត្រូវកំណត់ថាជាករណីជួញដូរមនុស្ស។ ករណីទាំងនេះពាក់ព័ន្ធនឹងជនបរទេសចំនួន៨១នាក់ ដែលត្រូវបានកំណត់ជាជនរងគ្រោះ ដែលស្មើនឹង ២,៧% នៃជនបរទេសចំនួន ៣ ០០៨ នាក់ ដែលរដ្ឋាភិបាលអាចស្វែងរកឃើញក្នុងអំឡុងពេលនោះ។

អាជ្ញាធរក៏បានរាយការណ៍ពីការបង្រ្កាបលើ២៨ទីតាំងក្នុងអំឡុងពេលនោះ ដោយរកឃើញជនបរទេសចំនួន ៥ ៣៤០ នាក់ ដែលមាន២១សញ្ជាតិ ក្នុងនោះ១៩ករណីបញ្ជូនទៅតុលាការ។ គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានបន្ថែមថា អាជ្ញាធរបានចាប់ខ្លួន«មេខ្លោង និងអ្នកសមគំនិត» សរុបចំនួន៩២នាក់ ពីការបង្ក្រាបទាំងនេះ ដែលមាន៦សញ្ជាតិ គឺ ចិន ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)
ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែល​ត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)

ទោះបីជាយ៉ាងណា អង្គការលើកលែងទោសបានកត់សម្គាល់ថា បន្ទាប់ពីបានចែករំលែកបញ្ជីទីតាំងបរិវេណបោកប្រាស់ដែលគួរឱ្យសង្ស័យទៅកាន់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មិនទទួលស្គាល់បញ្ជីនេះទេ និងមិនបានសន្យាថានឹងប្រើប្រាស់វាសម្រាប់ការស៊ើបអង្កេតបន្ថែមឡើយ។ ក្នុងចំណោមទីតាំងបោកប្រាស់ចំនួន៥៣ ដែលអង្គការលើកលែងទោសបានរកឃើញ មានត្រឹមតែ២ តែប៉ុណ្ណោះដែលត្រូវបានបិទបន្ទាប់ពីការចូលរួមរបស់រដ្ឋាភិបាល ខណៈទីតាំងចំនួន១៣ ហាក់ដូចមិនដែលបានទទួលការវាយឆ្មក់ ឬជួយសង្គ្រោះពីអាជ្ញាធរឡើយ។

លោកស្រី Ferrer ក៏បានចោទសួរពីប្រសិទ្ធភាពនៃលេខទូរសព្ទទាន់ហេតុការណ៍ និងទំព័រហ្វេស​ប៊ុករបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែលប្រើសម្រាប់ជាមធ្យោបាយស្នើសុំជំនួយ ដោយកត់សម្គាល់ថា ជនរងគ្រោះមិនតែងតែមានលទ្ធភាពចូលប្រើប្រាស់ហ្វេសប៊ុកនោះទេ។

លោកស្រីបានបន្តថា៖ «ពួកគេបានទទួលស្គាល់ថា មិនបានស៊ើបអង្កេតយ៉ាងសកម្មទេ ហើយឆ្លើយតបតែករណីពេលមានបណ្តឹងប៉ុណ្ណោះ។ យើងសូមផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលអនុវត្តវិធីសាស្រ្តសកម្មបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតទីតាំងទាំងនេះ»។

របាយការណ៍របស់អង្គការដដែលនេះបានបន្ថែមថា តាមរៀបរាប់រឿងរ៉ាវពីជនរងគ្រោះពីគ្រប់ទីតាំងបោកប្រាស់នៅកម្ពុជា ចង្អុលបង្ហាញពីការគប់គិត និងអំពើពុករលួយយ៉ាងទូលំទូលាយ​។ វាបង្ហាញថា អាជ្ញាធរបានដឹងអំពីការរំលោភបំពានទាំងនេះ ប៉ុន្តែមិនបានអនុវត្តសកម្មភាពណាមួយ ដោយរំលោភលើកាតព្វកិច្ចរបស់ពួកគេចំពោះច្បាប់អន្តរជាតិ។

របាយការណ៍នេះមិនបានបញ្ជាក់ឈ្មោះបុគ្គល មន្ត្រី ឬក្រុមហ៊ុនណាមួយដែលអាចពាក់ព័ន្ធនឹងប្រតិបត្តិការនៃបរិវេណអគារបោកប្រាស់ដែលបានកំណត់នេះទេ។ ប៉ុន្តែលោកស្រី Ferrer បាននិយាយថា អង្គការនេះនឹងបន្តស៊ើបអង្កេតពីបណ្តាញដែលអាចពាក់ព័ន្ធគ្នានេះ។

កាលពីខែមុន អ្នកស្រាវជ្រាវជនជាតិអាមេរិក លោក Jacob Sims បានអះអាងថា គាត់ត្រូវបានគំរាមកំហែងដោយសារបញ្ចេញមតិអំពីការបោកប្រាស់តាមអ៊ីនធឺណិតនៅឆ្នាំ២០២៣ ហើយមិនអាចត្រឡប់មកកម្ពុជា វិញបានទេ។ របាយការណ៍របស់គាត់បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានស្នើឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រី និងអ្នកមានឥទ្ធិពលរបស់កម្ពុជាចំនួន២៨នាក់ដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត។ ក្រសួងមហាផ្ទៃបានថ្កោលទោសនិងហៅរបាយការណ៍នេះថា«មានចេតនានយោបាយ និងគ្មានមូលដ្ឋាន»។

ក្នុងការឆ្លើយតបទៅអង្គការលើកលែងទោស ដែលបានរួមបញ្ចូលក្នុងរបាយការណ៍នោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាននិយាយថា ពួកគេបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ក្រាបការបោកប្រាស់ និងការជួញដូរ។ ពួកគេបានធ្វើសកម្មភាពយ៉ាងរហ័សនៅពេលដែលមានបុគ្គលណាម្នាក់ស្នើសុំជំនួយ ដែលភាគច្រើនសហការជាមួយម្ចាស់បរិវេណ និងបានធ្វើការសម្ភាសដើម្បីវាយតម្លៃថា មនុស្សនោះជាជនរងគ្រោះការជួញដូរមានតាមពិធីសារ ប៉ាឡឺម៉ូ (Palermo) ឬអត់។ ពិធីសារ ប៉ាឡឺម៉ូ (Palermo) គឺជាកិច្ចព្រមព្រៀងមួយសម្រាប់ដោះស្រាយ និងការពារការជួញដូរមនុស្ស និងការជួញដូរកុមារ ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនៅឆ្នាំ២០២០។

អង្គការលើកលែងទោសអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើទីតាំងទាំងអស់ និងដាក់ទណ្ឌកម្មលើមន្ត្រីដែលពាក់ព័ន្ធនឹងការជួញដូរ និងអំពើពុករលួយ។ អង្គការនេះក៏បានអំពាវនាវឱ្យមានការគាំទ្រយ៉ាងសមរម្យសម្រាប់ជនរងគ្រោះ និងការហាមឃាត់ការប្រើប្រាស់ឧបករណ៍ឆក់ដោយអ្នកអនុវត្តន៍ច្បាប់។

អង្គការលើកលែងទោសបានផ្តល់អនុសាសន៍បន្ថែមថា ប្រទេសដែលជនជាតិរបស់ពួកគេត្រូវបានជួញដូរមកកម្ពុជា ដូចជាប្រទេសចិន និងសមាជិកអាស៊ាន ពង្រឹងក្របខណ្ឌច្បាប់របស់ពួកគេ និងធានាថាស្ថានទូតរបស់ពួកគេអាចគាំទ្រជនរងគ្រោះបាន។ ប្រទេសផ្សេងទៀតត្រូវបានលើកទឹកចិត្តឱ្យដាក់សម្ពាធដល់កម្ពុជាឱ្យធ្វើសកម្មភាព និងធ្វើឱ្យអ្នកជួញដូរមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដូចជាទាសភាព និងការធ្វើទារុណកម្មជាដើម។

កាលពីខែមុន អ្នកជំនាញអង្គការសហប្រជាជាតិបានរាយការណ៍អំពីឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិត ដែលកំពុងក្លាយជាវិបត្តិមនុស្សជាតិដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍។ ពួកគេបានអំពាវនាវឲ្យមានសកម្មភាពបន្ទាន់ និងផ្អែកលើសិទ្ធិមនុស្ស ដើម្បីបំបែកទីតាំងបោកប្រាស់ ដែលមានមនុស្សរាប់សែននាក់ត្រូវបាន«ជួញដូរ ចាប់ខ្លួន និងបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត» ដោយភាគច្រើនស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ហ្វីលីពីន និងម៉ាឡេស៊ី។

ក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋាភិបាលថៃ ដោយទាមទារឱ្យមានការបំភ្លឺអំពីតួនាទីរបស់ខ្លួនក្នុងការដោះស្រាយការជួញដូរឆ្លងដែន ដោយកត់សម្គាល់ពីតួនាទីសំខាន់របស់ប្រទេសថៃជាមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ជនរងគ្រោះ និងជាអ្នកផ្គត់ផ្គង់សេវានានារួមមានអគ្គិសនី ការតភ្ជាប់បណ្តាញទំនាក់ទំនង និងទំនាក់ទំនងហិរញ្ញវត្ថុ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Amnesty Accuses Cambodian Government of Ignoring Human Rights Abuses in Scam Compounds

ព័ត៌មានថ្មី

អត្ថបទពេញនិយម