សាលាឧទ្ធរណ៍បានសម្រេចបដិសេធការសុំនៅក្រៅឃុំរបស់មេដឹកនាំ និងតំណាងសហជីពទាំង៨នាក់នៅថ្ងៃចន្ទនេះ ខណៈអង្គការសង្គមស៊ីវិលចំនួន១៣៣ស្ថាប័នបានរួមគ្នាដាក់ញត្តិសុំការអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងរដ្ឋសភា ឱ្យជួយដោះស្រាយវិវាទការងារ និងដោះលែងមេដឹកនាំ និងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានចាប់ខ្លួនកន្លងមក និងថ្មីៗនេះ។
បើតាមលោក សំ ចំរើន មេធាវីរបស់មេដឹកនាំ និងតំណាងសហជីពទាំង៨នាក់ បានឱ្យដឹងថា កូនក្តីគាត់ទាំង៨នាក់បានប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំដោះលែងនៅក្រៅឃុំ ប៉ុន្តែក្រោយជំនុំជម្រះកាលពីរសៀលថ្ងៃចន្ទនេះ សាលាឧទ្ធរណ៍ បានសម្រេចមិនដោះលែងមេដឹកនាំនិងតំណាងសហជីព ក្រោមហេតុផលថា ករណីនេះជាករណីព្រហ្មទណ្ឌនឹងចង់រក្សាទុកជនល្មើសសម្រាប់សវនការអង្គសេចក្តី។
លោក ចំរើន បានប្រាប់ថា៖ «តុលាការគេសម្រេច មិនដោះលែងយើងឱ្យមានសេរីភាពទេ ឱ្យនៅឃុំខ្លួនដដែល តុលាការលើកមូលហេតុថា បទល្មើសដែលត្រូវចោទប្រកាន់នោះ មានទោសលើសពីមួយឆ្នាំ ហើយជនល្មើសមានគ្នាច្រើននាក់ដើម្បីបញ្ចប់ការប្រព្រឹត្តបទល្មើសហ្នឹង ហើយមួយទៀតដើម្បីធានាថា ជនដែលត្រូវចោទនោះឱ្យមានវត្តមាននៅពេលសវនការ»។
យោងតាមខ្លឹមសារនៃញត្តិ បានឱ្យដឹងថា ការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដែលដាក់បន្ទុកលើមេដឹកនាំសហជីព និងសកម្មជន ជាសារមួយបញ្ជូនទៅកាន់កូដករ ដែលជាបុគ្គលិកនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ថា សិទ្ធិការងាររបស់ពួកគេអាចត្រូវបានរំលោភដោយនិទណ្ឌភាព ខណៈដែលពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ដោយគ្រាន់តែពួកគេអំពាវនាវឱ្យមានដំណោះស្រាយ។
សង្គមស៊ីវិលចាត់ទុកថា ទង្វើនេះជាឧទាហរណ៍ដ៏គ្រោះថ្នាក់ដែលជំរុញឱ្យនិយោជកមិនគោរពនឹងក្រឹត្យក្រមការងារ ហើយអាចនាំទៅរកការវិវត្តថយក្រោយនៃការអនុវត្តសិទ្ធិការងារ ក្នុងប្រទេសកម្ពុជា។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងរបស់តំណាងសហជីព អង្គការសង្គមស៊ីវិល មកពី១៣៣ស្ថាប័ន គឺមានគោលបំណងតែមួយប៉ុណ្ណោះ ដើម្បីជំរុញឱ្យមានការដោះលែង កម្មករនិយោជិតនៅណាហ្គា និងទម្លាក់ចោលនៅការចោទដោយឥតលក្ខខណ្ឌ។
លោកស្រី ផល្លីន បន្តថា ញត្តិដែលដាក់ជូនទៅក្រសួងមហាផ្ទៃក្ដី ទៅរដ្ឋសភាក្ដី គឺសំណូមពរឱ្យកម្មករទាំង៣៦៥នាក់ បានចូលធ្វើការវិញ ហើយតំណាងនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវតែជជែកជាមួយកម្មករនិយោជិត ដោយស្មោះត្រង់។
ទន្ទឹមនឹងនេះ លោកស្រី ផល្លីន មើលឃើញពីភាពមិនស្មើគ្នា ចំពោះការធ្វើតេស្តរកមេរោគបំប្លែងថ្មីអូមីក្រុង ថាមិនត្រូវធ្វើចំពោះតែ កូដករណាហ្គាវើលដ៍ទេ គួរតែអនុវត្តឱ្យបានស្មើភាពគ្នាចំពោះពលរដ្ឋទូទៅដែរ មិនគួរយកការជួបជុំ ឬការរកឃើញវិជ្ជមានលើកូដករមកដាក់បន្ទុកលើពួកគេទេ។
លោកស្រី ផល្លីន បានលើកឡើងថា៖ « តាមពិតទៅ មិនគួរធ្វើតេស្តសម្រាប់តែបងប្អូនកម្មករណាហ្គាទេ បើយើងក្រឡេកមើល គួរតែសម្រាប់ពលរដ្ឋគ្រប់គ្នា ប្រហែលជាមានអ្នកវិជ្ជមានខ្លះដែរ ហើយតាមស្ថាប័នផ្សេងៗក៏មានវិជ្ជមានដែរ តែក្រសួងសុខាភិបាលមិនបានយកមកនិយាយ»។
លោកស្រីសង្កត់ធ្ងន់ថា ដើម្បីធ្វើឱ្យប្រទេសមួយមានសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែគ្មានសង្រ្គាមនោះទេ លុះត្រាតែពលរដ្ឋប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេបានដោយមិនមានការគំរាមកំហែង ចោទប្រកាន់ ហើយការប្រើប្រាស់សិទ្ធិជាមូលដ្ឋានបានពេញលេញនេះហើយ ជាសន្តិភាពពិតប្រាកដ។
លោកស្រីបញ្ជាក់ថា៖ «ឱ្យតែមានការតវ៉ា គឺមានការចាប់ដាក់គុក មានការចោទប្រកាន់ មានដីការកោះ ជាញឹកៗ ញយៗសម្រាប់សកម្មជន តាំងពីសកម្មជនបរិស្ថាន សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ គួរតែផ្លាស់ប្ដូរនៅទម្លាប់ទាំងអស់នេះ ហើយបែរមកអនុញ្ញាតិឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្ដែងចេញថា នេះហើយជាសន្តិភាពពិប្រាកដ»។ លោកស្រីបន្តថា៖ «សន្តិភាពពិតប្រាកដ ជាសន្តិភាពមួយដែលប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិអត់មានជាប់គុក នៅពេលដែលសិទ្ធិថ្លែងមតិ ដោយអត់មានការគំរាមកំហែង យាយី រំខាន សិទ្ធិប្រមូលផ្ដុំ ឬក៏សិទ្ធិធ្វើកូដកម្ម»។
លោកស្រីបញ្ជាក់ទៀតថា ខាងតំណាងសហជីព នឹងបន្តធ្វើយ៉ាងណាឱ្យស្ថាប័នពាក់ព័ន្ធមានទំនួលខុសត្រូវ ហើយដោះស្រាយបញ្ហានេះ ជូនកម្មករ មិនមែនជាការយកវិធានការសុខាភិបាលបញ្ឈប់កូដកម្មរបស់ពួកគេ ដែលជាហេតុធ្វើឱ្យជនរងគ្រោះពិតប្រាកដកាន់តែរងភាពអយុត្តិធម៌កាន់តែខ្លាំង។
លោកស្រីបន្ថែមថា៖ «កន្លងមក ប្រសិនបើអាជ្ញាធរ អែបគៀនបន្តិច ដកថយ ហើយទុកភាគីកម្មករនិយោជិត និងនិយោជកជជែកគ្នា រឿងនេះត្រូវបានដោះស្រាយដោយសន្តិវិធី ប៉ុន្តែនៅពេលដែលមានការជ្រៀតជ្រែក មានការអន្តរាគមន៍បំពានតួនាទីខ្លួនឯង ប្រើអំណាច និងតួនាទីហ្នឹងមកការពារនិយោជក ហាក់បីដូចជាកម្មករនិយោជិតរកកន្លែងណាបង្ហាញយុត្តិធម៌អត់បាន»។
បើតាមលោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានឱ្យដឹងថា តំណាងគណៈកម្មការទី១ ដែលទទួលបន្ទុកលើសិទ្ធិមនុស្ស បានទទួលញត្តិ ដោយប្រាប់ថានឹងរៀបចំទៅតាមនិតិវិធី ដោយបញ្ជូនទៅគណៈកម្មាធិការទី៨ ដែលទទួលបន្ទុករឿងការងារ អតីតយុវជន និងស្រ្តី តែចំពោះការឆ្លើយតបយ៉ាងណានោះ មិនទាន់ដឹងពេលវេលាជាក់លាក់ទេ។
លោកស្រីប្រាប់ថា៖ «គណៈកម្មការទី១ នឹងធ្វើនិតិវិធីជូនទៅប្រធានរដ្ឋសភា ដើម្បីពិនិត្យថានឹងមានចំណាត់ការបែបណា តែតាមយោបល់គាត់ដែលពិនិត្យមើលលិខិតនេះ វិវាទការងាររបស់ណាហ្គាហ្នឹង អាចចូលទៅគណៈកម្មការទី៨»។
លោកស្រីបន្ថែមទៀតថា ខាងរដ្ឋសភាពបានដឹងឮរឿងវិវាទការងារណាហ្គាវើលដ៍ដែរ តែខាងរដ្ឋសភាបានប្រាប់ថា បច្ចុប្បន្ននេះកំពុងវ៉ាកង ដូច្នេះនឹងមើលបញ្ហានេះទៅតាមនិតិវិធីផ្ទៃក្នុងរបស់រដ្ឋសភាថានឹងមានចំណាត់ការបែបណាបន្តទៀត។
លោកស្រី សុភាព លើកឡើងថា ជម្រើសចុងក្រោយបំផុត រដ្ឋសភានឹងកោះហៅភាគីជំលោះមករដ្ឋសភា តែនេះគ្រាន់តែជាជម្រើសដែលមិនជាក់លាក់ប៉ុណ្ណោះ។
លោកស្រីចក់ សុភាព រំពឹងថា ការដាក់ញ្ញាតិទៅស្ថាប័នរដ្ឋសភា និងក្រសួងមហាផ្ទៃ ដោយក្ដីរំពឹងថា ស្ថាប័នទាំងពីរនេះនឹងអាចយល់ពីកង្វល់របស់កម្មករ ហើយជំរុញឱ្យមានដំណោះស្រាយជូនកម្មករ។
លោកស្រីលើកឡើងថា៖ «តាមរយៈក្រសួងមហាផ្ទៃ និងរដ្ឋសភា ដែលជាមណ្ឌលរបស់តំណាងរាស្រ្ត សម្ដែងនៅការខ្វាយខ្វល់ ហើយធ្វើអន្តរាគមន៍នៅលើរឿងនេះ។ បន្ទាប់មក យើងនឹងបន្តដាក់ទៅស្ថាប័នផ្សេងៗទៀត»។
លោកស្រី សុភាព សង្ឃឹមថា មន្រ្តីររដ្ឋាភិបាលនឹងបញ្ឈប់នៅការលាបពណ៌ និងការចោទប្រកាន់មកលើអង្គការសង្គមស៊ីវិល ព្រោះអង្គការសង្គមស៊ីវិល ជាដៃគូលទ្ធិប្រជាធិបតេយ្យដែលមិនអាចខ្វះបាន។
ទាក់ទិននឹងបញ្ហានេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មិនអាចអធិប្បាយបានទេ ដោយឱ្យសាកសួរទៅតំណាងគណៈកម្មការទី១នៃរដ្ឋសភា។
ទន្ទឹមនឹងនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃចង់ឃើញភាគីវិវាទបែរមុខដាក់គ្នា ហើយដោះស្រាយវិវាទការងារនេះ ដោយសន្តិវិធី និងស្មោះត្រង់។
លោកសុភ័គ មានប្រសាសន៍ថា៖ «ទីមួយភាគីទាំងអស់ត្រូវបែរមុខដាក់គ្នា កុំបែរខ្នងដាក់គ្នាស្មោះស្ម័គ្រ ដល់តែយើងមិនត្រូវជាមួយគ្នា យើងបែរខ្នងដាក់គ្នាទៅ បើចឹងដឹងអង្កាល់ចប់»។
លោកសុភ័គបន្ថែមទៀតថា វិវាទការងារជាដែលសមត្ថកិច្ចរបស់ក្រសួងការងារ ដែលជាតំណាងរបស់រាជរដ្ឋាភិបាល ព្រោះជាវិវាទការងារ តែពីរបុគ្គលប៉ុណ្ណោះត្រូវដោះស្រាយ ហើយលោកគំាទ្រប្រសាសន៍សម្ដេចក្រឡាហោម ដែលរំពឹងចង់ឃើញវិវាទការងារនេះដោះស្រាយដោយសន្តិវិធីជូនកម្មករ។
គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈនេះ មេដឹកនាំសហជីព និងសមាជិកសហជីពចំនួន១១នាក់ហើយ ដែលត្រូវបានឃុំខ្លួនក្រោមបទចោទពីរផ្សងគ្នា។ ចំណែកឯស្ថានភាពកូដករ ត្រូវបានរារាំងដោយវិធានការសុខាភិបាល តម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក និងព្យាបាលជំងឺអូមីក្រុង ក្រោយក្រសួងសុខាភិបាល បានតេស្តលើកម្មករចំនួន៥៤៦នាក់ ឃើញមានវិជ្ជមានចំនួន៣៣នាក់។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ កូដករចំនួន៤នាក់ដែលជាសកម្មជនសហជីពនិងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា អ្នកនាង អេង ស្រីបូ កញ្ញា ម៉េង កាន់នីកា និងអ្នកស្រី ខេង ចន្តា បានទទួលដីកាបញ្ជាឲ្យ ចូលខ្លួនក្រោមហេតុផល «រារាំងដល់ការអនុវត្តវិធានការសុខាភិបាល»។
យោងតាមទំព័រហ្វេសប៊ុករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកណាហ្គាវើលដ៍ អះអាងថា ពួកគេជាកូដករនឹងបន្តធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងក្នុងសហគមន៍ និងចូលរួមការពារសុខមាលភាពរបស់សាធារណជនដោយស្មារតីទទួលខុសត្រូវ។
ក្រុមកម្មករអះអាងថា ខណៈពេលដែលកំពុងធ្វើចត្តាឡីស័ក ពួកគេនៅតែបន្តធ្វើយុទ្ធនាការតាមរយៈការផុសលើបណ្តាញសង្គម ដើម្បីឲ្យក្រុមហ៊ុនណាហ្គាវើលដ៏ មានការទទួលស្គាល់ សិទ្ធិសហជីព ដោះលែងមេដឹកនាំ និងតំណាងសហជីព ដែលបានចាប់ខ្លួនជាបន្តបន្ទាប់ និងទទួលយកកម្មករ៣៦៥នាក់ដែលកំពុងធ្វើកូដកម្មចូលធ្វើការងារវិញ ហើយធ្វើការចរចាជាមួយសហជីពដោយស្មោះត្រង់ ។
ក្រុមកម្មករបញ្ជាក់ថា ក្រោយពីបញ្ចប់ការធ្វើចត្តឡីស័កពួកគេទាំងអស់គ្នាដែលជាកូដករនឹងបន្តធ្វើកូដកម្មជាបន្តទៀត ដោយស្នើឱ្យអាជ្ញាធរ បញ្ឈប់ការធ្វើចោទប្រកាន់ យាយី មកលើក្រុមកូដករ ដោយបើកផ្លូវឲ្យពួកគេទៅធ្វើកូដកម្ម នៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ ស្របតាមច្បាប់ ស្តីពីការងារ អនុសញ្ញាស្នូលអង្គការពលកម្មអន្តរជាតិលេខ ៨៧ និង៩៨ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕